អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៣,១៣០ ដង)
អាការរោគរបស់លោភៈមហារីកចិត្ត

|
អាការរោគរបស់លោភៈមហារីកចិត្ត
១- មាយា ការលាក់ពុធ មាយានេះបានសេចក្ដីថា មិនបានប្រកាសនូវសេចក្ដីស្មោះត្រង់ មិនមាននូវសច្ចភាព អាចប្រព្រឹត្តទៅមុសាវាទក៏បាន ជួនកាលមិនបានគ្រប់អង្គជាមុសាវាទទេ ក៏នៅក្នុងលក្ខណៈនៃមាយាដែរ គឺការលាក់បាំងនូវកំហុស។ រឿងមាយាដែលនាំឲ្យកើតមុសាវាទគឺមានច្រើនបែប ច្រើនយ៉ាងណាស់ជួនកាលយើងមិនឈឺទេ យើងចង់ឲ្យអ្នកដទៃដឹងថា យើងឈឺ ព្រោះយើងខ្ជិលក្នុងកិច្ចការងារឯណានីមួយ ហើយយើងធ្វើអាការៈហាក់ដូចជាឈឺ គ្រាន់តែធ្វើទឹកមុខបែបរាងស្ញោៗ អ៊ីចឹងទៅតែប្រកបដោយចិត្តគិតកុហកដូច្នេះ គឺជាវចីកម្មកាយទ្វារនេះ គឺមុសាវាទកើតតាមកាយទ្វាយ ជួនកាលយើងសឹងសំរាន្តមិនលក់ទេ តែយើងចង់ឲ្យអ្នកដទៃដឹងថា យើងសំរាន្តលក់ យើងក៏ដណ្ដប់ភួយសម្ងំស្ងៀម ទៅដោយយើងមានចិត្តចង់កុហកយ៉ាងដូច្នេះ ជាវចីកម្មកាយទ្វារ។ ចំពោះវចីកម្មកាយទ្វារនេះ សូមអ្នកអានទាំងឡាយ មានការសិក្សាដើម្បីជាសតិសម្បជញ្ញៈជួនការយើងគ្រាន់តែធ្វើខុសយ៉ាងណា ហើយយើងមិនចង់ឲ្យអ្នកដទៃដឹងងាយ រួចក៏មានការក្លែងបន្លំនេះជាមុសាវាទដែរ ដោយអំណាចនៃមាយាគឺជាមេក្លែងនៃមុសាវាទ។ ២- សាថេយ្យ អំនួតអួតអាង ការអួតអាងនេះមិនមែនជារបស់សំខាន់សម្រាប់យើងទេ មនុស្សយើងច្រើន ចង់ឲ្យគេកោតសរសើរខ្លួនម្លោះហើយខំអះអាងអំនួតអួត ខ្លួនយ៉ាងនេះមួយ យ៉ាប់នោះមួយ ដោយប្រការផ្សេងៗ ជួនអីការអួតខ្លួននោះ គឺអាចប្រព្រឹត្តទៅជាមុសាវាទដែរ ពេលខ្លះមិនជាមុសាវាទទេ តែជាលក្ខណៈជា អកុសលនិយាយទៅតាមសេចក្ដីពិត គឺលោភជាប់ជំពាក់នឹងខ្លួនថា ខ្លួនប្រសើរយ៉ាងនេះមួយ យ៉ាងនោះមួយ មិនកុហកទេ រឿងពិតតែហៅថាអួតនោះ ជាសភាពនៃអកុសល ជាលោភៈ។ ៣- មានៈ រឹងត្អឹងលើកកំពស់ខ្លួនឯង មនុស្សដែលមានៈ ដូចសត្វហ៊ីងអ៊ីចឹង ធំតែចំពោះ អួតអាងខ្លួនស្រែកខ្លាំងៗ នៅពេលដែលមេឃភ្លៀងម្ដងៗ មានៈមានថ្នាក់របស់វាមានៈ ធម្មតាសម្គាល់ថាខ្លួនប្រសើរ ដល់ទៅជ្រុលមើលងាយអ្នកដទៃ ហៅថាអតិមានៈ គឺមានៈដ៏ក្រៃលែងមនុស្សយើងដែលមានខ្ពស់ទាប ដោយសារមានៈទេ តើបើមិនមានមានៈទេ ក្នុងលើកនេះមិនមានការប្រកាន់ថា អ្នកនេះប្រសើរ អ្នកនេះថោកទាបទេ ពីព្រោះថាមនុស្សយើងតាមពិតឥតមានអ្នកខ្ពង់ខ្ពស់ ហើយក៏ឥតមានអ្នកថោកទាប ដែរនិយាយដោយបរមត្ថធម៌ គឺ ដី ទឹក ភ្លើង ខ្យល់ ចិត្ត ចេតសិក រូប តែប៉ុណ្ណោះចុះហេតុអ្វីបានជា មនុស្ស យើងមានការលើកតំកើងខ្លួនឯង មើលងាយអ្នកដទៃ មកពីមនុស្សយើង ឲ្យតម្លៃគ្នាទៅតាមអំណាចនៃកិលេសរបស់ខ្លួន។ ៤- បាបិច្ឆតា មានសេចក្ដីប្រាថ្នាលាមក សូម្បីភិក្ខុនៅក្នុងធម្មវិន័យនេះ ក៏ព្រះអង្គទ្រង់សម្ដែងអំពីភិក្ខុនេះដែលប្រាថ្នាលាមកនៅក្នុងព្រះពុទ្ធសាសនា ដោយហេតុតែ វង្វេងនឹងលោភសក្ការៈ កិត្តិយស កេរ្តិ៍ឈ្មោះ ក៏អាច លះបង់នូវធម៌អាថ៌ អនុលោមទៅតាមកាលៈទេសៈសម័យរហូតអាចកែវត្តបដិបត្តិខុស ដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាគួរ ឯងថាមិនគួរ ព្រះអង្គត្រាស់ថាមិនគួរឯងថាគួរ ទោះជាមិនបានមូលបង្កាច់ព្រះពុទ្ធដីការក៏ដោយ ឲ្យតែសេចក្ដីប្រាថ្នាដ៏លាមក កើតឡើងក្នុងសន្ដាន ដែលនោះឈ្មោះថា ជាងកុសលកើតឡើងតាមផ្លូវចិត្តប្រព្រឹត្តទៅដោយអំណាចនៃលោភៈ។ ៥- មហិច្ឆិតា សេចក្ដីប្រាថ្នាធំហួសប្រមាណ ការចង់បានអ្វីៗ ដែលហួសពីសមត្ថភាពរបស់ខ្លួនឯង វាជាការកង្វល់មួយយ៉ាងធំ ដែលបណ្ដាលធ្វើឲ្យចិត្តក្រៀមក្រំសោកសៅ រងចាំទទួលការក្ដៅក្រហល់ក្រហាយដុតរោលរាលតាមផ្លូវចិត្ត តើក្នុងលោកនេះចង់បានអ្វីក្រៅអំពីកាមភព រូបភព អរូបភព ទោះបីបានសម្បត្តិក្នុងភពទាំងបីនេះ ក៏មិនដឹងយកសម្បត្តិទាំងនោះទៅណា បើគ្រាន់តែរស់មួយជាតិ មួយភពកំណើត ហើយលះបង់ទៅវិញតែប៉ុណ្ណោះ។ ៦- អសន្តុដ្ឋិតា សេចក្ដីមិនសន្ដោស។ ការសន្ដោស ការប្រាថ្នាតិច មិនមែនបានសេចក្ដីថាខ្ជិលធ្វើនូវកិច្ចការងារនោះទេ តាមពិតការងារនៅតែធ្វើសន្ដោសចំពោះរបស់ដែលបានមក ជៀសវាងការជាប់ជំពាក់ប្រព្រឹត្តទៅដោយអំណាចនៃតណ្ហា ដូចនេះការសន្ដោសនេះជាទ្រព្យសម្បត្តិមួយយ៉ាងប្រសើរ សំរាប់បុរសស្ត្រីគ្រហស្ថ បព្វជិត (សន្ដុដ្ឋី ធនំ សេដ្ឋំ) ពូជសន្ដោននេះ មនុស្សយើងកម្រមានណាស់ តែចំណែកលោភតណ្ហាទោះបីមិនបានសាបព្រោះ បណ្ដុះក៏មានដែរ ពូជសន្ដោសដោយក្នុងសន្ដានរបស់យើងគ្រប់ៗគ្នា។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀបរៀងដោយ សាមណេរ ចាន់ សុជន ដោយ៥០០០ឆ្នាំ |