ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,១២១ ដង
ស្កែនយកតំណ
ប្រវត្តិពុទ្ធសាសនានៅប្រទេសស្រីលង្កា

ប្រវត្តិពុទ្ធសាសនានៅប្រទេសស្រីលង្កា

ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ២០៤ ដង)

ស្តាប់សំឡេង

បន្ទាប់ពីការនិមន្តដល់នៃសាវ័កដ៏ឆ្នើម គឺ ព្រះមហិន្ទត្ថេរ ព្រះពុទ្ធសាសនាបានសាបព្រោះក្នុងដែននេះ ហើយក្រោយមក សាសនាហិណ្ឌូរបស់ពួកទមិឡ លទ្ធិកាតូលិក របស់ពួកព័រទុយកាល សាសនា​ឥស្លាមរបស់ពួកអារាប់ សាសនាគ្រិស្តរបស់​ពួក​ដាច់ (Dutch) និង លទ្ធិប្រូតេស្តង់របស់ពួកអង់គ្លេស ក៏បានចូលមកសាបព្រោះ​​លើ​ដែន​កោះ​​នេះដែរ ។

ព្រះពុទ្ធសាសនា យោងតាមគម្ពីរ ប្រវត្តិសាស្ត្រទាំងឡាយ មានគម្ពីរមហាវង្សជាដើម​ថា​ ​ព្រះពុទ្ធទ្រង់បានយាងមកកោះនេះ ចំនួនបីដង គឺ៖
លើកទីមួយ នៅមហិយង្គណៈ(Mahiyangana) ៩ ខែ បន្ទាប់ពីទ្រង់ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណក្រោមម្លប់ដើមពោធិ៍ ។
លើកទីពីរ នៅនាគទីប(Nagadipa) ក្នុងវស្សាទី ៥ ។
លើកទីបី នៅវត្តកល្យាណី (Kelani Vihara) និងកន្លែងដទៃផ្សេងទៀត នៅក្នុងវស្សាទី ៨ ហើយ​ទី​ស្ថាន​ទាំងអស់នោះ គេបានកសាងបូជនីយដ្ឋាន ទុកជាគ្រឿងសម្គាល់​ ។ សព្វថ្ងៃនេះ ពុទ្ធបរិស័ទ​ទាំង​ឡាយ តែងតែទៅនមស្សការទីស្ថានទាំងនោះ ដែលព្រះមានព្រះភាគធ្លាប់យាងមកដល់ ។

ព្រះពុទ្ធសាសនាគឺ ជាសាសនាចំបងនៅក្នុងប្រទេសស្រីលង្កា ក្នុងរាជរបស់ព្រះបាទ ទេវា​នម្បិយ​តិស្សៈ ដែលត្រូវបាននាំចូលនៅឆ្នាំ ២៤៦ មុន​គ្រិស្ត​សករាជ ដោយ​ព្រះរាជបុត្រមួយព្រះអង្គរបស់ព្រះបាទអសោកមហារាជ ព្រះនាម មហិន្ទត្ថេរ ដែលជាសាវ័ក​ដ៏ឈ្លាសវៃ អាចញុំាងអ្នកលង្កាទ្វីបអោយជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងបានបំបួស​កុលបុត្រក្នុងត្រកូល ។ ក្រោយមកបន្តិច ព្រះនាង សង្ឃមិត្តាថេរី ដែលជាបុត្រីរបស់ព្រះបាទអសោក និងជាព្រះភគិនីរបស់ព្រះមហិន្ទត្ថេរ ជាមួយ​នឹងគណៈ​ភិក្ខុនីសង្ឃ យាងមកជាបន្ទាប់ ហើយក៏បាននាំយក បំណែក​ដើមពោធិ៍ ពីពុទ្ធគយា មកប្រតិស្ថាន​​ក្នុង​ប្រទេស​នេះ​ដែរ ។ ព្រះនាង ក៏បានបំបួសឲ្យ​មានភិក្ខុនីសង្ឃក្នុងកោះលង្កានេះ​ ។ ចាប់តាំងពីពេលនោះមក ព្រះពុទ្ធសាសនាក៏បានរីកដុះដាលក្នុងប្រទេសនេះ ។

នៅក្នុងអំឡុងឆ្នាំ ២០០ មុនគ្រិស្តសករាជ ព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកជា​សាសនា​ផ្លូវការ​នៅក្នុងប្រទេសលង្កា ។ ក្នុងបណ្តាប្រទេសអ្នកកាន់​​ពុទ្ធ​សាសនា​​ទាំង​អស់ នៅលើពិភពលោក ស្រីលង្កា គឺ​ជា​ប្រទេស​មួយដ៏សំខាន់ ដែលជា​មជ្ឈមណ្ឌល វប្បធម៌ ព្រះពុទ្ធសាសនាបែបថេរវាទ អស់កាលជាច្រើនពាន់ឆ្នាំមកហើយ ។ ហើយដែល​គេទទួលស្គាល់ថា ជាកន្លែងដែលនៅរក្សា​ក្បួន​ច្បាប់ ទំនៀមទំលាប់ព្រះពុទ្ធសាសនា​ល្អជាងគេរហួតដល់សព្វថ្ងៃនេះ ។ បន្ទាប់ពីប្រទេសឥណ្ឌា កោះលង្កានេះគឺ ជាទីកន្លែងមួយ​ ដែលមានបូជនីយដ្ឋានសំខាន់​ៗ​ជាច្រើន ដូចជា សុវណ្ណមាលិក មហិន្ទលេ មហាស្តូប ជាដើម ដែលបានទទួលការចាប់អារម្មណ៍ពីពុទ្ធបរិស័ទ ។

បូជនីយដ្ឋាន​ដែនកោះ​លង្កា  ៖ ទីក្រុង អនុរាធបុរៈ ស្ថិតនៅភាគកណ្តាលខាងជើង របស់ប្រទេសស្រីលង្កា (Ceylon) ជាទីក្រុង​ចាស់ ដែល ស្ថិតនៅយ៉ាងស្ងាត់មានការ​កាពារ​យ៉ាងដិតដល់ និង ខ័ណ្ឌដាច់ដោយ​ឡែក​ពីទីក្រុងថ្មី ដែលជាកន្លែង អ្នករដ្ឋការ ធនាគារ អាគារពាណិជ្ជកម្ម ទីផ្សារ និង សណ្ឋាគារ​ធំៗ ។  យើងអាចធ្វើដំណើរទៅកាន់ទីក្រុងអនុរាធបុរី ចម្ងាយ ២០២ គ.ម. ពី​ទីក្រុង Colombo កាត់ កុរុនេគលៈ (Kurunegala) ​វិលបត្តុ (Wilpattu) ឬឃេនឌី (Kandy)  បានយ៉ាងស្រួលតាមផ្លូវជាតិ ឬផ្លូវដែក ចេញពី​ទី​ក្រុង​កូឡុំបូ (Colombo) ទៅ  ។

ប្រវត្តិទូទៅ ៖ តាមឯកសារប្រវត្តិសាស្ត្រ វិជយៈ (Vijaya) គឺ ជាស្តេចទីមួយរបស់ស្រីលង្កា (Sri Lanka) ដែលបាន មកតាំងទីលំនៅស្ថានក្នុងតម្ពបណ្ណិទ្វីប ហើយរាជបុរសរបស់ទ្រង់ បានបង្កើតការគ្រប់គ្រង និងបានដាក់ឈ្មោះតំបន់ទាំងនោះ តាមឈ្មោះផ្ទាល់របស់ ពួកគេ ។ អនុរាធគ្រាម ជាស្រុកមួយ បង្កើតឡើងដោយ អនុរាធ​ព្រាហ្មណ៍​ ហើយស្រុកនោះ បានក្លាយជាស្រុក យ៉ាងសំខាន់នាំមុខគេក្នុងតំបន់ ក្រោយ​មក​ក៏​ហៅថា អនុរាធបុរៈ ។ ស្តេចដែលគ្រងរាជ បន្តពីទ្រង់វិជ័យ គឺ ព្រះរាជអនុជរបស់​ព្រះអង្គ ព្រះនាមថា បណ្ឌុវាស្ទេវៈ (Pandu​vāsdeva) ជាស្តេចប្រសិទ្ធពិរ ចំពោះព្រះ​អាទិទេព បានអភិសេកជាមួយព្រះនាង សក្យត្រកូល​ភទ្ទា​កច្ចាយនា (Bhadda​​kaccayana)​ ដែលប្រទានមកពីប្រទេសឥណ្ឌា ។ អនុរាធៈ ក្នុង ចំណោមបងប្អូនទាំង ៦ របស់ព្រះនាង​ ភទ្ទា​កច្ចាយនា​ បានជ្រើសយកអនុរាធគ្រាម ជាទីតាំងរបស់ខ្លួន ។ ព្រះបាទ​បណ្ឌុកាភ័យ​ (Pandu​kabhaya)​ ជា​រាជបុត្រ របស់ព្រះរាជ​បុត្រីនៃព្រះបាទ បណ្ឌុវាស្ទេវៈ បានអភិវឌ្ឍន៍ អនុរាធគ្រាម​ឱ្យ​រីក​​ចម្រើន ហើយប្តូរមកជា​ អនុរាធបុរៈ​ ​ជាទីក្រុងរបស់ព្រះអង្គ ។ ព្រះអង្គបាន គ្រប់គ្រងរាជនៅឆ្នាំ ៤៥៥-​៤០០ ​B.C. (មុន​គ្រឹស្ត) ជាស្តេចទីមួយដែលបាន​កសាងអាងទឹកដ៏ធំជាងគេ ឈ្មោះជយវេវៈ (Jaya​wewa) (ពសវក្កុលម​ Basaw​-akku​lama) ពីសម័យបុរាណ ។

ព្រះពុទ្ធសាសនាបែបថេរវាទ បាននាំចូលមក ប្រទេសស្រីលង្កា ដោយព្រះមហិន្ទត្ថេរ ជា​ព្រះរាជបុត្រ​របស់ព្រះបាទ​អសោក (Asoka) ក្នុង​រាជ្យរបស់ ព្រះ​បាទ​ ទេវានម្បិយតិស្ស​ ។ ពុទ្ធសាសនទូតនេះ បានពន្យល់ប្រជាជនសីហឡៈ ឱ្យកាន់ព្រះពុទ្ធ​សាសនា ហើយព្រះនាងសង្ឃមិត្តាថេរី ជាព្រះភគិនី (ប្អូនស្រី) របស់ព្រះមហិន្ទត្ថេរ បាននាំព្រះពោធិព្រឹក្ស មែកខាងស្តាំមកប្រតិស្ថានទុកនៅនា អនុ​រាធបុរៈ​ ​ហើយបានបំបួសឱ្យ​មានភិក្ខុនី​សង្ឃនៅពេលនោះ​ដែរ ។ ក្នុងអំឡុងរាជរបស់ព្រះ​បាទ សុរតិស្សៈ (Suratissa) ព្រះអនុជរបស់ព្រះបាទ ទេវានម្បិយតិស្ស: ស្តេចទមិឡ ពីរអង្គគឺ សេនៈ (Sena) និង គុត្តិកៈ (Guttika) បានឈ្លានពាន​គ្រប់គ្រងកោះនេះ​ ជាលើកទីមួយ ដោយទំលាក់ ព្រះបាទ សុរតិស្សៈ ពីរាជបល្ល័ង្ក ច្បាំងយក​ទីក្រុង អនុរាធបុរៈ ។ ហើយចាប់ពីនោះ មកពួកទមិឡ តែងតែ​អុកឡុក និង​គ្រប់គ្រង​ជា​ហូរ​ហែ ។ ព្រះបាទ ទុដ្ឋគាមិនីអភ័យ គឺ ជាព្រះរាជ​មហាវីរៈក្សត្រ​នៃ អនុរាធបុរៈសម័យនោះ ។ ព្រះអង្គ​ប្រសូតនៅភាគ​ខាងត្បូងនៃប្រទេស ព្រះអង្គមានព្រះរាជបំណងចង់ សង្គ្រោះប្រទេសពីពួកទមិឡ និងចង់ក្លាយព្រះអង្គ​ជាពុទ្ធសាសនូបត្ថម្ភ ។ ក្នុង​រាជព្រះបាទ វដ្តគាមិនីអភ័យ (Valagamba) អាណានិគមទមិឡ បានផ្តួលរំលំ​រាជ ហើយគ្រប់គ្រងអនុរាធបុរៈជាថ្មីម្តងទៀត ។ ក្នុងរាជរបស់ព្រះអង្គ គេកំណត់​ឃើញ​ព្រឹត្តិការណ៍ សំខាន់ៗ​ពីរ គឺៈ
. ប្រតិមតិ (ដំណើរបែកមតិ ឬ ពួកគណៈ) ដំបូងនៃព្រះពុទ្ធ​សាសនាក្នុងស្រីលង្កា (Schism) ។
២. ការកត់ត្រាទុកនូវគម្ពីរព្រះអដ្ឋកថា និង ប្រវត្តិសាស្ត្រប្រទេស នៅអាលុវិហារ (Alu​vihara) ។

ព្រះទាឋធាតុ (Tooth Relic) បាននាំមកកាន់ប្រទេស​នេះ នៅក្នុង​រាជរបស់ព្រះបាទ កិត្តិសិរីមេវនៈ (Kitsiri mevan) ៣២១-៣២៨ A.D.(គ.ស.) ។ នៅ​សតវត្សរិ៍ទី ៩ និងទី ១០ A.D. បានបង្ហាញ ឱ្យឃើញភាពចុះខ្សោយនៃរាជាណា​ចក្រ​អនុរាធបុរៈ ។ ចាប់​​ពី​ពេលនោះ​មកព្រះរាជាគ្រប់គ្រងរាជាណាចក្រនេះ ដោយគ្មានភាពលំបាកអ្វី​ឱ្យធំដុំ​ទៀតឡើយ ។ ប៉ូឡូណ្ណារុវៈ (Polon​naruwa) ជាទីក្រុង​ទីពីរ បន្ទាប់​ពី អនុរាធបុរៈ ។ ក្នុងរាជរបស់ព្រះបាទ មិហិន្ទុ ទី ៥ (Mihindu V) ៩៨២-១០២៩ A.D. ស្តេច កឡូឡា បាន​ចាប់ព្រះរាជា​និង​ព្រះ​ក្សត្រិយ​នារី​ទៅ ព្រោះតែហេតុនេះហើយបានជាធ្វើ​ឲ្យ​ រាជាណាចក្រ អនុរាធបុរៈ ចុះខ្សោយ ប៉ុន្តែ​​នៅ​សល់​បូជនីយដ្ឋាន ព្រះពុទ្ធសាសនាធំៗ ៨ កន្លែង ហៅថា អថមស្ថាន (Athamasthana) គឺ ៖
~ ស្រីមហាពោធិ៍ Sri Maha Bodhiya
~ រូវ័នវេលិសេយ: សុវណ្ណមាលិកចេតិយ Ruwanveliseya
~ ថូបារាម Thuparama
~ លោវាមហាបាយ Lovamahapaya
~ អភយគីរី Abhayagiriya
~ ជេតវនមហារាម Jetavanaramaya
~ មិរិសវេតិយ Mirisavetiya
~ លង្ការាម Lankaramaya 

ក្រៅពី ទីស្ថានទាំង ៨ នេះ ទៅក៏នៅមានកន្លែង សិល្បៈ ប្រវត្តិសាស្ត្រ និងបុរាណ​ស្ថាន​ដ៏​សំខាន់ៗ ផ្សេងទៀត ដែលយើងត្រូវទៅទស្សនា និងគោរពបូជា ។

ស្រីមហាពោធិ៍ Sri Mahabodhiya ក្នុងរាជរបស់ព្រះបាទ ទេវានម្បិយតិស្ស: ប្រាំខែ បន្ទាប់ពីថ្ងៃ​ដែល​​​ព្រះ​​មហិន្ទត្ថេរបាននិមន្តមកដល់ ព្រះនាងសង្ឃមិត្តាថេរី បាននាំមកនូវមែកព្រះស្រីមហាពោធិព្រឹក្សជាដើមឈើដែលព្រះសិទ្ធត្ថៈ បានគង់បន្លុះ​ពោធិ​​ញ្ញាណ​​ មកប្រតិស្ថាននៅក្នុងមហាមេឃវ័នឧទ្យាន ជាមួយនឹងភាពរីករាយ និងពិធីបុណ្យ​ដ៏ឱឡារិកលើព្រះលានកំពស់ប្រហែល ៦.៥ ម៉ែត្រ អំពីផែនដី ព័ន្ធព័ទ្ធដោយបង្កាន់ដៃដែក ។ នេះជាដើមឈើដែលមានជីវិតយូរជាងគេ ក្នុងឯកសារប្រវត្តិសាស្ត្រ ហើយសព្វថ្ងៃនេះ បានក្លាយទៅជា បូជនីយដ្ឋាន​មួយ​ដ៏​សំខាន់​បំផុត ក្នុងចំណោមបូជនីយដ្ឋាន​​ដ៏​សំខាន់ៗ​របស់ព្រះពុទ្ធសាសនាក្នុងប្រទេសស្រីលង្កា ។ ក្រៅពីព្រះមហាពោធិព្រឹក្សនេះទៅ នៅមានដើមពោធិផ្សេងៗទៀត ជុំវិញនោះហើយរបងព័ទ្ធជាបង្កាន់ដៃ ប្រមាណ ២១៤ ម៉ែត្រ គឺបានកសាងក្នុងរាជរបស់ព្រះបាទ កិត្តិសិរិរាជសិង្ហៈ ១៧៤៧​-​១៧៨២​ A.D.​ ដើម្បី​ការពារពួកសត្វដំរីព្រៃ ។

សុវណ្ណមាលិកចេតិយ ៖ រូវ័នវេលិសេយ ឬ សុវណ្ណ​មាលិក​ចេតិយ បន្ទាប់ពីកំចាត់ស្តេច ទមិឡ នាម​ ឯឡរាៈ (Elara) រួចមក ព្រះបាទ ទុដ្ឋគាមិនីអភ័យ បានក្លាយជាស្តេច នៃប្រទេសស្រីលង្កាដោយ​ពេញ​លេញ ។ ព្រះអង្គបាន ជាពុទ្ធសាសនូ​បត្ថម្ភ​ជា​មួយ​នឹងព្រះរាជបំណង ព្រះអង្គបានកសាងអាគារសាសនាជាច្រើនហើយ ដែលគេបានស្គាល់ច្បាស់ជាងគេក្នុងចំណោមអាគារស្ថាន ទាំងនោះ គឺ រូវ័នវេលិសេយ: នេះឯង ។ ព្រះ​ស្ថូប​នេះ គេ ហៅថា មហាថូបា សុវណ្ណមាលិចេតិយ និង​រតនមា​លិស្ថូបា ក៏មាន ។ គម្ពីរ​​ថូប​វង្ស (Thupavansa) មានអធិប្បាយ​​ច្បាស់​លាស់ ពី​របៀបនិង​ចំនួនការកសាង ព្រះ​ស្ថូប​នេះ ។ ចេតិយនេះ គេបានកសាងក្នុង​គ្រឹះ​ស្ថាន​ដ៏រឹងមាំក្នុងឯកសារប្រវត្តិបាននិយាយ​ថា ខាងក្នុងចេតិយនេះ មាន​ដម្កល់​ព្រះពុទ្ធ​បដិមា ជា​រតនៈដ៏មានតម្លៃ ធ្វើពីមាសសុទ្ធ និងវត្ថុមានតម្លៃជាច្រើនទៀត ព្រមទាំងព្រះសារីរិកធាតុរបស់ព្រះពុទ្ធចំនួន ១ ទោណ ផងដែរ ។ ជ្រុងទាំងបួននៃព្រះចេតិយមានក្បាច់ក្បូរជាច្រើន ។ ទីធ្លាដែលគេក្រាល​ថ្ម​បន្ទះ​មាន​ឈ្មោះថា ទីធ្លាសីលបត្តលៈ ។ ១ ទោណស្មើនឹង ២ នាឡិ ធំៗ ។ ទីធ្លាសីលបត្តលៈ មាន​បរិវេណ​ធ្វើ លើដីខ្សាច់ ជ្រុងទាំងបួននៃបរិវេណនោះមាន​ជញ្ជាំង​ ទាបៗ មានឆ្លាក់រូបដំរីជាច្រើន ។ ហើយការឆ្លាក់រូប ដំរីជាច្រើនជុំវិញជញ្ជាំងនេះ គឺគេចង់បង្ហាញថា ព្រះចេតិយនេះ កសាងឡើងដោយប្រើកម្លាំងដំរី ទាំង​ឡាយ​​ជា​​ជំ​នួយ​ផងដែរ​​ ។ រូបដំរីទាំងអស់ មាន ចំនួន ១៩០០ ដែលនៅលើ​ជ្រុងជញ្ជាំងនីមួយ​ៗ មានចំនួន ៤៧៥ ។ ព្រោះមានការប្រើ​ប្រាស់កំលាំង ដំរីយ៉ាងដូច្នេះហើយ ទើបគេហៅថា ជញ្ជាំងដំរី (Elephant​ Compound) ដូច្នេះ ។ នៅក្នុងទីធ្លាវត្តមានរូប​សុវណ្ណមាលិក​ចេតិយ បូរាណធ្វើពីថ្ម ១ និង​រូប​ព្រះបាទ ទុដ្ឋគាមិនីអភ័យ ទ្រង់​ឈរ​សំពះព្រះចេតិយ ។ រីឯ​ក្នុងព្រះវិហារដែល ស្ថិតនៅក្នុងទីធ្លាវត្តវិញមានព្រះពុទ្ធរូបបួនព្រះអង្គ ដែលបានត្រាស់ដឹងក្នុងកប្បនេះ និងព្រះសិអារ្យមេត្រិយ ។ រូប​សំណាក​​ទាំង​នេះ​ មានសភាព​ចាស់ ទ្រុឌទ្រោមមែនទែនទៅហើយ ។ ព្រះសុវណ្ណមាលិកចេតិយនេះ​មាន​កំពស់ ៩១ ម៉ែត្រ និងមានប្រវែងអង្កត់ផ្ចិត៩០ម៉ែត្រ ។ កំពូល ដែលធ្វើពីពេជ្រផ្នែកខាងលើ គឺជាអំណោយ​របស់​​ប្រទេស​ភូមា ។ សុវណ្ណមាលិកចេតិយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីលោហៈប្រាសាទឡើយ ។ ប្រវត្តិដែលបានកត់ត្រាទុក​ថា ព្រះបាទ លជ្ជិតិស្ស (Lajjitissa) 119-109 B.C. បានកសាងទីសម្រាប់ដម្កល់វត្ថុបូជាពីថ្មបាយម៉ាប ៣ កន្លែង ។ ព្រះបាទ​មហា​ទថា​កិមហានាគ (Maha​dathika​​ Maha​naga) បានកសាងផ្នែកជុំវិញ នៃ ទីធ្លាពីថ្មសំប៉ែត ។ ពល្លាថនាគ (Ballā​thanāga)​ បាន កសាងកំផែងខ្សាច់ (Valima​luwa) ចំណែកព្រះបាទ មហាបរក្រាមពាហុ (Para​krama​bāhu the Great) បាន​កែលម្អព្រះចេតិយជាថ្មីឡើងវិញ ។

ថូបារាមចេតិយ Thuparama Cetiya ព្រះមហិន្ទត្ថេរ បាននាំព្រះពុទ្ធសាសនាបែបថេរ​វាទ​ និងចេតិយសម្រាប់បូជាមកកាន់ប្រទេសស្រីលង្កាដោយខ្លួនព្រះអង្គ​ឯង ។ នៅ​ពេល​ដែល ព្រះមហិន្ទត្ថេរបានស្នើសុំឱ្យព្រះបាទ ទេវានម្បិយតិស្ស កសាងព្រះចេតិយ សម្រាប់ជាទីសក្ការបូជាព្រះអង្គ ក៏បាន​ឱ្យ​កសាង ថូបារាមចេតិយនេះឡើង ហើយ​បានដម្កល់​ព្រះអក្ខ​ក​ធាតុ គឺ ឆ្អឹងដង​កាំបិតខាងស្តាំ (Collar​bone) របស់ព្រះពុទ្ធជាម្ចាស់ ហើយចេតិយ នេះគេចាត់ទុកថា ជាចេតិយដ៏ដំបូងគេបង្អស់ដែល បានកសាងឡើង ក្នុងប្រទេសស្រីលង្កា បន្ទាប់ពី ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកក្នុងប្រទេស​នេះ នៅ ស.វ.ទី ៣ មុនគ្រិស្ត (B.C.)​ ។ ចេតិយនេះ គេបានកសាងជារាងពំនូកស្រូវ ។ ក្នុងរាជរបស់ព្រះបាទអគ្គពោ (Agbo) II ចេតិយនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ ហើយបានកសាងជាថ្មីឡើងវិញ ។ ព្រះចេតិយដែលមាននៅ​សព្វថ្ងៃនេះ គឺ ជាចេតិយដែលបានកសាងនៅក្នុង គ.ស. ១៨៦២​ ។ ដូចជាចេតិយបច្ចុប្បន្ននេះ គឺជា ចេតិយ​បន្ទាប់ ពីការកសាងឡើងវិញក្នុងជាច្រើន សត​វត្សរ៍ ​។ ចេតិយ​នេះ មានទំហំអង្កត់ផ្ចិត ខាងក្រោម ១៨ ម៉ែត្រ ។ តួព្រះចេតិយ មានកំពស់ ៣.៥ ម៉ែត្រ ពីដី ។ បរិវេណ​ជុំវិញក្រាលដោយ ថ្មពណ៌​ប្រផេះ ​ហើយ​មាន​សសរ​ថ្មពីរ​ជួរ​ព័ទ្ធជុំវិញ​ចេតិយ ។ សរសរ​ថ្មទាំងនោះកសាងឡើង សម្រាប់ទ្រ​ដំបូលព្រះចេតិយ ដែលបានបង្ហាញ​ឱ្យឃើញ​នូវរចនា​បថ​ចេតិយ​ឃរៈ​ យ៉ាងពិតប្រាកដ ។

លោហៈមហាប្រាសាទ Lovamahapaya ស្ថិតនៅចន្លោះ សុវណ្ណមាលិកចេតិយ និងស្រីមហាពោធិ៍ ។ បូជនីយដ្ឋាននេះមានឈ្មោះថា លោហៈប្រាសាទឬប្រាសាទដែលធ្វើដោយលោហៈ ។ ក្នុងសម័យ​បុរាណ​ អាគារ​មានទាំងរោងបាយ និងរោងឧបោសថ ។ រោង​​ឧបោ​សថ​ មាន​បញ្ចុះសីមាដែលជាកន្លែងសម្រាប់ព្រះសង្ឃសម្តែងព្រះបាតិមោក្ខ ។ រាល់កន្លះខែម្តង ភិក្ខុសង្ឃត្រូវប្រជុំគ្នាស្តាប់អាណាបាតិមោក្ខនេះ ។ លោហៈប្រាសាទដែលមាន​ឈ្មោះដ៏ល្បីល្បាញនេះ បានកសាងឡើងដោយព្រះបាទ ទុដ្ឋគាមិនីអភ័យ មានចំនួន ៩ ជាន់ ។ អាគារម្ខាងៗ មានបណ្តោយ ១២២ ម៉ែត្រ ។ ដំបូលដែលប្រក់ដោយ លោហៈធាតុនេះឈ្មោថា លោហៈប្រាសាទ មានសសរ​ចំនួន​៤០ ជួរ ​មួយ​ជួរមានសសរ ៤០ ដើម ដូច្នេះសរុបទាំងអស់ មានចំនួន ១៦០០ ដើម ដែលគេកសាងសម្រាប់​ទ្រអាគារ ​។ លោហៈ​មហាប្រាសាទ កសាងអស់រយៈកាល ៦ ឆ្នាំ តាមគំរូនាំ​មក​ពីស្ថានតាវតឹង្ស ។ នៅក្នុងរាជ្យ​របស់ព្រះបាទ សទ្ធាតិស្សៈ ​លោហប្រាសាទ​ត្រូវបានគេបំផ្លាញខ្ទេចខ្ទី ។

អភយគីរីចេតិយ Abhayagiri Dagaba ព្រះបាទ វដ្តគាមិនីអភ័យ បានឡើងសោយ រាជ្យក្នុង ស.វ.ទី ១ B.C. (១០៣ មុនគ្រិស្ត) ហើយ ចាញ់សង្គ្រាមដោយស្នាដៃពួកទមិឡ ។ នៅពេល ព្រះអង្គបានរត់ភាសន៍ព្រះកាយឆ្លងកាត់ វត្តអភ័យគីរី និគ្រន្ថឈ្មោះ គិរី (Nigantha Giri) បានជេរប្រមាថ មើលងាយព្រះអង្គ ។ ក្រោយមកព្រះអង្គបាន ប្រមូល​កងទ័ពប្រឆាំងតទល់នឹងពួកទមិឡ ហើយទ្រង់ទទូលបានជ័យជំនះក្នុងសង្គ្រាម ដោយបានសម្លាប់មេដឹកនាំរបស់ពួកគេ រួចហើយព្រះអង្គបាន ឡើងគ្រងរាជសារជាថ្មីវិញនៅក្នុងឆ្នាំ​ ៨៨ B.C.។ តាមកំណត់ត្រាប្រវត្តិសាស្ត្របញ្ជាក់ថា ព្រះអង្គ បានវាយកំទេចវត្ត​របស់ពួកនិគ្រន្ថចោល ហើយកសាងវត្តអភ័យគីរីឡើងវិញ ត្រង់បរិវេណដដែលនោះឯង បន្ទាប់មកព្រះអង្គទ្រង់ក៏ប្រគេនវត្តនោះ ដល់ព្រះ​​តិស្ស​ត្ថេរ (Tissa​t​t​​hera) ។ ដោយសាររឿង​នេះ កើតឡើងជាបន្តបន្ទាប់ មកភិក្ខុសង្ឃជាច្រើនអង្គនៅក្នុងមហាវិហារ ក៏បានចោទប្រកាន់ព្រះតិស្សត្ថេរ ដែលបានកំពុងគង់នៅ អភ័យគិរី​នោះ ដោយការប្រព្រឹត្តកន្លងព្រះវិន័យមួយចំនួន ហេតុនេះឯងហើយ ដែលនាំឱ្យអភ័យគិរីភិក្ខុបែកជានិកាយផ្សេងមួយ​ទៀត ពីមហាវិហារ ។ យើងអាចសង្កេតឃើញព្រឹត្តិការណ៍សំខាន់ៗពីរ នៅក្នុងរាជ្យរបស់ព្រះបាទវដ្តគាមិនីអភ័យ គឺៈ មួយ​គឺ ការប្រេះឆាគ្នារវាងព្រះភិក្ខុ​សង្ឃ នៅវត្តអភ័យ​គិរីវិហារ និងមហាវិហារ និង ពីរ​គឺ ការចារគម្ពីរព្រះពុទ្ធវចនៈទាំងអស់ ក្នុងសាស្ត្រា​ស្លឹករឹត ដំបូង​បង្អស់នៃ​ព្រះពុទ្ធសាសនាថេរវាទ ។ ក្នុងអភ័យគិរីវិហារ មានភិក្ខុសង្ឃ ជាពហុសូត្រចំនួន ៥០០០ អង្គ និង​បណ្ណាល័យមួយយ៉ាងធំទូលាយ នៅពេលដែល វត្តមហាវិហារមានត្រឹមតែ ៣០០០ អង្គ ។ ក្នុងកំឡុងរាជរបស់ព្រះបាទ វោហារតិស្សៈ (Vohara​tissa)​ និង​គោថា​ភាយា (Gothabhaya) បណ្ណាល័យនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទី ហើយព្រះភិក្ខុសង្ឃអ្នកទ្រទ្រង់​ព្រះពុទ្ធវចនៈក៏បាននិមន្តភាសព្រះកាយទៅឆ្ងាយ ។ ព្រះបាទ បរក្រាមពាហុ បាន​ស្ថាបនា​ កសាង​វត្តអភ័យគិរីវិហារនេះ សារជាថ្មីមានកំពស់ ១៤០ ហត្ថ (៧២ ម៉ែត្រ) ក្នុងឆ្នាំ ១៨៧៥ មានអង្កត់ផ្ចិតខាងក្រោម ៩៤ ម៉ែត្រ និងកំពស់ ៧២ ម៉ែត្រ ហើយ​​ព្រះ​សារីរិកធាតុ បាន​ដម្កល់​ទុក​ក្នុងរូប​គោធ្វើ​​ដោយ​មាស យ៉ាងក្រាស់ ។

~ វត្តជេតវនារាម Jetavanarama 
~ មិរិស្សវេតិចេតិយ 
~ លង្ការាម Lankarama 
~ វត្តឥស្សុរុមុនី Isuruminiya 
~ មង្គលឧទ្យាន Mangul Uyana 
~ វេស្សគីរី Vessagiri 
~ រតនប្រាសាទ Ratana Prasada 
~ ទក្ខិណចេតិយ Dakkhina Stupa 
~ សេលចេតិយ Sela Cetiya 
~ ស្រះភ្លោះ Kuttam Pokuna 
~ ព្រះពុទ្ធរូបសមាធិ Samadhi Buddha 
~ ព្រះពុទ្ធអាវូកនៈ Avukana Buddha 
~ បូជនីយដ្ឋានមិហិន្ទលេ Mihintale
~ មន្ទីរពេទ្យ The Hospital 
~ កន្តកចេតិយ Kantaka Cetiya 
~ អំពីរោងបាយ The Refectory 
~ អម្ពស្ថាលចេតិយ Ambasthāla Dagaba 
~ គុហារបស់ព្រះមហិន្ទត្ថេរ 
~ មហាស្តូប Maha Stupa 
~ អារាធនា គលៈ Aradhana Gala 
~ នាគបោកុណៈ Naga Pokuna 
~ កាឡុទីយបោកុណៈ Kaludiya Pokuna 

ប៉ូឡូណ្ណារុវៈ Polonnaruwa 
~ វិហារថ្ម  Galvihara 

ទីក្រុងឃេនឌី 
~ ព្រះរាជវាំងព្រះចង្កូមកែវ Dalada Palace 
~ អាលុវិហារ 
~ យ៉ាបហុវៈ និង ទម្ពាទេនិយ Yapahuwa and Dambadeniya 
~ ទម្ពូល្លៈ Dambulla 
~ ភ្នំសីគីរី Sigiriya 
~ បូជនីយដ្ឋានក្នុងខេត្តភាគខាងត្បូង 
~ បូជនីយដ្ឋានខេត្តភាគខាងជើង 
~ ព្រះចេតិយ ទីឃវាបិ Dighavapi Dagaba 
~ ស្រីបាទ Sri Pada (ភ្នំមេអំបៅ) 
~ វត្តកល្យាណី 
~ កាលុត្តរចេតិយ ឬព្រះចេតិយប្រហោង 
~ វត្តពេល្លង្វិលៈ 
~ ស្ថានទីប្រតិស្ថានកូនពោធិព្រឹក្ស ៤០ដើម 
~ បូជនីយដ្ឋានសំខាន់ៗ ទាំង ១៦ កន្លែង ៕

ដោយភិក្ខុ ធម្មបជ្ជោតោ  វ៉ាត  ចំរើន

ប្រភពៈ ហ្វេសប៊ុក វត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ដោយ៥០០០ឆ្នាំ

ស្កែនយកតំណ
ប្រវត្តិពុទ្ធសាសនានៅប្រទេសស្រីលង្កា
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៨ ដង)
ឧបសគ្គគឺជាជណ្តើរនៃជីវិត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ៣១៥ ដង)
ប្រវត្តិសាស្រ្តនៃការបាត់បង់ភិក្ខុនី ការបន្តវង្សភិក្ខុនី និងស្ថានភាពភិក្ខុនីក្នុងយុគសម័យបច្ចុប្បន្ន
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ៣៥,៤៤៤ ដង)
ក្នុងសិក្ខាបទ នច្ចគីតវាទិតវិសូកទស្សនៈ
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៤៨ ដង)
ភាពឆ្លាតវៃដែលខ្វះគុណធម៌ មិនមែនជាបញ្ញាទេ តែវាគ្រាន់តែជាល្បិចកលដែលប្រើសម្រាប់បំផ្លាញខ្លួនឯងតែប៉ុណ្ណោះ
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៥៩ ដង)
ដើមឈើដែលមានជីវិតចំណាស់ជាងគេបំផុតក្នុងលោក
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៦ (អាន: ២០,៤៨៣ ដង)
ធម៌នាំឲ្យវិនាស១២យ៉ាង (បរាវភសូត្រ)
ផ្សាយ : ១៤ កញ្ញា ឆ្នាំ២០២៦ (អាន: ១៦១ ដង)
ប្តូរសេចក្តីសុខតូច ដើម្បីសេចក្តីសុខដ៏ធំ
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៨១ ដង)
មេរោគបង្កប់ខ្លួនយ៉ាងជ្រៅដែលរង់ចាំការគាស់រំលើង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.36
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿