ចិត្តបរមត្ថ
ពាក្យថា ចិត្ត មានសេចក្តីថាៈ
. ធម្មជាតិណារមែងគិត គឺ ដឹងអារម្មណ៍ ធម្មជាតិនោះ ឈ្មោះថា ចិត្ត។
. ធម្មជាតិដែលឈ្មោះថា ចិត្ត ព្រោះអត្ថថា ជាហេតុឲ្យសម្បយុត្តធម៌នឹងនូវអារម្មណ៍។
. ធម្មជាតិដែលគ្រាន់តែគិត គឺ ដឹង ឈ្មោះថា ចិត្ត។
ក្នុងអដ្ឋសាលិនី ពោលទុកថាៈ
យំ ចិត្តំ មនោ ហទយំ មានសំ បណ្ឌរំ
មនាយតនំ មនិន្ទ្រិយំ វិញ្ញាណំ វិញ្ញាណក្ខន្ធោ
តជ្ជា មនោវិញ្ញាណធាតុ ឥទំ ចិត្តំ។

ប្រែថាៈ
១. ធម្មជាតិណា រមែងគិត ធម្មជាតិនោះ ឈ្មោះថា ចិត្ត
២. ធម្មជាតិណា តែងបង្អោនទៅ ធម្មជាតិនោះ ឈ្មោះថា មនោ
៣. ធម្មជាតិណា ដែលដឹងអារម្មណ៍ ទុកនៅខាងក្នុង ធម្មជាតិនោះ ឈ្មោះថា ហទយៈ
៤. ចិត្ត នោះឯងមានឆន្ទៈ គឺ ការពេញចិត្ត ឈ្មោះថា មានសៈ។
៥. ចិត្ត នោះជាធម្មជាតិបរិសុទ្ធ ឈ្មោះថា បណ្ឌរៈ
៦. មនៈ ដែលជាអាយតនៈខាងក្នុង ឈ្មោះថា មនាយតនៈ
៧. មនៈ ដែលជាឥន្ទ្រីយ៍ ឈ្មោះថា មនិន្ទ្រីយ៍
៨. ធម្មជាតិ ដែលដឹងច្បាស់នូវអារម្មណ៍ ឈ្មោះថា វិញ្ញាណ
៩. ខន្ធ គឺ កងនៃវិញ្ញាណ ឈ្មោះថា វិញ្ញាណក្ខន្ធ
១០. មនៈ ដែលជាធាតុដឹងច្បាស់នូវអារម្មណ៍ ឈ្មោះថា មនោវិញ្ញាណធាតុ
ដកស្រង់ចេញពីត្រង់ទំព័រទី ១២ នៃសៀវភៅ ព្រះអភិធម្មសង្គហ បរិច្ឆេទទី១ របស់លោកគ្រូ រស់ សុផាត
ដោយ៥០០០ឆ្នាំ