អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,១៤៩ ដង)
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ

|
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ
( ស្រង់ចាកបិ.អង្គុត្តរនិកាយ លេខ ៤៧ ទំព័រ ៧៩ ) គ្រានោះ ឧគ្គតសរីរព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គមានប្រាថ្នានឹងសម្លាប់គោបូជាយញ្ញ ( បញ្ជាក់នៅក្រោយ ) សូមព្រះគោតមដ៏ចម្រើន ទូន្មានប្រៀនប្រដៅខ្ញុំព្រះអង្គ ដោយពាក្យដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គអស់កាលយូរអង្វែង ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលកាលតាំងទុកនូវវិធីបូជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្រ្តា ៣ យ៉ាង ដែលជាអកុសល តែងមានសេចក្តីទុក្ខ មានទុក្ខជាផល ។ គ្រឿងសស្ត្រាគឺ កាយ ១ គ្រឿងសស្ត្រាគឺវាចា ១ គ្រឿងសស្ត្រាគឺចិត្ត ១ ។ ម្នាលព្រាហ្មណ៍ បុគ្គលកាលតាំងទុកនូវវិធីបូជា ជាដម្បូងនុ៎ះឯង រមែងញុំាងចិត្តឲ្យកើតឡើង យ៉ាងនេះថា ជនទាំងឡាយ ចូរសម្លាប់គោប៉ុណ្ណោះ ដើម្បីបូជា ចូរសម្លាប់ពពែប៉ុណ្ណោះ ដើម្បីបូជា ចូរសម្លាប់សត្វកែះប៉ុណ្ណោះ ដើម្បីបូជា បុគ្គលនោះធ្វើបាបដោយសម្គាល់ថា អញធ្វើបុណ្យ ធ្វើអំពើអកុសលដោយសម្គាល់ថា អញធ្វើអំពើកុសល ស្វែងរកផ្លូវទុគ្គតិ ដោយសម្គាល់ថា អញស្វែងរកសុគតិនេះ ជាគ្រឿងសស្រ្តាគឺ ចិត្ត ១ ។ ម៉្យាងទៀត បុគ្គលកាលតាំងទុកនូវវិធីបូជា ជាដម្បូងនុ៎ះឯង រមែងពោលនូវវាចាយ៉ាងនេះថា ជនទាំងឡាយ ចូរសម្លាប់គោប៉ុណ្ណោះ ។ ល ។ សត្វកែះប៉ុណ្ណោះ បុគ្គលនោះធ្វើបាបដោយសម្គាល់ថា អញធ្វើបុណ្យ ។ ល ។ នេះជាគ្រឿងសស្រ្តាគឺវាចា ១ ។ ម៉្យាងទៀតបុគ្គលទាំងទុកនូវវិធីបូជា ជាដម្បូងនុ៎ះឯង រមែងប្រុងប្រៀបខ្លួនទុកជាមុនថា ជនទាំងឡាយ ចូរសម្លាប់គោ ។ ល ។ នេះជាគ្រឿងសស្រ្តាគឺកាយទី ៣ ។ ម្នាលព្រាហ្មណ៍ ភ្លើង ៣ ប្រការនេះ បុគ្គលលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ ។ ភ្លើង ៣ ដូចម្តេច? ភ្លើង ៣ គឺ រាគៈ ១ ទោសៈ ១ មោហ ១ ។ ចុះភ្លើង រាគៈ ទោសៈ មោហៈ បុគ្គលលះបង់ចេញ តើព្រោះហេតុអ្វី ? ព្រោះបុគ្គលជារាគចរិត ត្រូវរាគៈគ្រប់សង្កត់រួបរឹតចិត្តហើយ, បុគ្គលជាទោសចរិត ត្រូវទោសៈគ្រប់សង្កត់រួបរឹតចិត្តហើយ, បុគ្គលជាមោហចរិត ត្រូវមោហៈគ្រប់សង្កត់រួបរឹតហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ដោយវាចា ដោយចិត្ត លុះដល់បុគ្គលនោះស្លាប់ទៅតែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ភ្លើង ៣ ប្រការនេះ បុគ្គលគួរធ្វើសក្ការៈ គោរពរាប់អានបូជារក្សាបម្រើឲ្យល្អប្រពៃគឺ ១ . ភ្លើងគឺអាហុនេយ្យ បុគ្គលបានដល់ ជនទាំងឡាយនោះ ត្រូវមាតា ឬបិតា របស់បុគ្គលណាក្នុងលោកនេះ នេះហៅថា ភ្លើងអាហុនេយ្យបុគ្គល របស់បុគ្គលនោះ ដំណើរនោះ ព្រោះហេតុអ្វី ? ព្រោះបុគ្គលនោះ ដែលបានកើតមក ដោយសារមាតាបិតានោះ ។ ២ . ភ្លើងគឺបុគ្គលជាម្ចាស់ផ្ទះ បានដល់ជនទាំងឡាយនោះ ត្រូវជាកូនក្តី ប្រពន្ធក្តី ខ្ញុំក្តី ឬ ក៏អ្នកបម្រើក្តី របស់បុគ្គលណាក្នុងលោកនេះ នេះហៅថា ភ្លើងគឺ បុគ្គលជាផ្ទះ ( ត្រូវថែរក្សាឲ្យបានល្អ ) ។ ៣ . ភ្លើងគឺទក្ខិណេយ្យបុគ្គល បានដល់សមណៈ ឬព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ ស្ថិតនៅ ក្នុងខន្តិ និងសោរច្ចៈ ទូន្មាននូវចិត្ត ១ រម្ងាប់នូវចិត្ត ១ រំលត់នូវចិត្ត ១ នេះហៅថា ភ្លើងគឺ ទក្ខិណេយ្យបុគ្គល ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |