30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៥,៧១៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤២៥,៤៣៧
សរុប ៣៨៣,៧១២,១៣០
អានអត្ថបទ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៧,១៨៩ ដង)

រឿង​យក​មកប្បាជិហារិយ៍



 
រឿង​យក​មកប្បាជិហារិយ៍
(ចាក ធ. ខុ..)
(អនួត​ហួស​ប្រមាណ ជា​គ្រឿង​ទំលាយ​បង់​នូវ​ចរិយា​ល្អ)

រឿង​រ៉ាវ​នេះ​កើត​មាន​ឡើង​នៅ​ក្រុង​រាជគហៈ ។ សេដ្ឋី​ដំណាល​ថា​ក្នុង​សម័យ​មួយ​រាជគហ​សេដ្ឋី បាន​ចាត់​ចែង​ឲ្យ​គេ​យក​សំណាញ់​ទៅ​ហ៊ុំ​ព័ទ្ធ​កន្លែង​លេង​ទឹក​មួយដើម្បី​កាពារ​គ្រឿង​អលង្ការ​កុំ​ឲ្យ​រសាត់​តាម​ទឹក​នឹង​ការពារ​សេចក្តី​អន្តរាយ​ណា​មួយ​ដែល​​កើត​មាន​ឡើង ។ លំដាប់​នោះ​មាន​ឈើ​ចន្ទន៍​ក្រហម​មួយ​ដុំ មាន​សណ្ឋាន​ប៉ុន​ក្អម​អណ្តែត​តាម​ទឹក​មក​ជាប់​នឹង​សំណាញ់ ។ សេដ្ឋី​បាន​ឲ្យ​គេ​ស្រង់​រើស​យក​ទៅ​ទុក​ឯ​ផ្ទះ ។

ប៉ុន្តែ​សេដ្ឋី​នោះ​ជា​មជ្ឈត្តិជន មិន​ជា​អ្នក​សម្មាទិដ្ឋី ឬ​មិច្ឆាទិដ្ឋិ​ឡើយ គាត់​បាន​គិត​ថា​ខ្លឹម​ចន្ទន៍​ក្នុង​ផ្ទះ​អញ​ក៏​មាន​ច្រើន​ដែរ តើ​អញ​យក​ខ្លឹម​ចន្ទន៍​នេះ​ទៅ​ធ្វើ​អ្វី​ទៀត​គាត់​គត​ថា ក្នុង​សម័យ​បច្ចុប្បន្ន​នេះ មាន​អ្នក​បួស​ជា​ច្រើន​បាន​ដើរ​ឃោសនា​ថា " យើង​ជា​ព្រះ​អរហន្ត ! យើង​ជា​ព្រះ​អរហន្ត ! គ្រប់​ៗ​តែ​គ្នា​ហើយ​អញ​មិន​ដឹង​ឲ្យ​ជាក់​ច្បាស់​ថា តើ​ពួក​ណា​ជា​ព្រះ​អរហន្ត ពួក​ណា​មិន​មែន​ជា​ព្រះ​អរហន្ត​ទេ? បើ​ដូច្នោះ​អញ​នឹង​ជួល​ជាង​ឲ្យ​ក្រឡឹង​ខ្លឹម​ចន្ទន៍​នេះ​ធ្វើ​ជា​បាត្រ ហើយ​ចង​ព្យួរ​កំពស់​ ៦០​ហត្ថ រួច​អញ​ប្រកាស​ឃោសនា​ថា " បើ​លោក​អង្គ​ណា​ប្រាកដ​ជា​ព្រះ​អរហន្ត​មែន សូម​ហោះ​តាម​អាកាស ហើយ​យក​បាត្រ​នេះ​ចុះ យើង​ខ្ញុំ​ព្រម​ទាំង​បុត្រ នឹង​ថ្វាយ​ខ្លួន​ជា​ឧបាសក បាសិកា " ។ សេដ្ឋី​បាន​ជួល​ជាង​ឲ្យ​​ធ្វើ​តាម​គំនិត​ដែល​ខ្លួន​បាន​គិត​ទុក រួច​ប្រកាស​ឃោសនា​ដូច​មាន​គំនិត​មែន ។ 

ដំណឹង​នេះ​បាន​ផ្សាយ​ទូ​ទៅ​ពេញ​ទី​ក្រុង​និង​ខេត្ត​ក្រៅ រហូត​ដល់​ពួក​មហាគ្រូ​៦​រូប​មាន​និគណ្ឋនា​បុត្រ​ជា​ដើម ។ ហើយ​ពួក​គ្រូ​ទាំង​នោះ​ទៅ​អង្វរ​សូម​បាត្រ​ពី​សេដ្ឋី​ៗ​ថា "​នឹង​ប្រគេន ប្រសិន​បើ​លោក​អាច​ហោះ​តាម​អាកាស​បាន? ។ និគណ្ឋនាដ​បុត្រ​អង្វរ​មហាសេដ្ឋី​ថា សព្វ​បើ​គ្រាន់​តែ​បាត្រ​ឈើ​ប៉ុណ្ណឹង មិន​បាច់​ឲ្យ​យើង​ហោះ​តាម​អាកាស​មក​យក​ទេ សូម​លោក​សេដ្ឋី​ប្រគេន​តែ​ម្តង​មក! ។ ទុក​ជា​អង្វរ​យ៉ាង​ណា​ក្តី រាជគហសេដ្ឋី​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ពាក្យ​ដដែល ។ ឯ​និគណ្ឋនាដ​បុត្រ​ព្រម​ទាំង​កូន​សិស្ស​គណ​ចេះ​តែ​លួង​លោម​អង្វរ​សេដ្ឋី​ៗ នៅ​តែ​ប្រកែក​មិន​ព្រម​ប្រគេន ។ ថ្ងៃ​មួយ​និគណ្ឋនាដ​បុត្រ បាន​ពិចារណា​គ្នា​ថា " យើង​សំដែង​អាការះ​ដូច​ជា​ចង់​ហោះ​ឡើង​ព្ធ​ដ៏​អាកាស ហើយ​អ្នក​រាល់​គ្នា​ប្រញាប់​ចាប់​ដៃ​យើង​ទាញ​ហើយ​និយាយ​ថា លោក​គ្រូ! កុំ​បង្ហាញ​គុណ​វិសេស​ដល់​សាធារណជន ព្រោះ​ហេតុ​តែ​បាត្រ​ឈើ​នេះ ព្រោះ​គុណ​វិសេស​នេះ យើង​បាន​មក​ដោយ​ព្យាយាម​មាំ​ណាស់! ។ គិត​គ្នា​រួច​ហើយ និគណ្ឋនាដ​បុត្រ​ព្រម​ទាំង​សិស្ស​ក៏​បាន​ធ្វើ​ដូច​ពាក្យ​សន្មត់​ដែល​ខ្លួន​បាន​កំណត់​ទុក​តែមិន​អាច​ធ្វើ​ឲ្យ​សេដ្ឋី​ប្រគេន​បាត្រ​បាន​ឡើយ ។ និគណ្ឋនាដបុត្រ​នេះ ព្យាយាម​សូម​បាត្រ​សេដ្ឋី​អស់​រយះ​វេលា​៦​ថ្ងៃ​តែ​ពុំ​បាន​សម្រេច​សោះ ។

លុះ​ដល់​ថ្ងៃ​ទី​៧ ព្រះ​មហាមោគ្គលាន​ត្ថេរ នឹង​បណ្ឌោល​ភារ​ទ្វាជត្ថេរ រៀប​ចំ​ឃ្លុំ​ចីពរ​ស្ពាយ​បាត្រ ដើម្បី​ទទួល​បិណ្ឌបាត្រ​ក្នុង​រាជគហះ​បាន​ឮ​ពួក​របាំ​និយាយ​គ្នា​ថា "​នែ​វើយ​គ្នា​យើង​! កាល​ពី​ដើម​គ្រូ​ទាំង​៦​រូប​ដើរ​ឃោសនា​ថា " ពួក​យើង​ជា​ព្រះ​អរហន្ត! ពួក​យើង​ជា​អ្នក​បាន​សម្រេច​នូវ​គុណ​វិសេស​ជាន់​ខ្ពស់ " ដើម្បី​សុំ​បាត្រ​ខ្លឹម​ចន្ទន៍​ពី​រាជគហសេដ្ឋី​តែ​រាជគហសេដ្ឋី​បាន​ប្រកាស​ថា " បើ​លោក​អាច​ហោះ​តាម​អាកាស​មក​យក​បាន​សូម​លោក​យក​ចុះ " ។

សេដ្ឋី​បើក​ឃោសនា​អស់​វារៈ​៦​ថ្ងៃ​ហើយ​ឥឡូវ​ថ្ងៃ​នេះ​ហើយ​ជា​ថ្ងៃ​ដែល​បញ្ជាក់​ឲ្យ​យើង​ដឹង​ថា​ព្រះ​អរហន្ត​ក្នុង​លោក​នេះ​មិន​មាន​ទេ" ។ ព្រះ​មហាមោគ្គលាន​ត្ថេរ បាន​ឮ​ពាក្យ​ដំណេះ​ដំនៀល​ពី​ពួក​អ្នក​របាំ​ហើយ មាន​ពុទ្ធ​ដីកា​ទៅ​នឹង​បិណ្ឌោល​ការ​ទ្វារ​ជត្ថេរ​ថា នែ​ភារទ្វារ​ជះ​ដ៏​មាន​អាយុ! លោក​បាន​ឮ​ពួក​អ្នក​របាំ​ទាំង​នេះ​ពោល​ពាក្យ​បោក​បោះ​មក​លើ​ពុទ្ធ​សាសនា ឬ​ទេ? នែ​លោក​! លោក​ក៏​មាន​ឬទ្ធិ​ច្រើន ខ្ញុំ​ក៏​មាន​ឬទ្ធិ​ច្រើន​ចូរ​លោក​ហោះ​ទៅ​យក​បាត្រ​នោះ​មក ! " "នែ​អាវុសោមោគ្គលាន! លោក​ជា​ច្បង​ជា​ភិក្ខុ​អ្នក​មាន​ឬទ្ធិ​ទាំង​អស់ សូម​លោក​ហោះ​ទៅ​យក​បាត្រ​នោះ​មក​បើ​លោក​មិន​ទៅ​យក​ខ្ញុំ​នឹង​យក​ឥឡូវ​" " អើ​ភារ​ទ្វាជះ​ចូរ​លោក​យក​ចុះ! " ។ បិណ្ឌោលភារ​ទ្វាជត្ថេរ បាន​យក​អភិញ្ញា ៦ បង្កើត​ឲ្យ​ជា​ចត្ត​ជ្ឈាន ហើយ​ត្បៀត​ថ្ម​ភ្នំ​មួ​យដុំ​ទំហំ​បី​គាវុត​ហើយ​ប្រ​ទិក្សិណ​​ក្រុង​រាជ​គហះ​អស់​វារះ​៧​ជុំ វិស័យ​ដូច​ប៉ុយ​គរ ដែល​ប៉ឹង​តាម​ខ្យល់ ។ ដុំ​ថ្ម​នោះ​ហាក់​ដូច​ជា​នឹង​គ្រប​ទី​ក្រុង​ទាំង​មូល​មិន​ឲ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ ។

ពួក​ជន​ក្នុង​ក្រុង​ឃើញ​ថ្ម​ហាក់​ដូច​ជា​នឹង​ធ្លាក់​គ្រប​ទី​ក្រុង​ទាំង​មូល ក៏​ស្រែក​ផ្អើល​ឆោឡោ​ឡើង​ថា " ថ្ម​នឹង​ធ្លាក់​សង្កត់​យើង​ហើយ ! ថ្ម​នឹង​ធា្លក់​សង្កត់​យើង​ហើយ! " ពួក​ខ្លះ​ចង្អេរ​គ្រប​ក្បាល​កូន​ចៅ ខ្លះ​ចូល​ក្នុង​រូង​ឈើ ខ្លះ​ពួន​ក្រោម​ផ្ទះ ។ ឯ​ព្រះ​បិណ្ឌោភារទ្វាជះ​លុះ​ហោះ​ក្រឡឹង​ទី​ក្រុង​បាន​៧​ជុំ​ផ្ទាត់​ថ្ម​ឲ្យ​ទៅ​នៅ​កន្លែង​ដើម​វិញ ហើយ​ទើប​បង្ហាញ​ខ្លួន ។

ក្នុង​គ្រា​នោះ​ពួក​មហាជន​ផ្អើល​ភ្លួក​ភ្លឹក​ឆោឡោ ដោយ​ឃើញ​ព្រះ​ថេរៈ ទើប​និយាយ​អង្វរ​ថា ៖ "បពិត្រ​ព្រះ​ភារទ្វាជះ សូម​ទាន​មេត្តា​ចាប់​ថ្ម​ឲ្យ​ជាប់​កុំ​ទំលាក់​លើ​យើង​ខ្ញុំ​ព្រះ​ករុណា​ឡើយ!" ។ ព្រះ​ថេរះ​និមន្ត​ចុះ​លើ​ដំបូល​ផ្ទះ​សេដ្ឋី សេដ្ឋី​ឃើញ​ព្រះ​ថេរះ​បាន​និយាយ​និមន្ត​ឲ្យ​ចុះ​មក​គង់​ក្នុង​ផ្ទះ ប្រគេន​ចង្ហាន់​មាន​រស​ជាតិ​៤​មុខ ហើយ​ឲ្យ​គេ​យក​បាត្រ​ខ្លឹម​ចន្ទន៍​មក​ប្រគេន​ព្រះ​ថេរះ ។ ឯ​ពួក​មហា​ជន​ទាំង​ឡាយ ដែល​មិន​ឃើញ​ព្រះ​ថេរះ​សំដែង​បាដិហារិយះ ចេះ​តែ​អង្វរ​ឲ្យ​លោក​សំដែង​បាដិហារិយះ​ឲ្យ​មើល​ព្រះ​ថេរះ​ក៏​ចេះ​តែ​សំដែង​បាដិហារិយះ​ឲ្យ​មើល​ជា​លំដាប់ ។ ពួក​មហាជន​ណា​ដែល​ពុំ​ទាន់​ឃើញ ក៏​ចេះ​តែ​ដើរ​ហែ​ហម​ចោម​រោម​លោក​អង្វរ​ឲ្យ​ព្រះ​ថេរះ​សំដែង​ទៀត ។ ដំណឹង​នេះ​មិន​ស្ងប់​ស្ងាត់ ក៏​ចូល​ទៅ​ដល់​ព្រះ​ស្រោតា​នៃ​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ ។

ព្រះ​បរមសម្ពុទ្ធ​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដីកា នឹង​ព្រះ​អានន្ទ​ថា អានន្ទ​! សំដែង​បដិហារិយ​ហោះ​យក​បាត្រ​ខ្លឹម​ចន្ទន៍​ ដែល​រាជ​គហសេដ្ឋី​ព្យួរ​ព្ធ​ដ៏​អាកាស ហើយ​ពួក​មហាជន​ចោមរោម​ចង់​ឃើញ​បដិហារិយ​នេះ​ទៀត" ។

ព្រះ​បរម​គ្រូ​ទ្រង់​ព្រះ​សណ្តាប់​ដូច្នោះ ទ្រង់​ហៅ​ព្រះ​បិណ្ឌោល​ភារទ្វាជះ​មក​សាក​សួរ​សព្វ​គ្រប់​ទ្រង់​ត្មិះ​តិះ​ដៀល​ដោយ​ប្រការ​ផ្សេង​ៗ ទើប​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​លែង​ឲ្យ​សារក​អង្គ​ដទៃ​សំដែង​បដិហារិយ​ត​ទៅទៀត ។ ឯ​ពួក​តិរ្ថិយ​ឮ​ថា​ព្រះ​បរម​គ្រូ​បញ្ញត្តិ​សិក្ខាបទ​ចំពោះ​សាវក​ ពី​រឿង​ធ្វើ​បាដិហារិយ​ដូច្នោះ តាំង​ដើរ​អាក្រោស​ឃោសនា​បន្តុះ​បង្អាប់​ដោយ​ប្រការ​ផ្សេងៗ ចំពោះ​ពុទ្ធ​សាសមណ្ឌល​ថា " ឥឡូវ​ឮ​ថា​ព្រះ​សមណគោតម​បញ្ញត្តិ​សិក្ខាបទ​ហើយ​ពួក​សាវក នឹង​មិន​ហ៊ាន​ប្រព្រឹត្ត​ល្មើស​សិក្ខាបទ​នេះ​ទេ​ទាំង​ព្រះ​សមណគោតម​ក៏​មិន​ល្មើស​កន្លង​ដោយ​ព្រះ​អង្គ​ឯង​ដែរ​នេះ​ជា​ឳកាស​ល្អ​របស់​យើង ហើយ​សាវក​ព្រះ​សមណគោតម​បង្ហាញ​ធម៌​ជាន់​ខ្ពស់​ដល់​មហាជន​ព្រោះ​តែ​បាត​ឈើ​ឯ​ពួក​យើង​មិន​ធ្វើ​ដូច​សាវក​ព្រះ​សមណគោតម​ទេ​ឥឡូវ​នេះ​ពួក​យើង​នឹង​ធ្វើ​បាដិហារិយ ប្រជែង​នឹង​ព្រះ​សមណគោតម​គ្រានេះ​ម្តង" ។

គ្រា​នោះ​ព្រះ​រាជា​នាម​ពិម្ពិសារ​ទ្រង់​ព្រះ​សណ្តាប់​ការ​ឃោសនា​របស់​ពួក​តិរិ្ថយ ទ្រង់​យាង​ទៅ​ក្រាប​ទូល​ព្រះ​សាស្តា​ពី​រឿង​ពួក​តិរិ្ថយ​ចង់​ធ្វើ​បាដិហារិយ​ប្រជែង​នឹង​ព្រះ​អង្គ ព្រះ​សម្ពុទ្ធ​ក៏​ទ្រង់​ទទួល​ថា​នឹង​ធ្វើ​ផ្ចាញ់​ផ្ចាល​ពួក​តិរិ្ថយ​ទាំង​នោះ​ដែរ តែ​ព្រះ​ចៅ​ពុម្ពាសារ​ទ្រង់​ទូល​សួរ​ថា​ " ចុះ​ក្រែង​ព្រះ​អង្គ​បញ្ញត្តិ​សិក្ខាបទ​មិន​ឲ្យ​សាវក​ធ្វើ​ហើយ ព្រះ​អង្គ​នឹង​ធ្វើ​ដូម្តេច​បាន​? " ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា អើ​មហារាជ ! តថាគត​សូម​សួរ​មហារាជ​សិន​ថា មហារាជ​មាន​ស្វាយ​មួយ​ដើម​ក្នុង​សួន ដែល​មាន​ផ្លែ​មីរដេសដាស ហើយ​ប្រជារាស្រ្ត​ព្រះ​អង្គ​បេះ​យក​មក​បរិភោគ តើ​ព្រះ​អង្គ​មាន​ដាក់​ទ័ណ្ឌ​កម្ម​ដែរ​ឬ​ទេ? ហើយ​បើ​មហារាជ​បេះ​សោយ​ខ្លួន​ព្រះ​អង្គ​តើ​គួរ​ដាក់​ទណ្ឌ​កម្ម​ដែរ​ឬ? ព្រះ​បាទ​ពិម្ពាសារ​ទូល​តប​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ! បើ​ខ្ញុំ​ព្រះ​អង្គ​បេះ​សោយ​ដោយ​ខ្លួន​ឯង​មិន​មាន​ទោស​ទេ តែ​បើ​ប្រជារាស្ត្រ​បេះ​វិញ​នោះ ទើប​ខ្ញុំ​ព្រះ​អង្គ​ត្រូវ​ដាក់​ទោស ។

បពិត្រ​មហារាជ​!​ពិត​មែន​ហើយ​អំណាច​របស់​ព្រះ​អង្គ​លាត​ក្រាល​លើ​អាណាចក្របាន​៣០​យោជន៍​គឺ​ព្រះ​អង្គ​មាន​អំណាច​អាច​ដាក់​ទណ្ឌ​កម្ម​ដល់​ប្រជារាស្ត្រ​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ព្រះ​រាជ​បញ្ញត្តិ ដោយ​ការ​បេះ​ផ្លែ​ស្វាយ​របស់​ទ្រង់​ទៅ​បរិភោគ ផ្ទុយ​ទៅ​វិញ បើ​ព្រះ​អង្គ​បេះ​មក​សោយ​នោះ ពុំ​អាច​ដាក់​ទណ្ឌ​កម្ម​ខ្លួន​ឯង​ទេ រឿង​នេះ​មាន​ឧបមា​ដូច​តថាគត​ដែរ គឺ​បើ​សាវក​ណា​មួយ​ប្រព្រឹត្ត​កន្លង​សិក្ខាបទ ដែល​តថាគត​បញ្ញាត្តិ​ហើយ ត្រូវ​មាន​ទោស​រីឯ​តថាគត​ជា​អ្នក​បញ្ញាត្តិ​មិន​មាន​ទោស​ទេ ដូច្នោះ​តថាគត អាច​នឹង​ធ្វើ​បដិហារិយ ផ្ចាញ់​ផ្ចាល​ពួក​តិរ្ថិយ​ទាំង​នោះ​បាន មិន​ទាស់​ខុស​ឡើយ ។

ឯ​ពួក​តិរិ្ថយ​ឮ​ថា ព្រះ​បរម​សម្ពុទ្ធ​ទ្រង់​បញ្ញាត្តិ​សិក្ខាបទ​ចំពោះ​តែ​សាវក​ហើយ​ព្រះ​អង្គ​នឹង​ធ្វើ​បដិហារិយ​ដោយ​ព្រះ​អង្គ​ឯង ទើប​ប្រជុំ​គ្នា​ថា "ពួក​យើង​វឹក​ហើយ ព្រោះ​ព្រះ​សមណគោតម​នឹង​ធ្វើ​បដិហារិយ​ជា​មួយ​យើង ។ តាំង​ពី​នោះ​មក​ពួក​តិរ្ថិយ ចេះ​តែ​ដើរ​តាម​ប្រកិត​ជាប់​នឹង​ព្រះ​សម្មាសម្ពុទ្ធ​យាង​ទៅ​បិណ្ឌបាត ក៏​ដើរ​តាម​ទៅ ហើយ ប្រកាស​ឃោសនា​ថា​ពួក​ខ្លួន​នឹង​ធ្វើ​បាដិហារិយ​ប្រណាំង​ប្រជែង​ជា​មួយ​ព្រះ​សមណគោតម​ ។ រី​ពួក​មហាជន​ដែល​ចង់​ឃើញ​ឬទ្ធិ​បារមី នៃ​ពួក​តិរ្ថិយ នឹង​ព្រះ​បរម​សម្ពុទ្ធ​ក៏​ចេះ​តែ​ដើរ​ហែម​ហម ដើម្បី​រង់​ចាំ​មើល​បាដិហារិយ​នេះ ។

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​កំណត់​ថា​នឹង​ធ្វើ​បាដិហារិយ នៅ​ក្រុង​សាវត្ថី​កំណត់​៤​ខែ​ទៀត ។ លុះ​ដល់​ថ្ងៃ​កំណត់​ថា​នឹង​ធ្វើ​ហើយ បួក​តិរ្ថិយ បាន​អង្គាស​ឃោនា​ឧបដ្ឋាក​របស់​ខ្លួន​ចំនួន ១០០០ រៀល​មួយ​ផ្ទះ ដើម្បី​ចាត់​ចែង​ធ្វើ​រោង​ក្រសាល​ប្រក់​ព្រំ​ដោយ​គ្រឿង​ផ្កា​គ្រប់​យ៉ាង សំរាប់​ធ្វើ​បាដិហារិយ ។

គ្រានោះ​ព្រះ​ចៅ​សេនទិកោសល ឃើញ​ពួក​តិរ្ថិយ​ធ្វើ​រោង​ក្រសាល ទើប​ចូល​ទៅ​ទូល​សួរ​ព្រះ​សម្ពុទ្ធ​ថា ទ្រង់​នឹង​ធ្វើ​រោង​សម្រាប់​អង្គ​ព្រះ​សម្ពុទ្ធ​បាដិហារិយ តែ​ព្រះ​អង្គ​ទ្រង់​ហាម​ឃាត់ ហើយ​ទ្រង់​សម្រេច​ព្រះ​ទ័យ​ថ្វាយ​ព្រះ​ចៅ​បសេនទិកោសល​ថា តថាគត​នឹង​ធ្វើ​បាដិហារិយ​ក្រោម​ដើម​អម្ព​ព្រឹក្ស ក៏​បបួល​ញាតិ​សិស្ស​គណ​របស់​ខ្លួន​កាប់​រំលំ​ដើម​អម្ពរ​ព្រឹក្ស​ចោស​អស់ ដោយ​ហោច​ទៅ​សូម្បី​តែ​ឈើ​អម្ពរ​ព្រឹក្ស​នោះ​ទើប​នឹង​ដុះ​ក្នុង​ថ្ងៃ​នោះ​ក៏​ដក​ចោល​អស់​ដែរ ។

ដល់​ថ្ងៃ​កំណត់​ថា​នឹង​ធ្វើ​បាដិហារិយ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​យាង​ទៅ​កាន់​ក្រុង​សាវត្ថី នា​ថ្ងៃ​បុណ្ណមី​ខែអាសាធ បាន​ជួប​នឹង​ឧធ្យាន​បាល របស់​ព្រះ​បាទ​ពិម្ពិសារ​ម្នាក់​ឈ្មោះ​គណ្ឌះ កំពុង​កាន់​ស្វាយ​ដើរ​មក​ដោយ​បំណង​ថា​នឹង​យក​ទៅ​ថ្វាយ​ព្រះ​បាទ​ពិម្ពិសារ ។ ឧធ្យាន​បាល​ឈ្មោះ​គណ្ឌ បាន​ជួប​នឹង​ព្រះ​សាស្តា គាត់​គិត​ថា " បើ​អញ​យក​ស្វាយ​ទុំ​នេះ​ទៅ​ថ្វាយ​ស្តេច​ៗ ប្រគល់​រង្វាន់​ឲ្យ​អញ​ត្រឹម​តែ​២៥ ឬ ១៦ កហាបណះ ប៉ុណ្ណោះ បើ​អញ​ប្រគេន​ព្រះ​សាស្តា​វិញ ប្រហែល​ជា​មាន​ផលានិសង្ស​ច្រើន" បើ​អញ្ចឹង​អញ​នឹង​ប្រគេន​ព្រះ​សាស្តា​វិញ​ចុះ ។

លុះ​គិត​ហើយ ទើប​គណ្ឌះ​បង្អោន​ស្វាយ​នោះ​ប្រគេន​ព្រះ​សាស្តា ។ ព្រះ​សាស្តា​ទទួល​ហើយ ទ្រង់​គង់​ឲ្យ​អានន្ទ​ច្របាច់​ស្វាយ​ត្រង់​ធ្វើ​ជា​ទឹក​បាន​ឆាន់​ក្នុង​វេលា​នោះ ។ ឆាន់​រួច​ហើយ​ព្រះ​បរម​សាស្តា​ហុច​គ្រាប់​ស្វាយ​ទៅ​ឲ្យ​ធ្យាន​បាល​គណ្ឌះ ដោយ​ព្រះ​ពុទ្ធ​ដិកាថា នែ​គណ្ឌ ! ចូរ​ឯង​កប់​គ្រាប់​ស្វាយ​ក្នុង​ទី​នេះ​ចុះ គណ្ឌ​ធ្វើ​តាម​ព្រះ​ពុទ្ធ​ដីកា រួច​ព្រះ​សាស្តា​ទ្រង់​ចាក់​ទឹក​លាង​ព្រះ​ហស្ថ​លើ​គ្រាប់​ស្វាយ​ដែល​កប់​ហើយ​នុះ ។ ព្រះ​សាស្តា​ដក​ព្រះ​ហស្ថ​មិន​ទាន់​ទាំង​ផុត​ពី​នោះ​ផង​ស្រាប់​តែ​គ្រាប់​ស្វាយ​ធ្លុះ​ដុះ​ចេញ​ជា​ពន្លក ដើម​ប៉ុន​ភ្នៀង​នង្គ័ល​ភ្លាម ហើយ​លូត​ធំ​ឡើង​ជា​លំដាប់ ដោយ​បារមី​នៃ​ព្រះ​អង្គ ។

មែក​ម្ខាង​ៗ នៃ​ស្វាយ​នោះ​មាន​ប្រវែង​៥០​ហត្ថ ដែល​មាន​ស្លឹក​ម្លប់​ទ្រឈឹង​ទ្រឈៃ​បែក​មែក​គ្រប់​ទិស គឺ​មែក​លយ​ចេញ​ទៅ​គ្រប់​ទិស​ទាំង​៤ នឹង​ដុះ​ត្រង់​ទៅ​លើ​មួយ ហើយ​ចេញ​ជា​ផ្កា​ផ្លែ​ក្នុង​មួយ​ខណះ​នោះ​ភ្លាម ។ ឯ​ពួក​សាវក​ដែល​និមន្ត​តាម​លំដាប់​មុន​ក្រោយ ក៏​បាន​ឆាន់​ផ្លែ​ស្វាយ​ទាំង​នោះ​តាម​លំដាប់ ។ ព្រះ​បាទ​ពិម្ពិសារ​ទ្រង់​ជ្រាប​ពត៌​មាន​នោះ បាន​ដាក់​បញ្ញត្តិ​មិន​ឲ្យ​នរណា​ម្នាក់​កាប់​រំលំ​ដើម​ស្វាយ​នោះ​ឡើយ ។ ឯ​ពួក​របាំ​ក៏​បាន​ស៊ី​ផ្លែ​ស្វាយ​ទាំង​នោះ​ដែរ​ហើយ​ស្រែក​ថា នែ​ពួក​តិរ្ថិយ​ចង្រៃ អ្នក​ឯង​ ពួក​អ្នក​ឯង​ចង្រៃ​ណាស់​ដើរ​ដក​កាប់​រំលំ​ស្វាយ​អស់​គ្មាន​សល់ ដើម្បី​កុំ​ឲ្យ​ព្រះ​អង្គ​ធ្វើ​បាដិហារិយ​បាន ។

លំដាប់​នោះ ព្រះ​ឥន្ទ្រ​បង្គាប់​រលាហក​ទេវបុត្រ​ឲ្យ​ធ្វើ​ជា​ខ្យល់​បំប៉ើង​បារាំ​ពួក​តិរ្ថិយ​វិនាស​អស់ ។ ព្រះ​សរិយ​ទេវបុត្រ បើក​ពន្លឺ​ថ្ងៃ​យ៉ាង​ក្តៅ​បញ្ចាំង​លើ​ពួក​តិរ្ថិយ​មាន​ញើស​ហូរ​ចេញ​ជា​ទឹក​ ត្រូវ​ប៉ះ​នឹង​ធូលី​ដែល​ហុយ​ផង មាន​សភាព​ដូច​ជា​គោប​ពាល​ខ្នង បែក​បាក់​គ្នា​ខ្ចាត់​ខ្ចាយ​រត់​រក​ច្រក​តែ​រៀង​ៗ​ខ្លួន ។

លំដាប់​នោះ​មនាកសិករ​ម្នាក់​ជា​ឧបដ្ឋាក​របស់​គ្រូ​ឈ្មោះ​បរណក​ស្សបះ​បាន​គិត​ថា ឥឡូវ​នេះ​ជាកាល​អញ​ត្រូវ​ធ្វើ​បាដិហារិយ​ហើយ​អញ​នឹង​ទៅ​មើល​ពិធី បាដិហារិយ​លោក​គ្រូអញ " រួច​ស្រាយ​គោ​លែង​កាន់​នឹង​ឆ្នាំង​បបរ​ដើរ​តម្រង់​ទៅ​កន្លែង​ធ្វើ​បាដិហារិយ ស្រាប់​តែ​ជួប​នឹង​គ្រូ​បូរណបស្សបះ​កំពុង​រត់​តាម​ផ្លូវ​ទើប​សួរ​ថា​លោក​គ្រូៗ ! លោក​គ្រូ​រត់​ទៅ​ណា? ខ្ញុំ​មក​ក្នុង​ទី​នេះ​ប៉ង​ថា​នឹង​មើល​ពិធី​បាដិហារិយ​របស់​លោក​គ្រូ ចុះ​លោក​គ្រូ​រត់​ទៅ​ណា​មិន​បាន​ធ្វើ​បាដិបារិយ​ទេ​ឬ? " ។

បូរ​ណក​ស្សបះ តប​ថា​មាន​ប្រយោជន៍​អ្វី​ដោយ​ការ​ធ្វើ​បាដិហារិយ​នោះ ចូរ​អ្នក​ឯង​ឲ្យ​ខ្សែ​នឹង​ឆ្នាំង​បបរ​មក​អាត្មា កសិករ​ជា​ឧបដ្ឋាក ក៏​ប្រគេន​ឆ្នាំង​នឹង​ខ្សែ​នោះ​ទៅ​ ។ បូរណកស្សបះ ទទួល​យក​ខ្សែ​នឹង​ឆ្នាំង​បបរ​ហើយ ដើរ​​សំដៅ​ទៅ​កំពង់​ទឹក​យក​ខ្សែ​ម្ខាង ចង់​ភ្ជាប់​នឹង​ក​ឆ្នាំង​ចុង​ខ្សែ​ម្ខាង​ទៀត​ចង​ភ្ជាប់​នឹង​ក​ខ្លួន​រួច​ប្រមៀល​ទម្លាក់​ទៅ​ក្នុង​ទឹក ។ ឯ​ឆ្នាំង​ត្រូវ​ទឹក​ចូល​ពេញ ក៏​ទាញ​បូរណកស្សបះ​ឲ្យ​ជ្រមុជ​ចុះ​ដល់​នូវ​ជីវិត​ក្ស័យ ក្នុង​គ្រា​នោះ ឯង ។ 

ឯ​ព្របរម​សាស្តា​ទ្រង់​និម្មិត​ទី​ចង្រ្កម ដ៏​មាន​ចុង​ម្ខាង​គ្រប​ដល់​កណ្តាប់​ចក្រ​ឡ​ខាង​កើត ម្ខាង​ទៀត​ដល់​កណ្តាប់​ចក្រវាឡ​ខាង​លិច​ឲ្យ​ទៅ​ជា​ម្លប់​សម្រាប់​ពុទ្ធ​បរិស័ទ​រួច​ទ្រង់​យាង​ចេញ​ពី​គន្ធ​កុដិ​ឆ្ពោះ​ទៅ​កាន់​ទី​ចង្រ្កម​នោះ​ដោយ​ព្រះ​ទ័យ​ថា ពេល​នេះ​ជា​ពេល​គួរ​ធ្វើ​បាដិហារិយ​ហើយ " ។

ក្នុង​ពេល​នោះ​ មាន​អនាគាមី​ឧបាសិកា​មួយ​រូប​ឈ្មោះ​ឃរណី ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​បរម​សាស្តា​សុំ​ធ្វើ​បាដិហារិយ​ជំនួស ដើម្បី​កុំ​ឲ្យ​ព្រះ​អង្គ​លំបាក​ព្រះ​កាយ ។ ព្រះ​សាស្តា​ទ្រង់​សួរ​ថា ចុះ​នាង​នឹង​ធ្វើ​ពិធី​បាដិហារិយ​ជា​ទឹក ហើយ​ខ្ញុំ​ព្រះ​អង្គ​នឹង​មុជ​ចុះ​ក្នុង​ទឹក​ឲ្យ​ដូច​សកុណី​ទឹក ពី​មាត់​ចក្រវាឡ​ខាង​លិច​ទៅ​ផុស​នៅ​កណ្តាប់​មាត់​ចក្រវាឡ​ខាង​កើត មុជ​ពី​ខាង​ជើង​ទៅ​ផុស​ខាង​ត្បួង កាល​បើ​មហាជន​ឃើញ​ហើយ នឹង​នឹក​ស្ងើច​ដល់​ខ្ញុំ​ព្រះ​អង្គ​ថា គ្រាន់​តែ​សាវកា​របស់​ព្រះ​អង្គ​មាន​ឬទ្ធិ មាន​អានុភាព​ម្លឹង​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះ​អង្គ​វិញ នឹង​មាន​ឬទ្ធិ​អានុភាព​យ៉ាង​ណា​ទៅ ? " ឯ​ពួក​តិរ្ថិយ​កាល​បើ​ឃើញ​ដូច្នេះ មុខ​ជា​នឹង​បាក់​បប​ខ្លប​ខ្លាច​អំណាច​រត់​ខ្ចាត់​ខ្ចាយ​អស់​ពុំ​ខាន ។

ព្រះ​សាស្តា​ព្រះ​សណ្តាប់​ហើយ ទ្រង់​មិន​អនុញ្ញាត​ឲ្យ ។ ត​ពី​នោះ​មក​មាន​សាវក សវិកា ជា​ច្រើន​សុំ​សេចក្តី​អនុញ្ញាត​ធ្វើ​បាដិហារិយ​ពី​អង្គ​ព្រះ​សម្ពុទ្ធ​ដូច​ជា ចូឡ​អនាថិបិណ្ឌិក នាង​វីវសាមណេវី​ព្រះ​ជន្ម​៧​ឆ្នាំ ចន្ទ​សាមណេរ​ព្រះ​ជន្ម​៧​ឆ្នាំ ព្រះ​បរម​សាស្តា​ទ្រង់​សួរ​តាម​លំដាប់ ពួក​សាវក​ទាំង​នោះ​ក៏​ឆ្លើយ ទូល​ពុទ្ធ​ដីកា​តាម​ការ​ប៉ិន​ប្រសប់​រៀង​ៗ​ខ្លួន ។

ចុង​ក្រោយ​បំផុត​ ព្រះ​មហាមោគ្គ​លាន​ត្ថេរ​ចូល​សុំ​ធ្វើ​ដែរ ព្រះ​សាស្តា​ទ្រង់​សួរ​ថា​អ្នក​ធ្វើ​ដូចម្តេច​? ព្រះ​មហាមោគ្គលាន​ទូល​ថា ខ្ញុំ​ព្រះ​អង្គ​នឹង​យក​ភ្នំ​នេរុរាជ​មក​ដាក់​ត្រង់​ចន្លោះ​ធ្មេញ រួច​ទំពារ​ស៊ី​ដូច​ជា​បុគ្គល​ទំពារ​ស៊ី​គ្រាប់​ស្ពៃ មូរ​មហា​ផែន​ដី​ដូច​ជា​កន្ទេល​វែង​ ចាប់​ផែន​ដី​បង្វិល​ឲ្យ​ដូច​ជា​កង​ចក្រ ជា​វិការះ​នៃ​ដី រួច​ដាក់​មហាផែន​ដី​លើ​បាត​ដៃ​ឆ្វេង ដាក់​សត្វ​លោក​បាត​ដៃ​ខាង​ស្តាំ រួច​យក​ភ្នំ​សិនេរុរាជ​ធ្វើ​ជា​ឆត្រ​ទ្រ​មហា​ផែនដី​ធ្វើ​ឲ្យ​ទៅ​ឆត្រ​បាំង​លើ​សត្វ​ទាំង​អស់ រួច​ខ្ញុំ​ព្រះ​អង្គ​ដើរ​ចង្រ្គម ឲ្យ​ដូច​ជា​ភិក្ខុ​មួយ​អង្គ​បាំង​ឆត្រ​ដើរ​ចង្រ្គម​ដូច្នោះ ។

ព្រះ​បរម​គ្រូ​ទ្រង់​ហាម​ឃាត់​ថា​តថាគត​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​មាន​អានុភាព​ច្រើន​ហើយ តែ​តថាគត​មិន​អនុញ្ញាត​ឲ្យ​ទេ ព្រោះ​ភារៈ​នេះ​តែង​កើត​មាន​ដល់​ព្រះ​ពុទ្ធ​តាំង​ពី​បុរាណ​កាល​មក ។ លុះ​មាន​ពុទ្ធ​ដិកា​ចប់​ហើយ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ទី​ចង្រ្កម​ដែល​មាន​ពុទ្ធ​បរិស័ទ​២៤​យោជន៍​ជុំ​វិញ ចោម​រោម​ចាំ​មើល​ពិធី​បាដិហារិយ ពិធី​សំដែង​បាដិហារិយ ក៏​បាន​ចាប់​ផ្តើម​ឡើង ។

បុច្ឆា ចុះ​ពុទ្ធ​ញាណ​ដ្រល​ប្រព្រឹត្ត​ទៅ​ក្នុង​ពិធី​បាដិហារិយ​នោះ​មាន​សភាព​ដូម្តេច?

វិសជ្ជនា​ថា ញាណ​របស់​ព្រះ​តថាគត​ក្នុង​ពិធីសម្តែង​បាដហារិយ​នេះ មិន​សាធារណ៍​ដល់​ពួក​សាវក​ទេ ព្រោះ​ថា​ពិធី​ធ្វើ​បាដិហារិយ​នេះកើត​មាន​តែ​មួយ​ដង​ៗ សម្រាប់​ព្រះ​ពុទ្ធ​គ្រប់​អង្គ​ព្រោះ​ហេតុ​នោះ​ពួក​សាវក​សាវិកា​ពុំ​អាច​ធ្វើ​បាន​ឡើយ គឺ​មាន​សភាព​ដូច​តទៅ​នេះ ៖

គំនរ​ភ្លើង​ចេញ​ពី​ព្រះ​កាយ​ខាង​លើ ទរ​ទឹក​ចេញ​ពី​ព្រះ​កាយ​ខាង​ក្រោម គំនរ​ភ្លើង​ចេញ​ពី​ព្រះ​កាយ​ទរទឹក​ចេញ​ពី​ព្រះ​កាយ​ខាង​ក្រោម​ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​កាយ​ទរ​ទឹក​ចេញ​ពី​ព្រះ​កាយ​ខាង​មុខ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​កាយ​ខាង​ស្តាំ ទរ​ទឹក​ចេញ​ពី​ព្រះ​កាយ​ខាង​មុខ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​កាយ​ខាង​ឆ្វេង ទរទឹក​ចេញ​ពី​ព្រះ​កាយ​ខាង​ស្តាំ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​នាសាខាង​ស្តាំ ទរ​ទឹក​ចេញ​ពី​ព្រះ​នាសា​ខាង​ឆ្វេង ទរ​ទឹក​ចេញ​ពី​ព្រះ​នាសា​ខាង​ស្តាំ​គំនរ​ភ្លើង​ចេញ​ពី​ស្មា​ខាង​ស្តាំ​គំនរ​ភ្លើង​ចេញ​ពី​ព្រះ​ហស្ថស្តាំ​ទរទឹក​ចេញ​ពី​ព្រះ​ហស្ថ​ឆ្វេង គំនរ​ភ្លើង​ចេញ​ពី​ព្រះ​ហស្ថ​ឆ្វេង ទរទឹក​ចេញ​ពី​ព្រះ​ហស្ថ​ស្តាំ គំនរ​ភ្លើង​ចេញ​ពី​ព្រះ​បាទ​ឆ្វេង ទរទឹក​ចេញ​ពី​ព្រះ​បាទ​ស្តាំ ព្រះ​រស្មី​ប្រាំ​មួយ​ពណ៌ គឺ​ខៀវ លឿង ក្រហម ស ហង្ស​បាទ​នឹង​ភ្លឺ​ផ្លេក​ផ្សាយ​ចេញ​ពី​សរីរះ​ទាំង​មូល ទ្រង់​និម្មិត​ជា​ព្រះ​ពុទ្ធ​បី​អង្គ​ទៀត​គឺ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ចង្រ្កម ព្រះ​ពុទ្ធ​ដែល​ទ្រង់​និម្មិត​ឈរ អង្គុយ​នឹង​សឹង​បើ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សឹង ព្រះ​ពុទ្ធ​និម្មិត​ឈរ អង្គុយ​ចង្រ្កម ។

នេះ​ជា​ពុទ្ធ​ញ្ញាណ​ក្នុង​ការ​សំដែង​បាដិហារិយ ។ ក្នុង​ការ​សំដែង​បាដិហារិយ​នេះ​គំនរ​ភ្លើង នឹង​ទរទឹក​ឥត​មាន​ការ​ច្រឡូក​ច្រឡំ​គ្នា​ទេ គឺគំនរ​ភ្លើង ហើយ​នឹង​ទរទឹក​ផ្លាស់​គ្នា​ចេញ​ពី​ព្រះ​កាយ​ខាង​ស្តាំ​ម្តង ខាង​ឆ្វេង​ម្តង​ហើយ​លាត​ត្រដាង​រហូត​ដល់​កណ្តាប់នៃ​ចក្រវាឡ​ទាំង​មូល ។

មហាជន​ដែល​ឈរ​ត្រៀប​ត្រា​មាន​ចំនួន ២៤ យោជន៍​ជុំ​វិញ​បាន​ឃើញ​បាដិហារិយ ដ៏​អស្ចារ្យ​ដូច្នោះ​ហើយ បាន​ថ្វាយ​សព្ទ​សារធុការ​ចំពោះ​ព្រះ​បរម​គ្រូ​យ៉ាង​អនេក​កប្បការ ។ ក្នុង​ពេល​សំដែង​បាដិហារិយ ព្រះ​បរម​គ្រូ​ឆ្លៀត​ឳកាស​សំដែង​ធម្មទេសនា​ប្រោស​សត្វ​ផង ។ ធម្មាភិ​សម័យ​គឺ​ការ​ត្រាស់​ដឹង​នូវ​ធម៌ ក៏​បាន​កើត​ប្រាកដ​ដល់​មហាជន​ក្នុងឳកាស​នោះ ។

ឯ​ពួក​និគ្រន្យអន្យតិរ្ថិយ កាល​បើ​ឃើញ​ឬទ្ធី​ចេស្តា នៃ​ព្រះ​បរម​គ្រូ​ហើយ បែរ​ជា​បាក់​បប​ខ្លប​ខា្លច​អំណាច​បារមី​នៃ​ព្រះ​អង្គ​ព្រម​ចុះ​ចាញ់​ក្នុង​ពេល​នោះ​ហោង ។

លុះ​ពិធី​សំដែង​បាដិហារិយ បាន​ចប់​សព្វ​គ្រប់​ហើយ ព្រះ​ពុទ្ធ​បង្កូរ​បណ្តូល​សាស្តា​ទ្រង់​ប្រលើល​ថា ព្រះ​ពុទ្ថ​បូរាណ​កាល​បើ​បាន​ធ្វើ​បាដិហារិយ​រួច​ហើយ តែង​គង់​ចាំ​វស្សា​ក្នុង​ទី​ណា​អេះ ! ? ទ្រង់​ជ្រាប​ថា តាម​ធម្មតា​បើ​ធ្វើ​បាដិហារិយ ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​តែង​យាង​ទៅ​គង់​ចាំ​វស្សានា​តាវ​តឹង្ស​ភព ដើម្បី​សំដែង​ព្រះ​អភធម្ម​បិដក​ប្រោស​ពុទ្ធ​មាតា ។ លុះ​ទ្រង់​រំពឹង​ដូច្នេះ​ហើយ ទ្រង់​ក៏​លើក​ព្រះ​បាទ​ខាង​ស្តាំ​ដាក់​ជាន់​លើ​កំពូល​ភ្នំ​យុគន្ធរ​ព្រះ​បាទ​ឆ្វេង​ដាក់​លើ​កំពូល​ភ្នំ​សិនេរុ ។

គេ​សួរ​ថា ចុះ​ភ្នំ​ស្ថិត​នៅ​ឆ្ងាយ​ៗ​ម្ល៉េះ ហេតុ​ម្តេច​ក៏​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ឈាន​ជាន់​បាន ? ឆ្លើយ​ថា​ដោយ​អំណាច​នៃ​ឬទ្ធានុភាព និង​បារមី​របស់​ព្រះ​អង្គ​ ទើប​ភ្នំ​ទាំង​អស់​ទទួល​ទ្រង់​ព្រះ​បាទ នៅ​ពេល​ដែល​ព្រះ​អង្គ​លើក​ព្រះ​បាទ​ជាន់​លុះ​ឈាន​ផុត​ទៅ​ទើប​ភ្នំ​ទាំង​នោះ​ទៅ​ឋិត​នៅ​ទី​ដើម​វិញ ។ 

កាល​ដែល​អង្គ​ព្រះ​បរម​គ្រូ​យាង​ផុត​ទៅ ពួក​ពុទ្ធ​បរិស័ទ​មាន​ការ​សោក​ស្តាយ​ទន្ទក់​ទន្ទេញ​រលឹក​ព្រះ​អង្គ​ដោយ​ខ្សឹក​ខ្សួល​ជា​បទ​គាថា​ថា" គួរ​ស្តាយ​ណាស់​ហ្ន៎! ព្រះ​សម្ពុទ្ធ​ទ្រង់​យាង​ជាន់​លើ​ភ្នំ​គិជ្ឈកូដ ភ្នំ​កៃ​លាស​និង​ភ្នំ​យុគន្ធរ​ទៅ​ផុត​ហើយ យើង​ខ្ញុំ​លែង​បាន​ឃើញ​ព្រះ​អង្គ​ជា​ច្បង​លើ​លោក​ទៀត​ហើយ! ។

ឯ​ព្រះ​បរម​លោក​នាថ​ទ្រង់​គង់​ក្នុង​កណ្តាល​ទេវបរិស័ទ​សំដែង​អភិធម្ម​បិដក​ប្រារព្ធ​គុណ​ព្រះ​មាតា មាន​បទ​ដើម​ថា " កុសលា ធម្មា អកុសលា ធម្មា អព្យាកតា ធម្មា ធម៌​ទាំង​ឡាយ​ជា​កុសល ធម៌​ទាំង​ឡាយ​ជា​អកុសល ធម៌​ទាំង​ឡាយ​ជា​អព្យាក្រិត " ។ ទ្រង់​សំដែង​តែ​អភិ​ធម្ម​បិដក​នេះ​អស់​វារះ​៣​ខែ​គត់ ។ លុះ​ដល់​តិថី ១៤​កើត​ខែ​អស្សុជ​ជា​ថ្ងៃ​បវារ​ណាចេញ​ព្រះ​វស្សា ព្រះ​បរម​ពុទ្ធ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​សក្កទេវរាជ​ថាបពិត្រ​មហារាជ ! ថ្ងៃ​នេះ​ជា​ថ្ងៃ​ត្រូវ​បវារណា ចេញ​វស្សា​ហើយ​តថាគត​នឹង​ត្រូវ​ចុះ​ទៅ​កាន់​មនុស្ស​ថាន​វិញ​ហើយ " ។

សក្កទេវរាជ​ក៏​បាន​និម្មិត​ជណ្តើរ ៣ សម្រាប់​ចុះ​ចាក​ឋាន​តាវ​តឹង្ស គឺ​ជណ្តើរ​មួយ​និម្មិត​អំពី​មាស​ជណ្តើរ​មួយ​និម្មិត​អំពី​កែវ​មណី នឹង​ជណ្តើរ​មួយ​ទៀត​និម្មិត​អំពី​ប្រាក់ ដែល​សុទ្ធ​តែ​មាន​ជើង​តំកល់​នៅ​ទៀប​ទ្វារ​សង្កសទ្រគរ នឹង​ក្បាល​ដំកល់​លើ​កំពូល​ភ្នំ​សិនេរុ ។ បណ្តា​ជណ្តើរ​ទាំង​បី​នោះ ជណ្តើរ​មាស​សម្រាប់​ពួក​ទេវតា ជណ្តើរ​បា្រក់​សម្រាប់​ពួក​មហាព្រហ្ម និង​ជណ្តើរ​កែវ​សម្រាប់​ព្រះ​តថាគត ។ សេចក្តី​អស្ចារ្យ​ថា កាល​ព្រះ​អង្គ​យាង​ចុះ​ពី​ឋាន​តាវ​តឹង្ស ទ្រង់​ប្រថាប់​លើ​កំពូល​ភ្នំ​សិនេរុ សម្តែង​បាដិហារិយ ដើម្បី​យាង​ចុះ​មក​ទ្រង់​ញ៉ាំង​ព្រហ្ម​លោក ទេវលោក​ មនុស្ស​លោក អវិចិមហានរក និង​ចក្រវាឡ​ទាំង​អស់​ឲ្យ​មាន​ការ​ភ្លឺ​ស្វាង អាច​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ឃើញ ។

ក្នុង​ព្រះ​រាជ​ដំណើរ​យាង​ចុះ​មក​នេះ ពួក​បញ្ចសិខគន្ធព​ទេវបុត្រ​ដែល​ស្ទាត់​ជំនាញ​ខាង​តន្ត្រី បាន​ប្រគំ​ដូរ្យ​តន្ត្រី​បូជា​ព្រះ​អង្គ​នៅ​ខាង​ស្តាំ​មាតលិសង្គាហក​ទេវបុត្រ​បូជ​ផ្កា និង​គ្រឿង​ក្រអូប​នៅ​ខាង​ឆ្វេង មហា​ព្រហ្មបាំង​ក្លស់​ថ្វាយ និង​សុយាមះ​កាន់​ផ្លិត​បក់​ថ្វាយ ។ ការ​យាង​ចុះ​ពី​ឋាន​តាវតឹង្ស​ប្រកប​ដោយ​ពុទ្ធ​សិរីឥត​បី​ប្រៀប ដ៏​មាន​ពួក​ទេវតា​ជា​បរិវារ​ចោម​រោម​ហែហម​រហូត​ដល់​ទ្វារ​នគរ​សង្កស្សះ ។

ឯ​ព្រះ​សារី​បុត្តត្ថេរ និមន្ត​ទៅថ្វាយ​បង្គំ​ព្រះ​សាស្តា​រួច​ពោល​សរសើរ​អំពី​ពុទ្ធ​សិរី​ដូច​នេះ​ថា " កាល​ពី​មុន​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ពុទ្ធ​សិរី​ព្រះ​អង្គ​ទេ​ទាំង​សម្លេង​ក៏​ពុំ​ធ្លាប់​បាន​ស្តាប់ ឯ​ព្រះ​សាស្តា​ព្រះ​អង្គ​មាន​សម្លេង​ដូច​ព្រហ្ម​យ៉ាង​នេះ ទ្រង់​យាង​ចុះ​ហើយ​ពី​ថាន​ត្រៃ​ត្រឹង្ស​មក​កាន់​មនុស្ស​លោក​ដោយ​ពុទ្ធ​ដំណើរ​ដ៏​មាន​សិរី​ " រួច​គ្រាប​ទូល​អង្គ​តថាគត​ថា បពិត្រ​ព្រះ​ចមកុដ​បំផុត​លោក ថ្ងៃ​នេះ​ពួក​មនុស្ស នឹង​ទេវតា​ទន្ទឹង​មើល​ផ្លូវ​ព្រះ​អង្គ​គ្រប់​ៗ​គ្នា ។

លំដាប់​នោះ​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា អើសារីបុត្រ ! ជា​ការ​ធម្មតា​ទេ ព្រោះ​ទេវតា នឹង​មនុស្ស​តែង​ស្រឡាញ់ ឬ ប្រាថ្នា​ឲ្យ​តែ​បាន​ជួប​នឹង​អ្នក​ប្រាជ្ញ ដែល​មាន​គុណ​សម្បត្តិ​របៀប​នេះ​ឯង " រួច​ទ្រង់​សំដែង​ធម្មទេសនា​ថា 
នរណា​មួយ​ជា​អ្នក​ប្រាជ្ញ មាន​ការ​ខ្វល់​ខ្វាយ​តែ​ក្នុង​ឈាន ត្រេក​អរ​តែ​ក្នុង​នេក្ខម្មះ ទេវតា​នឹង​មនុស្ស​តែង​ប្រាថ្នា​តែង​ប្រាថ្នា​ចង់​បាន​ចង់​ជួប​នឹង​អ្នក​នោះ​ឯង​ដែល​មាន​ប្រាជ្ញា​ត្រាស់​ដឹង​ព្រម​ទាំង​ស្មារតី ។ លុះ​ចប់​ធម្មទេសនា ពុទ្ធ​បរិស័ទ​ទាំង​៤ ក៏​បាន​សំរេច​នូវ​ធម៌​ជាន់​ខ្ពស់​គ្រប់​ៗ​គ្នា​ក្នុង​ពេល​នោះ​ហោង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦៤៩ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល​ និង​ផឹក​សុ​រា​
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,១០៤ ដង)
បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,១០១ ដង)
ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៣០២ ដង)
ផែនដី (កប្យ) សព្វថ្ងៃនេះ ជាកប្យចម្រើន (ភទ្រកប្យ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.9
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿