ថ្ងៃ ច័ន្ទ ទី ២០ ខែ វិច្ឆិកា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៣,៤០១
Today
ថ្ងៃម្សិលមិញ ៨០,៥៣១
ខែនេះ ១,៣១៣,៧១០
សរុប ៥១,០៩៨,៣៩៩
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2787/rtdyvhgcvx.jpg
ថ្ងៃនេះ
ផ្សាយ : ២០ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ២ ដង)
យើង​កើត​ទុក្ខ មិន​ស្ងប់​ចិត្ត ទាំងដែល​កំពុង​គិត​ថា យើង​ធ្វើ​បុណ្យ​មក​ច្រើន​ហើយ ប៉ុន្តែ​មិន​បាន​ផល​ល្អ​សោះ បុណ្យ​មិន​ជួយ​ខ្ញុំ​សោះ ធ្វើ​ល្អ​មិន​បាន​ផល​ល្អ​សោះ.... តាម​ពិត​ក្នុង​ពេល​ដែល​កំពុង​កើត​ទុក្ខ​នោះ គឺ​មិនមែន​ចិត្ត​ជា​បុណ្យ​ឡើយ ពេល​នោះ អាច​ជា​ចិត្ត​ដែល​កំពុង​តែ​គិត​ខុស​ក្នុង​រឿង​អ្វី​មួយ ឬ​កំពុង​តែ​ប្រៀប​ធៀប​ខ្លួន​ឯង នឹង​អ្នក​ដទៃ ដូច្នេះ សូម​ពុទ្ធបរិស័ទ ប្រយ័ត្ន​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​គិត​ប្រៀប​ធៀប​ឱ្យ​កើត​ទុក្ខ​ឯង​ៗ ហើយ​បន្ទោស​បុណ្យ បន្ទោស​មេឃ បន្ទោស​ដី បន្ទោស​អ្នកដទៃ... ជា​ធម្មតា​នៃ​ចិត្ត​ជា​បុណ្យ​រមែង​ជា​សុខ​ទាន់​ពេល​នោះ​ឯង ហើយ​រមែង​មាន​វិបាក​ជា​សុខ ទៅ​តាម​គ្រា​ដែល​បុណ្យ​នោះ​ឱ្យ​ផល ដូច​ជា​ការ​ដាំ​ពូជ​ដូច្នោះ​ដែរ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2786/dgvdgrcfxfvsczx.jpg
ថ្ងៃនេះ
ផ្សាយ : ២០ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ២ ដង)
យើង​ប្រាថ្នា​ព្រះនិព្វាន តើ​យើង​ដឹង​ថា​ព្រះនិព្វាន​នោះ​យ៉ាង​ដូច​ម្ដេច​ទេ ? ថា​ព្រះនិព្វាន​ជា​បរមសុខ តើ​សុខ​ដ៏​ក្រៃលែង​នោះ​ដូចម្ដេច ? ថា​ព្រះនិព្វាន​រួច​ផុត​ចាក​ទុក្ខ តើ​អ្វី​ជា​ទុក្ខ ? ហើយ​អ្វី​ជា​ការ​រួច​ផុត​ចាក​ទុក្ខ ? ដូច្នេះអ្វី​ដែល​អាច​ដឹង​បាន​ក្នុង​ពេល​នេះ គឺ​រូប​ជា​ធាតុ​មិន​ដឹង ដោយ​ឡែក​អំពី​រូប​គឺ​នាមធម៌​ដែល​ដឹង​អារម្មណ៍ សតិ​រលឹក​ដឹង​លក្ខណៈ​នៃ​រូប​ធម៌ និង​នាម​ធម៌​រឿយៗ រហូត​ដល់​វិបស្សនា​កើត​ឡើង​ស្គាល់​ទុក្ខ ដឹង​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ក្នុង​វដ្ដៈ ទើប​មាន​ញាណ​ក្នុង​សន្តិបទ ដឹង​អំពី​ការ​អស់​ទៅ​នៃ​បច្ច័យ ។ នៅ​ក្នុង​អដ្ឋកថា​សច្ចវិភង្គ សម្ដែង​អំពី​អនុពោធិញ្ញាណ​គឺ​វិបស្សនា​ដឹង​ទុក្ខ រមែង​ហាមនូវ​សក្កាយទិដ្ឋិ ដឹង​សមុទយៈ​រមែង​ហាម​នូវ​ឧច្ឆេទទិដ្ឋិ ដឹង​នូវ​និរោធ​រមែង​ហាម​នូវ​សស្សតទិដ្ឋិ ដឹង​មគ្គ​រមែង​ហាម​នូវ​អកិរិយទិដ្ឋិ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2771/ervgcrdfhvnfghvjbn.jpg
ថ្ងៃនេះ
ផ្សាយ : ២០ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៦ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​នាមិគារមាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ សម័យ​នោះ​ឯង ព្រះដ៏មាន​ព្រះភាគ មាន​ភិក្ខុសង្ឃ​ចោម​រោម ទ្រង់​គង់​ក្នុង​ទី​វាល​ស្រឡះ នា​វេលា​រាត្រី​ពេញបូណ៌មី ១៥ កើត ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី ៖ -អសប្បុរស មិន​ស្គាល់​នូវ​អសប្បុរស ។ -អសប្បុរស មិន​ស្គាល់​នូវ​សប្បុរស ។ -អសប្បុរស ជា​អ្នក​ប្រកប​ដោយ​អសទ្ធម្ម មាន​ការ​សេព​គប់​ជា​អសប្បុរស មាន​គំនិត​ជា​អសប្បុរស មាន​ការ​ប្រឹក្សា​ជា​អសប្បុរស មាន​វាចា​ជា​អសប្បុរស មាន​ការងារ​ជា​អសប្បុរស មាន​ទិដ្ឋិ​ជា​អសប្បុរស តែង​ឱ្យ​ទាន​ជា​អសប្បុរស ។ -ម្នាល​ភិក្ខុ​ទាំង​ឡាយ អសប្បុរស​នោះ​ឯង ( ប្រកប​ដោយ​ធម៌​អសប្បុរស​ទាំង ៨ ពួក​យ៉ាង​នេះ​ហើយ ) លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ តែង​ទៅ​កើត​ក្នុង​គតិ​របស់​ពួកអសប្បុរស ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឯ​គតិ​របស់​ពួក​អសប្បុរស​តើដូចម្ដេច គតិ​របស់​ពួកអសប្បុរស​គឺ​នរក ឬ​កំណើតតិរច្ឆាន ។ -សប្បុរស​ស្គាល់​នូវ​សប្បុរស ។ -សប្បុរស​ស្គាល់​នូវ​អសប្បុរស ។ -សប្បុរស ប្រកប​ដោយ​ព្រះសទ្ធម្ម ៧ គឺ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ អារទ្ធវីរិយៈ ឧបដ្ឋិតស្សតិ បញ្ញា ។ -សប្បុរស មាន​ការ​សេព​គប់​នឹង​អ្នក​ដែល​មាន​នូវ​ព្រះសទ្ធម្ម​ទាំង ៧ នេះឯង ។ -សប្បុរស មាន​គំនិត​ជា​សប្បុរស គឺ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង មិន​គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ មិន​គិត​ដើម្បី​បៀតបៀន​ទាំង​ពីរ​ខាង ។ -សប្បុរស​មាន​ការ​ប្រឹក្សា​ជា​សប្បុរស គឺ​សប្បុរស​មិន​ប្រឹក្សា​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ជាដើម​ឡើយ ។ -សប្បុរស​មាន​វាចា​ជា​សប្បុរស គឺ​វៀរចាក​វចីទុច្ចរិត ៤ យ៉ាង -សប្បុរស​មាន​ការងារ​ជា​សប្បុរស គឺ​វៀរចាក​កាយទុច្ចរិត ៣ យ៉ាង ។ -សប្បុរស​មាន​ទិដ្ឋិ​ជា​សប្បុរស គឺ​មាន​សម្មាទិដ្ឋិ ១០ ហ្នឹងឯង -សប្បុរស​តែង​ឱ្យ​ទាន​ជា​សប្បុរស មាន​ការ​ឱ្យ​ដោយ​គោរព​កោត​ក្រែង​ជាដើម ។ -ម្នាលភិក្ខុ​ទាំង​ឡាយ សប្បុរស​នោះ​ឯង ឯវំ សទ្ធម្មសមន្នាគតោ ឯវំ សប្បុរិសភត្តឹ វំ សប្បុរិសចិន្តី ឯវំ សប្បុរិសមន្តី ឯវំ សប្បុរិសវាចោ ឯវំ សប្បុរិសកម្មន្តោ ឯវំ សប្បុរិសទិដ្ឋី ឯវំ សប្បុរិសទានំ ទត្វា លុះ​មាន​រាងកាយបែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ​តែង​ទៅ​កើត​ក្នុង​គតិ​របស់​សប្បុរស ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គតិ​របស់​សប្បុរស​តើ​ដូច​ម្ដេច គតិ​របស់​សប្បុរស​នោះ គឺ​សភាព​ជា​ទេវតា​ដ៏ស្ដុកស្ដម្ភ ឬ​សភាព​ជា​មនុស្ស​ដ៏​ស្ដុកស្ដម្ភ ។ លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​សេចក្ដីត្រេកអរ​រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មាន​ព្រះភាគ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2770/sdfverscfrcdcgrse.jpg
ថ្ងៃនេះ
ផ្សាយ : ២០ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៧ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នាមិគារ​មាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ ក្នុង​អដ្ឋកថា​ឧដ្ឋានសូត្រ សុត្តនិបាត ប្រាប់​ថា ព្រះពុទ្ធអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះជេតពន​មហាវិហារ ក្នុង​វេលា​រាត្រី លុះ​ដល់​ពេល​ថ្ងៃ​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​វត្តបុព្វារាម ក្នុង​ប្រាសាទ​របស់​មិគារ​មាតា បើ​វេលា​យប់ ស្ដេច​គង់​ប្រថាប់​នៅ​បុព្វារាម ពេល​ថ្ងៃ​ទ្រង់​ស្ដេច​យាង​មក​គង់​ប្រថាប់​នៅ​ព្រះជេតពន​មហាវិហារ​វិញ នេះ​គឺ​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​បដិបត្តិ​មក​ជា​ប្រចាំ ព្រោះ​ហេតុអ្វី? ម្យ៉ាង ដើម្បី​អនុគ្រោះ​ដល់​ត្រកូល​ទាំង ២ ម្យ៉ាង​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ប្រកាស​គុណ​នៃ​មហាបរិច្ចាគ​របស់​ត្រកូល​ទាំង ២ នោះ​ឯង ។ នៅ​ក្នុង​មហាបុណ្ណម​សូត្រ​នេះ ផ្ដើម​ដោយ​ព្រះសង្ឃ​ត្ថេរ​មួយ​ព្រះអង្គ​ជា​មហាខីណាស្រព បាន​នាំ​ភិក្ខុ ៦០ ព្រះអង្គ​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ​ក្នុង​ពេល​ព្រលប់ នៅ​ទី​វាលស្រឡះ ចំ​ថ្ងៃ​ពេញ​បូណ៌មី ១៥ កើត ព្រះ​ចន្ទ​ចាប់​ផ្ដើម​រះ​នៅ​ទិស​បូព៌ ព្រះអាទិត្យ​ក៏​អស្ដង្គត ភិក្ខុ​បរិស័ទ​គង់​ស្ថិត​ក្នុង​ឆព្វណ្ណរង្សីនៃ​ព្រះបរមសាស្ដា នា​វត្ត​បុព្វារាម​នោះ​ឯង ។ ភិក្ខុ ៦០ ព្រះអង្គ សុទ្ធ​តែ​បាន​កំណត់​ដឹង​នូវ​នាម​រូប ប៉ុន្តែ​មិន​ទាន់​សម្រេចមគ្គផល ទើប​ព្រះសង្ឃ​ត្ថេរ​ជា​ព្រះអាចារ្យ ជាមហាខីណា​ស្រព ក្រោក​អំពី​អាសនៈ ធ្វើ​ចីវ​រឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី ឆ្ពោះ​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ​ហើយ ក៏​ក្រាប​បង្គំ​ទូល​សួរព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន បើ​ព្រះដ៏មាន​ព្រះភាគ ធ្វើ​ឱកាស​ដើម្បី​ដោះ​ស្រាយ​ប្រស្នា​របស់​ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​នឹង​សួរ​នូវ​ហេតុ​បន្តិច​បន្តួច​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ បើ​ដូច្នោះ អ្នក​ចង់​សួរ​ប្រស្នា​ណា ចូរ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន សួរ​ប្រស្នា​នោះ​ចុះ ។ លំដាប់​នោះ ព្រះសង្ឃត្ថេរ បាន​គង់អង្គុយ​លើ​អាសនៈ​របស់​លោក​ហើយ ក៏​បាន​ក្រាប​បង្គំ​ទូល​សួរ​ជា​បឋម​អំពី​ឧបាទានក្ខន្ធ ៥ ។ តាម​ពិត ព្រះសង្ឃត្ថេរ ជ្រាប​ហើយ ប៉ុន្តែ​ការ​ក្រាប​បង្គំ​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគ​នេះ ដើម្បី​ជា​ការ​អនុគ្រោះ​ដល់​សិស្ស​ទាំង ៦០ ព្រះអង្គ​នោះ​ឯង ។ -សួរអំពី​មូល​ហេតុ​នៃ​ឧបាទានក្ខន្ធ ៥ ។ -សួរ​អំពី​ឧបាទាន ។ -សួរ​អំពី​ឆន្ទរាគៈ​ផ្សេង​គ្នា ។ -សួរ​អំពី​ខន្ធ ១១ កង ។ -សួរ​អំពី​ហេតុ អំពី​បច្ច័យ​នាំ​ឱ្យ​បញ្ញត្តខន្ធ ៥ ។ -សួរ​អំពី​សក្កាយទិដ្ឋិ​កើត​មាន ។ -សួរ​អំពី​សក្កាយទិដ្ឋិ​មិន​កើត​មាន ។ -សួរ​អំពី​អស្សាទ អាទីនវៈ និង​និស្សរណៈ​ក្នុង​ខន្ធ ៥ ។ -សួរ​អំពីកាល​បុគ្គល​ដឹង​ដូចម្ដេច ឃើញ​ដូច​ម្ដេច ទើប​អហង្ការ មមង្ការ និង​មានានុស័យ ក្នុង​កាយ​ដែល​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង ក្នុង​និមិត្ត​ទាំង​ពួង​ជា​ខាង​ក្រៅ​ផង មិន​មាន ។ ជា​ចុង​ក្រោយ​នៃ​ព្រះធម្មទេសនា ព្រះភិក្ខុ​ទាំង ៦០ ព្រះអង្គ​នោះ​ឯង គង់​នៅមួយ​កន្លែង​នៅ​ឡើយ បាន​រួច​ផុត​ចាក​អាសវៈ​ទាំង​ឡាយ ក្នុង​គ្រា​នោះ​ហោង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2769/32wwtpic.jpg
ថ្ងៃនេះ
ផ្សាយ : ២០ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១៤ ដង)
កាលពីព្រេងនាយ មានព្រះរាជាមួយព្រះអង្គព្រះនាម កណ្ឌរី១ សោយរាជសម្បត្តិក្នុងនគរពារាណសី ទ្រង់មានព្រះរូបឆោមលោមពណ៌ល្អឆើតឆាយ ។ ពួកអាមាត្យទាំងឡាយតែងនាំយកគ្រឿងក្រអូបមកថ្វាយដល់ព្រះរាជានោះរាល់ៗថ្ងៃ ។ កាលប្រោះព្រំគ្រឿងក្រអូបក្នុងព្រះរាជនិវេសន៍សព្វគ្រប់ហើយ ក៏ពុះឈើក្រអូប ចម្អិននូវព្រះក្រយាដើម្បី (ថ្វាយ) ព្រះរាជានោះ ។ សូម្បីព្រះអគ្គមហេសីរបស់ព្រះបាទកណ្ឌរីនោះ ក៏ជាអ្នកមានរូបល្អស្អាតក្រៃលែង ព្រះនាងមានព្រះនាម កិន្នរា២ ។ សូម្បីបុរោហិតរបស់ព្រះចៅកណ្ឌរីនោះ ក៏ជាអ្នកដល់ព្រមដោយបញ្ញាហើយមានវ័យស្មើនឹងព្រះរាជាដែរ លោកមានឈ្មោះថា បញ្ចាលចណ្ឌៈ ។ ខាងក្នុងស្ថានទី ដែលអាស្រ័យនឹងប្រាសាទរបស់ព្រះរាជានោះ មានដើមព្រីងមួយដើមដុះនៅខាងក្នុងកំពែងវាំង ហើយមានមែកសាខាឱនសំយុងចុះទៅលើកំពែងវាំងនោះ ។ មានបុរសខ្វិនមួយមានរូបរាងអាក្រក់គួរខ្ពើមអាស្រ័យនៅនឹងម្លប់ព្រីងនោះ ។ ក្នុងថ្ងៃមួយព្រះនាងកិន្នរាទេវី កាលព្រះនាងសម្លឹងមើលតាមវាតបាន (សីហបញ្ជរ) ឆៀងព្រះនេត្រទតឃើញបុរសនោះ ក៏ជាប់ព្រះទ័យប្រតិព័ទ្ធស្នេហាឥតរសាយ លុះវេលាដែលញ៉ាំងព្រះរាជាឲ្យទ្រង់ រីក​រាយ​ឆ្អែតស្កប់ស្កល់ដោយកិលេស និងឲ្យទ្រង់ផ្ទំលក់ហើយ ព្រះនាងទើបក្រោកឡើង វេចខ្ចប់អាហារដែលប្រណីតៗមានរសឆ្ងាញ់ដាក់ក្នុងផ្តិលមាស ធ្វើឲ្យជាប់នឹងចង្កេះ ហើយឆ្លងតាមវាតបានដោយខ្សែធ្វើអំពីសំពត់ ឡើងទៅកាន់ដើមព្រីង ហើយចុះទៅតាមមែក ញ៉ាំងបុរសខ្វិននោះឲ្យបរិភោគរួចហើយ ទើបធ្វើនូវអំពើអាក្រក់(ប្រព្រឹត្តអំពើក្បត់) ជាមួយនឹងបុរសនោះ រួចរាល់ហើយ ទើបព្រះនាងឡើងមកប្រាសាទដោយផ្លូវដែលខ្លួនមកនោះឯង ជម្រះនូវសរីរកាយដោយគ្រឿងក្រអូបហើយ ទើបចូលទៅផ្ទំជាមួយនឹងព្រះរាជាវិញ ។ ព្រះនាងកិន្នរានោះតែងប្រព្រឹត្តអំពើបាបជាមួយនឹងបុរសខ្វិននោះជាប់ជានិច្ចដោយឧបាយនេះឯង ។ ចំណែកឯព្រះរាជាទ្រង់មិនបានដឹងឡើយ ។ ថ្ងៃមួយ ព្រះរាជាទ្រង់ប្រទក្សិណព្រះនគររួចហើយ កាលនឹងចូលកាន់ព្រះរាជនិវេសន៍ ទ្រង់ទតឃើញបុរសខ្វិន ដែលមានអាការៈគួរអាណិតក្រៃលែង ដែលនៅអាស្រ័យនឹងម្លប់ដើមព្រីងនោះ ទើបទ្រង់ត្រាស់សួរបុរោហិតថា ឃើញមនុស្សប្រេតនោះដែរឬទេ ? បុរោ​ហិត​ទូលថា ព្រះករុណាព្រះអង្គ ខ្ញុំឃើញ ។ ព្រះចៅកណ្ឌរីក៏សួរទៀតថា ម្នាលសម្លាញ់ ចុះបុរសដែលមានរូបរាងអាក្រក់គួរខ្ពើមយ៉ាងនេះ នឹងមានស្ត្រីណាមកស្រឡាញ់ដោយឆន្ទរាគៈដែរនោះ ? បុរសខ្វិនបានស្ដាប់ព្រះរាជតម្រាស់នោះហើយ ក៏កើតមានះហើយគិតថា ព្រះរាជានេះនិយាយស្អី មិនដឹងថាមហេសីរបស់ខ្លួនមកកាន់សម្នាក់យើង ហើយលើកដៃសំពះដើមព្រីងពោលវាចាថា ឱ ទេព្តាដែលនៅនឹងដើមព្រីងនេះអើយ វៀរលែងតែអ្នកចេញហើយ មនុស្សដទៃមិនដឹងនូវហេតុការណ៍នោះឡើយ ។ បុរោហិតឃើញកិរិយារបស់បុរសខ្វិននោះ ហើយគិតថា ព្រះអគ្គមហេសីរបស់ព្រះរាជាប្រាកដជាមកតាមដើមព្រីងនេះ ហើយធ្វើកម្មលាមកជាមួយនឹងបុរសនេះ ។ បុរោហិតទើបទូលសួរព្រះរាជាថា បពិត្រមហារាជ ក្នុងវេលារាត្រី សម្ផស្សសរីរៈនៃព្រះទេវីនោះ មានសភាពដូចម្ដេចដែរ ព្រះអង្គ ?ព្រះបាទកណ្ឌរីត្រាស់ថា ម្នាលសម្លាញ់ យើងមិនឃើញអ្វីដទៃឡើយ តែក្នុងមជ្ឈិមយាម សរីរៈព្រះទេវីមានសភាពត្រជាក់ប្លែក ។ បុរោហិតទើបទូលថា បពិត្រទេវៈ បើសិនយ៉ាងនោះ ស្ត្រីទាំងឡាយដទៃចូរលើកទុកសិនចុះ ព្រះនាងកិន្នរាទេវីអគ្គមហេសីរបស់ព្រះអង្គ បានធ្វើកម្មលាមកជាមួយនឹងបុរសខ្វិននេះហើយ ។ ព្រះរាជាត្រាស់ថា ម្នាលសម្លាញ់ អ្នកនិយាយអ្វី ព្រះនាងកិន្នរាទេវីដែលជាអ្នកដល់ព្រមដោយរូបឆោម លោមពណ៌ ស្រស់ឆើតឆាយយ៉ាងនេះ នឹងមកអភិរម្យជាមួយនឹងបុរសដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះដូចម្ដេចកើត ។ បុរោហិតត្រាស់ថា បពិត្រទេវៈ សូមទ្រង់ចាំចាប់ចុះ ។ ព្រះចៅកណ្ឌរីនោះទទួលថា ល្អហើយចឹង គ្រាសោយព្រះក្រយាហើយក៏ចូលផ្ទំជាមួយនឹងព្រះនាងកិន្នរាដោយតាំងព្រះទ័យថា យើងនឹងចាប់ព្រះនាង ។ វេលាដល់ពេលដែលទ្រង់ធ្លាប់ផ្ទំតាមប្រក្រតីក៏ទ្រង់ធ្វើជាផ្ទំលក់ធម្មតា ។ សូម្បីព្រះនាងកិន្នរានោះក៏បានក្រោកឡើងហើយធ្វើតាមដែលបានធ្វើហើយយ៉ាងនោះ ។ ព្រះរាជាទ្រង់ទៅតាមខាងក្រោយព្រះនាង ហើយបានឈរនៅក្រោមម្លប់ដើមព្រីង ។ ថ្ងៃនោះ បុរសខ្វិនខឹងព្រះទេវី បាននិយាយគំហកថា ថ្ងៃនេះហេតុអ្វីទើបនាងយូរមកម្លេះ ហើយលើក​ដៃទះនូវថ្ពាល់ព្រះនាងមួយដៃ ។ ព្រះនាងនិយាយថា បពិត្រអ្នកជាម្ចាស់ បងកុំខឹងអី អូននៅចាំមើលឲ្យព្រះរាជាផ្ទំលក់សិន ដូច្នេះហើយព្រះនាងក៏ប្រព្រឹត្តហាក់បីដូចជាភរិយាក្នុងផ្ទះរបស់បុរសនោះ ។ ព្រោះការទះនោះ សីហមុខកុណ្ឌល (ទុំហូមានមុខរាជសីហ៍) ក៏របូតចាកត្រចៀកខ្ទាតធ្លាក់ទៅក្បែរជើងរបស់ព្រះរាជា ។ ព្រះរាជាកាន់យកទុំហូនោះដោយគិតថា នឹងជាភ័ស្តុតាង ហើយទ្រង់ក៏ចេញទៅ ។ ចំណែកព្រះនាងកិន្នរាបានប្រព្រឹត្តអនាចារជាមួយនឹងបុរសខ្វិននោះហើយ ក៏ត្រឡប់ទៅដោយន័យមុននោះឯង ហើយក៏ប្រារព្ធនឹងផ្ទំជាមួយនឹងព្រះរាជា ។ ព្រះរាជាទ្រង់ហាមឃាត់ ។ ក្នុងថ្ងៃស្អែកឡើង ទ្រង់បញ្ជាឲ្យអ្នកបម្រើទៅប្រាប់ព្រះនាងថា ព្រះនាងកិន្នរាទេវីចូរតាក់តែងគ្រឿងអលង្ការទាំងពួងដែលយើងប្រទានឲ្យហើយមក ។ ព្រះនាងកិន្នរាប្រាប់ទៅវិញថា សីហមុខកុណ្ឌលនោះ យើងបានបញ្ជូនទៅឲ្យជាងមាសធ្វើហើយ ដូច្នេះហើយ យើងនឹងមិនបានទៅគាល់ព្រះអង្គទេ ព្រះរាជាត្រាស់បញ្ជាមកទៀត ព្រះនាងទើបប្រដាប់កុណ្ឌលម្ខាងចូលមកគាល់ ។ ព្រះចៅកណ្ឌរីត្រាស់សួរថា កុណ្ឌលរបស់នាងនៅឯណា ? ព្រះនាងទូលថា នៅក្នុងសម្នាក់ជាងមាស ។ ព្រះរាជាទើបបញ្ជាឲ្យហៅជាងមាសមក ហើយសួរថា ហេតុអ្វីបានជាអ្នកមិនឲ្យកុណ្ឌលដល់ព្រះនាង ? ជាងមាសទូលថា បពិត្រទេវៈ ខ្ញុំព្រះករុណាមិនបានទទួលទេ ព្រះអង្គ ។ ព្រះរាជាក្រោធនឹងព្រះនាងនោះ ហើយពោលថា នែស្រីចង្រៃ ការងារដូច្នេះនឹងគប្បីមានដោយជាងមាសនោះ ហើយក៏បោះនូវកុណ្ឌលនោះទៅខាងមុខព្រះនាង ហើយត្រាស់នឹងបុរោហិតថា ម្នាលសម្លាញ់ អ្នកនិយាយនោះពិតហើយ អ្នកចូរទៅកាត់ក្បាលរបស់នាងភ្លាម ។ បុរោហិតនោះ ឲ្យគេយកព្រះនាងទៅទុកក្នុងកន្លែងមួយខាងក្នុងព្រះរាជវាំង ហើយចូលទៅគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់កុំខឹងនឹងព្រះនាងកិន្នរាទេវីឡើយ ស្ត្រីទាំងឡាយយ៉ាងនេះឯង ។ បើព្រះអង្គមិនជឿ ហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងដឹងនូវភាពទ្រុស្តសីលរបស់ស្ត្រីទាំង​ឡាយ ខ្ញុំព្រះអង្គនឹងសម្ដែងប្រាប់ឲ្យទ្រង់ឃើញនូវសេចក្ដីអាក្រក់លាមក និងភាពមាយាលាក់ពុតរបស់ស្ត្រីទាំងឡាយនោះ សូមទ្រង់ចូរយាងមក ពួកយើងនឹងត្រាច់ទៅកាន់ជនបទ ដោយភេទនៃខ្លួនគឺបុគ្គលដទៃមិនស្គាល់ (ស្លៀកពាក់ស៊ីវិល)។ ព្រះរាជាទទួលថា ល្អហើយបុរោហិត ដូច្នេះហើយទ្រង់ប្រគល់រាជ្យឲ្យព្រះមាតាគ្រប់គ្រង ទ្រង់ក៏ចេញទៅកាន់ចារិកមួយអន្លើដោយបុរោហិតនោះ ។ កាលព្រះបាទកណ្ឌរីនិងបុរោហិតទៅបានប្រមាណមួយយោជន៍ ទ្រង់គង់សម្រាកនៅនឹងផ្លូវធំមួយ ។ (ក្នុងពេលនោះ) មានក្ដុម្ពីម្នាក់ធ្វើនូវមង្គលដើម្បីប្រយោជន៍ដល់កូនប្រុស បានឲ្យនាងកុមារីម្នាក់ អង្គុយ​លើ​យានដែលបិទបាំង ហើយធ្វើដំណើរទៅដោយបរិវារដ៏ច្រើន ។ បុរោហិតបានឃើញហើយទូលថា បពិត្រ​ទេវៈ បើព្រះអង្គប្រាថ្នា ខ្ញុំអាចនឹងឲ្យនាងកុមារីនោះធ្វើអជ្ឈាចារជាមួយនឹងព្រះអង្គបាន ។ ព្រះបាទ​កណ្ឌរីត្រាស់ថា នែសម្លាញ់ អ្នកនិយាយអ្វី នាងមកជាមួយនឹងបរិវារដ៏ច្រើន មិនអាចនឹងធ្វើយ៉ាងនេះឡើយ ។ បុរោហិតទូលថា បើយ៉ាងនោះ សូមព្រះអង្គចូរចាំមើលចុះ ហើយប្រញាប់ត្រាច់ស្កាត់ទៅខាងមុខ បិទបាំងវាំងននក្នុងទីមិនឆ្ងាយអំពីផ្លូវ ធ្វើព្រះរាជាឲ្យនៅខាងក្នុងវាំងនននោះ ហើយខ្លួនឯងទៅអង្គុយយំនៅចំណែកមួយនៃផ្លូវ ។ លំដាប់នោះ ក្ដុម្ពីនោះបានឃើញបុរោហិតហើយសួរថា នែលោក ព្រោះហេតុអ្វី បានជាអ្នកអង្គុយយំ ។ បុរោហិតប្រាប់ថា ភរិយារបស់ខ្ញុំជាអ្នកមានភារៈធ្ងន់ (មានគភ៌ចាស់) ខ្ញុំនាំនាងទៅកាន់ត្រកូលរបស់នាង ពេលដល់ពាក់កណ្ដាលផ្លូវ នាងក៏ឈឺពោះរកកល់នឹងប្រសូតបុត្រ នាងកំពុងលំបាកនៅក្នុងវាំងនននោះឯង ឥឡូវនេះមិនមានស្ត្រីឯណានីមួយក្នុងសម្នាក់របស់នាងឡើយ សូម្បីខ្ញុំក៏មិនអាចដើម្បីនឹងទៅក្នុងទីនោះ ខ្ញុំមិនដឹងថា នាងនឹងទៅជាយ៉ាងណាឡើយ នាងគួរដើម្បីបានស្ត្រីម្នាក់ ។ ក្ដុម្ពីនោះទើបតបថា បើយ៉ាងនោះលោកកុំយំឡើយ ពួកស្ត្រីរបស់យើងមកជាមួយច្រើនដែរ ល្មមនឹងទៅជួយបានម្នាក់ ។ បុរោហិតពោលថា បើយ៉ាងនោះ សូមឲ្យនាងកុមារីនេះទៅចុះ នឹងបានជាសិរីសួស្ដីដល់នាងផង ។ ក្ដុម្ពីនោះគិតថា បុរសនេះនិយាយត្រូវ មង្គលនឹងកើតមានដល់កូនប្រសារបស់យើង និងដោយនិមិត្តនេះ នាងនឹងចម្រើនទៅដោយបុត្រធីតាទាំងឡាយ គិតដូច្នេះហើយទើបបញ្ជូននាងកុមារីនោះទៅ ។ នាងកុមារីនោះចូលទៅហើយ បានឃើញព្រះរាជា មានចិត្តប្រតិព័ទ្ធស្នេហាហើយក៏បានធ្វើអជ្ឈាការនោះទៅ ។ ចំណែកព្រះរាជា (ទ្រង់ដោះ) ព្រះទម្រង់ប្រទានដល់នាង ។ គ្រានោះ នាងកុមារីបានសម្រេច​កិច្ចហើយ ក៏ចេញមកក្រៅ ជនទាំងឡាយសួរថា នាងនោះប្រសូតបានកូនប្រុស ឬស្រី ? នាងកុមារីឆ្លើយថា ជាកូនប្រុស ស្អាតដូចមាសចឹង ។ ក្ដុម្ពីក៏នាំកុមារីនោះទៅ ។ ចំណែកបុរោហិតត្រឡប់ចូលមកគាល់ព្រះរាជាហើយទូលថា បពិត្រទេវៈ ព្រះអង្គឃើញហើយមែនទេ សូម្បីនាងកុមារីនេះ គង់ប្រព្រឹត្តធ្វើអំពើយ៉ាងនេះ នឹងនិយាយអ្វីដល់ស្ត្រីដទៃនោះ ហើយព្រះអង្គបានប្រទានអ្វីដល់នាងអត់ ? ព្រះចៅកណ្ឌរីត្រាស់ថា យើងឲ្យចិញ្ចៀនដែលជាប់នឹងដៃដល់នាង ។ បុរោហិតទូលថា ព្រះអង្គប្រទានចិញ្ចៀនឲ្យនាងធ្វើអ្វី ថាហើយក៏រត់យ៉ាងលឿនទៅបញ្ឈប់យាន មនុស្សទាំងឡាយសួរថា មានរឿងអ្វីលោក ? បុរោហិតពោលថា នាងកុមារីនេះកាន់យកចិញ្ចៀនដែលទុកនៅលើក្បាលនាងព្រាហ្មណីភរិយារបស់ខ្ញុំហើយមក នែនាង ចូរឲ្យចិញ្ចៀននោះមកវិញ ។ នាងកុមារីនោះ កាលឲ្យនូវចិញ្ចៀននោះ ក៏បានចាក់នូវដៃព្រាហ្មណ៍ដោយក្រចក ហើយឲ្យដោយកំហកថា អាចោរយកចុះ ។ ព្រាហ្មណ៍បុរោហិតបានសម្ដែងស្ត្រីទាំងឡាយជាច្រើន ដែលប្រព្រឹត្តក្រៅចិត្តដទៃ ដោយឧបាយវិធីផ្សេងៗ យ៉ាងនេះហើយ ទើបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ប៉ុណ្ណេះក៏ល្មមហើយ សូមស្ដេច​យាង​ទៅកាន់ទីដទៃចុះ ។ ព្រះបាទកណ្ឌរីត្រាស់ថា សូម្បីនឹងត្រាច់ទៅអស់ទូទាំងជម្ពូទ្វីប ស្ត្រីទាំងពួងនឹងជាយ៉ាងនេះដូចគ្នា ។ យើងនឹងត្រូវទៅធ្វើអ្វី ពួកយើងនឹងត្រឡប់ទៅវិញ ហើយស្ដេចក៏ត្រឡប់ចូលកាន់ក្រុងពារាណាសី ។ បុរោហិតទូលសូមប្រទានទោសដល់ព្រះនាងកិន្នរាថា បពិត្រមហារាជ ឈ្មោះ​ថា ស្ត្រីទាំងឡាយជាអ្នកមានបាបធម៌យ៉ាងនេះ នោះជាប្រក្រតីរបស់ស្ត្រីទាំងនោះឯង សូមព្រះអង្គអត់ទោសឲ្យព្រះនាងកិន្នរាចុះ ព្រះរាជាទ្រង់ក៏លើកលែងទោសឲ្យព្រះនាង ហើយត្រាស់បញ្ជាឲ្យនិរទេសចេញចាកព្រះរាជនិវេ​ស​ន៍​ ​កាលទ្រង់ដកនូវព្រះនាងកិន្នរានោះចេញចាកតំណែង បានតែងតាំងស្ត្រីដទៃក្នុងតំណែងអគ្គម​ហេ​សី ​។ ព្រះបាទកណ្ឌរីបញ្ជាឲ្យបណ្ដេញបុរសខ្វិននោះឲ្យចេញ ហើយឲ្យគេកាត់នូវមែកព្រីងនោះចេញ ។ តទា កុណាលោ បញ្ចាលចណ្ឌោ អហោសិ ក្នុងពេលនោះ ស្ដេចបក្សី កុណាល គឺជាបុរោហិតបញ្ចាលចណ្ឌៈ ។ (កុណាលោហំ តទា អាសិំ បក្សីកុណាលក្នុងកាលនោះមកជាតថាគត ) កាលនាំរឿងដែលខ្លួនបានឃើញហើយមកសម្ដែងទើបពោលគាថាថា យំ វេ ទិស្វា កណ្ឌរីកិន្នរានំ សព្វិត្ថិយោ ន រមន្តិ អគារេ តំ តាទិសំ មច្ចំ ចជិត្វា ភរិយា អញ្ញំ ទិស្វា បុរិសំ បីឋសប្បិំ។បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្រះនាមកណ្ឌរី និងព្រះនាងកិន្នរា (គប្បីដឹងចុះ) ពួកស្រីទាំងអស់ រមែងមិនត្រេកអរក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជាភរិយា (របស់ព្រះរាជាកណ្ឌរី) លះបង់នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន ។ អធិប្បាយសេចក្ដីនៃគាថានោះថា បណ្ឌិតឃើញហេតុនៃសេចក្ដីនឿយណាយរបស់ព្រះបាទកណ្ឌរីនឹងព្រះនាងកិន្នរានេះ ។ ស្ត្រីទាំងពួងរមែងមិនត្រេកអរក្នុងផ្ទះនៃស្វាមីរបស់ខ្លួន ។ ពិតមែនហើយ ព្រះនាងកិន្នរាទេវីដែលជាអគ្គមហេសីរបស់ព្រះបាទកណ្ឌរីឃើញបុរសខ្វិនដទៃ សុខចិត្តលះបង់ព្រះរាជាអង្គនោះដែលបុរសឈ្លាសក្នុងការអភិរម្យយ៉ាងនេះ ហើយមកធ្វើកម្មលាមកនឹងមនុស្សប្រេតនោះ ។ (កិន្នរាទេវីវត្ថុ និដ្ឋិតា ) (រឿងព្រះនាងកិន្នរាទេវី ចប់ ) (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2768/texssss55tpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១៨ ដង)
អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ អគ្គមហេសីរបស់ព្រះបាទ ព្រហ្មទត្តមានព្រះនាមថា បិង្គិយានី បានបើកនូវសីហបញ្ជរ កាលព្រះនាងសម្លឹងទៅបានឃើញបុរសអ្នកគង្វាលសេះមង្គលម្នាក់ (ក៏មានព្រះហ្ឫទ័យប្រតិព័ទ្ធស្នេហា) គ្រាកាលដែលព្រះរាជស្វាមីទ្រង់កំពុងដំណើរការនិទ្រាលង់លក់ហើយ ព្រះនាងក៏ចុះតាមវាតបានគឺបង្អួច ទៅប្រព្រឹត្តអំពើក្បត់ (លបលួចស្រឡាញ់គ្នា) ជាមួយនឹងអ្នកគង្វាលសេះនោះ រួចរាល់ស្រេចបាច់ហើយ ទើបឡើងមកកាន់ប្រាសាទ ហើយជម្រះនូវសរីរៈដោយគ្រឿងក្រអូប ទើបបានចូលទៅដេកជាមួយព្រះរាជស្វាមីវិញ ។ អថេកទិវសំ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាទ្រង់ត្រិះរិះថា ហេតុអ្វីហ្ន៎ បានជាក្នុងវេលាពាក់កណ្ដាលអធ្រាត្រ សរីរៈរបស់ព្រះទេវីទើបត្រជាក់ជានិច្ចចឹង យើងនឹងឃ្លាំមើលនូវនាង ដូច្នេះហើយ ក្នុងថ្ងៃមួយនោះ ព្រះរាជាទ្រង់ធ្វើហាក់ដូចជាផ្ទំលក់ ពេលព្រះនាងក្រោកទៅ ព្រះរាជាទ្រង់ក៏យាងទៅតាមក្រោយ ទ្រង់បានឃើញព្រះនាងប្រព្រឹត្តអំពើក្បត់ជាមួយនឹងអ្នកគង្វាលសេះ ហើយទ្រង់ត្រឡប់មក ស្ដេចក៏ឡើងកាន់ទីសយ្យាសនៈ ។ សូម្បីព្រះនាងទេវី កាលបានប្រព្រឹត្តរួចរាល់ហើយ ទើបយាងមកហើយចូលផ្ទំលើទីដេកដ៏តូចមួយ ។ បុនទិវសេ ក្នុងថ្ងៃស្អែក ព្រះរាជាបញ្ជាឲ្យនាងបិង្គិយានីមកក្នុងកណ្ដាលពួកអាមាត្យ ទ្រង់បង្ហាញនូវកិច្ចនោះ ហើយត្រាស់ថា ស្ត្រីទាំងពួងរមែងមានធម៌ដ៏លាមក ដូច្នេះហើយ ទ្រង់បានលើកលែងទោសសម្លាប់ ចាប់ចង កាត់អវយវៈ ទម្លាយ (ដាក់ទោសត្រឹមតែ) ញ៉ាំងព្រះនាងឲ្យឃ្លាតចាកតំណែង ហើយទ្រង់បានតែងតាំងស្ត្រីដទៃធ្វើជាអគ្គមហេសី ។ តទា កុណាលោ រាជា ព្រហ្មទត្តោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាព្រះបាទព្រហ្មទត្តនោះ ។ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនឃើញមក ទើបពោលនូវគាថាថាបិង្គិយានី សព្ពលោកិស្សរស្ស, រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា; អវាចរី បដ្ឋវសានុគស្ស, តំ វាបិ សា នាជ្ឈគា កាមកាមិនី ។នាងបិង្គិយានីជាភរិយា ជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំ ក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2767/sdreew44extpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៤៤ ដង)
អតីតេ ក្នុងអតីតកាល ព្រះរាជាព្រះនាម ពកៈ ទ្រង់សោយរាជ្យប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ក្នុងសម័យនោះ មានធីតា ឈ្មោះ បញ្ចបាបី របស់មនុស្សក្រីក្រម្នាក់ រស់នៅទិសខាងកើតទ្វារក្រុងពារា​ណ​សី ។ កិរ បានឮមកថា សូម្បីក្នុងជាតិមុន នាងបញ្ចបាបីនោះ ក៏កើតជាទលិទ្ទធីតា (ធីតារបស់អ្នក​ក្រម្នាក់) នាងជាន់នូវដីស្អិត ដើម្បីបូកលាបនូវជញ្ជាំងផ្ទះ ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធមួយអង្គ គិតដើម្បី​ប្រយោជន៍ដល់ការធ្វើនូវគ្រឿងបរិភណ្ឌដល់ញកភ្នំរបស់ខ្លួនថា យើងនឹងបាននូវដីស្អិតក្នុងទីណា ទើបគិតថា អាចបានក្នុងក្រុងពារាណសី ដូច្នេះហើយ ឃ្លុំនូវចីវរ ជាអ្នកមានដៃកាន់នូវបាត្រ ចូលទៅកាន់នគរ ហើយឈរនៅក្នុងទីមិនឆ្ងាយអំពីនាងនោះ ។ នាងទលិទ្ទធីតានោះ ក្រោធហើយ កាលសម្លឹងមើលដោយចិត្តប្រទូស្តទើបពោលថា គ្រាន់តែដីស្អិតក៏សូមដែរ ។ ព្រះបច្ចេកពុទ្ធបានជាអ្នកនៅស្ងៀម មិនកម្រើកញាប់ញ័រ ។ លំដាប់នោះ នាងទលិទ្ទធីតានោះ ឃើញនូវភាពនៃព្រះបច្ចេកពុទ្ធដែលមិនកម្រើកញាប់ញ័រ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាឡើងហើយពោល​ថា បពិត្រសមណៈ លោកម្ចាស់មិនបាននូវដីស្អិតឬ ដូច្នេះហើយ នាងបាននាំយកនូវដីស្អិតមួយដុំធំមកដាក់ក្នុងបាត្រ ។ ព្រះបច្ចេកពុទ្ធបានធ្វើនូវការប្រោសព្រំលាបបូកញកភ្នំដោយដីស្អិតនោះ ។ មិនយូរប៉ុន្មាន នាងទលិទ្ទធីតានោះបានចុតិចាកអត្តភាពនោះ ហើយកាន់យកនូវបដិសន្ធិក្នុងផ្ទៃនៃស្ត្រីទុគ៌តក្នុងស្រុកមួយ ដែលនៅខាងក្រៅទ្វារព្រះនគរ ។ ដោយកាលកន្លងទៅ ១០ ខែ នាងក៏ប្រសូត្រចាក​ផ្ទៃ​នៃមាតា ។ ដោយផលនៃការថ្វាយដុំដីស្អិត សរីរៈរបស់នាងក៏ដល់ព្រមដោយសម្ផស្ស (ដ៏អស្ចារ្យ​) ​តែព្រោះសេចក្ដីក្រោធ មើលងាយព្រះបច្ចេកពុទ្ធ នាងជាអ្នកមានរូបវិកលអាក្រក់ (៥ កន្លែង គឺ) ដៃ ជើង មុខ ភ្នែក និង ច្រមុះ ។ ដោយហេតុនោះ មនុស្សទាំងឡាយទើបស្គាល់នាងក្នុងឈ្មោះថាថា បញ្ចបាបី (ស្ត្រីមានរូបអាក្រក់ ៥) ។ ក្នុងថ្ងៃមួយ ព្រះបាទពារាណសី កាលនឹងឃ្លាំមើលព្រះនគរដោយភេទដែលអ្នកដទៃមិនស្គាល់ (ក្លែងខ្លួនជាមនុស្សសាមញ្ញដោយស្លៀកពាក់ស៊ីវិល) ទ្រង់បានយាងទៅកាន់ប្រទេសនោះ ក្នុងវេលារាត្រី ។ សូម្បីនាងបញ្ចបាបីនោះ កាលលេងជាមួយនឹងក្មេងស្រីទាំងឡាយក្នុងស្រុក បានចាប់កាន់ដៃរបស់ព្រះរាជា ព្រោះតែមិនស្គាល់ ។ ព្រះរាជានោះ មិនអាចនឹងឋិតនៅដោយសភាពរបស់ខ្លួនបានឡើយ ដោយសម្ផស្សដៃរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាអ្នកបានពាល់ត្រូវដោយសម្ផស្សជាទិព្វ ។ ព្រះរាជានោះ បានជាអ្នកមានតម្រេកត្រេកអរនឹងសម្ផស្ស ទ្រង់ក៏ចាប់នូវនាងបញ្ចបាបីសូម្បីមានរូបអាក្រក់យ៉ាងនោះ ត្រង់ដៃ ហើយសួរនាងថា នាងជាធីតារបស់អ្នកណា ? នាងបញ្ចបាបីពោលថា ខ្ញុំជាធីតារបស់អ្នកនៅត្រង់ទ្វារនគរនេះឯង ព្រះរាជាសួរនូវនាងដល់ភាពជាអ្នកមិនមានម្ចាស់ (សួរថាមានប្ដីនៅ) ដូច្នេះហើយ ទើត្រាស់ថា យើងនឹងជាស្វាមីរបស់នាង នាងចូរទៅសូមអនុញ្ញាតមាតាបិតាចុះ។ នាងបញ្ចបាបីនោះ បានចូលទៅរកមាតាបិតាហើយពោលថា បពិត្រលោកឪពុកអ្នកម្ដាយ មានបុរសម្នាក់ចង់បានខ្ញុំ ។ មាតាបិតារបស់នាងគិតថា បុរសនោះប្រហែលជាមនុស្សទុគ៌តហើយ ទើបពោលថា បើគេចង់បានមនុស្សដូចកូនយ៉ាងនេះ ល្អហើយ ។ នាងបញ្ចបាបីទើបត្រឡប់មកវិញហើយប្រាប់នូវភាពនៃខ្លួនដែលមាតាបិតាអនុញ្ញាត (ដល់ព្រះរាជា) ។ ព្រះរាជានោះក៏បាននៅជាមួយនាងបញ្ចបាបីនោះក្នុងផ្ទះនោះឯង ហើយទ្រង់ក៏ត្រឡប់ចូលរាជនិវេសន៍អំពីព្រលឹម ។ ចាប់តាំងអំពីពេលនោះមក ព្រះរាជាតែងយាងទៅជានិច្ចដោយភេទដែលមិនមានគេស្គាល់ ទ្រង់លែងប្រាថ្នាសូម្បីតែការមើលនូវស្ត្រីដទៃ ។ ក្នុងថ្ងៃមួយ បិតារបស់នាងបញ្ចបាបី បានកើតនូវរោគ លោហិតបក្ខន្ទិកាពាធ (ជំងឺធ្លាក់ឈាម) ។ ថ្នាំដែលនឹងព្យាបាលរោគនោះ គឺ បាយបាយាសលាយជាមួយទឹកដោះស្រស់ ទឹកដោះថ្លា ទឹកឃ្មុំ និងស្ករក្រួស តែថ្នាំនោះ មិនអាចនឹងកើតឡើងដល់ពួកគេដែលមនុស្សក្រីក្រឡើយ ។ លំដាប់នោះ មាតានាងបញ្ចបាបីពោលនឹងធីតាថា នែកូន ស្វាមីរបស់កូនអាននឹងញ៉ាំងបាយបាយាសឲ្យកើតឡើងឬ ? នាងបញ្ចបាបីពោលថា បពិត្រអ្នកម៉ែ ស្វាមីរបស់ខ្ញុំគប្បីជាមនុស្សក្រជាងពួកយើងទៀត តែមិនអីទេ ចាំខ្ញុំសួរគាត់សិន ម៉ែកុំគិតច្រើនអី ។ ក្នុងវេលាដែលព្រះរាជាយាងមក នាងបញ្ចបាបីបានជាអ្នកមានចិត្តទោមនស្សហើយអង្គុយ។ គ្រានោះ ព្រះរាជាយាងមករកនាងហើយសួរថា ហេតុអ្វីបាននាងទោមនស្ស ? នាងក៏ប្រាប់សេចក្ដីនោះ ។ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ក៏ត្រាស់ថា ហៃអូនសម្លាញ់ ថ្នាំដែលមានរសវិសេសយ៉ាងនេះ បងនឹងបានមកអំពីណា គ្រាត្រាស់យ៉ាងនេះហើយ ទ្រង់គិតថា យើងមិនអាចនឹងទៅមកយ៉ាងនេះរហូតឡើយ ប្រាកដជានឹងជួបអន្តរាយតាមផ្លូវ ហើយបើយើងនឹងនាំនាងមកកាន់រាជនិវេសន៍ខាងក្នុង អ្នកដែលមិនដឹងនូវការដល់ព្រមដោយសម្ផស្សរបស់នាង ពួកគេនឹងធ្វើនូវការសើចចំអកឲ្យយើងថា ព្រះរាជារបស់យើងកាន់យក យក្ខិនីនាំមក ចឹងយើងនឹងធ្វើឲ្យអ្នកនគរទាំងអស់បានដឹងនូវសម្ផស្សរបស់នាងជាមុនសិន ដូច្នេះយើងនឹងរួចផុតពីការតិះដៀល ។ លំដាប់នោះ ព្រះរាជាត្រាស់នឹងនាងថា ហៃអូនសម្លាញ់ សូមកុំគិតឡើយ ចាំបងនឹងនាំយកបាយាសដើម្បីឪពុករបស់អូន ដូច្នេះហើយ ក៏ទ្រង់អភិរម្យត្រេកអរសប្បាយរីករាយជាមួយនឹងនាងបញ្ចបាបីនោះ ហើយមកកាន់រាជនិវេសន៍ ។ ក្នុងថ្ងៃស្អែក ទ្រង់បញ្ជាឲ្យគេចម្អិនបាយាសដូចនោះ ហើយទ្រង់ឲ្យនាំស្លឹកឈើមក ឲ្យធ្វើនូវកញ្ចប់ ២ ដាក់នូវបាយាសក្នុងកញ្ចប់មួយ ដាក់នូវចូឡាមណី (ស្នៀតសក់) ក្នុងកញ្ចប់មួយ ចងជាប់ហើយ យាងទៅក្នុងពេលរាត្រី (បានដល់ហើយ) ត្រាស់នឹងនាងបញ្ចបាបីថា ហៃអូនសម្លាញ់ ពួកយើងជាមនុស្សក្រ កិច្ចដោយការញ៉ាំងបាយនេះឲ្យកើតលំបាកណាស់ អូនចូរប្រាប់ឪពុកថា ថ្ងៃនេះ ពុកចូរពិសាបាយមួយកញ្ចប់នេះ ចាំស្អែកពិសាមួយកញ្ចប់នេះ ។ នាងបញ្ចបាបីក៏បានធ្វើតាមយ៉ាងនោះ ។ ល្មមតែឪពុកនាងបញ្ចបាបីបរិភោគបាយបាយាសតែបន្តិចប៉ុណ្ណោះ គាត់ក៏ឆ្អែតស្កប់ស្កល់ ព្រោះភាវៈនៃបាយនោះដែលដល់ព្រមដោយឱជារស ។ នាងបញ្ចបាបីក៏ឲ្យនូវចំណែកសល់ដល់ម្ដាយ ហើយទើបបរិភោគខ្លួនឯង ។ សូម្បីទាំងបីនាក់ក៏បានឆ្អែតស្កប់ស្កល់ ។ ចំណែកកញ្ចប់ចូឡាមណី ពួកគេយកទុកដើម្បីប្រយោជន៍ក្នុងថ្ងៃស្អែក ។ ព្រះរាជាមកកាន់និវេសន៍ ទ្រង់ជម្រះនូវមុខហើយ ត្រាស់ថា អ្នកទាំងឡាយចូរនាំមកនូវចូឡាមណីដល់យើង ។ ពួកអ្នកបម្រើទូលថា បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គមិនឃើញទេ ។ ព្រះរាជាត្រាស់ អ្នកទាំងឡាយចូរឆែកមើលអស់ទូទាំងនគរទាំងមូល ។ ពួកគេសូម្បីឆែករកមើលហើយក៏មិនបានឃើញឡើយ ។ ព្រះរាជាបញ្ជាថា អ្នកទាំងឡាយឆែកមើលឲ្យអស់ សូម្បីត្រឹមតែកញ្ចប់បាយធ្វើពីស្លឹកឈើ ក្នុងផ្ទះរបស់មនុស្សក្រីក្រខាងក្រៅនគរ ។ កាលពួករាជបុរសឆែកមើលក៏បានឃើញនូវចូឡាមណីក្នុងឆ្នាំងនោះ ហើយចងនូវមាតាបិតារបស់នាងបញ្ចបាបីដោយចោទថា ជាចោរ ហើយនាំទៅ ។ លំដាប់នោះ បិតារបស់នាង បញ្ចបាបីពោលថា បពិត្រលោកជាម្ចាស់ ពួកខ្ញុំមិនមែនជាចោរទេ ចូឡាមណីនេះអ្នកដទៃនាំមក ។ រាជបុរសសួរថា អ្នកណា នាំមក ? គាត់ប្រាប់ថា ជាមាតរៈ (កូនប្រសាប្រុស) របស់ខ្ញុំ ។ រាជបុរសសួរថា ចុះគេនោះនៅឯណា ? គាត់ប្រាប់ថា ទាល់កូនស្រីរបស់ខ្ញុំទើបដឹង ។ លំដាប់នោះ ឪពុកនាងបញ្ចបាបីពោលនឹងកូនស្រីថា ម្នាលកូន នាងស្គាល់ស្វាមីរបស់នាងទេ ។ នាងបញ្ចបាបីពោលថា ខ្ញុំមិនស្គាល់ទេ ។ ឪពុកនាងពោលថា បើយ៉ាងនោះ ជីវិតរបស់ឪពុកមិនមានទេ ។ នាងបញ្ចបាបីពោលថា បពិត្រលោកឪពុក គាត់មកក្នុងពេលងងឹត ហើយត្រឡប់ទៅវិញក្នុងពេលងងឹត ខ្ញុំមិនដែលបានឃើញរូបគាត់ច្បាស់ទេ តែខ្ញុំអាចស្គាល់ ចំណាំគាត់បានដោយសម្ផស្សដៃ ។ ឪពុកនាងបញ្ចបាបីនោះក៏ប្រាប់ដល់រាជបុរស ។ សូម្បីពួករាជបុរសក៏ទូលព្រះរាជា ។ ព្រះរាជាធ្វើហាក់បីដូចជាមិនដឹង ត្រាស់ថា បើយ៉ាងនោះ អ្នកទាំងឡាយចូរដាក់ស្ត្រីនោះក្នុងវាំងនន ក្នុងព្រះលានហ្លួង ហើយធ្វើនូវវាំងននឲ្យមានប្រហោងប្រមាណប៉ុនដៃ ហើយឲ្យអ្នកនគរមកប្រជុំគ្នា រួចអ្នកទាំងឡាយចូរចាប់នូវចោរដោយសម្ផស្សនៃដៃ ។ ពួករាជបុរសក៏ធ្វើយ៉ាងនោះ ឲ្យមនុស្សទាំងឡាយទៅកាន់សម្នាក់នាងបញ្ចបាបីនោះ បានឃើញរូបនាងហើយ ជាអ្នកមានសេចក្ដីក្ដៅក្រហាយចិត្ត ខ្ពើមរអើមថា ធី, ធី បិសាចិ ថ្វើយ ថ្វើយ មីបិសាច ដូច្នេះហើយ មិនហ៊ានដើម្បីនឹងពាល់ឡើយ ។ ពួករាជបុរសនាំនាងបញ្ចបាបីមកដាក់ក្នុងវាំងនន ក្នុងព្រះលានហ្លួងហើយ ក៏ឲ្យអ្នកនគរទាំងអស់មកប្រជុំគ្នា ។ នាងបញ្ចបាបីនោះបានចាប់ដៃរបស់បុរសដែលលូកមកហើយតាមប្រហោង នៃអ្នកដែលមកហើយមកហើយ រួចពោលថា មិនមែនស្វាមីខ្ញុំទេ ។ បុរសទាំងឡាយបានដឹងសម្ផស្សរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាសម្ផស្សជាទិព្វ មិនអាចដើម្បីនឹងគេចទៅ ម្នាក់ៗគិតថា បើស្ត្រីនេះគួរដល់អាជ្ញាហើយ យើងសូម្បីត្រូវអាជ្ជា និងចូលដល់ភាពជាអ្នកធ្វើនូវទាសកម្ម យើងនឹងធ្វើនូវនាងនោះឲ្យនៅក្នុងផ្ទះ ។ លំដាប់នោះ រាជបុរសទាំងឡាយ វាយដោយដំបងឲ្យ ហើយដេញឲ្យរត់ទៅ ។ ធ្វើហើយយ៉ាងនេះតាំងតែឧបរាជជាដើម បុរសទាំងអស់ហាក់ដូចជាមនុស្សឆ្កួត ។ លំដាប់នោះ ព្រះរាជាត្រាស់ថា នឹងគប្បីជាយើងឬ ហើយទ្រង់ក៏លូកព្រះហស្តទៅ ។ នាងបញ្ចបាបីចាប់នូវព្រះហស្តនោះហើយ ធ្វើនូវសំឡេងដ៏ខ្លាំងថា ចោរគឺខ្ញុំចាប់បានហើយ ។ ព្រះរាជាត្រាស់មនុស្សទាំងនោះថា កាលនាងចាប់ដៃអ្នកទាំងឡាយ អ្នកទាំងឡាយគិតដូចម្ដេច ។ បុរសទាំងនោះក៏ទូលតាមសេចក្ដីពិត ។ លំដាប់នោះ ព្រះរាជាត្រាស់ថា កាលដែលយើងឲ្យធ្វើយ៉ាងនេះ ក៏ដើម្បីនឹងនាំស្ត្រីនេះមកក្នុងវាំងរបស់យើង កាលនៅគិតថា បើអ្នកទាំងឡាយមិនដឹងនូវសម្ផស្សរបស់នាងទេ នឹងតិះដៀលយើង ព្រោះហេតុនោះ អ្នកទាំងអស់គ្នាគឺយើងបានឲ្យដឹងហើយ ចូរនិយាយមកមើលថា ស្ត្រីនេះគួរដើម្បីនឹងនៅក្នុងផ្ទះរបស់អ្នកណា ? បុរសទាំងនោះពោលថា បពិត្រទេវៈ ក្នុងព្រះរាជវាំងរបស់ព្រះអង្គ ។ គ្រានោះ ព្រះរាជាក៏អភិសេកនូវនាងបញ្ចបាបីនោះហើយ ធ្វើឲ្យជាព្រះអគ្គមហេសី និង ព្រះរាជទានឥស្សិយយសដល់មាតាបិតារបស់នាងបញ្ចបាបី ។ តាំងអំពីពេលនោះមក ព្រះរាជាទ្រង់ស្រវឹងងប់ងុលឈ្លក់វង្វេងនឹងនាងបញ្ចបាបីនោះណាស់ មិនតាំងនូវការវិនិច្ឆ័យក្ដី មិនមើលនូវស្ត្រីដទៃ ។ ពួកស្រីស្នំទាំងឡាយទើបស្វែងរកទោសជាចន្លោះរបស់នាងបញ្ចបាបីនោះ ។ ថ្ងៃមួយ នាងបញ្ចបាបីឃើញនូវមិនិត្តក្នុងសុបិននៃភាពជាអគ្គមហេសីនៃព្រះរាជាពីរអង្គ បានប្រាប់ដល់ព្រះរាជា ។ ព្រះរាជាប្រកាសឲ្យហៅអ្នកទាយសុបិនមក ហើយសួរថា សុបិនឃើញយ៉ាងនេះ នឹងកើតរឿងអ្វី ? ហោរានោះបានកាន់សំណូកអំពីសម្នាក់របស់ស្ត្រីទាំងឡាយនោះ ក៏ពោល​ថា បពិត្រមហារាជ ការដែលព្រះទេវីសុបិនឃើញថា បានអង្គុយលើកដំរីសទាំងអស់នេះ ជាបុព្វនិមិត្តនៃមរណៈរបស់ព្រះអង្គ, ដែលព្រះនាងសុបិនថា បានស្ទាបព្រះចន្ទ្រដោយការទៅដោយកដំរីនេះ ជាបុព្វនិមិត្តនៃការនាំមកនូវព្រះរាជាជាសត្រូវរបស់ព្រះអង្គ ។ ព្រះរាជាត្រាស់ថា ឥឡូវនេះ នឹងគប្បីធ្វើដូចម្ដេច គេទូលថា បពិត្រទេវៈ មិនអាចនឹងសម្លាញ់ព្រះនាងនេះឡើយ គួរដាក់ព្រះនាងលើនាវាហើយបណ្ដែតតាមទន្លេចុះ ។ ព្រះរាជាឲ្យគេដាក់នាងបញ្ចបាបីនោះ មួយអន្លើដោយអាហារនិងគ្រឿងអលង្ការលើនាវា ក្នុងពេលរាត្រី ឲ្យគេបោះបង់បណ្ដែតតាមទន្លេ ។ នាងបញ្ចបាបីនោះ កាលអណ្ដែតតាមទន្លេ ក៏បានដល់ខាងមុខនៃព្រះរាជាពាវរិកៈ ដែលទ្រង់កំពុងលេងទឹក នៅខាងក្រោមនៃខ្សែទឹករបស់នាវានោះ ។ សេនាបតីរបស់ព្រះបាទពាវរិកៈនោះឃើញហើយពោលថា នាវានេះជារបស់ខ្ញុំ ។ ព្រះរាជាពាវរិកៈត្រាស់ថា ភណ្ឌៈរបស់នាវាជារបស់យើង ព្រះរាជាបានឃើញនូវនាងបញ្ចបាបីដោយនាវាដែលមកដល់ហើយ ក៏សួរថា នាងមានឈ្មោះអ្វី មានរូបដូចជាបិសាច ? នាងបញ្ចបាបីធ្វើនូវការញញឹមបានពោលប្រាប់នូវភាពជាអគ្គមហេសីរបស់ព្រះរាជាពកៈ ហើយប្រាប់សេចក្ដីទាំងអស់ដល់ព្រះរាជានោះ ។ នាងបញ្ចបាបីនោះ មានឈ្មោះប្រាកដទូទាំងជម្ពូទ្វីបទាំងអស់ថា បញ្ចបាបី ។ លំដាប់នោះ ព្រះរាជាក៏ចាប់នូវនាងត្រង់ដៃ ហើយលើកឡើង ព្រមគ្នានឹងការចាប់នោះឯង ព្រះរាជាមានសេចក្ដីត្រេកអរដោយសម្ផស្ស មិនធ្វើនូវឥត្ថិសញ្ញាក្នុងស្ត្រីដទៃ តែងតាំងនាងបញ្ចបាបីនោះជាអគ្គមហេសី ។ នាងបញ្ចបាបីនោះបានជាអ្នកស្មើដោយជីវិតរបស់ព្រះរាជាពាវរិកៈនោះ ។ ព្រះបាទពកៈទ្រង់ស្ដាប់ការប្រព្រឹត្តទៅនោះហើយ គិតថា យើងនឹងមិនឲ្យអគ្គមហេសីរបស់ព្រះរាជានោះឡើយ ដូច្នេះហើយ ទើបរួបរួមសេនា ធ្វើនូវនិវេសន៍ត្រង់កំពង់ម្ខាងនៃនគរព្រះបាទពាវរិកៈនោះ ឲ្យបញ្ជូលសារទៅថា ព្រះបាទពាវរិកៈចូរឲ្យភរិយាដល់យើង ឬច្បាំងគ្នា ។ ព្រះបាទពាវរិកៈតបថា យើងមិនឲ្យភរិយាឡើយ នឹងច្បាំងគ្នា ហើយរៀបចាំការច្បាំង ។ អាមាត្យទាំងឡាយរបស់ព្រះរាជាទាំងពីរ ប្រឹក្សាគ្នាថា មរណកិច្ចមិនមានដោយអាស្រ័យមាតុគ្រាមឡើយ នាងបញ្ចបាបីនេះគួរដល់ព្រះរាជាពកៈព្រោះទ្រង់ជាស្វាមីដំបូង តែក៏គួរដល់ព្រះរាជាពាវរិកៈព្រោះទ្រង់បាននាវា ព្រោះហេតុនោះ នាងបញ្ចបាបីនេះ គួរនៅក្នុងសម្នាក់របស់ព្រះរាជាមួយអង្គៗ ៧ ថ្ងៃ ៗ ចុះ ដូច្នេះហើយ ទើបក្រាបទូលដល់ព្រះរាជាទាំងពីរឲ្យទ្រង់យល់ព្រម ។ ព្រះរាជាទាំងពីរអង្គនោះ ពេញព្រះទ័យ (យល់ស្របតាម) ទ្រង់ឲ្យគេកសាងនគរត្រង់កំពង់ម្ខាង និងកំពង់ម្ខាង ហើយស្ដេចគង់នៅ ។ នាងបញ្ចបាបីក៏បានជាអគ្គមហេសីនៃព្រះរាជាទាំងពីរអង្គនោះ ។ សូម្បីព្រះរាជាទាំងពីរអង្គនោះ ទ្រង់បានជាអ្នកឈ្លក់វង្វេងនឹងនាងបញ្ចបាបី ។ ចំណែកនាងបញ្ចបាបីនោះបាននៅអស់ ៧ ថ្ងៃ ក្នុងរាជដំណាក់របស់ព្រះរាជាមួយហើយ កាលទៅកាន់រាជដំណាក់របស់ព្រះរាជាមួយអង្គទៀតដោយនាវា ក៏បានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ក្នុងទីពាក់កណ្ដាលទន្លេ ជាមួយនឹងអ្នកបុរសគមចាស់ដែលជាអ្នកអ៊ំទូកម្នាក់ទៀត ក្នុងពេលដែលគេចៀវទូកនាំនាងទៅ ។ តទា កុណាលោ សកុណរាជា ពកោ អហោសិ ក្នុងពេលនោះ កុណាលសកុណៈ គឺជាព្រះបាទ ពកៈ ព្រោះហេតុនោះ បាននាំយកនូវរឿងដែលខ្លួនបានឃើញមក កាលនឹងសម្ដែងទើបពោលគាថា​ថាពកស្ស ច ពាវរិកស្ស ច រញ្ញោ, អច្ចន្តកាមានុគតស្ស ភរិយា; អវាចរី ដ្ឋវសានុគស្ស, កំ វាបិ ឥត្ថី នាតិចរេ តទញ្ញំ។ ភរិយារបស់ព្រះបាទពកៈ និងព្រះបាទពាវរិតៈ ជាព្រះរាជាល្មោភ​កាម​ដ៏ក្រៃលែង បានប្រព្រឹត្តក្បត់ចំពោះបុរស អ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា ស្រីមិនប្រព្រឹត្តកន្លងស្វាមីនិងបុរសដទៃនោះឯណាកើត ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២-១៧៣)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2766/wewwwxtpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ២២ ដង)
កុណាលសកុណពោលថា សេចក្តីពិត រឿងដូចគ្នានេះ ខ្ញុំដឹងហើយយ៉ាងនេះថា ព្រះវរមាតារបស់ព្រះបាទព្រហ្មទត្ត លះបង់ព្រះបាទកោសល ទៅធ្វើអំពើដ៏លាមកជាមួយនឹងព្រាហ្មណកុមារ ឈ្មោះបញ្ចាលចណ្ឌៈ ។ វិត្ថារនិទាន អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទកោសលបានកាន់យករាជសម្បត្តិរបស់ព្រះបាទពារាណសី ទ្រង់បានតែងតាំងព្រះអគ្គមហេសីរបស់ព្រះចៅក្រុង ពារាណសីដែលកំពុងមានគភ៌ជាអគ្គមហេសីរបស់ព្រះអង្គ ហើយស្ដេចយាងទៅនគររបស់ព្រះអង្គ ។ ក្នុងកាលជាបន្តបន្ទាប់មកទៀត ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះឱរស ។ ចំណែកព្រះបាទកោសល ហេតុតែជាទ្រង់មិនមានបុត្រ ក៏បានចិញ្ចឹមព្រះឱរសនោះទុកដោយសេចក្ដីស្រឡាញ់ដូចបុត្ររបស់ខ្លួន ហើយបានញ៉ាំងព្រះកុមារដែលមានវ័យចម្រើនហើយនោះឲ្យសិក្សាសិល្បសាស្ត្រ ហើយទ្រង់បញ្ជូនទៅថា អ្នកចូរគ្រប់គ្រងនូវដែនក្នុងសម្នាក់បិតារបស់ខ្លួនចុះ ។ ព្រះរាជកុមារនោះក៏បានទៅគ្រប់គ្រងរាជសម្បត្តិ ។ ចំណេរកាលមកទៀត ព្រះមាតារបស់ព្រះរាជកុមារបានចូលទៅទូលលាព្រះបាទកោសលថា ខ្ញុំម្ចាស់មានសេចក្ដីប្រាថ្នានឹងឃើញនូវបុត្រ (ទៅលេងបុត្រ) ដូច្នេះហើយក៏នាំបរិវារជាច្រើនទៅកាន់ក្រុងពារាណសី ព្រះនាងបានកាន់នូវទីអាស្រ័យ (ដើម្បីឈប់សម្រាក)នៅក្នុងនិគមមួយដែលនៅរវាងនគរទាំងពីរ ។ មានព្រាហ្មណកុមារម្នាក់ដែលមានរូបរាងស្រស់សង្ហា ឈ្មោះ បញ្ចាលចណ្ឌៈ នៅក្នុងនិគមនោះ ។ បញ្ចាលចណ្ឌៈបាននាំបណ្ណាការមកថ្វាយព្រះនាង ។ ព្រះនាងពេលបានឃើញបញ្ចាលចណ្ឌៈនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហា ហើយបានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ជាមួយនឹងបញ្ចាលចណ្ឌៈនោះ ហើយបានស្នាក់នៅក្នុងទីនោះអស់ពីរបីថ្ងៃ ទើបធ្វើដំណើរទៅកាន់ក្រុងពារាណសី (បន្ត) បានជួបបុត្រហើយ ក៏ប្រញាប់ត្រឡប់មកវិញ ហើយបានកាន់យកទីនៅ (ស្នាក់នៅ) ក្នុងនិគមនោះម្ដងទៀត ព្រះនាងបានប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈនោះអស់បីរបីថ្ងៃ ទើបទៅកាន់នគរ កោសលវិញ ។ តាំងតែអំពីពេលនោះមក មិនយូរប៉ុន្មាន ព្រះនាងក៏ចូលទៅទូលនូវហេតុនោះៗ ប្រាប់ព្រះបាទកោសលថា ខ្ញុំម្ចាស់នឹងទៅកាន់សម្នាក់បុត្រ កាលទៅក្ដី កាលមកវិញក្ដី តែងប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈក្នុងនិគមនោះអស់កាលកន្លះខែ ។ម្នាលបុណ្ណមុខសម្លាញ់ ដែលឈ្មោះថា ស្ត្រីទាំងឡាយគឺជាអ្នកទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា កាលព្រះមហាសត្វសម្ដែងអតីតនិទាននេះហើយ ពោលពាក្យថា ជាសេចក្ដីពិតដែលយើងឃើញមក យ៉ាងនេះជាដើម ។ បណ្ដាបទទាំងនោះ បទថា ព្រះមាតារបស់ព្រះបាទព្រហ្មទត្ត បានដល់ ព្រះជននីរបស់ព្រហ្មទត្តកុមារដែលបានសោយរាជ្យក្នុងនគរពារាណសី ។ បានឮថា ក្នុងកាលនោះកុណាលបានជាព្រាហ្មណ៍ឈ្មោះចញ្ចាលចណ្ឌៈនោះ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនបានដឹងមកនោះ ទើបទ្រង់ពោលយ៉ាងនេះ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2765/cxxdde444tpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ២៧ ដង)
អតីតេ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តបានសម្លាប់ព្រះបាទកោសល ហើយកាន់យករាជ្យ និងនាំ​យក​ព្រះអគ្គមហេសីដែលកំពុងមានគភ៌ របស់ព្រះបាទកោសលនោះ ទៅកាន់នគរពារាណសី សូម្បីកាលទ្រង់ដឹងនូវភាវៈនៃគភ៌របស់ព្រះនាងនោះក៏ដោយ ទ្រង់នៅតែតែងតាំងព្រះនាងទុកក្នុងតំណែងអគ្គមហេសី ។ ពេលដែលគភ៌ព្រះនាងចាស់ហើយក៏ប្រសូតព្រះឱរសដែលស្អាតដូចជាមាសមួយអង្គ ព្រះនាងគិតថា កាលព្រះកុមារនេះធំហើយ ព្រះបាទពារាណសីទ្រង់នឹងឲ្យគេសម្លាប់ដោយគិតថា នេះជាបុត្ររបស់សត្រូវ មិនមានប្រយោជន៍ដែលត្រូវចញ្ចឹមឡើយ (ដើម្បី) មិនឲ្យបុត្ររបស់យើងស្លាប់ក្នុងដៃរបស់បុគ្គលដទៃ ទើបព្រះនាងពោលនឹងភីលៀងថា នែនាង នាងចូរក្រាលនូវសំពត់ចាស់រុំទារកនេះ ហើយចូរយកទៅដាក់ឲ្យដេក ក្នុងព្រៃជាទីចោលនូវសាកសពស្រស់ហើយសឹមចូរត្រឡប់មកចុះ ។ នាងភីលៀងបានធ្វើយ៉ាងនោះ មុជទឹកហើយ ទើបត្រឡប់មក ។ ចំណែកព្រះបាទកោសលដែលស្លាប់នោះបានកើតជាអារក្ខទេវតារបស់បុត្រ ។ ដោយអានុភាពរបស់អារក្ខទេវតានោះ កាលមេពពែរបស់អ្នកគង្វាលពពែម្នាក់ ត្រាច់ទៅក្នុងកន្លែងនោះ ក៏ញ៉ាំងមេពពែមួយឲ្យឃើញនូវកុមារនោះ ញ៉ាំងនូវសេចក្ដីស្នេហាហើយឲ្យផឹកនូវទឹកដោះ ទើបត្រាច់ទៅ បានឲ្យកុមារនោះផឹកនូវទឹកដោះ អស់វារៈពីរបីបួនដង ។ នាយគង្វាលពពែឃើញនូវកិរិយារបស់មេពពែនោះ ទើបទៅកាន់ទីនោះ បានឃើញនូវទារក ហើយបានញ៉ាំងសេចក្ដីស្រឡាញ់ហាក់ដូចជាកូន ទើបនាំទៅ ប្រគល់ឲ្យភរិយារបស់ខ្លួន ។ ភរិយានោះជាបុគ្គលមិនមានបុត្រ មិនមានទឹកដោះឲ្យទារកនោះបៅ ទើបឲ្យទារកនោះផឹកនូវទឹក​ដោះ​ពពែនោះឯង ។ បន្ទាប់មក មេពពែទាំងឡាយក៏ស្លាប់ទៅអស់ពីរបីក្បាលរាល់ៗថ្ងៃ ។ នាយគង្វាលពពែគិតថា បើយើងនៅចិញ្ចឹមទារកនេះទៀត មេពពែនឹងស្លាប់ទាំងអស់ នឹងចិញ្ចឹមទារកនេះធ្វើអ្វី ដូច្នេះហើយទើបញ៉ាំងទារកឲ្យដេកក្នុងភាជនៈដីមួយ ហើយបិទបាំងខាងមុខខាងក្រោយ យកទៅបណ្ដែតក្នុងទន្លេ ។ មានមនុស្សចណ្ឌាលដែលជាអ្នកជួសជុលរបស់ចាស់ម្នាក់ ដែលអាស្រ័យនៅក្នុងរាជនិវេសន៍ ពេលចុះទៅលាងធ្មៃនៅកំពង់ខាងក្រោម ជាមួយនឹងម្ចាស់ បានឃើញនូវភាជន៍ដែលអណ្ដែតមក បានទៅនាំយកមកដោយរហ័ស ដាក់ទុកលើច្រាំង កាលមើលទើបបើកដោយគិតថា នេះជាអ្វីហ្ន៎ ពេលបើកហើយបានឃើញទារក ។ ភរិយារបស់មនុស្សចណ្ឌាលជាបុគ្គលមិនមានបុត្រ បានស្រឡាញ់ទារកនោះទុកដូចជាកូន ទើបនាំទៅចិញ្ចឹមទុកក្នុងផ្ទះ ។ បន្ទាប់ពីពេលដែលកុមារមានអាយុប្រាំពីរប្រាំបីឆ្នាំ កាលមាតាបិតាជាមនុស្សចណ្ឌាលទៅកាន់រាជត្រកូល បាននាំយកនូវកុមារនោះទៅដែរ ។ បន្ទាប់ពីពេលដែលកុមារនោះមាន វ័យបាន ១៦ ឆ្នាំហើយ បានទៅកាន់រាជត្រកូលអស់ជាច្រើនដង (ដើម្បី) ធ្វើការជួសជុលរបស់ចាស់ ។ ព្រះអគ្គមហេសី (ត្រូវជាមាតារបស់កុមារនោះ) របស់ព្រះរាជាពារាណសី មានព្រះរាជធីតាមួយអង្គព្រះនាម កុរុង្គទេវី ជាស្រីមានរូបល្អស្អាត ។ ព្រះនាងកុរុង្គទេវីនោះ បន្ទាប់ពីបានឃើញកុមារនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហាក្នុងកុមារនោះ ហើយបានទៅកាន់កន្លែងធ្វើការរបស់កុមារនោះ ព្រោះភាវៈជាអ្នកមិនមានសេចក្ដីត្រេកអរក្នុងទីដទៃ ។ អជ្ឈាចារគឺការប្រព្រឹត្តកន្លងល្មើស (រាជប្រវេណី) បានប្រព្រឹត្តហើយក្នុងឱកាសដែលស្ងាត់កំបាំងក្នុងព្រះរាជត្រកូលខាងក្នុងនោះឯង របស់ព្រះរាជធីតាកុរុង្គទេវីនិងកុមារនោះ ដែលជាអ្នកមានចិត្តប្រតិព័ទ្ធស្នេហានូវគ្នានឹងគ្នាដោយការឃើញគ្នារឿយៗ ។ កាលព្រះនាងកុរុង្គទេវីទៅធ្វើដូច្នេះ អ្នកបម្រើទាំងឡាយបានដឹង ហើយក្រាបទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់ពិរោធហើយ បានហៅអាមាត្យទាំងឡាយឲ្យប្រជុំគ្នា ហើយត្រាស់ថា កូនរបស់មនុស្សចណ្ឌាលនេះបានធ្វើនូវទង្វើនេះ ពួកលោកនឹងធ្វើយ៉ាងណាដល់គេ ? ពួកអាមាត្យក៏ក្រាបទូលថា ទោសនេះធំណាស់ ព្រះអង្គ សមគួរនឹងធ្វើទារុណកម្មផ្សេងៗ ទើបសម្លាប់តាមក្រោយ ។ ក្នុងខណៈនោះ អារក្ខទេវតាដែលជាបិតារបស់កុមារនោះ បានចូលសណ្ឋិតក្នុងសរីរៈរបស់ព្រះមាតារបស់កុមារនោះឯង ។ ព្រះនាងនោះក៏បានចូលទៅគាល់ព្រះរាជាដោយអានុភាពរបស់ទេវតាហើយពោលថា បពិត្រមហារាជ កុមារនេះមិនមែនជាកូនមនុស្សចណ្ឌាលទេ កុមារនេះកើតក្នុងផ្ទៃរបស់ខ្ញុំម្ចាស់​ ជាបុត្ររបស់ព្រះបាទកោសល ខ្ញុំម្ចាស់បានទូលមុសាវាទនឹងព្រះអង្គថា ព្រះឱរសរបស់ខ្ញុំម្ចាស់ស្លាប់ហើយ ដោយគិតថា ជាបុត្ររបស់ព្រះរាជាដែលសត្រូវនឹងព្រះអង្គ ទើបបញ្ជាឲ្យនាងភីលៀងយកទៅចោលក្នុងព្រៃស្មសាន លំដាប់នោះ នាយគង្វាលពពែម្នាក់ក៏បានចិញ្ចឹមនូវកុមារនេះ ពេលកើតហេតុមេពពែស្លាប់ជាច្រើនក្បាល គេទើបយកទៅបណ្ដែតក្នុងទន្លេ គ្រានោះ មនុស្សចណ្ឌាលដែលជាជួស​ជុល​របស់ចាស់ក្នុងព្រះរាជវាំង របស់ព្រះអង្គបានឃើញកុមារនេះដែលអណ្ដែតមក ហើយគេក៏យកទៅចិញ្ចឹម បើព្រះអង្គមិនជឿទេ សូមទ្រង់ឲ្យហៅមនុស្សទាំងអស់នោះមកសួរចុះ ។ ព្រះរាជាបានឲ្យហៅអ្នកទាំងអស់នោះ ធ្វើតាំងតែនាងភីលៀងជាដើមហើយសួរ ទ្រង់បានស្ដាប់ការប្រព្រឹត្តទៅយ៉ាងនោះហើយ មានចិត្តត្រេកអរថា កុមារនេះជាអ្នកដល់ព្រមដោយជាតិ ទើបឲ្យគេងូតទឹកកុមារនោះ ហើយឲ្យប្រដាប់តាក់តែង ទើបទ្រង់ប្រគល់ព្រះធីតាដល់កុមារនោះ ។ ព្រោះភាវៈនៃមេពពែទាំងឡាយស្លាប់មានដល់កុមារនោះ មនុស្សទាំងឡាយទើបធ្វើនូវឈ្មោះកុមារនោះថា ឯឡិកកុមារ (កុមារពពែ) ។ លំដាប់នោះ ព្រះរាជាបានប្រគល់សេនានិងពាហនៈដល់ឯឡិកកុមារនោះ ហើយបញ្ជូនគេដោយត្រាស់ថា អ្នកចូរទៅគ្រប់គ្រងរាជសម្បត្តិរបស់ព្រះបិតារបស់ខ្លួនចុះ ។ ឯឡិកកុមារក៏នាំនាងកុរុង្គទេវីទៅគ្រប់គ្រងរាជសម្បត្តិ ។ គ្រានោះ ព្រះរាជាពារាណសីទ្រង់គិតថា ឯឡិកកុមារនេះ មិនបានសិក្សាសិល្បសាស្ត្រ ទើបទ្រង់បញ្ជូនអាចារ្យឈ្មោះ ឆឡង្គកុមារ ឲ្យទៅបង្រៀនឯឡិកកុមារ ។ ឯឡិកកុមារនោះក៏បានតែងតាំងឆឡង្គកុមារឲ្យជាសេនាបតីដោយគិតថា គេជាអាចារ្យរបស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមកទៀត ព្រះនាងកុរុង្គទេវីបានធ្វើអនាចារៈ មួយអន្លើដោយ ឆឡង្គកុមារសេនាបតី​នោះ ។ លោកសេនាបតីគាត់អ្នកបម្រើម្នាក់ឈ្មោះ ធនន្តេវាសី ។ ឆឡង្គកុមារសេនាបតីនោះ បានប្រើនាយធនន្តេវាសីនោះ ឲ្យនាំយកនូវរបស់របរមានសំពត់ និងគ្រឿងអលង្ការជាដើមទៅឲ្យព្រះនាងកុរុង្គទេវី ។ នាងកុរុង្គទេវីនោះ ក៏បានធ្វើនូវអំពើបាបសូម្បីមួយអន្លើដោយនាយធនន្តេវាសីនោះទៀត ។ កុណាលសកុណៈពោលថា ទិដ្ឋា មយា, សម្ម បុណ្ណមុខ, កុរុង្គទេវី នាម លោមសុទ្ទរី ឯឡិកកុមារំ កាមយមានា ឆឡង្គកុមារធនន្តេវាសិនា បាបមកាសិ នែបុណ្ណមុខៈសម្លាញ់ ព្រះអគ្គមហេសីមានព្រះលោមាល្អ ព្រះនាមកុរុង្គទេវី កាលប្រាថ្នាឯឡិកកុមារហើយ បានធ្វើនូវអំពើដ៏លាមកជាមួយនឹងឆឡង្គកុមារសេនាបតី និងបុរសអ្នកនៅដោយទ្រព្យរបស់ឆឡង្គកុមារនោះទៀត ខ្ញុំក៏បានឃើញហើយ ។ បណ្ដាបទទាំងនោះ បទថា លោមសុទ្ទរី (ព្រះអគ្គមហេសីមានព្រះលោមាល្អ) បានដល់ រោមរបស់ព្រះរាជិនីដែលកើតត្រង់ទ្រូង ។ បទថា ឆឡង្គកុមារធនន្តេវាសិនា សេចក្ដីថា សូម្បីប្រាថ្នានូវឯឡិកកុមារហើយ ព្រះនាងក៏ធ្វើនូវអំពើបាបមួយអន្លើដោយឆឡង្គកុមារសេនាបតីនោះផង និងអ្នកបម្រើឈ្មោះ​ធនន្តេវាសីនោះផង ។ ស្រីទាំងឡាយតែងប្រព្រឹត្តអនាចារយ៉ាងនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ព្រោះហេតុនោះ យើងទើបមិនពោលសរសើរស្ត្រីទាំងនោះ ព្រះមហាសត្វបាននាំអតីតនិទាននេះមកសម្ដែងហើយ ។ សោ ហិ តទា ឆឡង្គកុមារោ អហោសិ, តស្មា អត្តនា ទិដ្ឋការណំ អាហរិ ។ ពិតមែនហើយ ក្នុងកាលនោះ ព្រះមហាសត្វនោះ គឺ ឆឡង្គកុមារ ព្រោះហេតុនោះ ព្រះអង្គទើបនាំនូវហេតុដែលទ្រង់ឃើញដោយខ្លួនឯង ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2764/teeeeeetpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១៩ ដង)
អតីតេ កិរ បានឮមកថា ក្នុងអតីតកាល មានសេតសមណី (ដូនជីស្លៀកស) ឈ្មោះ សច្ចតបាបី (ច្បាប់ខ្លះថា បញ្ចតបាវី) អាស្រ័យនឹងនគរពារាណសី នាងបានឲ្យគេកសាងបណ្ណសាលាក្នុងព្រៃស្មសាន កាលនៅក្នុងទីនោះ នាងញ៉ាំងនូវភត្តទាំងឡាយ ៤ ឲ្យកន្លងផុតទៅទើបបរិភោគ (រំលង ៤ ថ្ងៃបរិភោគ ១ ដង) (កិត្តិគុណ) ក៏បានប្រាកដឡើងទូទាំងព្រះនគរ ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ។ អ្នកនគរពារាណសីសូម្បីកណ្ដាស់ សូម្បីភ្លាត់តែងតែពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ លំដាប់នោះ ក្នុងថ្ងៃមួយ ជាវេលាលេងមហោស្រព ក្នុងថ្ងៃដំបូង ពួកជាងមា ទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយ ហើយនាំមកនូវត្រី សាច់ សុរា គ្រឿងក្រអូប និងកម្រងផ្កាជាដើម ទើបប្រារព្ធនឹងផឹកនូវសុរា ។ លំដាប់នោះ ជាងមាសម្នាក់ កាលចោលនូវពែងសុរាក៏ពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ ក្នុងទីនោះមានបុរសឆ្លាតម្នាក់និយាយថា អម្ភោ អន្ធពាល, ចលចិត្តាយ ឥត្ថិយា នមោ ករោសិ, អហោ ពាលោ នៃលោក អន្ធពាល លោកធ្វើនូវការនមស្ការនូវស្ត្រីដែលជាអ្នកមានចិត្តកម្រើក ឱហ្ន៎បុគ្គលពាល ។ ជាងមាសនោះឆ្លើយថា ម្នាលសម្លាញ់ លោកកុំនិយាយយ៉ាងនេះឡើយ កុំធ្វើកម្មដែលនាំទៅកាន់នរក ។ បុរសដែលឆ្លាតនោះពោលថា អ្នកមិនមានបញ្ញាទេ លោកចូរនៅស្ងៀមចុះ អ្នកចូរធ្វើការភ្នាល់គ្នាដោយទ្រព្យមួយពាន់ តអំពីនេះទៅ ៧ ថ្ងៃ យើងនឹងទៅនាំនាងសច្ចតបាបីមក ឲ្យតែងខ្លួនយ៉ាងស្អាតហើយ ឲ្យមកអង្គុយក្នុងទីនេះ ឲ្យកាន់យកនូវពែងសុរា ហើយយើងនឹងផឹកសុរា ឈ្មោះថា មាតុគ្រាមជាអ្នកមានសីលជានិច្ចនោះ មិនមានឡើយ ។ ជាងមាសនោះតបថា លោកមិនអាចនឹងធ្វើបានឡើយ ដូច្នេះហើយ ទើបធ្វើការភ្នាល់នឹងបុរសនោះ ។ បុរសអ្នកឆ្លាតនោះប្រាប់នូវការភ្នាល់គ្នានោះដល់ជាងមាសដទៃ ក្នុងថ្ងៃបន្ទាប់ បុរសនោះក៏ចូលទៅក្នុងព្រៃស្មសាន កាលនមស្ការនូវព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពីលំនៅរបស់នាងសច្ចតបាបីនោះ ហើយក៏នៅទីនោះ ។ កាលសច្ចតបាបីត្រាច់ទៅដើម្បីភិក្ខាក្នុងព្រះនគរ ពេលត្រឡប់មកបានឃើញបុរសនោះ ក៏គិតថា មហិទ្ធិកោ តាបសោ ភវិស្សតិ, អហំ តាវ សុសានបស្សេ វសាមិ, អយំ មជ្ឈេ សុសានស្ស វសតិ, ភវិតព្ពមស្សព្ភន្តរេ សន្តធម្មេន, វន្ទិស្សាមិ នំ តាបសនេះជាអ្នកមានឫទ្ធិច្រើន យើងរស់នៅក្នុងចំណែកខាងនៃព្រៃស្មសានអស់កាលត្រឹមប៉ុណ្ណេះ តាបសនេះ (ហ៊ាន) នៅក្នុងទីកណ្ដាលនៃព្រៃស្មសាន ប្រាកដ​ជាមាន​ធម៌ជាគ្រឿងស្ងប់រម្ងាប់នៅខាងក្នុង យើងនឹងចូលទៅធ្វើសេចក្ដីគោរពតាបសនោះ ដូច្នេះហើយ នាងក៏ចូលទៅថ្វាយបង្គំ ។ តាបសប្លម មិនបានក្រឡេងមើល មិនបានហៅរក (មិនបាននិយាយជាមួយ) ។ ក្នុងថ្ងៃទីពីរ ក៏ធ្វើយ៉ាងនោះទៀត ។ តែដល់ថ្ងៃទីបី កាលនាងសច្ចតបាបីថ្វាយបង្គំ តាបសប្លមធ្វើជាអ្នកមានមុខបែរចុះក្រោមពោលថា អើ នាងចូរទៅចុះ ។ ក្នុងថ្ងៃទីបួន តាបសធ្វើនូវបដិសណ្ឋារៈថា កច្ចិ ភិក្ខាយ ន កិលមសិ នាងមិនលំបាកដោយភិក្ខាហារទេឬ ?នាងសច្ចតបាបីនោះមានចិត្តត្រេកអរដោយគិតថា ការបដិសណ្ឋារៈគឺយើងបានហើយ ទើបចៀសចេញទៅ ។ ក្នុងថ្ងៃទីប្រាំ នាងបានទទួលពាក្យបដិសណ្ឋារៈច្រើនជាងនោះ ហើយបានអង្គុយក្នុងទីទាបមួយ ទើបចេញទៅ ។ ក្នុងថ្ងៃទីប្រាំមួយ នាងបានចូលមកថ្វាយបង្គំតាបសនោះ តាបសប្លមក៏ពោលនឹងនាងដែលបានអង្គុយរួចហើយថា ម្នាលប្អូនស្រី ថ្ងៃនេះ សំឡេងនៃការច្រៀងនិងការប្រគំដ៏ធំ មានក្នុងក្រុងពារាណសីឬ ? នាងសច្ចតបាបីឆ្លើយថា បពិត្រអ្នកដ៏ចម្រើន លោកមិនដឹងទេឬ គេលេងមហោស្រពក្នុងនគរ នោះជាសំឡេងដែលគេលេងនៅក្នុងទីនោះ ។ តាបសប្លមក្លែងធ្វើជាមិនដឹងដោយពោលថា សំឡេងនោះនៅក្នុងទីនោះហ្ន៎ ហើយសួរនាងថា ម្នាលប្អូនស្រី នាងញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃ (នាងប្រព្រឹត្តដោយការវៀរអាហារប៉ុន្មានថ្ងៃ) ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន បួនថ្ងៃ ហើយសួរទៅតាបសវិញថា ចុះលោកម្ចាស់ ញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃដែរ ? តាបសប្លមពោលថា ប្រាំពីរ ប្អូនស្រី ។ ឥទំ សោ មុសា អភាសិ តាបសប្លមនោះបានពោលនូវពាក្យកុហកនេះ ។ តាមពិត តាបសនោះបរិភោគក្នុងពេលយប់រាល់ៗថ្ងៃ ។ តាបសសួរតទៅថា ម្នាលប្អូនស្រី នាងបួសប៉ុន្មានឆ្នាំហើយ ? នាងសច្ចតបាបីឆ្លើយថា អស់ ១២ ឆ្នាំ ហើយនាងសួរវិញថា ចុះលោកម្ចាស់បួសបានប៉ុន្មានឆ្នាំដែរ ? តាបសពោលថា ឆ្នាំនេះជាឆ្នាំទីប្រាំមួយរបស់យើង (យើងបួសបាន ៦ ឆ្នាំ) ។ លំដាប់នោះ តាបសក៏សួរតទៅថា ម្នាលប្អូនស្រី តើនាងបានសម្រេចនូវសន្តធម៌ដែរឬនៅ ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន នៅទេ ហើយលោកម្ចាស់វិញ សន្តធម៌មានដល់លោកនៅ ? តាបសពោលថា សត្តធម៌មិនមានដល់យើងទេ ។ តាបសនោះទើបពោលទៀតថា ម្នាលប្អូនស្រី ពួកយើងមិនបាននូវកាមសុខ និងមិនបាននូវនេក្ខម្មសុខ នរកក្ដៅ (មើលទៅមិនមែន) សម្រាប់តែយើងពីរទេ ពួកយើងនឹងធ្វើនូវកិរិយារបស់មហាជនវិញ ខ្ញុំនឹងសឹកជាគ្រហស្ថ ហើយទ្រព្យក្នុងសម្នាក់នៃមាតារបស់ខ្ញុំមាន ខ្ញុំមិនអាចនឹងនៅទទួលរងទុក្ខវេទនាតទៅទៀតឡើយ ។ នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយ ក៏កើតចិត្តប្រតិព័ទ្ធក្នុងតាបសនោះ ព្រោះភាពជាអ្នកមានចិត្តកម្រើករបស់ខ្លួន ក៏បានពោលថា បពិត្រលោកម្ចាស់ ខ្ញុំក៏ជាអ្នកអផ្សុកចង់សឹកដែរ ប្រសិនបើលោកម្ចាស់មិនចោលខ្ញុំទេ ខ្ញុំនឹងសឹកជាគ្រហស្ថ ។ លំដាប់នោះ តាបសនោះបានពោលនឹងនាងថា មកចុះអូន បងមិនបោះបង់អូនទេ អូននឹងជាភរិយារបស់បង ដូច្នេះហើយ បុរសនោះក៏បាននាំនាងសច្ចតបាបីចូលទៅកាន់នគរ ហើយក៏រួមសមគ្គសង្វាស រស់នៅជាមួយគ្នា ហើយនាំនាងទៅកាន់កន្លែងផឹកសុរា បានឲ្យនាងសច្ចតបាបីនោះកាន់នូវពែងសុរា (ឲ្យចាក់ស្រា) ហើយក៏ផឹកនូវសុរា ។ ចំណែកជាងមាសក៏ចាញ់អស់ទ្រព្យមួយពាន់ ។ នាងសច្ចតបាបីនោះបានអាស្រ័យនូវបុរសនោះ ក៏ជាអ្នកចម្រើនដោយបុត្រនិងធីតាទាំងឡាយ ។តទា កុណាលោ សុរាធុត្តកោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាអ្នកលេងសុរានោះ ។ កាលប្រកាសនូវរឿងដែលខ្លួនឃើញមក ទើបពោលថា (នែបុណ្ណមុខៈសម្លាញ់ នាងសមណីឈ្មោះសច្ចតបាបី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរា ខ្ញុំបានឃើញហើយ) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣-១៦៤)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
វីដេអូតាមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro