អានអត្ថបទ
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦០,៤៧៧ ដង)
អត្ថនៃសីល

|
អត្ថនៃសីល
ការដោះស្រាយក្នុងបទដ៏វិសេសទាំងឡាយ។ ពាក្យថា "ដែលឈ្មោះថា សីល ព្រោះអត្ថថាដូចម្ដេច?" ។ (ឆ្លើយថា) ដែលឈ្មោះថា សីល ព្រោះអត្ថថា ជាសីលនេះ គឺប្រក្រតី។ ឈ្មោះថា សីលនៈ នេះ គឺជាអ្វី? ។ ដែលឈ្មោះថា សីលនៈ នេះ គឺជាការតម្កល់នៅស៊ប់ មានសេចក្ដីថា ភាពនៃកម្មទាំងឡាយ មានកាយកម្មជាដើម ជាធម្មជាតិមិនវាត់វាយ ដោយអំណាចភាវៈ នៃបុគ្គលជាអ្នកមានសីលល្អ ប្រពៃ ១ ។ គឺការចូលទៅទ្រទ្រង់ទុក អធិប្បាយថាៈ ភាវៈនៃការទ្រទ្រង់ទុក ដោយអំណាចនៃការទ្រទ្រង់ នូវកុសលធម៌ទាំងឡាយ ១។ មែនពិត ពួកអ្នកប្រាជ្ញ ដែលដឹងនូវលក្ខណៈនៃស័ព្ទ យល់ព្រមតាមអត្ថទាំង ២ យ៉ាងនេះប៉ុណ្ណោះ ក្នុងបទថា "សីល" នេះ។ ចំណែកពួកអ្នកប្រាជ្ញដទៃទៀតពណ៌នាសេចក្ដី ក្នុងបទថា សីល នេះ ដោយន័យថា "សីលសព្ទនេះមានសេចក្ដីថា សិរៈ (ខ្ពស់ខ្ពស់). មានសេចក្ដីថា សីសៈ (កំពូល), មានសេចក្ដីថា សីតលៈ (ត្រជាក់), មានសេចក្ដីថា សីវៈ (ក្សេមក្សាន្ត)" ដូច្នេះជាដើមខ្លះ ក៏មាន។ (លក្ខណៈ, រស់, បច្ចុប្បដ្ឋាន, បទដ្ឋាន នៃសីល) ឥឡូវនេះ នឹងដោះស្រាយ ក្នុងបញ្ហាកម្មថា "អ្វីជាលក្ខណៈ, ជារស់, ជាបច្ចុប្បដ្ឋាន និង ជាបទដ្ឋាន នៃសីលនោះ" ។ សីលៈ(ភាពជាប្រក្រតី) ជាលក្ខណៈ របស់សីលនោះ សូម្បីផ្សេងគ្នា ដោយប្រការដ៏ច្រើន ប្រៀបដូចជារបស់មានវិស័យដែលប្រព្រឹត្តទៅ ក្នុងកិរិយាឃើញច្បាស់ ជាលក្ខណៈ របស់រូប ដែលមានប្រការផ្សេងគ្នា ក៏ច្រើនក៏ដូច្នោះឯង។ មែនពិត ភាវៈនៃកិច្ចប្រព្រឹត្តទៅ ក្នុងការឃើញ ឈ្មោះថា ជាលក្ខណៈ របស់រូបាយតនៈ សូម្បីផ្សេងគ្នាដោយប្រការដ៏ច្រើនដែលមានពណ៌ខៀវ និងពណ៌លឿងជាដើម ព្រោះរូបាយតនៈសូម្បីផ្សេងគ្នាច្រើនប្រការ ដោយប្រភេទនៃពណ៌ មានពណ៌ខៀវជាដើម ក៏មិនប្រព្រឹត្តកន្លងនូវភាពជារបស់មានវិស័យ ដែលគប្បីមើលឃើញទៅបានដែរយ៉ាងណាមិញ, សីលនសព្ទ ដែលបានពោលហើយ ដោយអំណាចនៃការតម្កល់នៅស៊ប់ នៃកម្មទាំងឡាយ មានកាយកម្មជាដើម និង ដោយអំណាចនៃការតម្កល់ទុកនូវកុសលធម៌ទាំងឡាយនោះឯង ជាលក្ខណៈរបស់សីល សូម្បីផ្សេងគ្នាច្រើនអនេក ដោយប្រភេទនៃធម៌ មានចេតនាជាដើម ព្រោះភាវៈនៃសីល សូម្បីផ្សេងគ្នាដោយប្រការមិនមែនតែមួយ ដោយប្រភេទនៃធម៌មានចេតនាជាដើម មិនកន្លងផុតនូវភាវៈជាទីតម្កល់នៅស៊ប់ និង ភាវៈជាទីកម្កល់ទុកបានដែរ ក៏យ៉ាងដូច្នេះ។ (រសរបស់សីល) ចំណែក ភាវៈនៃការកំចាត់បង់ នូវភាពនៃបុគ្គលទ្រុស្ដសីល ឬ គុណ គឺកម្មដែលមិនមានទោស លោកហៅថា ឈ្មោះថា ជារស់ ដោយអត្ថថា ជាកិច្ច និង ជាសម្បត្តិរបស់សីលនោះ ដែលមានលក្ខណៈដូចពោលមកហើយ ព្រោះហេតុនោះ ឈ្មោះថា សីលនេះ បណ្ឌិត គប្បីជ្រាប ថា "មានកិរិយាកំចាត់បង់ នូវភាពនៃបុគ្គលទ្រុស្ដសីល ជារស ដោយរសដែលមានចិត្តជាអត្ថ មានកម្មដែលមិនមានទោស ជារស ដោយរសដែលមានសម្បត្តិជាអត្ថ"។ មែនពិត កិច្ចនុ៎ះឯងក្ដី សម្បត្តិក្ដី លោកហៅថា រស ក្នុងជំនុំបញ្ហាទាំង ៤ មានលក្ខណៈជាដើម។
ដកស្រង់ចេញពីសៀវភៅ វិសុទ្ធិមគ្គប្រែ ភាគទី១ រៀបរៀងដោយ ភិក្ខុវិនយធរោ មហាយិន-នឿន ដោយ៥០០០ឆ្នាំ |