អានអត្ថបទ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៤,១៧៣ ដង)
ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍

|
ទោសសម្ផប្បលាប (ពោលនូវពាក្យរាយមាយឥតប្រយោជន៍) សេចក្ដីថា បុគ្គលឯណាពោលពាក្យឥតប្រយោជន៍ឥតផល បុគ្គលនោះឯងឈ្មោះថា អធម្មវាទី អធម្មវាទីបុគ្គលនោះឈ្មោះថា ជាអ្នកធ្វើព្រះសទ្ធម្មគឺសាសនាព្រះពុទ្ធឱ្យវិនាសទៅឆាប់ ។
ហេតុដូច្នោះ បានជាព្រះដ៏មានព្រះភាគទ្រង់សម្ដែងកបិលសូត្រក្នុងគម្ពីរឯកនិបាតង្គុត្តរដូច្នេះថា យេបិ តេ ភិក្ខវេភិក្ខ អធម្មំ ធម្មោតិ ទីបេន្តិ តេបិ ភិក្ខវេ ភិក្ខូ ពហុជនាហិតាយ បដិបន្នា ពហុជនាសុខាយ ពហុនោ ជនស្ស អនត្ថាយ អហិតាយ ទុក្ខាយ ទេវមនុស្សានំ ពហុញ្ច តេ ភិក្ខវេ ភិក្ខូ អបុញ្ញំ បសវន្តិ តេបិ មំ សទ្ធម្មំ អន្តរធាបេន្តិ ប្រែថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាសម្ដែងសភាវៈមិនមែនធម៌ថាជាធម៌ (សម្ដែងធម៌ពិតថាមិនមែនជាធម៌វិញ) ម្នាលភិក្ខុទាំងឡាយភិក្ខុទាំងនោះឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីមិនឱ្យជាប្រយោជន៍នឹងសេចក្ដីសុខដល់ជនច្រើន ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីមិនឱ្យជាប្រយោជន៍នឹងមិនបានជាគុណដល់ជនច្រើន (គ្រាន់តែជាអ្នកប្រតិបត្តិ) ដើម្បីសេចក្ដីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយភិក្ខុនោះតែងសោយនូវទោសមានប្រមាណច្រើន (មិនតែប៉ុណ្ណោះសោត) ភិក្ខុនោះឈ្មោះថា ធ្វើព្រះសទ្ធម្មគឺសាសនារបស់តថាគតឱ្យសាបសូន្យទៅ ។ ![]() ដូចរឿងកបិលភិក្ខុដែលនាំមកសម្ដែងក្នុងគម្ពីរធម្មបទនោះ ។ សេចក្ដីថា កាលក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ មានភិក្ខុមួយរូបឈ្មោះកបិលភិក្ខុ អ្នកចេះចាំព្រះត្រៃបិដកមានបរិវារច្រើនផង មានលាភច្រើនផង ក៏មានចិត្តស្រវឹងដោយការនៃខ្លួនជាពហុស្សូត ប្រកាន់មានះរឹងត្អឹង ព្រោះតណ្ហាគ្របសង្កត់ក៏ពោលពាក្យញាំញីបង្កាច់បង្កិនរបស់គួរក្នុងធម៌វិន័យ ត្រឡប់ថាមិនគួរ របស់មិនគួរក្នុងធម៌វិន័យ ត្រឡប់ថាគួរវិញ ភិក្ខុដែលត្រឹមត្រូវក្នុងវិន័យ ពោលហាមប្រាមក៏មិនស្ដាប់ ប្រែជាជេរប្រទេចដល់ភិក្ខុទាំងនោះវិញ ដោយពាក្យផរុសវាទ លុះច្យុតអំពីមនុស្សលោកនេះ ក៏ទៅឆេះក្នុងអវិចីនរកអស់កាលដ៏យូររវាងមួយពុទ្ធន្តរ សេសផលពីនោះមកកើតជាត្រីឆ្ពិនមាសក្នុងស្ទឹងអចិរវតី មានមាត់ស្អុយអាក្រក់ ព្រោះជេរប្រទេចភិក្ខុផងគ្នា មានសម្បុរល្អដូចមាស ព្រោះទ្រទ្រង់ព្រះត្រៃបិដកក្នុងកាលនោះ ។ ហេតុដូច្នេះពាក្យពោលជាសម្ផប្បលាប ដែលអ្នកប្រាជ្ញមិនរាប់ថាជាធម៌ បុគ្គលគប្បីលះចោលចេញ ពាក្យពោលជាអសម្ផប្បលាបដែលអ្នកប្រាជ្ញរាប់ថាជាធម៌ បុគ្គលគប្បីពោលចុះ ។ ចប់រឿងកបិលភិក្ខុ ដោយ៥០០០ឆ្នាំ |