images/articles/1430/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៨៩៦ ដង)
សន្សំថាមពល
ដង្កូវមុននឹងទៅជាមេអំបៅ វាត្រូវសន្សំកម្លាំងថាមពលទុកឲ្យច្រើន ដើម្បីនឹងបានប្រើប្រាស់នូវកម្លាំងនោះក្នុងពេលដែលត្រូវប្តូរផ្លាស់រាងកាយទៅជាមេអំបៅដ៏ស្រស់ស្អាត។
ក្ដាមនៅពេលសកហើយ វាត្រូវសន្សំកម្លាំងទុកដើម្បីឲ្យបានទៅជាស្នូកដែលរឹងក្នុងដំណើរជីវិតរបស់ខ្លួន។
ធម្មជាតិនៃសត្វទាំងពីរមុននេះ ដាស់តឿនឲ្យយើងដឹងថា
ការប្តូរផ្លាស់ទៅកាន់ភាពរឹងប៉ឹង និងល្អប្រសើរបាននោះ គឺមនុស្សយើងត្រូវ
images/articles/1432/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៨០៥ ដង)
មាននិទានមាន់ព្រៃជល់គ្នា កាលជល់គ្នាមួយសន្ទុះធំមក ក៏ដឹងចាញ់ឈ្នះ មាន់ដែលចាញ់ក៏រត់គេចបាត់ទៅ ចំណែកមាន់ដែលឈ្នះក៏សប្បាយចិត្ត ទទះស្លាបនិងសម្ដែងអាកប្បកិរិយាផ្សេងៗ បង្អួតមាន់មេដែលនៅក្បែរនោះទៀតផង រួចហើយក៏ហើរទៅទំលើដំបូកខ្ពស់ ស្រែករងាវប្រកាសពីជ័យជម្នះរបស់ខ្លួន ។ពេលនោះ មានសត្វឥន្ទ្រីដ៏ធំមួយបានហើរបោះពួយមកឆាបយកមាន់ដែលជាអ្នកឈ្នះនោះទៅធ្វើជាអាហារដ៏ឆ្ងាញ់មួយរំពេចទៅ។
រឿងមាន់ព្រៃដែលជល់ឈ្នះគេនេះបានអប់រំមនុស្សយើងយ៉ាងល្អ គឺពេលដែលយើងបានជួបប្រសព្វនូវសេចក្ដីសម្រេចក្នុងកិច្ចការយ៉ាងណាមួយ យើងមិនត្រូវអួតក្អេងក្អាង លើកតម្កើនខ្លួនឯងនោះឡើយ ព្រោះការអួតក្អេងក្អាង វានាំឲ្យដូចរឿងនិទានពីមាន់ព្រៃ ដែលជល់ឈ្នះគេនោះឯង ។ក្នុងលោកនេះ អ្នកដែលបានដល់នូវសេចក្ដីសម្រេចរមែងជាទីតាំងនៃការសម្លឹងមើលនៃអ្នកដទៃ ដ៏យ៉ាងច្រើនដូច្នេះ យើងគួរតែទន់ភ្លន់ បន្ទន់បន្ទាបខ្លួន ទើបអាចរស់នៅបានយូរតទៅ ហើយក៏រមែងមាននូវមិត្តភក្តិច្រើន ឯសត្រូវវិញបើមានក៏តិចតួចប៉ុណ្ណោះ។
មានព្រះពុទ្ធភាសិតមួយឃ្លា បានសម្ដែងទុកមកថា << ឈ្នះខ្លួនឯងប្រសើរជាង >> ។ម្យ៉ាងទៀត សត្វឥន្ទ្រីក្នុងរឿងនិទាននេះ ជាឈ្មោះនៃកិលេសមារ។
សត្វស្លាប់ដោយសារសាច់
កាមគុណផ្ដាច់ជីវិតមនុស្ស។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1434/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៤៥,៩៤៣ ដង)
មាននិទានមាន់ព្រៃជល់គ្នា កាលជល់គ្នាមួយសន្ទុះធំមក ក៏ដឹងចាញ់ឈ្នះ មាន់ដែលចាញ់ក៏រត់គេចបាត់ទៅ ចំណែកមាន់ដែលឈ្នះក៏សប្បាយចិត្ត ទទះស្លាបនិងសម្ដែងអាកប្បកិរិយាផ្សេងៗ បង្អួតមាន់មេដែលនៅក្បែរនោះទៀតផង រួចហើយក៏ហើរទៅទំលើដំបូកខ្ពស់ ស្រែករងាវប្រកាសពីជ័យជម្នះរបស់ខ្លួន។
ពេលនោះ មានសត្វឥន្ទ្រីដ៏ធំមួយបានហើរបោះពួយមកឆាបយកមាន់ដែលជាអ្នកឈ្នះនោះទៅធ្វើជាអាហារដ៏ឆ្ងាញ់មួយរំពេចទៅ។
រឿងមាន់ព្រៃដែលជល់ឈ្នះគេនេះបានអប់រំមនុស្សយើងយ៉ាងល្អ គឺពេលដែលយើងបានជួបប្រសព្វនូវសេចក្ដីសម្រេចក្នុងកិច្ចការយ៉ាងណាមួយ យើងមិនត្រូវអួតក្អេងក្អាង លើកតម្កើនខ្លួនឯងនោះឡើយ ព្រោះការអួតក្អេងក្អាង វានាំឲ្យដូចរឿងនិទានពីមាន់ព្រៃ ដែលជល់ឈ្នះគេនោះឯង។
ក្នុងលោកនេះ អ្នកដែលបានដល់នូវសេចក្ដីសម្រេចរមែងជាទីតាំងនៃការសម្លឹងមើលនៃអ្នកដទៃ ដ៏យ៉ាងច្រើនដូច្នេះ យើងគួរតែទន់ភ្លន់ បន្ទន់បន្ទាបខ្លួន ទើបអាចរស់នៅបានយូរតទៅ ហើយក៏រមែងមាននូវមិត្តភក្តិច្រើន ឯសត្រូវវិញបើមានក៏តិចតួចប៉ុណ្ណោះ។
មានព្រះពុទ្ធភាសិតមួយឃ្លា បានសម្ដែងទុកមកថា << ឈ្នះខ្លួនឯងប្រសើរជាង >> ។
ម្យ៉ាងទៀត សត្វឥន្ទ្រីក្នុងរឿងនិទាននេះ ជាឈ្មោះនៃកិលេសមារ។
សត្វស្លាប់ដោយសារសាច់
កាមគុណផ្ដាច់ជីវិតមនុស្ស។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1436/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៧០៧ ដង)
ជីវិតមនុស្សយើង ក៏ដូចជារថយន្តមួយគ្រឿងដែលគេផលិតមកប្រើអ៊ីចឹងឯង បើថែរក្សាបានល្អក៏រមែងគង់វង្សនៅបានយូរ ។រថយន្តត្រូវការល្បឿន រីឯមនុស្សក៏ត្រូវការឈានទៅមុខ។ មនុស្សយើងដែលអាចឈានទៅមុខបាន គឺត្រូវតែជាមនុស្សដែលពិតប្រាកដក្នុងការងារ មិនឡេះឡោះធ្វើអ្វីៗ គឺធ្វើយ៉ាងពិតមែនទែន មិនទម្រន់ មិនរួញរា ស្មោះត្រង់នឹងការងារស្មោះត្រង់នឹងខ្លួនឯង ព្រមទាំងស្មោះត្រង់នឹងអ្នកដទៃ។
រថយន្តត្រូវតែបញ្ឈប់ឲ្យបានទាន់ពេល នៅពេលមានឧបសគ្គ ឬភ្លើងក្រហមជាដើម រីឯមនុស្សយើងវិញក៏ត្រូវតែបញ្ឈប់ នៅពេលដែលគួរឈប់ ត្រូវមានសតិរក្សាចិត្តរបស់ខ្លួន បញ្ឈប់អបាយមុខ គ្រឿងស្រវឹងគ្រឿងញៀន បញ្ឈប់អំពើទុច្ចរិត និងហាមចិត្តបញ្ឈប់សេចក្ដីខឹងក្រោធជាដើម ។រថយន្តជីវិត បើមិនឈប់ឲ្យបានទាន់ពេលទេ វារមែងមានគ្រោះថ្នាក់ជាពិតប្រាកដ នាំទុក្ខនាំទោសឲ្យដល់អ្នកដទៃ ពេញទឹកពេញដីពេញផ្ទៃនគរទៀតផង។
រថយន្តត្រូវការដូរប្រេងម៉ាស៊ីនជាដើម ដើម្បីឲ្យម៉ាស៊ីនដំណើរការបានស្រួល រីឯមនុស្សក៏ត្រូវចេះលះបង់ បែងចែកទ្រព្យសម្បត្តិ កម្លាំងកាយ កម្លាំងបញ្ញា តាមដែលអាចប្រព្រឹត្តទៅបាន ដែលអាចឲ្យជីវិតរស់នៅយ៉ាងមានសេចក្ដីសុខ។
ចំពោះការប្រើរថយន្ត ត្រូវចេះ និងគោរពច្បាប់ចរាចរ វិន័យក្នុងការបើកបរ សូម្បីតែភ្លើងបៃតងហើយ ក៏មិនត្រូវទៅទាំងមិនមើលឆ្វេងស្ដាំនោះឡើយ យ៉ាងណាដំណើរជីវិតក៏ដូចគ្នា ត្រូវចេះដឹងនិងអនុវត្តនូវច្បាប់សង្គម បើមិនដូច្នោះទេ ជីវិតនឹងជួបនូវគ្រោះថ្នាក់ពុំខាន សូម្បីត្រូវនឹងច្បាប់អនុញ្ញាតហើយក៏ដោយ ក៏ត្រូវមានស្មារតីប្រយ័ត្នប្រយែង កុំឲ្យទាស់ទែងនឹងអ្នកដទៃផងដែរ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1440/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៣,៣៦៥ ដង)
គំនិតកូនល្អ
គំនិតកូនល្អ គុណរបស់មាតាបិតាប្រៀបជាមួយរបស់សុទ្ធតែធំៗឬធ្ងន់ៗដូចជាផែនដី ភ្នំព្រះសុមេរុ ឬ លំហរអាកាសសមុទ្រជាដើម ជីវិតយើងជាកូនត្រូវបានសម្ព័ន្ធគ្នាជាមួយមាតាបិតា ដែលជាបុគ្គលមុនដំបូងបង្អស់ និង ជាបុព្វការីរបស់កូនប្រុសស្រី ដូច្នេះទើបយើងត្រូវនឹករលឹកដោយគំនិតល្អថា តើយើងត្រូវជាកូនត្រូវតបស្នងសងគុណលោកវិញយ៉ាងណា?
images/articles/1158/texsdfasfawsdf34523d-1.gif
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៨៦,៩៨៤ ដង)
វត្តឧណ្ណាលោម ជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ហើយក៏ជាវត្តមួយដ៏ចំណាស់ផងដែរ ។ បើតាមពាក្យ ឧណ្ណា (មានន័យថា 'ប្រជុំចិញ្ចើម') + លោម (មានន័យថា 'រោម') សរុបគឺ រោមប្រជុំចិញ្ចើម ។
នៅក្នុងវត្តនេះមានចេតិយដាក់ព្រះឧណ្ណាលោមរបស់ព្រះថេរមួយព្រះអង្គ វាបានពាក់ព័ន្ធក្នុងប្រវត្តិសាស្ត្រកាលពីជំនាន់ចម្បាំងស្ដេចកន និងចៅពញាចន្ទរាជា ។
images/articles/887/sdfgr342d-1.gif
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ២០,៨១០ ដង)
"គល់ទទឹង" មានព្រឹត្តិការណ៍យ៉ាងដូចមេ្តច?
បើយោងប្រសាសន៍តាមការចងចាំរបស់ចាស់ៗ ដែលខ្ជិលកត់ត្រាទុកឲ្យដឹងថា បានជាហៅថា " គល់ទទឹង " ពីព្រោះកាលនោះ មានឈើមួយដើមធំរលំកាត់ទទឹងអូរមួយ ដែលនាំទឹកឆ្លងទៅមក រវាងបឹងខ្វែង និងបឹងអូរក្រហម ។
images/articles/1160/texvdfgd45td-1.gif
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៧៤,៣៧៩ ដង)
វត្តបុទមវត្តី ហៅ វត្តបុទម ត្រូវបានកសាងឡើងដោយព្រះបាទពញ្ញាយ៉ាត (១៤០៥ - ១៤៦៧) នៅសតវត្សទី១៥ មានទីតាំងស្ថិតនៅភាគខាងត្បូងព្រះបរមរាជវាំង។
វត្តនេះជាវត្តដ៏ចំណាស់មួយ ក្នុងចំណោមវត្តចាស់ៗ ចំនួន៥ក្នុងទីក្រុងភ្នំពេញ ដែលមានដើមកំណើតតាំងសម័យបុរាណ។ វាក៏ត្រូវបានគេស្គាល់ថាជាវត្តបទមផ្កាឈូកផងដែរ ពីព្រោះកាលពីដើម កន្លែងនេះជាកោះតូចមួយព័ទ្ធជុំវិញដោយបឹងផ្កាឈូក ។
images/articles/3022/Unti443622tled-1.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៥,៣១៤ ដង)
វត្តឯកឧត្តមមានជ័យមានទីតាំងនៅក្នុងខេត្តតាកែវ ។ វត្តឯកឧត្តមមានជ័យនេះជាវត្តមួយដែលមានចំណាត់ថ្នាក់ថាគឺជាវត្តដែលស្អាតជាងគេនៅក្នុងខេត្តតាកែវ។
នៅក្នុងវត្តឯកឧត្តមមានជ័យព្រះវិហាដ៏ស្អាតគួរឱ្យចាប់អារម្មណ៍។ ព្រះវិហាដ៏ស្រស់ស្អាតនោះ ធ្វើការសាងសង់ឡើងដោយប្រើរចនាបទបន្ទាយស្រី។
ភាពទាក់ទាញរបស់ព្រះវិហា គឺព្រោះតែការប្រើក្បាច់ចម្លាក់ផុសអណ្តែតនៅតាមជញ្ជាំងព្រះវិហារ និងតាមសរសរនីមួយៗទាំងក្នុងនិង ក្រៅព្រះវិហារ។
វត្តឯកឧត្តមានជ័យ មានរូបចម្លាក់ធំៗ និងស្រស់ស្អាតជាច្រើន។
នៅពីមុខព្រះវិហារលោកអ្នកនឹងឃើញមានចម្លាក់ដំរីដ៏ធំមួយគូ ចម្លាក់នោះទាំងពណ៌និងទឹកដៃនៃការឆ្លាក់បង្ហាញពីភាពរស់រវើក មើលមួយក្រលែកភ្នែកដូចជាសត្វដែលកំពុងមានជីវិតពិតអ៊ីចឹង។
រីឯនៅខាងក្រោយចម្លាក់ដំរីនោះទៀត ក៏មានចម្លាក់ហង្សដ៏ធំមួយគូផងដែរ ដែលកំពុងឈរសំញែងបង្ហាញរិទ្ធិនៅលើឆ័ត្ររួតបីជាន់ បង្ហាញពីអំណាចបារមីរបស់ព្រះវិហា គួរជាទីគោរពបូជា។
នៅក្នុងបរិវេណវត្តដ៏ស្ងប់ស្ងាត់នេះ ក៏ដូចជានៅមុខទីធ្លារបស់ព្រះវិហាដ៏ស្រស់ស្អាតនេះដែរ មានដាំផ្កាផ្ញីអមលម្អរចម្លាក់ឆ្នាំទាំង១២ផងដែរ ចម្លាក់ទាំង១២នេះ ចម្លាក់នីមួយៗមានទំហំធំៗ ស្អាត និងរស់រវើក។
ឯចម្លាក់ទេពប្រណំធំៗប៉ុនមនុស្ស ដែលកំពុងឈរប្រណំសំពះនៅពីមុខព្រះវិហាជាច្រើននេះក៏កាន់តែស្រស់ស្អាត សម្រស់ចម្លាក់ប្រៀបបានដូចជាទេពអប្សចុះពីសួរគា។
ប្រសិនបើលោកអ្នកឈរនៅពីមុខព្រះវិហារ គន់មើលឱ្យចំទៅព្រះវិហារតែម្តង លោកអ្នកអាចចាប់អារម្មណ៍ឃើញក្លោងទ្វារធំនិងកំពូលព្រះវិហារ មិននៅរត់ជួរគ្នាដូចវិហារដ៏ទៃឡើយ រីដំបូលព្រះវិហារមានការប្រើម៉ូតប្លែកពីគេ ម្ខាងវែងហើយម្ខាងទៀតខ្លី ចំណែកនៅតាមជញ្ជាំងខាងក្រៅ និងសរសរនីមួយៗនៃព្រះវិហានេះមានរចនាទៅដោយចម្លាក់ផុសតាមក្បាច់នៃរចនាបទ ស្រស់ស្អាតគួរជាទីគាប់ភ្នែក នៅខាងក្នុងព្រះវិហាតាមជញ្ជាំងនិងដំបូលមានគំនូរជាច្រើន គំនូនីមួយៗសុទ្ធតែជារូបភាព និងអក្សរនិទានដំណាលរឿង តាំងពីសម័យព្រះពុទ្ធទ្រង់តាំងនៅ នៅក្នុងព្រះវិហារដ៏ស្រស់ស្អាតនេះក៏មានចម្លាក់ព្រះពុទ្ធរូបតម្តល់ សម្រាប់ជាទីគោរពបូជានៃពុទ្ធសាសនិកជនទាំងពួងផងដែរ។
លោកអ្នកដែលចាប់អារម្មណ៍ពីសម្រស់វត្តឯកឧត្តមមានជ័យអាចមកទស្សនា និងគោរពបូជាដោយផ្ទាល់បាន។ វត្តឯកឧត្តមានជ័យមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតអង់តាសោម នៅក្នុងខេត្តតាកែវនេះតែម្តង។
ដោយ៥០០០ឆ្នាំ
images/articles/3204/etytuyiyujgy7778.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៣,១១៧ ដង)
ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះអរកៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ឯគ្រូឈ្មោះអរកៈ មានសាវកច្រើនរយ។ គ្រូឈ្មោះអរកៈ រមែងសំដែងធម៌ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ ជីវិតពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្ត នូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។
ម្នាលព្រាហ្មណ៍ ប្រៀបដូចដំណក់ទឹកសន្សើម លើចុងស្មៅ ដល់ព្រះអាទិត្យរះឡើង ក៏ត្រឡប់បាត់វិញឆាប់រហ័ស ជារបស់មិនឋិតថេរនៅយូរយារបាន យ៉ាងណា ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចដំណក់ទឹកសន្សើម យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តនូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា សត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ប្រៀបដូចភ្លៀង មានដំណក់ដ៏ថ្លោស ធ្លាក់ចុះមក ក្រពេញទឹក ក៏ត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានសេចក្តីទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀនដូចជាក្រពេញទឹក យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ប្រៀបដូចស្នាមគំនូសដម្បងលើទឹក តែងត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី… ប្រៀបដូចជាស្នាមគំនូសដម្បងលើទឹក យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។
ម្នាលព្រាហ្មណ៍ ប្រៀបដូចស្ទឹងហូរពីភ្នំ ហូរទៅកាន់ទីឆ្ងាយ មានខ្សែទឹករហ័ស អាចនាំ ទៅនូវរបស់ដែលគួរនាំទៅបាន គ្មានកំណត់កាល កំណត់វេលា កំណត់យាមឡើយ ព្រោះស្ទឹងនោះ ចេះតែទៅ ចេះតែប្រព្រឹត្តទៅ ចេះតែហូរទៅបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចជាស្ទឹងហូរពីភ្នំ… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។
ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរសដែលមានកំឡាំង គ្រលៀវដុំទឹកមាត់ ដាក់លើចុងអណ្តាត ហើយស្តោះចោលទៅ ដោយងាយបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំទឹកមាត់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ទៅវិញ។ ម្នាលព្រាហ្មណ៍ ដូចជាដុំសាច់ដែលគេយកទៅដាក់ក្នុងខ្ទះដែកដ៏ក្តៅ អស់មួយថ្ងៃ រមែងខ្លោចចង្រុះឆាប់ មិនឋិតថេរយូរយារបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី ប្រៀបដូចដុំសាច់… យ៉ាងនោះដែរ ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលព្រាហ្មណ៍ ដូចមេគោដែលត្រូវសម្លាប់ ដែលគេនាំទៅកាន់កន្លែងសម្លាប់ ឈានជំហានណាទៅ ឈ្មោះថា ខិតទៅជិតកន្លែងសម្លាប់ ជិតសេចក្តីស្លាប់ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចជាមេគោ ដែលត្រូវសម្លាប់ យ៉ាងនោះដែរ។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានអាយុប្រាំមួយហ្មឺនឆ្នាំ។ កុមារិកា មានអាយុត្រឹមប្រាំរយឆ្នាំ ទើបល្មមមានប្តី។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ពួកមនុស្ស មានតែអាពាធ ៦ យ៉ាងគឺ រងា ១ ស្អុះ ១ ឃ្លាន ១ ស្រេក ១ ឈឺឧច្ចារៈ ១ ឈឺបស្សាវៈ ១។ ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះអរកៈនោះ អម្បាលពួកមនុស្សមានអាយុវែងយ៉ាងនេះ ឋិតថេរយូរយារយ៉ាងនេះ មានអាពាធតិច យ៉ាងនេះ ម្តេចគង់សំដែងធម៌ដល់ពួកសាវកយ៉ាងនេះថា ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។
អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បើបុគ្គលនិយាយឲ្យត្រូវ ត្រូវនិយាយថា ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ បុគ្គលត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលរស់នៅយ៉ាងយូរត្រឹមមួយរយឆ្នាំ ឬតិចជាង ឬក៏លើសពីមួយរយឆ្នាំបន្តិចបន្តួច។ ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅបានមួយរយឆ្នាំ ឈ្មោះថារស់នៅអស់បីរយរដូវ គឺ ហេមន្តរដូវ មួយរយ គិម្ហរដូវ មួយរយ វស្សានរដូវ មួយរយ។
ម្នាលភិក្ខុទាំងឡាយ ក៏បុគ្គលដែលរស់នៅអស់បីរយរដូវ ឈ្មោះថា រស់នៅមួយពាន់ពីររយខែ គឺ ហេមន្តរដូវ បួនរយខែ គិម្ហរដូវ បួនរយខែ វស្សានរដូវ បួនរយខែ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់មួយពាន់ពីររយខែហើយ បើរាប់ជាកន្លះ ៗ ខែ ឈ្មោះថា រស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែ គឺ ហេមន្តរដូវ ប្រាំបីរយកន្លះខែ គិម្ហរដូវ ប្រាំបីរយកន្លះខែ វស្សានរដូវ ប្រាំបីរយកន្លះខែ។
ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលរស់នៅអស់ពីរពាន់បួនរយកន្លះ ៗ ខែហើយ ឈ្មោះថា រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រី គឺ ហេមន្តរដូវ មួយហ្មឺនពីរពាន់រាត្រី គិម្ហរដូវ មួយហ្មឺនពីរពាន់រាត្រី វស្សានរដូវ មួយហ្មឺនពីរពាន់រាត្រី។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល រស់នៅអស់បីហ្មឺនប្រាំមួយពាន់រាត្រីហើយ រមែងបរិភោគបាយ ប្រាំពីរហ្មឺនពីរពាន់ដង គឺ ហេមន្តរដូវ ពីរហ្មឺនបួនពាន់ដង គិម្ហរដូវ ពីរហ្មឺនបួនពាន់ដង វស្សានរដូវ ពីរហ្មឺនបួនពាន់ដង រាប់ទាំងបៅទឹកដោះម្តាយ រាប់ទាំងខានបរិភោគបាយ។ ក្នុងហេតុទាំងនោះ ការអត់បាយនេះ គឺ បុគ្គលខឹង មិនបរិភោគបាយ បុគ្គលព្រួយ មិនបរិភោគបាយ បុគ្គលឈឺចាប់ មិនបរិភោគបាយ បុគ្គលរក្សាឧបោសថ មិនបរិភោគបាយ បុគ្គលមិនបរិភោគបាយ ព្រោះរកអ្វីមិនបាន។
ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្ស ដែលមានអាយុមួយរយឆ្នាំ តថាគតបានរាប់ហើយ ប្រមាណនៃអាយុ តថាគតបានរាប់ហើយ រដូវទាំងឡាយ តថាគតបានរាប់ហើយ ឆ្នាំទាំងឡាយ តថាគត បានរាប់ហើយ ខែទាំងឡាយ តថាគតបានរាប់ហើយ កន្លះខែទាំងឡាយ តថាគតបានរាប់ហើយ រាត្រីទាំងឡាយ តថាគតបានរាប់ហើយ ថ្ងៃទាំងឡាយ តថាគតបានរាប់ហើយ បាយទាំងឡាយ តថាគតបានរាប់ហើយ ការអត់បាយទាំងឡាយ តថាគតបានរាប់ហើយ ដូច្នេះឯង។
ម្នាលភិក្ខុទាំងឡាយ កិច្ចណា ដែលសាស្តា ជាអ្នកស្វែងរកប្រយោជន៍ ទំនុកបំរុង ជាអ្នកឈឺឆ្អាល អាស្រ័យនូវសេចក្តីឈឺឆ្អាល គួរធ្វើដល់ពួកសាវក កិច្ចនោះ តថាគតបានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះជាគល់ឈើទាំងឡាយ នុ៎ះជាផ្ទះស្ងាត់ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនឈាន កុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ។ ចប់ មហាវគ្គ ទី២។
បិដក ភាគ ៤៧ - ទំព័រទី ២៤៨/២៥៣
ដោយ៥០០០ឆ្នាំ
images/articles/3201/_______________________________________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៣,៥៥៥ ដង)
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅ កាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ចំណែកខាងព្រះរាហុលមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយដើរតាមក្រោយៗព្រះមានព្រះភាគ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀងព្រះភក្ត្រ ត្រាស់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល រូបណាមួយ ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលជាអតីត អនាគត ជាបច្ចុប្បន្ន រូបទាំងអស់នោះ ក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកគួរយល់ឃើញនូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ល្អតាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ព្រះរាហុលក្រាបបង្គំសួរថា បពិត្រព្រះមានព្រះភាគ (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ បពិត្រព្រះសុគត (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបក៏មាន ម្នាលរាហុល វេទនាក៏មាន ម្នាលរាហុល សញ្ញាក៏មាន ម្នាលរាហុល សង្ខារទាំងឡាយក៏មាន ម្នាលរាហុល វិញ្ញាណក៏មាន។
[១៣៤] គ្រានោះឯង ព្រះរាហុលមានអាយុគិតថា បាននរណាហ្ន៎ (ជាវិញ្ញុបណ្ឌិត) ដែលព្រះមានព្រះភាគ ទូន្មានហើយដោយដម្បូន្មានផ្ទាល់ព្រះឱស្ឋ នឹងចូលមកកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងថ្ងៃនេះទៅអេះ ដូច្នេះហើយ លោកក៏ត្រឡប់ថយចេញ អំពីសំណាក់ព្រះមានព្រះភាគនោះ ហើយទៅអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម។ គាប់ចួនជាព្រះសារីបុត្តមានអាយុ បានឃើញព្រះរាហុលមានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម លុះឃើញហើយ ក៏ប្រាប់ព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនាចុះ ម្នាលរាហុល (ដ្បិត) អានាបានស្សតិភាវនា ដែលគេបានអប់រំបន្ទុំ ធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ លុះដល់ពេលថ្ងៃរសៀល ព្រះរាហុលមានអាយុ ក្រោកអំពីសំណិង ហើយចូលសំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយដាក់អង្គគង់ ក្នុងទីសមគួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះអានាបានស្សតិ ត្រូវចំរើនដោយប្រការដូចម្តេច ត្រូវបន្ទុំ ធ្វើឲ្យរឿយៗ ដោយប្រការដូចម្តេច ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើនបាន។
[១៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបណាមួយ ដែលជារូបខាងក្នុង អាស្រ័យនូវខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនៅខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ ម្នាលរាហុល នេះហៅថា បឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុណា ខាងក្នុងក្តី បឋវីធាតុណាខាងក្រៅក្តី ធាតុទាំងនុ៎ះ ឈ្មោះថា បឋវីធាតុដូចគ្នា។ បុគ្គលគួរឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកបឋវីធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកបឋវីធាតុ។
[១៣៦] ម្នាលរាហុល ចុះអាបោធាតុ តើដូចម្តេចខ្លះ អាបោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះអាបោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក គឺប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាបោធាតុខាងក្នុង។ មួយវិញទៀត អាបោធាតុណា ជាខាងក្នុងក្តី អាបោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាបោធាតុដូចគ្នា។ បុគ្គលគួរឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាបោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកអាបោធាតុ។
[១៣៧] ម្នាលរាហុល ចុះតេជោធាតុ តើដូចម្តេចខ្លះ តេជោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះតេជោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក គឺភ្លើងដែលធ្វើកាយឲ្យផ្សព្វផ្សាយ១ ភ្លើងដែលធ្វើកាយឲ្យទ្រុឌទ្រោម១ ភ្លើងដែលធ្វើកាយឲ្យក្តៅរោលរាល១ ភ្លើងធ្វើអាហារដែលស៊ី ផឹក ទំពា លិទ្ធភ្លក្ស ហើយឲ្យទ្រុឌទ្រោម រលួយទៅដោយស្រួល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា តេជោធាតុខាងក្នុង។ មួយវិញទៀត តេជោធាតុណា ខាងក្នុងក្តី តេជោធាតុណា ខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា តេជោធាតុដូចគ្នា។ បុគ្គលគួរឃើញ នូវតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកតេជោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកតេជោធាតុ។
[១៣៨] ម្នាលរាហុល ចុះវាយោធាតុ តើដូចម្តេចខ្លះ វាយោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក គឺខ្យល់បក់ឡើងទៅខាងលើ១ ខ្យល់បក់ចុះមកខាងក្រោម១ ខ្យល់បក់ក្នុងពោះក្រៅពោះវៀន១ ខ្យល់បក់ក្នុងពោះវៀន១ ខ្យល់បក់សព្វអវយវៈតូចធំ១ ខ្យល់ដង្ហើមចេញចូល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា វាយោធាតុខាងក្នុង។ មួយទៀត វាយោធាតុណា ដែលជាខាងក្នុងក្តី វាយោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គលគួរឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកវាយោធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកវាយោធាតុ។
[១៣៩] ម្នាលរាហុល អាកាសធាតុ តើដូចម្តេចខ្លះ អាកាសធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល អាកាសធាតុខាងក្នុង តើដូចម្តេច រូបណាជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ដែលវិញ្ញាណចូលទៅកាន់យក គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ដែលសម្រាប់លេបចូលនូវអាហារ ដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដោយទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ឋិតនៅក្នុងទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ តែងចេញមកតាមចំណែកខាងក្រោម ដោយទ្វារណាក្តី ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ជាទីទទេ ដល់នូវភាពទទេ ជាចន្លោះដល់នូវទីជាចន្លោះ ដែលសាច់និងឈាម មិនប៉ះពាល់គ្នា ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុណា ជាខាងក្នុងក្តី អាកាសធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាកាសធាតុដូចគ្នា។ បុគ្គលគួរឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាកាសធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកអាកាសធាតុ។
[១៤០] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាផែនដី ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់នូវចិត្តអ្នក។ ម្នាលរាហុល ជនទាំងឡាយដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់ចុះនូវគូថក្តី ដាក់ចុះនូវទឹកមូត្រក្តី ដាក់ចុះនូវទឹកមាត់ក្តី ដាក់ចុះនូវខ្ទុះក្តី សម្រក់ឈាមដាក់ក្តី លើផែនដី ផែនដីក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាផែនដី យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤១] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាទឹក ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ជនទាំងឡាយលាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងគូថក្តី លាងទឹកមូត្រក្តី លាងទឹកមាត់ក្តី លាងខ្ទុះក្តី លាងឈាមក្តី ក្នុងទឹក ទឹកក៏មិនបាននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាទឹក យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤២] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាភ្លើង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ភ្លើងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះគូថក្តី ឆេះទឹកមូត្រក្តី ឆេះទឹកមាត់ក្តី ឆេះខ្ទុះក្តី ឆេះឈាមក្តី ភ្លើងក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាភ្លើង យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៣] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាខ្យល់ ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់គូថក្តី បក់ទឹកមូត្រក្តី បក់ទឹកមាត់ក្តី បក់ខ្ទុះក្តី បក់ឈាមក្តី ខ្យល់ក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាខ្យល់ យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៤] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល អាកាសដែលមិនប្រតិស្ឋាននៅក្នុងទីណាមួយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៥] ម្នាលរាហុល អ្នកចូរចំរើនមេត្តាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមេត្តាភាវនាហើយ ព្យាបាទនឹងវិនាសសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនករុណាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនករុណាភាវនាហើយ វិហេសា គឺសេចក្តីបៀតបៀន នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនមុទិតាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមុទិតាភាវនាហើយ អរតិ គឺសេចក្តីមិនត្រេកអរ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនឧបេក្ខាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនឧបេក្ខាភាវនាហើយ បដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអសុភភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនអសុភភាវនាហើយ រាគៈ គឺតម្រេកក្នុងកាមគុណ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអនិច្ចសញ្ញាភាវនា ព្រោះថា កាលបើអ្នកចំរើនអនិច្ចសញ្ញាភាវនាហើយ អស្មិមានះ គឺសេចក្តីប្រកាន់ខ្លួន នឹងសាបសូន្យទៅ។
[១៤៦] ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនា ម្នាលរាហុល អានាបានស្សតិភាវនា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ចុះអានាបានស្សតិភាវនា ដែលចំរើនហើយ តើដូចម្តេច ដែលធ្វើឲ្យរឿយៗហើយ តើដូចម្តេច ទើបជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតីឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះ មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនាខន្ធ និងសញ្ញាខន្ធ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្ត ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណៈជាដើម) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណធម៌ជាដើម) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចូល។ ម្នាលរាហុល អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះឯង ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើន ម្នាលរាហុល កាលបើអានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះ ដង្ហើមចេញ និងដង្ហើមចូលទាំងឡាយណា ដែលមានក្នុងកាលជាខាងក្រោយ ដង្ហើមចេញ និងដង្ហើមចូលទាំងនោះ នឹងរលត់ទៅវិញ ជាប្រាកដ មិនមែនមិនរលត់ទៅវិញទេ។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ ព្រះរាហុលមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ មហារាហុលោវាទសូត្រ ទី២។
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក
ចតុត្ថភាគ (ព្រះត្រៃបិដក ភាគទី២៣)
ដោយ៥០០០ឆ្នាំ
images/articles/3203/________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៣,៨៣០ ដង)
[២៦២] ចន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថា ថា បុគ្គលដូចម្តេចហ្ន៎ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃតែងឆ្លងនូវអន្លង់បានបុគ្គលដូចម្តេច មិនលិចចុះក្នុងអន្លង់ជ្រៅដែលមិនមានទីឋិតនៅខាងក្រោមមិនមានទីតោងក្នុងខាងលើ។
[២៦៣] ព្រះអង្គត្រាស់ថាបុគ្គលបរិបូណ៌ ដោយសីល មានបញ្ញាមានចិត្តតាំងខ្ជាប់ មានព្យាយាមប្រារព្ធហើយមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានសព្វកាលរមែងឆ្លងនូវអន្លង់ដែលឆ្លងបានដោយកម្របុគ្គលណាប្រាសចាកកាមសញ្ញា កន្លងនូវរូបសញ្ញោជនៈមានភពជាទីត្រេកអរអស់ហើយ បុគ្គលនោះរមែងមិនលិចចុះក្នុងអន្លង់ជ្រៅឡើយ។
បិដក ភាគ២៩ ទំព័រ១៤០
ដោយ៥០០០ឆ្នាំ
images/articles/3206/____________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៩៧២ ដង)
អ្នកចូរមើលនូវអត្តភាព ដែលធើ្វឲ្យវិចិត្រ ជាទីប្រជុំនៃដំបៅដែលតាំងឡើងព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ដែលជនពាលត្រិះរិះដោយច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ។ អ្នកចូរមើលនូវរូប ដែលធើ្វឲ្យវិចិត្រដោយកែវមណី និងកណ្ឌល ដែលឆ្អឹង និងស្បែករួបរឹតហើយ (រូបនោះ) រមែងល្អដោយសារសំពត់ទាំងឡាយ។ ជើងទាំងឡាយ លាបដោយល័ខស្រស់ មុខលាបដោយគ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានទេ។ សក់ទាំងឡាយ ដែលគេរចនាដូចជាក្រឡាចតុរង្គ ភ្នែកទាំងឡាយ លាបដោយថ្នាំសម្រាប់បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានឡើយ។
កាយស្អុយដែលគេតាក់តែងហើយ ដូចជានាឡិសម្រាប់ដាក់ថ្នាំបន្តក់ ដែលគេវិចិត្រហើយថ្មី ៗ អាចញ៉ាំងជនពាលឲ្យវង្វេង តែមិនអាចញ៉ាំងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិពា្វនឲ្យវង្វេងបានឡើយ។ ព្រានម្រឹគដាក់នូវអន្ទាក់ ម្រឹគក៏មិនបានប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលដែលព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។
អន្ទាក់របស់ព្រានម្រឹគដាច់ហើយ ម្រឹគក៏មិនប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលព្រានម្រឹគកំពុងសោកស្ដាយ (ក៏បោលចេញទៅ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញទៅ (យ៉ាងនោះដែរ)។ អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក (ពួកមនុស្សទាំងនោះ) លុះបានទ្រព្យគាប់ចិត្តហើយ មិនឲ្យ (ដល់បុគ្គលណាមួយឡើយ) ព្រោះតែសេចក្តីវង្វេង។ ពួកមនុស្សបានទ្រព្យហើយ ក៏ធើ្វនូវការសន្សំទុក ទាំងប្រាថ្នាក្នុងកាមដ៏លើសលុប។ ព្រះរាជាឈ្នះនូវផែនដី ដែលព្រះអង្គរឹបជាន់បានហើយ នៅគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពមិនឆ្អែតនឹងត្រើយសមុទ្រខាងអាយ ក៏ប្រាថ្នានូវត្រើយសមុទ្រខាងនាយ។ ព្រះរាជាក្តី ពួកមនុស្សដទៃច្រើននាក់ក្តី មិនទាន់ប្រាសចាកតណ្ហា រមែងដល់នូវសេចក្តីស្លាប់ គឺថាជាអ្នកមានសេចក្តីខ្វះខាត លះបង់រាងកាយ ព្រោះថាសេចក្តីឆ្អែតដោយកាមទាំងឡាយក្នុងលោកមិនមាន។
ពួកញាតិរំសាយសក់ កន្ទក់កន្ទេញ ចំពោះបុគ្គលដែលស្លាប់ហើយនោះ ទាំងបាននិយាយថា ធើ្វម្ដេចហ្ន៎ ញាតិរបស់យើងទាំងឡាយ កុំស្លាប់វិញ ក៏នាំខ្មោចនោះ ដែលរុំដោយសំពត់ ទៅកាន់ជើងថ្ករ ប្រជុំគ្នាដុតក្នុងទីនោះ។ បុគ្គលដែលស្លាប់នោះ ត្រូវពួកអ្នកដុតចាក់ដោយឈើសូល ដុតបុគ្គលនោះ លះបង់នូវភោគៈទាំងឡាយ មានតែសំពត់មួយស្លាប់ទៅ ញាតិទាំងឡាយក្តី មិត្រទាំងឡាយក្តី ឬសម្លាញ់ទាំងឡាយក្តី ជាទីពឹងមិនមានទេ។
ពួកទាយាទ (អ្នកត្រូវទទួលមត៌ក) រមែងនាំទៅនូវទ្រព្យរបស់សត្វដែលស្លាប់នោះ ចំណែកសត្វដែលស្លាប់នោះ ក៏ទៅតាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែនជាប់តាមសត្វដែលស្លាប់នោះទេ។ បុគ្គលមិនមែនបាននូវអាយុវែង ដោយសារទ្រព្យទេ ទាំងមិនមែនកំចាត់បង់នូវជរា ដោយសារទ្រព្យបានទេ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ បានពោលនូវជីវិតនោះថា តិច មិនទៀង មានការប្រែប្រួលទៅជាធម្មតា។
ជនទាំងឡាយ អ្នកស្ដុកស្ដម្ភ និងអ្នកទាល់ក្រ រមែងប៉ះពាល់នូវផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាល និងអ្នកប្រាជ្ញ រមែងប៉ះពាល់ដូចគ្នា ប៉ុន្តែបុគ្គលពាល បើមានសេចក្តីទុក្ខបៀតបៀនហើយ រមែងដេក (សោកស្ដាយ) ព្រោះភាវៈនៃខ្លួនពាល ឯអ្នកប្រាជ្ញ បើទុកជាប៉ះពាល់នូវផស្សៈក៏មិនបានញាប់ញ័រ។ ព្រោះហេតុនោះ បុគ្គលបាននូវព្រះនិព្វាន ជាទីបំផុតនៃភព ក្នុងលោកនេះ ដោយបញ្ញាណា បញ្ញានោះ ជាធម្មជាតិប្រសើរជាទ្រព្យ ដ្បិតបុគ្គលទាំងឡាយ មិនទាន់បានសម្រេចប្រយោជន៍ រមែងធើ្វនូវបាបកម្មទាំងឡាយ ក្នុងភពតូច និងភពធំ ព្រោះតែមោហៈ។
បុគ្គលណា (បានធើ្វបាបកម្ម) ក៏ដល់នូវការអន្ទោលទៅមក រមែងចូលទៅកាន់គភ៌ និងបរលោក បុគ្គលអ្នកអប្បប្រាជ្ញា (ឯទៀត) កាលបើជឿបុគ្គលអ្នកធើ្វបាបកម្មនោះ ក៏ទៅកាន់គភ៌ និងបរលោក។ ចោរអ្នកមានធម៌ដ៏លាមក ដែលគេចាប់បានត្រង់មុខតំណ [គេចាប់បានត្រង់កន្លែងជញ្ជាំងដែលខ្លួនបោះ ឬកាត់នោះ។] (នៃផ្ទះ) រមែងក្តៅក្រហាយដោយកម្មរបស់ខ្លួន យ៉ាងណាមិញ សត្វអ្នកមានធម៌ដ៏លាមក លុះស្លាប់ទៅ រមែងក្តៅក្រហាយក្នុងលោកខាងមុខ ដោយកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ។
កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីរីករាយនៃចិត្ត តែងញាំញីចិត្តដោយសភាពផ្សេង ៗ បពិត្រមហារាជ ហេតុនោះ អាត្មាភាព ឃើញទោសក្នុងកាមគុណទាំងឡាយ ទើបចេញទៅបួស។ សត្វទាំងឡាយ ទោះក្មេងក្តី ចាស់ក្តី តែងបែកធ្លាយនូវសរីរៈ ដូចជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រមហារាជ អាត្មាភាព បានឃើញនូវរបស់មិនទៀងនេះឯង បានជាចេញបួស ភាពជាសមណៈ មិនសូវខុសភ្លាត់ ជារបស់ប្រសើរលើសលុប។
អាត្មាភាពបួសដោយសទ្ធា បានប្រកបសេចក្តីប្រតិបត្តិ ក្នុងសាសនានៃព្រះជិនស្រី បព្វជ្ជារបស់អាត្មាភាព មិនមានទោស អាត្មាភាពបរិភោគភោជន មិនមានបំណុលទេ។ អាត្មាភាព ឃើញនូវកាមទាំងឡាយ ហាក់ដូចជាភ្លើងឆេះសព្វហើយ ឃើញនូវជាតរូប ហាក់ដូចជាគ្រឿងសស្រ្ដាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌ ឃើញនូវភ័យធំក្នុងនរកទាំងឡាយ។
អាត្មាភាព ឃើញនូវទោសនេះឯង ក៏បាននូវសេចក្តីសំវេគ ក្នុងកាលនោះ អាត្មាភាពហ្នឹងឯង ជាអ្នកត្រូវសរមុតហើយ ក្នុងកាលនោះ (ឥឡូវនេះ) បានដល់ហើយនូវការអស់ទៅនៃអាសវៈ។ ព្រះសាស្តា អាត្មាភាព បានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បានធើ្វហើយ ភារៈដ៏ធ្ងន់ អាត្មាភាពបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព អាត្មាភាពបានដកចោលហើយ។ កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង អាត្មាភាពបានដល់ហើយ។
(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ
images/articles/3216/_________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៥៦១ ដង)
បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងចេញចាកមិច្ឆាទិដ្ឋិ រមែងចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញចាកមិច្ឆាសង្កប្បៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាវាចា ដោយអត្ថថារក្សាទុក រមែងចេញចាកមិច្ឆាវាចា ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាចានោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើង រមែងចេញចាកមិច្ឆាកម្មន្តៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាកម្មន្តៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងចេញចាកមិច្ឆាអាជីវៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាអាជីវៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ សម្មាវាយាមៈ ដោយអត្ថថាផ្គងឡើង រមែងចេញចាកមិច្ឆាវាយាមៈ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាវាយាមៈនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងចេញចាកមិច្ឆាសតិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសតិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកមិច្ឆាសមាធិ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញ្ញាណ។
[១៤៤] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៥] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏ល្អិត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏ល្អិត ចេញចាកកិលេសដែលប្រព្រឹត្តិតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៦] ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ និងអវិជ្ជានុស័យ ចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវអនុសយក្កិលេសនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
[១៤៧] យោគីរមែងដុតបំផ្លាញនូវកិលេសដែលមិនទាន់កើត ដោយអង្គឈានដែលកើតហើយ ហេតុនោះ លោកហៅថា ឈាន យោគីរមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងឈាន និងវិមោក្ខ។ បើយោគីតម្កល់ចិត្តហើយពិចារណា រមែងឃើញច្បាស់យ៉ាងណា គប្បីតម្កល់ចិត្តទុកយ៉ាងនោះ វិបស្សនា និងសមថៈជាធម៌មានចំណែកស្មើគ្នា ជាគូជាប់គ្នា រមែងប្រព្រឹត្តិទៅក្នុងកាលណោះ ការឃើញថា សង្ខារទាំងឡាយជាទុក្ខ និរោធជាសុខ បញ្ញាដែលចេញចាកសភាវៈទាំង ២ រមែងពាល់ត្រូវនូវព្រះនិព្វាន ឈ្មោះអមតៈ យោគីអ្នកឈ្លាសវៃក្នុងភាពនៃធម៌ផ្សេងគ្នា និងធម៌ដូចគ្នា រមែងដឹងនូវកិរិយាប្រព្រឹត្តិក្នុងវិមោក្ខ រមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ ព្រោះភាពជាបុគ្គលឈ្លាសវៃក្នុងញាណទាំងពីរ។
ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ។
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ
(ព្រះត្រៃបិដកលេខ ៦៩)
ដោយ៥០០០ឆ្នាំ
images/articles/3219/___________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៨២៨ ដង)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះ ឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់បង់ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា៖
ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា? ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។ លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។
លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។
ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯងហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។
(មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។ (កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ។
(ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង។
ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស។
គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាលត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស។
គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ។
ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯកកច្ឆៈ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះលុះឃ្លាតចាកអត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា។
ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ។
ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូលកំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។
កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំងឡាយ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ។
ឥសិទាសីថេរី ចប់
(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ
images/articles/3229/_______________________________________.jpg
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៦,៣៤០ ដង)
បច្ចុប្បន្ននេះ គម្ពីរព្រះអដ្ឋកថាខ្មែរ មិនទាន់ប្រែបានគ្រប់ភាគនៅឡើយ ប៉ុន្តែបានធ្វើហើយជាច្រើនភាគ ដូចដែល៥០០០ឆ្នាំបានបង្ហោះ និងដាក់បន្ថែមជារឿយ ខាងក្រោមនេះ ។
ក្រៅអំពីនេះ នៅមានអដ្ឋកថាផ្សេងៗទៀត សម្រាប់លោកអ្នកឈ្វេងយល់ និងសិក្សាបានដោយខ្លួនឯង ។ សូមចុចតំណខាងក្រោមដើម្បីមើលនិងទាញយក ។
ទាញយក
ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ
ដោយ៥០០០ឆ្នាំ