អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥៧,០២៩ ដង)
សច្ចភាពនៃជីវិត

|
សច្ចភាពនៃជីវិត
- ការកើតមកជាមនុស្ស ហើយជាអ្នកមាននូវទ្រព្យសម្បត្តិស្ដុកស្ដម្ភ គឺជាផលនៃកុសលកម្ម ដែលឲ្យបដិសន្ធិមកបានទទួលផល ដែលច្រើនទៅដោយកុសលវិបាក។ - ទ្រព្យសម្បត្តិលើលោកនេះ វាមិនមែនជារបស់ជនកំណាញ់នោះទេ តែបុគ្គលកំណាញ់ដែលវង្វេងមិនស្គាល់ការពិត ចេះតែសំគាល់ថា របស់អញ។ អញជាអ្នកមាន ជាសេដ្ឋី ជាគហបតី។ ពិតមែន ទ្រព្យរបស់ដែលមាននៅក្នុងវិមាន ប្រាសាទ គេហដ្ឋាន ដែលជនកំណាញ់បានដឹងបានឃើញ វាជាកុសលវិបាក ដែលឲ្យបានឃើញរូបល្អ។ បាននូវផោដ្ឋព្វ សុខស្រួល។ ប៉ុន្តែវាមិនបានជាប្រយោជន៍ សំរាប់ជនកំណាញ់ ដែលមិនហ៊ានទាំងបរិភោគសូម្បីតែខ្លួនឯងធ្វើម្ដេច នឹងហ៊ានឲ្យទាន ដែលជាប្រយោជន៍របស់ក្នុងបរលោកបានដូចបុគ្គលខ្វាក់ភ្នែក ដែលឥតមានអ្នកដឹងដៃ ធ្វើម្ដេចហ៊ានឈានជើងធ្វើដំណើរទៅមុខ ព្រោះតែហ៊ានអន្តរាយផ្សេងនឹងកើតមានដល់ខ្លួន។ ទ្រព្យសម្បត្តិទាំងឡាយក្នុងលោកនេះ វាជារបស់លោកនេះតែប៉ុណ្ណោះ វាមិនមែនជារបស់អ្នកណាម្នាក់ឡើយ។ មនុស្សជាច្រើនបានខំប្រឹងស្វែងរក ទ្រព្យទាំងនោះមកគរទុក ប៉ុន្តែដល់ពេលជិតស្លាប់ គ្មាននរណាម្នាក់យកវាទៅទុកចាយ ឯបរលោកនោះទេ។ -អ្នកមានប្រាជ្ញា បានដឹងសេចក្ដីនេះដោយបញ្ញាដ៏ប្រពៃ រមែងបរិភោគខ្លួនឯងផង ចិញ្ចឹមមាតាបិតា ប្រពន្ធកូនផង សង្គ្រោះញាតិផង ហើយក៏រមែងឲ្យទាន សន្សំកុសល បាននូវប្រយោជន៍ពីទ្រព្យសម្បត្តិទាំងនេះបាន។ ព្រោះថាទ្រព្យទាំងឡាយ បើមិនបានឲ្យទានហើយ មុខតែត្រូវបោះបង់ចោលទទេ។ ទានគឺជាការជញ្ជូនទ្រព្យចេញពីផ្ទះដែលត្រូវភ្លើងឆេះ។ អត្ថបទរៀបរៀងដោយ ឧបាសិកា ជូ-ស៊ូហៀង ដោយ៥០០០ឆ្នាំ |