images/articles/2757/sfdgcsddxdvgchfbcf.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤៩,៦៦២ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងសាមគ្រាម ក្នុងដែនសក្កៈ ។ សម័យនោះឯង និគណ្ឋនាដបុត្ត ទើបតែធ្វើមរណកាល ក្នុងដែនបាវា ។ ព្រោះកាលកិរិយានៃនិគណ្ឋនាដបុត្តនោះ ពួកនិគ្រន្ថជាកូនសិស្ស បានបាក់បែកឈ្លោះប្រកែកគ្នាជា ២ ពួក ប្រកួតប្រកាន់ចាក់ដោតគ្នាដោយលំពែងគឺមាត់ ។
អដ្ឋកថាប្រាប់ថា ការឈ្លោះទាស់ទែងគ្នានេះ ព្រោះមកអំពីនិគណ្ឋនាដបុត្ត គិតឃើញថាលទ្ធិរបស់ខ្លួននេះ មិនអាចដឹកនាំសត្វឱ្យរួចផុតចាកទុក្ខបានឡើយ ជាលទ្ធិប្រាសចាកសារៈ ។ ដើម្បីកុំឱ្យ អ្នកដែលជឿតាមធ្លាក់ចុះកាន់អបាយភូមិ និគណ្ឋនាដបុត្ត មុននឹងមរណភាពបានប្រាប់កូនសិស្សពួកខ្លះដោយឧច្ឆេទវាទ ប្រាប់កូនសិស្សពួកខ្លះទៀតដោយសស្សតវាទ ដោយគិតថា ឱ្យកូនសិស្សទាំងអស់នេះវិវាទគ្នា កាលដែលវិវាទគ្នាហើយនឹងបានចូលទៅរកព្រះពុទ្ធសាសនា យកព្រះពុទ្ធសាសនាជាធំ ។
ក្នុងកាលនោះ ព្រះចុន្ទៈ ជាប្អូនបង្កើតរបស់ព្រះធម្មសេនាបតី លោកនៅចាំវស្សាក្នុងដែនបាវា បានជ្រាបរឿងរ៉ាវពួកនិគ្រន្ថដូច្នេះហើយ ក៏បាននិមន្តមករកព្រះអានន្ទជាព្រះឧបជ្ឈាយ៍ នៅនាសាមគ្រាម ហើយពិតទូលអំពីរឿងនោះឯង ។ ព្រះអានន្ទដ៏មានអាយុ និងព្រះចុន្ទៈ បាននិមន្តចូលគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលព្រះដ៏មានព្រះភាគសព្វគ្រប់ហើយ ទើបព្រះអានន្ទបន្តសេចក្ដីក្រាបទូលព្រះអង្គទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះ យ៉ាងនេះថា អំណើះអត់អំពីព្រះដ៏មានព្រះភាគទៅ សូមកុំឱ្យមានវិវាទកើតឡើងក្នុងសង្ឃឡើយ ព្រោះថាវិវាទនោះ នឹងប្រព្រឹត្តទៅដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្ដីចម្រើនដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។
ព្រះអានន្ទលើកអំពីវិវាទក្នុងសង្ឃ ព្រោះអាជីវៈជាហេតុខ្លះ ព្រោះអធិប្បាតិមោក្ខជាហេតុខ្លះ ចំណែកព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា វិវាទព្រោះអាជីវៈ និងព្រោះអធិប្បាតិមោក្ខ ជាហេតុនេះ គ្រាន់តែជាការបន្តិចបន្តួចទេ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់អំពីវិវាទដែលកើតឡើងក្នុងសង្ឃ ព្រោះអាស្រ័យមគ្គ ឬព្រោះអាស្រ័យបដិបទា វិវាទនោះ នឹងប្រព្រឹត្តទៅដើម្បីមិនជាគុណ មិនជាសុខ មិនជាប្រយោជន៍ មិនជាសេចក្ដីចម្រើន ដល់ជនច្រើន រមែងជាទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ។
ព្រះអដ្ឋកថាប្រាប់ថា កាលណាចូលដល់លោកុត្តរមគ្គ វិវាទរមែងស្ងប់រំងាប់ទៅដោយប្រការទាំងពួង គឺថា វិវាទរមែងមិនមានដល់បុគ្គលដែលបានសម្រេចនូវមគ្គទាំងឡាយ ( មានសោតាបត្តិមគ្គ ជាដើម ) ឡើយ ។ វិវាទព្រោះអាស្រ័យមគ្គ ឬព្រោះអាស្រ័យបដិបទា សំដៅយកមគ្គឬបដិបទាជាបុព្វភាគ បានដល់មគ្គប្បដិបទាជាចំណែកខាងដើម គឺនៅជាលោកិយហ្នឹងឯង ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់អំពីវិវាទមូល ៦ ប្រការ ៖
១-កោធនោ ហោតិ ឧបនាហី
២-មក្ខី ហោតិ បឡាសី
៣-ឥស្សុកី ហោតិ មច្ឆរី
៤-សថោ ហោតិ មាយាវី
៥-បាបិច្ឆោ ហោតិ មិច្ឆាទិដ្ឋី
៦-សន្ទិដ្ឋី បរាមាសី ហោតិ អាធានគ្គាហី ទុប្បដិនិស្សគ្គី ជាអ្នកស្ទាបអង្អែលនូវការយល់ខុសរបស់ខ្លួន និងជាអ្នកប្រកាន់មាំ លះបង់បានដោយកម្រ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ភិក្ខុដែលមាននូវវិវាទមូល ដោយនូវប្រការនីមួយៗ ឈ្មោះថា មិនគោរពកោតក្រែងព្រះសាស្ដា មិនគោរពកោតក្រែងព្រះធម៌ មិនគោរពកោតក្រែងព្រះសង្ឃ និងមិនធ្វើឱ្យពេញលេញក្នុងសិក្ខា ភិក្ខុនោះ ឈ្មោះថាបង្កើតវិវាទក្នុងសង្ឃ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រទានឱវាទឱ្យព្យាយាមលះបង់នូវវិវាទមូលដ៏លាមកនោះចេញ ។
ជាបន្តក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពី អធិករណ៍ ៤ យ៉ាង និង អធិករណសមថៈ ៧ យ៉ាង ។ ជាទីបញ្ចប់ ព្រះអង្គទ្រង់ត្រាស់សម្ដែងនូវ សារាណីយធម៌ ៦ ប្រការ ព្រមទាំងអានិសង្សផង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2758/dgvgcvsdzfcve.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៣,៥០០ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ស្ដេចគង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ សម័យនោះឯង មានភិក្ខុច្រើនអង្គ ប្រកាសអរហត្តផលក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ហើយសុនក្ខត្តលិច្ឆវិបុត្ត បានចូលទូលសួរបញ្ហានឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងនោះ បានប្រកាសព្រះអរហត្តផល ដោយប្រពៃមែនពិត ឬថា មានភិក្ខុពួកខ្លះក្នុងចំណោមនេះ បានប្រកាសព្រះអរហត្តផលដោយអធិមានះ គឺគ្រាន់តែសម្គាល់ថាខ្លួនបានសម្រេចប៉ុណ្ណោះទេ ។
អធិមានះ គឺបុថុជ្ជនដែលចម្រើនសមថវិបស្សនា ហើយមានសេចក្ដីសម្គាល់ក្នុងធម៌លោកុត្តរៈ ដែលខ្លួនមិនទាន់បានសម្រេច ថាបានសម្រេចហើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលថាមានដូច្នោះមែន ក្នុងរឿងនេះ ព្រះអង្គទ្រង់មានសេចក្ដីត្រិះរិះយ៉ាងនេះថា តថាគតនឹងសម្ដែងធម៌ដល់ភិក្ខុនោះ ធ្វើឱ្យបរិសុទ្ធ ឱ្យពិតប្រាកដ ។
ជាបន្ត ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់អំពីពួកភិក្ខុដទៃផ្សេងទៀត ដែលមាននូវឥច្ឆាចារ គឺមានការប្រាថ្នាអាក្រក់លាមក ជាមោឃបុរស តាក់តែងបញ្ហាចូលមករកតថាគតហើយ មិនបានចេះដឹងក្នុងបញ្ហានោះ ក៏ធ្វើដូចជាចេះដឹង មិនបានសម្រេចគុណវិសេស ធ្វើដូចជាបានសម្រេច ត្រាច់ទៅតាមស្រុកនិគម ពោលអួតនូវគុណវិសេសដែលមិនមានក្នុងខ្លួន ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ នឹងជាទុក្ខដល់មោឃបុរសនោះ អស់កាលជាអង្វែង ។ ក្នុងរឿងនេះ ព្រះតថាគតទ្រង់ព្រះតម្រិះថា តថាគតនឹងសម្ដែងធម៌ដល់ពួកភិក្ខុអ្នកបដិបត្តិ ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់ភិក្ខុទាំងនោះ ដោយប្រការដទៃផ្សេងអំពីពួកភិក្ខុដែលមាននូវអធិមានះនោះ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីកាមគុណ ៥ និងឋានៈដែលនាំឱ្យបុគ្គលពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកលោកាមិសៈរមែងមាន ។ ពាក្យសម្ដីរបស់បុគ្គលដែលមានអធ្យាស្រ័យឱនទៅរកលោកាមិសៈ តែហាមាត់និយាយឡើង រមែងរអិលធ្លាក់ចូលទៅរកកាមគុណផង គេតែងត្រិះរិះរឿយៗ ប្រព្រឹត្តទៅក្នុងកាមគុណនោះផង តែងគប់រកនិងយកចិត្តទុកដាក់ចំពោះអ្នកដែលមានសភាពបែបនោះផង ចំណែកខាងពាក្យសម្ដីដែលគេនិយាយប្រកបដោយអានេញ្ជសមាបត្តិ ( សមាបត្តិដែលមិនញាប់ញ័រនឹងកាមគុណ មិនញាប់ញ័រនឹងរូប មិនញាប់ញ័រដោយកិលេស ) បុគ្គលនោះ មិនចង់ស្ដាប់ មិនផ្ចង់ត្រចៀក មិនតាំងចិត្តដើម្បីដឹង មិនសេពគប់ មិនយកចិត្តទុកដាក់ដោយសេចក្ដីគោរពឡើយ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីឋានៈដែលបុគ្គលពួកខ្លះក្នុងលោក មានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ ឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ ឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ និងបុគ្គលពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ ។
ពិតមែនតែមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ ប៉ុន្តែបើមិនបដិបត្តិសង្រួមឥន្ទ្រិយទេ រាគៈក៏គ្របសង្កត់ចិត្ត ព្រោះហេតុតែនៅមានអនុស័យ គឺកិលេសដែលនៅមិនទាន់បានលះហ្នឹងឯង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ភិក្ខុនោះ លុះត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ដល់នូវសេចក្ដីស្លាប់ ឬដល់នូវទុក្ខវេទនាស្ទើរតែនឹងស្លាប់ ។
ព្រះពុទ្ធអង្គទ្រង់ប្រៀបទៅនឹងបុរសដែលត្រូវសរត្រាំដោយថ្នាំពិស កាលដែលគ្រូពេទ្យដកសរពិសនោះចេញហើយ ប្រាប់ឱ្យបុរសនោះថែរក្សាមុខរបួស មានការតមចំណីទាស់ជាដើម កុំឱ្យដំបៅរីក ប៉ុន្តែព្រោះតែបុរសនោះ មិនបានធ្វើតាមគ្រូពេទ្យ ក៏ដល់នូវសេចក្ដីស្លាប់ ឬទុក្ខវេទនាស្ទើរតែនឹងស្លាប់ យ៉ាងណាមិញ ការមិនសង្រួមឥន្ទ្រិយក្នុងទ្វារទាំង ៦ ដូចជាការមិនថែរក្សាមុខរបួស យ៉ាងនោះឯង ។ ពាក្យថាដល់នូវសេចក្ដីស្លាប់នេះ ក្នុងអរិយវិន័យ សំដៅយកភិក្ខុដែលពោលលាសិក្ខា ប្រព្រឹត្តទៅនៅក្នុងហីនភេទវិញ ឯចំណែកទុក្ខវេទនាស្ទើរតែនឹងស្លាប់នេះ សំដៅដល់ភិក្ខុដែលត្រូវអាបត្តិធ្ងន់ណាមួយ ដែលនាំឱ្យសៅហ្មងព្រម ។
ចំណែកបុគ្គលដែលមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ ហើយមានការប្រព្រឹត្តសង្រួមឥន្ទ្រិយក្នុងទ្វារទាំង ៦ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងនៅខាងចុងព្រះសូត្រនេះ ដែលមានខ្លឹមសារពីរោះដូចតទៅ ៖
ម្នាលសុនក្ខត្ត សេចក្ដីឧបមានេះ តថាគតបានធ្វើដើម្បីនឹងញ៉ាំងជនឱ្យដឹងសេចក្ដី ។ ឯសេចក្ដីក្នុងឧបមានុ៎ះដូចតទៅនេះ ។ ម្នាលសុនក្ខត្ត ពាក្យថា ដំបៅ នុ៎ះ ជាឈ្មោះនៃអាយតនៈ ដែលប្រព្រឹត្តទៅខាងក្នុងទាំង ៦ ។ ម្នាលសុនក្ខត្ត ពាក្យថា ពិសជាទោស នុ៎ះ ជាឈ្មោះនៃអវិជ្ជា ។ ម្នាលសុនក្ខត្ត ពាក្យថា សរ នុ៎ះ ជាឈ្មោះនៃតណ្ហា ។ ម្នាលសុនក្ខត្ត ពាក្យថា គ្រឿងសម្រាប់រាវរក នុ៎ះ ជាឈ្មោះនៃស្មារតី ។ ម្នាលសុនក្ខត្ត ពាក្យថា សស្ត្រា នុ៎ះ ជាឈ្មោះនៃបញ្ញាដ៏ប្រសើរ ។ ម្នាលសុនក្ខត្ត ពាក្យថា ពេទ្យវះដ៏ជំនាញ នុ៎ះ ជាឈ្មោះនៃព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ។
ម្នាលសុនក្ខត្ត ភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួមក្នុងផស្សាយតនៈទាំង ៦ ដឹងច្បាស់ថាកិលេសជាឫសនៃសេចក្ដីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកមិនមានកិលេស ជាអ្នករួចស្រឡះហើយ ព្រោះការអស់ទៅនៃកិលេស នឹងបង្អោនកាយ ឬនឹងផ្ដេកផ្ដួលចិត្តទៅក្នុងកិលេស ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។ ម្នាលសុនក្ខត្ត ដូចផ្តិលសំរឹទ្ធិ ដល់ព្រមដោយពណ៌ ដោយក្លិន ដោយរស តែថាផ្តិលសំរឹទ្ធិនោះប្រឡាក់ដោយថ្នាំពិស ។ កាលបើមានបុរសអ្នកចង់រស់មិនចង់ស្លាប់ ចង់សុខ ខ្ពើមទុក្ខ មកដល់ ។ ម្នាលសុនក្ខត្ត អ្នកសម្គាល់សេចក្ដីនោះថាដូចម្ដេច តើបុរសនោះ គួរផឹកទឹក នឹងផ្តិលសំរឹទ្ធិឯណោះ ដែលខ្លួនដឹងថា អាត្មាអញផឹកទឹកនេះទៅហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្ដីទុក្ខស្ទើរតែមរណៈដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនផឹកទឹកនឹងផ្តិលសំរឹទ្ធិនុ៎ះទេ ។
ម្នាលសុនក្ខត្ត សេចក្ដីនេះមានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួមក្នុងផស្សាយតនៈ ៦ ដឹងថាកិលេសជាឫសនៃសេចក្ដីទុក្ខ ។បេ។ ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ ។ ម្នាលសុនក្ខត្ត ដូចជាអាសិរពិស មានពិសដ៏ពន្លឹក ។ កាលបើបុរសអ្នកចង់រស់ មិនចង់ស្លាប់ ចង់សុខ ខ្ពើមទុក្ខ មកដល់ ។ ម្នាលសុនក្ខត្ត អ្នកសម្គាល់សេចក្ដីនោះដូចម្ដេច តើបុរសនោះ គួរហុចដៃទាំងឡាយ ឬហុចមេដៃឱ្យដល់អាសិរពិសមានពិសដ៏ពន្លឹកឯណោះ ដែលខ្លួនដឹងថា អាសិរពិសនេះចឹកអាត្មាអញហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្ដីទុក្ខស្ទើរតែមរណៈដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនហុចឱ្យអាសិរពិសនោះទេ ។
ម្នាលសុនក្ខត្ត សេចក្ដីនេះមានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួមក្នុងផស្សាយតនៈ៦ ដឹងច្បាស់ថា កិលេសជាឫសនៃសេចក្ដីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកមិនមានកិលេស រួចស្រឡះហើយ ព្រោះតែការអស់ទៅនៃកិលេស នឹងបង្អោនកាយ ឬផ្ដេកផ្ដួលចិត្តទៅរកកិលេសពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។លុះព្រះមានព្រះភាគសម្ដែងព្រះសូត្រនេះចប់ហើយ សុនក្ខត្តលិច្ឆវិបុត្ត មាន ចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2759/dfcdfvdvx.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦១,៧២១ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាបុព្វារាម ឰដ៏មិគារមាតុប្រាសាទ ជិតក្រុងសាវត្ថី ។ គ្រានោះឯង គណកមោគ្គល្លានព្រាហ្មណ៍ បានចូលគាល់ព្រះដ៏មានព្រះភាគ ហើយក្រាបទូលសួរអំពី អនុបុព្វសិក្ខា ការសិក្សាជាលំដាប់ អនុបុព្វកិរិយា ការធ្វើជាលំដាប់ និង អនុបុព្វប្បដិបទា ការដែលមានបដិបទាជាលំដាប់ ក្នុងធម្មវិន័យនេះ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងប្រៀបទៅនឹងការចង្អុលបង្ហាញប្រាប់ផ្លូវ ដែលមានខ្លឹមសារនៅក្នុងព្រះសូត្រ បានធ្វើឱ្យព្រាហ្មណ៍ស្ដាប់យល់ ព្រមដោយសេចក្ដីជ្រះថ្លា ហើយបានពោលពាក្យដ៏ពីរោះ អនុមោទនាព្រះធម៌ទេសនា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ ៖
កាលបើព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ត្រូវការតែចិញ្ចឹមជីវិត ចេញចាកផ្ទះទៅចូលកាន់ផ្នួស ជាអ្នកលេង ជាអ្នកបិទបាំងទោសខ្លួន ជាអ្នកបញ្ឆោត ជាអ្នកមានចិត្តរាយមាយ មានមានះដុះឡើង មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មិនបានរក្សាទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវសេចក្ដីភ្ញាក់រលឹក មិនរមិលមើល ក្នុងសមណធម៌ ( ផ្នួស ) មិនមានការគោរពដ៏ក្លៀវក្លាក្នុងសិក្ខា ជាអ្នកល្មោភច្រើន ជាអ្នកប្រព្រឹត្តធូរ ជាប្រធានក្នុងការបន្ធូរបន្ថយព្យាយាម ដាក់ធុរៈចោលក្នុងទីស្ងាត់ ជាអ្នកខ្ជិលច្រអូស មានព្យាយាមក្នុងអំពើថោកទាប ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិនបានតម្កល់មាំ មានចិត្តវិលខុស ឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ព្រះគោតមដ៏ចម្រើន មិនបាននៅរួមជាមួយនឹងបុគ្គលទាំងនោះទេ ។
ឯកុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះចូលទៅកាន់ផ្នួស ដោយសទ្ធា មិនជាអ្នកលេង មិនបានបិទបាំងទោសខ្លួន មិនជាអ្នកបញ្ឆោត មានចិត្តមិនបានរាយមាយ មិនមានមានះដុះឡើង មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានវាចារោយរាយ ជាអ្នករក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ នូវសេចក្ដីភ្ញាក់រលឹក ជាអ្នករមិលមើលក្នុងសមណធម៌ មានសេចក្ដីគោរពដ៏ក្លៀវក្លាក្នុងសិក្ខា មិនជាអ្នកល្មោភច្រើន មិនបានប្រព្រឹត្តធូរ ដាក់ធុរៈក្នុងការបន្ធូរបន្ថយព្យាយាមចោល ជាប្រធានក្នុងទីស្ងាត់ មានព្យាយាមតឹងតែង មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានសតិតម្កល់ខ្ជាប់ ដឹងខ្លួន មានចិត្តតម្កល់មាំ មានចិត្តប្រកបដោយអារម្មណ៍តែមួយ មានបញ្ញា មិនល្ងង់ខ្លៅ ព្រះគោតមដ៏ចម្រើន រមែងនៅរួមជាមួយនឹងកុលបុត្រទាំងនោះ ។
បពិត្រព្រះគោតមដ៏ចម្រើន ដូចជាក្លិននៃឫស ឬមើម ណានីមួយ ឫសស្គា ប្រាកដជាប្រសើរជាងក្លិននៃឫសឬមើម ទាំងអម្បាលនោះ ក្លិននៃខ្លឹម ណានីមួយ ខ្លឹមចន្ទន៍ក្រហម ប្រាកដជាប្រសើរជាងក្លិននៃខ្លឹម ទាំងអម្បាលនោះ ក្លិនផ្កាណាមួយ ផ្កាម្លិះលា ប្រាកដជាប្រសើរជាងក្លិននៃផ្កាទាំងអម្បាលនោះ យ៉ាងណាមិញ ឱវាទរបស់ព្រះគោតមដ៏ចម្រើន ក្នុងធម៌ជាគ្រឿងដុសខាត់ចិត្តនៃសត្វដទៃ ( ឱ្យស្អាត ) ក៏យ៉ាងនោះឯង បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ដូចបុគ្គលផ្ងារឡើងនូវវត្ថុដែលផ្កាប់ ឬបើកនូវវត្ថុដែលគេបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់មនុស្សដែលវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែករមែងមើលឃើញរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់សម្ដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គសូមដល់នូវព្រះគោតមដ៏ចម្រើន ទាំងព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ជាទីពឹងទីរលឹក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមទៅ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2760/fxcgvxfdcvsfdxc.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៧,២៥១ ដង)
១-ឯកត្តន័យ បញ្ញាឃើញការមិនដាច់សូន្យទៅនៃតំណរបស់សង្ខារធម៌ មានការសម្ពន្ធគ្នាដោយហេតុនិងផល រមែងលះនូវឧច្ឆេទទិដ្ឋិ ។
២-នានត្តន័យ បញ្ញាឃើញភាពផ្សេងគ្នានៃហេតុនិងផល គឺឃើញថា សង្ខារធម៌ដែលរលត់ទៅផ្សេងអំពីសង្ខារធម៌ដែលកើតឡើងថ្មីៗ រមែងលះនូវសស្សតទិដ្ឋិ ។
៣-អព្យាបារន័យ បញ្ញាឃើញក្នុងសភាពមិនខ្វាយខ្វល់នៃសង្ខារធម៌ជាផលដែលកើតអំពីបច្ច័យ ប្រាកដនូវលក្ខណៈមិនមានអំណាចបង្គាប់បញ្ជា ឬទាមទារតវ៉ា អង្វរករអ្វីឡើយ រមែងលះនូវអត្តទិដ្ឋិ ។
៤-ឯវំធម្មតាន័យ បញ្ញាឃើញធម្មតានៃសង្ខារធម៌យ៉ាងហ្នឹងឯង គឺឃើញសមគួរទៅតាមបច្ច័យ ពោលគឺបច្ច័យយ៉ាងណា ផលយ៉ាងនោះ រមែងលះនូវអកិរិយទិដ្ឋិ ។
កំណត់សម្គាល់ ន័យទី ១ គឺឃើញវដ្ដសង្សារមួយខ្សែតគ្នា ចុតិ បដិសន្ធិ ដែលសន្មតថាជាសត្វលោកត្រាច់រង្គាត់ក្នុងវាលវដ្ដសង្សារ ន័យទី ២ គឺឃើញថា ជាខណៈនៃធម៌ផ្សេងៗគ្នា គ្រាន់តែកើតបន្តគ្នាប៉ុណ្ណោះ ចំណែកន័យទី ៣ គឺឃើញផលដោយមិនមានការខ្វាយខ្វល់សូមកើត ឬទាមទារបង្គាប់បញ្ជាអ្វីឡើយ ឯន័យទី ៤ គឺឃើញហេតុ ឃើញបច្ច័យ ដែលញ៉ាំងផលឱ្យកើតឡើងយ៉ាងត្រឹមត្រូវ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2761/drgcvsxedfxvfd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤០,៤៦៥ ដង)
១-ទិដ្ឋិវិសុទ្ធិ សម្រេចដោយ នាមរូបបរិច្ឆេទញ្ញាណ កំណត់ដឹងទុក្ខសច្ច លះនូវសក្កាយទិដ្ឋិ ។
២-កង្ខាវិតរណវិសុទ្ធិ សម្រេចដោយបច្ចយបរិគ្គហញ្ញាណ កំណត់ដឹងសមុទយសច្ច លះនូវវិចិកិច្ឆា និងឧច្ឆេទទិដ្ឋិ ។
៣-មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ សម្រេចដោយសម្មសនញ្ញាណដែលមានកម្លាំង និងឧទយព្វយញ្ញាណ ឆ្លងរួចអំពីវិបស្សនូបក្កិលេស កំណត់ដឹងមគ្គសច្ច លះនូវសីលព្វតបរាមាស និងអកិរិយទិដ្ឋិ ។
៤-បដិបទាញាណទស្សនវិសុទ្ធិ សម្រេចដោយពលវវិបស្សនា រាប់ពីឧទយព្វយញ្ញាណ រហូតដល់អនុលោមញ្ញាណ ត្រូវជាវិបស្សនាដ៏មានកម្លាំង ៩ កំណត់ដឹងនិរោធសច្ច លះនូវសស្សតទិដ្ឋិជាដើម ។
៥-ញាណទស្សនវិសុទ្ធិ សម្រេចដោយមគ្គញ្ញាណ ៤ មានសោតាបត្តិមគ្គជាដើម កំណត់ដឹងនិងធ្វើកិច្ចក្នុងអរិយសច្ច ៤ ព្រមគ្នា លះនូវពួកអកុសលធម៌តាមលំដាប់នៃមគ្គ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2762/sexfresdvcwfsd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤០,៤៧១ ដង)
សម័យមួយ កាលព្រះដ៏មានព្រះភាគ ទ្រង់បរិនិព្វានទៅ មិនទាន់បានយូរប៉ុន្មាន ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ ដើម្បីនឹងធ្វើសង្គាយនាគ្រាទី ១ ។ គ្រានោះ ព្រះអានន្ទ ដ៏មានអាយុ បានសន្ទនាជាមួយនឹងគោបកមោគ្គល្លានព្រាហ្មណ៍ មួយអន្លើដោយវស្សការព្រាហ្មណ៍ ។
-ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បង្កើតផ្លូវដែលមិនទាន់កើតឡើង ទ្រង់រៀបចំផ្លូវដែលគេមិនទាន់រៀបចំ ទ្រង់ប្រាប់ផ្លូវដែលគេមិនដែលប្រាប់ ព្រះអង្គទ្រង់ស្គាល់ផ្លូវ ដឹងផ្លូវ ឈ្លាសវៃក្នុងផ្លូវ ចំណែកពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាមទៅជាខាងក្រោយប៉ុណ្ណោះ មិនមានភិក្ខុអង្គណា មាននូវសព្វញ្ញុតញ្ញាណនោះឡើយ ។
-ម្នាលព្រាហ្មណ៍ យើងទាំងឡាយ មិនមែនអត់ទីពឹងទេ ម្នាលព្រាហ្មណ៍ យើងទាំងឡាយប្រកបដោយទីពឹង គឺមានធម៌ជាទីពឹង ។
-ម្នាលព្រាហ្មណ៍ បសាទនីយធម៌ គឺធម៌ជាទីតាំងនៃសេចក្ដីជ្រះថ្លា ១០ យ៉ាង ដែលព្រះដ៏មានព្រះភាគ អង្គនោះ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសម្ដែងហើយ រមែងមាន ។ បសាទនីយធម៌ទាំងនោះឯង មាននៅក្នុងភិក្ខុណា ក្នុងកាលឥឡូវនេះ យើងទាំងឡាយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ ក៏តែងនៅអាស្រ័យនឹងភិក្ខុនោះ ។
-បសាទនីយធម៌ ១០ គឺ ១.សីល ២.ពហុស្សូត ៣.សន្តោស ៤.ឈានបួន និងអភិញ្ញា ៦ ទៀតជាគម្រប់ដប់ ។
-ព្រះអានន្ទ គង់នៅវត្តវេឡុវ័ន ឆ្លើយប្រាប់វស្សការព្រាហ្មណ៍ថា អើ ព្រាហ្មណ៍ វត្តវេឡុវ័ន ជាទីគួរត្រេកអរផង មានសំឡេងតិចផង មានសេចក្ដីគឹកកងតិចផង មានខ្យល់រំភើយៗ ជាទីគួរដល់សេចក្ដីស្ងប់ស្ងាត់របស់មនុស្ស ជាទីសមគួរដល់ការពួនសំងំ ថែមទាំងមានបុគ្គលទាំងឡាយប្រហែលនឹងអ្នក ជាអ្នករក្សាគ្រប់គ្រងដោយពិត ។
-វស្សការព្រាហ្មណ៍ ពោលថា បពិត្រព្រះអានន្ទដ៏ចម្រើន បានឮថា ព្រះគោតមដ៏ចម្រើនអង្គនោះ ទ្រង់សរសើរនូវឈានដែលគួរសរសើរ ទ្រង់តិះដៀលនូវឈានដែលគួរតិះដៀល ។
-ឈានដែលព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់មិនសរសើរព្រះអានន្ទដ៏មានអាយុ បានប្រកាសហើយ គឺ ម្នាលព្រាហ្មណ៍ ក្នុងលោកនេះ បុគ្គលពួកខ្លះ មានចិត្តត្រូវកាមរាគរួបរឹតហើយ ត្រូវកាមរាគគ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿងរលាស់ចោល នូវកាមរាគដែលកើតឡើង បុគ្គលនោះ ធ្វើនូវកាមរាគឱ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ជ្រប់ សញ្ជប់សញ្ជឹង ។ នីវរណៈបន្តមកទៀត គ្រប់ទាំង ៥ ព្រះអានន្ទដ៏មានអាយុ បានសម្ដែងមានទំនងដូចគ្នាដែរ ។ ចំណែកឈាន ៤ មានបឋមជ្ឈានជាដើម ព្រះអានន្ទប្រកាសថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ត្រាស់សរសើរ ។
វស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ ត្រេកអររីករាយនឹងភាសិតរបស់ព្រះអានន្ទដ៏មានអាយុ ។
អដ្ឋកថា ប្រាប់ថា វស្សការព្រាហ្មណ៍ ធ្វើកាលកិរិយាទៅកើតជាស្វានៅវត្តវេឡុវ័ន ព្រោះហេតុពេលមួយគាត់បានឃើញព្រះមហាកច្ចាយនត្ថេរ និមន្តចុះអំពីភ្នំគិជ្ឈកូដមក បានពោលថា នោះដូចស្វា ។ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះសណ្ដាប់នូវពាក្យនោះហើយ ព្រះអង្គត្រាស់ថា បើព្រាហ្មណ៍សូមខមាទោស ជាការល្អ តែបើមិនសូមខមាទោសទេ ព្រាហ្មណ៍នឹងកើតជាស្វាកន្ទុយគោ ( គោនង្គលមក្កដោ ) ក្នុងព្រះវេឡុវ័ននេះ ។ វស្សការព្រាហ្មណ៍នោះ បានស្ដាប់ព្រះតម្រាស់នៃព្រះដ៏មានព្រះភាគហើយ គិតថា ធម្មតាព្រះតម្រាស់របស់ព្រះសមណគោតមមិនជាពីរ ( ត្រាស់ថាយ៉ាងណា គឺយ៉ាងហ្នឹង ) ដូច្នេះ នៅពេលដែលយើងទៅជាស្វា នឹងត្រាច់ទៅរកស៊ីក្នុងទីដែលមានអាហារ ទើបចាត់ចែងដាំដើមឈើមានផ្លែផ្សេងៗ ក្នុងព្រះវេឡុវ័ន ហើយឱ្យមានការថែរក្សា ។
ចំពោះព្រះសូត្រដែលមានឈ្មោះថាគោបកមោគ្គល្លានសូត្រ ព្រោះគោបកមោគ្គល្លានព្រាហ្មណ៍បានឱកាសសាកសួរបញ្ហា ចំពោះព្រះអានន្ទដ៏មានអាយុមុនវស្សការព្រាហ្មណ៍ ទាំងព្រះអានន្ទដ៏មានអាយុ ក៏បាននិមន្តមកកាន់កន្លែងរបស់គោបកមោគ្គល្លានព្រាហ្មណ៍ផងដែរ ។ អដ្ឋកថាប្រាប់ថា គោបកមោគ្គល្លានព្រាហ្មណ៍ មានចិត្តច្រណែនឈ្នានីស (ឧសូយតិ) ចំពោះវស្សការព្រាហ្មណ៍ ព្រោះដោយ សារថា ព្រះអានន្ទដ៏មានអាយុយកបញ្ហារបស់វស្សការព្រាហ្មណ៍មកឆ្លើយយ៉ាងទូលំទូលាយ ចំណែកបញ្ហារបស់គាត់ ព្រះអានន្ទឆ្លើយបានបន្តិចបន្តួចដោយចំណែកខ្លះប៉ុណ្ណោះ ដូចយកចុងឈើច្រត់ទៅច្រត់ដីតែប៉ុណ្ណឹង ។
គួរសង្វេគចំពោះកិលេសក្នុងសន្ដានចិត្តនៃសត្វលោកណាស់ ដូចជាព្រាហ្មណ៍ទាំងពីរនាក់នេះ នៅនឹងក្រុងរាជគ្រឹះ មានឋានៈខ្ពង់ខ្ពស់... ប៉ុន្តែក្នុងរយៈពេលជាង ៤០ ព្រះវស្សានៃការត្រាស់ដឹង និងការគង់ព្រះជន្មនៅនៃព្រះដ៏មានព្រះភាគ រហូតដល់ព្រះអង្គទ្រង់បរិនិព្វានទៅ ម្នាក់ស្លាប់ទៅកើតជាសត្វស្វា ម្នាក់ទៀតប្រាកដនូវកិលេសដែលបញ្ជាក់ថានៅជាបុថុជ្ជននៅឡើយ ដូច្នេះសូមពុទ្ធបរិស័ទយើង ព្យាយាមបដិបត្តិកម្ចាត់បាបចេញអំពីសន្ដាន ទាន់នៅមានជីវិតក្នុងព្រះធម៌ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2770/sdfverscfrcdcgrse.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤០,២២៥ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាមិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ ក្នុងអដ្ឋកថាឧដ្ឋានសូត្រ សុត្តនិបាត ប្រាប់ថា ព្រះពុទ្ធអង្គទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ក្នុងវេលារាត្រី លុះដល់ពេលថ្ងៃព្រះអង្គទ្រង់គង់ប្រថាប់នៅវត្តបុព្វារាម ក្នុងប្រាសាទរបស់មិគារមាតា បើវេលាយប់ ស្ដេចគង់ប្រថាប់នៅបុព្វារាម ពេលថ្ងៃទ្រង់ស្ដេចយាងមកគង់ប្រថាប់នៅព្រះជេតពនមហាវិហារវិញ នេះគឺព្រះដ៏មានព្រះភាគទ្រង់បដិបត្តិមកជាប្រចាំ ព្រោះហេតុអ្វី?
ម្យ៉ាង ដើម្បីអនុគ្រោះដល់ត្រកូលទាំង ២ ម្យ៉ាងទៀត ដើម្បីជាប្រយោជន៍ដល់ការប្រកាសគុណនៃមហាបរិច្ចាគរបស់ត្រកូលទាំង ២ នោះឯង ។
នៅក្នុងមហាបុណ្ណមសូត្រនេះ ផ្ដើមដោយព្រះសង្ឃត្ថេរមួយព្រះអង្គជាមហាខីណាស្រព បាននាំភិក្ខុ ៦០ ព្រះអង្គចូលគាល់ព្រះដ៏មានព្រះភាគក្នុងពេលព្រលប់ នៅទីវាលស្រឡះ ចំថ្ងៃពេញបូណ៌មី ១៥ កើត ព្រះចន្ទចាប់ផ្ដើមរះនៅទិសបូព៌ ព្រះអាទិត្យក៏អស្ដង្គត ភិក្ខុបរិស័ទគង់ស្ថិតក្នុងឆព្វណ្ណរង្សីនៃព្រះបរមសាស្ដា នាវត្តបុព្វារាមនោះឯង ។
ភិក្ខុ ៦០ ព្រះអង្គ សុទ្ធតែបានកំណត់ដឹងនូវនាមរូប ប៉ុន្តែមិនទាន់សម្រេចមគ្គផល ទើបព្រះសង្ឃត្ថេរជាព្រះអាចារ្យ ជាមហាខីណាស្រព ក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះដ៏មានព្រះភាគហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បើព្រះដ៏មានព្រះភាគ ធ្វើឱកាសដើម្បីដោះស្រាយប្រស្នារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងសួរនូវហេតុបន្តិចបន្តួចចំពោះព្រះដ៏មានព្រះភាគ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកចង់សួរប្រស្នាណា ចូរអង្គុយលើអាសនៈរបស់ខ្លួន សួរប្រស្នានោះចុះ ។
លំដាប់នោះ ព្រះសង្ឃត្ថេរ បានគង់អង្គុយលើអាសនៈរបស់លោកហើយ ក៏បានក្រាបបង្គំទូលសួរជាបឋមអំពីឧបាទានក្ខន្ធ ៥ ។ តាមពិត ព្រះសង្ឃត្ថេរ ជ្រាបហើយ ប៉ុន្តែការក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគនេះ ដើម្បីជាការអនុគ្រោះដល់សិស្សទាំង ៦០ ព្រះអង្គនោះឯង ។
-សួរអំពីមូលហេតុនៃឧបាទានក្ខន្ធ ៥ ។
-សួរអំពីឧបាទាន ។
-សួរអំពីឆន្ទរាគៈផ្សេងគ្នា ។
-សួរអំពីខន្ធ ១១ កង ។
-សួរអំពីហេតុ អំពីបច្ច័យនាំឱ្យបញ្ញត្តខន្ធ ៥ ។
-សួរអំពីសក្កាយទិដ្ឋិកើតមាន ។
-សួរអំពីសក្កាយទិដ្ឋិមិនកើតមាន ។
-សួរអំពីអស្សាទ អាទីនវៈ និងនិស្សរណៈក្នុងខន្ធ ៥ ។
-សួរអំពីកាលបុគ្គលដឹងដូចម្ដេច ឃើញដូចម្ដេច ទើបអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន ។
ជាចុងក្រោយនៃព្រះធម្មទេសនា ព្រះភិក្ខុទាំង ៦០ ព្រះអង្គនោះឯង គង់នៅមួយកន្លែងនៅឡើយ បានរួចផុតចាកអាសវៈទាំងឡាយ ក្នុងគ្រានោះហោង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2786/dgvdgrcfxfvsczx.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៥៨,១៣៨ ដង)
យើងប្រាថ្នាព្រះនិព្វាន តើយើងដឹងថាព្រះនិព្វាននោះយ៉ាងដូចម្ដេចទេ ? ថាព្រះនិព្វានជាបរមសុខ តើសុខដ៏ក្រៃលែងនោះដូចម្ដេច ? ថាព្រះនិព្វានរួចផុតចាកទុក្ខ តើអ្វីជាទុក្ខ ? ហើយអ្វីជាការរួចផុតចាកទុក្ខ ? ដូច្នេះអ្វីដែលអាចដឹងបានក្នុងពេលនេះ គឺរូបជាធាតុមិនដឹង ដោយឡែកអំពីរូបគឺនាមធម៌ដែលដឹងអារម្មណ៍ សតិរលឹកដឹងលក្ខណៈនៃរូបធម៌ និងនាមធម៌រឿយៗ រហូតដល់វិបស្សនាកើតឡើងស្គាល់ទុក្ខ ដឹងហេតុនៃសេចក្ដីទុក្ខក្នុងវដ្ដៈ ទើបមានញាណក្នុងសន្តិបទ ដឹងអំពីការអស់ទៅនៃបច្ច័យ ។
នៅក្នុងអដ្ឋកថាសច្ចវិភង្គ សម្ដែងអំពីអនុពោធិញ្ញាណគឺវិបស្សនាដឹងទុក្ខ រមែងហាមនូវសក្កាយទិដ្ឋិ ដឹងសមុទយៈរមែងហាមនូវឧច្ឆេទទិដ្ឋិ ដឹងនូវនិរោធរមែងហាមនូវសស្សតទិដ្ឋិ ដឹងមគ្គរមែងហាមនូវអកិរិយទិដ្ឋិ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2785/wetgrtdgfcvd.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៧០,៨៨៩ ដង)
អ្វីៗ ក៏មិនមែនជារបស់យើងដែរ ដូចជារូបកាយយើងនេះ ដែលយើងស្រឡាញ់ណាស់ ថែរក្សាណាស់ សឹងតែទៅឈ្លោះនឹងអ្នកដទៃ ព្រោះហេតុតែប្រកាន់នូវរូបកាយនេះទៀតផង ប៉ុន្តែជាទីបំផុត រូបកាយនេះជារបស់ភ្លើងឆាបឆេះក្នុងឈាបនដ្ឋាន សូម្បីកំពុងនៅរស់ ក៏ត្រូវដុតឆេះដោយភ្លើងជរា ភ្លើងព្យាធិ ភ្លើងមរណៈដែរ តើជារបស់យើងយ៉ាងដូចម្ដេចទៅ ព្រោះដែលសន្មតថាជាយើងនោះ គឺបញ្ចក្ខន្ធហ្នឹងហើយ ដែលប្រព្រឹត្តទៅតាមនិយាមធម៌ ប្រែប្រួលនោះឯង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2790/rvdsgcvxcwsdz.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ២៨,៧២៦ ដង)
ចិត្តដែលល្អស្អាត រមែងមើលឃើញសេចក្ដីល្អរបស់អ្នកដទៃ។ មានរឿងគួរគិតម្យ៉ាងដែរ ត្រង់ដែលមនុស្សយើងចូលចិត្តមើលផ្កា មើលរូបស្អាតផ្សេងៗ ប៉ុន្តែបែរជាមិនចូលចិត្តមើលសេចក្ដីល្អរបស់អ្នកដទៃទៅវិញ ឯចំណែកលាមកជាដើម ជារបស់ស្មោកគ្រោក មិនត្រូវការមើលឡើយ ប៉ុន្តែបែរចូលចិត្តសម្លឹងមើលសេចក្ដីអាក្រក់លាមក ឬទោសកំហុសរបស់អ្នកដទៃទៅវិញដែរ ។ ការរៀនសម្លឹងមើលសេចក្ដីល្អរបស់អ្នកដទៃ នាំឱ្យកាត់បន្ថយនូវការខឹងស្អប់ ដូច្នេះ ទើបមេត្តាចិត្តមានឱកាសកើតឡើងបាន មេត្តាជាគ្រឿងទ្រទ្រង់លោក ចំណែកព្យាបាទជាគ្រឿងដុតលោក ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2796/svgredcvrfdc.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ២៤,០៤៧ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសធម្មនិគម របស់អ្នកកុរុទាំងឡាយ ក្នុងកុរុជនបទ ។ ក្នុងកាលនោះ ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយជាសភាវៈមិនទៀង ជារបស់ទទេ ជារបស់កុហក មានការវិនាសជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថាកាមនេះ ដូចជាវត្ថុដែលគេធ្វើដោយឧបាយកល ជាសម្ដីរបស់ជនពាល ។
កាមណា ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នក្ដី កាមណា ដែលប្រព្រឹត្តទៅក្នុងបរលោកក្ដី កាមសញ្ញាណា ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នក្ដី កាមសញ្ញាណា ដែលប្រព្រឹត្តទៅក្នុងបរលោកក្ដី ទាំងមួយគូនុ៎ះ ជាទីនៅនៃមារ នុ៎ះជាវិស័យរបស់មារ នុ៎ះជាចំណីរបស់មារ នុ៎ះជាទីគោចររបស់មារ អកុសលដ៏លាមកទាំងនុ៎ះ ដែលកើតអំពីចិត្ត ទោះជាអភិជ្ឈាក្ដី ព្យាបាទក្ដី សារម្ភៈក្ដី រមែងប្រព្រឹត្តទៅក្នុងកាមទាំងនុ៎ះ ឯកិលេសទាំង ៣ នោះ រមែងកើតដើម្បីអន្តរាយដល់អរិយសាវ័ក អ្នកកំពុងសិក្សារឿយៗ ក្នុងសាសនានេះ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2799/gvrdfgcvfxdbf_c.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៣៨,៧៧១ ដង)
នៅពេលកើតទុក្ខផ្លូវចិត្ត យើងត្រូវគិតដល់ហេតុនៃសេចក្ដីទុក្ខនោះ គឺមកអំពីតណ្ហា ពោលគឺចំណង់ដែលចង់បានអ្វីពីអ្នកដទៃ ឬចង់បានអ្វីអំពីលោកនេះ គ្រាន់តែមិនបានតាមចំណង់ប៉ុណ្ណោះ ទើបកើតទុក្ខហ្នឹងឯង ។ កាលណា បើយើងរកហេតុឃើញដូច្នេះហើយ យើងត្រូវគិតឱ្យច្បាស់លាស់តទៅថា សូម្បីបានអ្វីៗនោះតាមប្រាថ្នា ដូចបំណង តើយើងពិតជាគ្រប់គ្រាន់ទេ អស់ទុក្ខអស់ភ័យទេ ឈប់ធ្វើអ្វីខុសហើយឬ មានចិត្តត្រជាក់ក្សេមក្សាន្តពិតមែនឬ... យើងនឹងបានចម្លើយយ៉ាងច្បាស់លាស់មកថា អត់ទេ ព្រោះអ្វីនោះមិនមែនជាសោតាបត្តិមគ្គផងហ្នឹង ។ កាលណាបានយល់ដឹងដូច្នេះពិតប្រាកដក្នុងចិត្តហើយ អ្វីនោះៗ គឺមិនសូវជាសំខាន់ប៉ុន្មានឡើយ មិនបានទេក៏ហីទៅ អ្វីដែលសំខាន់ពិត គឺការឃើញសច្ចធម៌ ចូលកាន់ភូមិព្រះអរិយៈឯណេះទេតើ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/483/645yy6oi990.jpg
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២ (អាន: ១១,៩៧២ ដង)
បុណ្យប្រារព្វ (ថ្ងៃទ្រង់ប្រសូត, ទ្រង់ត្រាស់ដឹង, ទ្រង់បរិនិពា្វន)
១.ថ្ងៃទ្រង់ប្រសូត
គ្រាកាលព្រះនាងសិរិមហាមាយាអគ្គមហេសីរបស់ព្រះបាទសុទ្ធោទននៃនគរកបិលព័ស្តុតាំងព្រះគភ៍ដល់ថ្ងៃប្រសូត ព្រះនាងបានទទួលរាជានុញ្ញាតពីព្រះរាជាដើម្បីទៅប្រសូតបុត្រនៅនគរទេវទហ:ដែលជាប្រពៃណីនិយមរបស់មនុស្សនាសម័យនោះ។លុះព្រះនាងយាងមកដល់ត្រង់ចន្លោះនគរកបិលព័ស្តុនិងនគរទេវទហៈព្រះនាងទ្រង់បញ្ជាឲ្យរាជអាមាត្រឈប់សម្រាកក្រោមដើមសាលព្រឹក្សដ៏ធំមួយក្នុងឧទ្យានលុម្ពិនីប្រទេសនេប៉ាល់ នាកាលសព្វថ្ងៃនេះ។
រំពេចនោះ ព្រះនាងមានអារម្មណ៍ថានឹងប្រសូតបុត្រ ដើមសាលព្រឹក្សហាក់ដូចជាយល់ពីរាជបំណងទើបបានបង្អោនមែកចុះមកឲ្យព្រះនាងចាប់។ព្រះនាងបានប្រសូតបុត្រាមួយព្រះអង្គដ៏ស្រស់ស្អាតនៅថ្ងៃ១៥កើត ខែវិសាខ ឆ្នាំ ច មុនពុទ្ធស័ករាជ៨០ឆ្នាំ។
បន្ទាប់ពីប្រសូតបាន៥ថ្ងៃ ព្រះញាតិថ្វាយព្រះនាមព្រះរាជកុមារថា”សិទ្ធត្ថ” ដែលមានន័យថា “អ្នកញ៉ាំងប្រយោជន៍ឲ្យសម្រេច”។ កាឡទេវិលតាបសដែលអាស្រ័យនៅជិតភ្នំហិមពាន្តបានជ្រាបដំណឹងនេះហើយក៏ចូលមកកាន់រាជវាំងភ្លាមហើយព្យាករណ៍ថា”រាជកុមារនេះនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធឃើញច្បាស់នូវព្រះនិព្វានដ៏បរិសុទ្ធយ៉ាងក្រៃលែងទ្រង់ញ៉ាំងប្រយោជន៍ដល់ពពួកជនយ៉ាងច្រើនរាប់ចំនួនមិនបានព្រះអង្គនឹងប្រកាសនូវធម្មចក្រទូទាំងសកលលោក”។
២.ថ្ងៃទ្រង់ត្រាស់ដឹង
ចាប់ផ្តើមពីការចេញសាងព្រះផ្នូសបាន៦ឆ្នាំ ព្រះសិទ្ធត្ថទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធទៀបគល់ពោធិព្រឹក្សត្រង់ផ្ចិតផែនដី ស្ថិតនៅតំបន់ឧរុវេលាសេនានិគម នាពេលទៀបភ្លឺថ្ងៃ ១៥កើត ខែវិសាខ ឆ្នាំរកាមុនពុទ្ធស័ករាជ ៤៥ ឆ្នាំ។ បច្ចុប្បន្នស្ថានទីនេះហៅថា”ពុទ្ធគយា”ដែលជាតំបន់មួយស្ថិតក្នុងក្រុងគយា នៃរដ្ឋពីហារប្រទេសឥណ្ឌា។
ព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវ”អរិយសច្ច”ដែលប្រែថា”សេចក្តីពិតដ៏ប្រសើរ”ឬ”សេចក្តីពិតដែលមាននៅក្នុងជីវិតរបស់ មនុស្សគ្រប់គ្នាទាំងអស់មិនថា អ្នកមាន អ្នកក្រ ឬអាក្រក់ល្អនោះទេ”។ អរិយសច្ចនោះមាន ៤ យ៉ាងគឺ:
១.ទុក្ខសច្ច សេចក្តីទុក្ខដែលមាននៅក្នុងខ្លួនសត្វលោក។
២.ទុក្ខសមុទយ ហេតុដែលនាំឲ្យកើតសេចក្តីទុក្ខ។
៣.និរោធសច្ច សេចក្តីសុខដែលមិនមានទុក្ខលាយឡំក៏ជាសេចក្តីពិតដែលមនុស្សគ្រប់គ្នាអាចស្វែងរកបាន។
៤.មគ្គសច្ចផ្លូវកណ្តាលតែមួយគត់ដែលជាវិធីរំដោះខ្លួនឲ្យចេញចាកសេចក្តីទុក្ខគឺ មគ្គមានអង្គ ៨ ប្រការ។
សច្ច:ទាំងឡាយ៤ប្រការនេះដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្យាយាមស្វែងរកដើម្បីប្រយោជន៍ដល់មនុស្សច្រើនគ្នា។
៣.ថ្ងៃទ្រង់បរិនិព្វាន
រាប់តាំងពីព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវសច្ចធម៌ ហើយស្តេចយាងសម្តែងធម៌ដល់សព្វសត្វបាន៤៥ឆ្នាំ ។ លុះព្រះជន្ម ៨០វស្សាព្រះអង្គបានគង់ចាំវស្សាក្នុងវេឡុគ្រាម ជិតក្រុងវេសាលីដែន វជ្ជី។ក្នុងអំឡុងនៃការចាំវស្សាទីនោះ ព្រះអង្គមានអាពាធយ៉ាងខ្លាំង គ្រានោះគឺថ្ងៃ១៥កើតពេញបូណ៌មី ខែវិសាខព្រះពុទ្ធជាម្ចាស់ព្រមដោយភិក្ខុសង្ឃទាំងឡាយបានទទួលនូវចង្ហាន់បិណ្ឌបាតតាមការនិមន្តពីសំណាក់នាយចុន្ទ។ បន្ទាប់មក ព្រះអង្គបានសោយចង្ហាន់នាយចុន្ទរួចអាពាធរបស់ព្រះអង្គក៏ចាប់ផ្តើមធ្ងន់ទៅៗតាមលំដាប់ ហើយស្តេចយាងទៅកាន់ក្រុងកុសិនារា។ សូម្បីខណ:ដែលព្រះអង្គកំពុងអាពាធធ្ងន់ក្តី ក៏ព្រះអង្គនៅតែប្រទាននូវឱវាទជាបច្ឆឹមវាចាថា”ម្នាលភិក្ខុទាំងឡាយសង្ខារធម៌ទាំងឡាយមានកិរិយារលត់ទៅជាធម្មតាអ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងឡាយដែលជាប្រយោជន៍របស់ខ្លួននិងប្រយោជន៍អ្នកដ៏ទៃឲ្យ សម្រេចដោយសេចក្តីមិនប្រមាទចុះ”រួចហើយព្រះអង្គក៏បរិនិព្វាននៅក្រោមដើមសាលព្រឹក្សទាំងគូនាក្រុងកុសិនារាក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ននេះ។
វិសាខបូជា
ថ្ងៃវិសាខបូជា គឺជាថ្ងៃដែលមានសារ:សំខាន់យ៉ាងក្រៃលែងសម្រាប់ពុទ្ធសាសនិកទូទាំងសកលលោក ជាថ្ងៃឈប់សម្រាកពីការងាររបស់មន្រ្តីរាជការក្នុងបណ្តាប្រទេសអ្នកគោរពរាប់អានព្រះពុទ្ធសាសនាជាច្រើននិងជាថ្ងៃសំខាន់របស់ពិភពលោក យោងតាមមតិរួមរបស់ទីប្រជុំអង្ការសហប្រជាជាតិព្រោះជាថ្ងៃដែលមានព្រឹត្តិការណ៍ដ៏ធំ៣ផ្សេង ៗគ្នានិងមានន័យសំខាន់ជាទីបំផុតនៅក្នុងព្រះពុទ្ធសាសនាគឺថ្ងៃប្រសូត ត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដោយហេតុការណ៍ទាំង៣នោះបានកើតឡើងក្នុងថ្ងៃនិងខែជាមួយគ្នាគឺថ្ងៃ ១៥ កើត ខែវិសាខផ្សេងគ្នាតែឆ្នាំគ្នាប៉ុណ្ណោះ។
សម្រាប់ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀតដែរ ជារៀងរាល់ឆ្នាំតែងតែប្រារព្ភកម្មវិធីវិសាខបូជានៅតាមបណ្តាស្ថាប័នរដ្ឋ និងស្ថាប័នផ្សេងៗទៀតជាពិសេសនៅតាមវត្តអារាមនានា ជាក់ស្តែងនៅពុទ្ធស័ករាជ២៥៥៥ ឈានចូល ២៥៥៦នេះ វត្តមណីរតនារាមក្រោមការដឹកនាំរបស់ព្រះតេជគុណវជិរប្បញ្ញោ សាន សុជា ព្រះសង្ឃនិងគណកម្មការអាចារ្យរួមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់បានរៀបចំវិសាខបូជាដោយមានគោលបំណងដូច្នេះ
១. ដើម្បីរក្សានូវវប្បធម៌និងប្រពៃណីដ៏ផូរផង់នេះ ជាកេរ្តិ៍មត៌កសម្រាប់មនុស្សជំនាន់ក្រោយ។
២. ដើម្បីសាមគ្គីភាពនៅក្នុងសង្គម និងសាមគ្គីភាពរវាង ពុទ្ធសាសនិក ចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហាផ្សេងៗដែលបានកើតឡើងនៅក្នុងសង្គម។
៣. ដើម្បីផ្សព្វផ្សាយនូវពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធនិងធ្វើឲ្យពុទ្ធបរិស័ទកាន់តែយល់ច្បាស់នូវសារ:សំខាន់របស់វិសាខបូជា។
ដោយ៥០០០ឆ្នាំ
images/articles/2329/43twasedg.jpg
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២ (អាន: ៨,៤៧០ ដង)
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថា ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូ នាថ្ងៃពេញបូណ៌មី (គីថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។ ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញ
images/articles/2929/4pic.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ៣១,១២៤ ដង)
បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ‹‹ គឺថ្ងៃ១៥ កើត ›› ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ ។ ការប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត ខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជា មហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃ ព្រះសម្ពុទ្ធបរមគ្រូ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន
***ប្រសូត
*ព្រះសមណគោតមបរមគ្រូ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នា ឧទ្យានលុម្ពិនីវន ក្រោមដើមសាលព្រឹក្ស ស្ថិត នៅត្រង់ព្រំប្រទល់ដែនកបិលពស្ដុ និងទេវទហៈ នាវេលាថ្ងៃត្រង់ ។
*ក្នុងថ្ងៃព្រះសិទ្ធត្ថប្រសូត មានសហជាត វត្ថុ៧យ៉ាងកើតក្នុងថ្ងៃនោះដែរគឺព្រះនាង ពិម្ពាយយសោធរា១, អនន្ទ១, ឆន្ទអាមាត្យ ១, កណ្ឌកៈជាអាជានេយ្យ១, កាឡុទាយី អាមាត្យ ១, មហាពោធិព្រឹក្ស១ និងកំណប់ ទ្រព្យទាំង បួន១ ។
*អភិសេក
ព្រះសិទ្ធត្ថ ព្រះជន្ម១៦ព្រះវស្សា ទ្រង់ អភិសេកជាមួយព្រះនាងពិម្ដាយសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យបាន១៣ឆ្នាំ ទ្រង់បានព្រះរាជ បុត្រ មួយព្រះអង្គ ព្រះនាមរាហុលកុមារ ក្នុងព្រះជន្ម គំរប់២៩ព្រះវស្សា ។
*សាងព្រះផ្នួស
ព្រះជន្ម២៩វស្សា ព្រះសិទ្ធត្ថ ទ្រង់ចេញ សាងព្រះផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា គឺក្នុងថ្ងៃដែលព្រះរាហុលកុមារប្រសូតនោះឯង ។
***ត្រាស់ដឹង
ព្រះសមណគោតម បានត្រាស់ដឹងអនុត្ដរ សម្មាសម្ពោធិញាណ ក្នុងព្រះជន្មាយុ៣៥ព្រះ វស្សា នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា ក្រោមដើមពោធិព្រឹក្ស ១ដើម ខាងលិច ស្ទឹងនេរញ្ចនា នាមណ្ឌលគយា សព្វថ្ងៃហៅ ពុទ្ធគយា ។
*សំដែងធម្មចក្កប្បវត្ដនសូត្រ
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបឋមទេសនា ធម្មចក្កប្បវត្ដនសូត្រនៅថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុនៅឥសិបតនមិគទាយវន ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង ៥យ៉ាងអស់៤៥ព្រះវស្សា គឺ ៖
១-ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត
២-ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ
៣-ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ
៤-ពេលអធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា
៥-ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។
***បរិនិព្វាន
ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាននៅថ្ងៃ អង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើម ពោធិព្រឹក្សទាំងគូនៅខាងលិច កុសិនារា ។ រយៈកាល៤៥ព្រះវស្សា ចាប់ពីក្រោយ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ មក ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានសំដែង ព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ បើគិតជា ធម្មក្ខន្ធមាន៨៤.០០០ព្រះធម្មក្ខន្ធ ដែលចែកជា ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម ។
បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា ។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជារបស់ ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។
អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែវិសាខនេះ ទុកជាពិធី ធ្វើសក្ការបូជា ជាដរាបរៀងរាបមកទល់គ្នា នឹងសម័យបច្ចុប្បន្ននេះ ។
ដោយ៥០០០ឆ្នាំ
images/articles/2382/4wefwd44.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ១០,០៤០ ដង)
បុណ្យពិសាខបូជា ខ្មែរកាន់យកវិសាខមាស (ខែពិសាខ) ប្រទេសដទៃ មានសៀមជាដើមកាន់យកវិសាខប្ញក្ស (វិសាខនក្ខត្តប្ញក្ស) ។
ហេតុដូចម្តេចបានជាអ្នកប្រាជ្ញបោរាណាចារ្យដឹងថា ព្រះពុទ្ធប្រសូតនៅ នៅថ្ងៃណា ខែណា ឆ្នាំណា ? ក្នុងគម្ពីរលោកធាតុបានប្រាប់ថា ក្នុងកាលមុននឹងព្រះពុទ្ធត្រាស់ដឹង ព្រះអយ្យកោនៃព្រះពុទ្ធនាមថា