ថ្ងៃ ច័ន្ទ ទី ២៣ ខែ តុលា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦០,១២៣
Today
ថ្ងៃម្សិលមិញ ៩៣,៤៨៣
ខែនេះ ១,៨១០,៧៣៦
សរុប ៤៩,០៧៤,៤២៥
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/1276/Untitled-1-Recovered.jpg
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៦៤៩៦ ដង)
កូន​ជាទី​ស្រឡាញ់​!មនុស្ស​ដែល​មិន​មាន​ប្រមាទ រមែង​មិន​បណ្តែត​បណ្តោយ សូម្បី​តែ​គំនិត គឺ​ជា​អ្នក​មាន​នូវ​ស្មារតី​គ្រប់​គ្រង​គំនិត​របស់ខ្លួន មិន​ភ្លាត់​គំនិត ដូច​ជា​ការ​ដើរ​ដួល​ក្នុង​ផ្លូវ​រអិល​ឡើយ ។ជា​ធម្មតា​ក្នុង​ជីវិត​រាល់​ថ្ងៃ រមែង​មាន​សុខ មាន​ទុក្ខ​ក្នុង​ចិត្ត​ទៅគំនិត​របស់​ខ្លួន ព្រោះ​ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​យើង ស្វែង​រក​នូវ​សេចក្តី​សុខតាម​ផ្លូវ​ចិត្តដោយ​ការ​ប្រយ័ត្ន​នូវ​គំនិត​ខ្លួន​ឯង ។ បើ​គ្រប់​គ្រង​គំនិត​មិនបាន​ទេ គំនិត​ហ្នឹង​ហើយ​ដែល​តែង​តែបៀត​បៀន​នូវ​ចិត្ត​ខ្លួន​ឯង នាំ​មក​នូវ​ទុក្ខ​រឿយ​ៗ​ឲ្យ​ដល់​ចិត្ត​សន្តាន រហូត​ដល់​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​ឃោរ​ឃៅ ។ គំនិត​ប្រៀប​ដូច​ជា​ភ្លើង​អុស​ បើ​គ្រង​បាន​ល្អ​ក៏​ជា​ប្រយោជន៍ តែ​បើ​គ្រប់​គ្រង​មិន​បាន​ល្អទេ រមែង​ឆេះ​ផ្ទះ​ឆេះ​ភូមិ ឆេះ​ស្រុក ដូច្នេះ​ហើយ ទើប​បុគ្គល​ដែល​មិន​មាន​ប្រមាទ រមែង​ប្រយ័ត្ន​នូវ​គំនិត​នេះ​ណាស់ ឯ​ផល​កម្រៃ​ដែល​ត្រូវ​បាន​គឺ​សេចក្តី​សុខ​ស្ងប់​ច្រើនៗ ។សូម​កូន​ខំ​ប្រឹង​ស្វែង​រក​នូវ​សេចក្តី​សុខ​អំពី​គំនិត​របស់​ខ្លួន​ឯង ។ កូន​គប្បី​កំណត់​ដឹង​ថា​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​មក​ដល់​ជីវិត​នេះ មិន​មែន​នាំ​មក​នូវ​សុខ ឬ​ទុក្ខ​ចូល​ដល់​សន្តាន​ចិត្ត​តែ​ម្តង​នោះ​ទេ គឺវា​អាស្រ័យ​នៅ​លើ​គំនិត​ឆ្លាត​ឬល្ងង់​របស់​ខ្លួន ដែល​ជាអង្គ​ប្រកប​ខាង​ក្នុង​សម្រេច​ឲ្យ​សុខ​ឬ​ទុក្ខ​ក្នុង​ចិត្ត​កើត​ឡើង ។ក្រោក​ព្រឹក​ឡើង កូន​ត្រូវ​ប្រាថ្នា​សច្ចា​ក្នុង​ចិត្ត​ថា​នឹង​ធ្វើ​ល្អ និយាយ​ល្អ​គិត​ល្អ ឲ្យ​បាន​ប្រសើរ​ជាង​ពី​ថ្ងៃ​មុន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/946/Untitled-1.jpg
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៨៤៧២ ដង)
កូន​ជា​ទី​ស្រឡាញ់! ពាក្យ​ថា​ គ្រួ​សារ​ជា​ពាក្យ​ដែល​មាន​សេចក្តី​ឬ​អត្ថ​ន័យ​ច្រើន​ គឺ​សំ​ដៅ​ដល់​ការ​ស្រឡាញ់​ ភាព​កក់​ក្តៅ​ ភាព​នៃ​ត្រកូល​តែ​មួយ​ជា​មួយ​គ្នា​ ។ល។​ ហើយ​តែង​ហៅ​គ្នា​ថា​ " អ្នក​ផ្ទះ​ខ្ញុំ​ " ឬ​គ្រួ​សារ​ខ្ញុំ​ជា​ដើម​ ។ សម័យ​ដែល​នៅ​ក្មេង​ៗ​ យើង​នៅ​រួម​គ្នា​ជា​គ្រួ​សារ​ មាន​សម្លេង​សើច​សប្បាយ​មាន​សម្លេង​រត់​ប្រឡែង​គ្នា​ បរិ​ភោគ​អា​ហារ​រួម​គ្នា​ និង​ធ្វើ​អ្វី​ៗ​ជា​មួយ​គ្នា​ មាន​ភាព​រស់​រវើក​ ។ ឪ​ពុក​ម្តាយ​ សូម្បី​ធ្វើ​ការ​ហត់​នឿយ​អស់​កម្លាំង​យ៉ាង​ណា​ក៏​ដោយ​ លុះ​មក​ដល់​ផ្ទះ​ហើយ​គ្រាន់​តែ​ឃើញ​មុខ​កូន​ៗ​ រត់​មក​ទទួល​ ជួយ​កាន់​ជួយ​ទទួល​របស់​របរ​ និង​សាក​សួរ​ពី​ការ​ហត់​នឿយ​ប៉ុណ្ណឹង​ ម៉ែ​ឪ​ក៏​បាត់​អស់​នូវ​ការ​ហត់​នឿយ​ទៅ​ហើយ ។​ មាតាបិតា​ឃើញ​កូន​ញ៉ាំ​បាន គេង​បាន​លក់​ក៏​សប្បាយ​ចិត្ត​ ទាំង​អស់​នេះ​ឯង​ណ៎ា​កូន ដែល​គេ​ថា​ គ្រួសា​រ​មានភាព​កក់​ក្តៅ​នោះ ។ ឥឡូវ​នេះ​កូនក៏​បាន​ធំ​ៗ​អស់​ហើយ​ កូន​អើយ​ធ្វើជា​បង​ជា​ប្អូន​គ្នា​ កូន​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ ។ សាច់​ឈាម​ជា​មួយ​គ្នា​ យ៉ាង​ណា​ៗ​ក៏​កាត់​មិន​​បាន​ ពាក្យ​ចាស់​ពោល​ថា " កាត់​ទឹក​មិន​ដាច់ កាត់​សាច់​មិន​បាន " ដូច្នេះ​ចូរ​កូន​កុំ​ស្អប់​ខ្ពើម​ កុំ​កំណាញ់​ កុំ​ច្រណែន​ ឬ​ខឹង​ក្រោធ​គំនុំ​គុំ​កួន​អ្វី​ដល់​គ្នា​ឡើយ​ កូន​ត្រូវ​ជួយ​គ្នា​ និង​មើល​ថែ​គ្នា​វិញ​ទើប​បាន​ល្អ​ ។ បាន​មក​ធ្វើ​ជា​បង​ប្អូន​នឹង​គ្នា​ហើយ​ ស្រាប់​តែ​មក​ឈ្លោះ​ទាស់​ទែង​គ្នា​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់​ កូន​អើយ​ មនុស្ស​ល្អ​គេ​មិន​ឈ្លោះ​ទាស់​ទែង​គ្នា​ដូច្នេះ​ឡើយ​ ម៉្យាង​ទៀត​ កូន​ត្រូវ​គិត​ដល់​ទ្រូង​ម្តាយ​ឪ​ពុក​ផង​ណ៎ា​ កូន​ណ៎ា​ ។ គិត​ដល់​ពេល​ដែល​កូន​នៅ​តូច​ៗ​ ឈ្លោះ​គ្នា​ ហើយ​ក៏​ល្អ​នឹង​គ្នា​វិញ លេង​ចូល​គ្នា​វិញ​ដូច​ដើម​ ភ្លេច​រឿង​ចាស់​ដែល​កន្លង​ទៅ​អស់​ ហើយ​ស្រឡាញ់​គ្នា​ ព្រម​ព្រៀង​គ្នា​ មាន​អ្វី​ធ្វើ​ក៏​ជួយ​ធ្វើ​គ្នា​ ។ ល្អ​ណាស់​កូន​ មាន​រឿង​ខ្លះ​ៗ​ កាល​កូន​នៅ​ពី​តូច​នោះ​ កូន​គួរ​សិក្សា​តាម បើ​កូន​គិត​ថា​ កូន​ធំ​ហើយ​ កូន​មិន​ភ្លេច​រឿង​ដែល​ទាស់​ចិត្ត​ដូ​ច​កាល​កូន​នៅ​ពី​ក្មេង​ទេ​ តែ​កូន​ត្រូវ​កុំ​ប្រ​កាន់​គ្នា​ ។ កូន​អើយ​ ស្វាមី​ អាច​រកថ្មី​បាន​ ភរិយា​អាច​រក​ថ្មី​បាន​ កូន​ក៏​អាច​រក​ថ្មី​បាន​ដែរ​ តែ​បង​ឬ​ប្អូន​រក​មិន​បាន​ទៀត​ឡើយ​ មាន​ប៉ុនណា​ក៏​ប៉ុណ្ណឹង​ កាល​កាត់​បង​ កាត់​ប្អូន​ ក៏​ដូច​គ្នា​នឹង​ការ​កាត់​សាច់​ កាត់​ឈាម​របស់​ម៉ែ​របស់​ឪ​ដែរ​ណ៎ា​កូន ។ គ្រួ​សារ​កក់​ក្តៅ​ ម៉ែ​ឪ​កូន​ចៅ​ ត្រូវ​នៅ​ក្នុង​ធម៌ មិ​ន​តាម​កិលេស​ ចេះ​រស់​ក្នុង​ពរ​ អាយុ​បវរ​ គុណធម៌​ក្នុង​ចិត្ត​ ។ ស្រុង​-យូ​ហេង, អ្នក​ម្តាយ, លោក​ឪពុក, ស្រុង​-ចាន់​ណា, ស្រុង​-ចាន់​រតនា, ម្តាយ​មីង​ ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/2002/Untitled-1-Recovered.jpg
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៤៣៨១ ដង)
គេ​តែង​និយាយ​ថា " ពេលវេលា គឺ​ជា​មាសប្រាក់ " តាម​ពិត ពាក្យ​និយាយ​នេះ មិន​ទាន់​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ ព្រោះ​ថា​មាស​ប្រាក់​ដែល​បាត់​បង់​ទៅ ជួន​កាល​អាច​រក​មក​វិញ​បាន តែ​ពេល​វេលា​ដែល​កន្លង​ទៅ មិន​អាច​ត្រឡប់​មកវិញ​បាន​ទេ ។ដូច្នេះ តម្លៃ​នៃ​ពេល​វេលា មិន​អាច​រក​របស់​ខាង​ក្រៅ​ខ្លួន​ណា​មួយ​មក​វាស់​វែង​បាន​ឡើយ។ បើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ មាន​តែ​ជីវិត​ប៉ុណ្ណោះដែល​អាច​វាស់​វែង​ទៅ​នឹង​ពេល​វេលា​បាន ព្រោះ​ថា ជីវិត​ក៏​ជា​របស់​ដែលបាត់​បង់​ហើយ មិន​អាច​ត្រឡប់​មក​វិញ​បាន​ដូច​ជា​ពេល​វេលា​ដែរ។ តាម​ន័យ​នៃ​បរមត្ថធម៌ ពេល​វេលា​ជារបស់​ដែល​មិន​មាន​ដោយ​សភាវៈ ត្រឹម​ត្រូវ​ជា​ការ​បញ្ញត្តិ និង​កំណត់​ចំណាំ​ឲ្យ​ដឹង​គ្នា​តែ​ប៉ុណ្ណោះ ឯ​របស់​ដែល​មាន​ពិត គឺ​ការ​កើត​និង​ការ​រលត់​ទៅ​នៃ​តួជីវិត​នេះ​ឯង បើ​មិន​មាន​ការ​កើត​ឡើង និង​ការ​រលត់​ទៅ​នៃ​តួជីវិត​នេះទេ ក៏​មិន​មាន​ការ​បញ្ញត្តិ​ឬ​កំណត់​ចំណាំ​ពេល​វេលា​សម្រាប់​ហៅ​ដែរ ។ ពេល​វេលា​កន្លង​ទៅ​មួយ​ថ្ងៃ ជីវិត​ក៏​ត្រូវ​បាត់​បង់​អស់​មួយ​ថ្ងៃ ពេល​វេលា​កន្លង​ទៅ​មួយ​ខែ ជីវិត​ក៏​ត្រូវ​បាត់​បង់អស់​មួយ​ខែ ពេល​វេលា​កន្លង​ទៅ​មួយ​ឆ្នាំ ជីវិត​ក៏​ត្រូវ​បាត់​បង់​អស់​មួយ​ឆ្នាំ ពេល​វេលា​កន្លង​ទៅ​ច្រើន​ប៉ុណ្ណា ជីវិត​ក៏ត្រូវ​បាត់​បង់​ទៅ​ច្រើន​ប៉ុណ្ណោះ ព្រោះហេតុ​ដូច្នោះ មិន​គួរ​ទុក​ដាក់​ពេល​វេលា​ស្មើ​ត្រឹម​តែ​មាស​ប្រាក់​ឡើយ ។ យើង​អាច​និយាយ​បាន​ថា ពេលវេលា គឺ​ជា​អាយុជីវិត, ដូច្នេះទើប​ពេលវេលា​មាន​តម្លៃ​សម្រាប់​បំពេញ​កិច្ចការ​ផ្សេង​ៗ​ទៀត ក្រៅ​ពី​ការ​រក​មាស​ប្រាក់ ព្រោះ​ជីវិត​នេះ​មិន​មែន​អស់​នូវ​ទុក្ខកង្វល់ ដោយ​គ្រាន់​តែ​មាន​មាស​ប្រាក់​សោះ​ឡើយ ប្រសិន​បើ​មាស​ប្រាក់ ពិត​ជា​អាច​ដោះ​ស្រាយ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង​បាន​មែន ម្ល៉េះ​សមពួក​អ្នក​មានទ្រព្យ​ច្រើន​លែង​ចេះ​ឈ្លោះ​ទាល់​ទែង​គ្នា សម្លាប់​គ្នា និង​ការ​ធ្វើ​អត្តឃាត​ទៅ​ហើយ ។ ក្នុង​សង្គម ធ្លាប់​បាន​ឮ​ថា មនុស្ស​ជាច្រើន ពេល​ដែល​គេ​បបួល​ឲ្យ​ស្ដាប់​ធម៌ ឬ​សិក្សា​ព្រះធម៌ តែង​តែឆ្លើយ​ថា " ចង់​ដែរ តែ​មិន​មាន​ពេល ព្រោះ​ជាប់​ការងារ " នេះ​គ្រាន់​តែ​ជា​ពាក្យ​ដោះ​សា​ប៉ុណ្ណោះ។សួរ​ថា បើ​ពិត​ជា​រវល់​មែន ហេតុ​អ្វី​ក៏​មាន​ពេល​កម្សាន្ត​ច្រើន​ម្លេះ? ដូច​ជា ពេល​ដើរ​លេង ពេល​ជប់លៀង ពេល​ស្ដាប់​ចម្រៀង ពេល​និយាយដើម​គេ ពេល​មើល​ទូរទស្សន៍​ជាដើម ។ ដូច្នេះ ការ​ឆ្លើយ​ថា " ដែល​ខ្ញុំ​ស្ដាប់ ឬ​សិក្សា​ធម៌ មិន​បាន​ព្រោះ​តែ​ខំរវល់​ពេល " នេះ គឺ​ជា​ចម្លើយ​មិន​សមហេតុ​ផល​ទេ ចម្លើយ​ដែល​ត្រូវ​គួរ​ឆ្លើយថា " ការ​ដែល​ខ្ញុំ​ស្ដាប់ ឬ សិក្សា​ធម៌​មិន​បាន ព្រោះ​តែ​ខ្ញុំ​មិន​មាន​សទ្ធា " នេះ​ទើប​សម​ហេតុ​ផល ព្រោះ​ថាកាល​មាន​សទ្ធា​ហើយ ពិត​ជា​អាច​ឆ្លៀត​ពេល​បាន​គ្រប់ៗ​គ្នា​ទាំង​អស់ បើ​ទុក​ជា​មិន​អាច​ទៅ​ស្ដាប់ ឬ​សិក្សា​ផ្ទាល់​អំពី​ព្រះធម្មកថិក ក៏​អាច​ឆ្លៀត​ស្ដាប់​តាម​វិទ្យុ ឬ​កាសែត ឬ​ក៏​អាច​សៀវភៅ​ធម៌​នៅ​តាម​ផ្តះ​បាន​ខ្លះ​មិន​ខាន ។ អ្នក​ខ្លះ​ទៀត មិន​មែន​ថា​គេ​មិន​ចង់​ស្ដាប់ មិន​ចង់​សិក្សា​ទេ តែ​គេ​មាន​គំនិត​ជា​ទុទិដ្ឋិនិយម​ថា ពេល​ដែល​នៅ​វ័យ​ក្មេង គេ​មិន​ទាន់​ត្រូវ​ការ​ធម៌​ទេ ព្រោះ​ត្រូវ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត ដល់​ពេល​ចាស់ គេ​មុខ​ជា​នឹង​ចូល​ទៅ​រកធម៌​មិន​ខាន ការ​និយាយ​បែប​នេះ​ហាក់​ដូច​ជា​ច្បាស់​ក្នុង​ចិត្ត​ថា គេ​មិន​ស្លាប់​ពី​ក្មេង​ឡើយ ។ សូម​ផ្ដាំ​មនុស្ស​គ្រប់​ជំនាន់​ថា យើង​អាច​ដាក់​កាល​វិភាគ​សម្រាប់​ធ្វើ​ការងារ​ផ្សេងៗ​បាន តែ​មិន​អាច​ដាក់​កាល​វិភាគ​សម្រាប់​ស្លាប់​បាន​ទេ បើ​ទុក​ជា​ចង់​ដាក់ ក៏​ដាក់មិន​ត្រូវ​ដែរ វៀរ​លែង​តែ​មនុស្ស​ធ្វើ​អត្តឃាត ដោយ​សេចក្ដី​ថា ទោះ​បីជា​យើង​រវល់​រហូត​គ្មាន​ពេល​ចូល​បង្គន់​ក៏​ដោយ តែ​មិន​អាច​រវល់​រហូត​ដល់​គ្មាន​ថ្ងៃ​ស្លាប់​នោះ​ទេ ។ អ្នក​ណា​ទុក​ពេល​វេលា​ស្មើនឹង​មាស​ប្រាក់ អ្នក​នោះ​ឈ្មោះ​ថា ទុក​ជីវិត​ខ្លួន​ឯង​ស្មើ​នឹង​មាស​ប្រាក់ ហើយ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​មាស​ប្រាក់​រហូត ។តាម​ពិត​ ជីវិត​នេះ​ថ្លៃ​ណាស់ មិន​មែន​មាន​តម្លៃ​ស្មើ​តែ​នឹង​មាស​ប្រាក់​ឡើយ ព្រោះ​ថា បើ​ទុក​ជា​មាន​នរណា​ម្នាក់​យក​លុយ​ច្រើន​ប៉ុណ្ណា​ក៏​មក​ទិញ​ជីវិត​យើង ៗ ពិត​ជា​មិន​ព្រម​លក់​ជា​ដាច់​ខាត។ ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត ដោយ​៥០០០​ឆ្នាំ
images/articles/1632/Untitled-1-Recovered.jpg
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៦០៩៦ ដង)
បណ្ឌិត មាន​ន័យ​ថា ជន​អ្នក​មាន​ប្រាជ្ញា គឺ​ជា​អ្នក​ឆ្លាត​ឈ្លាង​ប្រកាន់​ខ្ជាប់​នូវ​កុសល​កម្ម​បទ​១០ ។អ្នក​ឆ្លាត​មិន​ឃើញ​ប្រយោជន៍ខ្លួន​ឯង​ជា​ធំ និង​មិន​ឃើញ​ប្រយោជន៍​អ្នក​ដទៃ​ជា​ធំដែរ តែ​អ្នក​ប្រាជ្ញ​រមែង​មើល​ឃើញ​ប្រយោជន៍​ទាំង​ពីរ គឺ ខ្លួន​ឯង​ផង​អ្នក​ដទៃ​ផង។ ម្យ៉ាង​ទៀត បណ្ឌិត​តែង​រស់​នៅ​ដោយ​សេចក្ដី​មិន​ប្រមាទ មិន​ប្រមាទ​ហើយបណ្ឌិត​នោះ​នឹង​បាន​ស្រេច​នូវ​ប្រយោជន៍​ទាំង​ពីរ​សម្រាប់​ខ្លួន​ឯង។ បណ្ឌិត​ញញើត​នឹង​បាប ខ្លាច​បាប តែ​សូម​កុំ​ច្រលំ​ថា បណ្ឌិត​ទៅ​ចុះ​ញ៉ម​ជា​មួយ​បាប​ឲ្យ​សោះ ។បណ្ឌិត​ត្រូវ​ការ​បុណ្យ ស្រលាញ់​បុណ្យ តែ​សូមកុំ​យល់​ច្រលំ​ថា​បណ្ឌិត​ប្រកាន់​បុណ្យ​ឲ្យ​សោះ ។បណ្ឌិត​មិន​ដែល​សាង​បញ្ហា​ឲ្យ​នរណា​ឡើយ តែ​បណ្ឌិត​មាន​តែ​សាង​នូវ​ភាព​ទុក​ចិត្ត​ជានិច្ច ឲ្យ​ដល់​ជន​ដែល​ក្រៅ​ពី​ខ្លួន​ឯង មិន​ឲ្យ​អ្នក​នោះ​មាន​សេចក្ដី​ឈឺ​ចាប់​ព្រួយ​បារម្មណ៍​អ្វី​នោះ​ឡើយ។ ខ្ញុំ​សូម​ពោល​ពី​បុគ្គល​ពាល​វិញ​ម្ដង បុគ្គល​ពាល​មិន​ដែល​សាង​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន​ឯង​នោះ​ឡើយ ។ប្រយោជន៍​ដែល​ត្រូវ​កើត​ឡើង ក៏​បុគ្គល​ពាល​គឺ​មិន​ដឹង​ទាំង​មិន​យល់​មិន​ស្គាល់​ថា អ្វី​ទៅ​ជា​ប្រយោជន៍​ហើយ​ថា​តើ​ប្រយោជន៍​មាន​ន័យ​យ៉ាង​ណា ក៏​បុគ្គល​នូវ​តែ​មិន​យល់​មិន​ដឹង ហើយ​ចិត្ត​របស់​បុគ្គល​ក៏​ហីអើ​ទៅ​ដោយ​មិន​ខ្លាច​បាត់​បង់​ប្រយោជន៍​នោះ​ឡើយ។ អត្តភាព​នៃ​បុគ្គល​ពាល រស់​នៅ​គឺ​សាង​តែ​រឿង​មិន​ល្អ និង​បង្ក​អសន្តិសុខ​ដល់​សង្គម​ប្រទេស​ជាតិ​ទៀត​ផង។ មិន​មាន​តម្លា​ភាព ដួង​ចិត្ត​បុគ្គល​ពាល​គឺ​ស្ថិត​នៅ​ក្នុង​សេចក្ដី​វិប្បលាស ម្ដង​រស់​ម្ដង​ស្លាប់ ម្ដង​ជា​ម្ដង​ឆ្កួត ខុស​ជា​ត្រូវ ត្រូវ​ជា​ខុស ។នៅ​ក្នុង​ដួង​ចិត្ត​នៃ​បុគ្គល​ពាល គឺ មាន​តែ​អក្សរ ថា សម្លាប់ លួច ប្រព្រឹត្ត​កាមេ ពោល​កុហក ផឹក​ទឹក​ស្រវឹង មិន​ស្ដាប់​អ្នក​ដទៃ មិន​ស្គាល់​អ្នក​ប្រាជ្ញ និង​មិន​ស្គាល់​ខ្លួន​ឯង។ ជន​ណា​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ល្ងង់​ខ្លៅ ជន​នោះ​គឺ​ជា​បុគ្គល​មិន​ស្គាល់​ប្រយោជន៍ បុគ្គល​ណា​ដែល​មិន​ស្គាល់​ប្រយោជន៍ បុគ្គល​នោះ​គឺ​ជា​បុគ្គល​ពាល ។កុសលចេតនា មិន​ដែល​កើត​ឡើង​ដល់​បុគ្គលពាល​សូម្បី​តែ​មួយ​ចំណិត​ឡើយ ។ចេតនា​ដែល​ត្រេក​អរ​នឹង​អកុសល ទើប​បាន​វា​កើត​ឡើង​ដល់​បុគ្គល​ពាល​ជា​ប្រាកដ។ ចំណាប់​អារម្មណ៍​បុគ្គល​ពាល មាន​ដូច​ជា​គិត​ថា​ធ្វើ​យ៉ាង​ម៉េច​ទៅ​ដើម្បី​ឲ្យ​អ្នក​ដទៃ មាន​នូវ​សេចក្ដី​ទុក្ខ និង​សេចក្ដី​លំបាក​កើត​ឡឡើង ។ជន​ពាល​គ្រាន់​តែ​ឮ​ថា​បុណ្យ​ពាល​ណា គឺ​ដួង​ចិត្ត​របស់​គេ មាន​ភាព​សូញសាញ​ធុញ​ណាស់​មិន​ចង់​យល់ ស្គាល់ ឮ ដឹង​ពី​បុណ្យ​បាប​អី​នោះ​ឡើយ។ គំនិត​ជន​ពាល គឺ​ជា​គំនិត​ដល់​ចាស់​គំរឹល អាច​នឹងពោល​ម្យ៉ាង​ទៀត​ថា គំនិត​ហួស​​សម័យ ដែល​អ្នក​ប្រាជ្ញ​បាន​បោះ​បង់​ចោល ព្រោះ​អ្នក​ប្រាជ្ញ​បាន​ចាត់​ទុក​នូវ​គំនិត​បែប​នោះ​ថា ជា​គំនិត​ចាស់​គំរឹល​ប្រើ​ការ​ពេល​ណា​ទៅ​វា​មាន​តែ​ហិន​ហោច​នូវ​កុសល​ធម៌​តែ​ប៉ុណ្ណោះ​មិន​បាន​ជា​សារៈ​អ្វី​បន្តិច​សោះ​ឡើយ។ ជន​ពាល​មាន​លក្ខណៈ​កត់​សម្គាល់​បាន​ គឺ មាន​៣​យ៉ាង ១- កាយ​ទុច្ចរិត ២- វចីទុច្ចរិត ៣- មនោទុច្ចរិត ។ ៣ នេះ​ឯង​ជា​លក្ខណៈ​នៃ​បុគ្គល​ពាល សូម​អ្នក​សិក្សា​ទាំង​ឡាយ មេត្តា​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង​ផង​ចុះ នៅ​ក្នុង​សៀវភៅ​នេះ​ខ្ញុំ​គ្រាន់​តែរៀប​រាប់​សង្ខេប​មិន​បាន​វែង​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​ឃ្លាំង​គំនិត​ដ៏​ស្ដួចស្ដើង​បំផុត ដូច្នេះ​សូម​មេត្តា​ស្រាវជ្រាវ​ជា​បន្ដ​ទៀត​ទៅ​ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​ថែម​ទៀត។ ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ​៥០០០​ឆ្នាំ​
images/articles/1751/Untitled-1-Recovered.jpg
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ២៣៣១៨ ដង)
សំយុត្តនិកាយ សឡាយតនវគ្គ អនិច្ចវគ្គទី ១ ម្នាលភិក្ខុទាំងឡាយ រូបទាំង​ឡាយ​មិនទៀង របស់​ណា​មិនទៀង របស់​នោះជាទុក្ខ របស់​ណា​ជា​ទុក្ខ របស់នោះ ជា​អនត្តា របស់​ណាជាអនត្តា របស់នោះ​បុគ្គល​ត្រូវយល់ ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាម​ពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញទេ ។ ព្រះអង្គ​ទ្រង់​ត្រាស់សំដែង​នូវរូបារម្មណ៍ ជាអារម្មណ៍​របស់សតិ​វិបស្សនា ដោយ​សេចក្តីថា បុគ្គល​រស់នៅ ប្រក្រតី​ធម្មតា ធ្វើកិច្ចការងារ​ធម្មតាៗរបស់​បព្វជិត ឬ​គ្រហស្ថ ប៉ុន្តែ​មាន​ការ​មិន​ប្រមាទ គឺ​មិន​ប្រហែសធ្វេស មិនស្និទ្ធ​ស្នាល​ដោយ​ការប្រកាន់​មាំ សតិរលឹក​សិក្សា​នូវសភាវ​ធម៌ ដែល​កំពុង​ប្រាកដ រូបារម្មណ៍​គ្រាន់តែ​ជាសភាវធម៌​ម៉្យាង ដែលចក្ខុវិញ្ញាណ​បាន​ឃើញ​ប៉ុណ្ណោះ ជា​សភាវធម៌​មិនទៀង មិន​មាន​អ្វីសំខាន់​ក្នុងរូបារម្មណ៍​ឡើយ ។ សំលេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ ទាំងឡាយ​មិនទៀង របស់ណា​មិនទៀង របស់​នោះជាទុក្ខ របស់ណា​ជាទុក្ខ របស់នោះ​ជាអនត្តា របស់ណា​ជាអនត្តា របស់នោះ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញាដ៏ប្រពៃ តាមពិត​យ៉ាងនេះថា នុ៎ះ​មិនមែន​របស់អញ នុ៎ះ​មិនមែន​ជាអញ នុ៎ះ​មិនមែន​ជាខ្លួន​របស់អញទេ ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​អរិយ​សាវ័កជាអ្នកចេះ​ដឹង ឃើញ​យ៉ាងនេះ ក៏នឿយ​ណាយ​នឹង​រូប​ទាំងឡាយ​ផង នឿយណាយ​នឹងសំលេងទាំងឡាយ​ផង នឿយណាយ​នឹង ក្លិន រស ផោដ្ឋព្វ ធម្មារម្មណ៍​ទាំងឡាយ​ផង កាលបើ​នឿយណាយ រមែង​ប្រាស​ចាក​តម្រេក ព្រោះ​ប្រាស​ចាក​តម្រេក​ចិត្តក៏ផុត ស្រឡះ​ចាកអាសវៈ ។ កាលបើ​ចិត្តផុត​ស្រឡះ​ចាកអាសវៈហើយ​ញាណក៏ កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយ​សាវ័ក​នោះក៏ដឹង ច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយ អាត្មាអញបាន ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច​អាត្មាអញក៏បានធ្វើ រួចហើយ មគ្គភាវនា​ដទៃ ប្រព្រឹត្ត​ទៅដើម្បី​សោឡសកិច្ច នេះ​ទៀត មិន​មានឡើយ ។ ជីវិតធម្មតាៗ មានសភាវ​ធម៌យ៉ាង​ណាៗ សុទ្ធតែ ជាសតិប្បដ្ឋាន​ទាំងអស់ ។ ជិវិតសត្វលោក​រស់នៅ​សព្វថ្ងៃ អាស្រ័យ​មានចិត្ត វិបស្សនាឃើញចិត្ត​ក្នុងបច្ចុប្បន្ន កើតឡើងហើយក៏រលត់ទៅ វិញ ទើបមិនប្រកាន់​ចិត្តថា​ជាសត្វ បុគ្គលតួខ្លួនឡើយ សម ដូច​ព្រះពុទ្ធ​តម្រាស់​ត្រាស់ក្នុង​សឡាយតន​វគ្គ​ថា ម្នាលភិក្ខុ ទាំងឡាយ ចិត្តជាអតីតៈ និង ចិត្តជា​អនាគត ជាអនត្តាទៅ ហើយ ចាំបាច់​និយាយថ្វី​ចំពោះចិត្តជាបច្ចុប្បន្ន ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើអរិយសាវ័ក​ជាអ្នកចេះ ​ដឹង ឃើញយ៉ាងនេះ ជាអ្នកមិន​អាឡោះ​អាល័យ​ចំពោះ​ចិត្ត ជាអតីតៈ មិនត្រេកអរ​ចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បី​សេចក្តី​នឿយ​ណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ នូវចិត្តជា​បច្ចុប្បន្ន ។ ពាក្យថារំលត់ចិត្តជាបច្ចុប្បន្ន គឺរំលត់សេចក្តីប្រកាន់​មាំ រំលត់​ឆន្ទ​រាគៈ​ក្នុងចិត្ត​ដែល​កំពុង​ប្រាកដ ។ ចិត្តជា​បច្ចុប្បន្ននេះ មុននឹងកើត​ឡើងក៏មិន​មាន​តាំង នៅក្នុងទីណា កាលដែលបែក​ធ្លាយទៅ កន្លងទៅ​ក៏មិនទៅ តាំងនៅក្នុងទី​ណាដែរ គួរដែរឬដែលប្រកាន់នូវចិត្ត​កំពុងប្រាកដ​ ថា​ជាយើង ថាជាខ្លួន​របស់យើង ។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​។ ដោយ​៥០០០​ឆ្នាំ​
images/articles/1023/Untitled-1.jpg
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៧២២៩ ដង)
កូន​ជា​ទី​ស្រ​ឡាញ់​! មនុស្ស​យើង​គ្រប់​គ្នា​ រមែង​ត្រូវ​ការ​ឲ្យ​មា​ន​អា​យុ​វែង​ និង​ការ​មិន​មាន​រោគ​ព្យា​ធិ​ គ្រប់​គ្នា​ទាំង​អស់​ ។ អាយុ​វែង​ រោគា​ព្យា​ធិ​មិន​មាន​ទៅ​បាន​នោះ​ មួយ​ចំណែក​កើត​មក​អំពី​ការ​ថែ​រក្សា​សុខ​ភាព​រាង​កាយ​ មិន​មែន​គ្រាន់​តែ​ប្រាថ្នា​ត្រូវ​ការ​ហើយ​ ក៏​ចេះ​តែ​បណ្តោយ​ឲ្យ​សុខ​ភាព​រាង​កាយ​ទៅ​តាម​យថាកម្ម​នោះ​ទេ ។ មនុស្ស​ដែល​ថែ​រក្សា​សុខ​ភាព​រាង​កាយ​បាន​ល្អ រមែង​មាន​ឱ​កាស​បាន​នូវ​អាយុ​វែង​ និង​មិន​មាន​រោគ​ភ័យ​ ច្រើន​ជាង​មនុស្ស​ដែល​មិន​បាន​មើល​ថែ​ ។ កូន​គួរ​ប្រយ័ត្ន​សុខ​ភាព​រាង​កាយ​ ត្រូវ​ថែ​រក្សា​ឲ្យ​ល្អ​ កុំ​ធ្វើ​ការ​ធ្ងន់​ធ្ងរ​ឲ្យ​ហួស​កម្លាំង​ ត្រូវ​មាន​ពេល​សម្រាក​ កុំ​បណ្តោយ​ឲ្យ​រាង​កាយ​ទ្រុឌ​ទ្រោម​ បាក់​កម្លាំង​ ព្រោះ​បណ្តាល​ឲ្យ​កើត​រោគ​​បាន​ដោយ​ងាយ​ មាន​រោគ​ហើយ​ក៏​មិន​ងាយ​នឹង​ព្យា​បាល​ឲ្យ​បាន​ជា​ដូច​ដើម​ គឺ​វា​ខាត​ច្រើន​មុខ​ណាស់​ ។ ក្នុង​រឿង​ការ​ថែ​រក្សា​សុខ​ភាព​នេះ កា​រ​ធ្វើ​តាម​ពាក្យ​ណែ​នាំ​របស់​លោក​គ្រូ​ពេទ្យ​ គឺ​ល្អ​បំផុត​ ដូច​ជា​ត្រូវ​បរិភាគ​អាហា​រ​ដែល​មាន​ប្រ​យោជន៍​ ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់​ ត្រូវ​នៅ​ក្នុង​ទី​ដែល​មាន​ខ្យល់​អា​កាស​ចេញ​ចូល​បាន​ល្អ​ ត្រូវ​រក្សា​ចិត្ត​ឲ្យ​ស្រស់​ថ្លា​ កុំ​ចេះ​តែ​បណ្តោយ​ឲ្យ​ចិត្ត​ក្តៅ​ក្រហាយ​ក្នុង​រឿង​ផ្សេង​ៗ​ ត្រូវ​កុំ​ធ្វើ​ការ​ឲ្យ​បាក់​កម្លាំង​ កុំ​បរិភោគ​ទឹក​ស្រវឹង​ កុំ​ជាប់​គ្រឿង​ញៀន​ និង​ត្រូវ​ឲ្យ​ទៀង​ទាត់​ក្នុង​ការ​បរិ​ភោគ​ ការ​ទទួល​ទាន​ដំណេក​ជា​ដើម​ ។ កាល​ធ្វើ​ឲ្យ​សុខ​ភាព​រាង​កាយ​បាន​មាំ​មួន​ល្អ​ហើយ​ ក៏​អាច​ទប់​ទល់​ជា​មួយ​រោគា​ព្យា​ធិ​បាន ហើយ​នឹង​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​មាន​អា​យុ​វែង​ ។ មនុស្ស​យើង​បើ​មាន​សុខ​ភាព​ល្អ​ហើយ​ ឈ្មោះ​ថា​មាន​នូវ​ដើម​ទុន​ក្នុង​ដំណើរ​ជីវិត​ គឺ​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួន​ឯង​ រឹង​ប៉ឹង​មាំ​មួន​ រហ័ស​រហួន​ក្នុង​ការ​ងារ​ចិញ្ចឹម​ជីវិត​ ។ផ្ទុយ​ទៅ​វិញ​ បើ​សុខ​ភាព​រាង​កាយ​ទន់​ខ្សោយ​ មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃ​កោរ​ គឺ​ជា​ឧប​សគ្គ​នៃ​ជីវិត​ដោយ​ពិត​ ព្រោះ​មិន​អាច​តស៊ូ​ជាមួយ​នឹង​ការ​ងារ​បាន​ ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​អស់​សង្ឃឹម​ មិន​ចង់​រស់​ទៀត​ផង​ ។ ការ​ថែ​រក្សា​សុខ​ភាព​រាង​កាយ​ បាន​ល្អ​ជា​និច្ច​រហូត​ទៅ​រមែង​ធ្វើ​ឲ្យ​អ្វី​ៗ​ច្រើន​យ៉ាង​ បាន​ចម្រើន​ទៅ​មុខ​ ។ អា​រោគ្យ​បរ​មា លាភា សន្តុដ្ឋិ​បរមំ​ ធនំ​ វិស្សា​សបរម​ ញាតឹ និព្វា​នំ បរមំ​ សុខំ ។ ការ​មិន​មាន​រោគ​ ជា​លាភ​យ៉ាង​ប្រសើរ​ ការ​ចេះ​គ្រប់​គ្រាន់​ក្នុង​ចិត្ត​ដោយ​ធម៌​សន្តោស​ ជា​ទ្រព្យ​ដ៏​ប្រសើរ​ ការ​ស្និទ្ធ​ស្នាល​នឹង​គ្នា​ ជា​ញាតិ​ដ៏​ប្រសើ​រ​ ព្រះ​និព្វាន​ជា​បរម​សុខ​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ពាក្យ​ពេជន៍​ម៉ែ​ឪ​ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1730/Untitled-1-Recovered.jpg
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៦១៨៨ ដង)
សនិទស្សនា ធម្មា​ ពួកធម៌គួរដល់ការឃើញគឺ រូបារម្មណ៍ នៅពេលដែលខឹងក្រោធជាមួយនឹងអ្នកដទៃ គួរតែ សម្លាប់សេចក្តីក្រោធនោះឯង ទើប​ឈ្មោះ​ថា​ជា​អ្នកឈ្នះ ហើយ ដេកនៅជាសុខ តាមពិតអ្នកដទៃនោះគ្រាន់តែជានិមិត្តរបស់ កិលេស​ខ្លួន​ឯងតែប៉ុណ្ណោះ បើយើងសម្លាប់សេចក្តីក្រោធហើយនោះតើអ្នកណា​មកធ្វើឱ្យ​យើង​ដេក​មិន​លក់ តើមានអ្វីសំរាប់ ឱ្យយើងក្រោធទៀតទៅ ។ មិនត្រូវធ្វើអត្តឃាតគឺសម្លាប់ខ្លួនឯងទេ តែត្រូវ​សម្លាប់កិលេស​ដែលប្រកាន់​បញ្ចក្ខន្ធ​ថាជា​តួខ្លួន​វិញ ទើបបាន អស់ទុក្ខ ។ សង្ខារទាំងឡាយដែលកើតអំពីហេតុ មានសភាព ទ្រុឌទ្រោមជារបស់ដទៃ មិនមាន​អ្វីជា​របស់​ខ្លួនឡើយ គឺធម៌ ដែលកើតអំពីហេតុហ្នឹងឯង ដែលមិនមានអ្វីជាខ្លួនឯង និង មិន​មាន​អ្វីជា​របស់ខ្លួន ។ ទឹកដែលគេចាក់ចោលទៅលើផែនដីស្ងួត រមែងជ្រាបចូលទៅក្នុងដីបាត់អស់ មិនអាច​យក​មក​ប្រើការលាង ដៃលាងជើង ឬ បរិភោគបានឡើយ យ៉ាងណា អាយុ សង្ខារ រែមងអស់ទៅ សូន្យ​ទៅ តាមលំដាប់នៃវ័យក៏យ៉ាងនោះដែរ មិនគួរ​មាន​សេចក្តីប្រកាន់​នៅក្នុង​សង្ខារ​ទាំង​ពួង​ឡើយ បើការ ពិតវាយ៉ាងនេះទៅហើយនោះ ។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1627/Untitled-1-Recovered.jpg
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៦៨០៦ ដង)
យប់យន់​ត្រជាក់​មេឃ​ងងឹត​ឈឹង ពពក​ខ្មៅ​អួអ័ព្ទ​រសាត់​បាំងបិទ ជិត​ដួង​ព្រះចន្ទ មិន​ឲ្យ​បញ្ចេញ​ពន្លឺ​រស្មី​បាន មេឃ​ងងឹត​គឺ​ជា​ហេតុ ដែល​ភ្លៀង​បម្រុង​នឹង​បង្អុរ​ធ្លាក់​ចុះ​មក ស្រោចស្រព​លើ​ផែន​ប្រឹថពីនេះ មួយ​សន្ទុះ​ក្រោយ​មក​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ក៏​ធ្លាក់​ចុះ​មក​មែន បណ្ដាល​ឲ្យផ្ទះ​ខ្ទម​ជរា​មួយ ដែល​មាន​ជញ្ជាំង​ពុកផុយ​ដោយ​អន្លើៗ​ដំបូង​បាំង​ស្លឹក​ ធ្លុះធ្លាយ​ស្ទើរ​តែ​គ្មាន​ចន្លោះមាន​ការ​ជ្រែង​ទប់​នឹង​ទឹក​ភ្លៀង​ដែល​សាច​មក​លើ ដោយ​សេចក្ដី​លំបាក​យ៉ាង​ក្រៃ​លែង។ ផ្ទះ​តូច​ចង្អៀត​នេះ​ហើយ ដែល​កូន​រស់​នៅ​យ៉ាង​សុខសាន្តជា​មួយ​នឹងម៉ែ ព្រោះ​ម៉ែ​បាន​ផ្ដល់​អ្វី​ៗ​គ្រប់​យ៉ាង ដែល​កូន​ត្រូវ​ការ គឺ​ព្រហ្មវិហារ​ធម៌ ថ្វីត្បិត​តែ​ម៉ែ​មិន​មាន​ទ្រព្យ​សម្បត្តិ​វត្ថុ​សម្ភារៈ​ខាងក្រៅ​ឲ្យ​កូន​ក៏​ពិត​មែន ប៉ុន្តែ​ម៉ែ​មាន​ដួងហឫទ័យ​ល្អ ទឹក​ចិត្ត​ស្មោះសរ មាន​នូវ​សេចក្ដី​ស្រឡាញ់​ប្រគល់​ឲ្យ​កូន ម៉ែ​តែង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ជានិច្ច។ កូន​ចាំ​មិន​ភ្លេច​ឡើយ​នៅ​យប់​មួយ​នោះ គឺ​យប់​ដែល​ភ្លៀង​ធ្លាក់​សាច​សើម​ជោកក្ដារ ធ្វើ​ឲ្យ​ម៉ែ និង​កូន​គ្មាន​កន្លែងដេក យប់​នោះ​ម៉ែ​ស៊ូ​អង្គុយ​បី​កូន​ទាល់​ភ្លឺ ឲ្យ​កូន​បាន​គេង​លក់​យ៉ាង​ស្កប់ស្កល់ នៅ​ក្នុង​រង្វង់​ដៃទាំង​ទ្វេ​របស់​ម៉ែ។ យប់​នោះ​ថ្វី​ត្បិត​កូន​នៅ​តូច តែ​កូន​ដឹង​ថា​ទឹក​ភ្នែក​របស់​ម៉ែ​កំពុង​ស្រក់​ចុះ​តក់ៗ មក​លើ​ខ្លួន​កូន ព្រោះ​ម៉ែ​មាន​ចិត្ត​នឹក​អាណិត​កូន​ដែល​ម៉ែ​គ្មា​នទី​លំនៅ​ឲ្យ​កូន​របស់​នៅ​បាន​ស្រួល ដូច​កូន​គេ​ដទៃ។ ម៉ែ​អើយ! តាម​ការ​កូន​លំបាក​តែរូប​រាង​កាយ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​កូន គឺ​សែន​កក់ក្ដៅ​ណាស់ ហើយ​នឹង​សុខ​ស្រួល​យ៉ាង​ក្រៃ​លែង ព្រោះ​កូន​បាន​កើត​ក្នុង​ផ្ទៃ​នៃ​ម៉ែ​ចិត្ត​ធម៌ ម៉ែ​ស៊ូ​រ៉ាប់រង​ថែរក្សា​ការពារនូវ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ជំនួស​កូន ទោះ​បី​ម៉ែ​ក្រូ ក៏​ម៉ែ​ខំ​ប្រឹង​ចិញ្ចឹម​កូន​ឲ្យ​រស់​ធំដឹង​ក្ដី​ក្នុង​លោក រហូត​មក​ដល់​ឥឡូវ​នេះ កូន​ដឹង​ថា ម៉ែ​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ចិញ្ចឹម​កូន ព្រោះ​ឃើញ​ថ្ងៃ​ណា​ក៏​ម៉ែ​ស្រក់​ទឹក​ភ្នែក ម៉ែ​លំបាក​វេទនា ក៏​ដោយ​សារ​តែ​កូន ម៉ែ​ខ្សត់​ខ្សោយ​កម្លាំង​សុខភាព​មិន​ល្អ ក៏​ដោយ​សារ​តែ​កូន រហូត​ម៉ែ​ធ្លាក់​ខ្លួន​ឈឺ​ស្គម​ស្លេក​ស្លាំង ក៏​ព្រោះ​តែ​កូន​ដែរ កូន​ធ្វើ​ឲ្យ​ម៉ែ​លំបាក ធ្វើ​ឲ្យ​ម៉ែរង​ទុក្ខ​គ្រប់​បែប​យ៉ាង។ ម៉ែអើយ! កូន​នឹង​ចង​ចាំ​នូវ​រាល់​សេចក្ដី​ល្អ​របស់​ម៉ែទុក​ក្នុង​ចិត្ត​របស់​កូន​ជា​រៀង​រហូត​ទៅ។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ​៥០០០​ឆ្នាំ​
images/articles/1264/Untitled-1-Recovered.jpg
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៦៨៤៦ ដង)
កូន​ជា​ទី​ស្រឡាញ់!ផ្លូវ​នៃ​ដំណើរ​ជីវិត​នោះ មិន​មែន​សុទ្ធ​តែ​រាប​ស្មើ​ទៅ​ទាំង​អស់​នោះ​ទេ ។ ជីវិត​មាន​ឡើង​មាន​ចុះ មាន​សុខ​មាន​ទុក្ខ​ជា​គូ​គ្នា​ទៅ​រហូត​ដោយ​ចំពោះ​ក្នុង​កិច្ច​ការ​ងារ​បើ​រឹត​តែ​ការងារ​ធំរឹត​តែ​មាន​ឧបសគ្គ ។ ប្រសិន​បើ​កូន​ធ្វើ​ការ​ងារ​អ្វី​មួយ ដែល​កូន​គិត​សព្វ​គ្រប់​ហើយ​ថា ជា​ការ​ងារ​ល្អ​ត្រឹម​ត្រូវ​ ជា​ការ​ងារ​ដែល​អាច​នាំ​ឲ្យ​ចម្រើន​ទៅ​មុខ​បាន ប៉ុន្តែ​កាល​បើ​ធ្វើ​ទៅ​ៗ ការងារ​នោះ​បែរ​ជា​ត្រូវ​រាំង​ស្ទះមិន​ប្រព្រឹត្ត​ទៅ​តាម​ដូច​ដែល​បាន​គិត​ទុក​ទេ ពោល​គឺ​មាន​ឧសគ្គ កូន​ត្រូវ​ពុះ​ពារ​នូវ​ឧបសគ្គ នោះ​ ទៅ​ឲ្យ​បាន​ដោយ​សតិ​បញ្ញា ដោយ​ការ​អត់​ធន់​ និង​ព្យាយាម កុំ​ស្លន់​ស្លោ ត្រូវ​ចាត់​ចែង​ដោះ​ស្រាយ​ឲ្យ​ស្រួល​បួល កុំ​រួញ​ថយ​ដោយ​អស់​កម្លាំង​ចិត្ត​ជា​មុន​នោះ ។ សភាវៈ​ដែល​សំខាន់​ជា​ទី​បំផុត នៅ​ពេល​ដែល​កូន​ជួប​នូវ​បញ្ហា​ជា​ឧបសគ្គ​ក្នុង​ជីវិត​គឺ​កម្លាំង​ចិត្ត ចូរ​កូន​កុំ​ឲ្យ​កម្លាំង​ចិត្ត​ធ្លាក់​ចុះ​ឲ្យ​សោះ ។ បើ​ការងារ ឬ​ប្រាក់​កម្រៃ​ត្រូវ​ធ្លាក់​ចុះ​យ៉ាង​ណា​ក៏​ដោយ កុំ​តែ​កម្លាំង​ចិត្ត​ធ្លាក់​ចុះ​តាម​ វា​មិន​ជា​អ្វី​ឡើយ ។កូន​ត្រូវ​ថែ​រក្សា​ចិត្ត ផ្គង​ចិត្ត​ឲ្យ​ល្អ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​ជា​ដាច់​ខាត ដូច​ពាក្យ​ថា (ដួល​ហើយ​ត្រូវ​ក្រោក) បាន​សេចក្តី​ថា កាល​ភ្លាត់​ជើង​រអិល​ដួល​ទៅ​គឺ​ត្រូវ​ក្រោក​ឡើង​ហើយ​ដើរ​តទៅ​ទៀត​ប៉ុណ្ណោះ ដែល​អាច​ទៅ​ដល់​គោល​ដៅ​បាន យ៉ាង​ណា​មិញ កាល​បើ​កូន​មាន​ការ​ខក​ចិត្ត ព្រោះ​ជួប​នូវ​វិបត្តិ​អ្វី​មួយ កូន​ត្រូវ​តាំង​ចិត្ត​ឲ្យ​មាំ​ផ្គង​ចិត្ត​ឲ្យ​រឹង​ប៉ឹង ទាញ​ខ្លួន​ឯង​ចេញ​ពី​ការ​ខក​ចិត្ត​នោះ​ឲ្យ​បាន ហើយ​ព្យាយាម​ត​ស៊ូ​ជា​បន្ត ដើម្បី​បាន​ដល់​នូវ​សេចក្តី​សម្រេច​សម​តាម​ប្រាថ្នា ក៏​យ៉ាង​នោះ​ដែរ ។ កូន​សម្លាញ់​ត្រូវ​ដឹង​ថា ការ​ខក​ចិត្ត​កើត​មក​ពី​ការ​មាន​សង្ឃឹម​ជាហេតុ ដូច្នេះ​ក្នុង​ជីវិត​រាល់​ថ្ងៃ​កូន​ត្រូវ​ចេះ​ប្រយ័ត្ន​ចំពោះ​សេចក្តី​សង្ឃឹម ដែល​មាន​ក្នុង​ចិត្ត​កូន​ផង ។ ពិត​មែន​ហើយ​ថា ការ​សង្ឃឹម​វា​នាំ​ឲ្យ​មាន​កម្លាមង​ចិត្ត ប៉ុន្តែ​វា​ក៏​នាំ​ឲ្យ​ខក​ចិត្ត​ផង​ដែរ ព្រោះ​តែ​មិន​បាន​សម្រេច​ដូច​ប្រាថ្នា ដូច្នេះ​កូន​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​កើត​ឡើង​កុសល​ឆន្ទៈ គឺ​ការ​ពេញ​ចិត្ត​ក្នុង​អំពើ​ប្រាស​ចាក​ទោស ។ កុសល​ឆន្ទះ​នាំ​ឲ្យ​កូន​បាន​សុខ​ចិត្ត​ក្នុង​ការ​ងារ​ដែល​កំពុង​ធ្វើ ព្រោះ​កូន​គិត​ថា ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ​បាន​សុខ ម្ល៉ោះ​ហើយ​កូន​រីក​រាយ​នឹង​ធ្វើ​ការ ដោយ​មិន​ចាំ​បាច់​សង្ឃឹម​ផល​អ្វី​ទៀត​ឡើយ ។ បើ​ផល​បាន​សម្រេច​ក៏​សម្រេច​ដោយ​ប្រាស​ចាក​ទោស តែ​បើ​មិន​សម្រច​ទេ ក៏​មិន​ខក​ចិត្ត​ដែរ គឺ​កូន​សប្បាយ​ចិត្ត​នឹង​ធ្វើ​បន្ត​ទៀត និង​សប្បាយ​ចិត្ត​ក្នុងការ​ងារ​ដែល​ប្រាស​ចាក​ទោស​នោះ​ៗ ។ ដូច​ពោល​មកនេះ​កូន​ពិត​ជាមិន​ចេះ​អស់​ទឹក​ចិត្ត​ក្នុង​ការ​ងារ​ផង មាន​កម្លាំង​ចិត្ត​ធ្វើ​បន្ត​ផង បាន​ទទួល​នូវ​សេចក្តី​សុខ​ចិត្ត​ទាន់​ពេល​ដែល​កំពុង​ធ្វើ​ការ​ងារ​នោះ​ផង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត​ សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1068/Untitled-1-Recovered.jpg
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៦៣៨៤ ដង)
ធម្មតា​សត្រូវ​រមែង​ប្រាថ្នា​អាក្រក់ ចង់​ឲ្យ​កើត​នូវ​សេចក្តី​វិនាស​ហិនហោច​ដល់​គ្នា​នឹង​គ្នា ។មនុស្ស​ក្រោធ​នឹង​សាង​នូវ​សេចក្តី​វិនាស ឲ្យ​ដល់​ខ្លួន​ឯង​ច្រើន​យ៉ាង ដោយ​សត្រូវ​មិន​ចាំ​បាច់​ធ្វើ​អ្វី​ឲ្យ​លំបាក​ផង ក៏​បាន​សម​ចិត្ត​របស់​គេ ដូច​ជា សត្រូវ​ប្រាថ្នា​ថា សូម​ឲ្យ​វា​មិន​ល្អ​មិន​ស្អាត មាន​ពណ៌​សម្បុរ​អាក្រក់ឬ​សូម​ឲ្យ​វា​ដេក​ជា​ទុក្ខ សូម​ឲ្យ​វា​វិនាស​ហិន​ហោច​នូវ​ប្រយោជន៍ សូម​ឲ្យ​វា​វិនាស​ទ្រព្យ​សម្បត្តិ វិនាស​យស វិនាស​ចាក​មិត្ត នឹង​សូម​ឲ្យ​វា​ស្លាប់​ទៅ​ធ្លាក់​នរក​ជា​ដើម ។ ជា​ទី​សង្ឃឹម​បាន​ដូច​ចិត្ត​របស់​សត្រូវ ត្រង់​ដែ​លបុគ្គល​អ្នក​ក្រោធ​ហើយ បាន​ធ្វើ​នូវ​សេចក្តី​វិនាស ទាំង​នេះ​ឲ្យ​កើត​មាន​ដល់​ខ្លួន សម​តាម​បំណង ដែល​សត្រូវ​របស់​គេ​ប្រាថ្នា​ហើយ ។ដោយ​ហេតុ​នេះ សត្រូវដែល​ពូកែ ទើប​រក​វិធី​ក្លែង​​ញុះញុង ឲ្យ​ផ្នែក​ម្ខាង​ទៀត​មាន​ការ​ខឹង​ក្រោធ​ដោយ​ប្រការ​ផ្សេង​ៗ ឬ​ក៏​ឲ្យ​មាន​ការ​បែក​បាក់​គ្នា ។ កាល​បើ​បាន​ដឹង​ដូច្នេះ​ហើយ គឺ​មិន​ត្រូវ​ប្រទូស​រ៉ាយ​ខ្លួន​ឯង​ដោយ​ការ​ខឹង​ក្រោធ​ឡើយ ។ វា​ជា​ការ​ត្រឡប់​ទៅ​វិញ កាល​បើ​អាច​គ្រប់​គ្រង​ចិត្ត​បាន គឺ​ប៉ះ​នឹង​អារម្មណ៍​ដែល​នាំ​ឲ្យ​ក្រោធ​ក៏​មិន​ខុស​ប្រក្រតី ធ្វើ​ការងារ​អ្វី​ៗ របស់​ខ្លួន​ទៅ​តាម​ធម្មតា យ៉ាង​នេះ រមែង ធ្វើ​ឲ្យ​អ្នក​ដែល​ប្រាថ្នា​មិន​ល្អ​មក​លើនោះ​ បែរ​ទៅ​ជា​មាន​សេចក្តី​ទុក្ខ​ទោមនស្ស ដោយ​ខ្លួន​ឯង​ទៅ​វិញ ឯ​អ្នក​ដែល​មិន​ក្រោធ​ក៏​ត្រូវ​បាន​សម្រេច​នូវ​ប្រយោជន៏ មិន​មាន​អ្វី​ត្រូវ​វិនាស ហិន​ហោច​នោះ​ទេ ។ ការ​មិន​ក្រោធ​មាន​តែ​ការ​ចម្រើន ធ្វើ​ឲ្យ​សម្បូណ៌​មិត្ត​ខ្សត់​សត្រូវ និង​ទទួល​បាន​នូវ​ជ័យ​ជម្នះ​ក្នុង​ជីវិត ដែល​ជា​ជ័យ​ជម្នះ​មិន​ត្រឡប់​ចាញ់​វិញ​ឡើយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
វីដេអូធម៌តាមបណ្តាញសង្គមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro