ថ្ងៃ ច័ន្ទ ទី ២០ ខែ វិច្ឆិកា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,៣៨៣
Today
ថ្ងៃម្សិលមិញ ៨០,៥៣១
ខែនេះ ១,២៨៧,៦៩២
សរុប ៥១,០៧២,៣៨១
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2768/texssss55tpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១៥ ដង)
អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ អគ្គមហេសីរបស់ព្រះបាទ ព្រហ្មទត្តមានព្រះនាមថា បិង្គិយានី បានបើកនូវសីហបញ្ជរ កាលព្រះនាងសម្លឹងទៅបានឃើញបុរសអ្នកគង្វាលសេះមង្គលម្នាក់ (ក៏មានព្រះហ្ឫទ័យប្រតិព័ទ្ធស្នេហា) គ្រាកាលដែលព្រះរាជស្វាមីទ្រង់កំពុងដំណើរការនិទ្រាលង់លក់ហើយ ព្រះនាងក៏ចុះតាមវាតបានគឺបង្អួច ទៅប្រព្រឹត្តអំពើក្បត់ (លបលួចស្រឡាញ់គ្នា) ជាមួយនឹងអ្នកគង្វាលសេះនោះ រួចរាល់ស្រេចបាច់ហើយ ទើបឡើងមកកាន់ប្រាសាទ ហើយជម្រះនូវសរីរៈដោយគ្រឿងក្រអូប ទើបបានចូលទៅដេកជាមួយព្រះរាជស្វាមីវិញ ។ អថេកទិវសំ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាទ្រង់ត្រិះរិះថា ហេតុអ្វីហ្ន៎ បានជាក្នុងវេលាពាក់កណ្ដាលអធ្រាត្រ សរីរៈរបស់ព្រះទេវីទើបត្រជាក់ជានិច្ចចឹង យើងនឹងឃ្លាំមើលនូវនាង ដូច្នេះហើយ ក្នុងថ្ងៃមួយនោះ ព្រះរាជាទ្រង់ធ្វើហាក់ដូចជាផ្ទំលក់ ពេលព្រះនាងក្រោកទៅ ព្រះរាជាទ្រង់ក៏យាងទៅតាមក្រោយ ទ្រង់បានឃើញព្រះនាងប្រព្រឹត្តអំពើក្បត់ជាមួយនឹងអ្នកគង្វាលសេះ ហើយទ្រង់ត្រឡប់មក ស្ដេចក៏ឡើងកាន់ទីសយ្យាសនៈ ។ សូម្បីព្រះនាងទេវី កាលបានប្រព្រឹត្តរួចរាល់ហើយ ទើបយាងមកហើយចូលផ្ទំលើទីដេកដ៏តូចមួយ ។ បុនទិវសេ ក្នុងថ្ងៃស្អែក ព្រះរាជាបញ្ជាឲ្យនាងបិង្គិយានីមកក្នុងកណ្ដាលពួកអាមាត្យ ទ្រង់បង្ហាញនូវកិច្ចនោះ ហើយត្រាស់ថា ស្ត្រីទាំងពួងរមែងមានធម៌ដ៏លាមក ដូច្នេះហើយ ទ្រង់បានលើកលែងទោសសម្លាប់ ចាប់ចង កាត់អវយវៈ ទម្លាយ (ដាក់ទោសត្រឹមតែ) ញ៉ាំងព្រះនាងឲ្យឃ្លាតចាកតំណែង ហើយទ្រង់បានតែងតាំងស្ត្រីដទៃធ្វើជាអគ្គមហេសី ។ តទា កុណាលោ រាជា ព្រហ្មទត្តោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាព្រះបាទព្រហ្មទត្តនោះ ។ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនឃើញមក ទើបពោលនូវគាថាថាបិង្គិយានី សព្ពលោកិស្សរស្ស, រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា; អវាចរី បដ្ឋវសានុគស្ស, តំ វាបិ សា នាជ្ឈគា កាមកាមិនី ។នាងបិង្គិយានីជាភរិយា ជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំ ក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2767/sdreew44extpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៤២ ដង)
អតីតេ ក្នុងអតីតកាល ព្រះរាជាព្រះនាម ពកៈ ទ្រង់សោយរាជ្យប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ក្នុងសម័យនោះ មានធីតា ឈ្មោះ បញ្ចបាបី របស់មនុស្សក្រីក្រម្នាក់ រស់នៅទិសខាងកើតទ្វារក្រុងពារា​ណ​សី ។ កិរ បានឮមកថា សូម្បីក្នុងជាតិមុន នាងបញ្ចបាបីនោះ ក៏កើតជាទលិទ្ទធីតា (ធីតារបស់អ្នក​ក្រម្នាក់) នាងជាន់នូវដីស្អិត ដើម្បីបូកលាបនូវជញ្ជាំងផ្ទះ ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធមួយអង្គ គិតដើម្បី​ប្រយោជន៍ដល់ការធ្វើនូវគ្រឿងបរិភណ្ឌដល់ញកភ្នំរបស់ខ្លួនថា យើងនឹងបាននូវដីស្អិតក្នុងទីណា ទើបគិតថា អាចបានក្នុងក្រុងពារាណសី ដូច្នេះហើយ ឃ្លុំនូវចីវរ ជាអ្នកមានដៃកាន់នូវបាត្រ ចូលទៅកាន់នគរ ហើយឈរនៅក្នុងទីមិនឆ្ងាយអំពីនាងនោះ ។ នាងទលិទ្ទធីតានោះ ក្រោធហើយ កាលសម្លឹងមើលដោយចិត្តប្រទូស្តទើបពោលថា គ្រាន់តែដីស្អិតក៏សូមដែរ ។ ព្រះបច្ចេកពុទ្ធបានជាអ្នកនៅស្ងៀម មិនកម្រើកញាប់ញ័រ ។ លំដាប់នោះ នាងទលិទ្ទធីតានោះ ឃើញនូវភាពនៃព្រះបច្ចេកពុទ្ធដែលមិនកម្រើកញាប់ញ័រ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាឡើងហើយពោល​ថា បពិត្រសមណៈ លោកម្ចាស់មិនបាននូវដីស្អិតឬ ដូច្នេះហើយ នាងបាននាំយកនូវដីស្អិតមួយដុំធំមកដាក់ក្នុងបាត្រ ។ ព្រះបច្ចេកពុទ្ធបានធ្វើនូវការប្រោសព្រំលាបបូកញកភ្នំដោយដីស្អិតនោះ ។ មិនយូរប៉ុន្មាន នាងទលិទ្ទធីតានោះបានចុតិចាកអត្តភាពនោះ ហើយកាន់យកនូវបដិសន្ធិក្នុងផ្ទៃនៃស្ត្រីទុគ៌តក្នុងស្រុកមួយ ដែលនៅខាងក្រៅទ្វារព្រះនគរ ។ ដោយកាលកន្លងទៅ ១០ ខែ នាងក៏ប្រសូត្រចាក​ផ្ទៃ​នៃមាតា ។ ដោយផលនៃការថ្វាយដុំដីស្អិត សរីរៈរបស់នាងក៏ដល់ព្រមដោយសម្ផស្ស (ដ៏អស្ចារ្យ​) ​តែព្រោះសេចក្ដីក្រោធ មើលងាយព្រះបច្ចេកពុទ្ធ នាងជាអ្នកមានរូបវិកលអាក្រក់ (៥ កន្លែង គឺ) ដៃ ជើង មុខ ភ្នែក និង ច្រមុះ ។ ដោយហេតុនោះ មនុស្សទាំងឡាយទើបស្គាល់នាងក្នុងឈ្មោះថាថា បញ្ចបាបី (ស្ត្រីមានរូបអាក្រក់ ៥) ។ ក្នុងថ្ងៃមួយ ព្រះបាទពារាណសី កាលនឹងឃ្លាំមើលព្រះនគរដោយភេទដែលអ្នកដទៃមិនស្គាល់ (ក្លែងខ្លួនជាមនុស្សសាមញ្ញដោយស្លៀកពាក់ស៊ីវិល) ទ្រង់បានយាងទៅកាន់ប្រទេសនោះ ក្នុងវេលារាត្រី ។ សូម្បីនាងបញ្ចបាបីនោះ កាលលេងជាមួយនឹងក្មេងស្រីទាំងឡាយក្នុងស្រុក បានចាប់កាន់ដៃរបស់ព្រះរាជា ព្រោះតែមិនស្គាល់ ។ ព្រះរាជានោះ មិនអាចនឹងឋិតនៅដោយសភាពរបស់ខ្លួនបានឡើយ ដោយសម្ផស្សដៃរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាអ្នកបានពាល់ត្រូវដោយសម្ផស្សជាទិព្វ ។ ព្រះរាជានោះ បានជាអ្នកមានតម្រេកត្រេកអរនឹងសម្ផស្ស ទ្រង់ក៏ចាប់នូវនាងបញ្ចបាបីសូម្បីមានរូបអាក្រក់យ៉ាងនោះ ត្រង់ដៃ ហើយសួរនាងថា នាងជាធីតារបស់អ្នកណា ? នាងបញ្ចបាបីពោលថា ខ្ញុំជាធីតារបស់អ្នកនៅត្រង់ទ្វារនគរនេះឯង ព្រះរាជាសួរនូវនាងដល់ភាពជាអ្នកមិនមានម្ចាស់ (សួរថាមានប្ដីនៅ) ដូច្នេះហើយ ទើត្រាស់ថា យើងនឹងជាស្វាមីរបស់នាង នាងចូរទៅសូមអនុញ្ញាតមាតាបិតាចុះ។ នាងបញ្ចបាបីនោះ បានចូលទៅរកមាតាបិតាហើយពោលថា បពិត្រលោកឪពុកអ្នកម្ដាយ មានបុរសម្នាក់ចង់បានខ្ញុំ ។ មាតាបិតារបស់នាងគិតថា បុរសនោះប្រហែលជាមនុស្សទុគ៌តហើយ ទើបពោលថា បើគេចង់បានមនុស្សដូចកូនយ៉ាងនេះ ល្អហើយ ។ នាងបញ្ចបាបីទើបត្រឡប់មកវិញហើយប្រាប់នូវភាពនៃខ្លួនដែលមាតាបិតាអនុញ្ញាត (ដល់ព្រះរាជា) ។ ព្រះរាជានោះក៏បាននៅជាមួយនាងបញ្ចបាបីនោះក្នុងផ្ទះនោះឯង ហើយទ្រង់ក៏ត្រឡប់ចូលរាជនិវេសន៍អំពីព្រលឹម ។ ចាប់តាំងអំពីពេលនោះមក ព្រះរាជាតែងយាងទៅជានិច្ចដោយភេទដែលមិនមានគេស្គាល់ ទ្រង់លែងប្រាថ្នាសូម្បីតែការមើលនូវស្ត្រីដទៃ ។ ក្នុងថ្ងៃមួយ បិតារបស់នាងបញ្ចបាបី បានកើតនូវរោគ លោហិតបក្ខន្ទិកាពាធ (ជំងឺធ្លាក់ឈាម) ។ ថ្នាំដែលនឹងព្យាបាលរោគនោះ គឺ បាយបាយាសលាយជាមួយទឹកដោះស្រស់ ទឹកដោះថ្លា ទឹកឃ្មុំ និងស្ករក្រួស តែថ្នាំនោះ មិនអាចនឹងកើតឡើងដល់ពួកគេដែលមនុស្សក្រីក្រឡើយ ។ លំដាប់នោះ មាតានាងបញ្ចបាបីពោលនឹងធីតាថា នែកូន ស្វាមីរបស់កូនអាននឹងញ៉ាំងបាយបាយាសឲ្យកើតឡើងឬ ? នាងបញ្ចបាបីពោលថា បពិត្រអ្នកម៉ែ ស្វាមីរបស់ខ្ញុំគប្បីជាមនុស្សក្រជាងពួកយើងទៀត តែមិនអីទេ ចាំខ្ញុំសួរគាត់សិន ម៉ែកុំគិតច្រើនអី ។ ក្នុងវេលាដែលព្រះរាជាយាងមក នាងបញ្ចបាបីបានជាអ្នកមានចិត្តទោមនស្សហើយអង្គុយ។ គ្រានោះ ព្រះរាជាយាងមករកនាងហើយសួរថា ហេតុអ្វីបាននាងទោមនស្ស ? នាងក៏ប្រាប់សេចក្ដីនោះ ។ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ក៏ត្រាស់ថា ហៃអូនសម្លាញ់ ថ្នាំដែលមានរសវិសេសយ៉ាងនេះ បងនឹងបានមកអំពីណា គ្រាត្រាស់យ៉ាងនេះហើយ ទ្រង់គិតថា យើងមិនអាចនឹងទៅមកយ៉ាងនេះរហូតឡើយ ប្រាកដជានឹងជួបអន្តរាយតាមផ្លូវ ហើយបើយើងនឹងនាំនាងមកកាន់រាជនិវេសន៍ខាងក្នុង អ្នកដែលមិនដឹងនូវការដល់ព្រមដោយសម្ផស្សរបស់នាង ពួកគេនឹងធ្វើនូវការសើចចំអកឲ្យយើងថា ព្រះរាជារបស់យើងកាន់យក យក្ខិនីនាំមក ចឹងយើងនឹងធ្វើឲ្យអ្នកនគរទាំងអស់បានដឹងនូវសម្ផស្សរបស់នាងជាមុនសិន ដូច្នេះយើងនឹងរួចផុតពីការតិះដៀល ។ លំដាប់នោះ ព្រះរាជាត្រាស់នឹងនាងថា ហៃអូនសម្លាញ់ សូមកុំគិតឡើយ ចាំបងនឹងនាំយកបាយាសដើម្បីឪពុករបស់អូន ដូច្នេះហើយ ក៏ទ្រង់អភិរម្យត្រេកអរសប្បាយរីករាយជាមួយនឹងនាងបញ្ចបាបីនោះ ហើយមកកាន់រាជនិវេសន៍ ។ ក្នុងថ្ងៃស្អែក ទ្រង់បញ្ជាឲ្យគេចម្អិនបាយាសដូចនោះ ហើយទ្រង់ឲ្យនាំស្លឹកឈើមក ឲ្យធ្វើនូវកញ្ចប់ ២ ដាក់នូវបាយាសក្នុងកញ្ចប់មួយ ដាក់នូវចូឡាមណី (ស្នៀតសក់) ក្នុងកញ្ចប់មួយ ចងជាប់ហើយ យាងទៅក្នុងពេលរាត្រី (បានដល់ហើយ) ត្រាស់នឹងនាងបញ្ចបាបីថា ហៃអូនសម្លាញ់ ពួកយើងជាមនុស្សក្រ កិច្ចដោយការញ៉ាំងបាយនេះឲ្យកើតលំបាកណាស់ អូនចូរប្រាប់ឪពុកថា ថ្ងៃនេះ ពុកចូរពិសាបាយមួយកញ្ចប់នេះ ចាំស្អែកពិសាមួយកញ្ចប់នេះ ។ នាងបញ្ចបាបីក៏បានធ្វើតាមយ៉ាងនោះ ។ ល្មមតែឪពុកនាងបញ្ចបាបីបរិភោគបាយបាយាសតែបន្តិចប៉ុណ្ណោះ គាត់ក៏ឆ្អែតស្កប់ស្កល់ ព្រោះភាវៈនៃបាយនោះដែលដល់ព្រមដោយឱជារស ។ នាងបញ្ចបាបីក៏ឲ្យនូវចំណែកសល់ដល់ម្ដាយ ហើយទើបបរិភោគខ្លួនឯង ។ សូម្បីទាំងបីនាក់ក៏បានឆ្អែតស្កប់ស្កល់ ។ ចំណែកកញ្ចប់ចូឡាមណី ពួកគេយកទុកដើម្បីប្រយោជន៍ក្នុងថ្ងៃស្អែក ។ ព្រះរាជាមកកាន់និវេសន៍ ទ្រង់ជម្រះនូវមុខហើយ ត្រាស់ថា អ្នកទាំងឡាយចូរនាំមកនូវចូឡាមណីដល់យើង ។ ពួកអ្នកបម្រើទូលថា បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គមិនឃើញទេ ។ ព្រះរាជាត្រាស់ អ្នកទាំងឡាយចូរឆែកមើលអស់ទូទាំងនគរទាំងមូល ។ ពួកគេសូម្បីឆែករកមើលហើយក៏មិនបានឃើញឡើយ ។ ព្រះរាជាបញ្ជាថា អ្នកទាំងឡាយឆែកមើលឲ្យអស់ សូម្បីត្រឹមតែកញ្ចប់បាយធ្វើពីស្លឹកឈើ ក្នុងផ្ទះរបស់មនុស្សក្រីក្រខាងក្រៅនគរ ។ កាលពួករាជបុរសឆែកមើលក៏បានឃើញនូវចូឡាមណីក្នុងឆ្នាំងនោះ ហើយចងនូវមាតាបិតារបស់នាងបញ្ចបាបីដោយចោទថា ជាចោរ ហើយនាំទៅ ។ លំដាប់នោះ បិតារបស់នាង បញ្ចបាបីពោលថា បពិត្រលោកជាម្ចាស់ ពួកខ្ញុំមិនមែនជាចោរទេ ចូឡាមណីនេះអ្នកដទៃនាំមក ។ រាជបុរសសួរថា អ្នកណា នាំមក ? គាត់ប្រាប់ថា ជាមាតរៈ (កូនប្រសាប្រុស) របស់ខ្ញុំ ។ រាជបុរសសួរថា ចុះគេនោះនៅឯណា ? គាត់ប្រាប់ថា ទាល់កូនស្រីរបស់ខ្ញុំទើបដឹង ។ លំដាប់នោះ ឪពុកនាងបញ្ចបាបីពោលនឹងកូនស្រីថា ម្នាលកូន នាងស្គាល់ស្វាមីរបស់នាងទេ ។ នាងបញ្ចបាបីពោលថា ខ្ញុំមិនស្គាល់ទេ ។ ឪពុកនាងពោលថា បើយ៉ាងនោះ ជីវិតរបស់ឪពុកមិនមានទេ ។ នាងបញ្ចបាបីពោលថា បពិត្រលោកឪពុក គាត់មកក្នុងពេលងងឹត ហើយត្រឡប់ទៅវិញក្នុងពេលងងឹត ខ្ញុំមិនដែលបានឃើញរូបគាត់ច្បាស់ទេ តែខ្ញុំអាចស្គាល់ ចំណាំគាត់បានដោយសម្ផស្សដៃ ។ ឪពុកនាងបញ្ចបាបីនោះក៏ប្រាប់ដល់រាជបុរស ។ សូម្បីពួករាជបុរសក៏ទូលព្រះរាជា ។ ព្រះរាជាធ្វើហាក់បីដូចជាមិនដឹង ត្រាស់ថា បើយ៉ាងនោះ អ្នកទាំងឡាយចូរដាក់ស្ត្រីនោះក្នុងវាំងនន ក្នុងព្រះលានហ្លួង ហើយធ្វើនូវវាំងននឲ្យមានប្រហោងប្រមាណប៉ុនដៃ ហើយឲ្យអ្នកនគរមកប្រជុំគ្នា រួចអ្នកទាំងឡាយចូរចាប់នូវចោរដោយសម្ផស្សនៃដៃ ។ ពួករាជបុរសក៏ធ្វើយ៉ាងនោះ ឲ្យមនុស្សទាំងឡាយទៅកាន់សម្នាក់នាងបញ្ចបាបីនោះ បានឃើញរូបនាងហើយ ជាអ្នកមានសេចក្ដីក្ដៅក្រហាយចិត្ត ខ្ពើមរអើមថា ធី, ធី បិសាចិ ថ្វើយ ថ្វើយ មីបិសាច ដូច្នេះហើយ មិនហ៊ានដើម្បីនឹងពាល់ឡើយ ។ ពួករាជបុរសនាំនាងបញ្ចបាបីមកដាក់ក្នុងវាំងនន ក្នុងព្រះលានហ្លួងហើយ ក៏ឲ្យអ្នកនគរទាំងអស់មកប្រជុំគ្នា ។ នាងបញ្ចបាបីនោះបានចាប់ដៃរបស់បុរសដែលលូកមកហើយតាមប្រហោង នៃអ្នកដែលមកហើយមកហើយ រួចពោលថា មិនមែនស្វាមីខ្ញុំទេ ។ បុរសទាំងឡាយបានដឹងសម្ផស្សរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាសម្ផស្សជាទិព្វ មិនអាចដើម្បីនឹងគេចទៅ ម្នាក់ៗគិតថា បើស្ត្រីនេះគួរដល់អាជ្ញាហើយ យើងសូម្បីត្រូវអាជ្ជា និងចូលដល់ភាពជាអ្នកធ្វើនូវទាសកម្ម យើងនឹងធ្វើនូវនាងនោះឲ្យនៅក្នុងផ្ទះ ។ លំដាប់នោះ រាជបុរសទាំងឡាយ វាយដោយដំបងឲ្យ ហើយដេញឲ្យរត់ទៅ ។ ធ្វើហើយយ៉ាងនេះតាំងតែឧបរាជជាដើម បុរសទាំងអស់ហាក់ដូចជាមនុស្សឆ្កួត ។ លំដាប់នោះ ព្រះរាជាត្រាស់ថា នឹងគប្បីជាយើងឬ ហើយទ្រង់ក៏លូកព្រះហស្តទៅ ។ នាងបញ្ចបាបីចាប់នូវព្រះហស្តនោះហើយ ធ្វើនូវសំឡេងដ៏ខ្លាំងថា ចោរគឺខ្ញុំចាប់បានហើយ ។ ព្រះរាជាត្រាស់មនុស្សទាំងនោះថា កាលនាងចាប់ដៃអ្នកទាំងឡាយ អ្នកទាំងឡាយគិតដូចម្ដេច ។ បុរសទាំងនោះក៏ទូលតាមសេចក្ដីពិត ។ លំដាប់នោះ ព្រះរាជាត្រាស់ថា កាលដែលយើងឲ្យធ្វើយ៉ាងនេះ ក៏ដើម្បីនឹងនាំស្ត្រីនេះមកក្នុងវាំងរបស់យើង កាលនៅគិតថា បើអ្នកទាំងឡាយមិនដឹងនូវសម្ផស្សរបស់នាងទេ នឹងតិះដៀលយើង ព្រោះហេតុនោះ អ្នកទាំងអស់គ្នាគឺយើងបានឲ្យដឹងហើយ ចូរនិយាយមកមើលថា ស្ត្រីនេះគួរដើម្បីនឹងនៅក្នុងផ្ទះរបស់អ្នកណា ? បុរសទាំងនោះពោលថា បពិត្រទេវៈ ក្នុងព្រះរាជវាំងរបស់ព្រះអង្គ ។ គ្រានោះ ព្រះរាជាក៏អភិសេកនូវនាងបញ្ចបាបីនោះហើយ ធ្វើឲ្យជាព្រះអគ្គមហេសី និង ព្រះរាជទានឥស្សិយយសដល់មាតាបិតារបស់នាងបញ្ចបាបី ។ តាំងអំពីពេលនោះមក ព្រះរាជាទ្រង់ស្រវឹងងប់ងុលឈ្លក់វង្វេងនឹងនាងបញ្ចបាបីនោះណាស់ មិនតាំងនូវការវិនិច្ឆ័យក្ដី មិនមើលនូវស្ត្រីដទៃ ។ ពួកស្រីស្នំទាំងឡាយទើបស្វែងរកទោសជាចន្លោះរបស់នាងបញ្ចបាបីនោះ ។ ថ្ងៃមួយ នាងបញ្ចបាបីឃើញនូវមិនិត្តក្នុងសុបិននៃភាពជាអគ្គមហេសីនៃព្រះរាជាពីរអង្គ បានប្រាប់ដល់ព្រះរាជា ។ ព្រះរាជាប្រកាសឲ្យហៅអ្នកទាយសុបិនមក ហើយសួរថា សុបិនឃើញយ៉ាងនេះ នឹងកើតរឿងអ្វី ? ហោរានោះបានកាន់សំណូកអំពីសម្នាក់របស់ស្ត្រីទាំងឡាយនោះ ក៏ពោល​ថា បពិត្រមហារាជ ការដែលព្រះទេវីសុបិនឃើញថា បានអង្គុយលើកដំរីសទាំងអស់នេះ ជាបុព្វនិមិត្តនៃមរណៈរបស់ព្រះអង្គ, ដែលព្រះនាងសុបិនថា បានស្ទាបព្រះចន្ទ្រដោយការទៅដោយកដំរីនេះ ជាបុព្វនិមិត្តនៃការនាំមកនូវព្រះរាជាជាសត្រូវរបស់ព្រះអង្គ ។ ព្រះរាជាត្រាស់ថា ឥឡូវនេះ នឹងគប្បីធ្វើដូចម្ដេច គេទូលថា បពិត្រទេវៈ មិនអាចនឹងសម្លាញ់ព្រះនាងនេះឡើយ គួរដាក់ព្រះនាងលើនាវាហើយបណ្ដែតតាមទន្លេចុះ ។ ព្រះរាជាឲ្យគេដាក់នាងបញ្ចបាបីនោះ មួយអន្លើដោយអាហារនិងគ្រឿងអលង្ការលើនាវា ក្នុងពេលរាត្រី ឲ្យគេបោះបង់បណ្ដែតតាមទន្លេ ។ នាងបញ្ចបាបីនោះ កាលអណ្ដែតតាមទន្លេ ក៏បានដល់ខាងមុខនៃព្រះរាជាពាវរិកៈ ដែលទ្រង់កំពុងលេងទឹក នៅខាងក្រោមនៃខ្សែទឹករបស់នាវានោះ ។ សេនាបតីរបស់ព្រះបាទពាវរិកៈនោះឃើញហើយពោលថា នាវានេះជារបស់ខ្ញុំ ។ ព្រះរាជាពាវរិកៈត្រាស់ថា ភណ្ឌៈរបស់នាវាជារបស់យើង ព្រះរាជាបានឃើញនូវនាងបញ្ចបាបីដោយនាវាដែលមកដល់ហើយ ក៏សួរថា នាងមានឈ្មោះអ្វី មានរូបដូចជាបិសាច ? នាងបញ្ចបាបីធ្វើនូវការញញឹមបានពោលប្រាប់នូវភាពជាអគ្គមហេសីរបស់ព្រះរាជាពកៈ ហើយប្រាប់សេចក្ដីទាំងអស់ដល់ព្រះរាជានោះ ។ នាងបញ្ចបាបីនោះ មានឈ្មោះប្រាកដទូទាំងជម្ពូទ្វីបទាំងអស់ថា បញ្ចបាបី ។ លំដាប់នោះ ព្រះរាជាក៏ចាប់នូវនាងត្រង់ដៃ ហើយលើកឡើង ព្រមគ្នានឹងការចាប់នោះឯង ព្រះរាជាមានសេចក្ដីត្រេកអរដោយសម្ផស្ស មិនធ្វើនូវឥត្ថិសញ្ញាក្នុងស្ត្រីដទៃ តែងតាំងនាងបញ្ចបាបីនោះជាអគ្គមហេសី ។ នាងបញ្ចបាបីនោះបានជាអ្នកស្មើដោយជីវិតរបស់ព្រះរាជាពាវរិកៈនោះ ។ ព្រះបាទពកៈទ្រង់ស្ដាប់ការប្រព្រឹត្តទៅនោះហើយ គិតថា យើងនឹងមិនឲ្យអគ្គមហេសីរបស់ព្រះរាជានោះឡើយ ដូច្នេះហើយ ទើបរួបរួមសេនា ធ្វើនូវនិវេសន៍ត្រង់កំពង់ម្ខាងនៃនគរព្រះបាទពាវរិកៈនោះ ឲ្យបញ្ជូលសារទៅថា ព្រះបាទពាវរិកៈចូរឲ្យភរិយាដល់យើង ឬច្បាំងគ្នា ។ ព្រះបាទពាវរិកៈតបថា យើងមិនឲ្យភរិយាឡើយ នឹងច្បាំងគ្នា ហើយរៀបចាំការច្បាំង ។ អាមាត្យទាំងឡាយរបស់ព្រះរាជាទាំងពីរ ប្រឹក្សាគ្នាថា មរណកិច្ចមិនមានដោយអាស្រ័យមាតុគ្រាមឡើយ នាងបញ្ចបាបីនេះគួរដល់ព្រះរាជាពកៈព្រោះទ្រង់ជាស្វាមីដំបូង តែក៏គួរដល់ព្រះរាជាពាវរិកៈព្រោះទ្រង់បាននាវា ព្រោះហេតុនោះ នាងបញ្ចបាបីនេះ គួរនៅក្នុងសម្នាក់របស់ព្រះរាជាមួយអង្គៗ ៧ ថ្ងៃ ៗ ចុះ ដូច្នេះហើយ ទើបក្រាបទូលដល់ព្រះរាជាទាំងពីរឲ្យទ្រង់យល់ព្រម ។ ព្រះរាជាទាំងពីរអង្គនោះ ពេញព្រះទ័យ (យល់ស្របតាម) ទ្រង់ឲ្យគេកសាងនគរត្រង់កំពង់ម្ខាង និងកំពង់ម្ខាង ហើយស្ដេចគង់នៅ ។ នាងបញ្ចបាបីក៏បានជាអគ្គមហេសីនៃព្រះរាជាទាំងពីរអង្គនោះ ។ សូម្បីព្រះរាជាទាំងពីរអង្គនោះ ទ្រង់បានជាអ្នកឈ្លក់វង្វេងនឹងនាងបញ្ចបាបី ។ ចំណែកនាងបញ្ចបាបីនោះបាននៅអស់ ៧ ថ្ងៃ ក្នុងរាជដំណាក់របស់ព្រះរាជាមួយហើយ កាលទៅកាន់រាជដំណាក់របស់ព្រះរាជាមួយអង្គទៀតដោយនាវា ក៏បានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ក្នុងទីពាក់កណ្ដាលទន្លេ ជាមួយនឹងអ្នកបុរសគមចាស់ដែលជាអ្នកអ៊ំទូកម្នាក់ទៀត ក្នុងពេលដែលគេចៀវទូកនាំនាងទៅ ។ តទា កុណាលោ សកុណរាជា ពកោ អហោសិ ក្នុងពេលនោះ កុណាលសកុណៈ គឺជាព្រះបាទ ពកៈ ព្រោះហេតុនោះ បាននាំយកនូវរឿងដែលខ្លួនបានឃើញមក កាលនឹងសម្ដែងទើបពោលគាថា​ថាពកស្ស ច ពាវរិកស្ស ច រញ្ញោ, អច្ចន្តកាមានុគតស្ស ភរិយា; អវាចរី ដ្ឋវសានុគស្ស, កំ វាបិ ឥត្ថី នាតិចរេ តទញ្ញំ។ ភរិយារបស់ព្រះបាទពកៈ និងព្រះបាទពាវរិតៈ ជាព្រះរាជាល្មោភ​កាម​ដ៏ក្រៃលែង បានប្រព្រឹត្តក្បត់ចំពោះបុរស អ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា ស្រីមិនប្រព្រឹត្តកន្លងស្វាមីនិងបុរសដទៃនោះឯណាកើត ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២-១៧៣)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2766/wewwwxtpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១៨ ដង)
កុណាលសកុណពោលថា សេចក្តីពិត រឿងដូចគ្នានេះ ខ្ញុំដឹងហើយយ៉ាងនេះថា ព្រះវរមាតារបស់ព្រះបាទព្រហ្មទត្ត លះបង់ព្រះបាទកោសល ទៅធ្វើអំពើដ៏លាមកជាមួយនឹងព្រាហ្មណកុមារ ឈ្មោះបញ្ចាលចណ្ឌៈ ។ វិត្ថារនិទាន អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទកោសលបានកាន់យករាជសម្បត្តិរបស់ព្រះបាទពារាណសី ទ្រង់បានតែងតាំងព្រះអគ្គមហេសីរបស់ព្រះចៅក្រុង ពារាណសីដែលកំពុងមានគភ៌ជាអគ្គមហេសីរបស់ព្រះអង្គ ហើយស្ដេចយាងទៅនគររបស់ព្រះអង្គ ។ ក្នុងកាលជាបន្តបន្ទាប់មកទៀត ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះឱរស ។ ចំណែកព្រះបាទកោសល ហេតុតែជាទ្រង់មិនមានបុត្រ ក៏បានចិញ្ចឹមព្រះឱរសនោះទុកដោយសេចក្ដីស្រឡាញ់ដូចបុត្ររបស់ខ្លួន ហើយបានញ៉ាំងព្រះកុមារដែលមានវ័យចម្រើនហើយនោះឲ្យសិក្សាសិល្បសាស្ត្រ ហើយទ្រង់បញ្ជូនទៅថា អ្នកចូរគ្រប់គ្រងនូវដែនក្នុងសម្នាក់បិតារបស់ខ្លួនចុះ ។ ព្រះរាជកុមារនោះក៏បានទៅគ្រប់គ្រងរាជសម្បត្តិ ។ ចំណេរកាលមកទៀត ព្រះមាតារបស់ព្រះរាជកុមារបានចូលទៅទូលលាព្រះបាទកោសលថា ខ្ញុំម្ចាស់មានសេចក្ដីប្រាថ្នានឹងឃើញនូវបុត្រ (ទៅលេងបុត្រ) ដូច្នេះហើយក៏នាំបរិវារជាច្រើនទៅកាន់ក្រុងពារាណសី ព្រះនាងបានកាន់នូវទីអាស្រ័យ (ដើម្បីឈប់សម្រាក)នៅក្នុងនិគមមួយដែលនៅរវាងនគរទាំងពីរ ។ មានព្រាហ្មណកុមារម្នាក់ដែលមានរូបរាងស្រស់សង្ហា ឈ្មោះ បញ្ចាលចណ្ឌៈ នៅក្នុងនិគមនោះ ។ បញ្ចាលចណ្ឌៈបាននាំបណ្ណាការមកថ្វាយព្រះនាង ។ ព្រះនាងពេលបានឃើញបញ្ចាលចណ្ឌៈនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហា ហើយបានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ជាមួយនឹងបញ្ចាលចណ្ឌៈនោះ ហើយបានស្នាក់នៅក្នុងទីនោះអស់ពីរបីថ្ងៃ ទើបធ្វើដំណើរទៅកាន់ក្រុងពារាណសី (បន្ត) បានជួបបុត្រហើយ ក៏ប្រញាប់ត្រឡប់មកវិញ ហើយបានកាន់យកទីនៅ (ស្នាក់នៅ) ក្នុងនិគមនោះម្ដងទៀត ព្រះនាងបានប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈនោះអស់បីរបីថ្ងៃ ទើបទៅកាន់នគរ កោសលវិញ ។ តាំងតែអំពីពេលនោះមក មិនយូរប៉ុន្មាន ព្រះនាងក៏ចូលទៅទូលនូវហេតុនោះៗ ប្រាប់ព្រះបាទកោសលថា ខ្ញុំម្ចាស់នឹងទៅកាន់សម្នាក់បុត្រ កាលទៅក្ដី កាលមកវិញក្ដី តែងប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈក្នុងនិគមនោះអស់កាលកន្លះខែ ។ម្នាលបុណ្ណមុខសម្លាញ់ ដែលឈ្មោះថា ស្ត្រីទាំងឡាយគឺជាអ្នកទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា កាលព្រះមហាសត្វសម្ដែងអតីតនិទាននេះហើយ ពោលពាក្យថា ជាសេចក្ដីពិតដែលយើងឃើញមក យ៉ាងនេះជាដើម ។ បណ្ដាបទទាំងនោះ បទថា ព្រះមាតារបស់ព្រះបាទព្រហ្មទត្ត បានដល់ ព្រះជននីរបស់ព្រហ្មទត្តកុមារដែលបានសោយរាជ្យក្នុងនគរពារាណសី ។ បានឮថា ក្នុងកាលនោះកុណាលបានជាព្រាហ្មណ៍ឈ្មោះចញ្ចាលចណ្ឌៈនោះ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនបានដឹងមកនោះ ទើបទ្រង់ពោលយ៉ាងនេះ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2765/cxxdde444tpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ២៣ ដង)
អតីតេ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តបានសម្លាប់ព្រះបាទកោសល ហើយកាន់យករាជ្យ និងនាំ​យក​ព្រះអគ្គមហេសីដែលកំពុងមានគភ៌ របស់ព្រះបាទកោសលនោះ ទៅកាន់នគរពារាណសី សូម្បីកាលទ្រង់ដឹងនូវភាវៈនៃគភ៌របស់ព្រះនាងនោះក៏ដោយ ទ្រង់នៅតែតែងតាំងព្រះនាងទុកក្នុងតំណែងអគ្គមហេសី ។ ពេលដែលគភ៌ព្រះនាងចាស់ហើយក៏ប្រសូតព្រះឱរសដែលស្អាតដូចជាមាសមួយអង្គ ព្រះនាងគិតថា កាលព្រះកុមារនេះធំហើយ ព្រះបាទពារាណសីទ្រង់នឹងឲ្យគេសម្លាប់ដោយគិតថា នេះជាបុត្ររបស់សត្រូវ មិនមានប្រយោជន៍ដែលត្រូវចញ្ចឹមឡើយ (ដើម្បី) មិនឲ្យបុត្ររបស់យើងស្លាប់ក្នុងដៃរបស់បុគ្គលដទៃ ទើបព្រះនាងពោលនឹងភីលៀងថា នែនាង នាងចូរក្រាលនូវសំពត់ចាស់រុំទារកនេះ ហើយចូរយកទៅដាក់ឲ្យដេក ក្នុងព្រៃជាទីចោលនូវសាកសពស្រស់ហើយសឹមចូរត្រឡប់មកចុះ ។ នាងភីលៀងបានធ្វើយ៉ាងនោះ មុជទឹកហើយ ទើបត្រឡប់មក ។ ចំណែកព្រះបាទកោសលដែលស្លាប់នោះបានកើតជាអារក្ខទេវតារបស់បុត្រ ។ ដោយអានុភាពរបស់អារក្ខទេវតានោះ កាលមេពពែរបស់អ្នកគង្វាលពពែម្នាក់ ត្រាច់ទៅក្នុងកន្លែងនោះ ក៏ញ៉ាំងមេពពែមួយឲ្យឃើញនូវកុមារនោះ ញ៉ាំងនូវសេចក្ដីស្នេហាហើយឲ្យផឹកនូវទឹកដោះ ទើបត្រាច់ទៅ បានឲ្យកុមារនោះផឹកនូវទឹកដោះ អស់វារៈពីរបីបួនដង ។ នាយគង្វាលពពែឃើញនូវកិរិយារបស់មេពពែនោះ ទើបទៅកាន់ទីនោះ បានឃើញនូវទារក ហើយបានញ៉ាំងសេចក្ដីស្រឡាញ់ហាក់ដូចជាកូន ទើបនាំទៅ ប្រគល់ឲ្យភរិយារបស់ខ្លួន ។ ភរិយានោះជាបុគ្គលមិនមានបុត្រ មិនមានទឹកដោះឲ្យទារកនោះបៅ ទើបឲ្យទារកនោះផឹកនូវទឹក​ដោះ​ពពែនោះឯង ។ បន្ទាប់មក មេពពែទាំងឡាយក៏ស្លាប់ទៅអស់ពីរបីក្បាលរាល់ៗថ្ងៃ ។ នាយគង្វាលពពែគិតថា បើយើងនៅចិញ្ចឹមទារកនេះទៀត មេពពែនឹងស្លាប់ទាំងអស់ នឹងចិញ្ចឹមទារកនេះធ្វើអ្វី ដូច្នេះហើយទើបញ៉ាំងទារកឲ្យដេកក្នុងភាជនៈដីមួយ ហើយបិទបាំងខាងមុខខាងក្រោយ យកទៅបណ្ដែតក្នុងទន្លេ ។ មានមនុស្សចណ្ឌាលដែលជាអ្នកជួសជុលរបស់ចាស់ម្នាក់ ដែលអាស្រ័យនៅក្នុងរាជនិវេសន៍ ពេលចុះទៅលាងធ្មៃនៅកំពង់ខាងក្រោម ជាមួយនឹងម្ចាស់ បានឃើញនូវភាជន៍ដែលអណ្ដែតមក បានទៅនាំយកមកដោយរហ័ស ដាក់ទុកលើច្រាំង កាលមើលទើបបើកដោយគិតថា នេះជាអ្វីហ្ន៎ ពេលបើកហើយបានឃើញទារក ។ ភរិយារបស់មនុស្សចណ្ឌាលជាបុគ្គលមិនមានបុត្រ បានស្រឡាញ់ទារកនោះទុកដូចជាកូន ទើបនាំទៅចិញ្ចឹមទុកក្នុងផ្ទះ ។ បន្ទាប់ពីពេលដែលកុមារមានអាយុប្រាំពីរប្រាំបីឆ្នាំ កាលមាតាបិតាជាមនុស្សចណ្ឌាលទៅកាន់រាជត្រកូល បាននាំយកនូវកុមារនោះទៅដែរ ។ បន្ទាប់ពីពេលដែលកុមារនោះមាន វ័យបាន ១៦ ឆ្នាំហើយ បានទៅកាន់រាជត្រកូលអស់ជាច្រើនដង (ដើម្បី) ធ្វើការជួសជុលរបស់ចាស់ ។ ព្រះអគ្គមហេសី (ត្រូវជាមាតារបស់កុមារនោះ) របស់ព្រះរាជាពារាណសី មានព្រះរាជធីតាមួយអង្គព្រះនាម កុរុង្គទេវី ជាស្រីមានរូបល្អស្អាត ។ ព្រះនាងកុរុង្គទេវីនោះ បន្ទាប់ពីបានឃើញកុមារនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហាក្នុងកុមារនោះ ហើយបានទៅកាន់កន្លែងធ្វើការរបស់កុមារនោះ ព្រោះភាវៈជាអ្នកមិនមានសេចក្ដីត្រេកអរក្នុងទីដទៃ ។ អជ្ឈាចារគឺការប្រព្រឹត្តកន្លងល្មើស (រាជប្រវេណី) បានប្រព្រឹត្តហើយក្នុងឱកាសដែលស្ងាត់កំបាំងក្នុងព្រះរាជត្រកូលខាងក្នុងនោះឯង របស់ព្រះរាជធីតាកុរុង្គទេវីនិងកុមារនោះ ដែលជាអ្នកមានចិត្តប្រតិព័ទ្ធស្នេហានូវគ្នានឹងគ្នាដោយការឃើញគ្នារឿយៗ ។ កាលព្រះនាងកុរុង្គទេវីទៅធ្វើដូច្នេះ អ្នកបម្រើទាំងឡាយបានដឹង ហើយក្រាបទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់ពិរោធហើយ បានហៅអាមាត្យទាំងឡាយឲ្យប្រជុំគ្នា ហើយត្រាស់ថា កូនរបស់មនុស្សចណ្ឌាលនេះបានធ្វើនូវទង្វើនេះ ពួកលោកនឹងធ្វើយ៉ាងណាដល់គេ ? ពួកអាមាត្យក៏ក្រាបទូលថា ទោសនេះធំណាស់ ព្រះអង្គ សមគួរនឹងធ្វើទារុណកម្មផ្សេងៗ ទើបសម្លាប់តាមក្រោយ ។ ក្នុងខណៈនោះ អារក្ខទេវតាដែលជាបិតារបស់កុមារនោះ បានចូលសណ្ឋិតក្នុងសរីរៈរបស់ព្រះមាតារបស់កុមារនោះឯង ។ ព្រះនាងនោះក៏បានចូលទៅគាល់ព្រះរាជាដោយអានុភាពរបស់ទេវតាហើយពោលថា បពិត្រមហារាជ កុមារនេះមិនមែនជាកូនមនុស្សចណ្ឌាលទេ កុមារនេះកើតក្នុងផ្ទៃរបស់ខ្ញុំម្ចាស់​ ជាបុត្ររបស់ព្រះបាទកោសល ខ្ញុំម្ចាស់បានទូលមុសាវាទនឹងព្រះអង្គថា ព្រះឱរសរបស់ខ្ញុំម្ចាស់ស្លាប់ហើយ ដោយគិតថា ជាបុត្ររបស់ព្រះរាជាដែលសត្រូវនឹងព្រះអង្គ ទើបបញ្ជាឲ្យនាងភីលៀងយកទៅចោលក្នុងព្រៃស្មសាន លំដាប់នោះ នាយគង្វាលពពែម្នាក់ក៏បានចិញ្ចឹមនូវកុមារនេះ ពេលកើតហេតុមេពពែស្លាប់ជាច្រើនក្បាល គេទើបយកទៅបណ្ដែតក្នុងទន្លេ គ្រានោះ មនុស្សចណ្ឌាលដែលជាជួស​ជុល​របស់ចាស់ក្នុងព្រះរាជវាំង របស់ព្រះអង្គបានឃើញកុមារនេះដែលអណ្ដែតមក ហើយគេក៏យកទៅចិញ្ចឹម បើព្រះអង្គមិនជឿទេ សូមទ្រង់ឲ្យហៅមនុស្សទាំងអស់នោះមកសួរចុះ ។ ព្រះរាជាបានឲ្យហៅអ្នកទាំងអស់នោះ ធ្វើតាំងតែនាងភីលៀងជាដើមហើយសួរ ទ្រង់បានស្ដាប់ការប្រព្រឹត្តទៅយ៉ាងនោះហើយ មានចិត្តត្រេកអរថា កុមារនេះជាអ្នកដល់ព្រមដោយជាតិ ទើបឲ្យគេងូតទឹកកុមារនោះ ហើយឲ្យប្រដាប់តាក់តែង ទើបទ្រង់ប្រគល់ព្រះធីតាដល់កុមារនោះ ។ ព្រោះភាវៈនៃមេពពែទាំងឡាយស្លាប់មានដល់កុមារនោះ មនុស្សទាំងឡាយទើបធ្វើនូវឈ្មោះកុមារនោះថា ឯឡិកកុមារ (កុមារពពែ) ។ លំដាប់នោះ ព្រះរាជាបានប្រគល់សេនានិងពាហនៈដល់ឯឡិកកុមារនោះ ហើយបញ្ជូនគេដោយត្រាស់ថា អ្នកចូរទៅគ្រប់គ្រងរាជសម្បត្តិរបស់ព្រះបិតារបស់ខ្លួនចុះ ។ ឯឡិកកុមារក៏នាំនាងកុរុង្គទេវីទៅគ្រប់គ្រងរាជសម្បត្តិ ។ គ្រានោះ ព្រះរាជាពារាណសីទ្រង់គិតថា ឯឡិកកុមារនេះ មិនបានសិក្សាសិល្បសាស្ត្រ ទើបទ្រង់បញ្ជូនអាចារ្យឈ្មោះ ឆឡង្គកុមារ ឲ្យទៅបង្រៀនឯឡិកកុមារ ។ ឯឡិកកុមារនោះក៏បានតែងតាំងឆឡង្គកុមារឲ្យជាសេនាបតីដោយគិតថា គេជាអាចារ្យរបស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមកទៀត ព្រះនាងកុរុង្គទេវីបានធ្វើអនាចារៈ មួយអន្លើដោយ ឆឡង្គកុមារសេនាបតី​នោះ ។ លោកសេនាបតីគាត់អ្នកបម្រើម្នាក់ឈ្មោះ ធនន្តេវាសី ។ ឆឡង្គកុមារសេនាបតីនោះ បានប្រើនាយធនន្តេវាសីនោះ ឲ្យនាំយកនូវរបស់របរមានសំពត់ និងគ្រឿងអលង្ការជាដើមទៅឲ្យព្រះនាងកុរុង្គទេវី ។ នាងកុរុង្គទេវីនោះ ក៏បានធ្វើនូវអំពើបាបសូម្បីមួយអន្លើដោយនាយធនន្តេវាសីនោះទៀត ។ កុណាលសកុណៈពោលថា ទិដ្ឋា មយា, សម្ម បុណ្ណមុខ, កុរុង្គទេវី នាម លោមសុទ្ទរី ឯឡិកកុមារំ កាមយមានា ឆឡង្គកុមារធនន្តេវាសិនា បាបមកាសិ នែបុណ្ណមុខៈសម្លាញ់ ព្រះអគ្គមហេសីមានព្រះលោមាល្អ ព្រះនាមកុរុង្គទេវី កាលប្រាថ្នាឯឡិកកុមារហើយ បានធ្វើនូវអំពើដ៏លាមកជាមួយនឹងឆឡង្គកុមារសេនាបតី និងបុរសអ្នកនៅដោយទ្រព្យរបស់ឆឡង្គកុមារនោះទៀត ខ្ញុំក៏បានឃើញហើយ ។ បណ្ដាបទទាំងនោះ បទថា លោមសុទ្ទរី (ព្រះអគ្គមហេសីមានព្រះលោមាល្អ) បានដល់ រោមរបស់ព្រះរាជិនីដែលកើតត្រង់ទ្រូង ។ បទថា ឆឡង្គកុមារធនន្តេវាសិនា សេចក្ដីថា សូម្បីប្រាថ្នានូវឯឡិកកុមារហើយ ព្រះនាងក៏ធ្វើនូវអំពើបាបមួយអន្លើដោយឆឡង្គកុមារសេនាបតីនោះផង និងអ្នកបម្រើឈ្មោះ​ធនន្តេវាសីនោះផង ។ ស្រីទាំងឡាយតែងប្រព្រឹត្តអនាចារយ៉ាងនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ព្រោះហេតុនោះ យើងទើបមិនពោលសរសើរស្ត្រីទាំងនោះ ព្រះមហាសត្វបាននាំអតីតនិទាននេះមកសម្ដែងហើយ ។ សោ ហិ តទា ឆឡង្គកុមារោ អហោសិ, តស្មា អត្តនា ទិដ្ឋការណំ អាហរិ ។ ពិតមែនហើយ ក្នុងកាលនោះ ព្រះមហាសត្វនោះ គឺ ឆឡង្គកុមារ ព្រោះហេតុនោះ ព្រះអង្គទើបនាំនូវហេតុដែលទ្រង់ឃើញដោយខ្លួនឯង ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2764/teeeeeetpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១៦ ដង)
អតីតេ កិរ បានឮមកថា ក្នុងអតីតកាល មានសេតសមណី (ដូនជីស្លៀកស) ឈ្មោះ សច្ចតបាបី (ច្បាប់ខ្លះថា បញ្ចតបាវី) អាស្រ័យនឹងនគរពារាណសី នាងបានឲ្យគេកសាងបណ្ណសាលាក្នុងព្រៃស្មសាន កាលនៅក្នុងទីនោះ នាងញ៉ាំងនូវភត្តទាំងឡាយ ៤ ឲ្យកន្លងផុតទៅទើបបរិភោគ (រំលង ៤ ថ្ងៃបរិភោគ ១ ដង) (កិត្តិគុណ) ក៏បានប្រាកដឡើងទូទាំងព្រះនគរ ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ។ អ្នកនគរពារាណសីសូម្បីកណ្ដាស់ សូម្បីភ្លាត់តែងតែពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ លំដាប់នោះ ក្នុងថ្ងៃមួយ ជាវេលាលេងមហោស្រព ក្នុងថ្ងៃដំបូង ពួកជាងមា ទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយ ហើយនាំមកនូវត្រី សាច់ សុរា គ្រឿងក្រអូប និងកម្រងផ្កាជាដើម ទើបប្រារព្ធនឹងផឹកនូវសុរា ។ លំដាប់នោះ ជាងមាសម្នាក់ កាលចោលនូវពែងសុរាក៏ពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ ក្នុងទីនោះមានបុរសឆ្លាតម្នាក់និយាយថា អម្ភោ អន្ធពាល, ចលចិត្តាយ ឥត្ថិយា នមោ ករោសិ, អហោ ពាលោ នៃលោក អន្ធពាល លោកធ្វើនូវការនមស្ការនូវស្ត្រីដែលជាអ្នកមានចិត្តកម្រើក ឱហ្ន៎បុគ្គលពាល ។ ជាងមាសនោះឆ្លើយថា ម្នាលសម្លាញ់ លោកកុំនិយាយយ៉ាងនេះឡើយ កុំធ្វើកម្មដែលនាំទៅកាន់នរក ។ បុរសដែលឆ្លាតនោះពោលថា អ្នកមិនមានបញ្ញាទេ លោកចូរនៅស្ងៀមចុះ អ្នកចូរធ្វើការភ្នាល់គ្នាដោយទ្រព្យមួយពាន់ តអំពីនេះទៅ ៧ ថ្ងៃ យើងនឹងទៅនាំនាងសច្ចតបាបីមក ឲ្យតែងខ្លួនយ៉ាងស្អាតហើយ ឲ្យមកអង្គុយក្នុងទីនេះ ឲ្យកាន់យកនូវពែងសុរា ហើយយើងនឹងផឹកសុរា ឈ្មោះថា មាតុគ្រាមជាអ្នកមានសីលជានិច្ចនោះ មិនមានឡើយ ។ ជាងមាសនោះតបថា លោកមិនអាចនឹងធ្វើបានឡើយ ដូច្នេះហើយ ទើបធ្វើការភ្នាល់នឹងបុរសនោះ ។ បុរសអ្នកឆ្លាតនោះប្រាប់នូវការភ្នាល់គ្នានោះដល់ជាងមាសដទៃ ក្នុងថ្ងៃបន្ទាប់ បុរសនោះក៏ចូលទៅក្នុងព្រៃស្មសាន កាលនមស្ការនូវព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពីលំនៅរបស់នាងសច្ចតបាបីនោះ ហើយក៏នៅទីនោះ ។ កាលសច្ចតបាបីត្រាច់ទៅដើម្បីភិក្ខាក្នុងព្រះនគរ ពេលត្រឡប់មកបានឃើញបុរសនោះ ក៏គិតថា មហិទ្ធិកោ តាបសោ ភវិស្សតិ, អហំ តាវ សុសានបស្សេ វសាមិ, អយំ មជ្ឈេ សុសានស្ស វសតិ, ភវិតព្ពមស្សព្ភន្តរេ សន្តធម្មេន, វន្ទិស្សាមិ នំ តាបសនេះជាអ្នកមានឫទ្ធិច្រើន យើងរស់នៅក្នុងចំណែកខាងនៃព្រៃស្មសានអស់កាលត្រឹមប៉ុណ្ណេះ តាបសនេះ (ហ៊ាន) នៅក្នុងទីកណ្ដាលនៃព្រៃស្មសាន ប្រាកដ​ជាមាន​ធម៌ជាគ្រឿងស្ងប់រម្ងាប់នៅខាងក្នុង យើងនឹងចូលទៅធ្វើសេចក្ដីគោរពតាបសនោះ ដូច្នេះហើយ នាងក៏ចូលទៅថ្វាយបង្គំ ។ តាបសប្លម មិនបានក្រឡេងមើល មិនបានហៅរក (មិនបាននិយាយជាមួយ) ។ ក្នុងថ្ងៃទីពីរ ក៏ធ្វើយ៉ាងនោះទៀត ។ តែដល់ថ្ងៃទីបី កាលនាងសច្ចតបាបីថ្វាយបង្គំ តាបសប្លមធ្វើជាអ្នកមានមុខបែរចុះក្រោមពោលថា អើ នាងចូរទៅចុះ ។ ក្នុងថ្ងៃទីបួន តាបសធ្វើនូវបដិសណ្ឋារៈថា កច្ចិ ភិក្ខាយ ន កិលមសិ នាងមិនលំបាកដោយភិក្ខាហារទេឬ ?នាងសច្ចតបាបីនោះមានចិត្តត្រេកអរដោយគិតថា ការបដិសណ្ឋារៈគឺយើងបានហើយ ទើបចៀសចេញទៅ ។ ក្នុងថ្ងៃទីប្រាំ នាងបានទទួលពាក្យបដិសណ្ឋារៈច្រើនជាងនោះ ហើយបានអង្គុយក្នុងទីទាបមួយ ទើបចេញទៅ ។ ក្នុងថ្ងៃទីប្រាំមួយ នាងបានចូលមកថ្វាយបង្គំតាបសនោះ តាបសប្លមក៏ពោលនឹងនាងដែលបានអង្គុយរួចហើយថា ម្នាលប្អូនស្រី ថ្ងៃនេះ សំឡេងនៃការច្រៀងនិងការប្រគំដ៏ធំ មានក្នុងក្រុងពារាណសីឬ ? នាងសច្ចតបាបីឆ្លើយថា បពិត្រអ្នកដ៏ចម្រើន លោកមិនដឹងទេឬ គេលេងមហោស្រពក្នុងនគរ នោះជាសំឡេងដែលគេលេងនៅក្នុងទីនោះ ។ តាបសប្លមក្លែងធ្វើជាមិនដឹងដោយពោលថា សំឡេងនោះនៅក្នុងទីនោះហ្ន៎ ហើយសួរនាងថា ម្នាលប្អូនស្រី នាងញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃ (នាងប្រព្រឹត្តដោយការវៀរអាហារប៉ុន្មានថ្ងៃ) ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន បួនថ្ងៃ ហើយសួរទៅតាបសវិញថា ចុះលោកម្ចាស់ ញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃដែរ ? តាបសប្លមពោលថា ប្រាំពីរ ប្អូនស្រី ។ ឥទំ សោ មុសា អភាសិ តាបសប្លមនោះបានពោលនូវពាក្យកុហកនេះ ។ តាមពិត តាបសនោះបរិភោគក្នុងពេលយប់រាល់ៗថ្ងៃ ។ តាបសសួរតទៅថា ម្នាលប្អូនស្រី នាងបួសប៉ុន្មានឆ្នាំហើយ ? នាងសច្ចតបាបីឆ្លើយថា អស់ ១២ ឆ្នាំ ហើយនាងសួរវិញថា ចុះលោកម្ចាស់បួសបានប៉ុន្មានឆ្នាំដែរ ? តាបសពោលថា ឆ្នាំនេះជាឆ្នាំទីប្រាំមួយរបស់យើង (យើងបួសបាន ៦ ឆ្នាំ) ។ លំដាប់នោះ តាបសក៏សួរតទៅថា ម្នាលប្អូនស្រី តើនាងបានសម្រេចនូវសន្តធម៌ដែរឬនៅ ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន នៅទេ ហើយលោកម្ចាស់វិញ សន្តធម៌មានដល់លោកនៅ ? តាបសពោលថា សត្តធម៌មិនមានដល់យើងទេ ។ តាបសនោះទើបពោលទៀតថា ម្នាលប្អូនស្រី ពួកយើងមិនបាននូវកាមសុខ និងមិនបាននូវនេក្ខម្មសុខ នរកក្ដៅ (មើលទៅមិនមែន) សម្រាប់តែយើងពីរទេ ពួកយើងនឹងធ្វើនូវកិរិយារបស់មហាជនវិញ ខ្ញុំនឹងសឹកជាគ្រហស្ថ ហើយទ្រព្យក្នុងសម្នាក់នៃមាតារបស់ខ្ញុំមាន ខ្ញុំមិនអាចនឹងនៅទទួលរងទុក្ខវេទនាតទៅទៀតឡើយ ។ នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយ ក៏កើតចិត្តប្រតិព័ទ្ធក្នុងតាបសនោះ ព្រោះភាពជាអ្នកមានចិត្តកម្រើករបស់ខ្លួន ក៏បានពោលថា បពិត្រលោកម្ចាស់ ខ្ញុំក៏ជាអ្នកអផ្សុកចង់សឹកដែរ ប្រសិនបើលោកម្ចាស់មិនចោលខ្ញុំទេ ខ្ញុំនឹងសឹកជាគ្រហស្ថ ។ លំដាប់នោះ តាបសនោះបានពោលនឹងនាងថា មកចុះអូន បងមិនបោះបង់អូនទេ អូននឹងជាភរិយារបស់បង ដូច្នេះហើយ បុរសនោះក៏បាននាំនាងសច្ចតបាបីចូលទៅកាន់នគរ ហើយក៏រួមសមគ្គសង្វាស រស់នៅជាមួយគ្នា ហើយនាំនាងទៅកាន់កន្លែងផឹកសុរា បានឲ្យនាងសច្ចតបាបីនោះកាន់នូវពែងសុរា (ឲ្យចាក់ស្រា) ហើយក៏ផឹកនូវសុរា ។ ចំណែកជាងមាសក៏ចាញ់អស់ទ្រព្យមួយពាន់ ។ នាងសច្ចតបាបីនោះបានអាស្រ័យនូវបុរសនោះ ក៏ជាអ្នកចម្រើនដោយបុត្រនិងធីតាទាំងឡាយ ។តទា កុណាលោ សុរាធុត្តកោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាអ្នកលេងសុរានោះ ។ កាលប្រកាសនូវរឿងដែលខ្លួនឃើញមក ទើបពោលថា (នែបុណ្ណមុខៈសម្លាញ់ នាងសមណីឈ្មោះសច្ចតបាបី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរា ខ្ញុំបានឃើញហើយ) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣-១៦៤)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2763/texssswtpic.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១៤ ដង)
អតីតេ កិរ បានឮមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទ ព្រហ្មទត្តជាព្រះរាជាក្នុងដែនកាសី ស្ដេចទៅរឹបយករាជសម្បត្តិក្នុងដែនកោសល ព្រោះភាពជាអ្នកដល់ព្រមដោយពលនិងពាហនៈ បានសម្លាប់ស្ដេចកោសល ហើយចាប់យកព្រះអគ្គមហេសីដែលដល់ព្រមដល់គភ៌របស់ព្រះបាទកោសលនោះ នាំព្រះនាងទៅកាន់នគរពារាណសី ហើយតែងតាំងធ្វើជាអគ្គមហេសីរបស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមក ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះធីតាមួយអង្គ ។ ដោយប្រក្រតីព្រះរាជាព្រហ្មទត្តពុំទាន់មានព្រះឱរស និងព្រះធីតា ព្រះអង្គមានព្រះទ័យត្រេកអរហើយទ្រង់ត្រាស់ថា ម្នាលនាងដ៏ចម្រើន នាងចូរកាន់យកនូវពរចុះ ។ ព្រះអគ្គមហេសីទ្រង់កាន់យកនូវពាក្យនោះទុក ។ ប្រយូរវង្សទាំងឡាយបានដាក់ព្រះនាមឲ្យកុមារីនោះថា កណ្ហា ។ កាលនាងចម្រើនវ័យធំពេញក្រមុំហើយ ព្រះមាតាទើបប្រាប់នាងថា ព្រះរាជបិតារបស់បុត្រីប្រទានពរទុក មាតាបានកាន់យកជាពាក្យសម្គាល់ទុកហើយ បុត្រីចូរកាន់យកនូវពរតាមសេចក្ដីពេញចិត្តរបស់ខ្លួនចុះ ។ នាងកណ្ហានោះបានបែកធ្លាយនូវហិរិនិងឱត្តប្បៈហើយ ព្រោះភាពជាអ្នកមានកិលេសច្រើន ក៏ទូលព្រះមាតាថា បពិត្រព្រះមាតា ទ្រព្យសម្បត្តិដទៃដែលថានឹងមិនមានដល់ខ្ញុំនោះ រមែងមិនមាន ព្រះមាតាចូរធ្វើនូវពរដោយខ្លួនឯងដល់ខ្ញុំដើម្បីប្រយោជន៍ដល់ការកាន់យកព្រះស្វាមីផងចុះ ។ ព្រះមាតានោះក៏ប្រាប់សេចក្ដីនោះដល់ព្រះរាជា ។ ព្រះរាជាត្រាស់ថា នាងចូរកាន់យកស្វាមីតាមសេចក្ដីពេញចិត្តចុះ ហើយឲ្យគេប្រកាសហៅបុរសមក ។ បុរសទាំងឡាយជាច្រើនបានប្រដាប់តាក់តែងដោយគ្រឿងអលង្ការទាំងពួងហើយមកប្រជុំគ្នាត្រង់ព្រះលានហ្លួង ។ នាងកណ្ហាបានកាន់យកនូវស្មុគផ្កា ហើយឋិតនៅត្រង់សីហបញ្ជរដ៏ខ្ពស់ កាលសម្លឹងមើលនូវបុរសទាំងឡាយ មិនពេញចិត្តសូម្បីតែម្នាក់ ។ ក្នុងពេលនោះ មានព្រះរាជកុមារ ៥ អង្គដែលជាបុត្ររបស់ព្រះបាទបណ្ឌុរាជអំពី បណ្ឌុរាជត្រកូល មានព្រះនាមថា អជ្ជុន នកុល ភីមសេន យុធិដ្ឋិល សហទេព ដែលនាំគ្នាមករៀននូវសិល្បសាស្ត្រ ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ក្នុងនគរតក្កសិលាសម្រេចហើយ កាលគិតថា ពួកយើងនឹងដឹងនូវការប្រព្រឹត្តទៅនៃប្រទេស ទើបនាំគ្នាទៅដល់នគរពារាណសី បានស្ដាប់នូវកោលាហលខាងក្នុងនគរ ក៏សួរគេ ដឹងនូវសេចក្ដីនោះហើយ គិតថា សូម្បីពួកយើងនឹងទៅ ព្រះរាជកុមារទាំង ៥ អង្គជាអ្នកមានរូបស្អាតដូចមាស បានទៅក្នុងទីនោះ ហើយដល់ដោយលំដាប់ ។ ចំណែកនាងកណ្ហាបានឃើញនូវព្រះរាជកុមារទាំងនោះហើយ ក៏មានចិត្តប្រតិព័ទ្ធស្នេហាឡើងក្នុងព្រះរាជកុមារទាំងនោះ ទើបបោះនូវរង្វេលផ្កាទៅលើសីសៈរបស់ព្រះរាជកុមារទាំង ៥ នោះ ហើយពោលនឹងព្រះមាតាថា បពិត្រព្រះមាតា ខ្ញុំម្ចាស់យកជនទាំង ៥ នាក់នេះ ។ ព្រះមាតាក៏ទៅប្រាប់ដល់ព្រះបាទព្រហ្មទត្ត ។ ព្រះរាជាមិនពេញព្រះទ័យ តែទ្រង់មិនអាចនឹងត្រាស់ថា មិនបានទេ ព្រោះព្រះអង្គបានព្រះរាជទានពរទុកហើយ ទើបសួររាជកុមារទាំងនោះថា អ្នកមានជាតិដូចម្ដេច ជាបុត្ររបស់អ្នកណា ? គ្រាទ្រង់បានដឹងនូវភាវៈដែលរាជកុមារទាំងនោះ ជាបុត្ររបស់ព្រះបាទ បណ្ឌុរាជ ទើបធ្វើសក្ការៈដល់កុមារទាំងនោះ ហើយប្រទាននូវនាងកណ្ហានោះធ្វើជាបាទបរិចារិកា (ស្ត្រីអ្នកបម្រើនូវជើង គឺប្រពន្ធ) ។ នាងកណ្ហាក៏បម្រើនូវរាជកុមារទាំងនោះ ដោយអំណាចកិលេស លើប្រាសាទ ៧ ជាន់ ។ នាងកណ្ហានោះមានបុរសគមខ្វិនរូបរាងអាក្រក់ម្នាក់នៅបម្រើ ។ កាលនាងកណ្ហាបម្រើព្រះរាជកុមារទាំងនោះដោយអំណាចកិលេសតណ្ហាហើយ ក្នុងពេលដែលកុមារទាំងនោះចេញទៅក្រៅអស់ហើយ បានឱកាសស្ងាត់ នាងកាលរោលរាលដោយកិលេស បានធ្វើនូវអំពើបាប (លបលួចស្រឡាញ់គ្នា) ជាមួយនឹងបុរសគមខ្វិននោះ ។ កាលព្រះនាងកណ្ហាចរចានឹងបុរសគមខ្វិន ព្រះនាងបានពោលថា បុរសដទៃជាទីស្រឡាញ់របស់អូនឲ្យក្រៃលែងជាបងមិនមាន អូននឹងសម្លាប់ព្រះរាជកុមារទាំង ៥ យកឈាមពីបំពង់កមកលាងជើងបង ។ សូម្បីព្រះរាជកុមារដទៃៗ កាលព្រះនាងច្រឡូកច្រឡំដោយព្រះរាជកុមារបង ក៏ព្រះនាងពោលថា ព្រះ​រៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នោះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិ​ជូន​ម្ចាស់​បងប៉ុណ្ណោះ ។ សូម្បីព្រះនាងកាលនៅច្រឡូកច្រឡំនឹងព្រះរាជកុមារដទៃទៀត ព្រះនាងក៏ពោលយ៉ាងនេះ ។ ព្រះរាជកុមារទាំង ៥ អង្គត្រេកអរនឹងនាងកណ្ហាដ៏ក្រៃលែងដោយគិតថា ព្រះនាងកណ្ហានេះស្រឡាញ់យើង ហើយឥស្សរិយយសរបស់យើងកើតឡើងដោយអាស្រ័យនូវនាងកណ្ហានោះ ។ ក្នុងថ្ងៃមួយ នាងកណ្ហានោះមានជំងឺ ។ លំដាប់នោះ ព្រះរាជកុមារទាំងនោះ នៅអង្គុយឡោមព័ទ្ធព្រះនាង មួយអង្គអង្គុយច្របាច់ក្បាល បួនអង្គដ៏សេសអង្គុយច្របាច់ដៃ និងជើង ។ ចំណែកបុរសគមខ្វិនអង្គុយនៅក្បែរជើង ។ ព្រះនាងកណ្ហានោះ កាលឲ្យនូវសញ្ញាដោយក្បាល ដល់អជ្ជុនកុមារដែលជាព្រះរាជបុត្រច្បងដែលកំពុងច្របាច់ក្បាលថា ព្រះរៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នេះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិជូនម្ចាស់បងប៉ុណ្ណោះ ។ ព្រះនាងក៏បានឲ្យនូវសញ្ញាយ៉ាងនោះដោយដៃនិងជើងទាំងឡាយសូម្បីដល់ព្រះរាជកុមារដទៃ ។ ចំណែកបុរសគមខ្វិនព្រះនាងបានឲ្យសញ្ញាដោយអណ្ដាតដោយន័យថា បងប៉ុណ្ណោះជាទីស្រឡាញ់របស់អូន អូននឹងរស់នៅដើម្បីប្រយោជន៍ដល់​បង ។ សូម្បីព្រះរាជកុមារទាំងអស់នោះ ក៏បានដឹងនូវសេចក្ដីនោះដោយសញ្ញានោះ ដែលនាងធ្លាប់ពោលក្នុងពេលមុន ។ ក្នុងបណ្ដាព្រះរាជកុមារទាំងនោះ រាជកុមារដ៏សេសបានដឹងហើយក្នុងសញ្ញាដែលនាងឲ្យហើយដល់ខ្លួនប៉ុណ្ណោះ ។ ចំណែកអជ្ជុនកុមារបានឃើញនូវវិការដៃ ជើង និងអណ្ដាតរបស់នាង ទើបគិតថា សញ្ញាដែលនាងកណ្ហាឲ្យហើយដល់យើងយ៉ាងណា សញ្ញានោះនាងកណ្ហាបានឲ្យហើយដល់ជនសូម្បីដ៏សេសក៏យ៉ាងនោះ នាងនេះប្រាកដជាបានធ្វើសន្ថវៈជាមួយនឹងបុរសគមខ្វិននេះ ដូច្នេះហើយទើបនាំនូវប្អូនៗទាំងឡាយចេញទៅក្រៅហើយសួរថា អ្នកទាំងឡាយបានឃើញនូវវិការៈនៃសីលៈដែលនាងកណ្ហាបានឲ្យហើយដល់យើងឬទេ ? ពួករាជបុត្រឆ្លើយថា ឃើញ ។ អជ្ជុនកុមារសួរទៀតថា ចុះអ្នកទាំងឡាយបានដឹងនូវហេតុនោះអត់ ? រាជកុមារប្អូនពោលថា ពួកយើងមិនដឹងទេ ។ អជ្ជុនកុមារទើបសួរថា ចុះពេលដែលនាងកណ្ហាឲ្យសញ្ញាដល់ពួកលោកដោយដៃ និងជើងទាំងឡាយ អ្នកទាំងឡាយដឹងនូវហេតុនោះឬទេ ? រាជកុមារឆ្លើយថា ពួកយើងដឹង ។ អជ្ជុនកុមារត្រាស់ថា នាងឲ្យសញ្ញាដល់ពួកយើងដោយរឿងដូចគ្នា ហើយអ្នកទាំងឡាយបានដឹងនូវហេតុនៃសញ្ញាដែលនាងបានឲ្យហើយដល់បុរសគមខ្វិនដោយវិការៈនៃអណ្ដាតឬទេ ? ពួករាជកុមារពោលថា ពួកយើងមិនបានដឹងទេ ។ ទើបអជ្ជុនកុមារប្រាប់សេចក្ដីនោះដល់ប្អូនថា នាងកណ្ហាបានធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិននោះហើយ ។ អជ្ជុនកុមារកាលប្អូនទាំងឡាយមិនជឿ ទើបហៅបុរសគមខ្វិនមកសួរ ។ បុរសគមខ្វិននោះ ក៏ពោលប្រាប់នូវការប្រព្រឹត្តទៅនោះទាំងអស់ ។ ពួករាជកុមារបានស្ដាប់ពាក្យរបស់បុរសគមខ្វិននោះហើយ បានជាអ្នកលែងមាន ឆន្ទរាគៈគឺសេចក្ដីតម្រេកត្រេកត្រអាលនឹងនាងកណ្ហានោះ ហើយពោលទោសតិះដៀលមាតុគ្រាមដោយអនេកបរិយាយ​ថា ឱហ្ន៎ ឈ្មោះថាមាតុគ្រាមជាបុគ្គលបាប ទ្រុស្តសីល បានលះបង់សូម្បីនូវពួកយើងជាអ្នកដល់ព្រម​ដោយ​ជាតិ និងភាពស្រស់សង្ហាយ៉ាងនេះហើយ ធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិនដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះ ឈ្មោះថា បុគ្គលមានជាតិជាបណ្ឌិតណា នឹងត្រេកអរមួយអន្លើដោយស្ត្រីទាំង​ឡាយ​ ដែលមានធម៌ដ៏លាមក មិនមានសេចក្ដីអៀនខ្មាសយ៉ាងនេះ ដូច្នេះហើយ ជនទាំង ៥ នាក់ គិត​ថា ការគ្រប់គ្រងផ្ទះមិនគួរមានដល់យើង ហើយបានចូលទៅកាន់ព្រៃហិមពាន្ត បួសជាបព្វជិត បានធ្វើនូវបរិកម្មកសិណ ក្នុងទីបំផុតនៃអាយុក៏បានទៅតាមយថាកម្ម ។ កុណាលោ បន សកុណរាជា តទា អជ្ជុនកុមារោ អហោសិ ក្នុងកាលនោះ ស្ដេចកុណាល គឺជា អជ្ជុនកុមារ ។ ព្រោះហេតុនោះ កាលសម្ដែងហេតុដែលខ្លួនបានឃើញមកហើយទើបពោលថានែ​បុណ្ណ​មុខៈ ​សម្លាញ់ កុមារីឈ្មោះនាងកណ្ហា មានបិតាពីរ មានប្តី ៥ នាក់ ជាប់ជំពាក់ ចិត្តក្នុងបុរសទី ៦ គឺក្នុងបុរសខ្វិនគម ( ដូចខ្មោចកំបុតក ) ក៏ខ្ញុំបានឃើញហើយ ។ពាក្យក្នុងរឿងនោះ មានដូចតទៅនេះ ស្រី្តប្រព្រឹត្តកន្លងប្តីទាំង ៥ នាក់នុ៎ះគឺ អជ្ជុនរាជកុមារ ១ នកុលរាជកុមារ ១ ភីមសេនរាជកុមារ ១ យុធិដ្ឋិលរាជកុមារ ១ សហទេវរាជកុមារ ១ ធ្វើនូវអំពើដ៏លាមកគឺ សេពមេថុនធម្មជាមួយបុរសគមទាបតឿ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/1826/Untitled-1-Recovered.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៤១២៩ ដង)
មានមតិ​មួយចំនួនបាន​យល់ថា អ្នក​បរិភោគ សាច់​សត្វ ជាហេតុ​នាំឱ្យគេ​សម្លាប់សត្វ ការ​យល់​នេះ​ខុស​ទេ ព្រោះ ហេតុ នៃការ​សម្លាប់សត្វពិតៗ បាន​ដល់ អកុសល​ហេតុ ៣ យ៉ាង​គឺ ៖ -លោភ​ហេតុ និង មោហ​ហេតុក្នុងខណៈស្រឡាញ់ ខ្លួនឯងជាដើម ។ -ទោសហេតុ និង មោហហេតុក្នុងពេលវេលាត្រូវ សម្លាប់ជិវិតសត្វ ។ ប្រសិន​បើ​ជាការ​សម្លាប់​សត្វ មកអំពីអ្នក​បរិភោគ​សាច់សត្វជា​ហេតុនោះ ម្លេ៉ះ​សម​ព្រះ​អរិយ​បុគ្គល​ក៏លោក​នៅតែ សម្លាប់​សត្វដែរ ប៉ុន្តែ​ព្រះអរិយបុគ្គល​មិន​សម្លាប់សត្វ មិន មែន​ព្រោះ​អ្នកដទៃ​មិនបរិភោគ​សាច់សត្វ​នោះ​ឡើយ តែ​គឺ ព្រោះ​អរិយមគ្គ​បាន​លះបង់​នូវ​អកុសល​ហេតុ​ដែល​ជា​ហេតុ នៃការ​សម្លាប់សត្វ​បាត់អស់​ទៅហើយ ។ ព្រះធម៌​សុំសួរ​​ថា អ្នកលួច​ទ្រព្យ​សម្បត្តិគេ ព្រោះ មកអំពី​គេមាន​នូវទ្រព្យសម្បត្តិ​ជា​ហេតុឬ ? អ្នក​ប្រព្រឹត្ត ខុសក្នុង​កាម ព្រោះ​មកអំពីគេ​មានបុត្រភរិយា​ជាហេតុឬ? អ្នកនិយាយ​កុហកគេ មកអំពី​មានគេ​សំរាប់ឱ្យ​និយាយ កុហក​ជាហេតុឬ ? អ្នកបរិភោគ​ទឹកស្រវឹង មក​អំពីមាន អ្នកដទៃ​ធ្វើស្រា ធ្វើទឹក​ស្រវឹងផ្សេងៗ​ជាហេតុឬ ? តាមពិតបុគ្គល​គួរសិក្សា​ថា អត្មាអញ​ជាពុទ្ធបរិស័ទ ត្រូវតែ​យល់​អំពីធម៌​ទាំងឡាយ​កើតអំពី​ហេតុ ត្រូវ​សិក្សា​ឱ្យ បានយល់​ច្បាស់​អំពីហេតុ និង ផល​របស់ហេតុ ។ ហេតុ​ក៏ជាធម៌ (បរមត្ថធម៌) ផល​របស់ហេតុ​ក៏ជា ធម៌ ក្នុងលោក​នេះ​មាន​តែធម៌ មិន​មាន​សត្វទេ ។ ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤" ដោយ​៥០០០​ឆ្នាំ
images/articles/1743/Untitled-1-Recovered.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៤៩១៨ ដង)
ព្រះបោរាណាចារ្យ​លោក​សម្ដែង​ប្រាប់​ឧបាយ​គឺ យោបល់​ជា​គ្រឿង​រំលត់​សេចក្ដី​ក្រោធ​ខឹង​ថា ៖"ទុក្ខ​ជាមាន​ភ្នែក​ភ្លឺ​ក៏​ត្រូវ​ធ្វើ​ដូច​ជា​ងងឹត,មាន​ត្រចៀក​ស្ដាប់​ឮ​ក៏​ត្រូវ​ធ្វើ​ថ្លង់"ដូច្នេះទើប​អត់​ទ្រាំ​សេចក្ដី​ក្រោធ​ខឹង​នោះ​បាន។ បើ​ធ្វើ​ជា​មនុស្ស​ភ្នែក​ទិព្វ​ត្រចៀក​ទិព្វ នឹង​រក្សា​ខន្តី​សេចក្ដី​អត់អន់​នោះ​បានដោយកម្រ​ណាស់; ដូច​យ៉ាង​មនុស្ស​ដែល​មិន​ចេះ​អត់​ធន់​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​ដែល​ជា​ហេតុ​ឲ្យ​កើត​ទោសៈ​នោះ ច្រើន​តែ​ធ្វើ​ការអ្វីៗ ដោយ​សេចក្ដី​ខឹង​តូង​តាង, អ្នក​ដែល​ធ្វើ​ដូច្នោះ ច្រើន​តែ​ប្រទះ​នឹង​សេចក្ដី​អន្តរាយ​ផ្សេងៗ; កាល​បើ​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ណា​មួយ ព្រោះ​តែ​សេចក្ដី​ខឹង​តូចតាង​នោះ​ហើយ ច្រើន​តែ​គិត​ស្ដាយ​ក្រោយ​ថា៖ " ឱ! អញ​ធ្វើ​នេះ​ខុស​ហើយ មិន​គួរ​សោះ" បណ្ដា​កិច្ចការ​អ្វីៗ ទោះបី​យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ​ហើយ, កិច្ចការ​នោះៗ សុទ្ធ​តែ​ជា​របស់​មិន​ស្រួល​មិន​ល្អ​ទាំង​អស់។ ព្រោះ​ហេតុ​ដូច្នេះ​បាន​ជា​អ្នក​ប្រាជ្ញ​ដែល​សម្បូណ៌​ដោយ​ប្រាជ្ញា គួរ​តែ​ពិចារណា​ឃើញ​ទោស​នៃសេចក្ដី​ក្រោធ​ខឹង ហើយ​ខំ​ប្រឹង​អត់ធន់ ដូច​សម្ដែង​មក​នេះ​ចុះ។ ឯ​សេចក្ដី​អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ ដែល​ជា​ហេតុ​ឲ្យ​កើត មោហៈ នោះ បាន​ខាង​សេចក្ដី​អត់​ទ្រាំ​នឹង​ទុក្ខ​វេទនា​ផ្សេងៗ ដែល​កើត​ឡើង​ក្នុង​កាយ​និង​ចិត្ត មិន​លុះ​អំណាច​ទុក្ខវេទនា​ហើយ​ទៅ​ប្រព្រឹត្តទុច្ចរិត​ឡើយ។ សូម្បី​ការ​ដែល​អត់ទ្រាំ​នឹង​ទុក្ខ​វេទនា​ក្នុង​វេលា​ឈឺថ្កាត់​នោះ​សោត ក៏​ជា​ហេតុ​ជួយ​ឧបត្ថម្ភ​ឲ្យ​មាន​សតិ​សម្បជញ្ញៈ គឺ​សេចក្ដី​រឭក​និង​សេចក្ដី​ដឹង​ខ្លួន​ដែល​ជា​គុណ​វិសេស​គួរ​ឲ្យ​មាន​ក្នុង​ចិត្ត​គ្រប់​កាយ​ទាំង​ពួង, ពុំ​នោះ​សោត​ក្នុង​វេលា​មាន​ព្យាធិដែល​ជា​ហេតុ​ឲ្យ​ដល់​មរណៈ ក៏​ត្រូវ​តែ​មាន​ខន្តី​យ៉ាង​មាំមួន​ខាន​មិន​បាន​ឡើយ; ឧបាយ​ដែល​នឹង​ឲ្យ​កើត​ខន្តី​ក្នុងវេលានោះ គឺ​ត្រូវ​ឲ្យ​ឃើញ​តាម​សេចក្ដី​ពិត​ថា៖ "ព្យាធិ​និង​មរណៈ​នុះ ជា​ទុក្ខ​ដែល​សត្វ​ទាំង​ឡាយ​ត្រូវ​តែ​ជួប​ប្រទះ​រាល់ៗ គ្នា​គេច​មិន​រួច​ឡើយ"។ ក្នុង​អភិណ្ហបច្ចវេក្ខណៈ​ដែល​ព្រះបរមសាស្ដា​ទ្រង់​ប្រដៅ​ឲ្យ​នឹក​រំពឹង​ជា​រឿយៗ​ថា៖ ព្យាធិ​ធម្មោម្ហិ ព្យាធឹ អនតីតោ យើង​មាន​ជម្ងឺ​តម្កាត់​ជា​ធម្មតានឹង​ចៀស​វាង​ជម្ងឺ​តម្កាត់​មិន​បាន​ឡើយ ។ ដូច្នេះ​នោះ ក៏​ដើម្បី​ឲ្យ​ប្រុង​ខ្លួន​អំពី​កាល​ដែល​នៅ​ជា​នៅ​ឡើយ, បើ​ចាំ​ទៅ​នឹក​រំពឹង​ក្នុង​ពេល​ដែល​ជម្ងឺ​តម្កាត់​មក​ដល់​តែ​ម្ដង ក៏​មុខ​ជា​កម្រ​នឹង​បាន; ព្រោះ​វេលា​ដែល​ឈឺ​នោះ​ឯង​តែង​មាន​ទុក្ខ​ព្រួយ​លំបាក​ច្រើន​យ៉ាង​ណាស់; កាល​បើ​អត់​ទ្រាំ​ទុក្ខ​វេទនា​មិន​បាន, សតិសម្បជញ្ញៈ ក៏​នឹង​ទ្រេត​ទ្រោត​ទៅ​មិនតម្កល់​នៅ​ខ្ជាប់​ឡើយ; ដូច​ជន​ចំពូក​ខ្លះ​ដែល​មិន​បាន​ហាត់​ចិត្តទុក​អំពី​កាល​នៅ​ជា​នោះ លុះ​វេលា​ដែល​មាន​ជម្ងឺ​យ៉ាង​ធ្ងន់​មក​ដល់​ក៏​ច្រើន​តែ​មាន​ចិត្ត​រវើរវាយ​ផ្សេងៗ ដរាប​ដល់​ធ្វើ​អំពើ​ទុច្ចរិត​មាន​សម្លាប់​សត្វ​ជាដើម​ដើម្បី​បូជា​គ្រោះ ដោយ​ចង់​រស់​តែ​ខ្លួន​ឯង​មិន​គិត​អាណិត​ដល់​សត្វ​ដទៃ​ក៏មាន។ ទោស​ទាំង​នេះ មក​តែ​អំពី​មិន​បាន​ហ្វឹក​ហាត់​ស្មារតី​ទុក​អំពី​កាល​នៅ​ជា​ឲ្យ​ដឹង​ថា៖ " សត្វ​ដែល​កើត​មក​ក្នុង​លោក សុទ្ធ​តែ​ត្រូវ​ឈឺ​ថ្កាត់​រាល់ៗ រូប"ដូច្នេះ​ឯង​បាន​ជា​រវើរវាយ​យ៉ាង​នោះ; ពួក​បុគ្គល​ដែល​រវើរវាយ​ហើយ​ទៅ​ប្រព្រឹត្ត​ទុច្ចរិត​ដូច្នោះ លុះ​រំលាយ​ខន្ធ​ទៅ​ហើយ​តែង​ទៅ​កើត​ក្នុង​អបាយ។ ចំណែក​ពួក​បុគ្គល​ដែល​មាន​សតិសម្បជញ្ញៈ​បរិបូណ៌​រមែងទៅ​កើត​ឋាន​សួគ៌។ ព្រោះ​ហេតុ​ដូច្នោះ ការ​ដែល​បង្ហាត់​ចិត្ត​បង្ហាត់​ស្មារតី​ដើម្បី​ឲ្យ​កើត​ខន្តី​សេចក្ដី​អត់ធន់​នោះ ជា​របស់​ដែល​យើង​ត្រូវ​ការ​គ្រប់ៗ ប្រាណ​សម្រាប់​ត​យុទ្ធ​នឹង​សត្រូវ​គឺ​ព្យាធិ​ទុក្ខ ក្នុង​វេលា​ដែល​ជិត​នឹង​ដល់​មរណៈ​នោះ។ កាល​បើ​មាន​ប្រាជ្ញា​ពិចារណា​ឃើញ​ទោស​នៃ​សេចក្ដី​វង្វេង ឃើញ​គុណ​នៃ​សតិ​សម្បជញ្ញៈ និង​គុណ​នៃ​ខន្តីដូច​សម្ដែង​មក​នេះ​ហើយ, គួរ​ណាស់​តែ​ហាត់​ស្មារតី​ទុក​ជា​មុន​តាម​ពិធី​ដែល​ព្រះសម្មាសម្ពុទ្ធ​ជាបរមគ្រូ​ទ្រង់​ប្រដៅ​ឲ្យ​ហាត់ មាន​អភិណ្ហបច្ចវេក្ខណ​វិធី​ជាដើម ដើម្បី​កុំ​ឲ្យ​សេចក្ដី​វង្វេង​នោះ​កើត​ឡើង​បាន។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/1704/Untitled-1-Recovered.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៤៨៩៤ ដង)
ឯ​លក្ខណៈ​​នៃ​បុគ្គល​ដែល​ប្រកប​ដោយ​សតិសម្បជញ្ញៈនោះ​ដូច្នេះ​គឺ៖ភិក្ខុដែល​ប្រកប​ដោយ​សតិ​សម្បជញ្ញៈ​នោះ កាល​ដែល​នឹង​ឈាន​ទៅ​ខាង​មុខ​ខាង​ក្រោយ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា ៖ ឥឡូវ​នេះ អាត្មាអញ​កំពុង​ឈាន​ទៅ​ខាង​មុខ​ថយ​ទៅខាង​ក្រោយ ។កាល​នឹង​ឱន​កាយ​ទៅ​មុខ​ក្ដី ផ្ងារ​កាយ​ទៅ​ក្រោយ​ក្ដី ក្រឡេក​មើល​ទៅ​មុខ​ក្ដី ទៅ​ឆ្វេង​ក្ដី ទៅ​ស្ដាំ​ក្ដី​ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ឥឡូវ​នេះ អាត្មា​អញ​កំពុង​ឱន​កាយ​ទៅ​មុខ ផ្ងារ​កាយ​ទៅ​ក្រោយ ក្រឡេក​មើល​ទៅ​មុខ​ទៅ​ក្រោយ ឬ​ទៅ​ឆ្វេង ទៅស្ដាំ។ កាល​ដែល​នឹង​បត់​ដៃ​ទៅ​ឆ្វេង-ស្ដាំចូលក្ដី បត់​ជើងឆ្វេង-​ស្ដាំចូលក្ដី ក៏មាន​ស្មារតី​ដឹង​ខ្លួន​ថា ៖ ឥឡូវ​នេះ អាត្មា​អញ​កំពុង​បត់​ដៃឆ្វេង-ស្ដាំចូល បត់​ជើង​ឆ្វេង-ស្ដាំ​ចូល។ កាល​ដែល​នឹង​លាដៃ​ឆ្វេង-ស្ដាំ​ចេញ​ក្ដី លាជើងឆ្វេង-ស្ដាំ​ចេញ​ក្ដី ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មាអញ​កំពុងលា​ដៃឆ្វេង​-ស្ដាំចេញ លាជើងឆ្វេង​-ស្ដាំ​ចេញ។ កាល​ដែល​នឹង​ប្រើប្រាស់​សង្ឃាដី ឬ​បាត្រ ចីវរ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មា​អញ​កំពុង​ប្រើ​សង្ឃាដី បាត្រ ចីវរ។ កាល​ដែល​នឹង​ឆាន់​ចង្ហាន់​ឬ​ឆាន់​ទឹក​នឹង​ទំពា ឬ​ស្រូប ហិត លិទ្ធ ភ្លក្សរបស់​អ្វីៗ ក៏​មានស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មាអញកំពុងឆាន់​ចង្ហាន់ ឆាន់​ទឹក ទំពា ស្រូប ហិត លិទ្ធ ភ្លក្ស​របស់​នោះៗ។ កាល​ដែល​បន្ទោបង់​ឧច្ចារៈ​​ បស្សាវៈ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ​អាត្មាអញ​កំពុង​បន្ទោបង់​ឧច្ចារៈ បស្សាវៈ។ កាល​ដឹង​ដើរ​ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មាអញកំពុង​ដើរ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ។ភិក្ខុ​ដែល​ឃើញ​ភ័យ​ក្នុងវដ្ដសង្សារ រមែង​ជា​អ្នក​ប្រកប​ដោយ​សតិសម្បជញ្ញៈ ដូច​ថា​មក​នេះ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/2032/Untitled-1-Recovered.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៣៧៣០ ដង)
ជ​រា​សូត្រ​ ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ ប្រ​សិន​បើ​រស់​ហួស​ពី​ ១០០​ឆ្នាំ សត្វ​នោះ​នឹង​ស្លាប់​ដោយ​ជរា​ជា​ប្រាកដ​ ។ ជន​ទាំង​ឡាយ​តែ​ង​សោក ព្រោះ​វត្ថុ​ដែល​ប្រ​កាន់​ថា របស់​យើង សេចក្តី​ប្រ​កាន់​ជា​របស់​ទៀង​ទាត់​មិន​មាន​ឡើយ ជីវិត​នេះ​មាន​ការ​ព្រាត់​ប្រាស​ចាក​របស់​ដែល​មាន​ជា​ធម្ម​តា អ្នក​ប្រាជ្ញ​លុះ​ឃើញ​ដូច្នេះ​ហើយ រមែង​មិន​នៅ​គ្រប់​គ្រង​ផ្ទះ​ឡើយ ។ បុរស​សំគាល់​របស់​ណា​ថានេះ​ជា​របស់​អញ​ រមែ​ង​លះ​របស់​នោះ​ដោយ​មរណៈ ឯ​អ្នក​ប្រាជ្ញ​រាប់​អាន​ព្រះ​រតន​ត្រ័យ​ ជ្រាប​ច្បាស់​នូវ​ទៅ​សនុ៎ះ ហើយ​មិន​បង្អោន (ចិត្ត​) ទៅ ដើម្បី​សេចក្តី​ប្រ​កាន់​ថា របស់​យើង​ឡើយ ។ បុរស​អ្នក​​ភ្ញាក់​ (​ពី​ដេក​)​ រមែង​មិន​ឃើញ​រូបា​រម្មណ៍​ជា​ដើម​ ដែល​មក​ជួប​ប្រ​ទះ​ ដោយ​យល់​សប្តិ​ យ៉ាង​ណា​មិញ​ បុគ្គល​ មិន​ឃើញ​ជន​ជា​ទី​ស្រ​ឡាញ់​ ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​ លោក​ខាង​មុខ​ ក៏​យ៉ាង​នោះ​ដែរ ។ ជន​ទាំ​ង​នោះ​ដែល​គេ​ឃើញ​ហើយ ឮ​ហើយ​ គេ​តែង​ហៅ​ឈ្មោះ​ កាល​លះ​លោក​នេះ​ទៅ​ នៅ​សល់​តែ​ឈ្មោះ​សម្រាប់​ហៅ​ប៉ុណ្ណោះ ។ ពួក​សត្វ​មាន​សេចក្តី​លោភ​ តែ​ង​មិន​លះ​បង់​ នូវ​សេចក្តី​ខ្សឹក​ខ្សួល​នឹង​សេចក្តី​កំណាញ់​ ក្នុង​វត្ថុ​ដែល​ជា​ទី​រាប់​អាន​បាន​ឡើយ ព្រោះ​ហេតុ​នោះ អ្នក​ប្រាជ្ញទាំង​ឡាយ​ ដែល​ឃើញ​ព្រះ​និព្វាន​​ថា​ជា​ទី​​ក្សេម​ហើយ រមែង​លះ​បង់​សេច​ក្តី​ប្រ​កាន់​បាន ។ ភិក្ខុ​ណា​ មិន​សម្តែង​ខ្លួន​ក្នុង​ភព​ (​ថ្មី​ទៀត​) អ្នក​ប្រាជ្ញ​ ទាំង​ឡាយ ហៅ​អំពើ​នោះ របស់​ភិក្ខុ​នោះ អ្នក​ប្រ​ព្រឹត្ត​រួញ​រា​ អ្នក​កប់ប្រ​សព្វ​អា​សនៈ​ ស្ងាត់ ថា​ជា​សភាព​សម​រម្យ​ហើយ ។ អ្នក​ប្រាជ្ញ​មិន​បាន​អា​ស្រ័យ​ ក្នុង​អា​យ​តនៈ​ ទាំង​អស់​ឡើយ មិន​ធ្វើ​សត្វ​នឹង​សង្ខារ​ឲ្យ​ជា​ទី​ស្រ​ឡាញ់ ទាំង​មិន​ធ្វើ​សត្វ​នឹង​សង្ខារ​ឲ្យ​មិន​ជា​ទី​ស្រ​ឡាញ់ សេចក្តី​ខ្សឹក​ខ្សួល​និង​សេចក្តី​កំណាញ់​ មិន​ជាប់​ក្នុង​សន្តាន​ របស់​ព្រះ​ខីណា​ស្រព​នោះ ដូច​ទឹក​មិន​ប្រ​ឡាក់​លើ​ស្លឹក​ឈូក​ ដូច្នោះ​ដែរ ។ ដំណក់​ទឹក​មិន​ដក់​នៅ​លើ​ស្លឹក​ឈូក​ ដូច​ម្តេច​ ក្តី ទឹក​មិន​ទទឹក​ផ្កា​ឈូក ដូចម្តេច​ក្តី អ្នក​ប្រាជ្ញ​មិន​ជាប់​នៅ​ក្នុង​អារម្មណ៍​នី​មួយ​ សូម្បី​អា​រម្មណ៍​​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះ​ពាល់​ ក៏​ដូច្នោះ​ដែរ ។ មួយទៀត​ ព្រះ​អរហន្ត​មិន​សំគាល់​ក្នុង​អា​រម្មណ៍​នី​មួយ​​ សូម្បី​អា​រម្មណ៍​ដែល​ឃើញ ដែល​ឮ ដែល​ប៉ះ​ពាល់​ ដោយ​វត្ថុ​នោះ​ៗ​ឡើយ ទាំង​មិន​ប្រា​ថ្នា​ការ​ស្អាត ដោយ​វត្ថុ​ដទៃ​ទេ ព្រោះ​ព្រះ​អរហន្ត​នោះ​មិន​ត្រេក​ត្រ​អាល មិន​ប្រាស​តម្រេក (ដូច​កល្យាណ​បុថុជ្ជន​នឹង​សេក្ខៈ​) ។ ចប់ ជរា​សូត្រ​ ដកស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៤ ទំព័រ ២៧៥-២៧៧ ដោយ​៥០០០​ឆ្នាំ
វីដេអូតាមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro