images/articles/2496/IMG_30201792709.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ១០០,៨១៦ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិតសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះមាលុង្ក្យបុត្តដ៏មានអាយុ បានចូលគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលសូមឲ្យព្រះអង្គទ្រង់ប្រកាសសម្ដែងនូវមិច្ឆាទិដ្ឋិ គំនិត យល់ឃើញខុសផ្សេងៗ ១០ យ៉ាង ដែលពួកមនុស្សក្រៅព្រះពុទ្ធ សាសនាកាន់យកទីបំផុតរៀងៗខ្លួន ឈ្លោះប្រកែកគ្នាថាខ្លួនឯង យល់ត្រូវ អ្នកដទៃយល់ខុស ដូច្នេះតើព្រះដ៏មានព្រះភាគទ្រង់ ជ្រាបទិដ្ឋិមួយណាក្នុងទិដ្ឋិទាំង ១០ នោះ សូមព្រះអង្គទ្រង់ត្រាស់ សម្ដែងឲ្យទាន។
មិច្ឆាទិដ្ឋិ ១០ យ៉ាង
១ លោកទៀង (សស្សតោ លោកោ)
២ លោកមិនទៀង (អស្សស្សតោ លោកោ)
៣ លោកមានទីបំផុត (អន្តវា លោកោ)
៤ លោកមិនមានទីបំផុត (អនន្តវា លោកោ)
៥ ជីវៈនោះគឺសរីរៈនោះ (តំ ជីវំ សរីរំ)
៦ ជីវៈដទៃ សរីរៈដទៃ (អញ្ញំ ជីវំ អញ្ញំ សរីរំ)
៧ សត្វស្លាប់ហើយកើតទៀត
៨ សត្វស្លាប់ហើយមិនកើតទៀត
៩ សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន
១០ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏ មិនមែន។
ព្រះដ៏មានព្រះភាគ ទ្រង់មិនត្រាស់ព្យាករនូវចំណុចមួយក្នុង មិច្ឆាទិដ្ឋិទាំង ១០ នេះឡើយ ព្រះអង្គទ្រង់ត្រាស់ថា កាលបើ មានការយល់ឃើញទៅតាមមិច្ឆាទិដ្ឋិទាំង ១០ នេះ ណាមួយ ការអប់រំព្រហ្មចរិយធម៌មិនមានឡើយ ប៉ុន្តែគឺជាការប្រព្រឹត្តទៅ នាំឲ្យមានជាតិ ជរា មរណៈ សោកខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្ដីចង្អៀតចង្អល់ចិត្តដោយពិត ព្រះតថាគត ទ្រង់បញ្ញត្តការកម្ចាត់បង់នូវកងទុក្ខទាំងអស់នេះ ដែលត្រូវបាន ឃើញច្បាស់ក្នុងបច្ចុប្បន្ន គឺថាព្រះអរិយសាវ័កទាំងឡាយ នឿយ ណាយក្នុងជរានិងមរណៈ ជាដើមហើយ ទើបសម្រេចនូវ ព្រះនិព្វានក្នុងព្រះសាសនានេះឯង។
ព្រោះហេតុទិដ្ឋិទាំង ១០ យ៉ាងនេះ មិនប្រកបដោយប្រយោជន៍ មិនមែនជាខាងដើមនៃព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅដើម្បីរួច ផុតចាកទុក្ខ ទើបព្រះអង្គទ្រង់មិនព្យាករ ប៉ុន្តែអ្វីដែលព្រះអង្គ ទ្រង់ត្រាស់ព្យាករសម្ដែងគឺអរិយសច្ចធម៌ ព្រោះការព្យាករសម្ដែង នូវអរិយសច្ចធម៌ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ជាខាងដើមនៃ ព្រហ្មចរិយធម៌ ប្រព្រឹត្តទៅដើម្បីជាក់ច្បាស់នូវព្រះនិព្វានជា អសង្ខតធាតុ។
ស្រង់ពីសៀវភៅ ជំនួយសតិភាគ ២១
ដោយ៥០០០ឆ្នាំ
images/articles/2497/IMG_30201791541.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៧,៤៨៩ ដង)
អនវជ្ជសុខ ចេះសប្បាយជាមួយនឹងនឹងការងារដែលប្រាសចាកទោស គឺជា សេចក្ដីសុខ។ត្រូវធ្វើការងារឲ្យសមនឹងសមត្ថភាព សមនឹងឋានៈ របស់ខ្លួន ធ្វើដោយពេញចិត្ត អត់ធន់ព្យាយាម...។ កុំមានការ លោភលន់ចង់ឲ្យដូចអ្នកដទៃដែលមានអ្វីច្រើនៗនោះឡើយ កុំ ឲ្យដូចក្អែកគោកធ្វើត្រាប់តាមក្អែកទឹក ឃើញក្អែកទឹករកចំណី បានស្រួលងាយ ខ្លួនឯងគ្មានជំនាញត្រូវទាក់កនឹងសារាយក្នុងទឹក ស្លាប់បាត់បង់ជីវិតទៅ។ កន្លែងសុខនៅនឹងចិត្តរបស់យើង មិនចាំបាច់ឈរកន្លែងល្អដូចអ្នកដទៃនោះទេ ត្រឹមតែមានសេចក្ដី សុខនៅត្រង់កន្លែងដែលយើងឈរហ្នឹងទៅបានហើយ។
ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១
ដោយ៥០០០ឆ្នាំ
images/articles/2499/643r.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៨៧,៨១៥ ដង)
សូម្បីតែគំនិតយល់ខុស (គឺយល់ខុសពីការពិត) ក៏ជាសភាវ ធម៌កើតពីបច្ច័យដែរ ជារបស់មិនទៀង ជាទុក្ខ ពួកអ្នកយល់ ខុសទាំងនោះមានការប្រកាន់ក្នុងទិដ្ឋិរបស់ខ្លួន ឈ្មោះថាលិច ចុះក្នុងទុក្ខ។ មិនលិចចុះក្នុងទុក្ខ សភាវធម៌ទាំងអស់ កើតពីបច្ច័យ មានបច្ច័យតាក់តែងឲ្យ កើតឡើងហើយ សុទ្ធតែមិនទៀង មានការអស់ទៅ សូន្យទៅ។
របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាមិនទៀងជាទុក្ខ មានការប្រែប្រួល វិបស្សនាឃើញថា របស់នោះមិនមែនជា របស់យើង មិនមែនជាយើង មិនមែនជាខ្លួនរបស់យើងទេ។ ព្រះអរិយបុគ្គលទាំងឡាយ មិនប្រកាន់ក្នុងបញ្ចក្ខន្ធ ដឹងពីការ រលាស់ចោលនូវបញ្ចក្ខន្ធ រមែងមិនលិចចុះក្នុងទុក្ខឡើយ។
ដូចក្មេងមិនចូលសាលារៀន ពិតមែនតែអ្វីៗនោះមិនគាប់ចិត្តយើង ប៉ុន្តែយើងត្រូវឆាប់មាន ស្មារតីរលឹកដឹងថា អ្វីៗនោះសុទ្ធតែជាសភាវៈយ៉ាងត្រឹមត្រូវ ក្នុងការកើតឡើង គឺត្រឹមត្រូវតាមបច្ច័យ មិនថាកុសល អកុសល ឬអព្យាក្រឹតឡើយ។
ការដែលចេះតែចង់ឲ្យអ្វីៗផ្គាប់ចិត្តយើង វាជារឿងក្មេងៗទេ ពោលគឺក្មេងខ្ចីបញ្ញា កាលបើអ្វីៗជាបរមត្ថ សុទ្ធតែត្រឹមត្រូវ ម៉េចក៏មិនព្យាយាមសិក្សាចូលទៅដឹងថការពិត អប់រំបញ្ញាទទួលយករសនៃសច្ចធម៌ ស្ងប់ចិត្តរលត់តណ្ហា ការ ដែលចង់ឲ្យអ្វីៗត្រូវតាមចំណង់ គឺចង់ផ្គាប់កិលេសខ្លួនឯងតែ ប៉ុណ្ណោះ ដូចក្មេងដែលមិនចូលសាលារៀនអ៊ីចឹងឯង។
បៀតបៀនចិត្តខ្លួនឯង ដឹងថាខ្លួនឯងកើតទុក្ខសោកសៅមកពីអ្វីទេ? មកពីហួងហែង របស់មិនទៀងថាជារបស់ខ្លួនឯង។ តាមពិត ការមិនទៀងនៃ សង្ខារធម៌ជាអារម្មណ៍នៃវិបស្សនាល្អណាស់ ប៉ុន្តែព្រោះហេតុ តែការមិនយល់ ទើបបៀតបៀនចិត្តខ្លួន។
មានសេចក្ដីស្ងប់ជាទីពឹង នៅពេលណា ដែលយើងសម្រេចបាននូវសេចក្ដីសុខស្ងប់ ខាងក្នុងខ្លួនយើង នៅពេលនោះ គឺយើងមិនបានឲ្យសេចក្ដី សំខាន់ចំពោះកាមសុខ ដោយការខំប្រឹងប្រែងស្វែងរកយក មកសេពសោយនោះឡើយ ទាំងសេចក្ដីទុក្ខដែលកើតមក ពីការពឹងពាក់អ្នកដទៃ របស់ដទៃ ហើយមិនបានដូចចិត្ត នោះ ក៏ថយចុះទៅដែរ នេះចូលក្នុងបទថា មានខ្លួនឯងជា ទីពឹង។
មានទ្រព្យហើយមិនឲ្យទានព្រោះមោហៈ មានទ្រព្យសម្បត្តិជាទីពេញចិត្តហើយ មិនឲ្យទាន ព្រោះហេតុ មិនដឹងថា សត្វលោកប្រព្រឹត្តទៅតាមកម្ម។ បានទ្រព្យហើយ ធ្វើនូវការសន្សំទ្រព្យនោះៗដោយការជាប់ជំពាក់ រឹងតែប្រាថ្នា នូវវត្ថុកាមគុណឡើងទៀត។
មិនមានអ្នកណាអស់កិលេស ព្រោះមានមាសប្រាក់ច្រើននោះឡើយ ហើយក៏មិនមានអ្នក ណាអស់ទុក្ខព្រោះនៅមានកិលេសនោះដែរ។ បានជួបព្រះធម៌ហើយ ទៅជាថាអត់ពេល បានជួបព្រះពុទ្ធដីកាហើយ មិនស្ដាប់ មិនរៀនឲ្យបានចេះដឹង ត្រូវចំណាយពេលវេលាដើម្បីនេះ ដើម្បីនោះ តើនេះនោះហ្នឹង ក្រណាស់ទៅឬក្នុងវដ្ដសង្សារ កាលបានមកហើយឲ្យយើងអស់ កិលេសដែរទេ សំខាន់ជាងព្រះពុទ្ធដីកាទៅទៀតឬ? គ្រាន់តែមិនសូវកើតទុក្ខ ប៉ុណ្ណឹងល្អហើយ មនុស្សយើង តែកាលណាខ្លាចទុក្ខទាំងដែលមិនស្គាល់ទុក្ខ (ទុក្ខេ អញ្ញាណំ) រមែងប្រាថ្នាសេចក្ដីសុខដោយតណ្ហា ពោលគឺ ខ្លាចទុក្ខ ប្រាថ្នាសុខ ប៉ុន្តែសាងហេតុនៃសេចក្ដីទុក្ខឲ្យខ្លួនឯង ព្រោះអវិជ្ជាមិនដឹងក្នុងអរិយសច្ច។
តាមពិត មនុស្សយើងសព្វ ថ្ងៃនេះគ្រាន់តែមិនសូវកើតទុក្ខប៉ុណ្ណឹងប្រសើរណាស់ហើយ មិនចាំបាច់បានសុខអ្វីពីរបស់ក្នុងលោកនេះច្រើនពេកទៅនោះ ទេ ព្រោះថា សូម្បីតែព្រះនិព្វានដែលបរមសុខ ក៏ព្រោះទុក្ខមិន កើតឡើងហ្នឹងឯង។
ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១
ដោយ៥០០០ឆ្នាំ
images/articles/2500/Un______titled-1.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩១,១២៦ ដង)
ជីវិតមានតម្លៃជាង អ្វី ៗ ដែលយើងស្ដាយ ត្រូវយកជីវិតមកបូជាព្រះរតនត្រ័យ បានសម ណា៎ កូនសំឡាញ់ព្រះពុទ្ធ ទាំងអស់គ្នា ! កុំលះបង់ជីវិតមួយថ្ងៃ ៗ កើតទុក្ខយំសោក ដើម្បីអ្នកមានកិលេសណាម្នាក់ឲ្យសោះ ធ្វើបែបហ្នឹងវាមិនមានតម្លៃអ្វីទេ ហើយក៏កុំចាំបាច់ខឹងស្អប់អី ត្រូវឲ្យអភ័យ កុំចំណាយជីវិតក្នុងរឿងឥតប្រយោជន៍ ត្រូវយកជីវិតមកសងគុណម៉ែឪយើង ធ្វើអ្វី ៗ ឲ្យមានប្រយោជន៍ ដល់ខ្លួនឯង ដល់សង្គមជាតិ ព្រះសាសនា កុំបន្ថោកជីវិតខ្លួនឯងឲ្យសោះ យើងកើតទាន់ព្រះពុទ្ធសាសនា ត្រូវដឹងថា ជីវិតមានតម្លៃណាស់ ស្មើនឹង អរិយមគ្គអង្គ ៨ ផ្លូវទៅកាន់ព្រះនិព្វាន ឯណោះណា៎ ! សូមកុំកាត់ផ្ដាច់ឧបនិស្ស័យរបស់ខ្លួន ត្រូវខិតខំបន្តឧបនិស្ស័យឲ្យបានសម្រេច កុំចាញ់ឧបសគ្គក្នុងជីវិតនេះឡើយ ឧបសគ្គមិនឈ្នះសេចក្ដីព្យាយាមទេ នេះជាដំណើរផ្លូវរបស់យើង ក្រោកឡើងដើរតទៅទៀត ម្នាក់ឯងក៏ត្រូវតែដើរដែរ ទុកចិត្តលើព្រះធម៌ចុះ ព្រះពុទ្ធបិតានៅចាំកូនខាងមុខឯណោះ ស្រូតរូតរះឡើង ៕ សាធុ ! សាធុ !៚
ដោយ៥០០០ឆ្នាំ
images/articles/2501/Unt65itled-1.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩១,១៤២ ដង)
មច្ចុរាជនឹងមិនមករកយើងនោះមិនមានឡើយ ត្រូវរៀនគិតឲ្យបានថា អ្នកណា ៗ ធ្វើអ្វី និយាយអ្វី ដាក់យើង ឬគ្រាន់តែអធ្យាស្រ័យរបស់គេយ៉ាងណា ៗ បើគេមិនបានមកសម្លាប់យើងទេនោះ គឺគេល្អចំពោះយើងហើយ ចំណែកយើងបានរស់នៅក្នុងថ្ងៃនេះ ត្រូវខំប្រឹងប្រែងយកជីវិតមកធ្វើល្អឲ្យខ្លួនឯងទៅ វាគួរឲ្យយើងគ្រប់គ្រាន់ហើយ ត្រូវចាំថា សេចក្ដីស្លាប់នឹងមិនមករកយើងពេលណានោះ គឺមិនមានឡើយ ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2510/image.jpeg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៣៦,២០៤ ដង)
៙. អារម្មណ៍របស់ចិត្ត គឺជាលោកនៃការរស់នៅ ឯចំណែកចិត្តដឹងអារម្មណ៍គឺជាការរស់នៅក្នុងលោក ។ បើចិត្តមានសភាពយ៉ាងណាៗ លោកនៃការរស់នៅក៏ទៅជាយ៉ាងនោះៗឯង គឺថា បើចិត្តជាលោភៈ លោកនៃការរស់នៅរមែងខ្វះខាត រហេមរហាម ដូចឋានប្រេត បើចិត្តជាទោសៈ លោកនៃការរស់នៅមានការក្ដៅក្រហាយ ដូចឋាននរក បើចិត្តជាមោហៈ លោកនៃការរស់នៅមានសភាពមមិងមមាំង ដូចភូមិតិរច្ឆាន តែបើចិត្តមានទានសីល លោកនៃការរស់នៅទៅជាមានសភាពរីករាយស្រស់ស្រាយ ដូចជាឋានសួគ៌ា បើចិត្តមានភាវនា លោកនៃការរស់នៅរមែងស្ងប់ត្រជាក់ ដូចរស់នៅក្នុងព្រហ្មលោក បើចិត្តមានវិបស្សនាពិតប្រាកដនោះ លោកនៃការរស់នៅមានសភាពជាឥស្សរៈ មិនមានកង្វល់ មិនមានការហួងហែង ជាការរស់នៅក្នុងលោកនៃព្រះអរិយៈ រហូតដល់មានផលសមាបត្តិ បានរស់នៅពិតៗ ក្នុងអារម្មណ៍ព្រះនិព្វាន ដូច្នេះ លោកនៃការរស់នៅ គឺយើងសាងដោយខ្លួនឯង មិនអាចនាំអ្នកដទៃ ឲ្យមករស់នៅជាមួយបានឡើយ គឺថា បើយើងប្រាថ្នា ចង់រស់នៅក្នុងលោកណា យើងគប្បីសាងលោកនោះ រស់នៅដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដោយប្រការដូច្នេះ សូមទានជ្រាប ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2518/U54ntitled-1.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៥០,២៥៤ ដង)
បាននៅរស់ហើយគួរចេះស្កប់
បាននៅរស់ហើយគួរចេះស្កប់
ជីវិតជាទ្រព្យជាដើមទុន
ខំប្រឹងព្យាយាមសន្សំបុណ្យ
ត្រៃរត្នមានគុណគួរបូជា ។
រឿងក្នុងជីវិតពិតយ៉ាងហ្នឹង
សិក្សាឲ្យដឹងធម៌ធម្មា
អត់ធន់ឱវាទព្រះភគវា
ផុតកម្មវេរាដោយមេត្តា ។
រៀនយកគំនិតព្រះបុណ្ណៈ
សុនាបរន្តៈមនុស្សយ៉ាងណា
ទោះជាកាចកាប់វាយប្រហារ
បុណ្ណៈគិតថាគួរគប្បី ។
គេគ្រាន់តែពោលពាក្យស្ដីថា
អត់មានប្រហារដោយអ្វី ៗ
ឬគេវាយគប់ដោយដុំដី
ប៉ុណ្ណឹងមានស្អីគេល្អហើយ ។
ខន្តីមេត្តាគូគុណគាប់
បញ្ញាជាទ្រព្យទៅរកត្រើយ
បាននៅជីវិតប៉ុណ្ណឹងហើយ
កុំនៅកន្តើយប្រឹងសិក្សា ។
ជីវិតមានកម្មចាំឲ្យផល
បាបអកុសលឬកុសលា
មិនលុះអំណាចនៃអ្នកណា
មិនឲ្យសុខាបានយូរឡើយ ។
សាមិសសុខជាអន្ទាក់
យើងត្រូវតែភ្ញាក់រត់រកត្រើយ
ភពបីមិនមែនស្រុកយើងឡើយ
សត្វកើតមកហើយតែងតែស្លាប់ ។
សត្វកើតមកហើយតែងមានទុក្ខ
ដូចនៅក្នុងគុកគេចងចាប់
ត្រូវតែរត់ចេញជាប្រញាប់
ខំប្រឹងរកស្ដាប់ធម៌ទេសនា ។
ព្រះពុទ្ធទ្រង់ត្រាស់សច្ចធម៌
មគ្គសច្ចបវរលះតណ្ហា
ទុក្ខនិរោធផុតទុក្ខា
ស្ដាប់ធម៌ទេសនាទៅនិព្វាន ៕
ប. ស. វ.
ដោយ៥០០០ឆ្នាំ
images/articles/2575/image.jpeg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៤៥,៦២៧ ដង)
៙. សេចក្ដីល្អ ឬអាក្រក់ទាំងឡាយ ចាប់ផ្ដើមពីចិត្តទៅមុន ។ មនុស្សដែលយើងព្រមទទួលថា ជាមនុស្សល្អនោះ ព្រោះគេបានធ្វើល្អ និងនិយាយល្អ ទាំងនេះព្រោះមកអំពីមាន ការគិតល្អជាមូលដ្ឋាន ។ អាចនិយាយម្យ៉ាងទៀតថា គេតាំងចិត្តធ្វើជាមនុស្សល្អ ហើយក៏ប្រព្រឹត្តតាមការតាំងចិត្តនោះ ។ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ជាងយើងជាមនុស្សល្អនោះឡើយ ។ ជំនួសការដែលយើងចង់ឲ្យអ្នកដទៃ ធ្វើសេចក្ដីល្អឲ្យយើង គឺយើងត្រូវព្យាយាមធ្វើសេចក្ដីល្អឲ្យខ្លួនឯង ទៅតាមដែលយើងត្រូវការ ។ សេចក្ដីល្អដែលយើងធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្ត ជាពិតប្រាកដ គឺធ្វើឲ្យចិត្តបានសុខស្ងប់ ។ កាលបើចិត្តបានសុខស្ងប់ហើយ អ្វី ៗ ក៏រៀបរយទៅផងដែរ ។
៙. ចិត្តរបស់មនុស្ស សំខាន់សម្រាប់មនុស្សខ្លួនឯងណាស់ មានតម្លៃជាទីបំផុត ត្រូវថែទាំឲ្យក្រៃលែង ។ មនុស្សនឹងទៅជាបុគ្គលយ៉ាងណា គឺស្រេចហើយតែចិត្តរបស់គេនោះឯង តួយ៉ាងព្រះសិទ្ធត្ថ ដែលក្រោយមកបានជាព្រះសម្មាសម្ពុទ្ធ ក៏ព្រោះមកអំពីព្រះហឫទ័យព្រះអង្គដែរ ។ មនុស្សធម្មតា តែក្រោយមកបានក្លាយជាព្រះអរហន្ត ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ព្រោះចិត្តរបស់លោកប្រាសចាកកិលេសហ្នឹងឯង រីឯមនុស្សមានមុខមាត់ស្អាតបាតខ្លះ តែជាទីរង្កៀសដល់មនុស្សទាំងឡាយ ព្រោះចិត្តអាក្រក់ ហើយធ្វើអាក្រក់ និយាយអាក្រក់ ទៅតាមចិត្តដែលអាក្រក់នោះ ៗ ។
៙. ចំពោះចិត្តមានសេចក្ដីសំខាន់យ៉ាងណា អ្នកសិក្សាអំពីចិត្ត អាចឃើញច្បាស់បាន ។ អ្នកដែលមានជោគល្អជាទីបំផុត គឺអ្នកដែលអាចធ្វើចិត្តឲ្យជាសុខបានរាល់ថ្ងៃ និងសេចក្ដីស្ងប់ដ៏ពិតប្រាកដ នៃចិត្តនោះឯង ។ ត្រូវចាំថា បើចិត្តអាក្រក់ហើយ អ្វី ៗ ទៀតដែលអាក្រក់នឹងតាមមក តែបើចិត្តល្អវិញ សេចក្ដីល្អគ្រប់យ៉ាងនឹងតាមមកក្រោយដែរ ដូចកង់រទេះ វិលតាមស្នាមជើងគោដែលអូសនូវរទេះនោះ ឬដូចស្រមោលអន្ទោលតាមប្រាណ ដូច្នេះឯង ។
៙. យើងកើតទុក្ខទោមនស្ស ព្រោះចិត្តគិតតាក់តែងខ្លួនឯង មិនមែនព្រោះអ្នកដទៃទេ ។ ចិត្តនេះ គិតឲ្យខ្លួនឯង ខ្វះខាតរហេមរហាមក៏បាន គិតឲ្យខ្លួនឯងគ្រប់ ឡើងសល់ទៀតក៏បាន គិតឲ្យសុខ គិតឲ្យទុក្ខ បានទាំងអស់ ដូច្នេះ គួរយើងសិក្សាព្រះធម៌ ដើម្បីបានឆ្លាតក្នុងការគិត គឺយោនិសោមនសិការ ៕ សាធុ ! សាធុ ! ៚ ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2636/43overed.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៤៩,៥៤៣ ដង)
មិនមានអ្វីទៀងទាត់ក្នុងជីវិតឡើយ ដូច្នេះហើយទើបមិនគប្បីអួតខ្លួនឯងក្នុងរឿងអ្វីៗនោះទេ ។ ធ្វើសេចក្តីល្អ ដើម្បីខ្លួនឯងជាមនុស្សល្អ មិនមែនគ្រាន់តែដើម្បីបង្អួតបង្អរអ្នកដទៃនោះឡើយ ។ នៅក្នុងធម្មដ្ឋវគ្គ ( វគ្គទី ១៩ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖
ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា
សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។
បុគ្គលមានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែចេះនិយាយឬ ដោយភាពជាអ្នកមានពណ៌សម្បុរល្អស្អាតនោះ មិនទាន់បានឡើយ។
យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ
ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។
លុះត្រាតែអកុសលធម៌ មានឥស្សាជាដើមនេះ ដែលបុគ្គលណាបានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសៈខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ជាមនុស្សល្អទៅបាន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ
images/articles/2633/645overed.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៤០,៣៧៣ ដង)
ការធ្វើបុណ្យក្នុងព្រះពុទ្ធសាសនា បុណ្យដែលធំដុំមែនទែន នៅត្រង់លះកិលេសក្នុងចិត្តខ្លួនឯង ដូច្នេះអ្នកធ្វើទាន រក្សាសីលជាដើមហើយ ត្រូវចេះនឹកដល់បុណ្យធំៗផ្សេងទៀត ដូចជាការចម្រើនមេត្តាចិត្ត ការឲ្យអភ័យ សេចក្តីអត់ធន់ អនិច្ចសញ្ញា សិក្សាការពិត ។ល។ នៅក្នុងភិក្ខុវគ្គ ព្រះគាថាធម្មបទ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖
មេត្តាវិហារី យោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ
អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។
ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ ។
ដកស្រង់ពី សៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ
images/articles/2630/te______xtpic.jpg
ពិសេស
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៣៣,៨៩១ ដង)
ក្រោកព្រឹកឡើង យើងមិនដែលកើតទុក្ខព្រោះមិនបានសោយរាជ្យនោះឡើយ នេះមកអំពីយើងមិនដែលនឹកចង់សោយរាជ្យម្តងណាហ្នឹងឯង នេះគឺជាឧទាហរណ៍សម្រាប់ឲ្យយើងយល់អំពីការមិនមានទុក្ខកង្វល់ គឺនៅត្រង់ដែលមិនត្រូវការ មិនប្រាថ្នា មិនហួងហែង ។ គួរសិក្សាអំពីនគរកាយ អប់រំបរិញ្ញា កាត់បន្ថយចំណង់ក្នុងការគ្រប់គ្រងហួងហែង រហូតដល់អស់ចំណង់ ដូចដែលយើងមិនចង់ធ្វើស្តេចសោយរាជ្យដូច្នោះឯង ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ការអស់តណ្ហាឈ្នះអស់ទុក្ខទាំងពួង ។ ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2631/textpic-Re______covered.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ២២,២៧៣ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅក្នុងដែនកុរុ ថុល្លកោដ្ឋិតនិគម មួយអន្លើដោយភិក្ខុសង្ឃច្រើនអង្គ ។ ក្នុងសម័យនោះឯងដែលព្រះរដ្ឋបាលត្ថេរ បានចូលកាន់ផ្នួស ក្រោយមកព្រះពុទ្ធអង្គទ្រង់តែងតាំងក្នុងតំណែងឯតទគ្គៈ ខាងមានសទ្ធាចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត ។
ក្នុងកាលដែលព្រះថេរៈបួសហើយ បានកន្លះខែ ព្រះដ៏មានព្រះភាគ បាននាំព្រះរដ្ឋបាលត្ថេរទៅកាន់ក្រុងសាវត្ថី ព្រះរដ្ឋបាលត្ថេរជានេយ្យបុគ្គល បំពេញព្យាយាមអស់ ១២ ឆ្នាំ ទើបបានសម្រេចព្រះអរហត្ត ។ បានជាព្រះអរហន្តហើយ ព្រះរដ្ឋបាលត្ថេរ បានក្រាបថ្វាយ បង្គំព្រះដ៏មានព្រះភាគ និមន្តមកកាន់ស្រុកកំណើតរបស់លោក ទទួលចង្ហាន់នៅផ្ទះញោម ហើយសម្តែងព្រះធម៌ រួចហើយបាននិមន្តគង់សម្រាកនៅក្នុងព្រះរាជឧទ្យានឈ្មោះមិគាចីរៈ របស់ព្រះបាទកោរព្យរាជ ។
ព្រះរាជាបានយាងមកជួបហើយ បានសន្ទនាជាមួយនឹងព្រះថេរៈអំពីធម្មុទ្ទេស ៤ យ៉ាង ។ ធម្មុទ្ទេស ៤ យ៉ាង គឺ
១- ឧបនីយតិ លោកោ អទ្ធុវោ សត្វលោកមិនទៀង ត្រូវជរានាំចូលទៅរកសេចក្តីស្លាប់ ។
២- អតាណោ លោកោ អនភិស្សរោ សត្វលោកមិនមានគ្រឿងការពារ មិនមានទីពឹងឡើយ ។
៣- អស្សកោ លោកោ សព្វំ បហាយ គមនីយំ សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវលះបង់នូវរបស់គ្រប់-យ៉ាងហើយទៅ ។
៤- ឩនោ លោកោ អតិត្តោ តណ្ហាទាសោ សត្វលោកមានតែការខ្វះខាត មិនចេះឆ្អែតសុទ្ធតែជាខ្ញុំរបស់តណ្ហា ។
ព្រះរដ្ឋបាលដ៏មានអាយុ បានសម្តែងធម្មុទ្ទេសរួចហើយ ទើប បានសម្តែងគាថាពន្ធ តទៅទៀតដូច្នេះថា៖
បស្សាមិ លោកេ សធនេ មនុស្សេ
លទ្ធាន វិត្តំ ន ទទន្តិ មោហា
លុទ្ធា ធនំ សន្និចយំ ករោន្តិ
ភិយ្យោ ច កាមេ អភិបត្ថយន្តិ ។
អាត្មាភាព ឃើញពួកមនុស្សអ្នកមានទ្រព្យក្នុងលោក បានទ្រព្យគាប់ចិត្តហើយ មិនឲ្យទានព្រោះតែសេចក្តីវង្វេង រមែងធ្វើនូវការសន្សំ ព្រោះជាប់ជំពាក់នឹងទ្រព្យ រឹងរឹតតែប្រាថ្នានូវកាមទាំងឡាយ ឲ្យក្រៃលែងទៅទៀត ។
រាជា បសយ្ហ បឋវឹ វិជិត្វា
សសាគរន្តំ មហិមាវសន្តោ
ឱរំ សមុទ្ទស្ស អតិត្តរូបោ
បារំ សមុទ្ទស្សបិ បត្ថយេថ ។
ព្រះរាជាប្រាបប្រាម ឈ្នះមនុស្សលើផែនដី ហើយគ្រប់គ្រងសម្បត្តិលើផែនដី មានសមុទ្រជាទីបំផុត តែនៅមិនស្កប់នឹងប្រទេសខាងអាយនៃសមុទ្រ តែងប្រាថ្នានូវប្រទេសខាងនាយនៃសមុទ្រទៀត ។
រាជា ច អញ្ញេ ច ពហូ មនុស្សា
អវីតតណ្ហា មរណំ ឧបេន្តិ
ឩនាវ ហុត្វាន ជហន្តិ ទេហំ
កាមេហិ លោកម្ហិ ន ហត្ថិ តិត្តិ ។
ព្រះរាជាក្តី មនុស្សទាំងឡាយដទៃច្រើនក្តី នៅមិនទាន់អស់តណ្ហាផង ក៏រមែងចូលដល់សេចក្តីស្លាប់ មានសភាពជាអ្នកខ្វះខាត ហើយលះបង់នូវរាងកាយ ឈ្មោះថាសេចក្តីឆ្អែតឆ្អន់ដោយកាមទាំងឡាយ រមែងមិនមានក្នុងលោកឡើយ ។
កន្ទន្តិ នំ ញាតិ បកីរិយំ កេសេ
អហោ វតានោ អមរាតិ ចាហុ
វត្ថេន នំ បារុតំ នីហរិត្វា
ចិតំ សមាទាយ តតោ ឌហន្តិ ។
ពួកញាតិរំសាយសក់ទាំងឡាយ ហើយកន្ទក់កន្ទេញ នឹងអ្នកស្លាប់នោះថា ឱហ្ន៎ ! ញាតិយើងស្លាប់ហើយ រួចក៏យកបុគ្គលដែលស្លាប់នោះ រុំដោយសំពត់ នាំទៅដល់ជើងថ្ករហើយដុតក្នុងទីនោះ ។
សោ ឌយ្ហតិ សូលេហិ តុជ្ជមានោ
ឯកេន វត្ថេន បហាយ ភោគេ
ន មិយ្យមានស្ស ភវន្តិ តាណា
ញាតី ច មិត្តា អថវា សហាយា
ទាយាទកា តស្ស ធនំ ហរន្តិ
សត្តោ បន គច្ឆតិ យេន កម្មំ ។
បុគ្គលដែលស្លាប់ទៅនោះ លះបង់នូវភោគៈទាំងឡាយ នៅតែសំពត់មួយ ត្រូវគេដុតចាក់ដោយឈើសូល៍ ពួកញាតិមិត្ត ឬ សម្លាញ់ទាំងឡាយមកជាគ្រឿងការពារឲ្យដល់អ្នកស្លាប់នោះ មិនមានឡើយ មានតែពួកទាយាទនាំយកទ្រព្យរបស់បុគ្គលដែលស្លាប់នោះឯងទៅ ចំណែកសត្វក៏ទៅតាមយថាកម្ម ។
ន មិយ្យមានំ ធនមន្វេតិ កិញ្ចិ
បុត្តា ច ទារា ច ធនញ្ច រដ្ឋំ ។
ទ្រព្យបន្តិចបន្តួច រមែងមិនទៅតាមបុគ្គលស្លាប់ឡើយ ពួកកូនប្រពន្ធ ទ្រព្យនិងដែនក៏មិនជាប់តាមទៅដែរ ។
ន ទីឃមាយុំ លភតេ ធនេន
ន ចាបិ វិត្តេន ជរំ វិហន្តិ
អប្បកញ្ចិទំ ជីវិតមាហុ ធីរា
អស្សសតំ វិប្បរិណាមធម្មំ ។
បុគ្គលមិនមែនបានអាយុវែងព្រោះទ្រព្យទេ ទាំងមិនមែនលះបង់ជរាបាន ព្រោះទ្រព្យដែរ អ្នកប្រាជ្ញទាំងឡាយ ពោលថា ជីវិតនេះតិចពេកណាស់ មិនទៀងទាត់ មានសភាពប្រែប្រួលជាធម្មតា ។
អឌ្ឍា ទលិទ្ទា ច ផុសន្តិ ផស្សំ
ពាលោ ច ធីរោ ច តថេវ ផុដ្ឋោ
ពាលោ ហិ ពាល្យា វធិតោ វ សេតិ
ធីរោ ច ន វេធតិ ផស្សផុដ្ឋោ ។
ពួកអ្នកស្តុកស្តម្ភក្តី អ្នកកំសត់ក្តី តែងពាល់ត្រូវនូវសម្ផស្សស្លាប់ ទាំងពាលទាំងប្រាជ្ញ ក៏ពាល់ត្រូវដូច្នោះដែរ តែថាមនុស្សពាលរមែងដេកទាំងតក់ស្លុត ព្រោះសេចក្តីល្ងង់ ចំណែកអ្នកប្រាជ្ញដែលបានពាល់ត្រូវសម្ផស្សស្លាប់ហើយ ក៏មិនញាប់ញ័រឡើយ ។
តស្មា ហិ បញ្ញា ច ធនេន សេយ្យោ
យាយ វោសានំ ឥធាធិគច្ឆតិ
អព្យាសិតត្តា ហិ ភវាភវេសុ
បាបានិ កម្មានិ ករោន្តិ មោហា ។
ព្រោះហេតុនោះ បុគ្គលបានដល់អរហត្តផលជាទីបំផុតកិច្ច ក្នុងលោកនេះដោយបញ្ញាណា បញ្ញានោះប្រសើរវិសេសជាងទ្រព្យ ( ផ្ទុយមកវិញ ) ព្រោះតែខ្លួនមិនទាន់ដល់កិច្ចជាទីបំផុត និងព្រោះតែសេចក្តីវង្វេង ពួកជនរមែងធ្វើអំពើអាក្រក់ ក្នុងភពតូចនិងភពធំទាំងឡាយ ។
ឧបេតិ គព្ភញ្ច បរញ្ច លោកំ
សំសារមាបជ្ជ បរម្បរាយ
តស្សប្បបញ្ញោ អភិសទ្ទហន្តោ
ឧបេតិ គព្ភញ្ច បរញ្ច លោកំ ។
បុគ្គលរមែងចូលទៅកាន់គភ៌ផង កាន់លោកខាងមុខផង ព្រោះដល់នូវការអន្ទោលទៅតៗគ្នា បុគ្គលអប្បប្រាជ្ញាជឿបុគ្គលនោះ ក៏ចូលទៅកាន់គភ៌ផង កាន់លោកខាងមុខដូចគ្នាដែរ ។
ចោរោ យថា សន្ធិមុខេ គហីតោ
សកម្មុនា ហញ្ញតិ បាបធម្មោ
ឯវំ បជា បេច្ច បរម្ហិ លោកេ
សកម្មុនា ហញ្ញតិ បាបធម្មា ។
ចោរកាន់ធម៌អាក្រក់ ដែលគេចាប់បាន ត្រង់កន្លែងនោះៗ ហើយត្រូវគេបៀតបៀន ( ដាក់ទារុណកម្ម ) ព្រោះកម្មរបស់ខ្លួន យ៉ាងណា ពួកសត្វកាន់ធម៌អាក្រក់ លុះលះលោកនេះទៅ រមែងក្តៅក្រហាយ ព្រោះកម្មរបស់ខ្លួន ក្នុងលោកខាងមុខ យ៉ាងនោះដែរ ។
កាមា ហិ ចិត្រា មធុរា មនោរមា
វិរូបរូបេន មថេន្តិ ចិត្តំ
អាទីនវំ កាមគុណេសុ ទិស្វា
តស្មាហំ បព្វជិតោម្ហិ រាជ ។
ព្រោះតែកាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ និងជាទីរីករាយនៃចិត្ត ទើបបានញាំញីនូវចិត្ត ដោយសភាពផ្សេងៗ បពិត្រមហារាជ ព្រោះហេតុនោះ អាត្មាភាពឃើញទោសក្នុងកាមគុណទាំងឡាយហើយ បានជាអាត្មាភាពបួស ។
ទុមប្ផលានេវ បតន្តិ មាណវា
ទហរា ច វុឌ្ឍា ច សរីរភេទា
ឯតំ វិទិត្វា បព្វជិតោម្ហិ រាជ
អបណ្ណកំ សាមញ្ញមេវ សេយ្យោតិ ។
មនុស្សទាំងឡាយ ទាំងក្មេង ទាំងចាស់ រមែងបែកធ្លាយសរីរៈ ដូចជាផ្លែឈើទាំងឡាយដែលតែងតែជ្រុះចុះ ដូច្នោះឯង បពិត្រមហារាជ អាត្មាភាព បានយល់ច្បាស់នូវហេតុនេះថា សមណភាព ជាការប្រតិបត្តិមិនខុស ប្រសើរជាទីបំផុត ដូច្នេះបានជាអាត្មាភាពបួស ។ សូមអនុមោទនា !
ដកស្រងពី សៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ
images/articles/2632/433covered.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៣៥,២៩៨ ដង)
សុខណាស់ សប្បាយណាស់ កាមគុណ ! តែនេះ វាគឺជាការវង្វេងរបស់ចិត្ត បើយើងកំពុងឈឺដោយជំងឺធ្ងន់ដុនដាប ហើយមានគេមករាំឲ្យមើល លេងភ្លេងឲ្យស្តាប់ ល្អមើលប៉ុនណា ពីរោះប៉ុនណា ក៏យើងមិនបានភ្លើតភ្លើនទៅដែរ យ៉ាងណា បើនឹងយកមាសប្រាក់កែវកងមកចាក់គរឲ្យដូចភ្នំក៏ដោយ ក៏មិនមានសេចក្តីសុខផ្លូវចិត្តដែរ ព្រោះចិត្តមានជំងឺ មានសេចក្តីទុក្ខសោក អាស្រ័យការហួងហែងផ្សេងៗក្នុងជីវិត ។
អ្នកដែលមិនមានការអប់រំចិត្ត ចម្រើនបញ្ញា មិនមានសេចក្តីស្ងប់សុខផ្លូវចិត្ត ទោះជានៅទីណា ទៅកន្លែងណា ឮសូរតែរអ៊ូរទាំ រៀបរាប់ពីទុក្ខលំបាកយ៉ាងនេះ យ៉ាងនោះ ទាំងដែលសម្បូណ៌គ្រប់យ៉ាង ផ្ទះប៉ុនភ្នំ មាសប្រាក់ចាក់គរ ប៉ុន្តែឮសូរតែរៀបរាប់ខ្វះខាត កើតទុក្ខមិនសុខចិត្ត មុខក្រៀមក្រំ និងបន្លំបោកប្រាស់ខ្លួនឯង ស្វែងរកការសប្បាយក្នុងផ្លូវខុស ផ្លូវមារ ផ្លូវបិសាច នេះឯងដែលហៅថា ការវង្វេងរបស់ចិត្ត ។ ៚ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2342/23rfsd.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៧៨,២៨៧ ដង)
កាលពីព្រេងនាយ មានព្រះពោធិសត្វមួយអង្គទ្រង់បានយោនយកកំណើតជាកូនចាបចៀបកប្បាស ។ កូនចាបចៀបកប្បាសនោះមានជើង និងស្លាបតូច ៗ នៅឡយ, មិនទាន់ចេះដើរឬហោះហើរបាននៅឡើយទេ ។
មេបាវាទាំងពីរខិតខំប្រឹងប្រែងជាខ្លាំងដើម្បីស្វែងរកចំណីយកមកសម្បុកដើម្បីបញ្ចុកចំណីវាតាមចំពុះ ។ នៅតំបន់ព្រៃដែលចាបចៀបកប្បាសបានយោនយកកំណើតនោះ ជាភូមិមួយក្នុងលោកយើងនេះដែលតែងតែមានភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ ។
នាកាលវេលាឆ្នាំនោះឯង ក៏មានភ្លើងចាប់ឆាបឆេះព្រៃម្តងទៀត ។ បក្សាបក្សីទាំងអស់ដែលមានលិទ្ធភាព ក៏បាននាំគ្នាហើរទៅឆ្ងាយចាប់តៃងតែមានផ្សែងជាដម្បូងមកម្លេះ ។ ដោយហេតុថា ភ្លើងកាន់តែឆាបឆេះមកជិតសម្បុកកូនចាបចៀបកប្បាសបន្តិចម្តង ៗ ហើយនោះ ។
មេ និងបាទាំងពីរនាំគ្នាបន្សល់ខ្លួននៅជាមួយនឹងកូន ។ នៅទីបំផុត ភ្លើងបានឆាបឆេះមកជិតមែនទែន ដែលបានធ្វើឲ្យមេបាទាំងពីរបង្ខំចិត្តហើរចាកចេញយករួចតែជីវិតខ្លួន ចោលកូនចាបសម្លាញ់ទាំងចិត្តក្តុកក្តួលជាអនេក ។
ដើមឈើទាំងអស់ ទាំងតូចទាំងធំត្រូវបានភ្លើងឆេះរលំដួល ជាមួយនឹងសម្លេងផ្ទុះរប៉េះរប៉ោះជាខ្លាំង ។ កូនចាបចៀបកប្បាសបានឃើញអ្វី ៗ ត្រូវបានភ្លើងឆេះបំផ្លាញយ៉ាងសាហាវ ដោយគ្មានអ្វីអាចគ្រប់គ្រងបានឡើយ ។
វាមិនអាចធ្វើអ្វី ដើម្បីជួយដល់ជីវិតខ្លួនបានឡើយ ។ នៅក្នុងខណៈនេះ ចិត្តកូនចាបចៀបកប្បាសមានអារម្មណ៍ពោរពេញទៅដោយសេចក្តីអស់សង្ឃឹមជាខ្លាំង ។
ប៉ុន្តែរំពេចនោះ កូនចាបចៀបបាននឹងភ្នកក្នុងចិត្តថា ៖ " មេនិងបាខ្ញុំ លោកអាណិតស្រឡាញ់ខ្ញុំខ្លាំងណាស់ ។ ដោយមិនខ្លាចនឿយហត់អ្វីទាំងអស់ លោកបានធ្វើសម្បុកមួយសម្រាប់ខ្ញុំ និងចិញ្ចឹមបំប៉នរក្សាខ្ញុំ ដោយគ្មានការលោភលន់អ្វីសោះឡើយ ។ នៅពេលភ្លើងបានឆាបឆេះជិតមកដល់ លោកទាំងពីរបាននាំគ្នាបន្សល់ខ្លួននៅជាមួយខ្ញុំ រហូតដល់នាទីចុងក្រោយបំផុត ។
បក្សាបក្សីទាំងអស់ដែលមានលទ្ធភាពអាចហោះហើរបាន គេបាននាំគ្នាហើរចេញទៅឆ្ងាយ តាំងតែពីមុនយូរណាស់មកហើយ ។ អញ្ជឹងហើយ មេត្តាធម៌របស់មេ និងបាដែលលោកមានចំពោះខ្ញុំធំធេងណាស់ ។
លោកបានបន្សល់ខ្លួននៅជាមួយខ្ញុំដោយផ្សងព្រេងនឹងគ្រោះថ្នាក់នៃជីវិតរបស់លោកទាំងពីរ ។ តែ ទោះជាយ៉ាងណាក៏ដោយ ក៏លោកនៅតែគ្មានសង្ឃឹមថានឹងអាចជួយយកអាសារជីវិតខ្ញុំបាន ។
ដូច្នេះហើយ ដោយសារតែលោកមិនអាចបីពរយកខ្ញុំទៅជាមួយបាន ទើបលោកដាច់ចិត្តហោះហើរចេញទៅតែខ្លួន ។ ខ្ញុំសូមអរគុណដល់លោកទាំងពីរ ចំពោះសេចក្តីស្រឡាញ់របស់លោក ដែលមានចំពោះរូបខ្ញុំ ទោះជាលោកទាំងពីរដល់ទីណាក៏ដោយ ។ ខ្ញុំសូមផ្សងដោយអស់ពីចិត្ត សូមឲ្យលោកទាំងពីរបានរួចផុតពីគ្រោះថ្នាក់ មានសុខមាលភាព និងសុភមង្គល ។ "
" ឥឡូវនេះ ខ្ញុំនៅតែម្នាក់ឯងតែលតោល ។ គ្មានអ្នកណាមនាក់ដែលខ្ញុំទៅរកឲ្យជួយបានទេ ។ ខ្ញុំមានតែស្លាប តែខ្ញុំមិនអាចហើរឲ្យរួចខ្លួនបាន ។ ខ្ញុំមានជើង តែខ្ញុំមិនអាចរត់គេចចេញបាន ។
ប៉ុន្តែ ខ្ញុំនៅអាចគិតបាន ។ សល់តែចិត្តប៉ុណ្ណោះ ដែលខ្ញុំនៅប្រើបាន គឺជាចិត្តដែលបរិសុទ្ធ ។ ក្នុងជិវិតដ៏ខ្លីរបស់ខ្ញុំ សត្វលោកដែលខ្ញុំស្គាល់ មានតែមេ និងបារបស់ខ្ញុំតែប៉ុណ្ណោះ ។
ហើយចិត្តរបស់ខ្ញុំសោត ក៏ពោរពេញទៅដោយក្តីមេត្តាករុណាចំពោះលោកទាំងពីរ ។ ខ្ញុំមិនដែលបានធ្វើអំព៉ើអាក្រក់ ដល់អ្នកណាម្នាក់ឡើយ ។ ខ្ញុំមានតែសច្ចភាពនៃទារកនិរទោសតែប៉ុណ្ណោះ ។
រំពេចនោះ បាដិហារដ៏មហស្ចារ្យមួយបានកើតឡើង ។ សច្ចភាពនៃទិរទោសនេះបានរីកធំឡើង ៗ រហូតដល់បានធំជាងខ្លួនកូនចាបចៀបកប្បាស ។ ចំណេះដឹងចំពោះសច្ចធម៌នេះ មានកម្រិតខ្ពស់ហួសឆ្ងាយផុតពីជីវិតរស់នៅរបស់បុគ្គលម្នាក់ ៗ ។
ចំណេះដឹងនេះព្រះពោធិសត្វ លោកមិនត្រឹមតែយល់ដឹងតែនៅក្នុងជាតិនេះទេ គឺលោកក៏មានចំណេះដឹងនេះតាំងតែពីគ្រប់ជាតិមុន ៗ មកផងដែរ ចំណេះដឹងនេះ ហៅថា បុព្វេជាតិស្សរញ្ញាណ ប្រែថា ( ប្រាជ្ញារលឹកជាតិកំណើត ពីក្នុងអតីតកាលបាន ) ។
នរជនដែលបានយោនយកកំណើតពីជាតិមុនយ៉ាងនេះបាននាំ្យមនុស្សជាតិស្គាល់ថា ជាព្រះពុទ្ធមួយអង្គ ដែលលោកជាអ្នកបានសម្រេចសម្មាសម្ពោធិញ្ញាណ ស្គាល់សច្ចធម៌ច្បាស់លាស់ លោកជាអ្នកមានអនុភាព នៃសច្ចធម៌, ភាពបរិសុទ្ធនៃកុសលធម៌ និងគោលបំណងនៃមេត្តាធម៌ ។
ដូច្នេះហើយ ព្រះពោធិសត្វដែលជាកូនចាបចៀបកប្បាស លោកបានអធិដ្ឋានតាំងមាំក្នុងចិត្តថា ៖ " សូមឲ្យសច្ចភាពនៃនិរទោសនេះបានជួបជុំជាមួយភាពបរិសុទ្ធនៃកុសលធម៌ និងអានុភាពនៃសច្ចធម៌ដ៏បុរាណផងចុះ ។
សូមឲ្យបក្សាបក្សា និងសត្តនិករទាំងអស់ ដែលនៅជាប់អន្ទាក់ភ្លើងឆេះព្រៃនេះ បានរួចផុតពីគ្រោះភ័យ ។ និងសូមឲ្យទីកន្លែងត្រង់នេះបានចៀសរួចផុតពីភ្លើងព្រៃមួយលានឆ្នាំទៅហោង ។ " ហើយអ្វី ៗ ក៏បានសម្រេចដូចសេចក្តីអធិដ្ឋានតាំងចិត្តសច្ចាប្រាថ្នារបស់ព្រះពោធិសត្វមែន ។
ដំបូន្មានៈ សច្ចធម៌, កុសលធម៌ និងករុណាធម៌អាចសង្រ្គោះពិភពលោកបាន ។
ដកស្រង់ចេញពីសៀវភៅៈ ព្រហ្មចរិយេសនា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2343/etf5tf455ff5ter5.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៧១,៩៧២ ដង)
សាសនិកនៅក្នុងពាហិរសាសនាជាច្រើន វៀរតែព្រះពុទ្ធសាសនាពួកគេបានជឿថា សាសនាទាំងអស់មានដើមកំណើតមកពីស្ថានសួគ៌មាន ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ ព្រះសិវៈ ឬព្រះជាម្ចាស់ ព្រះសួគ៌ និងព្រះដទៃៗ ជាច្រើនទៀត នៅឯស្ថានសួគ៌ជាអ្នកបង្កើតឡើង ព្រមទាំងបានចុះមកផ្សព្វផ្សាយ ឬបង្រៀនមនុស្សឲ្យដឹងពីត្រៃវេទ របស់ខ្លួនដោយបង្កើតឡើង ជាគម្ពីរក្បួនខ្នាតសម្រាប់ឲ្យមនុស្សសូត្រសរសើរ ឬសូត្របួងសួងក្នុងពិធីផ្សេងៗជាដើម។ ឯសាសនាផ្សេងទៀតក៏មានការជឿថា ដើម្បីចូលកាន់សាសនារបស់ពួកគេបាននោះ លុះតែជឿឲ្យស៊ប់កុំសង្ស័យចំពោះព្រះរបស់ពយកគេជាដើម នោះទើបព្រះជាម្ចាស់ ឬព្រះសួគ៌របស់ពួកគេចុះមកជួយយឹងយោងបាន ហើយត្រូវមានការស្បថសច្ចា អធិដ្ឋានចំពោះព្រះដ៏បរិសុទ្ធរបស់ពួកគេ នោះទើបព្រះអាចជួយប្រោសបាន ឬជួយលុបលាងបាបឲ្យសាវកនោះបាន...។
តាមការសង្កេតផ្ទាល់របស់ខ្ញុំ ចំពោះពាហិរសាសនាទាំងអស់ឃើញថា គេនិយមយកភាពអស្ចារ្យ សក្ដានុពល និងភាពវិជ្ជាមានផ្សេងៗរបស់ព្រះគេមកបង្រៀនឲ្យមនុស្សសូត្រ ហើយបង្គាប់ឲ្យមនុស្សជឿថាពាក្យទាំងឡាយក្នុងព្រះគម្ពីរនោះៗ គឺជាព្រះបន្ទូលផ្ទាល់របស់ព្រះគេ ព្រមទាំងមានការធានារ៉ាប់រងថា អ្នកជឿព្រះរបស់ពួកគេនឹងបានរួចផុតចាកទុក្ខត្រូវបានព្រះដ៏បរិសុទ្ធនាំឲ្យទៅកើតក្នុងស្ថានសួគ៌ជាដើម។ តើឯណាទៅស្ថានសួគ៌? តើព្រះតាំងនោះ ពិតជាអាចជួយសង្គ្រោះមនុស្សលោកទាំងឡាយបាន ដោយគ្រាន់តែជឿតាមព្រះទាំងនោះឬ? តើអ្នកអាចជឿបានទេថា បាបកម្មដែលអ្នកបានប្រព្រឹត្តដោយខ្លួនឯង ព្រះពិតជាចុះមកទទួលរងទុក្ខជំនួសរូបអ្នកបាន? តើរឿងទាំងនេះ ជាការគិតស្រមើស្រមៃរបស់អ្នកដូចក្នុងរឿងកុន រឿងវីដេអូទេ? ឬមួយជាការជឿតាមពាក្យឃោសនារបស់សាវករបស់គេ ទាំងដែលរូបអ្នកនៅស្រពេចស្រពិលទេ? តើអ្នកធ្លាប់ឮពាក្យថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ឬពាក្យថា ដាំពូជបែបណាបានផ្លែផ្កាបែបនេះទេ? ហេតុផលវាជាគូគ្នាយ៉ាងណា ការជឿលើសាសនាទាំងងងឹតងងល់ក៏ជាគូនៃការនៅប្រាសចាកសតិ ក្នុងការយល់ដឹងទ្រឹស្ដីកម្មផលដែរ។
ព្រោះអ្វី? ព្រោះថាសាសនាជាច្រើនគេមិនបានបង្រៀនមនុស្សឲ្យចេះគិតរកផ្លូវត្រាស់ដឹងនូវសច្ចៈឡើយ គឺត្រូវពឹងលើព្រះតែម្យ៉ាងប៉ុណ្ណោះ ទើបអាចជួយដោះស្រាយនូវសេចក្ដីទុក្ខទាំងពួងបាន បើព្រះគេថាឆ្វេងគឺត្រូវថាឆ្វេង បើថាស្ដាំ គឺត្រូវថាស្ដាំ ពួកគេនិយមប្រើពាក្យជឿជំនួសឲ្យពាក្យថា យល់ដឹង ស្រាវជ្រាវបន្ថែម ឬដកពិសោធនដោយខ្លួនឯង ពួកគេនិយមយកជំនឿតាំងមុខទាំងងងុល មិនព្រមពិចារណារកការពិតទាល់តែសោះ ឱហ្ន៎! មនុស្សភ្នែកភ្លឺសោះបែរជាធ្វើខ្វាក់ មនុស្សដេកសម្ងំ (ដេកមិនលក់) បែរធ្វើជាដេកលក់នេះ ពិបាកដាស់ឲ្យភ្ញាក់មែនទែន ហេតុផលតែងមានពិតដោយសារតែជំនឿផ្កាប់មុខ ជាប់ជំពាក់ក្នុងលាភសក្ការៈ និងអំណោយបន្តិចបន្តួចបិទភ្នែកជឿទាំងអគតិ ធ្វើឲ្យបាត់បង់ស្មារតី ព្រមទាំងការពិតក្នុងធម្មជាតិទៅវិញ បែបនេះគួរហៅថា មនុស្សក្បត់នឹងឧត្ដមគតិខ្លួនឯង ទើបសមជាងពាក្យថា សាវករបស់ព្រះ (ទាំងនោះ)។
ការជឿផ្កាប់មុខដោយមិនព្រមស្ដាប់ហេតុផលនៃធម្មជាតិ វាមិនមែនជាបដិបទានៃការត្រាស់ដឹងនូវសច្ចៈក្នុងលោកនេះឡើយ លុះត្រាតែដកជំនឿចេញ បែរមកសិក្សា ដកពិសោធតាមសច្ចធម៌វិញទើបល្អជាង។
គោលជំហនៃព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនា គឺមានដើមដំណើតនៅលើភពផែនដីនេះហើយព្រះពុទ្ធសាសនាបានស្ថិតស្ថេរគង់វង្ស ព្រមទាំងមានការតាំងមាំក្នុងចិត្តរបស់មនុស្សទាំងឡាយ មិនមែនព្រោះតែបង្រៀនមនុស្សឲ្យជឿលើការឃោសនា ការសម្ដែងអួតសរសើរ ការអូសទាញ ឬការបញ្ចុះបញ្ចូលមនុស្សឲ្យជឿទាំងខ្វះហេតុផល ឬឲ្យជឿដោយបង្ខិតបង្ខំដោយការឲ្យវត្ថុសម្ភារៈ លុយកាក់ ប្រាក់កាសបន្តិចបន្តួចហើយ កៀរគរបរិស័ទនោះទេ។
តាមពិតទៅអ្នកដែលគោរពបូជាព្រះពុទ្ធសាសនា មិនមែនបែបប្រមូលបរិស័ទនោះទេ ហើយក៏មិនមែនជឿព្រោះបានលាភសក្ការៈនោះដែរ។ គ្រប់មនុស្សទាំងអស់ដែលត្រូវបានហៅថា ពុទ្ធបរិស័ទ នោះគឺសុទ្ធតែបានឆ្លងកាត់ការឈ្វេងយល់យ៉ាងច្បាស់ អំពីគោលការណ៍សំខាន់ៗនៃមាគ៌ាប្រតិបត្តិរួចទៅហើយ ទើបពួកគេមានការជឿជាក់ជាខាងក្រោយមិនមែនជឿរួចហើយទើបប្រតិបត្តិតាមនោះទេ វាស្របទៅនឹងពាក្យថា គិតហើយសឹមគូរ ទើបត្រឹមត្រូវប្រាកដនិយម មិនមែនគូររួចហើយទើបគិតជាខាងក្រោយនោះទេ ឬមួយក៏ខ្ញុំគិតខុសម្នាក់ឯង អាត្មានិយមទេដឹង? ចុះអស់លោកអ្នកអានវិញ មានការយល់យ៉ាងណាដែរ?
ជាការពិតណាស់ បើទោះបីជាច្បាប់នៅប្រទេសកម្ពុជាបានចែងថា ប្រជាជនទាំងពីរភេទមានសិទ្ធិគោរព និងជំនឿលើសាសនាដែលខ្លួនពេញចិត្តក៏ដោយ តែក៏បានប្ដេជ្ញាយ៉ាងមុតមាំផងដែរថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ប្រជាជនជាង ៩៥ ភាគរយគោរពបូជាព្រះពុទ្ធសាសនា និងគាំទ្រយ៉ាងមុតមាំមិនថាតែ អ្នករស់នៅទីក្រុង ឬជនបទស្រែចម្ការនោះទេ ហើយមានពុទ្ធមណ្ឌល (វត្តអារាម) គ្រប់ទិសទីក្នុងប្រទេសផងដែរ។
វិសាលភាពនៃព្រះពុទ្ធសាសនា
បើតាមប្រវត្តិសាស្ត្រក៏បានគូសបញ្ជាក់ផងដែរថា ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយមកកាន់ដែនដីសុវណ្ណភូមិ តាំងពីព្រះពុទ្ធសករាជ ២៣៤ មកម្ល៉េះ។ នៅក្នុងចំណោមប្រទេសទាំងនោះ ក៏មានប្រទេសកម្ពុជាមួយផងដែរ ដែលទទួលបាននូវឥទ្ធិពលនៃព្រះពុទ្ធសាសនាដ៏ថ្លៃថ្លាជាអនេកអនគ្ឃរកថ្លែងពុំត្រូវទាល់តែសោះនេះ ហើយប្រជាជនទាំងអស់ក៏បានទទួលស្គាល់ថា ជាសាសនាមួយដឹកនាំសង្គមមនុស្សឲ្យមានសុខសន្តិភាពវិបុលភាព ភាតរភាព សាមគ្គីភាព និងវឌ្ឍនភាពយ៉ាងទូលំទូលាយ ទូទាំងពិភពលោកផងដែរ។
សរុបសេចក្ដីទៅអាចហៅបានថា ព្រះពុទ្ធសាសនា គឺជាសាសនាសន្តិភាព និងពោរពេញដោយបញ្ញាញាណ ហេតុដូច្នេះ ទើបពុទ្ធបរិស័ទសុទ្ធសឹងតែជាអ្នកប្រកបដោយសុទ្ធិដ្ឋិនិយម ហេតុផលនិយម កម្មផលនិយម និងភាពប្រាកដនិយមចំពោះទស្សនៈជីវិតនៃមនុស្សជាតិ។
បើទោះបីជាព្រះពុទ្ធសាសនាមានភាពប្រាកដនិយម ដែលមនុស្សអាចសិក្សាឈ្វេងយល់ និងពិសោធបានដោយខ្លួនឯងក៏ដោយ ក៏គង់នៅមានមនុស្សជាច្រើនបដិសេធមិនទទួលយកមកប្រតិបត្តិដែរ ថែមទាំងនាំគ្នាពោលចំអក តិះដៀល មើលងាយ ពេបជ្រាយ ចំពោះព្រះពុទ្ធសាសនាទៀតផងដូចជាថា ព្រះពុទ្ធសាសនាដឹកនាំមនុស្សឲ្យក្រៃក្រ ដឹកនាំមនុស្សឲ្យទន់ខ្សោយ ដឹកនាំមនុស្សឲ្យខ្លាចគេ ដឹកនាំមនុស្សឲ្យគិតតែពីផលប្រយោជន៍ខ្លួនជាដើម។ ចុះពុទ្ធបរិស័ទផ្ទាល់យល់ឃើញយ៉ាងណាដែរ? ទើបបានជាយកចិត្តទុកដាក់ក្នុងការប្រតិបត្តិតាមឱវាទរបស់ព្រះអង្គ? ព្រះពុទ្ធសាសនាក៏មិនអួតសរសើរថា ខ្លួនល្អឥតខ្ចោះនោះដែរ គឺនៅរង់ចាំអ្នកយកធម៌ទៅប្រើប្រាស់ដកពិសោធមើលដោយខ្លួនឯង បើទោះបីជាព្រះពុទ្ធសម្ដែងថាផ្លូវនេះល្អគួរតែដើរ តែអ្នកមិនព្រមដើរ បែរទៅជាជ្រើសរើសផ្លូវផ្សេង ហើយស្រាប់តែមកបន្ទោសផ្លូវវិញនោះ វាជារឿងមិនត្រឹមត្រូវទេ ប្រការសំខាន់ គឺត្រូវអនុវត្តដោយខ្លួនឯង កុំឲ្យឮតែគេថា ហើយតិះដៀលព្រះពុទ្ធសាសនា ទាំងដែលខ្លួននៅក្នុងសង្គមនៅមានព្រះពុទ្ធសាសនាស្ថិតស្ថេរ តាំងនៅឲ្យត្រចះត្រចង់គួរតែសាកល្បង ដកពិសោធមើលមើល៍ កុំឲ្យដូចជាពាក្យមួយពោលថា
កង្កែបនៅជិតគុម្ពឧប្បល មិនស្គាល់ជាតិឈូកក្លិនគន្ធា
កន្លង់នៅឆ្ងាយត្រេចត្រង់ផ្កា ជញ្ជក់រសាកេសរបាន។
ធម៌ព្រះល្អល្អះមិនខំរៀន ចេះចាំនឹងមានពីថ្មើរម៉ាន
ខុសប្លង់ភ្លាំងភ្លាត់ទុក្ខសាមាន្យ ស្ដីញាតិសន្ដានថាមិនប្រាប់។
ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ
រៀបរៀងដោយ សាមណេរ សា ចាន់រ៉ាត់
ដោយ៥០០០ឆ្នាំ
images/articles/2344/gt5eyfret.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៦៥,០៣៨ ដង)
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង
អដ្ឋកថា ខុទ្ទកនិកាយ ខុទ្ទកបាឋ
១- ព្រះពុទ្ធប្រៀបដូចជាព្រះចន្ទពេញបូណ៌មី ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះចន្ទ ព្រះសង្ឃប្រៀបដូចជា លោកដែលស្រស់បស់ដោយរស្មីនៃព្រះចន្ទពេញបូណ៌មីនោះ។
២- ព្រះពុទ្ធប្រៀបដូចជាព្រះអាទិត្យ ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះអាទិត្យ ព្រះសង្ឃប្រៀបដូចជាលោក ដែលដួងអាទិត្យកម្ចាត់ភាពងងឹតហើយ។
images/articles/2345/e5yg45ygey54.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៦៤,៦៨៧ ដង)
មិត្តាមិត្តជាតក
ព្រះសាស្ដា កាលស្ដេចទ្រង់គង់នៅក្នុងវត្តជេតវ័នមហាវិហារ ទ្រង់ប្រារព្ធអមាត្យ អ្នកប្រព្រឹត្តប្រយោជន៍ របស់ព្រះបាទកោសល ត្រាស់ព្រះធម៌ទេសនានេះ មានពាក្យចាប់ផ្ដើមថា កានិ កម្មានិ កុព្វានំ ដូច្នេះ។
បានឮថា អមាត្យនោះ បានមានឧបការៈចំពោះព្រះរាជាជាច្រើន ព្រះរាជាក៏បានប្រទានសក្ការរាប់រកគេយ៉ាងក្រៃលែង ពួកអមាត្យដ៏សេសអត់ទ្រាំ
images/articles/2350/efw4recewfewrgw43t43634.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៥២,៧៩១ ដង)
ការរស់នៅ ត្រូវតែប្រកបដោយធម៌ទាំង ៤ យ៉ាងនេះ កុំបីខានគឺ
ទី ១ មេត្តា សេចក្ដីស្រឡាញ់ប្រាថ្នាឲ្យគេបានសុខ
ទី ២ ករុណា សេចក្ដីអាណិតគិតជួយឲ្យគេរួចចាកទុក្ខ
ទី ៣ មុទិតា សេចក្ដីត្រេកអរតាមក្នុងពេលវេលា ដែលគេបានល្អ
ទី ៤ ឧបេក្ខា សេចក្ដីតាំងចិត្តជាកណ្ដាល មិនឲ្យមានសោមនស្សនិងទោមនស្សក្នុងវេលា ដែលគេមានសេចក្ដីវិបត្តិ។
១. មនុស្សយើងកាលណាបើមិនបាន សិក្សារៀនសូត្រនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ដើម្បីធ្វើការអប់រំចិត្តនោះទេ គឺមានការច្រណែនគ្នាគ្រាន់តែឃើញគេធ្វើល្អ ក៏មិនចេះត្រេកអរក្នុងសេចក្ដីល្អរបស់អ្នកដទៃដែរដូច្នេះ មេត្តាធម៌ឮព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងឲ្យមនុស្សយើងចេះត្រេកអរក្នុងអំពើល្អរបស់អ្នកដទៃ។
២. នៅក្នុងធម៌ករុណានេះ ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យមនុស្សយើងចេះអាណិតដល់អ្នកដទៃ ហើយចេះត្រេកអរក្នុងសេចក្ដីល្អរបស់អ្នកដទៃ ហើយមានការប្រាថ្នាឲ្យគេបាននូវសេចក្ដីសុខ បើគេមានទុក្ខ ប្រាថ្នាគេរួចផុតអំពីសេចក្ដីទុក្ខនោះ។
៣. ពេលដែលបានធ្វើអ្វីមួយជាមួយអ្នកដទៃ ប្រកបដោយកុសលធម៌ដូចជាមានការចិញ្ចឹមបីបាច់ ថែរក្សា បង្ហាត់បង្រៀនប្រៀនប្រដៅដូចជាមាតាបិតា ដែលបានបរិច្ចាគទានជាដើម មិនចង់បានអ្វីអំពីកូនឡើយ មានតែការសប្បាយរីករាយ និងការត្រេកអរតាមជារៀងរហូត តែបើផ្ទុយ មកវិញមានការជួយអ្នកដទៃហើយ តែចង់បានការតបស្នងសងគុណ មក លើខ្លួនវិញនោះ មិនអាចមានឈ្មោះថាមុទិតាឡើយ។
៤. ធម្មតាមនុស្សយើងបានសាងនូវផលប្រយោជន៍ សម្រាប់ការពារខ្លួនរបស់យើងនោះ រមែងមានការលំបាកលំបិនខ្លាំងណាស់ បើសិនជាយើងបានធ្វើប្រយោជន៍ជាផលបុណ្យ តែមានការមិនបានសម្រេចដូចប្រាថ្នានោះ រមែងក្ដៅក្រហាយជាមិនខានដូចជាឧបេក្ខាជាដើម ការតាំងចិត្តជា កណ្ដាលមិនងាយនឹងធ្វើបានទេ ប្រសិនបើយើងមិនបានពិចារណា ទៅតាមព្រះធម៌នោះទេ ការចង់ជួយឲ្យគេបានសេចក្ដីសុខ ចង់ឲ្យគេមាន ចង់ឲ្យគេដូចយើង ទាំងនេះហើយបើគេមិនធ្វើដូចជា អ្វីដែលយើងប្រាថ្នាទេនោះ អ្នកខ្លះខូចចិត្តដោយសារតែរំពឹងចង់ឲ្យគេតបស្នង ទាំងនេះហើយបាន ជាឧបេក្ខានេះមានចិត្តជាកណ្ដាលៗ ពេលគេមិនដឹងគុណក៏មិនក្រវល់ ក្រវាយចិត្ត គេមិនធ្វើតាមយើងមិនបញ្ហាឡើយ។ នេះគឺមានទាំងអស់នៅ ក្នុងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំងស្រុង តែសូមពិចារណាផង គឺមាន ចិត្តជាកណ្ដាលកន្លែងនេះត្រូវពិចារណាដោយបញ្ញា។
ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា
ដោយ៥០០០ឆ្នាំ
images/articles/2388/45g4ft4e6th4wgtf4ef5ythegszsfrztf.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៩,២៤៥ ដង)
មនុស្សយើងគ្រប់គ្នា តែងចង់ឲ្យខ្លួនឯងមានជីវិតរស់នៅយូរអង្វែង ចង់មានទ្រព្យសម្បត្តិស្តុកស្តម្ភ មិនចង់ឲ្យមានរោគផ្សេង ៗ ចង់រស់នៅជួបជុំភរិយាស្វាមី កូនចៅប្រុសស្រី ចង់ឲ្យគេមានភក្តីស្មោះត្រង់នឹងខ្លួនឯង មិនចង់ឲ្យគេនិយាយភូតភរកុហក បោកប្រាស់ ចង់ឲ្យនិយាយតែពាក្យសច្ចៈ ពិតទៀងត្រង់ ចង់ឲ្យខ្លួនឯងបរិបូរទៅដោយបញ្ញា មិនចង់ឲ្យខ្លួនឯងក្លាយខ្លួនទៅជាមនុស្សឆ្គួត វិកល់ចរិក មានសតិវិប្បលាស បាត់បង់បញ្ញាស្មារតី ចង់ឲ្យខ្លួនឯងពោរពេញទៅដោយសេចក្តីសុខគ្រប់យ៉ាង . . . ។ បេ ។
យើងដែលនិយាយថាចង់បាន ៗ ៗ គ្រប់គ្នានេះ ចុះហេតុអ្វីបានជាយើងមិនព្រមនាំគ្នាធ្វើនូវប្រយោជន៍ ដែលនាំឲ្យបាននូវរបស់ទាំងអស់នោះ ចេះតែស្រែងក្តែង ៗ ថា ចង់បាននេះ ចង់បាននោះ ចង់ឲ្យខ្លួនឯងមានសេចក្តីសុខណាស់ តែមិនព្រមនាំគ្នាធ្វើនូវហេតុដែលនាំឲ្យមាននូវសេចក្តីសុខ តើនឹងមានសេចក្តីសុខពីណាមក ?
ដោយហេតុតែចង់ឲ្យជីវិតរបស់ខ្លួនរស់នៅយើនយូរ តែបែរជាទៅបៀតបៀនជីវិតអ្នកដទៃ តើនេះឈ្មោះថា យើងកំពុងតែសាងនូវភាពជាអ្នកមានអាយុវែងឬ ? ចង់មានទ្រព្យសម្បត្តិតែបែរជាទៅលួចទ្រព្យអ្នកដទៃ ដើម្បីឲ្យខ្លួនឯងមាន ចង់មានសេចក្តីសុខ តែបែរទៅប្រព្រឹត្តិបំពានលើសេចក្តីសុខរបស់អ្នកដទៃ សួរថាតើអំពើទាំងអស់នេះវាសមគួរដែរឬ ?
ព្រះបរមសាស្តាចារ្យព្រះអង្គទ្រង់ត្រាស់សម្តែងថា បើយើងចង់បានអាយុវែង ចង់បានទ្រព្យស្តុកស្តម្ភ ចង់ឲ្យឯងមានសេចក្តីសុខនៅក្នុងក្រុមគ្រួសារ ចង់ឲ្យគេមានភាពស្មោះត្រង់នឹងខ្លួនឯង និងចង់មានបញ្ញា គឺត្រូវវៀកចាកបញ្ចវេរាទាំង ៥ គឺសីល ៥ នឹងឯង ពីព្រោះអ្នកមានសីល ៥ រមែងបានទទួលនូវគុណធម៌ដូច្នេះគឺ
-សីលទី ១ មិនបៀតបៀនជីវិតអ្នកដទៃគឺមិនសម្លាប់សត្វនាំឲ្យមានធម៌ មេត្តា ។
-សីលទី ២ មិនលួចទ្រព្យគេ នាំឲ្យមានធម៌ សម្មាអាជីវៈ ។
-សីលទី ៣ មិនប្រព្រឹត្តខុសក្នុងកាម នាំឲ្យយើងមាននូវធម៌ សទារន្តោសៈ ។
-សីលទី ៤ មិននិយាយកុហក នាំឲ្យមានធម៌ សច្ចៈ ។
-សីលទី ៥ មិនផឹកនូវទឹកស្រវឹង នាំឲ្យមានធម៌ សតិសម្បជញ្ជៈ ។
សីលទាំង ៥ នេះដែលមនុស្សគួរតែខំប្រឹងប្រែងរក្សាឲ្យដូចជាយើងរក្សានូវជីវិតរបស់ដូច្នោះដែរ ដើម្បីបានជាមាគ៌ាសម្រាប់ជីវិតរបស់យើង ដែលធ្វើដំណើរទៅលោកខាងមុខនឹងបានជាគ្រឿងប្រដាប់ សម្រាប់តម្រែ តម្រង់ និងកែតម្រូវផ្លូវនៃជីវិតរបស់ខ្លួនឲ្យប្រកាន់តែប្រសើរ ។
ដកស្រង់ចេញពីសៀវភៅៈ សមាធិសម្រាប់កុមារា កុមារី យុវជន យុវតី
រៀបរៀងដោយៈ ព្រះបាឡាក់ សម្បត្តិចន្ទសុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ )
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2387/325grvwefrcw4erb4wvefrfsd5gr4vesdf.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៨,៧២៨ ដង)
ចូរអ្នកក្រោកពីដេកឲ្យបានព្រឹកព្រហាម ហើយចេញទៅក្រៅផ្ទះឬទីធ្លា ឬរានហាលមុខផ្ទះជាបន្ទាន់ ចូរអ្នកស្រូបយកខ្យល់អាកាសឲ្យបានពេញសួត ហើយបញ្ចេញមកវិញយ៉ាងយឺត ៗ អ្នកសម្លឹងមើលទៅទិសនានា អ្នកនឹងបានឃើញសត្វរាប់លានជីវិតដែលកំពុងចេញមកទទួលយកនូវពន្លឺថ្មី នៃព្រះអាទិត្យ ចូរអ្នកតាំងសេចក្តីប្រាថ្នាល្អចំពោះគេថា៖
សូមឲ្យលោកឪពុក និងអ្នកម្តាយ តាយាយ មីងមា អ៊ុំទាំងឡាយ សូមឲ្យសប្បាយចម្រើនសុខចុះ លោកគ្រូ អ្នកគ្រូ បងប្អូន មិត្តភ័ក្តិផងចុះកុំបីទុក្ខព្រួយ ។
បន្ទាប់មកអ្នកត្រូវតាំងចិត្តថា៖
តាំងតែពីពេលនេះតទៅ អាត្មាអញនឹងគិតតែរឿងណាដែលល្អ និយាយតែពាក្យល្អ ធ្វើតែការងារណាដែលល្អ ។ ដើម្បីឲ្យចិត្តរបស់អាត្មាអញបានស្ងប់សុខ អាត្មាអញនឹងមិនធ្វើឲ្យនរណាម្នាក់បានទទួលទោសឡើយ ។
នរណាក៏ដោយ ដែលកំពុងមានទុក្ខ សូមឲ្យអ្នករួចចាកទុក្ខចុះ ហើយនរណាក៏ដោយដែលកំពុងបានសុខ ក៏សូមឲ្យបានសុខ រឹងរិតតែប្រសើរឡើង សូមកុំឲ្យជួបប្រទះនូវក្តីទុក្ខព្រួយដូចអ្នកឯទៀតឡើយ ។
គួរតែពិចារណាក្នុងចិត្តទៀតថា៖
ក្នុងថ្ងៃនេះ ប្រសិនបើនរណាម្នាក់ ឬសត្វណាមួយដែលពុំបានទទួលនូវកម្លាំងមេត្តាចិត្តអំពីអាត្មាអញក៏មិនថ្វីទេ គង់មានថ្ងៃណាមួយ ពួកគេនឹងបានទទួលសេចក្តីសុខដូចអ្នកដទៃពុំខានឡើយ ។
ក្រោយពេលដែលអ្នកបានហ្វឹកហាត់ចិត្តផ្សាយមេត្តាឲ្យបានទូលំទូលាយយ៉ាងញឹកញាប់មក ចិត្តរបស់អ្នកនឹងកើតបីតិសោមនស្សរីករាយ ចិត្តសប្បាយ . . . ចិត្តត្រជាក់ពេលនោះអ្នកគួររក្សាចិត្តដ៏ល្អនោះឲ្យបានគង់វង់ កុំឲ្យក្លាយទៅជាប្រការដទៃឡើយ ។
ដកស្រង់ចេញពីសៀវភៅៈ សមាធិសម្រាប់កុមារា កុមារី យុវជន យុវតី
រៀបរៀងដោយៈ ព្រះបាឡាក់ សម្បត្តិចន្ទសុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ )
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ