អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៣១២ ដង)
រឿងសច្ចកនិគ្រន្ថ

|
រឿងសច្ចកនិគ្រន្ថ
( ចាក ម. មូ. ) ( បុណ្យព្រេងដែលបានសាងហើយ ដល់កំណត់កាលទើបឲ្យផល ) បានឮថា ក្នុងក្រុងវេសាលី មាននិគ្រន្ថម្នាក់ឈ្មោះសច្ចក ឬអគ្គិវស្សន ជាអ្នកបង្រៀនសិល្ប៍សាស្ត្រដល់ព្រះរាជកុមារ ពេលនោះគាត់ភ័យជាខ្លាំងដោយគាត់យល់ឃើញថា ផ្ទៃពោះរបស់គាត់មុខជាធ្លាយ ពោរពេញប្រៀបទៅដោយបញ្ញាដ៏លើសលប់ ក៏យកបន្ទះដែកមករុំជិតទើបដើរទៅ ។
ថ្ងៃមួយគាត់ចូលទៅក្រាបបង្គំគាល់ព្រះសាស្តា ក៏បានចូលស្តាប់ចូឡសច្ចកសូត្រ ទើបត្រឡប់ទៅផ្ទះទៅ ។ ថ្ងៃក្រោយមកស្តាប់ មហាសច្ចកសូត្រ ពីព្រះអង្គទៀត និគ្រិន្ថនោះ សូម្បីបានស្តាប់សូត្រទាំងពីរចប់ដោយសព្វគ្រប់ក៏ដោយ នៅតែមិនបានត្រាស់ដឹងមិនបានបួស មិនបានតាំងចិត្តតាំងខ្លួនឲ្យនៅស្ងប់ក្នុងសាមណៈសោះ ។ អើ! គួរឆ្ងល់ណាស់ ព្រះមានព្រះភាគទ្រង់សំដែងប្រោសនិគ្រន្ថនោះធ្វើអ្វី ? បើស្តាប់ហើយមិនបានសំរេចគុណវិសេសបន្តិចបន្តួចសោះ មានតែការនឿយលំបាកប៉ុណ្ណោះ ។ បានជាទ្រង់សំដែងប្រោសនិគ្រិន្ថនោះ ព្រោះឃើញច្បាស់នូវវាសនា របស់គាត់ក្នុងអនាគតកាល ដោយវិចារណញ្ញាណរបស់ព្រះអង្គថា ពិតតែឧបនិស្ស័យរបស់គាត់គ្មានក្នុងកាលឥឡូវនេះមែន ប៉ុន្តែតថាគតបរិនិព្វានទៅបាន ២១៨ឆ្នាំ សាសនានឹងប្រតិស្ឋាននៅក្នុងតម្តបណ្ណិទ្វីប ( កោះលង្កា ) ហើយគាត់បានកើតក្នុងត្រកូលមួយនា តម្តបណ្ណិទ្វីបនោះ លុះកាលដ៏សមគួរដល់គាត់ ៗ នឹងចេញទៅបួសខំរៀនសូត្រព្រះត្រៃបិដក ហើយចំរើនវិបស្សនានឹងបានសម្រេចព្រះអរហត្ត ព្រមទាំងបដិសម្ភិទាទាំង៤ ជាមហាខីណាស្រពឈ្មោះ កាឡពុទ្ធរក្ខិត ជាពិត ។ ទើបសំដែងសូត្រទាំងពីរនោះប្រោស ។ ពិតដូច្នោះមែន លុះសាសនាមកប្រតិស្ឋានក្នុងតម្តបណ្ណិបទ្វីប គាត់ច្សុតចាកទេវលោកមកកើតក្នុងត្រកូលអាមាត្យម្នាក់ នាភិក្ខាចារគ្រាមនៃវត្តឈ្មោះ ទក្ខិណាគិរី ពេលមានកាលដ៏សមគួរគាត់ក៏ចេកចេញទៅបួស រៀនសួត្រព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដកចេះចាំសព្វគ្រប់ ក៏បង្រៀនភិក្ខុសង្ឃជាច្រើន ។ ថ្ងៃមួយភិក្ខុនោះថ្វាយបង្គំទៅវិញ លុះភ្លឺស្រាងៗ ក៏ចូលទៅគាល់សួរថា បពិត្រព្រះឧបជ្ឈាយ៍ដ៏ចំរើន លោកម្ចាស់មិនស្តីនិយាយរកខ្ញុំព្រះករុណាដែលធ្វើនូវការរៀនសូត្រហើយមក តើខ្ញុំព្រះករុណាមានទោសដូចម្តេច ? ព្រះថេរៈប្រាប់ថា នែអាវុសោពុទ្ធរក្ខិត អ្នកកុំសំគាល់ថា បព្វជិតកិច្ចរបស់អញដល់នូវទីបំផុតដោយហេតុប៉ុណ្ណោះឲ្យសោះ ។ បពិត្រព្រះឧបជ្ឈាយ៍ដ៏ចំរើន តើខ្ញុំព្រះករុណាធ្វើដូចម្តេចទៀត ។ អ្នកលះបង់នូវគណៈ ហើយរំលាយចោលនូវកិលេស ជាគ្រឿងនាំសត្វឲ្យយឺតយូរចេញ ហើយធ្វើសមណធម៌ទៅ ។ ភិក្ខុនោះឋិតនៅក្នុងឪវាទរបស់ព្រះឧបជ្ឈាយ៍ដ៏ចំរើននោះហើយ ធ្វើតាមដោយសព្វគ្រប់ ក៏បានសម្រេចព្រះអរហត្ត ព្រមទាំងបដិសម្ភិទាក្នុងពេលនោះឯង ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះបានដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ភាគទី២ ។ ដោយ៥០០០ឆ្នាំ |