images/articles/202/fa22910c4672c6b7c1d408adb7831945.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៦២,៦១៦ ដង)
ក្នុងអត្ថបទមុនយើងបានស្គាល់ពីវិជ្ជា៣ របស់ព្រះសម្មាសម្ពុទ្ធរួចហើយ ឥឡូវនេះសូមស្វែងយល់អំពីវិជ្ជាប្រាំបីប្រការដូចតទៅៈ
១- វិបស្សនាញាណ ពិចារណាឃើញរូបនិងនាម។ សំដៅយកប្រាជ្ញាសម្រាប់ពិចារណាឃើញច្បាស់នូវបញ្ចក្ខន្ធ ព្រមទាំងការញែកបញ្ចក្ខន្ធចេញជារូប ជានាមដោយចំណែកៗ និងការឃើញច្បាស់នូវធម៌ជាបច្ច័យរបស់នាមនិងរូប។
២- មនោមយិទ្ធិ ឫទ្ធិដែលសម្រេចដោយចិត្ត ។ សំដៅយកឫទ្ធិដែលកើតឡើងបានដោយអំណាចចិត្តគឺថា បើចិត្តចង់និម្មិតកាយរបស់ខ្លួនពីមុនឲ្យឃើញទៅជាកាយដទៃវិញ ដូចជាគេដកបណ្តូលស្មៅយ៉ាប្លងចេញពីទងស្មៅយ៉ាប្លង ឬដូចជាគេហូតដាវចេញពីស្រោម។ មួយទៀត ឫទ្ធិរបស់ចិត្តដែលបានអប់រំល្អហើយ ជាហេតុឲ្យក្លៀវក្លា អង់អាច គិតការអ្វីបានដូចចិត្តគ្រប់យ៉ាងមិនមានការទើសទាក់សល់ជំពាក់។
៣- ឥទ្ធិវិធៈ សំដែងឫទ្ធិបាន។ សំដៅយកការសំដែងឫទ្ធិផ្សេងៗបាន ដែលហួសវិស័យរបស់ជនសាមញ្ញ ដូចយ៉ាងមនុស្សម្នាក់អាចនិម្មិតឲ្យទៅជាច្រើននាក់បានដើរពាន់កាត់គ្រឿងបិទបាំងដូចជាជញ្ជាំងឬកំពែងក៏បាន មុជក្នុងដីដូចមុជក្នុងទឹកក៏បាន ដើរលើទឹកដូចដើរលើដីក៏បាន ហោះទៅលើអាកាសដូចសត្វបក្សីហើរក៏បាន ស្ទាបអង្អែលព្រះអាទិត្យព្រះចន័្ទដោយដៃក៏បាន។
៤- ទិព្វសោតៈ ត្រចៀកទិព្វ។ សំដៅយកការស្តាប់សំឡេងក្នុងទីជិតឆ្ងាយបាន ទោះបីជាសំឡេងមនុស្សឬជាសំឡេងទេវតា ជាត្រចៀកកន្លងហួសវិស័យនៃត្រចៀកសាមញ្ញជន។
៥- ចេតោបរិយញ្ញាណ កំណត់ដឹងចិត្តអ្នកដទៃបាន។ សំដៅយកការទាយចិត្តគំនិតរបស់អ្នកដទៃដែលត្រិះរិះគិតទៅរកហេតុណាមួយក៏អាចដឹងបានដោយការកំណត់អធិដ្ឋានចិត្តានុភាពរបស់ខ្លួនទៅស្ទាក់ដេញតាមរកចិត្តគំនិតរបស់បុគ្គលដទៃដោយចិត្តដ៏បរិសុទ្ធរបស់ខ្លួនដូចមានសេចក្តីដឹងថាចិត្តរបស់បុគ្គលនោះៗបរិសុទ្ធឬសៅហ្មងជាដើម។
៦- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញនូវខន្ធបញ្ចកៈ(ខន្ធ៥) ក្នុងជាតិមុន។ ការដឹងនូវជាតិ គឺការរលឹកឃើញនូវខន្ធបញ្ចកៈដែលធ្លាប់កើត ធ្លាប់នៅក្នុងភពមុនបាន គឺរលឹកឃើញ ជាតិថយក្រោយក្នុងកាលដែលកន្លងទៅហើយ តាំងអំពីមួយជាតិ ពីរជាតិ បីជាតិ រហូតដល់អនេកជាតិថា “ក្នុងកាលនោះអាត្មាអញបានកើតក្នុងទីនោះ មានឈ្មោះយ៉ាងនេះ មានគោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ មាន សុខទុក្ខយ៉ាងនេះ មានអាយុ ប៉ុណ្ណេះៗជាដើម។ លុះច្យុតអំពីជាតិនោះហើយ ក៏ទៅកើតក្នុង ទីនោះៗ លុះមកអំពីទីនោះក៏មកកើតក្នុងទីនេះ”។ ការយល់ធ្លុះធ្លាយឃើញព្រឹត្តិការណ៍ របស់ជាតិក្នុងកាលមុនដូច្នេះ ទើបឈ្មោះថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់តាមយថាកម្មរបស់សត្វ។
៧- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញនូវចុតិនិងបដិសន្ធិនៃពួកសត្វ។ ការដឹងច្បាស់នូវចុតិនិងបដិសន្ធិ គឺការឃ្លាតចាកជីវិតនិងការចាប់កំណើតបាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់កំណើតក៏មាន ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នាខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាចផលវិបាកនៃការប្រព្រឹត្តរបស់ពួកសត្វ”។ ការដឹងច្បាស់នូវចុតិនិងបដិសន្ធិនៃ ពួកសត្វដូច្នេះ ទើបឈ្មោះថា “ចុតូបបាតញ្ញាណ”។
៨- អាសវក្ខយញ្ញាណ ញាណក្នុងការធ្វើឲ្យអស់នូវអាសវៈ ។ ការដឹងច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការដឹងច្បាស់តាមពិតថា “នេះជាទុក្ខ នេះជាសមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះជាមគ្គ (ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជាហេតុដែលអោយកើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចាក អាសវៈទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈនិងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណីកិច្ចរបស់អញ បានសម្រេចហើយ កិច្ចដែលត្រូវចម្រើនតទៅទៀតពុំមានឡើយ”។ទាំងប្រាំបីនេះប្រការនេះហៅថា វិជ្ជា៨ ប្រការ។
ដោយ៥០០០ឆ្នាំ
images/articles/201/300b7866d883ff1e05e94a97f0c6a2e1.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ១០៥,០៩៥ ដង)
នៅក្នុងធម៌នមស្សការព្រះរតនត្រ័យ ត្រង់ពុទ្ធរតនប្បណាម គឺការថ្វាយបង្គំចំពោះព្រះសម្ពុទ្ធ ដែលផ្តើមដោយពាក្យថា (ឥតិបិ សោ ភគវា (អ៊ិ តិ ប៉ិ សោ ភៈ គៈ វា) ជាដើម ពុទ្ធបរិស័ទទាំងឡាយច្បាស់ជាធ្លាប់ជួបបាលីមួយឃ្លាថា វិជ្ជាចរណសម្បន្នោ (វជ្ជា-ចៈ-រៈណៈ សាំ-ប៉ាន់- ណោ) ជាមិនខាន។ពាក្យថា វិជ្ជាចរណៈសម្បន្នោ ប្រែថា ព្រះសម្មាសម្ពុទ្ធជាបរមគ្រួនៃយើង ព្រះអង្គទ្រង់បរិបូណ៍ដោយ វិជ្ជា៣ វិជ្ជា៨ និងចរណៈ១៥ ។
ការចេះដឹង យល់ធ្លុះធ្លាយ ឃើញច្បាស់ដោយបញ្ញា ហៅថា “វិជ្ជា” ។ ពាក្យថា វិជ្ជា គឺជាគុណសម្បត្តិនៃសម្មាសម្ពោធិញ្ញាណ ដែលព្រះមានព្រះភាគ បានត្រាស់ដឹង ក្នុងយាមទាំងបីនៃរាត្រី១៥កើតខែពិសាខ គឺ បឋមយាមព្រះអង្គបានវិជ្ជាទី១មជ្ឈិមយាម បានវិជ្ជាទី២ បជ្ឈិមយាម បានវិជ្ជាទី៣ ។ វិជ្ជាបីយ៉ាងនេះហៅថា ញាណ ដូច្នេះក៏បាន គឺជា ពាក្យផ្លាស់ប្តូរគ្នា។ ព្រះមានព្រះភាគ បាននូវវិជ្ជាទាំងបីប្រការនេះជាដើម ទើបឈ្មោះថា ព្រះអង្គបានត្រាស់។
១- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញនូវខន្ធបញ្ចកៈ(ខន្ធ៥) ក្នុងជាតិមុន។ការដឹងនូវជាតិ គឺការរលឹកឃើញនូវខន្ធបញ្ចកៈ ដែលធ្លាប់កើត ធ្លាប់នៅក្នុងភពមុន បាន គឺរលឹកឃើញជាតិថយក្រោយក្នុងកាលដែលកន្លងទៅហើយ តាំងអំពីមួយជាតិ ពីរជាតិ បីជាតិ រហូតដល់អនេកជាតិថា “ក្នុងកាលនោះអាត្មាអញបានកើតក្នុងទីនោះ មានឈ្មោះយ៉ាងនេះ មានគោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ មានសុខទុក្ខយ៉ាងនេះ មានអាយុប៉ុណ្ណេះៗជាដើម។ លុះច្យុតអំពីជាតិនោះហើយ ក៏ទៅកើតក្នុងទីនោះៗ លុះមកអំពីទីនោះក៏មកកើតក្នុងទីនេះ”។ ការយល់ធ្លុះធ្លាយឃើញព្រឹត្តិការណ៍ របស់ជាតិក្នុងកាលមុនដូច្នេះ ទើបឈ្មោះថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់តាមយថាកម្មរបស់សត្វ។
២- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញនូវចុតិនិងបដិសន្ធិនៃពួកសត្វ។ការដឹងច្បាស់នូវចុតិនិងបដិសន្ធិ គឺការឃ្លាតចាកជីវិតនិងការចាប់កំណើតបាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់កំណើតក៏មាន ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាចផលវិបាកនៃការប្រព្រឹត្តរបស់ពួកសត្វ”។ ការដឹងច្បាស់នូវចុតិនិងបដិសន្ធិនៃពួកសត្វដូច្នេះ ទើបឈ្មោះថា “ចុតូបបាតញ្ញាណ”។
៣- អាសវក្ខយញ្ញាណ ញាណក្នុងការធ្វើឲ្យអស់នូវអាសវៈ ។ការដឹងច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការដឹងច្បាស់តាមពិតថា “នេះជាទុក្ខ នេះជាសមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះជាមគ្គ (ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជាហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចាក អាសវៈទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណីកិច្ចរបស់អញ បានសម្រេចហើយ កិច្ចដែលត្រូវចម្រើនតទៅទៀតពុំមានឡើយ” ។
ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ឃើញច្បាស់នូវបដិបទាជាទីញ៉ាំងអាសវៈឲ្យអស់ទៅ ហើយទ្រង់សំដែងធម៌ប្រៀនប្រដៅពុទ្ធបរិស័ទឲ្យប្រតិបត្តិដើម្បីធ្វើអាសវៈឲ្យអស់ទៅ ដូច្នេះទើបឈ្មោះថា “អាសវក្ខយញ្ញាណ”។វិជ្ជាទាំងបីប្រការនេះឈ្មោះថា អង្គនៃសម្មាសម្ពោធិញ្ញាណ។
ពន្យល់ពាក្យ
អាសវៈ = គ្រឿងត្រាំ, គ្រឿងសៅហ្មង, ឧបទ្រពចង្រៃ, កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ដែលត្រាំនៅក្នុងសន្តាន។
អាសវៈមាន៤ យ៉ាងគឺៈ ១- កាមាសវៈ អាសវៈគឺកាម បានដល់សេចក្តីប្រាថ្នាទាំងឡាយ។ ២- ភវាសវៈ អាសវៈគឺភព បានដល់ការ អន្ទោលកើតស្លាប់មិនចេះឈប់ឈរ។ ៣- ទិដ្ឋាសវៈ អសវៈគឺទិដ្ឋិ បានដល់ការយល់ខុស ប្រាសចាកនូវសច្ចធម៌។ ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា បានដល់ការមិនដឹងច្បាស់នូវកងទុក្ខទាំងពួង ឬមិនដឹងច្បាស់នូវអរិយសច្ចធម៌។
ខន្ធបញ្ចកៈ = គំនរនៃខន្ធ៥ គឺ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ។
ព្រហ្មចរិយធម៌ (ព្រំ-មៈ-ចៈរិយៈ-ធម៌) = ការប្រព្រឹត្តធម៌ដ៏ប្រសើរ, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល។
អរិយសច្ចធម៌ (អៈរ៉ិយ៉ៈ-សច្ចៈធម៌) = ធម៌ពិតដ៏ប្រសើរ មាន៤ គឺ ១- ទុក្ខៈ សេចក្តីព្រួយលំបាក, សេចក្តីទុក្ខ។ ២- សមុទយៈ កំណើតទុក្ខ ឬហេតុដែលនាំឲ្យកើតទុក្ខ។ ៣- និរោធៈ សេចក្តីរលត់ទុក្ខ ឬធម៌សម្រាប់រំលត់ទុក្ខ។ ៤- មគ្គៈ ផ្លូវ ឬ ឧបាយនៃសេចក្តីរលត់ទុក្ខ ។ អរិយសច្ចទាំងបួននេះ ហៅម៉្យាងទៀតថា ចតុរារិយសច្ច (ចៈ-តុ-រ៉ា-រ៉ិយៈ-ស័ច)។
បដិបទា (ប៉ៈ-ដិ-ប៉ៈ-ទា) = ការប្រព្រឹត្ត, ការប្រតិបត្តិ ។
ដោយ៥០០០ឆ្នាំ
images/articles/191/maxresdefault.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៤០,៦៩៧ ដង)
ព្រះសារីរិកធាតុរបស់គោតមពុទ្ធត្រូវបានគេជឿថា ស្ថិតនៅភាសពេញតំបន់អាស៊ីដែលជាទីចាប់កំណើតនៃព្រះពុទ្ធសាសនា តាំងពីពេលធ្វើឈាបនកិច្ចព្រះបរមសពមកម៉្លេះ ។ តាមដំណាលថា បន្ទាប់ពីធ្វើឈាបនកិច្ចរួច មានពួកក្សត្យនគរផ្សេងៗ មកដើម្បីដណ្ដើមយកព្រះសារីរិកធាតុ ហើយដើម្បីបញ្ចប់នូវជម្លោះនេះ ភាគីជម្លោះទាំងឡាយបានយល់ព្រមធ្វើការបែងចែកព្រះសារីរិកធាតុជា ៨ ចំណែក និងត្រូវបានបាំងដោយក្លស់ (ឆត្រ) ដែលក្រោយមក ក្លស់បានក្លាយទៅជានិមិត្តរូបនៃសិល្បៈផ្នែកព្រះពុទ្ធ សាសនា ។ សារីរិកធាតុចំណែកនីមួយៗត្រូវបានបញ្ជូនទៅកាន់នគរជាច្រើនដើម្បីបញ្ចុះនៅក្នុងស្ដូប (ចេតិយ) សម្រាប់គោរពបូជា ។
ព្រះបរមសារីរិកធាតុ
តាមដំណាលបានបន្តទៀតថា ប្រហែល ១០០ ឆ្នាំ ក្រោយមក មានស្ដេចមួយអង្គឈ្មោះ អសុកាជាក្សត្រដែលមានជំនឿមុតមាំ ជ្រះថ្លាលើពុទ្ធសាសនា បានផ្សព្វផ្សាយលទ្ធិសាសនានេះដុះដាល និងបានប្រមែប្រមូលសារីរិកធាតុទាំងអស់ ហើយបានយកទៅបញ្ចុះនៅក្នុងស្ដូបចំនួន ៨៤០០០ដែលបច្ចុប្បន្នស្ដូបទាំងនោះស្ថិតនៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនានានានៅអាស៊ី ។
អ្នកមានជំនឿភាគច្រើនជឿជាក់ថា សារីរិកធាតុទាំងនេះបានសម្ដែងនូវអម្ភូតហេតុពិសិដ្ឋដ៏មហស្ចារ្យ ។
ព្រះសារីរិកធាតុភាគច្រើនមានរូបរាងដូចជាគុលិកាគុជតូចៗ ខ្លះស្រអាប់ ខ្លះថ្លា មានពណ៌ផ្សេងៗ តាមជំនឿថា ផ្នែកផ្សេងៗនៃរាងកាយព្រះសម្ពុទ្ធ ផ្ដល់នូវសារីរិកធាតុពណ៌ផ្សេងគ្នា ។ ព្រះសារីរិកធាតុមួយចំនួនធំត្រូវបានបញ្ចុះនៅក្នុងស្ដូប ហើយមួយចំនួនទៀតត្រូវបានបែងចែកដោយព្រះសង្ឃទៅឲ្យអ្នកដែលមានជំនឿដើម្បីរក្សាទុកគោរពបូជាលក្ខណៈគ្រួសារ ដែលករណីដូចនេះមានតិចតួចបំផុត ។ ដោយហេតុថា ព្រះសារីរិកធាតុជាវត្ថុពិសិដ្ឋ សក្តិសិទ្ធិ ប្រកបដោយមហិទ្ធិឫទ្ធិ គឺត្រូវបានដាក់ដំកល់ជាសាធារណៈដើម្បីគោរពបូជារួមគ្នាក្នុងចំណោមអ្នកដែលមានជំនឿទាំងឡាយ ។
ការអត្ថាធិប្បាយតាមបែបសាសនាៈ ព្រះពុទ្ធកិច្ច គឺកិច្ចដែលព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយទ្រង់ប្រតិបត្តិជានិច្ច ក្រោយអំពីត្រាស់ដឹងនូវសព្វញ្ញតញ្ញាណដោយបញ្ញាដ៏កំពូលរបស់ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់បំពេញពុទ្ធចរិយាដែលជាប្រយោជន៍ដល់សត្វលោក ទ្រង់ត្រាស់សម្ដែងធម៌ប្រោសវេនេយ្យសត្វដោយព្រះមហាករុណារបស់ព្រះអង្គទ្រង់ដឹកនាំសត្វលោកឲ្យប្រកបដោយសេចក្ដីសុខ ឲ្យតាំងនៅក្នុងសរណៈឲ្យរួចផុតចាកទុក្ខឲ្យបន្លុំអមតធម៌ មិនថាព្រះអង្គគង់ក្នុងទីណាទេ ព្រះអង្គទ្រង់មិនលះនូវកិច្ច៥យ៉ាងគឺ កិច្ចក្នុងបុរេភត្ត កិច្ចក្នុងបច្ឆាភត្ត កិច្ចក្នុងបឋមយាម កិច្ចក្នុងមជ្ឈិមយាម និងកិច្ចក្នុងបច្ឆិមយាម ដូចបោរាណាចារ្យប្រព័ន្ធជាគាថាទុកថា ៖
«ព្រះសម្មាសម្ពុទ្ធជាចម្បងជាងអស់អ្នក ប្រាជ្ញ ទ្រង់ជម្រះនូវពុទ្ធកិច្ចទាំងឡាយ៥ប្រការនេះ គឺក្នុងពេលព្រឹកទ្រង់ត្រាច់ទៅបិណ្ឌបាត១ ក្នុងពេលល្ងាចទ្រង់សម្ដែងធម៌ទេសនា១ ក្នុងពេលព្រលប់ទ្រង់ប្រទានឱវាទដល់ពួកភិក្ខុ១ ក្នុងពេលអាធ្រាតទ្រង់ដោះប្រស្នានៃទេវតា១ ក្នុងពេលជិតភ្លឺទ្រង់ប្រមើលមើលនូវសត្វលោកដែលគួរត្រាស់ដឹងនិង មិនគួរត្រាស់ដឹង១ ។»
ព្រះពុទ្ធអង្គទ្រង់បំពេញពុទ្ធកិច្ចអស់៤៥ ឆ្នាំហើយ ក្នុងថ្ងៃអង្គារ ១៥កើត ខែពិសាខ មុនពុទ្ធសករាជ១ថ្ងៃ ព្រះអង្គទ្រង់ចូលបរិនិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិសេសនិព្វាន ។ ព្រះបរមសពនៃព្រះអរហន្តសម្មាសម្ពុទ្ធ ត្រូវពួកមនុស្ស ទេវតា ព្រហ្ម ជាដើមនាំគ្នាបូជាយ៉ាងសន្ធឹកសន្ធាប់ជាទីបំផុត ហើយបានដង្ហែយកទៅបូជាត្រង់មកុដពន្ធនចេតិយ ។ ក្នុងថ្ងៃទី៧ បន្ទាប់ពីព្រះអង្គទ្រង់បរិនិព្វាន ព្រះបរមសពដែលតម្កល់លើចិតកាធាន ត្រូវភ្លើងឆេះឡើងដោយអំណាចនៃទេវតាបណ្ដាលឲ្យឆេះព្រះបរមសពនៃព្រះ ដ៏មានព្រះភាគអស់រូបរាងកាយ ធារទឹកបានធ្លាក់ហូរចុះពីលើអាកាសបានពន្លត់ចិតកាធានរបស់ ព្រះសាស្ដា នៅសល់តែព្រះបរមធាតុនៃព្រះដ៏មានព្រះភាគប៉ុណ្ណោះ ។
ពួកមល្លក្សត្របានអារាធនាព្រះបរមសារីរិកធាតុទាំងអស់ទៅដាក់ទុក ក្នុងសុវណ្ណទោណប្រោសព្រំដោយទឹកក្រអូបគ្រប់ប្រភេទ រោយរាយគន្ធជាតិក្នុងសុវណ្ណទោណ ហើយបាននាំសុវណ្ណទោណទៅប្រតិស្ឋានលើដំរីដែលប្រដាប់តាក់តែងហើយ និងបូជាដោយវត្ថុទាំងឡាយដោយមានកម្រងផ្កា និងគ្រឿងក្រអូវជាដើម ហើយក៏នាំយកព្រះបរមសារីរិកធាតុចូលទៅកាន់ក្នុងនគរ តម្កល់ទុកលើសត្តរតនមយបល្ល័ង្ក គឺបល្ល័ង្កដែលធ្វើដោយរតន៧ប្រការ ក្នុងសណ្ឋាគារបាំងស្វេតឆ័ត្រពីខាងលើ ហើយនាំគ្នារៀបចំធ្វើសក្ការបូជាចំពោះព្រះបរមសារីរិកធាតុនៃព្រះដ៏ មានព្រះភាគ រហូតអស់៧ថ្ងៃទៀត ។
មកុដពន្ធនចេតិយ ស្ថានទីបូជាព្រះបរមសព
ក្នុងកាលណោះព្រះរាជាក្នុងដែនផ្សេងៗមានព្រះបាទមាគធអជាសត្តុជាដើមទ្រង់បានឮដំណឹងថា ព្រះដ៏មានព្រះភាគទ្រង់បរនិព្វានហើយក្នុងក្រុងកុសិនារាថា ព្រះដ៏មានព្រះភាគជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកនៃព្រះសារីរិកធាតុរបស់ព្រះដ៏មានព្រះភាគដែរ យើងធ្វើស្ដូបផង ការបូជាផងចំពោះព្រះសារីរិកធាតុនៃព្រះដ៏មានព្រះភាគ ។ តែពួកមល្លក្សត្រគិតថា ធម្មតាពុទ្ធរតនៈជាវត្ថុដ៏ប្រសើរបំផុតក្នុងលោក ព្រមទាំងទេវលោក ក៏រតនៈនេះកើតក្នុងគាមក្ខេត្តរបស់យើង យើងមិនព្រមឲ្យដល់អ្នកណាទេ ។
កាលបើពួកមល្លក្សត្រមិនព្រមចែកព្រះសារីរិកធាតុយ៉ាងនេះ ព្រះវាជា និងព្រាហ្មណ៍ទាំងអស់នោះ ចាប់ផ្ដើមនាំគ្នាធ្វើចម្បាំងដើម្បីដណ្ដើមយកព្រះសារីរិកធាតុ ។ ក៏រៀបចំកងទ័ពរៀងៗខ្លួនដើម្បីឡោមព័ទ្ធក្រុងកុសិនារា ។ ឯពួកមល្លក្សត្រអ្នកក្រុងកុសិនារាវិញ ក៏បានរៀបចំកងទ័ពតតាំងច្បាំងវិញដែរ ។ ក្នុងកាលណោះទោណព្រាម្មណ៍ជាអាចារ្យរបស់ក្សត្រ និងព្រាហ្មណ៍ទាំងនោះ ឃើញការវិវាទទាស់ទែងគ្នាដោយសារព្រះសារីរិកធាតុជារឿងមិនសមគួរទាល់តែសោះ ទើបឡើងទៅឈរលើកំពែងទីខ្ពស់ស្រែកឡើងថា ៖
«លោកទាំងឡាយដ៏ចម្រើន សូមស្ដាប់ពាក្យខ្ញុំមួយមាត់សិន ព្រះពុទ្ធជាម្ខាស់នៃយើង ព្រះអង្គជាខន្តិវាទ ការប្រហារគ្នា ច្បាំងគ្នាព្រោះចំណែកនៃព្រះសារីរិកធាតុរបស់ឧត្ដមបុរសនេះមិនប្រពៃឡើយ ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ យើងទាំងអស់គ្នាគួរតែស្រុះស្រួលគ្នា ព្រមព្រៀងគ្នា រីករាយរកគ្នា ចែកព្រះសារីរិកធាតុឲ្យជា៨ចំណែក ព្រះស្ដូបទាំងឡាយ សូមផ្សាយទៅក្នុងទិសទាំងឡាយចុះ ពួកជនច្រើនជ្រះថ្លាចំពោះព្រះសម្ពុទ្ធមានចក្ខុមិនលែង ។»
កាលទោណព្រាហ្មណ៍ពោលពាក្យនេះលើកទី១ គ្មានអ្នកណាយកចិត្តទុកដាក់ស្ដាប់ឡើយ ព្រោះម្នាក់ៗគិតតែថាត្រូវច្បាំងៗ ។ តែអាស្រ័យទោណព្រាហ្មណ៍ជាអាចារ្យរបស់ក្សត្រ និងព្រាហ្មណ៍ទូទាំងជម្ពូទ្វីប មិនមានក្សត្រ និងព្រាហ្មណ៍ណាមួយថាមិនស្គាល់ឡើយ ។ ទើបទោណព្រាហ្មណ៍ស្រែកប្រកាសយ៉ាងខ្លាំងជាពីរដងថា ៖
«ពួកលោកចាំសម្លេងអាចារ្យរបស់ខ្លួនមិនបាន ទេឬ ។ ប្រសិនបើចាំបាន សូមស្ងាត់ស្ងៀមគ្រប់ៗគ្នា ហើយស្ដាប់វាចាដែលខ្ញុំពោល ។»
ពួកក្សត្រទាំងនោះ បានឮសម្លេងស្រែកឡើងនោះក៏ចាំបានថា នេះជាសម្លេងរបស់ទោណព្រាហ្មជាអាចារ្យរបស់ខ្លួន ហើយក៏នាំគ្នាស្ងៀមស្ងាត់ទៅ ។ ទោណព្រាហ្មណ៍ក៏ប្រកាសឡើងដូចពាក្យមុននោះឯង ដើម្បីបបួលគ្នាចែកព្រះបរមសារីរិកធាតុឲ្យជា៨ចំណែកសម្រាប់ក្សត្រ និងព្រហ្មណ៍៨នគរ ដែលមកជួបជុំគ្នានៅពេលនោះ ។ ក្សត្រ និងព្រាហ្មណ៍ព្រមតាមទោណព្រាហ្មណ៍ មានឆន្ទៈតែមួយថានឹងចែកឲ្យបានស្មើៗគ្នា ។
ទោណព្រាហ្មណ៍បានដឹងពីការព្រមព្រៀងគ្នារបស់ក្សត្រ និងព្រាហ្មណ៍ទាំងនោះហើយ ក៏បានបញ្ជាឲ្យគេបើតុម្ពមាសឡើងដើម្បីចែកព្រះ បរមសារីរិកធាតុ ។ ពេលនោះ ព្រះរាជាទាំងឡាយបានឈរនៅជិតឯតុម្ពមាសនោះ ឃើញនូវព្រះធាតុមានពណ៌ដូចមាសក៏ខ្សឹមខ្សួលកន្ទក់កន្ទេញថា ព្រះដ៏មានព្រះភាគជាសព្វញ្ញូក្នុងកាលមុន យើងបានឃើញសរីរៈរបស់ព្រះអង្គមានពណ៌ដូចមាសដែលប្រដាប់តាក់តែង ហើយដោយបុរិសលក្ខណៈ ៣២ ប្រការ ដែលមានឆព្វណ្ណរង្សី ៦ ប្រការ និងលម្អរុងរឿងទៅដោយអនុព្យញ្ជនៈ ៨០ ឥឡូវនេះនៅសល់តែព្រះធាតុមានពណ៌ដូចមាសប៉ុណ្ណោះ ។
ឯទោណព្រហ្មណ៍ដឹងនូវសេចក្ដីប្រមាទរបស់ក្សត្រ និងព្រហ្មណ៍ទាំងនោះ ក៏ចាប់យកទក្ខិណទាឋៈ គឺចង្កូមកែវខាងស្ដាំ ដាក់ក្នុងចន្លោះឈ្នួតក្បាល ។ កាលបើក្សត្រ និងព្រាហ្មណ៍ទាំងនោះ បន្ទោបង់សេចក្ដីសោកខ្សឹកខ្សួលហើយ ក៏បាននាំគ្នាចែកនូវព្រះធាតុនោះជា ៨ ចំណែក គឺ ៖
ព្រះបាទមាគធអជាសត្តុវេទេហីបុត្រ បានទទួលព្រះធាតុមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប (ព្រះចេតិយ) ក្នុងរាជគ្រឹះ ។
ពួកក្សត្រលិច្ឆវី បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូបក្រុងវេសាលី ។
ពួកក្សត្រអ្នកក្រុងកបិលវត្ថុ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងកបិលវត្ថុ ។
ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងអល្លកប្បៈ ។
ពួកក្សត្រកោឡិយៈ អ្នករាមគ្រាម បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងរាមគ្រាម ។
ព្រាហ្មណ៍អ្នកវេដ្ឋទីបកៈ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងដែនវេដ្ឋទីបកៈ ។
ពួកមល្លក្សត្រក្រុងបាវ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងក្រុងបាវា ។
ពួកមល្លក្សត្រអ្នកក្រុងកុសិនារា បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងក្រុងកុសិនារា ។
ក្នុងកាលណោះ ស្ដេចសក្កទេវរាជទ្រង់រមិលមើលថា អ្នកណាយកចង្កូបកែវខាងស្ដាំទៅ ? ក៏បានដឹងថាទោណព្រាហ្មណ៍ជាអ្នកយកទុកក្នុងចន្លោះឈ្នួតក្បាល ក៏បានគិតថា ទោណព្រាហ្មណ៍នេះ មិនអាចធ្វើសក្ការៈគោរពបូជាចំពោះចង្កូមកែវនេះបានទេ ហើយក៏យកចង្កូមកែវពីទោណព្រាហ្មណ៍នោះទៅ ។ ឯទោណព្រាហ្មណ៍កាលចែកព្រះធាតុអស់ហើយ ក៏យកដៃចាប់មើលចង្កូមកែវត្រង់ឈ្នួតក្បាលមិនឃើញ តែមិនអាចសួរថា អ្នកណាយកចង្កូមកែវទៅ ? ព្រោះខ្លួនជាម្ចាស់ចំណែកហើយ ។
ទោណព្រាហ្មណ៍គិតថា បើដូច្នោះអាត្មាអញនឹងសូមតុម្ពនេះជំនួសចង្កូមកែវវិញ ។ ទើបពោលឡើងថា បពិត្រលោកដ៏ចម្រើន ខ្ញុំសូមតុម្ពនេះទៅបញ្ចុះក្នុងស្ដូប គ្រាន់បានធ្វើសក្ការៈគោរពបូជា ។ ព្រះរាជាទាំងឡាយក៏ព្រមអនុញ្ញាតឲ្យដល់ទោណព្រាហ្មណ៍នោះ ។ ចំណែកពួកក្សត្រមោរិយៈអ្នកក្រុងបិប្ផលិវ័ន មកសូមព្រះធាតុក្រោយគេមិនបាន ក៏សូមយកព្រះអង្គារៈគឺធ្យូងយកទៅធ្វើស្ដូប ធ្វើការបូជាក្នុងក្រុងរបស់ខ្លួន ។
នៅក្នុងគម្ពីរពុទ្ធវំសរបស់ប្រទេសភូមា (ច្បាប់ឆដ្ឋសង្គាយនា) និងគម្ពីរពុធ្ធវំស (ច្បាប់មហាចុឡាតិបិដក ភាគ៣៣ ទំព័រ៥៧៩ ប្រទេសថៃ) មានបាលីប្រាកដពណ៌នាពីរឿងព្រះធាតុនេះ តែក្នុងគម្ពីរពុទ្ធវំសបិដកខ្មែរយើងលេខ៧៧ គ្រាន់តែលើកយកបាលីពីបិដកភូមាមកដាក់ជាលេខយោងត្រង់ទំព័រ២៣៧ បន្ទាត់ទី១០ ប៉ុណ្ណោះ ។ ឯបាលីនោះថា ៖
«ព្រះសារីរិកធាតុទាំងឡាយនោះ ដែលមិនបែកចេញមាន ៧ អង្គគឺ ព្រះឧណ្ហីសធាតុ (ឆ្អឹងថ្ងាស) ១ ព្រះទាឋធាតុ (ចង្កូមកែវ) ៤ ព្រះអក្ខកធាតុ (ឆ្អឹងដងកាំបិត) ២ ព្រះសារីរិកធាតុដ៏សេសសល់ក្រៅពីនោះសុទ្ធតែបែកចេញ (ជាចំណែកតូចៗ) ។»
ព្រះបរមធាតុទាំងឡាយមានខ្នាតផ្សេងៗគ្នាគឺ ព្រះធាតុខ្នាតធំ មានទំហំប៉ុនគ្រាប់សណ្ដែកបាយព្រះធាតុខ្នាតកណ្ដាល មានទំហំប៉ុនកំណាត់គ្រាប់អង្ករបាក់ និង ព្រះធាតុខ្នាតតូច មានទំហំប៉ុនគ្រាប់ស្ពៃ ។
ព្រះបរមធាតុទាំងឡាយ មានពណ៌ផ្សេងៗគ្នាគឺ ព្រះធាតុខ្នាតធំមានពណ៌ដូចមាស ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវមុក្ដា ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាម្លិះ រួមទាំងអស់ប្រមាណ ១៦ នាឡិ ស្មើ ១ ទោណ ។
នៅក្នុងគម្ពីរសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រ ៥/៣៤៧ បានសម្ដែងថា ៖
«ចុះព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធបរម សាស្ដាបែកជាចំណែកប៉ុន្មាន ? មិនបែកប៉ុន្មានដែរ ? ព្រះបរមធាតុព្រះសម្មាសម្ពុទ្ធនៃយើង មិនបែកជាចំណែកតូចៗមាន ៧ គឺ ព្រះចង្កូមកែវ ៤ ដងកាំបិត ២ ថ្ងាស ១ ឯព្រះធាតុដ៏សេសសល់ក្រៅពីនោះ សុទ្ធតែជាចំណែកតូចៗ ។ បណ្ដាព្រះធាតុទាំងនោះ ព្រះធាតុតូចបំផុតប៉ុនគ្រាប់ស្ពៃ ព្រះធាតុខ្នាតកណ្ដាលប៉ុនគ្រាប់អង្ករបាក់ពាក់កណ្ដាល ព្រះធាតុខ្នាតធំបំផុតប៉ុនគ្រាប់សណ្ដែកបាយបាក់ពាក់កណ្ដាល ។»
សេចក្ដីបញ្ជាក់ៈ នៅក្នុងបទនមស្សការត្រង់ធាតុចេតិយនមស្សការគាថា ដែលរៀបរៀងដោយ បណ្ឌិត សែម សូរ ក្នុងសៀវភៅប្រជុំភាណវារបាលីប្រែពិស្ដារ ត្រង់ទំព័រ៣០៣ បន្ទាត់ទី១៣ ដែលគាថានេះបានដកចេញពីគម្ពីរបឋមសម្ពោធិត្រង់ទំព័រ២៦០ តែមិនត្រឹមត្រូវតាមគម្ពីរព្រះត្រៃបិដក ដែលមានក្នុងគម្ពីរពុទ្ធវំសបិដកលេខ៧៧ ទំព័រ២៣៧ បន្ទាត់ទី១១ នោះទេ ។
ដូចគាថាក្នុងព្រះត្រៃបិដកថា មុត្តាវណ្ណា ច មជ្ឈិមា ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវមុក្ដា តែក្នុងបឋមសម្ពោធិ និងយើងធ្លាប់សូត្រមកថា មជ្ឈិមា ផលិកប្បភា ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវផលិក ដូច្នេះគាថានេះ ប្រាកដជាមិនត្រឹមត្រូវតាមព្រះត្រៃបិដកទេ ។ ដូចគាថាក្នុងព្រះត្រៃបិដកមួយបាទទៀតថា ខុទ្ទកា មកុលវណ្ណា ច ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាម្លិះ ស្រាប់តែក្នុងបឋមសម្ពោធិ និងយើងធ្លាប់សូត្រមកថា ខុទ្ទកា ពកុលវណ្ណា ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាថ្កុល បាទគាថានេះ ក៏មិនត្រឹមត្រូវតាមព្រះត្រៃបិដក និងអដ្ឋកថា ព្រោះហេតុនេះ មិនអាចកាន់យកបានឡើយ ។
តាមពិត មកុល ស័ព្ទមិនមែនប្រែថា ផ្កាម្លិះតែម្ដងទេ តែក្នុងគាថានេះ អាស្រ័យច្បាប់ឆ័ន្ទទើបកាត់ពាក្យ សុមនៈ ចេញដែលប្រែថា ផ្កាម្លិះនោះ ។ ពាក្យថា មកុល ក្នុងគម្ពីរអភិធានប្បទីបិកា និងអភិធានប្បទីបិកាដីកាត្រង់សូត្រ៥៤៤ ថា មកុល (មុច មោចនេ + ឧល) ប្រែថា ផ្កាឈើក្ដោប ឬផ្កាឈើក្រពុំ វិ. មុចតីតិ មកុលោ ផ្កាឈើដែលលាស់ចេញ ឈ្មោះថា មកុល (អាទេស គឺផ្លាស់ ឧ ជា អ, ច ជា ក) ។
មានក្នុងអដ្ឋកថា មជ្ឈិមនិកាយថា កមលុប្បលាទីនី ឯកស្មឹ កាលេ វិកសន្តិ ឯកស្មឹ មកុលនិ ហោន្តិ ។ ផ្កាឈូកក្រហម និងឧប្បលជាដើមតែងរីកក្នុងវេលាមួយ តែងក្ដោបទៅក្នុងវេលាមួយ ។ ចុះពាក្យថា មកុល ប្រែថា ក្ដោប ឬក្រពុំ ហេតុអ្វីបានជាហ៊ានប្រែថា ផ្កាម្លះនោះទៅវិញ ? បានជាហ៊ានប្រែថាផ្កាម្លិះនោះ ព្រោះអាងគម្ពីរសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រ ៥/៣៤៧ ថា ៖
«ព្រះធាតុទាំងឡាយដែលនៅសេសសល់ប្រាកដ ដូចផ្កាម្លិះក្រពុំខ្លះ ដូចកែវមុក្ដាដ៏ស្អាតខ្លះ ដូចលម្អិតមាសខ្លះ ។»
ដូច្នេះក្នុងអដ្ឋកថាបានបញ្ជាក់ហើយថា សុមនមកុលសទិសា ប្រាកដដូចផ្កាម្លិះក្រពុំជាក់ច្បាស់ទៅហើយ និងគម្ពីរជិនកាលមាលីបករណ៍ (១/៣៩) បានសម្ដែងថា ៖
«បណ្ដាព្រះបរមសារីរិកធាតុនោះ ព្រះធាតុខ្នាតតូចប៉ុនគ្រាប់ស្ពៃ ។ ព្រះធាតុកណ្ដាលប៉ុនគ្រាប់អង្ករបាក់ពាក់កណ្ដាល ។ បណ្ដាព្រះបរមសារីរិកធាតុនោះ ព្រះធាតុខ្នាតតូចមានពណ៌ប្រាកដដូចផ្កាម្លិះក្រពុំ ។ ព្រះធាតុកណ្ដាលមានពណ៌ប្រាកដដូចកែវមុក្ដាដ៏ស្អាត ។ ព្រះធាតុខ្នាតធំមានពណ៌ប្រាកដដូចជាមាស ។»
ព្រមទាំងក្នុងគម្ពីរបបញ្ចសូទនីអដ្ឋកថា មជ្ឈិមនិកាយ ពាកុលសូត្រត្រង់សុញ្ញតវគ្គបានបញ្ជាក់ធាតុព្រះពាកុលៈមាន មកុល ស័ព្ទដែរថា ៖
«ព្រះធាតុទាំងឡាយនោះឯងនៅសេលសល់ប្រាកដដូចផ្កាម្លិះក្រពុំ ។»
តាមទឡ្ហីករណ៍ដែលបានលើកឡើងខាងលើនេះ ព្រះធាតុខ្នាតតូចគឺមានពណ៌ដូចផ្កាម្លិះក្រពុំ មិនមែនពណ៌ដូចផ្កាថ្កុលទេ ដោយហេតុថាពាក្យ ពកុល មិនមានក្នុងបិដក និងអដ្ឋកថាដែលជាច្បាប់ដើមនោះទេ ។ ដូច្នេះ យើងទាំងអស់គ្នាគប្បីកែបទនមស្សការនេះឲ្យត្រឹមត្រូវតាមព្រះត្រៃបិដក និងអដ្ឋកថាវិញ ។
នៅក្នុងសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រប្រាប់ថា ៖
«ព្រះបរមធាតុរួមទាំងអស់ ១៦ នាឡិ ដោយនាឡិតាមប្រក្រតី (អដ្ឋកថា ទីឃនិកាយ ៥/៣៥៦) ។»
នៅក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ៖
«ព្រះបរមធាតុរបស់ព្រះសម្ពុទ្ធមានចក្ខុ មានចំនួន ៨ ទោណ ។»
យើងត្រូវគិតពីមាគធនាឡិ (បាកតិនាឡិ) និងទោណនេះឲ្យបានច្បាស់លាស់ដើម្បីដឹងពីប្រមាណនៃព្រះធាតុ នេះ ។ តាមគម្ពីរអភិធានប្បទិបិកា គាថាទី៤៨២‑៣ តទៅ ៖
១ បសតៈ ជា ១ កុឌុវៈ
៤ កុឌុវៈ ជា ១ បត្ថៈ
៤ បត្ថៈ ជា អាឡ្ហក
៤ អាឡ្ហក ជា ១ ទោណ ។
តាមមាត្រាវាស់នេះ សឲ្យឃើញថា ៤ កំបង់ដៃ ស្មើ ១ បត្ថៈ គឺ ១ នាឡិ តាមប្រក្រតី ។ ដូចពាក្យក្នុងវិសុទ្ធិមកញក មហាដីកា (២/១៦៧) ថា ៤ កឌុវៈ ជា ១ នាឡិ ។
ក្នុងសុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ (២/២១៨) និងក្នុងសមន្តប្បាសាទិកា វេរញ្ជកណ្ឌវណ្ណនា (១/៣៤០‑៣៤១) ថា ឈ្មោះថា បត្ថៈ គឺមានប្រមាណប៉ុននាឡិត្រឹមល្មដើម្បីចិញ្ចឹមបុរសម្នាក់ៗឲ្យ ប្រព្រឹត្តទៅបាន ។
សរុបព្រះធាតុ
៤ កុឌុវៈ ជាមួយនាឡិតាមប្រក្រតី ៤ នាឡិតាមប្រក្រតី ជាមួយ អាឡ្ហក ៤ អាឡ្ហក ជា ១ ទោណ ។ ដូច្នេះ ៤ x ៤ = ១៦ គឺ ១៦ នាឡិតូចស្មើ ១ ទោណ ។
ព្រះបរមសិរីរិកធាតុសរុបទាំងអស់មាន ១៦ នាឡិ ស្មើ ១ ទោណ ប៉ុណ្ណោះតាមន័យក្នុងអដ្ឋកថា ។ តែព្យញ្ជនៈក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ព្រះបរមសារីរិកធាតុរបស់សម្ពុទ្ធមានចក្ខុមានចំនួន ៨ ទោណ ។ បើមាន ៨ ទោណ មែននោះគឺ ១៦ x ៨ = ១២៨ នាឡិ ទៅហើយ តែអដ្ឋកថាបញ្ជាក់ថា មានតែ ១៦ នាឡិធម្មតាប៉ុណ្ណោះ ។ ហើយគួរឲ្យសង្ស័យដល់អ្នកសិក្សាទៀតនោះ គឺក្នុងសារត្ថទីបនីដីកា (១/២២៣) ព្រះសារីបុត្រជាគន្ថរចនាចារ្យបានខៃពន្យល់ពីព្រះធាតុដែលបានតមក ពីរាមគ្រាមចំនួន ១ ទោណ ថា ៖
«ពាក្យថា ត្រឹម ១ ទោណ គឺស្មើប្រមាណ ១៦ នាឡិ ដោយនាឡិមគធ ។ តាមក្នុងដីកាខៃពន្យល់ព្រះបរមធាតុមានចំនួន ១២៨ នាឡិ តែតាមពិត ព្រះបរមធាតុមានតែ ១៦ នាឡិ ស្មើនឹង ១ ទោណ ទេ ។»
ចុះពាក្យថា ព្រះបរមធាតុមាន ៨ ទោណ ដែលមានក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ ភាគ១៦ ទំព័រ៣៤៩ បន្ទាត់ទី១០ នោះយ៉ាងណាទៅវិញ ? ពាក្យនេះអដ្ឋកថាប្រាប់ថា ៖
«ក៏គាថាទាំងឡាយមានពាក្យជាដើមថា ព្រះបរមធាតុរបស់ព្រះសម្ពុទ្ធមានចក្ចុ មានចំនួន ៨ ទោណ ដូច្នេះជាដើម គឺព្រះថេរៈទាំងឡាយ អ្នកនៅក្នុងកោះតាម្ពបណ្ណិទ្វីប (ប្រទេសសិរីលង្កាសព្វថ្ងៃ) ពោលទុកហើយ ។»
តាមគាថាពន្យល់ក្នុងគម្ពីរបឋមសម្ពោធិត្រង់ ទំព័រ២៦១ បានចង្អុលបង្ហាញប្រាប់ថា ព្រះថេរៈក្នុងកោះតាម្ពបណ្ណិទ្វីបនោះមិនបានគិតពីមាត្រាវាស់ទេ លោកចងគាថាឲ្យគិតយ៉ាងនេះថា ១ ទោណ ស្មើ ២ នាឡិ ដូច្នេះ ៨ x ២ = ១៦ នាឡិ ។ សូម្បីគម្ពីរដទៃមានគម្ពីរជិនកាលមាលីបករណ៍ (១/៣៩) ក៏បានពន្យល់យ៉ាងជាក់ច្បាស់ដែរថា ក៏ធាតុទាំងឡាយរបស់ព្រះដ៏មានព្រះភាគនៃយើងមានត្រឹម ១៦ នាឡិ ។
ហើយធ្វើឲ្យយើងលែងសង្ស័យគ្រាន់ពាក្យថា ៨ ទោណ ដែលមានក្នុងបិដកទៀតនោះ ព្រោះក្នុងអដ្ឋកថា (៥/៣៥៦) បានបញ្ជាក់ពីព្រះធាតុចែកឲ្យទៅទាំង ៨ នគរនោះថា ៖
«ព្រះរាជា និងព្រាហ្មណ៍អ្នកក្នុងនគរនិមួយៗ បានទទួលចំណែកព្រះធាតុ ២ នាឡិៗ (ក្នុងមួយនគរៗ) ។»
ចំណែកព្រះធាតុដែលប្រទេសសិរីលង្កាបានតមកពី រាមគ្រាមនោះ ក៏បានចំណែកតែ ២ នាឡិដែរ មិនមែន ១៦ នាឡិ ដូចដីកាពោលនោះទេ ។
ដូច្នេះសរុបគ្រប់គម្ពីរមក ព្រះបរមធាតុ មាន ១៦ នាឡិ ស្មើ ១ ទោណ ។
ខ្នាត ពណ៌ និង បរិមាណ របស់សម្ភិន្នធាតុ
ព្រះធាតុខ្នាតធំ
ខ្នាតៈ គ្រាប់សណ្ដែកបាយ
ពណ៌ៈ ពណ៌មាស
បរិមាណៈ ៥ នាឡិ
ព្រះធាតុខ្នាតកណ្ដាល
ខ្នាតៈ ប៉ុនគ្រាប់អង្ករបាក់
ពណ៌ៈ កែវមុក្ដា
បរិមាណៈ ៥ នាឡិ
ព្រះធាតុខ្នាតតូច
ខ្នាតៈ ប៉ុនគ្រាប់ស្ពៃ
ពណ៌ៈ ដូចផ្កាម្លិះក្រពុំ
បរិមាណៈ ៦ នាឡិ ។
មានអ្នកសាកសួរថា ហេតុអ្វីទើបព្រះធាតុរបស់ព្រះអរហន្តសម្មាសម្ពុទ្ធមានបំណែកបែកជា ចំណែកតូចៗយ៉ាងនេះ ? ប្រស្នានេះលុះណាតែយើងសិក្សាពីព្រះគុណរបស់ព្រះសម្ពុទ្ធដែលព្រះ អង្គទ្រង់មានសព្វញ្ញូតញ្ញាណ ទ្រង់មានព្រះទ័យករុណាចំពោះសត្វលោកយ៉ាងណា ដូចព្រះអង្គទ្រង់សឹងលើគ្រែបរិនិព្វាន ទ្រង់បានអធិដ្ឋានឲ្យព្រះធាតុបែកជាចំណែកតូចៗ (ជិនកាលមាលីបករណ៍ ១/៣៩) ថា ៖
«តថាគតមិនស្ថិតនៅយូរអង្វែងទេ នឹងបរិនិព្វានទៅ សាសនាតថាគតនៅមិនទាន់ផ្សាយទៅគ្រប់ទីកន្លែងនៅឡើយ ព្រោះហេតុនេះ កាលបើតថាគតបរិនិព្វានទៅហើយ មហាជនទទួលយកនូវព្រះធាតុសូម្បីប៉ុនគ្រាប់ស្ពៃ ហើយធ្វើចេតិយក្នុងទីនៅរបស់ខ្លួនៗ ហើយគោរពបូជា កាលត្រាច់ទៅនឹងមានសួគ៌ក្នុងខាងមុខ ។ ព្រោះហេតុនោះ ព្រះធាតុបែកចេញជាចំណែកតូចៗខ្លះ មិនបែកចេញខ្លះ ។»
អដ្ឋកថា ទីឃនិកាយ មហាវគ្គ ៥/៣៤៧ ថា ៖
«ព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញ ពុទ្ធចរិយាអស់ ៤៥ វស្សា ដើម្បីប្រយោជន៍ដល់សត្វលោក សូម្បីព្រះអង្គទ្រង់បរិនិព្វានទៅហើយ ក៏ព្រះអង្គនៅតែបំពេញប្រយោជន៍ដល់សត្វលោកទៀត ដូចព្រះអង្គទ្រង់អធិដ្ឋានឲ្យព្រះធាតុបែកជាចំណែកតូចៗ ដើម្បីផ្សាយទៅគ្រប់ទីកន្លែងសម្រាប់ជាគ្រឿងសក្ការៈគោរពបូជារបស់ ពុទ្ធបរិស័ទ នឹងបានសម្រេចនូវស្ថានសួគ៌ និងព្រះនិព្វានក្នុងកាលខាងមុខ ៕»
ដោយ៥០០០ឆ្នាំ
images/articles/144/bbhh77.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៣២,៤២៥ ដង)
អដ្ឋកថា (atthakatha) គឺជាគម្ពីរទាំងឡាយដែលនិពន្ធដោយព្រះពុទ្ធឃោសាចារ្យ (Buddhaghosa) ក្នុងគោលបំណងពន្យល់បន្ថែម(explanation or commentary) លើអត្ថបទភាសាបាលីនៅក្នុងគម្ពីរព្រះត្រៃបិដក ។ ដោយសារព្រះត្រៃបិដកខ្មែរបានតម្រៀបគម្ពីរនានាជា ១១០ ក្បាលដាច់ពីគ្នា ទើបនៅក្នុង អដ្ឋកថា មានចំនួនសរុបទាំងអស់ ១១០ ក្បាលដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវក្នុងការស្វែងរក និង ធ្វើលេខយោង ។ មានរឿងនិទានប្រៀបធៀបជាច្រើនដែលប្រតិដ្ឋឡើងដោយព្រះពុទ្ធឃោសាចារ្យសម្រាប់ធ្វើជាឧបមានវិធីក្នុងការពន្យល់ក្រមសីលធម៌ទាំងឡាយ ឧទាហរណ៍ នៅក្នុងអដ្ឋកថា នៃធម្មបទគាថា ។
ដោយ៥០០០ឆ្នាំ
images/articles/185/654edffc.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៨៩,២៥២ ដង)
ព្រះត្រៃបិដក ឬព្រះត្រ័យបិដក ឬត្រ័យបិដក ប្រែថា កញ្រ្ចែង ឬកញ្ចើទាំង៣សម្រាប់ដាក់ផ្ទុកពាក្យពេចន៍វចនៈនៃព្រះសម្មា សម្ពុទ្ធជាម្ចាស់គឺ៖
». ពុទ្ធវិន័យទាំងអស់បានដល់វិន័យបិដក១
». ព្រះសូត្រទាំងអស់បានដល់សុត្តន្តបិដក១
». ព្រះអភិធម្មទាំង៧គម្ពីរបានដល់ព្រះអភិធម្មបិដក១។
វិនយបិដក
វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិនិង ពុទ្ធានុញាតិ។ ក្នុងវិនយបិដកដដែលបានចែកចេញជា៥គម្ពីរមាន៖
គម្ពីរមហាវិភង្គ
គម្ពីរមហាវិភង្គ ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃទាំង២២៧សិក្ខា។
គម្ពីរភិក្ខុណីវិភង្គ
គម្ពីរភិក្ខុណីវិភង្គ ដែលអធិប្បាយនូវវិន័យទាំង៣១១សិក្ខាបទរបស់នាងភិក្ខុណី។
គម្ពីរមហាវគ្គ
គម្ពីរមហាវគ្គ ជាគម្ពីរដែលបានពណ៌នាអំពីពិធីធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ។ ក្នុងគម្ពីរនេះមាន១០ខន្ធកៈនៃ២២ខន្ធកៈដែលនៅសល់១២ខន្ធកៈ ទៀតមានប្រាកដក្នុងគម្ពីរចូឡវគ្គ។
គម្ពីរចូឡវគ្គ
គម្ពីរចូឡវគ្គ គម្ពីរមានភាពប្រហាក់ប្រហែលនឹងគម្ពីរមហាវគ្គផ្សេងតែយក១២ខន្ធកៈក្រៅផ្សេងពី ១០ខន្ធកៈក្នុងគម្ពីរមហាវគ្គតែប៉ុណ្ណោះ។
គម្ពីរបរិវារៈ
គម្ពីរបរិវារៈ ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំនួរចំលើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង៤ខាងលើ។
សុត្តន្តបិដក
សុត្តន្តបិដកគឺជាគម្ពីរដែលបានរួបរួមនូវព្រះធម៌មានលក្ខណៈជាការសម្តែងចាត់ជាក្រុមជា ពួកតាមហេតុការណ៍និងចរិតអធ្យាស្រ័យរបស់សត្វគូរ សន្ទនានោះឯងដែលមានមួយចប់នៃការសាកច្ឆា សន្ទនារវាងព្រះបរមសាស្តានឹងភាគីចរចាហៅថា មួយព្រះសូត្រ ឬសូត្រមួយ។ ក្នុង[[សុត្តន្តបិដក]]មានការចាត់ចំណាត់ថ្នាក់វែង ខ្លី ច្រើន តិច ជាកង ជាពួកនិងជាក្រុមជាដើមដែលបានប្រារព្ធធ្វើឡើងដោយ ព្រះសង្គីតិកាចារ្យតាំងតែ[[បឋមសង្គាយនា]]ឬសង្គាយនាលើកទីមួយមានព្រះអរហន្ត ៥០០អង្គរួមទាំងព្រះមហាកស្សប ព្រះមហាឧបាលីនិងព្រះមហាអានន្ទជាដើមឮរហូតដល់សង្គាយនាគ្រាទី៣ ដែលបានញ៉ាំងព្រះត្រ័យបិដកមានព្រះវិនយបិដកព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដកឲ្យគ្រប់បរិបូរណ៍ហើយនិងសង្គាយនាលើកទី៤(តាម ច្បាប់ស្រីលង្កា) ព្រះត្រ័យបិដកដែនបានបន្តមកដោយការទន្ទេញចាំមាត់របស់ពួក សាវ័កក៏បានសរសេរចារិក ទុកក្នុងស្ត្រាស្លឹករឹតជាលាយលក្ខណ៍អក្សរដោយក្រុមភិក្ខុជនជាតិ ស្រីលង្កា។ ក្រោយមកគម្ពីរព្រះត្រ័យបិដកក៏បាននាំយកទៅសរសេរជាភាសាផ្សេងៗ និងបានមកបកប្រែជាភាសាខ្លួនដើម្បីងាយស្រួលក្នុងការសិក្សា រៀនសូត្រព្រោះដំបូងឡើយមានសំនេរ ជាភាសាស្រីលង្កា (សីហឡភាសា)តែសំនៀងភាសាបាលីហើយត្រូវគេចម្លងយកសំនៀងបាលីមកជា ភាសាខ្លួនហើយប្រែសេចក្តីនែព្រះត្រ័យបិដកទាំងមូល ជាភាសានៃប្រជាជាតិនោះៗ។
ព្រះសុត្តន្តបិដកមាន ៥គម្ពីរដែលបានចារិកទុកនូវពាក្យវចនៈនៃព្រះសម្មាសម្ពុទ្ធ តាមបែបផែនដូច្នេះ៖
គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង៣៤ព្រះសូត្រហើយបែងចែកជា៣វគ្គធំៗគឺ សីលក្ខន្ធវគ្គមាន១៣ព្រះសូត្រ មហាវគ្គមាន១០ព្រះសូត្រ និងបាដិកវគ្គមាន១១ព្រះសូត្រ។
គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក១៥២ព្រះសូត្រ ដែលបែងចែកជា៣បណ្ណាសកៈ មានមូលបណ្ណាសកៈ មជ្ឈិមបណ្ណាសកៈ និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន៥វគ្គតូចៗទៀត ហើយវគ្គតូចៗនីមួយៗមាន១០ព្រះសូត្រវៀរតែវគ្គទី១៤គឺវិភង្គ វគ្គមាន១២ព្រះសូត្រ។ សំយុត្តនិកាយ
សំយុត្តនិកាយ បានប្រមូលរួបរួមនូវកងធម៌តាមប្រភេទ ហើយបែងជា៥វគ្គមានសគាថវគ្គដែលសម្តែងអំពីពួកព្រះសូត្រមាន គាថាទាំងឡាយ២៧១ព្រះសូត្រ១និទានវគ្គ រួមព្រះសូត្រដែលពោល អំពីហេតុ ឬ ឫសគល់នៃសភាវធម៌ទាំងឡាយជាដើម១ ខន្ធវារវគ្គ ព្រះសូត្រដែលពោលអំពីខន្ធទាំងឡាយមានរូបក្ខន្ធជាដើម១ សយនវគ្គ ព្រះសូត្រដែលសម្តែងអំពីពួកអាយតនៈទាំងឡាយ មានរូបាយតនៈ ជាដើម១ មហាវារវគ្គ ព្រះសូត្រដែលសម្តែងអំពីពួកធម៌សំខាន់ៗដូចជាមគ្គ៨ ពោជ្ឈង្គ៧ ឥន្រ្ទិយ៍២២ជាដើម១។ សំយុត្តនិកាយ ជាគម្ពីរដែលរួបរួមធម៌ជាក្រុមមួយៗហៅថា សំយុត្តមួយរួមទាំងអស់មាន៥៦សំយុត្តរួមគ្នាដូចជាទេវតាសំយុត្តជាដើម និងមាន៧៧៦២ព្រះសូត្រ។
អង្គុត្តរនិកាយ ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន១១និបាតដូចជាក្នុងឯកនិបាតសម្តែងអំពី ពួកធម៌មានអង្គ១ ទុកនិបាត មានអង្គ២ តិកនិបាតមានអង្គ៣ រហូតដល់ឯកាទសកនិបាត គឺពួកធម៌មានអង្គ១១ដូច្នេះជាដើម។ ដោយរួមក្នុងអង្គុត្តរនិកាយមានព្រះសូត្រសរុបទាំងអស់៩៥៥៧ព្រះសូត្រ។
ខុទ្ទកនិកាយ ប្រែថាគម្ពីរដែលមានធម៌បន្តិចបន្តួចសេសសល់ ឬក្រៅពី៤គម្ពីរខាងលើមាន១៥ប្រភេទមាតិកាបានដល់៖
១. ខុទ្ទកបាឋ មានបទសូត្រខ្លីៗ៩បទមានសរណគមន៍ជាដើមមានករណិយមេត្តសូត្រជាបរិយោសាន១
២. ធម្មបទគាថាមាន២៦វគ្គដូចជាយមកវគ្គជាដើមមានព្រហ្មណវគ្គជាបរិយោសាន និងសរុបទាំងអស់មានច្រើនជាង៤០០គាថា។
៣. ឧទាន មានពុទ្ធសុភាសិតដែលបន្លឺចេញចាកព្រះឱស្ឋ។
៤. ឥតិវុត្តក មានវចនៈដែលពោលអាងដល់ព្រះពុទ្ធវចនៈ។មាន១១២ព្រះសូត្រ។
៥. សុត្តនិបាត មានព្រះសូត្រតូចៗ៧០សូត្រ។
៦. វិមានវត្ថុ មានសម្តែងពីរឿងពួកធ្វើល្អហើយបានទៅកើតជាទេវបុត្រ ទេវធីតាស្ថានសួគ៌។
៧. បេត្តវត្ថុ មានសម្តែងពីរឿងពួកធ្វើបាបកម្មទៅកើតជាពួកប្រែត។
៨. ថេរគាថា មានប្រជុំគាថារបស់ពួកព្រះថេរទាំងឡាយ។
៩. ថេរីគាថា មានប្រជុំសុភាសិតរបស់នាងភិក្ខុណីទាំងឡាយ។
១០. ជាតក មានប្រជុំរឿងជាតកទាំងអស់៥៥០ជាតកដែលជាប្រវត្តិរឿងរ៉ាវពីអឌិតរបស់ព្រះពោធិសត្វ។
១១. និទ្ទេស ចែកជា២មានមហានិទ្ទេស និងចូឡនិទ្ទេស ដែលទាំងពីរព្រះសារិបុត្តបាននាំយកព្រះសូត្រក្នុងសុត្តនិបាតមកអធិប្បាយឲ្យពិស្តារបន្ថែម។
១២. បដិសម្ភិទាមគ្គ គឺជាការលើកយកពួកធម៌មាន៣០យ៉ាងមកអធិប្បាយនិងចំនែកឲ្យតូចៗដោយពិស្តាររបស់ព្រះសារិបុត្ត។
១៣. អប្បទាន ឬអបទាន មានការរួបរួមនូវសម្តីឬពាក្យពេចន៍ចុងក្រោយមុននឹងចូលនិព្វានរបស់ ព្រះអរហន្តទាំងឡាយទាំងព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធនិង ព្រះសាវ័កពុទ្ធ។
១៤. ពុទ្ធវង្ស ឬពុទ្ធវំស មានរៀបរាប់អំពីព្រះពុទ្ធទាំង២៤ព្រះអង្គពីអតីតកាលរហូតដល់ព្រះពុទ្ធសមណគោតមនៃយើងនេះឯង។
១៥. ចរិយាបិដក មានប្រវត្តរឿងរ៉ាវ៣៥ចរិយានៃការកសាងបារមីរបស់ព្រះបរមពោធិសត្វក្នុងភទ្ទកប្បនេះ។
អភិធម្មបិដក
». សុមង្គលវិលាសិនី
». ធម្មសង្គណី
». សវិភង្គប្បករណ៍
». ចធាតុកថា
». បុគ្គលប្បញ្ញត្តិ
». កថាវត្ថុ
». យមកប្បករណ៍
». មហាបដ្ឋាន
ដោយ ៥០០០ឆ្នាំ
images/articles/189/Unti3456tled-1.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៨៨,៦១៥ ដង)
ទង់ព្រះពុទ្ធសាសនាបានធ្វើការបង្ហាញរូបរាង និងចាប់បង្ហូតនៅក្នុងប្រទេសខ្មែរគឺ នាឱកាសបុណ្យពាក់កណ្តាលសាសនា ក្នុងពុទ្ធសករាជ២៥០០នៅទីក្រុងភ្នំពេញគឺក្រោយពេលដែលសម្តេចព្រះសង្ឃរាជ ជួន ណាត យាងមកពីប្រជុំមហាសន្និបាតប្រមុខដឹកសង្ឃពុទ្ធសាសនាទូទាំងពិភពលោក នាប្រទេសឥណ្ឌារួចនោះ។
images/articles/2729/rgvrcdgvfdxc.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៤,២៩៤ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទេវទហនិគម នាដែនសក្កៈ ។ ព្រះអដ្ឋកថាប្រាប់ថា ព្រះអង្គគង់ប្រថាប់នៅព្រៃលុម្ពិនី ( ជាទីដែលទ្រង់ប្រសូត ) ។ ក្នុងទីនោះ ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយនូវ បុព្វេកតវាទ របស់ពួកនិគ្រន្ថ ។ បុព្វេកតវាទ គឺជាគំនិតយល់ខុសមួយបែប ដែលគេតែងពោលថា ការសោយអារម្មណ៍ឯណានីមួយ សុខក្ដី ទុក្ខក្ដី អទុក្ខមសុខក្ដី ការសោយអារម្មណ៍ទាំងអស់នោះ កើតឡើងព្រោះកម្មដែលខ្លួនបានធ្វើហើយក្នុងកាលមុនដូច្នេះឯង ។
ពួកនិគ្រន្ថបានយល់ឃើញដូច្នេះទៀតថា កម្មចាស់ទាំងនោះ អស់ទៅបានដោយការប្រព្រឹត្តតបៈ តាមដែលពួកគេបានប្រព្រឹត្តដោយវិធីផ្សេងៗ កាលដែលកម្មចាស់អស់ទៅ ទាំងមិនធ្វើនូវកម្មថ្មី ក៏មិនមានផលតទៅ នេះជាការអស់ទៅនៃវេទនា ហើយក៏ជាការសាបសូន្យទៅនៃទុក្ខទាំងពួងហ្នឹងឯង ។ តាមពិត វេទនាក្នុងជាតិនេះ មិនមែនសុទ្ធតែជាផលវិបាករបស់កម្មចាស់ទៅទាំងអស់នោះទេមានវេទនាជាផលវិបាកនៃកម្មក្នុងបច្ចុប្បន្នជាតិនេះក៏មាន វេទនាជាកុសលក៏មាន វេទនាជាអកុសលក៏មាន នៅវេទនាជាកិរិយាទៀត ដែលវេទនាទាំងអស់នេះ រួមមកគឺសុខវេទនា ទុក្ខវេទនា និងអទុក្ខមសុខវេទនា ។
អ្វីជាអស្សាទៈ តម្រេកត្រេកអរដែលនាំឱ្យសត្វលោកជាប់ជំពាក់ក្ដី អ្វីជាអាទីនវៈគឺទោសក្ដី និងអ្វីជាការរលាស់ចោលនូវវេទនានោះក្ដី ពួកនិគ្រន្ថមិនដឹងទេ ទាំងដែលវាទៈរបស់និគ្រន្ថនោះសោត ក៏គ្រាន់តែស្មានៗតែប៉ុណ្ណោះ ព្រោះមិនបានដឹងថា ខ្លួនធ្លាប់កើតយ៉ាងណា ធ្វើបាបកម្មអ្វីខ្លះ ទុក្ខប៉ុនណាអស់ទៅហើយ ទាំងមិនបានដឹងអំពីការលះបង់នូវអកុសលធម៌ និងការបំពេញនូវកុសលធម៌ក្នុងបច្ចុប្បន្ននេះផង ។
ការប្រឹងប្រែងព្យាយាមរបស់ពួកនិគ្រន្ថ មិនអាចឱ្យរួចចាកទុក្ខទេ ។ នៅក្នុងព្រះពុទ្ធសាសនា មានការលះបង់នូវទុក្ខទាំងពួងដោយបរិញ្ញា ចំពោះវេទនាគឺបដិបត្តិកំណត់ដឹងនូវការសោយអារម្មណ៍ ឯណានីមួយនោះ ត្រឹមតែជាវេទនាប៉ុណ្ណោះ ដែលមានបច្ច័យឱ្យកើតឡើងហើយ រលត់ទៅវិញ នេះគឺវេទនានុបស្សនាសតិប្បដ្ឋាន ទើបលះបង់បាននូវតណ្ហាដែលជាហេតុនៃទុក្ខ ។
ភិក្ខុក្នុងព្រះសាសនានេះ មិនបានប្រឹងប្រែងព្យាយាមយកទុក្ខមកគ្របសង្កត់ខ្លួន ដោយទុក្ករកិរិយាផ្សេងៗនោះឡើយ មានជីវិតរស់នៅជាសុខប្រកបដោយធម៌ បរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដោយការពិចារណា មិនជ្រុលជ្រប់ក្នុងសេចក្ដីសុខដោយតណ្ហា មានតែការអស់ទៅនៃតណ្ហានោះឯង ដោយការប្រឹងប្រែងក្នុងសម្មប្បធាន ៤ ។ ជាគោលការណ៍សំខាន់នៅក្នុងព្រះពុទ្ធសាសនា គឺកុសលធម៌ចម្រើនឡើង អកុសលធម៌សាបសូន្យទៅ ត្រូវរៀបចំដំណើរជីវិតរស់នៅយ៉ាងនេះ ទើបបានរួចផុតចាកទុក្ខពិតប្រាកដមែន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2719/_________pic.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៥,៣៨២ ដង)
សទ្ធម្មប្បតិរូបកសូត្រ
(ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម)
សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគរួចអង្គុយក្នុងទីដីសមគួរ ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទតិច តែមានភិក្ខុបានសម្រេចព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេចព្រះអរហត្តតិច ។
ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វសាបសូន្យទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេចព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បតិរូបក៍ គឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្ម មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណាអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ ។ ម្នាលកស្សប ជាតរូប- ប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស មិនទាន់កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមានដរាបនោះ ម្នាលកស្សប ជាតរូបប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនេះ យ៉ាងណាមិញ ។ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមានដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនេះឯង។
ម្នាលកស្សប បឋវីធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោកនេះ ទើបធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូកលិចចុះដោយការផ្ទុករបស់យ៉ាងណា ។ ម្នាលកស្សប ការអន្តរធាននៃព្រសទ្ធម្ម មិនមែនយ៉ាងនេះទេ ។
ម្នាលកស្សប ធម៌ ៥ ប្រការនេះ ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។
ម្នាលកស្សប ធម៌ ៥ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ទាំង ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សបពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា ១ ជាអ្នកគោរព កោតក្រែងចំពោះព្រះធម៌ ១ ជាអ្នក គោរព កោតក្រែងចំពោះព្រះសង្ឃ ១ ជាអ្នកគោរព កោតក្រែងចំពោះសិក្ខា ១ ជាអ្នកគោរព កោតក្រែងចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ កស្សបសំយុត្តទី ៤ សទ្ធម្មប្បតិរូបកសូត្រទី ១៣ បិដក ៣២ ទំព័រ ១៧៦)
សទ្ធម្មប្បតិរូបក៍ ២ យ៉ាងៈ
១. អធិគមសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងឈាន មគ្គ ផល និព្វាន
២. បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងព្រះបរិយត្តិ
អធិគមសទ្ធម្មប្បតិរូបក៍ បានដល់ វិបស្សនូបក្កិលេស ១០ យ៉ាង
១. ឱភាស
២. ញាណ
៣. បីតិ
៤. បស្សទ្ធិ
៥. សុខ
៦. អធិមោក្ខៈ
៧. បគ្គាហៈ
៨. ឧបដ្ឋានៈ
៩. ឧបេក្ខាវជ្ជនៈ
១០. ឧបេក្ខានិកន្តិ
បរិយត្តិសទ្ធម្មប្បតិរូបក៍
ធម៌ដែលមិនមែនជាពុទ្ធវចនៈ គឺ គុឡ្ហវិន័យ គុឡ្ហវេស្សន្តរ គុឡ្ហមហោសធ វណ្ណបិដក អង្គុលិមាលបិដក រដ្ឋបាលគជ្ជិតៈ អាឡវកគជ្ជិតៈ វេទល្លបិដក ដែលក្រៅពីកថាវត្ថុ ៥ យ៉ាងនេះគឺធាតុកថា អារម្មណកថា អសុភកថា ញាណវត្ថុកថា វិជ្ជាករណ្ឌកៈ ដែលមិនឡើងកាន់សង្គីតិទាំង ៣ ឈ្មោះថា បរិយត្តិសទ្ធម្មប្បតិរូបក៍ ។
(សារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ)
កំណត់ចំណាំ 902
ធម៌ណាដែលបុគ្គលតែងឡើងដោយប្រើពាក្យហាក់ដូចជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមានពាក្យថា ម្នាលភិក្ខុទាំងឡាយ......ជាដើម តែពាក្យនោះ គឺព្រះសម្មាសម្ពុទ្ធមិនបានត្រាស់ឡើយ ធម៌ដែលមានសភាពដូច្នេះ ក៏សង្គ្រោះចូលក្នុងសទ្ធម្មប្បដិរូបក៍ទាំងអស់ ។
ដោយ៥០០០ឆ្នាំ
images/articles/2741/_________pic.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤២,១៨០ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាព្រះមហាវិហារជេតពន ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីបំណងប្រាថ្នារបស់សត្វ ទាំងឡាយ ។ សត្វទាំងឡាយប្រាថ្នាឲ្យអារម្មណ៍មិនល្អ គឺអារម្មណ៍មិនជាទី ប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ឲ្យសាបសូន្យទៅ ចំណែក អារម្មណ៍ល្អៗ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចម្រើនឡើង ប៉ុន្តែទោះជាសត្វទាំងឡាយប្រាថ្នាដូច្នេះក៏ដោយ ក៏មិន បានសម្រេចដូចប្រាថ្នាគឺបានតែអារម្មណ៍មិនល្អ ចំណែកអារម្មណ៍ ល្អៗរមែងសាបសូន្យទៅ តើព្រោះហេតុអ្វី ។
យថាតំ អវិទ្ទសុនោ ព្រោះបុថុជ្ជនអន្ធពាលមិនដឹងតាម ពិត ក៏រមែងដូច្នោះឯង ។ បុថុជ្ជនល្ងង់ខ្លៅ មិនស្គាល់ធម៌ដែលគួរ សេពគប់ ក៏មិនស្គាល់ធម៌ដែលមិនគួរសេពគប់ដែរ ព្រោះហេតុតែមិនស្គាល់ធម៌ដូច្នេះ ក៏បានសេពគប់នូវធម៌ដែលមិនគួរសេពគប់ ហើយ បែរជាមិនសេពគប់នូវធម៌ដែលគួរសេពគប់ទៅវិញដូច្នេះទើបមិនបានសម្រេចតាមប្រាថ្នា បានតែអារម្មណ៍មិនល្អទៅវិញហ្នឹងឯង ។
យថាតំ វិទ្ទសុនោ ព្រះអរិយសាវ័កជាអ្នកចេះដឹងតាម ពិត មានសភាពផ្ទុយគ្នាអំពីបុថុជ្ជនអន្ធពាលដែលមិនដឹងតាមពិត ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងនូវធម្មសមាទាន ៤ យ៉ាង ធម្មសមាទានក្នុងព្រះសូត្រនេះ គឺព្រះអង្គទ្រង់ត្រាស់យកអកុសលកម្មបថ ១០ និងកុសលកម្មបថ ១០ មកជាធម៌ដែលគេកាន់ យកជាការប្រព្រឹត្ត មានបាណាតិបាតជាដើម ។ ៤ យ៉ាងគឺ
១- ទុក្ខក្នុងបច្ចុប្បន្ន ទាំងមានទុក្ខជាវិបាកតទៅ
២- សុខក្នុងបច្ចុប្បន្ន តែមានទុក្ខជាវិបាកតទៅ
៣- ទុក្ខក្នុងបច្ចុប្បន្ន តែមានសុខជាវិបាកតទៅ
៤- សុខក្នុងបច្ចុប្បន្ន ទាំងមានសុខជាវិបាកតទៅ
អវិជ្ជាគតោ បុគ្គលដែលធ្លាក់នៅក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹង មិនស្គាល់នូវធម្មសមាទានទាំង ៤ នេះតាមពិតឡើយ ម្ល៉ោះហើយ ក៏បានសេពគប់នូវធម្មដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ចំណែកអារម្មណ៍ ល្អៗសាបសូន្យអស់ នេះជារឿងរបស់បុថុជ្ជនល្ងង់ខ្លៅ ( យថាតំ អវិទ្ទសុនោ ) ដែលមិនបានវៀរចាកនូវអកុសលកម្មបថ ១០ នោះ ដូចបាលីថា តំ អវិទ្ធា អវិជ្ជាគតោ យថាភូតំ នប្បជានន្តោ តំ សេវតិ តំ ន បរិវជ្ជេតិ ប្រែថា បុគ្គលមិនដឹងនូវ ធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃអវិជ្ជា រមែងមិនដឹងច្បាស់តាមសេចក្តីពិត ក៏បានសេពនូវធម្មសមាទាននោះ មិន វៀរចាកនូវធម្មសមាទាននោះឡើយ ។
វិជ្ជាគតោ ជាអ្នកដែលធ្លាក់ក្នុងអំណាចនៃវិជ្ជា រមែងមានការចេះដឹងនៅក្នុងធម្មសមាទាន ៤ យ៉ាងនេះ តាមសេចក្តីពិត ក៏មិនបានសេពគប់នូវធម្មសមាទានណា ដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ គឺជាបុគ្គលវៀរចាកនូវធម្មសមាទាននោះ ដែលធ្វើឲ្យអារម្មណ៍ទាំងឡាយដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចម្រើនឡើង នេះជារឿងរបស់ព្រះអរិយសាវ័កអ្នកចេះដឹង ( យថាតំ វិទ្ទសុនោ ) ដែលបានវៀរចាកនូវអកុសលកម្មបថ ១០ ដូចបាលី ព្រះពុទ្ធដីកាថា តំ វិទ្ធា វិជ្ជាគតោ យថាភូតំ បជានន្តោ តំ ន សេវតិ តំ បរិវជ្ជេតិ ប្រែថា បុគ្គលដែលបានដឹងនូវធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃវិជ្ជា មានការដឹងច្បាស់ តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះឡើយ គឺវៀរចាកនូវធម្មសមាទាននោះឯង ។
អ្នកសិក្សាក្នុងព្រះសូត្រនេះ អាចសង្ស័យងេងងោងបាន បើមិនបានភ្ជាប់សេចក្តីអំពីខាងដើមនៃព្រះសូត្រទេនោះ ។ សេចក្តីខាងដើមគឺការដែលចេះតែបាននូវអារម្មណ៍មិនល្អ អារម្មណ៍ល្អសាបសូន្យ គឺព្រោះហេតុអកុសលកម្មបថ ១០ នោះឯង ជាបន្តគឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់អំពីអន្ធបុថុជ្ជន ( យថាតំ អវិទ្ទសុនោ ) ដែលមិនដឹងនូវធម្មសមាទានទាំង ៤ រមែងសេពនូវអកុសលកម្មបថ ១០ ( តំ សេវតិ ) មិនវៀរនូវអកុសលកម្មបថ ១០ នោះ ( តំ ន បរិវជ្ជេតិ ) មិនមែនសេពនូវធម្មសមាទានទាំង ៤ មិនវៀរនូវធម្មសមាទានទាំង ៤ នោះៗទេ ។ ចំណែកខាងព្រះអរិយសាវ័ក ( យថាតំវិទ្ទសុនោ ) ដែលបានចេះដឹងក្នុងធម្មសមាទានទាំង ៤ ហើយ រមែងមិនសេពនូវអកុសលកម្មបថ ( តំ ន សេវតិ ) វៀរចាកនូវអកុសលកម្មបថនោះ ( តំ បរិវជ្ជេតិ ) គឺមិនមែនបានសេចក្តីថា មិនសេពនូវធម្មសមាទានទាំង ៤ នោះ វៀរចាកនូវ ធម្មសមាទានទាំង ៤ នោះឡើយ ។
ធម្មសមាទានទី ១ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយទុក្ខទោមនស្ស ទោះជាកាមេសុមិច្ឆា អភិជ្ឈា និងមិច្ឆាទិដ្ឋិ កើតនៅតែក្នុងលោភមូលចិត្ត ប៉ុន្តែកម្មបថបីនេះប្រកបដោយ ទុក្ខទោមនស្ស ក្នុងបុព្វចេតនា និងអបរចេតនា នៅក្នុងធម្មសមាទាន ទី ១ នេះ ។
ធម្មសមាទានទី ២ គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយសុខសោមនស្ស ទោះជា បាណាតិបាត ផរុសវាចា និងព្យាបាទ ដែលកើតនៅតែក្នុងទោសមូលចិត្តក៏ដោយ ប៉ុន្តែរមែង សុខសោមនស្សក្នុងបុព្វចេតនា និងអបរចេតនា ប្រព្រឹត្តទៅនៅក្នុងធម្មសមាទានទី ២ នេះ ។
ធម្មសមាទានទី ៣ គឺកុសលកម្មបថ ១០ ដែលជាទុក្ខ-ទោមនស្ស ដោយបុព្វចេតនា និងអបរចេតនា ។
ធម្មសមាទានទី ៤ គឺកុសលកម្មបថ ១០ ដែលប្រព្រឹត្តទៅជា សុខដោយចេតនាទាំងបីកាល ។
ធម្មសមាទានទី ១ ប្រៀបដូច ផ្លែននោងព្រៃ រសជាតិល្វីង ទាំងដែលគេយកមកលាយដោយថ្នាំពិសទៀត ធម្មសមាទានទី ២ ប្រៀបដូច ភាជន៍សំរឹទ្ធិពេញដោយទឹកផ្អែមឆ្ងាញ់ តែលាយដោយថ្នាំ ពិស ធម្មសមាទានទី ៣ ប្រៀបដូច ទឹកមូត្រស្អុយលាយដោយថ្នាំសម្រាប់ព្យាបាលរោគស្គមលឿង ធម្មសមាទានទី ៤ ប្រៀបដូច ទឹកដោះ ទឹកឃ្មុំ និងទឹកអំពៅលាយគ្នាធ្វើថ្នាំព្យាបាលរោគធ្លាក់ ឈាម ។ ធម្មសមាទានពីរខាងដើម ក្នុងសេចក្តីប្រៀបគឺធ្វើឲ្យអ្នកផឹកនោះឯងមិនឆ្ងាញ់ក៏ដោយ ឆ្ងាញ់ក៏ដោយ លទ្ធផលគឺស្លាប់ដោយ ជាតិពិសហ្នឹងឯង ចំណែកពីរខាងចុង ទាំងមិនឆ្ងាញ់ ទាំងឆ្ងាញ់ គឺ សុទ្ធតែបានជារោគនោះៗ ដោយអំណាចនៃភេសជ្ជៈព្យាបាលរោគ។
នៅខាងចុងនៃព្រះសូត្រ ព្រះបរមសាស្តាទ្រង់ត្រាស់សម្តែង ធម្មសមាទានទី ៤ ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្នផង ទាំងមាន សេចក្តីសុខតទៅផង ប្រៀបដូចជាព្រះអាទិត្យរះក្នុងសរទសម័យមេឃស្រឡះក្នុងខែខាងចុងនៃវស្សានរដូវ មានរស្មីរុងរឿងត្រចះត្រចង់ ។ ធម្មសមាទានទី ៤ នេះ អាចគ្របសង្កត់នូវពាក្យផ្សេងៗ របស់ពួកសមណព្រាហ្មណ៍ដទៃក្រៅព្រះពុទ្ធសាសនាដ៏ច្រើន ដូចពាក្យថា សេចក្តីសុខគឺទាល់តែធ្វើខ្លួនឲ្យលំបាកទើបបាន ដូច្នេះ ជាដើម ។ ក្នុងព្រះអដ្ឋកថា ប្រាប់ថា ព្រះសូត្រនេះ ពួកទេវតាជ្រះថ្លា ពេញចិត្តដ៏ក្រៃលែង ទាំងបានលើករឿងទេវតាជាព្រះសោតាបន្នមួយ អង្គ ពោលពាក្យសាធុការ អនុមោទនាក្នុងការស្វាធ្យាយនូវព្រះសូត្រ នេះ នៃព្រះភិក្ខុមួយអង្គ ។
ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគ៧
ដោយ៥០០០ឆ្នាំ
images/articles/2750/xgcrdxzfsfdv.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៨,៧២៩ ដង)
ពាក្យថាអរិយសច្ច មានអត្ថ ៤ យ៉ាង
១- ព្រោះព្រះអរិយបុគ្គល មានព្រះសម្មាសម្ពុទ្ធជាដើម បានចាក់ធ្លុះនូវសច្ចៈទាំងនោះ ទើបហៅថា អរិយសច្ច ដូចជាព្រះពុទ្ធដីកាក្នុងបិដកលេខ ៣៩ ទំព័រ ២៦៦ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយគ្រប់អង្គក្នុងអតីតកាល បានត្រាស់ដឹងហើយ... ក្នុងអនាគតកាលនឹងបានត្រាស់ដឹង... ក្នុងបច្ចុប្បន្នកាល រមែងត្រាស់ដឹងតាមសេចក្ដីពិត ព្រះអរហន្តសម្មាសម្ពុទ្ធគ្រប់ព្រះអង្គនោះ រមែងត្រាស់ដឹងនូវអរិយសច្ច ៤ តាមសេចក្ដីពិត។
២- ព្រោះដោយអត្ថថា ជាសច្ចៈរបស់ព្រះអរិយៈ ដូចក្នុងបិដកលេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ជាអរិយបុគ្គលក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ព្រោះហេតុនោះ (សច្ចៈ ៤ ដែលតថាគតសម្ដែងហើយ) ហៅថា អរិយសច្ច។ អដ្ឋកថា តថាគតោ អរិយោ តស្មា អរិយសច្ចានីតិ វុច្ចន្តិ ដោយសេចក្ដីថា អរិយសច្ចទាំងឡាយនោះ ឈ្មោះថា ជារបស់ព្រះអរិយៈ ព្រោះព្រះតថាគត ជាព្រះអរិយៈទ្រង់ត្រាស់ដឹង និងត្រាស់សម្ដែងហើយ ព្រោះហេតុណា ហេតុនោះ ទើបឈ្មោះថា អរិយសច្ច គឺជាសេចក្ដីពិតរបស់ព្រះអរិយៈ។
៣- ព្រោះសម្រេចជាព្រះអរិយបុគ្គល ដោយការបានត្រាស់ដឹងនូវសច្ចៈទាំង ៤ ដូចក្នុងព្រះពុទ្ធដីកា បិដកលេខ ៣៩ ទំព័រ ២៦៥ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត ដែលមានឈ្មោះថា អរហន្តសម្មាសម្ពុទ្ធ ព្រោះតថាគត បានត្រាស់ដឹងនូវអរិយសច្ច ៤ នេះ តាមសេចក្ដីពិត។
៤- ឈ្មោះថា អរិយសច្ច ព្រោះដោយអត្ថថា ជាសច្ចៈដ៏ប្រសើរ ក្នុងបិដកលេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អរិយសច្ច ៤ នេះ ជារបស់ពិត មិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ ព្រោះហេតុនោះ បានជាតថាគត ហៅថាអរិយសច្ច ។ តថានិ ជារបស់ពិត អវិតថានិ មិនប្រែប្រួល អនញ្ញថានិ មិនក្លាយទៅជារបស់ដទៃ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2751/dthvgcrdvxsfd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤២,៥១៣ ដង)
១- អបិច វេរីវេរមូលវេរសមុគ្ឃាតវេរសមុគ្ឃាតុបាយេហិ ម្យ៉ាងទៀត គប្បីជ្រាបសច្ចៈទាំងនេះ ដោយឧបមា ប្រកបដោយបុគ្គលមានពៀរ មូលហេតុនៃពៀរ ការដកចេញនូវពៀរ (ស្ងប់វេរា) និងឧបាយនៃការដកចេញនូវពៀរ ។
២- វិសរុក្ខរុក្ខមូលមូលុបច្ឆេទតទុបច្ឆេទុបាយេហិ ដើមឈើមានពិស ឫសនៃដើមឈើពិស ការកាត់គាស់នូវឫសឈើពិស និងឧបាយនៃការកាត់គាស់ឫសគល់ឈើពិសនោះ ។
៣- ភយភយមូលនិព្ភយតទធិគមុបាយេហិ ការមានភ័យ មូលហេតុនៃភ័យ ការរួចផុតពីភ័យ និងឧបាយនៃការរួចផុតចាកភ័យនោះឯង ។
៤- ឱរិមតីរមហោឃបារិមតីរតំសម្បាបកវាយាមេហិ ត្រើយអាយ អន្លង់ទឹកធំ ត្រើយនាយ និងសេចក្ដីព្យាយាមឱ្យបានដល់ត្រើយនាយនោះ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2752/sgvdxsxsdcfvhg.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦១,០៤៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារជេតពន ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីទិដ្ឋិច្រើនប្រការ ឱ្យដល់ភិក្ខុទាំងឡាយបានស្ដាប់ក្នុងវត្តជេតពននោះឯង ។ ទិដ្ឋិដែលប្រារព្ធយកខន្ធជាអនាគត មកជាអារម្មណ៍ មាន ៥ ចំណែក គឺ
១- អត្តា កាលស្លាប់ទៅហើយកើតទៀត មានសញ្ញា ។
២- អត្តា កាលស្លាប់ទៅហើយកើតទៀត មិនមានសញ្ញា ។
៣- អត្តា កាលស្លាប់ទៅហើយកើតទៀត មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ។
៤- សត្វស្លាប់ទៅសូន្យ មិនកើតទៀតឡើយ ។
៥- ទិដ្ឋធម្មនិព្វានវាទ យល់ឃើញថាកាមសុខនិងឈានសុខ ជាព្រះនិព្វានក្នុងបច្ចុប្បន្ន ។
ទិដ្ឋិទាំង ៥ ពួកនេះ រួមជា ៣ ពួកក៏បាន គឺ ៣ ពួកខាងដើម ជាសស្សតវាទ ពួក ១ បន្តមកគឺឧច្ឆេទវាទ ពួក ១ និងទិដ្ឋធម្មនិព្វានវាទ ពួក ១ ដោយប្រការដូច្នេះទើបព្រះសូត្រនេះ មានឈ្មោះថា បញ្ចត្តយសូត្រ គឺ ៥ មកជា ៣ ឬ ៣ ទៅជា ៥ ក៏បាន ។
ជាបន្តមកក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងចែកទិដ្ឋិ ៥ ពួកខាងដើមនោះ ទៅជាទិដ្ឋិ ៤៤ ដូចនៅក្នុងព្រហ្មជាលសូត្របិដកលេខ ១៤ ដែរ គឺ
-សស្សតទិដ្ឋិជាសញ្ញីវាទ មាន ១៦
-សស្សតទិដ្ឋិជាអសញ្ញីវាទ មាន ៨
-សស្សតទិដ្ឋិជានេវសញ្ញីនាសញ្ញីវាទ មាន ៨
-ឧច្ឆេទទិដ្ឋិ មាន ៧
-ទិដ្ឋធម្មនិព្វានវាទ មាន ៥ ។
ទិដ្ឋិទាំង ៤៤ គឺប្រារព្ធយកខន្ធជាអនាគត មកជាអារម្មណ៍ ហៅថា អបរន្តកប្បទិដ្ឋិ ។ បន្ទាប់មកព្រះអង្គទ្រង់សម្ដែងអំពីទិដ្ឋិ ៥ ពួកទៀត ដែលប្រារព្ធយកខន្ធអតីតមកជាអារម្មណ៍ ៥ ពួកនេះ ចែកបានជាទិដ្ឋិ ១៨ គឺ
១- សស្សតទិដ្ឋិ មាន ៤
២- ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ មាន ៤
៣- អន្តានន្តទិដ្ឋិ មាន ៤
៤- អមរាវិក្ខេបទិដ្ឋិ មាន ៤
៥- អធិច្ចសមុប្បន្នទិដ្ឋិ មាន ២ ។
ទិដ្ឋិ ៥ ពួក ចែកបានជាទិដ្ឋិ ១៨ ដែលប្រារព្ធយកខន្ធខាងដើមគឺខន្ធអតីតមកជាអារម្មណ៍នោះ ហៅថា បុព្វន្តកប្បទិដ្ឋិ ។ បូកបញ្ចូលបុព្វន្តកប្បទិដ្ឋិ ១៨ និងអបរន្តកប្បទិដ្ឋិ ៤៤ ត្រូវជាទិដ្ឋិ ៦២ ។ ចំពោះទិដ្ឋិទាំង ៦២ នេះ គឺមានសក្កាយទិដ្ឋិ ដែលប្រកាន់ថាជាសត្វបុគ្គលតួខ្លួន ជាមេ ជាប្រធាន ទើបព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសសម្ដែងនៅក្នុងព្រះសូត្រនេះជាបន្តថា ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុកនូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ កន្លងនូវអទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញជាអ្នកស្ងប់រម្ងាប់ អាត្មាអញជាអ្នករលត់ទុក្ខ អាត្មាអញជាអ្នកមិនមានសេចក្ដីប្រកាន់ ( ក្នុងបញ្ចក្ខន្ធ ) ។
ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹងច្បាស់នូវដំណើរនោះថា សមណៈឬព្រាហ្មណ៍ដ៏ចម្រើននេះ ព្រោះលះបង់នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុកនូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ កន្លងនូវអទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញជាអ្នកស្ងប់រម្ងាប់ អាត្មាអញជាអ្នករលត់ទុក្ខ អាត្មាអញជាអ្នកមិនមានសេចក្ដីប្រកាន់។ សមណព្រាហ្មណ៍ដ៏មានអាយុនេះតែងពោលសរសើរ នូវបដិបទាជាទីសប្បាយនៃព្រះនិព្វាន ដោយពិត ប៉ុន្តែសមណៈឬព្រាហ្មណ៍ដ៏ចម្រើននេះឯង ប្រកាន់មាំនូវបុព្វន្តានុទិដ្ឋិផង ប្រកាន់មាំនូវអបរន្តានុទិដ្ឋិផង ប្រកាន់មាំនូវកាមសញ្ញោជនៈផង ប្រកាន់មាំនូវបីតិដ៏ស្ងប់ស្ងាត់ផង ប្រកាន់មាំនូវនិរាមិសសុខផង ប្រកាន់មាំនូវអទុក្ខមសុខវេទនាផង ។
សមណព្រាហ្មណ៍មានអាយុនេះ ពិចារណាឃើញថា អាត្មាអញជាអ្នកស្ងប់រម្ងាប់ អាត្មាអញជាអ្នករលត់ទុក្ខ អាត្មាអញជាអ្នកមិនមានសេចក្ដីប្រកាន់មាំ ដោយហេតុណា ហេតុនោះ ព្រះតថាគតពោលថាជាឧបាទាន ( សេចក្ដីប្រកាន់មាំ ) របស់សមណព្រាហ្មណ៍ដ៏ចម្រើននេះ ។ ឧបាទាននោះជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយមានពិត ព្រះនិព្វានក៏មានពិត លុះព្រះតថាគតដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញនូវការរលាស់ចេញនូវឧបាទាននោះ កន្លងនូវឧបាទាននោះ។
ម្នាលភិក្ខុទាំងឡាយ ការដឹងច្បាស់តាមពិត នូវកិរិយាកើតឡើងផង នូវកិរិយាវិនាសផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចេញផង នៃផស្សាយតនៈទាំង ៦ ហើយរួចចាកសេចក្ដីប្រកាន់មាំណា នេះឯង ឈ្មោះថាសន្តិវរបទ ដ៏ប្រសើរ ដែលព្រះតថាគតត្រាស់ដឹងហើយ ម្នាលភិក្ខុទាំងឡាយ ការដឹងច្បាស់តាមពិត នូវកិរិយាកើតឡើងផង នូវកិរិយាវិនាសផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចេញផង នៃផស្សាយតនៈទាំង ៦ ហើយ រួចចាកសេចក្ដីប្រកាន់មាំណា នោះឯង ឈ្មោះថាសន្តិវរបទដ៏ប្រសើរ ដែលព្រះតថាគតត្រាស់ដឹងហើយ ។ លុះព្រះមានបុណ្យបានសម្ដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់ព្រះមានបុណ្យ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2753/etbhfsd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦១,៦៦១ ដង)
នៅក្នុងបិដកលេខ ២១ រថវិនីតសូត្រ ព្រះបុណ្ណមន្តាណីបុត្ត បានសម្ដែងថា អនុបាទាបរិនិព្វាន មិនមែនជាវិសុទ្ធិណាមួយ ក្នុងវិសុទ្ធិទាំង ៧ នោះឡើយ ហើយព្រះសារីបុត្តបានសួរថា ម្នាលអាវុសោ ចុះអនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះឬ ? ព្រះបុណ្ណមន្តាណីបុត្តឆ្លើយថា អញ្ញត្រ ចេ អាវុសោ ឥមេហិ ធម្មេហិ អនុបាទាបរិនិព្វានំ អភវិស្ស បុថុជ្ជនោ បរិនិព្វាយេយ្យ បុថុជ្ជនោ ហិ អាវុសោ អញ្ញត្រ ឥមេហិ ធម្មេហិ។ ម្នាលអាវុសោ បើអនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះហើយ បុថុជ្ជនក៏គង់បរិនិព្វានបាន ម្នាលអាវុសោ ព្រោះបុថុជ្ជន ក្រៅអំពីធម៌ទាំងនេះឯង ។
នៅខាងចុងនៃព្រះធម្មទេសនា ព្រះបុណ្ណមន្តាណីបុត្ត បានសម្ដែងថា ញាណទស្សនវិសុទ្ធិ យាវទេវ អនុបាទាបរិនិព្វានត្ថា ប្រែថា ញាណទស្សនវិសុទ្ធិ ( មគ្គញ្ញាណ ៤ ) មានប្រយោជន៍ត្រឹមតែអនុបាទាបរិនិព្វាន ( អសង្ខតធាតុ ) ។ អនុបាទាបរិនិព្វានត្ថំ ខោ អាវុសោ ភគវតិ ព្រហ្មចរិយំ វុស្សតីតិ ។ ម្នាលអាវុសោ ព្រហ្មចរិយធម៌ដែលខ្ញុំប្រព្រឹត្តក្នុងសម្នាក់ ព្រះដ៏មានព្រះភាគនេះ ដើម្បីអនុបាទាបរិនិព្វាន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2754/rtvgrcdgxvred.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៥,០០០ ដង)
ចន្ទគតិ មានរនោច មានខ្នើតជាធម្មតា បើយើងមិនប្រាថ្នាឱ្យខុសពីធម្មតាទេ យើងក៏មិនកើតទុក្ខដែរ ។ ផែនដីវិលជុំវិញព្រះអាទិត្យ ចំណែកព្រះចន្ទវិលជុំវិញផែនដី យើងមិនដែលកើតទុក្ខព្រោះហេតុតែព្រះចន្ទមិនបានមកវិលជុំវិញខ្លួនយើងនោះឡើយ យ៉ាងណាមិញ អ្វីៗក្នុងលោករមែងប្រព្រឹត្តទៅតាមធម្មតារបស់លោក បើយើងមិនចង់រវល់ច្រើនទេ យើងត្រូវសិក្សាចូលឱ្យដល់ធម្មតាធម៌ អ្វីៗរៀបរយស្រេចបាច់តាមធម្មជាតិ មានបច្ច័យឱ្យកើតឡើង មានជរាជាធម្មតា មានព្យាធិជាធម្មតា មានមរណៈជាធម្មតា មានការព្រាត់ប្រាស ប្រែប្រួលជាធម្មតា ។ល។ យើងមិនមានអ្វីដែលត្រូវមកប្រាថ្នាដោយការហួងហែងចំពោះសង្ខារទាំងឡាយថា កុំឱ្យប្រព្រឹត្តទៅដូច្នោះៗឡើយ ព្រោះព្រះនិព្វានទេតើ ដែលមិនមានជរា ព្យាធិ មរណៈ មិន មានវដ្ដៈ ជាទីអស់ទៅនៃតណ្ហា និងជាទីអស់ទៅនៃទុក្ខទាំងពួង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2755/dghcdrfxvdvszd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៥,២៩០ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់នៅនាដងព្រៃ ជិតក្រុងកុសិនារា ។ ក្នុងទីនោះឯង ព្រះអង្គទ្រង់ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់មានសេចក្ដីត្រិះរិះចំពោះតថាគតថា ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុចីវរខ្លះ... ព្រោះហេតុបិណ្ឌបាតខ្លះ... ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះដែរឬ ? ( កិន្តិ = កឹ + ឥតិ ) ។
ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ពុំដែលមានសេចក្ដីត្រិះរិះចំពោះព្រះដ៏មានព្រះភាគថា ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុចីវរខ្លះ... ព្រោះហេតុបិណ្ឌបាតខ្លះ... ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះឡើយ ។
កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សាកសួរបញ្ជាក់អំពីសេចក្ដីត្រិះរិះរបស់ភិក្ខុទាំងឡាយ ចំពោះការត្រាស់សម្ដែងព្រះធម៌របស់ព្រះអង្គនោះ ថាដូចម្ដេច ទើបភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្ដីត្រិះរិះចំពោះព្រះដ៏មានព្រះភាគយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្ដីអនុគ្រោះ ទើបសម្ដែងធម៌ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយមានសេចក្ដីត្រិះរិះ ចំពោះតថាគតយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្ដីអនុគ្រោះ ទើបសម្ដែងធម៌ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ធម៌ទាំងឡាយណា ដែលតថាគតត្រាស់ដឹងហើយ សម្ដែងហើយ ដូចជាសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ អ្នកទាំងឡាយរាល់រូបគប្បីព្រមព្រៀងគ្នា គប្បីរីករាយរកគ្នា កុំវិវាទគ្នា គប្បីសិក្សាក្នុងធម៌ទាំងនោះចុះ ។
ជាបន្តក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងអំពីការសម្រុះសម្រួលគ្នា កុំឱ្យមានវិវាទនឹងគ្នាក្នុងអភិធម្ម ទាក់ទងដោយអត្ថនិងព្យញ្ជនៈ ។ សម្រុះសម្រួលក្នុងវិន័យ តាមដែលមានភិក្ខុត្រូវអាបត្តិ ជាការប្រព្រឹត្តល្មើស ឱ្យចេញចាកអកុសលធម៌ មកតាំងនៅក្នុងកុសលធម៌វិញ ។ សម្រុះសម្រួលក្នុងរឿងដែលនិយាយស្ដី មានវចីសង្ខារមិនល្អ វាយឫកដោយទិដ្ឋិ មានចិត្តអាឃាតព្យាបាទ មិនស្ដាប់គ្នា មិនត្រេកអររកគ្នា ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុបើមិនលះបង់នូវធម៌នោះទេ នឹងមិនធ្វើឱ្យ ជាក់ច្បាស់នូវព្រះនិព្វានបានឡើយ ។
នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុពួកដទៃ សួរភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុ បានធ្វើឱ្យភិក្ខុទាំងនេះរបស់ពួកយើង ចេញចាកអំពីអកុសលធម៌ ហើយតាំងនៅក្នុងកុសលធម៌ដែរឬ ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ក្នុងទីនេះ ខ្ញុំព្រះករុណាបានចូលទៅគាល់ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សម្ដែងព្រះធម៌ដល់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាបានស្ដាប់ព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយ បានសម្ដែងប្រាប់ដល់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏បានស្ដាប់ធម៌នោះ ហើយចេញចាកអកុសលធម៌ បានតាំងនៅក្នុងកុសលធម៌ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលពោលយ៉ាងនេះ មិនឈ្មោះថាលើកតម្កើងខ្លួន មិនឈ្មោះថាសង្កត់សង្កិនបុគ្គលដទៃទេ ឈ្មោះថាជាអ្នកពោលប្ដេជ្ញានូវធម៌តាមធម៌ ម្យ៉ាងទៀត វាទៈនិងអនុវាទៈដែលប្រកបដោយហេតុណាមួយ រមែងមិនមកកាន់ឋានៈដែលអ្នកប្រាជ្ញគប្បីតិះដៀលបានឡើយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវកិន្តិសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2756/rfrsxefcsd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៧,៦៥៤ ដង)
តាមខ្លឹមសារនៅក្នុងកេវដ្ដសូត្រ បិដកលេខ ១៥ គឺមហភូតរូប ៤ ដែលមិនជាប់ដោយឥន្ទ្រិយ មិនមែនជាទុក្ខសច្ច ដូចជាផែនដី ព្រៃភ្នំ ទន្លេសមុទ្រ ភ្នំមាសភ្នំប្រាក់ជាដើមនេះ មិនត្រូវលើកឡើងជាសំណួរថា រលត់អស់មិនមានសេសសល់ក្នុងទីណានោះទេ ពីព្រោះក្នុងធម្មជាតិទាំងអស់នេះ មិនមានវិសុទ្ធិ ៧ ។
អ្វីដែលត្រូវលើកយកមកសួរថា រលត់អស់មិនមានសេសសល់ក្នុងទីណា គឺនាមរូបក្នុងសត្វលោកដែលជាប់ដោយជីវិតិន្ទ្រិយ ជាទុក្ខសច្ចអាស្រ័យតណ្ហាជាសមុទយៈ ។ ឯចម្លើយត្រូវលើកយកព្រះនិព្វានជានិរោធសច្ចមកឆ្លើយថា នាមរូបដែលសន្មតថាសត្វលោកហ្នឹងឯង រលត់អស់មិនមានសេសសល់ក្នុងព្រះនិព្វានជានិរោធសច្ចនោះ ព្រោះការរលត់ទៅនៃអភិសង្ខារវិញ្ញាណ ។
អដ្ឋកថា កេវដ្ដសូត្រប្រាប់ថា អភិសង្ខារវិញ្ញាណស្សាបិ អនុប្បាទនិរោធេន អនុប្បាទវសេន ឧបរុជ្ឈតិ ព្រោះអនុប្បាទនិរោធនៃអភិសង្ខារវិញ្ញាណ ទើប ឧបរុជ្ឈតិ គឺនាមរូបរលត់ដោយអំណាចនៃការមិនកើតឡើង ។
អនុប្បាទនិរោធ គឺព្រះអដ្ឋកថាពន្យល់ក្នុងព្រះពុទ្ធដីកានៃកេវដ្ដសូត្រ ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថា
ឯត្ថ នាមញ្ច រូបញ្ច អសេសំ ឧបរុជ្ឈតិ
វិញ្ញាណស្ស និរោធេន ឯត្ថេតំ ឧបរុជ្ឈតីតិ ។
នាម និងរូប រមែងរលត់ឥតមានសេសសល់ក្នុងព្រះនិព្វាននោះ នាម និងរូបនេះ រមែងរលត់ក្នុងព្រះនិព្វាននោះ ព្រោះរលត់ទៅនៃវិញ្ញាណ ។
ពាក្យថា ឯត្ថ គឺចង្អុលប្រាប់ចំពោះព្រះនិព្វាននោះ ដែលព្រះអង្គទ្រង់ត្រាស់កន្លះព្រះគាថាខាងដើមថា វិញ្ញាណំ អនិទស្សនំ អនន្តំ សព្វតោ បភំ ។
ចំពោះ អនុប្បាទនិរោធ នេះ នៅក្នុងបិដកលេខ ៦៧ ( ចូឡនិទ្ទេស ) ទំព័រ ៣៣ សម្ដែងប្រាប់ថា រលត់ដោយមគ្គញ្ញាណ ៤ មានសោតាបត្តិមគ្គជាដើម ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ