អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,១១៥ ដង)
មាតាបិតាសង្គ្រោះកូនដោយធម៌៥យ៉ាង

|
មាតាបិតាសង្គ្រោះកូនដោយធម៌៥យ៉ាង
មាតាបិតា ជាគ្រូដើម ជាគ្រូដ៏ឆ្នើមក្នុងលោកា ម្យ៉ាងទៀតគឺពិតជាទេវតា ព្រះពុទ្ធជាត្រាស់ថាជាព្រហ្មផង ។ មាតាបិតាគឺជាព្រះ រស់នៅក្នុងផ្ទះដ៏ច្បាស់ច្បង សង្គ្រោះ៥យ៉ាងល្អហ្មត់ហ្មង ចម្លងបុត្រភ្ញាឲ្យដល់ត្រើយ ។ សង្គ្រោះទី១ដោយការឃាត់ មិនឲ្យកូនភ្លាត់ធ្វើបាបឡើយ ឃើញកូនធ្វើខុសឥតកន្តើយហាមហើយហាមទៀតឆ្លៀតតាមឃ្លាំ ។ កំណើតជាមនុស្សថ្លៃពេកពន់ កូនត្រូវអត់ធន់ឲ្យបានសម កុំឲ្យចំណង់វាបង្ខំ ចូលជ្រាំធ្លាក់ជ្រោះរស់អសោច ។ សង្គ្រោះទី២ ដោយការនាំ ផ្សែផ្សំសន្សំគុណប្រយោជន៍ នៅរស់ជាមនុស្សកុំជាខ្មោច យ៉ាងហោចត្រូវឲ្យមានសីល៥ ។ ម៉ែឪបំពាក់អលង្ការ គឺធម៌ទេសនាជាប្រចាំ កូនត្រូវស្រឡាញ់កល្យាណកម្ម គុណគាប់ត្រូវចាំកុំបំភ្លេច។ សង្គ្រោះទី៣គឺឲ្យរៀន អុចទៀនវិជ្ជាភ្លឺរំលេច សម្បត្តិចំណេះថ្លៃជាងពេជ្រ ដាច់ខាតត្រូវគេចពីគ្រឿងញៀន ។ ថ្នាំញៀនបំផ្លាញនូវស្មារតី ញៀនល្បែងអប្រិយ៍នាំខូចរៀន ញៀនស្រាញៀនស្រីរោគបៀតបៀនបើញៀននឹងរៀនសុរិយារះ ។ សង្គ្រោះទី៤គឺរៀបការ ក្នុងរឿងប្រាថ្នាគ្រប់គ្រងផ្ទះ មិនត្រូវបង្ខំចង់យកឈ្នះ មានះនាំខូចប្រយោជន៍ធំ។ ស្នេហាជាផ្នូរកប់ព្រលឹង រឿងហ្នឹងត្រូវដឹងឲ្យគ្រប់មុំ កុំអាងថានាឡិធំជាងនំ មានរឿងទាវទុំគំរូស្រាប់ ។ សង្គ្រោះទី៥គឺចែកទ្រព្យ តាមកាលគួរគាប់ជាប់ជាច្បាប់ មរតកជាទ្រព្យនៃអ្នកស្លាប់ មិនត្រូវប្រញាប់ឲ្យដាច់ឡើយ ។ ឲ្យតិចឲ្យច្រើនជាប្រចាំ រាល់ថ្ងៃខែឆ្នាំឲ្យណាស់ហើយ ចំណែកសម្បត្តិនាំដល់ត្រើយ ដូចបានពោលហើយគឺឱវាទ ។ សង្គ្រោះ៥យ៉ាងគឺជាគុណ ជាទុនជីវិតតាមក្បួនខ្នាត ម៉ែឪជាព្រះអ្នកនាំអាទិ៍ កូនកុំប្រមាទតទៅហោង ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |