អានអត្ថបទ
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១៧,២៧២ ដង)
កូនៗទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌

|
កូន ៗ ទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌ ព្រោះសង្គមត្រូវការមនុស្សបែបនេះច្រើនណាស់ណ៎ាកូន ។ព្រោះយើងរស់នៅក្នុងសង្គម ត្រូវតែមានចំណេះដឹងសណ្តាប់ធ្នាប់ការដឹងប្រមាណ ចេះគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយអ្នកដទៃផងគ្នា បើយើងមិនមានសុជីវធម៌ទេ មិនថាយើងរៀនដល់កម្រិតណានោះទេ វាដូចជាអ្នកអត់បានរៀនអ៊ិចឹងណាកូន ។ ដូចជាការនិយាយស្តីត្រូវតែសុភាពរាបសាជានិច្ច មិនត្រូវពោលពាក្យអាក្រក់នោះឡើយ ពេលដែលកូនចូលក្នុងវត្តអារាមជាកន្លែងសក្ការបូជា ជាទីគោរព កូនមិនត្រូវសម្តែងកិរិយាមិនគប្បីសោះឡើយ អ្នកជិះកង់ ម៉ូតូ កុំលឿនពេកមានការបន្ថយល្បឿនខ្លះផង បើកូនអាចចុះបណ្តើរបានរឹតតែប្រសើរ វាមិនជាយូរប៉ុន្មានទេត្រឹមតែចម្ងាយក្នុងវត្តប៉ុណ្ណឹងកូនរបស់ម៉ែ ។
យើងជានារី ត្រូវចេះសង្រួមពេលមកក្នុងវត្តអារាមណាកូនរបស់ម៉ែ ដូចជាការនិយាយស្តីកូនត្រូវពិចារណាផងណាកូន ពេលយើងនិយាយខ្លាចប៉ះពាល់ដល់អ្នកដែលគេកំពុងណាកូន ។
មួយទៀតចូរកូនកុំធ្វើជាមនុស្សរឹងរួស ត្រូវជាមនុស្សរឹងប៉ឹង មិនត្រូវធ្វើជាមនុស្សទន់ជ្រាយ ត្រូវជាមនុស្សទន់ភ្លន់ជានិច្ច ព្រោះកូនម៉ែរឹតតែទន់ល្អណាកូន ពេលដែលប្រុស ៗ គេឃើញកូនភ្លាម គេរមែងមើលគ្រប់ទីកន្លែងទាំងអស់ណាកូន ពេលដែលគេថាស្រឡាញ់កូននោះគេមើលយើងអស់ហើយណាកូន ដូចជាការស្លៀកពាក់របស់កូនជាដើម បើកូនធ្វើជាមនុស្សឆើតឆាយគេស្រឡាញ់កូនត្រឹមបោកប្រាស់ប៉ុណ្ណោះណា កូនស្រីត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះមនុស្សប្រុសថ្វីត្បិតតែថា ស្រញាញ់កូនពិតមែនតែគេរើសណាស់ណាកូនស្រី ធម្មតាគេឃើញរូបកូនស្លៀកពាក់ឆើតឆាយចេះតែថាស្រឡាញ់ឲ្យរួចពីមាត់របស់គេទៅ មើលទៅកូនប្រហែលបានត្រឹមតែគេបោកប្រាស់តែប៉ុណ្ណ៉ណាកូន តែបើកូនសុភាពរាបសារវិញនោះល្អណាស់កូន ព្រោះគេឃើញរូបកូន គេមិនហ៊ាននិយាយមើលងាយកូនឡើយ ព្រោះពួកប្រុស ៗ ទាំងអស់ខ្លាចស្ត្រីណាដែលមានចរិតសុភាពរាបសាណាកូន ។
ពេលកូនធ្វើខ្លួនសុភាពរាបសាកុំភ័យខ្លាចអត់ប្តីឲ្យសោះណាកូន មនុស្សល្អរមែងជួបនឹងមនុស្សល្អ ។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឈឹមអ្នកមានគុណ រៀបរៀងដោយៈ ភិក្ខុ ចិន្ត កវី ទូច ចន្ថា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |