អានអត្ថបទ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៧,៥១១ ដង)
យក្ខបហារសូត្រ

|
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ នៅក្នុងវត្តកបោតកន្ទរា ។ សម័យនោះ ព្រះសារីបុត្តដ៏មានអាយុមានសក់ទើបកោរថ្មី ។ អង្គុយក្នុងទីវាល ចូលកាន់សមាធិណាមួយ ក្នុងរាត្រីខាងខ្នើត ។
សម័យនោះ មានយក្ខពីរនាក់ជាសម្លាញ់នឹងគ្នា មកអំពីទិសខាងជើង ទៅទិសខាងត្បូង ដោយកិច្ចណាមួយ ។ យក្ខទាំងនោះ បានឃើញព្រះសារីបុត្តដ៏មានអាយុ មានសក់ទើបកោរថ្មី ៗ អង្គុយក្នុងទីវាល ក្នុងរាត្រីខាងខ្នើត លុះយក្ខម្នាក់បានឃើញហើយ និយាយប្រាប់យក្ខម្នាក់ទៀតថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ កាលបើយក្ខម្នាក់ និយាយយ៉ាងនេះហើយ យក្ខនោះក៏និយាយទៅនឹងយក្ខម្នាក់ទៀតនោះថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះមានគុណដ៏លើសលុបមានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ បាននិយាយនឹងយក្ខនោះជាគម្រប់ពីរដងទៀតថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះ និយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់ពីរ ដងទៀតថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះមានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ យក្ខម្នាក់នោះ និយាយទៅនឹងយក្ខនោះ ជាគម្រប់បីដងទៀតថា ម្នាលសម្លាញ់ ចិត្តរបស់ខ្ញុំកើតប្រាកដ ដើម្បីប្រហារក្បាលសមណៈនេះ ។ យក្ខនោះនិយាយទៅនឹងយក្ខម្នាក់ទៀតនោះ ជាគម្រប់បីដងទៀតថា កុំសម្លាញ់ អ្នកកុំប្រហារសមណៈឡើយ ម្នាលសម្លាញ់ សមណៈនោះ មានគុណដ៏លើសលុប មានឫទ្ធិច្រើន មានអានុភាពច្រើន ។ លំដាប់នោះ យក្ខម្នាក់នោះ មិនអើពើនឹងយក្ខនោះឡើយ ហើយប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ។ មានសេចក្តីដំណាលថា យក្ខនោះអាចពន្លិចដំរីមានកម្ពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុតទៅក្នុងផែនដី) ក៏បាន អាចធ្វើកំពូលភ្នំធំ ឲ្យបែកខ្ទេចខ្ទីក៏បាន ដោយការប្រហារនោះ ។ លំដាប់នោះ ស្រាប់តែយក្ខនោះពោលថា ខ្ញុំក្តៅណាស់ដូច្នេះ ហើយធ្លាក់ទៅកាន់មហានរក ត្រង់ទីនោះឯង ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញយក្ខនោះ កំពុងប្រហារចំព្រះសិរ្សៈ ព្រះសារីបុត្តដ៏មានអាយុ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធកន្លងចក្ខុរបស់មនុស្សធម្មតា លុះឃើញហើយ ក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ លោកល្មមអត់ធន់បានដែរឬ ល្មមប្រព្រឹត្តទៅ បានដែរឬ មិនមាន សេចក្តីទុក្ខតិចតួចទេឬ ។ ព្រះសារីបុត្តដ៏មានអាយុ ប្រាប់ថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោសារីបុត្ត អស្ចារ្យណាស់ ម្នាលអាវុសោសារីបុត្ត ចម្លែកណាស់ ព្រោះថា សារីបុត្តដ៏មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ។ ម្នាលអាវុសោសារីបុត្ត ក្នុងទីនេះ មានយក្ខមួយប្រហារ ចំព្រះសិរ្សៈនៃលោក (ការប្រហារនោះ) ពេញជាការប្រហារខ្លាំង ឯយក្ខនោះអាចពន្លិចដំរី មានកម្ពស់ ៧ ហត្ថ ឬ ៨ ហ្ថ (ឲ្យស្រុតទៅក្នុងផែនដីបាន) អាចធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបាន ដោយការប្រហារនោះ ។ ហេតុអ្វីក៏ព្រះសារីបុត្តដ៏មានអាយុ និយាយយ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមអត់ធន់បាន ម្នាលអាវុសោមោគ្គល្លាន ខ្ញុំល្មមប្រព្រឹត្តទៅបាន តែថា មានសេចក្តីទុក្ខបន្តិច ត្រង់ក្បាលរបស់ខ្ញុំ ។ ម្នាលអាវុសោមោគ្គល្លាន អស្ចារ្យណាស់ ម្នាលអាវុសោមោគ្គល្លាន ចម្លែកណាស់ ព្រោះថា មហាមោគ្គល្លានដ៏ មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន មើលយក្សឃើញបាន ចំណែកខាងយើង មិនឃើញសូម្បីបិសាច ដែលអាស្រ័យនឹងអាចម៍ដីសោះឡើយ ។ ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់ពាក្យចរចា មានសភាពយ៉ាងនេះ របស់ព្រះមហានាគត្ថេរទាំងពីរអង្គនោះ ដោយទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងសោតធាតុ របស់ មនុស្សធម្មតា ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា យស្ស សេលូបមំ ចិត្តំ ឋិតំ នានុបកម្បតិ វិរត្តំ រជនីយេសុ កោបនេយ្យេ ន កុប្បតិ យស្សេវំ ភាវិតំ ចិត្តំ កុតោ តំ ទុក្ខមេស្សតិ។ ចិត្តរបស់បុគ្គលណា មានឧបមាដោយថ្មតាន់ នៅនឹង មិនញាប់ញ័រ ប្រាស់ចាកតម្រេក ក្នុងហេតុគួររីករាយទាំងឡាយ មិនក្រោធក្នុងវត្ថុគួរក្រោធ ចិត្តដែលបុគ្គលណា បានចម្រើនយ៉ាងនេះហើយ សេចក្តីទុក្ខនឹងមានមកដល់បុគ្គលនោះ អំពីណាបាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ បិដកលេខ ៥២ ទំព័រ ២០៥) ព្រះសារីបុត្រដ៏មានអាយុមានសម្បុរដូចមាស ព្រះមហាមោគ្គល្លានដ៏មានអាយុមានសម្បុរដូចផ្កាឧប្បលខៀវ ។ ព្រះថេរៈទាំងអង្គនោះឯង មានជាតិជាព្រាហ្មណ៍ ដល់ព្រមដោយអភិនីហារអស់ ១ អសង្ខេយ្យ និង ១ សែនកប្ប ជាអ្នកបាន សម្រេចអភិញ្ញា៦ និង បដិសម្ភិទា ជាព្រះមហាខីស្រព បានសមាបត្តិគ្រប់យ៉ាង ដល់ទីបំផុត សាវកបារមីញាណ ៦៧ ប្រការ ធ្វើកបោតកន្ទរវិហារនោះឲ្យស្វាងស្វៃជាមួយគ្នា ដូចសីហៈពីរនៅល្អាងមាសតែមួយជាមួយគ្នា ដូចខ្លាធំពីរទម្រេតខ្លួនលើផែនដីតែមួយជាមួយគ្នា ដូចស្ដេចដំរីឆទ្ទន្តពីរចូលព្រៃសាលវ័ន ដែលមានផ្ការីកស្គុះស្គាយ តែមួយជាមួយគ្នា ដូចស្ដេចគ្រុឌពីរនៅព្រៃសិម្ពលី តែមួយជាមួយគ្នា ដូចស្ដេចវេស្សវ័ណពីរអង្គឡើងយាន ដែលនាំ ដោយមនុស្សតែមួយជាមួយគ្នា ដូចស្ដេចសក្កៈពីរអង្គ ប្រថាប់អង្គុយលើបណ្ឌុកម្ពល សិលាសនៈតែមួយជាមួយគ្នា ដូចស្ដេចមហាព្រហ្មពីរអង្គនៅក្នុងវិមានតែមួយ ជាមួយគ្នា ដូចដួងចន្ទពីរដួង និង ព្រះអាទិត្យពីរដួងនៅក្នុងផ្ទៃអាកាសតែមួយជាមួយគ្នា ដូច្នេះ ។ បណ្ដាព្រះថេរៈទាំងអង្គនោះ ព្រះមហាមោគ្គល្លានដ៏អាយុបានគង់នៅស្ងៀម ចំណែកព្រះសារីបុត្រដ៏មានអាយុចូលសមាបត្ដិ ។ ពាក្យថា ចូលកាន់សមាធិណាមួយ បានដល់ ឧបេក្ខាព្រហ្មវិហារសមាបត្តិ ។ កេចិអាចារ្យទាំងឡាយពោលថាជា សញ្ញាវេទយិតនិរោធសមាបត្តិ ។’ ចំណែកអាចារ្យមួយពួកទៀតពោលថាជា ផលសមាបត្តិ ។ ពិតមែន សមាបត្តិទាំងឡាយ ៣ នេះ អាចដើម្បីនឹងរក្សានូវកាយបាន ។ (បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន មេឃិយវគ្គ យក្ខបហារសុត្ត) ដោយ៥០០០ឆ្នាំ |