ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៧,៩២៧
Today
ថ្ងៃម្សិលមិញ ២៣៨,២៦៩
ខែនេះ ៥,៦៨០,១១២
សរុប ២០១,៨៧០,៣២៨
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2479/image.jpeg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៨៧០០០ ដង)
មនុស្សដែលមានសេចក្ដីសុខ មិនមែនថាគេចេះតែបាននូវអារម្មណ៍ ល្អ ៗ ឯង ៗ ទៅនោះទេ នេះមកអំពីអ្នកនោះឯង ចេះសិក្សាត្រូវតាមសេចក្ដីពិតនៃអារម្មណ៍ ចេះឲ្យអភ័យ និងចេះគិតរកចំណុចល្អ ដើម្បីសេចក្ដីសុខស្ងប់នៃចិត្ត ។ អ្វី ៗ ដែលយើងជួបប្រទះរាល់ថ្ងៃ ទាំងអារម្មណ៍ក្នុងគំនិត បើយើងមិនចេះគិតឲ្យបានសុខខ្លួនឯងទេ យើងក៏រមែងកើតទុក្ខរាល់ថ្ងៃហ្នឹងឯង ។ យើងតែងស្វែងរករបស់ដែលមានតម្លៃ ថ្លៃ ៗ ក្រៅខ្លួន បណ្ដោយឲ្យខ្លួនឯងកើតទុក្ខ ព្រោះការស្វែងរកចង់បាននោះ ដោយប្រការផ្សេង ៗ ទៅវិញ ប៉ុន្តែ បើយើងស្វែងរកឃើញតម្លៃនៃជីវិតខ្លួនឯង នៅត្រង់ការឈ្នះសេចក្ដីទុក្ខ យើងមានតែការរស់នៅដោយសេចក្ដីស្ងប់ចិត្ត ជាមួយនឹងគ្រប់អារម្មណ៍នោះឯង ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2481/image.jpeg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៥៥៤៦៧ ដង)
សម្លឹងខ្លួនឯងដើម្បីកែខៃ មើលអ្នកដទៃដើម្បីសិក្សា សម្លឹងខ្លួនឯងនឹកដល់មរណា មើលសត្វលោកាមេត្តាអភ័យ។ មនុស្សល្អខ្ពង់ខ្ពស់ព្រោះសច្ចធម៌ ចេះមើលឃើញល្អគុណអ្នកដទៃ បើមើលឃើញខុសចេះឲ្យអភ័យ សង្គ្រោះលកលៃឲ្យន័យខ្លឹមសារ។ បើមានចំណេះតែចេះប្រជែង ចង់លើកខ្លួនឯងមិនក្រែងអ្នកណា ចេះតែប្រកែកជជែកតវ៉ា ចេះអត់ខ្លឹមសារមរណាគុណធម៌។ សិក្សាបានខ្ពស់តែព្រោះតណ្ហា ប្រព្រឹត្តហីនាដូចស្វាជាប់ជ័រ ខុសក្នុងកាមគុណទារុណវឹកវរ ឧបមាក្នុងធម៌ដូចត្មាតទាំងឡាយ។ សត្វត្មាតហើរខ្ពស់តែព្រោះហេតុឃ្លាន ចុះមកបំពានដណ្ដើមប្រញាយ ចឹកសុីសាកសពមិនចេះជិនណាយ ដូចពាលទាំងឡាយមិនឆ្អែតនឹងបាប។ ចំណេះចេះដឹងគូនឹងគុណធម៌ គូគាប់បវរល្អជាដរាប យកការចេះដឹងមកប្រឹងលះបាប ខ្ពស់ហើយមិនទាបសំណាបយោងដី។ សំណាបយោងដីថាស្រីយោងប្រុស ពាក្យនេះមិនខុសតាមប្រជាប្រិយ បើពោលតាមធម៌បវរសួស្ដី បួសលាលោកិយសិរីថ្កើងថ្កាន៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2480/image.jpeg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៧១២៧៧ ដង)
បើយើងរៀនចេះអំពីលោកនេះ គឺលោកនេះមិនបានបង្រៀនឲ្យយើងមកគ្រប់គ្រងហួងហែងឡើយ សត្វលោកសោកសៅព្រោះហេតុតែការហួងហែងថារបស់យើងហ្នឹងឯង ដូច្នេះការដែលយើងរស់នៅយ៉ាងមានសេចក្ដីសុខ មិនមែនព្រោះការគ្រប់គ្រងហួងហែងទេ គឺព្រោះការចេះលះបង់ទេតើ ។ បើអ្នកដែលយើងស្រឡាញ់ទៅចោលយើង គឺយើងកុំឃុំឃាំងគាត់អី ឲ្យអភ័យទៅ ហើយក៏មិនលំបាកនឹងឃុំឃាំងខ្លួនឯងទុកក្នុងសេចក្ដីសោកសៅដែរ មិនចាំបាច់បរិភោគស្រាបំភ្លេចទុក្ខនោះឡើយ ត្រូវចេះរស់នៅជាមួយនឹងខ្លួនឯងឲ្យបានល្អ រស់នៅជាមួយនឹងការមានស្មារតី ប្រសើរណាស់ ៕៚ ប.ស.វ ដោយ៥០០០ឆ្នាំ
images/articles/2485/image.jpeg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៥៤៣៨៧ ដង)
៙ បើសូម្បីតែខ្លួនយើង ក៏ត្រូវចោលខ្លួនឯងដែរ គឺចោលអត្តភាពខន្ធ ៥ ដើម្បីបានរួចពីទុក្ខ តើយើងគិតមិនឲ្យអ្នកដទៃចោលយើងយ៉ាងម៉េច យើងមិនមែនជាព្រះនិព្វាន ដើម្បីបានជាទីពឹងឲ្យដល់អ្នកដទៃនោះឯណា ដូច្នេះ យើងត្រូវចេះគិតឲ្យខ្លួនឯង និងឲ្យអ្នកដទៃ បានទីពឹងពិតប្រាកដ ទើបត្រឹមត្រូវ ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2484/image.jpeg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៥៥០៧២ ដង)
៙ បុថុជ្ជន លះបង់ជីវិតមួយថ្ងៃ ២៤ ម៉ោង មួយខែ ៣០ ថ្ងៃ ដើម្បីរកទ្រព្យសម្បត្តិ ដល់ពេលឈឺ ក៏ត្រូវលះបង់ទ្រព្យសម្បត្តិដើម្បីរក្សាជីវិត ទីបំផុត ទាំងជីវិតទាំងទ្រព្យក៏ត្រូវអស់ នៅសល់តែវដ្ដសង្សារ ដែលប្រាសចាកទីពឹង នេះហៅថា បុថុជ្ជនអាស្រ័យវដ្ដៈ ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2483/image.jpeg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៤៨៤៧៤ ដង)
៙ មិនមានអ្នកណាស្លាប់ ព្រោះហេតុបាត់បង់នូវសេចក្ដីស្រឡាញ់ពីអ្នកដទៃ ដែលអ្នកដទៃនោះ ជ្រើសរើសយកការដើរចេញអំពីជីវិតរបស់យើងនោះឡើយ ប៉ុន្តែ ដែលបានឮដំណឹងក្នុងពិភពលោកថា អ្នកនេះ អ្នកនោះ ស្លាប់ ព្រោះហេតុបាត់បង់នូវសេចក្ដីស្រឡាញ់ ហ្នឹងមកអំពីអ្នកនោះឯង បាត់បង់នូវសេចក្ដីស្រឡាញ់ខ្លួនឯងទេតើ ពោលគឺមិនចេះស្រឡាញ់ខ្លួនឯង ។ យើងកុំចេះតែចង់រស់នៅដូចមុន ត្រូវរៀនរស់នៅជាមួយនឹងការពិតដោយប្រាជ្ញា កុំខ្លាចការព្រាត់ប្រាសប្រែប្រួល កុំខ្លាចថា នឹងរស់នៅមិនបាន ជឿចុះថា បើយើងអត់ធន់បានហើយ គ្រប់យ៉ាងនឹងល្អឡើង ។ ត្រូវចាំថា មិនមានអ្នកណាជួយយើងបានទេ ដូច្នេះ យើងត្រូវតែព្រមទទួល និងត្រូវរស់នៅជាមួយឲ្យបាន ពេលវេលា នឹងជួយឲ្យយើងកន្លងផុតអំពីទឹកភ្នែក ហើយរីករាយជាមួយនឹងសេចក្ដីល្អ ជាទីពឹងក្នុងដំណើរជីវិតរបស់យើង ។ នៅពេលដែលយើងមានសេចក្ដីល្អជាទីពឹងហើយ ទើបយើងបានយល់ដឹងថា យើងមានការបាត់បង់មកពីការហួងហែង បើយើងមិនមានអ្វីហួងហែងទេ ក៏យើងមិនមានអ្វីបាត់បង់ដែរ ។ យើងបានយល់ដឹងទៀតថា យើងកើតមកតែងមានទុក្ខ ប៉ុន្តែ មិនមែនកើតមក ដើម្បីលិចចុុះក្នុងសេចក្ដីទុក្ខទេ សេចក្ដីល្អ គឺជានាវាជីវិត នឹងនាំឲ្យយើងបានដល់កោះត្រើយ បរមសុខ សាធុ សាធុ ៕៚ ប.ស.វ ដោយ៥០០០ឆ្នាំ
images/articles/2497/IMG_30201791541.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៨៨៩៧៩ ដង)
អនវជ្ជសុខ ចេះសប្បាយជាមួយនឹងនឹងការងារដែលប្រាសចាកទោស គឺជា សេចក្ដីសុខ។ត្រូវធ្វើការងារឲ្យសមនឹងសមត្ថភាព សមនឹងឋានៈ របស់ខ្លួន ធ្វើដោយពេញចិត្ត អត់ធន់ព្យាយាម...។ កុំមានការ លោភលន់ចង់ឲ្យដូចអ្នកដទៃដែលមានអ្វីច្រើនៗនោះឡើយ កុំ ឲ្យដូចក្អែកគោកធ្វើត្រាប់តាមក្អែកទឹក ឃើញក្អែកទឹករកចំណី បានស្រួលងាយ ខ្លួនឯងគ្មានជំនាញត្រូវទាក់កនឹងសារាយក្នុងទឹក ស្លាប់បាត់បង់ជីវិតទៅ។ កន្លែងសុខនៅនឹងចិត្តរបស់យើង មិនចាំបាច់ឈរកន្លែងល្អដូចអ្នកដទៃនោះទេ ត្រឹមតែមានសេចក្ដី សុខនៅត្រង់កន្លែងដែលយើងឈរហ្នឹងទៅបានហើយ។ ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១ ដោយ៥០០០ឆ្នាំ
images/articles/2500/Un______titled-1.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៨២៦១៤ ដង)
ជីវិតមានតម្លៃជាង អ្វី ៗ ដែលយើងស្ដាយ ត្រូវយកជីវិតមកបូជាព្រះរតនត្រ័យ បានសម ណា៎ កូនសំឡាញ់ព្រះពុទ្ធ ទាំងអស់គ្នា ! កុំលះបង់ជីវិតមួយថ្ងៃ ៗ កើតទុក្ខយំសោក ដើម្បីអ្នកមានកិលេសណាម្នាក់ឲ្យសោះ ធ្វើបែបហ្នឹងវាមិនមានតម្លៃអ្វីទេ ហើយក៏កុំចាំបាច់ខឹងស្អប់អី ត្រូវឲ្យអភ័យ កុំចំណាយជីវិតក្នុងរឿងឥតប្រយោជន៍ ត្រូវយកជីវិតមកសងគុណម៉ែឪយើង ធ្វើអ្វី ៗ ឲ្យមានប្រយោជន៍ ដល់ខ្លួនឯង ដល់សង្គមជាតិ ព្រះសាសនា កុំបន្ថោកជីវិតខ្លួនឯងឲ្យសោះ យើងកើតទាន់ព្រះពុទ្ធសាសនា ត្រូវដឹងថា ជីវិតមានតម្លៃណាស់ ស្មើនឹង អរិយមគ្គអង្គ ៨ ផ្លូវទៅកាន់ព្រះនិព្វាន ឯណោះណា៎ ! សូមកុំកាត់ផ្ដាច់ឧបនិស្ស័យរបស់ខ្លួន ត្រូវខិតខំបន្តឧបនិស្ស័យឲ្យបានសម្រេច កុំចាញ់ឧបសគ្គក្នុងជីវិតនេះឡើយ ឧបសគ្គមិនឈ្នះសេចក្ដីព្យាយាមទេ នេះជាដំណើរផ្លូវរបស់យើង ក្រោកឡើងដើរតទៅទៀត ម្នាក់ឯងក៏ត្រូវតែដើរដែរ ទុកចិត្តលើព្រះធម៌ចុះ ព្រះពុទ្ធបិតានៅចាំកូនខាងមុខឯណោះ ស្រូតរូតរះឡើង ៕ សាធុ ! សាធុ !៚ ដោយ៥០០០ឆ្នាំ
images/articles/2499/643r.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៧៩៥៤៨ ដង)
សូម្បីតែគំនិតយល់ខុស (គឺយល់ខុសពីការពិត) ក៏ជាសភាវ ធម៌កើតពីបច្ច័យដែរ ជារបស់មិនទៀង ជាទុក្ខ ពួកអ្នកយល់ ខុសទាំងនោះមានការប្រកាន់ក្នុងទិដ្ឋិរបស់ខ្លួន ឈ្មោះថាលិច ចុះក្នុងទុក្ខ។ មិនលិចចុះក្នុងទុក្ខ សភាវធម៌ទាំងអស់ កើតពីបច្ច័យ មានបច្ច័យតាក់តែងឲ្យ កើតឡើងហើយ សុទ្ធតែមិនទៀង មានការអស់ទៅ សូន្យទៅ។ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាមិនទៀងជាទុក្ខ មានការប្រែប្រួល វិបស្សនាឃើញថា របស់នោះមិនមែនជា របស់យើង មិនមែនជាយើង មិនមែនជាខ្លួនរបស់យើងទេ។ ព្រះអរិយបុគ្គលទាំងឡាយ មិនប្រកាន់ក្នុងបញ្ចក្ខន្ធ ដឹងពីការ រលាស់ចោលនូវបញ្ចក្ខន្ធ រមែងមិនលិចចុះក្នុងទុក្ខឡើយ។ ដូចក្មេងមិនចូលសាលារៀន ពិតមែនតែអ្វីៗនោះមិនគាប់ចិត្តយើង ប៉ុន្តែយើងត្រូវឆាប់មាន ស្មារតីរលឹកដឹងថា អ្វីៗនោះសុទ្ធតែជាសភាវៈយ៉ាងត្រឹមត្រូវ ក្នុងការកើតឡើង គឺត្រឹមត្រូវតាមបច្ច័យ មិនថាកុសល អកុសល ឬអព្យាក្រឹតឡើយ។ ការដែលចេះតែចង់ឲ្យអ្វីៗផ្គាប់ចិត្តយើង វាជារឿងក្មេងៗទេ ពោលគឺក្មេងខ្ចីបញ្ញា កាលបើអ្វីៗជាបរមត្ថ សុទ្ធតែត្រឹមត្រូវ ម៉េចក៏មិនព្យាយាមសិក្សាចូលទៅដឹងថការពិត អប់រំបញ្ញាទទួលយករសនៃសច្ចធម៌ ស្ងប់ចិត្តរលត់តណ្ហា​ ការ ដែលចង់ឲ្យអ្វីៗត្រូវតាមចំណង់ គឺចង់ផ្គាប់កិលេសខ្លួនឯងតែ ប៉ុណ្ណោះ ដូចក្មេងដែលមិនចូលសាលារៀនអ៊ីចឹងឯង។ បៀតបៀនចិត្តខ្លួនឯង ដឹងថាខ្លួនឯងកើតទុក្ខសោកសៅមកពីអ្វីទេ? មកពីហួងហែង របស់មិនទៀងថាជារបស់ខ្លួនឯង។ តាមពិត ការមិនទៀងនៃ សង្ខារធម៌ជាអារម្មណ៍នៃវិបស្សនាល្អណាស់ ប៉ុន្តែព្រោះហេតុ តែការមិនយល់ ទើបបៀតបៀនចិត្តខ្លួន។ មានសេចក្ដីស្ងប់ជាទីពឹង នៅពេលណា ដែលយើងសម្រេចបាននូវសេចក្ដីសុខស្ងប់ ខាងក្នុងខ្លួនយើង នៅពេលនោះ គឺយើងមិនបានឲ្យសេចក្ដី សំខាន់ចំពោះកាមសុខ ដោយការខំប្រឹងប្រែងស្វែងរកយក មកសេពសោយនោះឡើយ ទាំងសេចក្ដីទុក្ខដែលកើតមក ពីការពឹងពាក់អ្នកដទៃ របស់ដទៃ​ ហើយមិនបានដូចចិត្ត នោះ ក៏ថយចុះទៅដែរ នេះចូលក្នុងបទថា មានខ្លួនឯងជា ទីពឹង។ មានទ្រព្យហើយមិនឲ្យទានព្រោះមោហៈ មានទ្រព្យសម្បត្តិជាទីពេញចិត្តហើយ មិនឲ្យទាន ព្រោះហេតុ មិនដឹងថា សត្វលោកប្រព្រឹត្តទៅតាមកម្ម។ បានទ្រព្យហើយ ធ្វើនូវការសន្សំទ្រព្យនោះៗដោយការជាប់ជំពាក់ រឹងតែប្រាថ្នា នូវវត្ថុកាមគុណឡើងទៀត។ មិនមានអ្នកណាអស់កិលេស ព្រោះមានមាសប្រាក់ច្រើននោះឡើយ ហើយក៏មិនមានអ្នក ណាអស់ទុក្ខព្រោះនៅមានកិលេសនោះដែរ។ បានជួបព្រះធម៌ហើយ ទៅជាថាអត់ពេល បានជួបព្រះពុទ្ធដីកាហើយ មិនស្ដាប់ មិនរៀនឲ្យបានចេះដឹង ត្រូវចំណាយពេលវេលាដើម្បីនេះ ដើម្បីនោះ តើនេះនោះហ្នឹង ក្រណាស់ទៅឬក្នុងវដ្ដសង្សារ កាលបានមកហើយឲ្យយើងអស់ កិលេសដែរទេ សំខាន់ជាងព្រះពុទ្ធដីកាទៅទៀតឬ? គ្រាន់តែមិនសូវកើតទុក្ខ ប៉ុណ្ណឹងល្អហើយ មនុស្សយើង តែកាលណាខ្លាចទុក្ខទាំងដែលមិនស្គាល់ទុក្ខ (ទុក្ខេ អញ្ញាណំ) រមែងប្រាថ្នាសេចក្ដីសុខដោយតណ្ហា ពោលគឺ ខ្លាចទុក្ខ ប្រាថ្នាសុខ ប៉ុន្តែសាងហេតុនៃសេចក្ដីទុក្ខឲ្យខ្លួនឯង ព្រោះអវិជ្ជាមិនដឹងក្នុងអរិយសច្ច។ តាមពិត មនុស្សយើងសព្វ ថ្ងៃនេះគ្រាន់តែមិនសូវកើតទុក្ខប៉ុណ្ណឹងប្រសើរណាស់ហើយ មិនចាំបាច់បានសុខអ្វីពីរបស់ក្នុងលោកនេះច្រើនពេកទៅនោះ ទេ ព្រោះថា សូម្បីតែព្រះនិព្វានដែលបរមសុខ ក៏ព្រោះទុក្ខមិន កើតឡើងហ្នឹងឯង។ ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១ ដោយ៥០០០ឆ្នាំ
images/articles/2501/Unt65itled-1.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៨៣១៣៥ ដង)
មច្ចុរាជនឹងមិនមករកយើងនោះមិនមានឡើយ ត្រូវរៀនគិតឲ្យបានថា អ្នកណា ៗ ធ្វើអ្វី និយាយអ្វី ដាក់យើង ឬគ្រាន់តែអធ្យាស្រ័យរបស់គេយ៉ាងណា ៗ បើគេមិនបានមកសម្លាប់យើងទេនោះ គឺគេល្អចំពោះយើងហើយ ចំណែកយើងបានរស់នៅក្នុងថ្ងៃនេះ ត្រូវខំប្រឹងប្រែងយកជីវិតមកធ្វើល្អឲ្យខ្លួនឯងទៅ វាគួរឲ្យយើងគ្រប់គ្រាន់ហើយ ត្រូវចាំថា សេចក្ដីស្លាប់នឹងមិនមករកយើងពេលណានោះ គឺមិនមានឡើយ ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2649/te_________xtpic.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៤១២០៥ ដង)
មិនចាំបាច់អ្វីៗដូចមុននោះទេ រៀនរស់នៅជាមួយនឹងខ្លួនឯង មានខ្លួនឯងជាទីពឹង​ពោលគឺមានកុសលធម៌ជាទីកក់ក្តៅ ដើរទៅមុខមានទីបំផុតទុក្ខជាទិសដៅ កុំកប់ចិត្តខ្លួនឯងក្នុងអតីតកាល ត្រូវក្លាហានក្នុងការលះបង់ នាំចិត្តមកសិក្សាព្រះពុទ្ធដីកាឲ្យមានការចេះដឹង ។ នៅក្នុងតណ្ហាវគ្គ ( វគ្គទី ២៤ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់​ត្រាស់ថា មុញ្ច បុរេ មុញ្ច បច្ឆតោ មជ្ឈេ មុញ្ច ភវស្ស បារគូ សព្វត្ថ វិមុត្តមានសោ ន បុន ជាតិជរំ ឧបេហិសិ ។ អ្នកចូរដោះសេចក្តីអាល័យក្នុងកាលមុនចេញ ( អាស្រ័យអារម្មណ៍អតីតកាល ) ចូរដោះសេចក្តីអាល័យក្នុងកាលខាងក្រោយ (ជាប់ជំពាក់ក្នុងអនាគត) ចូរដោះសេចក្តីអាល័យ​ក្នុងកាលជាកណ្តាល ( ហួងហែងបច្ចុប្បន្ន ) ដូច្នេះអ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិនិងជរាទៀតឡើយ ។ ដកស្រង់ពី សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/2648/tex567tpic.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ២១៨៣៧ ដង)
ដឹងខ្លួនថាកំពុងវង្វេង គឺល្អណាស់ ល្អត្រង់ចេះសាកសួររកផ្លូវត្រូវ តែបើកំពុងវង្វេងហើយ ដឹងខ្លួនថា ខ្លួនឯងជាអ្នកចេះដឹង បែបហ្នឹងប្រាកដជាជួបគ្រោះថ្នាក់ ។ តើយើងមានចិត្តចង់ស្តាប់អ្នកដែលអស់កិលេស និយាយឲ្យយើងស្តាប់ដែរឬទេ ? អ្នកដែលអស់កិលេស គឺអ្នកដែលស្គាល់ផ្លូវរួចផុតចាកទុក្ខ ។ តើយើងមានដឹងខ្លួនថា យើងកំពុងតែវង្វេងក្នុងវដ្តសង្សារដែរឬទេ ? បើដឹងខ្លួនថាកំពុងវង្វេង យើងប្រាកដជាចូលចិត្តស្តាប់ ចូលចិត្តសិក្សានូវព្រះពុទ្ធដីកា តាមរយៈព្រះត្រៃបិដក និងពិចារណាតាមអដ្ឋកថា មិនខានឡើយ ។ ក្នុងពាលវគ្គ ( វគ្គទី ៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ៖ យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។ អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះ នឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ចំណែកបុគ្គលណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល​ដោយពិត ។ ដកស្រង់ចេញពី សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/2651/tex______tpic.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៤១៤៣២ ដង)
ប្រៀបដូចរោគដែលបានជាសះស្បើយហើយ យើងក៏មិនប្រាថ្នាត្រឡប់ទៅរករោគនោះវិញ យ៉ាងណា រឿងឈឺចាប់ រឿងដែលទទួលមិនបាន រឿងឲ្យយើងខូចចិត្ត និងរឿងដែលឲ្យយើងដោះស្រាយមិនបានជាដើម រឿងទាំងអស់នេះ វាដូចជាដានជើង ដែលយើងដើរកន្លងមក បើយើងមិនគិតដើរត្រឡប់ទៅវិញ ពោលគឺមិនគិតចង់បានរឿងអ្វីៗដែលកន្លងទៅហើយនោះ ដូច្នេះក៏មិនមានរឿងអ្វីឲ្យយើងកើតទុក្ខទៀតដែរ ត្រូវចាំថា ទុក្ខកើតមកអំពីចំណង់ខុសរឿង ខុសពីការពិត បើយើងបានសិក្សាទទួលយកការពិតដោយបញ្ញា យើងនឹងបានស្ងប់ចិត្តពិតប្រាកដ ពុំខានឡើយ ។ នៅក្នុងសុខវគ្គ ( វគ្គទី ១៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ជិឃច្ឆា បរមា រោគា សង្ខារា បរមា ទុក្ខា ឯតំ ញត្វា យថាភូតំ និព្វានំ បរមំ សុខំ ។ សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង អ្នកប្រាជ្ញដឹងច្បាស់នូវសេចក្តីនោះតាមពិតហើយ (ក៏បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន) ព្រះនិព្វានជា បរមសុខ ។ ដកស្រង់​ពី សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/2650/tex_________tpic.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៤០៤៤២ ដង)
យើងអាល័យអតីតកាល ដោយមិនបានដឹងទោសនៃអតីតធម៌នោះៗ រឿងខ្លះ យើង​ទម្លាក់កំហុសដាក់អ្នកដទៃថា អ្នកនោះធ្វើឲ្យយើងបាត់បង់នូវសេចក្តីសុខ សេចក្តីស្រឡាញ់... តាមពិត អ្វីៗដែលមិនទៀងទាត់ហ្នឹងឯង បានជាមេរៀនឲ្យយើងចេះដឹងថា អ្វីដែលកើតឡើងគឺត្រឹមត្រូវតាមហេតុ ទាមទារមិនបាន ហាមឃាត់មិនបាន ។ នៅក្នុងមគ្គវគ្គ ( វគ្គទី ២០ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ សព្វេ សង្ខារា អនិច្ចាតិ យទា បញ្ញាយ បស្សតិ អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។ កាលណា បុគ្គលបានឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធ ។ ដកស្រង់​ពី​ សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/2667/4333eehpic.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៩៥៨៣៦ ដង)
ចូឡនិកាសូត្រ (សម្ដែងអំពីលោកធាតុ ៣ យ៉ាង) គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគលុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ​អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក បានញុំាងលោកធាតុទាំង ១០០០ ឲ្យដឹងច្បាស់​ដោយសំឡេងបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណាឲ្យដឹងច្បាស់ដោយសំឡេងបាន ។ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបានទេ ។ព្រះ​អានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគជាគម្រប់ ២ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ​អភិភូ​ជាសាវក​របស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ​មាន​ប្រមាណ​ត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាពប្រមាណមិនបានទេ ។ព្រះ​អានន្ទដ៏​មានអាយុ ក្រាបបង្គំទូលសួរ ព្រះដ៏មានព្រះភាគជាគម្រប់ ៣ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្រ្តព្រះមានព្រះ​ភាគ​​យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោកញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ បពិត្រព្រះអង្គដ៏ចម្រើនចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណ​ត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ព្រះមានព្រះភាគត្រាស់ថា សុតា តេ អានន្ទ សហស្សី ចូឡនិកា លោកធាតុ ម្នាលអានន្ទ លោកធាតុតូច ១០០០ អ្នកបានស្ដាប់ហើយ ។បពិត្រព្រះដ៏មានព្រះភាគ ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ។ បពិត្រព្រះសុគត ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ព្រោះថាព្រះដ៏មានព្រះភាគ សម្តែងធម៌ណា ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុកនូវធម៌នោះ ។ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្ដាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ៖ ១. យាវតា អានន្ទ ចន្ទិមសូរិយា បរិហរន្តិ ទិសា ភន្តិ វិរោចនា ម្នាលអានន្ទ ព្រះចន្រ្ទនិងព្រះអាទិត្យដ៏រុងរឿងគោចរទៅបំភ្លឺទិសទាំងឡាយ បានត្រឹមណា ត្រឹមណោះលោកកំណត់ហើយសម្ដែងហើយថាជាលោកធាតុមួយ គឺចក្កវាឡមួយ ។ ២. តាវ សហស្សធា លោកោ ។ តស្មិំ សហស្សធា លោកេ ត្រូវកំណត់យកលោកនោះ ១០០០ ក្នុងលោកដែលកំណត់ ១០០០ ដងនោះ សហស្សំ ចន្ទានំ មានព្រះចន្រ្ទ ១០០០, សហស្សំ សូរិយានំ ព្រះអាទិត្យ ១០០០, សហស្សំ សិនេរុបព្វតរាជានំ សេ្ដចភ្នំសិនេរុ ១០០០, សហស្សំ ជម្ពុទីបានំ ជម្ពូទ្វីប ១០០០, សហស្សំ អបរគោយានានំ អបរគោយានទ្វីប ១០០០, សហស្សំ ឧត្តរកុរូនំ ឧត្ដរកុរុទ្វីប ១០០០, សហស្សំ បុព្វវិទេហានំ បុព្វវិទេហទ្វីប ១០០០, ចត្តារិ មហាសមុទ្ទសហស្សានិ មហាសមុទ្រ ៤០០០, ចត្តារិ មហារាជសហស្សានិ មហារាជ (លោកបាល) ៤០០០, សហស្សំ ចាតុមហារាជិកានំ ស្ថានចាតុម្មហារាជិកៈ ១០០០, សហស្សំ តាវតិំសានំ ស្ថានតាវត្តិង្ស ១០០០, សហស្សំ យាមានំ ស្ថានយាមៈ ១០០០, សហស្សំ តុសិតានំ ស្ថានតុសិត ១០០០, សហស្សំ និម្មានរតីនំ ស្ថាននិម្មានរតី ១០០០, សហស្សំ បរនិម្មិតវសវត្តីនំ ស្ថានបរនិម្មិតវសវត្តី ១០០០, សហស្សំ ព្រហ្មលោកានំ ព្រហ្មលោក ១០០០ ។ ម្នាលអានន្ទ នេះហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូច) ។ អយំ វុច្ចតានន្ទ ម្នាលអានន្ទ ការកំណត់យ៉ាងនេះ ហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០) ។ ៣. ការកំណត់សហស្សីចូឡនិកាលោកធាតុនោះចំនួន ១០០០ ម្នាលអានន្ទ នេះហៅថា ទ្វិសហស្សីមជ្ឈិមកាលោកធាតុ (លោកធាតុកណ្ដាលដែលមានចក្កវាឡចំនួន ១០០០០០០ = យកសហស្សីចូឡនិកាសោកធាតុ គុណនឹង ១០០០) ។ ៤. ការកំណត់ទ្វិសហស្សីមជ្ឈិមកាលោកធាតុនោះចំនួន ១០០០ ដង ម្នាលអានន្ទ នេះហៅថា តិសហស្សីមហាសហស្សីលោកធាតុ (លោកធាតុធំដែលមានចក្កវាឡចំនួន ១ សែនកោដិ ។ ម្នាលអានន្ទ កាលបើតថាគតប្រាថ្នាគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន តើដូចម្ដេច ។ម្នាលអានន្ទ ក្នុងលោកនេះ តថាគតផ្សាយរស្មីទៅកាន់តិសហស្សីមហាសហស្សីលោកធាតុ កាលណាពួកសត្វទាំងនោះស្គាល់ច្បាស់នូវពន្លឺនោះបាន ក្នុងកាលនោះ តថាគតគប្បីធ្វើនូវសំឡេងឲ្យគឹកកងញុំាងសំឡេងឲ្យលាន់ឮ ។ ម្នាលអានន្ទ តថាគត គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ណាដ៏បានយ៉ាងនេះឯង ។ កាលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលយ៉ាងនេះថាឱជាលាភរបស់ខ្ញុំព្រះអង្គហើ យខ្ញុំព្រះអង្គឈ្មោះថា បានល្អហើយ ព្រោះថាព្រះសាស្ដារបស់ខ្ញុំ ព្រះអង្គមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ។ កាលបើព្រះអានន្ទដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏និយាយតបនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថាម្នាលអាវុសោអានន្ទ ប្រសិនបើព្រះសាស្ដារបស់អ្នក មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ តើអ្នកនឹងបានអ្វីក្នុងដំណើរនុ៎ះ ។ កាលបើព្រះឧទាយិដ៏មានអាយុនិយាយយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុដូច្នេះថាម្នាលឧទាយិ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលឧទាយិ បើអានន្ទ មិនទាន់ប្រាសចាករាគៈយ៉ាងនេះ ហើយគប្បីធ្វើមរណកាលដោយចិត្តជ្រះថ្លានោះ អានន្ទគប្បីសោយទេវរជ្ជសម្បត្តិ ក្នុងទេវលោក ៧ ដង សោយមហារជ្ជសម្បត្តិ ក្នុងជម្ពូទ្វីបនេះ ៧ ដង ម្នាលឧទាយិ តែថាអានន្ទនឹងបរិព្វាន ក្នុងអត្តភាពជាបច្ចុប្បនេះ ។ ចប់ ចូឡនិកាសូត្រ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ បិដកលេខ ៤១ ទំព័រ ៣១២ ) សេចក្ដីអធិប្បាយ ពាក្យថា ចូឡនិកាលោកធាតុ គឺជាលោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០ អយំ សាវកានំ វិសយោ សហស្សីចូឡនិកាលោកធាតុនេះជាវិស័យនៃសាវ័កទាំងឡាយ ។ ពាក្យថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ បានដល់ លោកធាតុដែលមានឈ្មោះថា ទ្វិសហស្សីមជ្ឈិមិកា គឺមានប្រមាណនៃចក្កវាឡ ១ លាន ព្រោះត្រូវគុណហើយដោយចំណែកនៃពាន់ក្នុងចក្កវាឡមួយពាន់នេះ ។ ព្រោះថា ស្ថានទីមានប្រមាណប៉ុណ្ណេះ ព្រះតថាគតទាំងឡាយទ្រង់សម្ដែងគឺបញ្ចេញនូវព្រះរស្មីអំពីសរីរៈ កម្ចាត់សេចក្ដីងងឹតអន្ធការ និងអាចដើម្បីញ៉ាំងមនុស្សទេវតាទាំងឡាយឲ្យបានឮព្រះសូរសៀងបាន ។ ឯត្តកេន ពុទ្ធានំ ជាតិក្ខេត្តំ នាម ទស្សិតំ ឈ្មោះថា ជាតិក្ខេតរបស់ព្រះពុទ្ធទាំងឡាយ គឺលោកសម្ដែងហើយដោយពាក្យប្រមាណប៉ុណ្ណេះ ។ ពិតមែនហើយ ក្នុងភពចុងក្រោយនៃព្រះសព្វញ្ញុពោធិសត្វទាំងឡាយ ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញ​សាថងមហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាដ់ដឹង ១ ថ្ងៃដែលព្រះអង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និង ថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ស្ថានទីដែលជាចក្កពវាលមានប្រមាណប៉ុណ្ណេះរមែងកម្រើកញាប់ញ័រ ។ ពាក្យថា តិសហស្សីមហាសហស្សីលោកធាតុ ជាលោកធាតុធំដែលមានចក្កវាឡចំនួនមួយសែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា មានចក្កវាឡចំនួនដប់សែនកោដិ ។ តិសហស្សីមហាសហស្សីលោកធាតុនេះឯង ឈ្មោះថាជា អាណាខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដូច្នេះហើយ ក្នុងវេលាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងព្រះបរិត្តទាំងឡាយគឺ អាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត និង រតនបរិត្ត រមែងផ្សាយទៅដល់ចក្កវាឡមានប្រមាណប៉ុណ្ណេះ ។ តត្ថ ពុទ្ធានំ អវិសយោ នាម នត្ថិ ក្នុងបណ្ដាលោកធាតុទាំងនោះ ឈ្មោះថា មិនមែនជាវិស័យរបស់ព្រះពុទ្ធទាំងឡាយ រមែងមិនមាម ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ កនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ ចូឡនិកាសូត្រ) សេចក្ដីប្រៀបធៀបរវាងសាវកវិស័យនឹងពុទ្ធវិស័យ ម្នាលអានន្ទ អ្នកនិយាយអ្វីយ៉ាងនេះ សាវកទាំងឡាយរមែងតាំងនៅញាណដោយចំពោះ តែតថាគតបំពេញបារមី ១០ ហើយបានសម្រេចសព្វញ្ញុតញ្ញាណ ដែលនរណាៗ នឹងប្រមាណមិនបាន អ្នកនិយាយយ៉ាងនេះ ៖ ១. នខសិខាយ បំសុំ គហេត្វា មហាបថវិបំសុនា សទ្ធិំ ឧបមេន្តោ វិយ ហាក់ដីដូចជាយកចុងក្រចកចូកនូវធូលីដ៏តិចតួចមកប្រៀននឹងគំនរមហាប្រថពីដ៏ធំ ។ ២. តាឡច្ឆិទ្ទំ គហេត្វា អនន្តាកាសេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកប្រហោងដើមត្នោតដ៏តូចមកប្រៀននឹងអាកាសដែលមិនមានទីបំផុត ។ ៣. ចាតកសកុណំ គហេត្វា ទិយឌ្ឍយោជនសតិកេន សុបណ្ណរាជេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកសត្វចចាតដ៏តូចមកប្រៀននឹងស្ដេចគ្រុឌដែលហើរបាន ១៥០ យោជន៍ ។ ៤. ហត្ថិសោណ្ឌាយ ឧទកំ គហេត្វា មហាគង្គាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងប្រមោយដំរីមកប្រៀននឹងទឹកក្នុងទន្លេះគង្គាដ៏ធំ ។ ៥. ចតុរតនិកេ អាវាដេ ឧទកំ គហេត្វា សត្តហិ សរេហិ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងរណ្ដៅប្រវែង ៤ ហត្ថ មកប្រៀននឹងមហាជាតស្រះទាំង ៧ ។ ៦. នាឡិកោទនមត្តលាភិំ មនុស្សំ គហេត្វា ចក្កវត្តិរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកមនុស្សដែលមានតម្លៃត្រឹមតែបាយមួយនាឡិមកប្រៀននឹងស្ដេចចក្កពត្តិ ។ ៧. បំសុបិសាចកំ គហេត្វា សក្កេន ទេវរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកបំសុបិសាច (បិសាចធូលី) មកប្រៀននឹងស្ដេចសក្កទេវរាជ ។ ៨. ខជ្ជោបនកប្បភំ គហេត្វា សូរិយប្បភាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកពន្លឺនៃអំពិលអំពែកដ៏តូចមកប្រៀននឹងពន្លឺនៃព្រះអាទិត្យ ។ ព្រោះវិស័យរបស់សាវកទាំងឡាយជាចំណែកមួយ ឯពុទ្ធវិស័យជាចំណែកមួយ, ធម៌ជាគោចរ របស់សាវកទាំងឡាយជាចំណែកមួយ ឯធម៌ជាគោចររបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ, កម្លាំងរបស់សាវកទាំងឡាយជាចំណែកមួយ ឯកម្លាំងរបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ ។ (មនោរថបូរណី អដ្ឋកថា សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ ចូឡនិកាសូត្រ ) លោកធាតុ ពាក្យថា លោកធាតុ មានន័យថា ទំហំនៃលោកដែលត្រូវកំណត់ដោយចំនួនចក្កវាឡមានប្រការផ្សេងៗ ។ ពាក្យថា ចក្កវាឡ មានន័យថា មានអាការៈមូលដូចកង់រថ លោកពោលសំដៅដល់ ស្ថានទីដ៏ធំមួយមានរាងមូលដែលមានភ្នំចក្កវាឡជាកំពែងឡោមព័ទ្ធជុំវិញ ។ លោកធាតុចែកចេញជា ៤ ប្រភទ ៖ ១. លោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយ ។ ២. សហស្សីចូឡនិកាលោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយពាន់ ។ ៣. ទ្វិសហស្សីមជ្ឈិមកិកាលោកធាតុ បានដល់ លោកធាតុកណ្ដាល គឺចក្កវាឡមួយលាន ហើយក្នុងអដ្ឋកថាមនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថាយតុវដកសុត្តនិទ្ទេស​វណ្ណនា សម្ដែងថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុនេះ ជា ជាតិក្ខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដោយសេចក្ដីថា ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញ​សាង​មហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាស់ដឹង ១ ថ្ងៃដែលព្រះ​អង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និងថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ចក្កវាឡមានប្រមាណ ១ លាន នេះ មែងកម្រើកញាប់ញ័រ តែក្នុងអដ្ឋកថាទាំង​ឡាយជាច្រើនដូចអដ្ឋកថាទីឃនិកាយ អដ្ឋកថាមជ្ឈិមនិកាយ អដ្ឋកថាខុទ្ទកនិកាយ ហើយសូម្បីអដ្ឋ​កថា​អង្គុត្តរនិកាយនៃសូត្រដទៃៗ បានសម្ដែងថា ជាតិក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ មានត្រឹមតែចក្កវាឡ ១ ម៉ឺនប៉ុណ្ណោះ ។ ៤. តិសហស្សីមហាសហស្សីលោកធាតុ បានដល់ ចក្កវាឡមួយសែនកោដិ ក្នុងអដ្ឋកថា មនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថា តុវដកសុត្តនិទ្ទេសវណ្ណនាបានសម្ដែង​ថា តិសហស្សីមហាសហស្សីលោកធាតុនេះ ជា អាណាក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ដោយសេចក្ដីថា ក្នុងវេលាដែលព្រះអង្គសម្ដែងអាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត រតនបរិត្ត អាជ្ញានៃព្រះបរិត្តទាំងនេះ រមែងផ្សាយទៅក្នុងចក្កវាឡមានប្រមាណ ១ សែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា តិសហស្សីមហាសហស្សីលោកធាតុនេះ មានចក្កវាឡ ចំនួន ១០ សែនកោដិ ។ ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2666/_______________xtpic.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ១៩៧៣២ ដង)
ផ្កាឈូកជាបុព្វនិមិត្តនៃសុញ្ញកប្ប និង អសុញ្ញកប្ប ។ ការកំណត់រយៈកាលនៃអាយុផែនដី ឈ្មោះថា កប្ប ក្នុងទីនេះ ។ កប្បមានពីរប្រភេទគឺ សុញ្ញកប្ប ១ អសុញ្ញកប្ប ១ ។ ១. សុញ្ញកប្ប ។ សុញ្ញកប្បមាន ៤ យ៉ាងគឺ ៖ 1. សុញ្ញមហាកប្ប បានដល់មហាកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង 2. សុញ្ញអសង្ខេយ្យ បានដល់សំវដ្ដអសង្ខេយ្យកប្ប សំវដ្ដដ្ឋាយីអសង្ខេយ្យ វិវដ្ដអសង្ខេយ្យ 3. សុញ្ញអន្តរកប្ប បានដល់អន្តរកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង 4. សុញ្ញអាយុកប្ប បានដល់ក្នុងរវាងមនុស្សមានអាយុវែងច្រើនជាងមួយសែនឆ្នាំឡើងទៅ និងតិចជាងមួយរយឆ្នាំចុះមក ។ តើសុញ្ញកប្បសំដៅដល់កប្បយ៉ាងណា ? ក្នុងអដ្ឋកថាបញ្ជាក់ច្បាស់ថា «ដែលឈ្មោះថា សុញ្ញកប្ប សំដៅដល់កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ កើតក្នុងកប្បនោះ» ។ ២. អសុញ្ញកប្ប ។ អសុញ្ញកប្ប មានន័យថា កប្បដែលមិនសូន្យចាកបុគ្គល សម្បូរដោយគុណធម៌ មានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ តែងកើតក្នុងកប្បនោះ ។ អសុញ្ញកប្បនេះមាន ៥ យ៉ាងគឺ ៖ សារកប្ប១ មណ្ឌកប្ប១ វរកប្ប១ សារមណ្ឌកប្ប១ និងភទ្ទកប្ប១ ។ សមដូចបរមត្ថទីបនីអដ្ឋកថាគម្ពីរអបទានបញ្ជាក់ថា ៖ • សារកប្ប មានព្រះពុទ្ធ ១ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • មណ្ឌកប្ប មានព្រះពុទ្ធ ២ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • វរកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • សារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ • ភទ្ទកប្ប មានព្រះពុទ្ធ ៥ ព្រះអង្គត្រាស់ដឹងក្នុងកប្បនោះ ។ សមដូចបោរាណាចារ្យប្រព័ន្ធជាគាថាថា ៖ ព្រះពុទ្ធ ១ អង្គប៉ុណ្ណោះ កើតឡើងក្នុងសារកប្ប ។ ព្រះពុទ្ធត្រឹម ២ អង្គប៉ុណ្ណោះមានក្នុងមណ្ឌកប្ប ។ ព្រះពុទ្ធ ៣ អង្គកើតឡើងក្នុងវរកប្ប ។ ក្នុងសារមណ្ឌកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ ។ ចំណែកភទ្ទកប្ប ជាកប្បដ៏ចម្រើនមានព្រះពុទ្ធត្រាស់ដឹងរហូតដល់ទៅ ៥ ព្រះអង្គ ព្រះជិនស្រីទ្រង់មិនត្រាស់ដឹងក្នុងកប្បដទៃដែលជាសុញ្ញកប្បឡើយ ។ នៅក្នុងអដ្ឋកថាអនាគតវង្សថា «ក្នុងមហាកប្បនីមួយៗនឹងមានព្រះពុទ្ធត្រាស់ដឹងឡើង ៦ ឬ ៧ ព្រះអង្គនោះ មិនមានឡើយ» ។ (សេចក្ដីខាងលើនេះដកស្រង់ចាកមាគ៌ាជីវិតនៃព្រះពោធិសត្វ) ។ សេចក្ដីពន្យល់ក្នុងគម្ពីរអដ្ឋកថាសុមង្គលវិលាសិនី បទថា ភទ្ទកប្បេ សេចក្តីថា ក្នុងសុន្ទរកប្ប គឺ ក្នុងសារកប្ប ព្រោះប្រដាប់ដោយការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ៥ ព្រះអង្គ ព្រោះហេតុនោះ ព្រះមានព្រះភាគកាលទ្រង់ សរសើរកប្បនេះ ទើបត្រាស់ថា ភទ្ទកប្ប យ៉ាងនេះ ។ ដូចបានជ្រាបមកថា តាំងពីព្រះមានព្រះភាគរបស់យើងទាំងឡាយ ទ្រង់បំពេញអភិនិហារ រមែងមិនមានសូម្បីក្នុងកប្បមួយ ក្នុងចន្លោះនោះ ដែលព្រះពុទ្ធ ៥ ព្រះអង្គ ទ្រង់ឧប្បត្តិឡើង ។ ប៉ុន្តែមុនអភិនិហាររបស់ព្រះមានព្រះភាគរបស់យើងទាំងឡាយ ព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះតណ្ហង្ករ ព្រះមេធង្ករ ព្រះសរណង្ករ ព្រះទីបង្ករទ្រង់ឧប្បត្តិហើយ ក្នុងកប្ប តែមួយ ។ ក្នុងចំណែកដែលផុតអំពីព្រះពុទ្ធទាំង (បួននេះ) ហើយ បានសូន្យទទេចាកព្រះពុទ្ធ ដល់ទៅមួយអសង្ខេយ្យ ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប ព្រះពុទ្ធព្រះនាមថា កោណ្ឌញ្ញៈ តែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ តអំពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់ មួយអសង្ខេយ្យកប្បទៀត ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប មានព្រះពុទ្ធ ៤ ព្រះអង្គ គឺព្រះសុមង្គលៈ ព្រះសុមនៈ ព្រះរេវតៈ ព្រះសោភិតៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ បន្ទាប់ ពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់មួយអសង្ខេយ្យទៀត ។ ក្នុងទីបំផុតនៃមួយអសង្ខេយ្យកប្ប តអំពីនោះទៀត អសង្ខេយ្យក្រៃលែងដោយមួយសែនកប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺ ព្រះអនោមទស្សី ព្រះបទុមៈ ព្រះនារទៈ ទ្រង់ឧប្បត្តិឡើង ក្នុងកប្បមួយ ។ សូម្បីអំពីនោះ ក៏សូន្យចាកព្រះពុទ្ធអស់មួយអសង្ខេយ្យ ។ ក្នុងបំផុតអសង្ខេយ្យកប្ប និងថែមសែនកប្ប ព្រះដ៏មានព្រះភាគព្រះនាមថា ព្រះបទុមុត្តរៈ តែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់ឧប្បត្តិឡើងក្នុង កប្បមួយ ។ តអំពីនេះទៀត បីម៉ឺនកប្ប មានព្រះពុទ្ធពីរព្រះអង្គ គឺ ព្រះសុមេធៈ ព្រះសុជាតៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្បមួយ ។ ក្នុងចំណែកដ៏សេសអំពីនេះ តទៅទៀត ១៨០០០ កប្ប មានព្រះពុទ្ធ ៣ ព្រះអង្គ គឺព្រះបិយទស្សី ព្រះអត្ថទស្សី ព្រះធម្មទស្សី ទ្រង់ឧប្បត្តិឡើងក្នុងកប្ប មួយ ។ តពីនេះទៅ ៩៤ កប្ប ព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ ព្រះផុស្សៈ ទ្រង់ឧប្បត្តិឡើងក្នុងកប្ប មួយ ។ តពីនេះទៅ ៩១ កប្ប មានព្រះមានព្រះភាគព្រះនាមថា វិបស្សី ទ្រង់ឧប្បត្តិឡើង ។ តអំពីនេះ ៣១ កប្ប មានព្រះពុទ្ធពីរព្រះអង្គ គឺ ព្រះសិខី ព្រះវេស្សភូ ទ្រង់ឧប្បត្តិឡើង ។ ក្នុងភទ្ទកប្បនេះ មានព្រះពុទ្ធ ៤ ព្រះអង្គ គឺ ព្រះកកុសន្ធៈ ព្រះកោណាគមនៈ ព្រះកស្សបៈ និងព្រះគោតមរបស់យើងទាំងឡាយ ទ្រង់ឧប្បត្តិឡើង ឯព្រះមេត្តេយ្យៈ ទ្រង់នឹងឧប្បត្តិ ឡើងជាខាងក្រោយ ។ កប្បនេះ ជាសុន្ទរកប្ប ជាសារកប្ប ព្រោះប្រដាប់ដោយការកើតឡើងណៃព្រះពុទ្ធទាំងឡាយ ៥ ព្រះអង្គ ដោយប្រការយ៉ាងនេះ ព្រោះហេតុនោះ ព្រះមានព្រះភាគជាម្ចាស់ កាលទ្រង់សរសើរកប្បនេះ ទើបត្រាស់យ៉ាងនេះ ។ សួរថា ហេតុការណ៍ដែលថា ព្រះពុទ្ធប្រមាណប៉ុណ្ណេះឧប្បត្តិឡើងហើយក្តី នឹងឧប្បត្តិ ឡើងក្តី ក្នុងកប្បនេះ រមែងប្រាកដដល់ព្រះពុទ្ធទាំងឡាយតែប៉ុណ្ណោះ ឬថា ប្រាកដសូម្បីដល់ អ្នកដទៃដែរ ? ឆ្លើយថា រមែងប្រាកដសូម្បីដល់អ្នកដទៃផង ។ សួរថា ប្រាកដដល់នរណា ? ឆ្លើយថា រមែងប្រាកដដល់ព្រហ្មជាន់សុទ្ធាវាស ។ ពិតមែន ក្នុងកាលជាទីសាងឡើងនៃកប្បនោះ កាលលោកសន្និវាសតាំងនៅអស់មួយ សំវដ្ដដ្ឋាយីអសង្ខេយ្យកប្ប ភ្លៀងក៏ចាប់ផ្តើមធ្លាក់ដើម្បីប្រយោជន៍ដល់ការសាងឡើងនៃលោក ។ មុនដំបូងគ្រាប់ភ្លៀងនោះប្រាកដូចទឹកសន្សើមដែលធ្លាក់ក្នុងទីបំផុតនៃដែន ។ តពីនោះ ក៏មានជាតំណក់ទឹក ប្រមាណប៉ុនគ្រាប់ល្ង ប៉ុនកន្ទក់ ប៉ុនគ្រាប់អង្ករ ប៉ុនគ្រាប់សណ្តែក បាយ ប៉ុនគ្រាប់សណ្តែករាជមាស ប៉ុនផ្លែពុទ្រា ប៉ុនផ្លែកន្ទួតព្រៃ ប៉ុនផ្លែល្ពៅ ប៉ុនផ្លែត្រឡាច ប៉ុនផ្លែឃ្លោក ជាខ្សែទឹកចម្រើនឡើងដោយលំដាប់ មានប្រមាណមួយឧសភៈ (មួយឧសភៈស្មើនឹង ២០ ម៉ែត្រ) ពីរឧសភៈ កន្លះគាវុត មួយគាវុត ពីរគាវុត កន្លះយោជន៍ មួយយោជន៍ ពីរយោជន៍ ។ល។ មួយរយយោជន៍ មួយពាន់យោជន៍ មួយសែនយោជន៍ តាំងនៅបរិបូណ៌ក្នុងចន្លោះមួយសែនកោដិចក្រវាឡដរាបដល់អវិនដ្ឋព្រហ្មលោក (គឺ អាភស្សរព្រហ្មលោក, សុភកិណ្ហព្រហ្មលោក, វេហប្ផលព្រហ្មលោក) ។ លំដាប់នោះ ទឹកនោះស្រកចុះតាមលំដាប់ កាលទឹកស្រកចុះ ទេវលោកទាំងឡាយរមែងតាំងនៅក្នុងទីរបស់ទេវលោកជាប្រក្រតី ។ វិធីសាងលោកទាំងនោះ លោកពោលទុកហើយ ក្នុងបុព្វេនិវាសកថា ក្នុងវិសុទ្ធិមគ្គ ។ ចំណែកឋានដែលត្រូវសាងជាតាំងនៃមនុស្សលោក រមែងតាំងនៅលើទឹកនោះ ដោយអំណាចខ្យល់ ហាក់បីដូចទឹកដែលចូលទៅក្នុងមាត់ធម្មក្រកដែលបិទជិត ។ ផែនដីរមែងតាំងនៅ ហាក់បីដូចស្លឹកឈូកនៅលើផ្ទៃទឹក ។ ស្ថានទីមហាពោធិបល្ល័ង្ក កាលលោកវិនាស ក៏វិនាសក្រោយ កាលលោកតាំងឡើង ក៏ប្រាកដឡើងមុន ។ ក្នុងស្ថានទីមហាពោធិបល្ល័ង្កនោះ មានឈូកមួយគុម្ព បានកើតឡើងជាបុព្វនិមិត្ត ប្រសិនបើក្នុងកប្បនោះ មានព្រះពុទ្ធនឹងឧប្បត្តិ ផ្កាឈូករមែងកើតឡើង (ជានិមិត្ត) បើព្រះពុទ្ធមិនឧប្បត្តិទេ ផ្កាឈូកនឹងមិនកើតដែរ ។ បើព្រះពុទ្ធនឹងឧប្បត្តិឡើង ១ អង្គ ផ្កាឈូកក៏កើតឡើង ១ ផ្កា ។ បើព្រះពុទ្ធ ២ អង្គ ៣ អង្គ ៤ អង្គ ៥ អង្គ ផ្កាឈូកក៏កើត (២, ៣, ៤) ៥ ផ្កា ។ មួយទៀត ផ្កាឈូកទាំងនោះ ជាផ្កាមានចង្កោមជាប់គ្នាក្នុងទងតែមួយប៉ុណ្ណោះ ។ សុទ្ធាវាព្រហ្មទាំងឡាយបបួលគ្នាថា ម្នាលអ្នកនិរទុក្ខទាំងឡាយ ពួកយើងចូរមក នឹងឃើញនូវបុព្វនិមិត្ត ហើយនាំគ្នាកាន់ស្ថានទីមហាពោធិបល្ល័ង្ក ។ បើក្នុងកប្បដែលព្រះពុទ្ធទាំងឡាយមិនឧប្បត្តិឡើង ផ្កាឈូកក៏មិនមានដែរ ។ ពួកព្រហ្មទាំងឡាយនោះឃើញគុម្ពឈូកមិនមានផ្កា ក៏មានសេចក្តីសង្វេគថា ម្នាលគ្នាយើង លោកនឹងងងឹតឈឹងហ្ម៎, សត្វទាំងឡាយត្រូវភាពងងឹតគ្របសង្កត់ហើយ នឹងពេញក្នុងអបាយ, ទេវលោក ៦ ព្រហ្មលោក ៩ នឹងទំនេរ ។ កាលបានឃើញផ្កាឈូកក្នុងវេលារីកឡើង នាំគ្នាសប្បាយចិត្តថា កាលព្រះសព្វញ្ញូពោធិសត្វទ្រង់ឈានចុះកាន់គភ៌ព្រះមាតា ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង ទ្រង់ញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅ ទ្រង់ធ្វើយមកបាដិហារ្យ ទ្រង់យាងចុះចាកទេវលោក ទ្រង់ដាក់អាយុសង្ខារ ស្តេចរំលត់ខន្ធបរិនិព្វាន ពួកយើងនឹងឃើញបាដិហារ្យ ដែលធ្វើឲ្យម៉ឺនចក្រវាឡញាប់ញ័រ ហើយក៏មានចិត្តគិតថា អបាយទាំង ៤ នឹងវិនាសសាបសូន្យ, ទេវលោក ៦ ព្រហ្មលោក ៩ នឹងបរិបូណ៌ ដូច្នេះហើយក៏នាំគ្នាថ្លែងឧទានទៅកាន់ព្រហ្មលោករបស់ខ្លួនរៀងៗខ្លួន ។ ម្យ៉ាងទៀត ផ្កាឈូកទាំងឡាយ ៥ កើតឡើងហើយក្នុងភទ្ទកប្បនេះ ។ ព្រះពុទ្ធទាំងឡាយ ៤ អង្គបានកើតឡើងដោយអានុភាពនៃនិមិត្តទាំងឡាយនោះ ហើយអង្គទី ៥ នឹងកើតឡើង ។ សូម្បីសុទ្ធាវាសព្រហ្មទាំងឡាយបានឃើញផ្កាឈូកទាំងនោះ ទើបដឹងនូវសេចក្ដីនោះ ។ ព្រោះហេតុនោះ លោកទើបពោលថា សេចក្តីនោះជាការប្រាកដ សូម្បីដល់បុគ្គលដទៃដោយប្រការដូច្នេះ ។ (សុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ មហាវគ្គ មហាបទានសុត្តវណ្ណនា បុព្ពេនិវាសបដិសំយុត្តកថា) ដោយ ខេមរ អភិធម្មាវតារ ។ ដោយ៥០០០ឆ្នាំ
images/articles/2668/545eetpic.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៦៦៣៦៤ ដង)
១. គោបាលកុបោសថោ ឧបោសថប្រៀបដូចអ្នកគង្វាលគោ ២. និគណ្ធុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់និគ្រណ្ឋ ៣. អរិយុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់ព្រះអរិយៈ ១. បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នករក្សាឧបោសថសីលហើយ គិតជញ្ជឹងដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផងៗអាត្មាអញបានបរិភោគ នូវភោជនីយៈនេះផងៗ ស្អែកនេះ អាត្មាអញនឹងទំពាស៊ី នូវខាទនីយៈនេះផងៗ នឹងបរិភោគនូវខាទនីយៈនេះ ផងៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញុំាងថ្ងៃឲប្រព្រឹត្តកន្លងទៅដោយលោភៈនោះ ក៏យ៉ាងនោះឯង ឈ្មោះថា គោបាលកុបោសថ ។ ២. មានពួកសមណៈហៅថានិគណ្ឋៈ សមណៈអម្បាលនោះតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើនអ្នកចូរមកអាយ សត្វទាំងឡាយណា មាននៅក្នុងទិសខាងកើតខាងនាយពី ១០០ យោជន៍ទៅអ្នកចូរដាក់អាជ្ញា ( សម្លាប់ )សត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងលិចខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងជើងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញាក្នុងសត្វអម្បាលនោះ ចុះសត្វទាំងឡាយណា មាននៅក្នុងទិសខាងត្បូងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ ។ ពួកនិគ្រណ្ឋតែងដឹកនាំសាវកឲ្យអាណិត អនុគ្រោះចំពោះពួកសត្វខ្លះ តែងដឹកនាំសាវក មិនឲអាណិត មិនឲអនុគ្រោះចំពោះពួកសត្វខ្លះ ។ ក្នុងថ្ងៃឧបោសថៈនោះ គេតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមកអាយ អ្នកចូរស្រាតសំពត់ឲអស់ ហើយពោលយ៉ាងនេះថាអាត្មាអញមិនទាក់ទាមនឹងនរណា ។ ក្នុងទីណា ៗ នឹងមានកង្វល់ក្នុងរបស់អ្វីៗ ក្នុងទីណាៗ ក៏មិនមានដល់អាត្មាអញឡើយ តែមាតាបិតារបស់គេក៏ដឹងថា នេះបុត្ររបស់អញទាំងខ្លួនគេក៏ដឹងថា នេះមាតាបិតារបស់អញបុត្រភរិយារបស់គេដ៏ដឹងថា នេះជា ស្វាមីរបស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាបុត្រភរិយារបស់អញ ពួកបុរសជា ទាស​កម្មករ​របស់គេក៏ដឹងថា នេះជាម្ចាស់របស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាពួកបុរសដែលជាទាស​កម្មករ​របស់អញ ( សាវកទាំងនោះ ) ត្រូវគេដឹកនាំក្នុងសច្ចៈដូច្នេះ ក្នុងសម័យណា( អ្នកដឹកនាំ ) ឈ្មោះថា ដឹកនាំក្នុងមុសាវាទ ក្នុងសម័យនោះ ។ តថាគតពោលថា ពាក្យដឹកនាំនេះជាពាក្យមុសាវាទរបស់គេ ។ លុះកន្លង រាត្រីនោះហើយ គេបរិភោគភោគៈទាំងអម្បាលនោះ ដែលម្ចាស់គេមិនបានឲ ។ តថាគតពោលថា ការបរិភោគនេះជាអទិន្នាទានរបស់គេ ។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា និគណ្ឋុបោសថ ។ ៣. ឧបោសថដែលធ្វើចិត្តដែលសៅហ្មងឲផូរផង់បាន ដោយសេចក្ដីព្យាយាម ឈ្មោះថា អរិយុបោសថ ក្នុងអរិយុបោសថនេះ មាន ៦ ប្រភេទគឺ ៖ ៣.១. ព្រហ្មុបោសថ ឧបោសថដែលអ្នករក្សារលឹករឿយៗក្នុងគុណរបស់ព្រហ្មគឺព្រះសម្មាសម្ពុទ្ធ ហើយសមាទាន ។ ៣.២. ធម្មុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះនព្វលោកុត្តរធម៌ និងព្រះបរិយត្តិ ហើយសមាទាន ។ ៣.៣. សង្ឃុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះអរិយសង្ឃទាំង ៨ ហើយសមាទាន ។ ៣.៤. សីលុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់លីសរបស់ខ្លួន ហើយសមាទាន ។ ៣.៥. ទេវតុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់គុណធម៌របស់ខ្លួនដោយតាំងទេវតាទុកក្នុងឋានៈជាសាក្សី ហើយសមាទាន ។ ៣.៦. (អរហន្តុបោសថ) ឧបោសថដែលអ្នកសមាទាន រក្សាដោយនឹករឭកដល់គុណព្រះអរហន្តហើយសមាទាន ។ (សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត បិដកលេខ ៤១ ទំព័រ ២៥៩ ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2669/est443pic.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៤៤៧៨២ ដង)
អាយុវឌ្ឍនកុមារវត្ថុ (រឿងកុមារដែលចម្រើនដោយអាយុឬកុមារដែលមានអាយុវែង) សេចក្ដីផ្ដើម ព្រះសាស្តាកាលទ្រង់គងនៅនាកុដិក្នុងព្រៃ ដែលអាស្រ័យនឹងទីឃលង្ឃិកនគរ ទ្រង់ ប្រារព្ធអាយុវឌ្ឍនកុមារ បានត្រាស់ព្រះធម្មទេសនានេះថា “អភិវាទនសីលិស្ស“ ដូច្នេះ (ជាដើម) ។ ព្រាហ្មណ៍ជាសម្លាញ់​ពីរនាក់ចេញបួសបានឮថា ព្រាហ្មណ៍ពីរនាក់ ដែលមានប្រក្រតីនៅក្នុងទីឃលង្ឃិកនគរ បួសក្នុង លទ្ធិខាងក្រៅព្រះពុទ្ធសាសនា ហើយបានបំពេញតបៈអស់រយកាល ៤៨ ឆ្នាំ ។ បណ្តា ព្រាហ្មណ៍ទាំងពីរនាក់នោះ ព្រាហ្មណ៍ម្នាក់គិតថា (ប្រសិនបើយើងបួសដូច្នេះរហូត) ប្រពៃណីរបស់យើងនឹងសាបសូន្យ (ដើម្បីកុំឲ្យប្រពៃណីរបស់យើងសាបសូន្យ) យើងត្រូវតែ សឹក លុះគិតដូច្នេះហើយ ក៏លក់បរិក្ខារដែលសម្រាប់ធ្វើតបៈនោះឲ្យដល់បុគ្គលដទៃ (ហើយក៏សឹកទៅ មិនយូរប៉ុន្មាន) ព្រាហ្មណ៍នោះបានភរិយាព្រមទាំងគោ ១០០ ក្បាល និងទ្រព្យ ១០០ កហាបណៈ ហើយគាត់ក៏ញ៉ាំងទ្រព្យឲ្យតាំងនៅ (ដោយប្រការដូច្នេះ) ។ ក្នុងកាលជាខាងក្រោយមក ភរិយារបស់គាត់ប្រសូត្របានបុត្រមួយ ។ ចំណែកសម្លាញ់របស់គាត់ ទៅកាន់នគរផ្សេងហើយក៏ត្រឡប់មកកាន់នគរនោះវិញ ។ គាត់បានឮថា សម្លាញ់នោះមក ក៏នាំបុត្រនិងភរិយាទៅជួប, លុះទៅដល់ហើយក៏បានឲ្យបុត្រទៅភរិយា ហើយចូលទៅថ្វាយបង្គំមុន ។ ចំណែកស្រ្តីដែលជាភរិយាក៏ឲ្យបុត្រទៅស្វាមី ហើយក៏ចូលទៅថ្វាយបង្គំដែរ ។ សម្លាញ់នោះពោលថា ទីឃាយុកា ហោថ សូមអ្នកទាំងពីរចូរជាអ្នកមានអាយុ វែង ។ ប៉ុន្តែ កាលព្រាហ្មណ៍ជាស្វាមី និងភរិយា ឲ្យបុត្រថ្វាយបង្គំ សម្លាញ់នោះនៅស្ងៀម ។ ព្រាហ្មណ៍សួរហេតុដែលសម្លាញ់មិនឲ្យពរដល់បុត្រ គ្រានោះ ព្រាហ្មណ៍បានពោលនឹងសម្លាញ់នោះថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះហេតុអ្វី កាលខ្ញុំថ្វាយបង្គំ លោកម្ចាស់ពោលថា សូមឲ្យអ្នកមានអាយុវែង លុះ ក្មេងនេះថ្វាយបង្គំ លោកម្ចាស់មិនបានពោលពាក្យអ្វីៗ សោះ ? សម្លាញ់នោះពោលថា ម្នាលព្រាហ្មណ៍ អន្តរាយអ្វីមួយនឹងកើតឡើងដល់ក្មេងនេះ ។ ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ក្មេងនេះនឹងរស់នៅបានកាលប៉ុន្មាន ថ្ងៃ ? សម្លាញ់ពោលថា ម្នាលព្រាហ្មណ៍ ក្មេងនេះរស់នៅបាន ៧ ថ្ងៃ ។ ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ ហេតុដែលជាគ្រឿងការពារមានដែរឬទេ ? សម្លាញ់ពោលថា យើងមិនដឹងហេតុដែលជាគ្រឿងការពារទេ ។ ព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ បុគ្គលណាទើបដឹង ? សម្លាញ់ពោលថា ម្នាលព្រាហ្មណ៍ មានតែព្រះសមណគោតមមួយព្រះអង្គប៉ុណ្ណោះ ដែលទ្រង់ជាអ្នកដឹង លោកចូរទៅកាន់សំណាក់របស់ព្រះសមណគោតមនោះ ហើយសួរចុះ ។ ព្រាហ្មណ៍ពោលថា ខ្ញុំទៅកាន់ទីនោះ ខ្លាចតែសាបសូន្យតបៈ ។ សម្លាញ់ពោលថា បើអ្នកស្រឡាញ់បុត្ររបស់អ្នក អ្នកកុំគិតដល់ការសាបសូន្យនៃតបៈ ឡើយ ចូរទៅកាន់សំណាក់របស់ព្រះសមណគោតមនោះ ហើយទូលសួរចុះ ។ ព្រាហ្មណ៍ជាបិតារបស់ក្មេងនោះទៅគាល់ព្រះសាស្តា ព្រាហ្មណ៍នោះ ទៅកាន់សំណាក់ព្រះសាស្តាហើយ ថ្វាយបង្គំខ្លួនឯងមុន ។ ព្រះសាស្តាត្រាស់ថា ទីឃាយុកោ ហោហិ “សូមអ្នកចូរជាអ្នកមានអាយុវែងចុះ“ សូម្បីក្នុងកាលដែលបជាបតិ (ប្រពន្ធ) របស់ព្រាហ្មណ៍ថ្វាយបង្គំ ក៏ត្រាស់ដូច្នោះដែរ ក្នុងពេល ដែលគាត់ឲ្យបុត្ររបស់គាត់ថ្វាយបង្គំ ព្រះសាស្តាទ្រង់គង់នៅស្ងៀម ។ គាត់ក៏ទូលសួរ ព្រះសាស្តា ដោយន័យដូចមុននោះឯង ។ សូម្បីព្រះសាស្តាក៏ទ្រង់ព្យាករដល់គាត់យ៉ាងនោះ ដូច្នោះដែរ ។ បានឮថា ព្រាហ្មណ៍នោះមិនត្រាស់ដឹងនូវសព្វញ្ញុតញ្ញាណ ទើបប្រៀបផ្ទឹមមន្តរបស់ ខ្លួននឹងសព្វញ្ញុតញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធ ប៉ុន្តែគាត់មិនដឹងឧបាយ ដែលជាគ្រឿង ការពារនូវអន្តរាយនោះ ។ ព្រះសាស្តាត្រាស់ប្រាប់ឧបាយជាគ្រឿងការពារអន្តរាយ ព្រាហ្មណ៍ទូលសួរព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាយដែលជាគ្រឿង ការពារមានដែរឬទេ ព្រះអង្គ ? ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ឧបាយនោះ មាន ។ ព្រាហ្មណ៍ពោលថា បពិត្រព្រះអង្គដ៏ចម្រើន តើត្រូវធ្វើដូចម្តេច ? ព្រះសាស្តាត្រាស់ថា បើអ្នកអាចធ្វើមណ្ឌប (បារាំ, រោងលាត ដែលសម្រាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល) ជិតទ្វារផ្ទះរបស់អ្នក ហើយឲ្យគេធ្វើតាំង (តុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ) តម្កល់ទុកត្រង់កណ្តាលមណ្ឌបនោះ រួចក្រាលអាសនៈ ៨ ឬ ១៦ កន្លែង ព័ទ្ធជុំវិញតាំងនោះ ហើយឲ្យសាវករបស់តថាគតអង្គុយលើអាសនៈទាំងនោះ សូធ្យ ព្រះបរិត្ត ៧ ថ្ងៃ កុំឲ្យមានចន្លោះ, អន្តរាយរបស់ក្មេងនោះ គប្បីវិនាសទៅដោយឧបាយ យ៉ាងនេះ ។ ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គអាចធ្វើមណ្ឌបជាដើមបាន, ប៉ុន្តែ ខ្ញុំព្រះអង្គមិនដឹងធ្វើវិធីយ៉ាងណា ដើម្បីបានសាវករបស់ព្រះអង្គ ? ព្រះសាស្តាត្រាស់ថា កាលបើអ្នកធ្វើកិច្ចទាំងនេះរួចស្រេចហើយ តថាគតនឹងបញ្ជូន សាវករបស់តថាគតទៅកាន់ទីនោះ ។ ព្រាហ្មណ៍យល់ព្រមថា ប្រពៃហើយ ព្រះគោតមដ៏ចម្រើន ហើយក៏ធ្វើកិច្ចទាំងអស់ នោះនៅជិតទ្វារផ្ទះរបស់ខ្លួនរួចហើយ បានទៅកាន់សម្នាក់ព្រះសាស្តា ។ ពួកភិក្ខុទៅសូធ្យព្រះបរិត្ត ព្រះសាស្តា ទ្រង់បញ្ជូនភិក្ខុទាំងឡាយទៅកាន់ទីនោះ ។ ភិក្ខុទាំងនោះក៏គង់ក្នុង មណ្ឌបនោះ ។ ព្រាហ្មណ៍​ទាំងពីរនាក់ គឺស្វាមី និងភរិយា ឲ្យក្មេងដេកលើតាំងនោះ ។ ភិក្ខុទាំងឡាយ សូធ្យព្រះបរិត្ត អស់ ៧ យប់ ៧ ថ្ងៃ មិនមានពេលចន្លោះ ។ ក្នុងថ្ងៃទី ៧ ព្រះសាស្តា ស្តេចយាងទៅកាន់ទីនោះដោយព្រះអង្គឯង ។ កាលព្រះសាស្តាស្តេច យាងទៅកាន់ទីនោះ ពួកទេវតាក្នុងចក្រវាឡទាំងអស់ ក៏បានមកប្រជុំគ្នាក្នុងទីនោះដែរ ។ យក្សមួយឈ្មោះអវរុទ្ធកយក្ស បម្រើព្រះបាទវេស្សវ័ណអស់ ១២ ឆ្នាំ កាលបានពរអំពី សម្នាក់ស្តេចវេស្សវ័ណនោះថា ក្នុងថ្ងៃទី ៧ អំពីថ្ងៃនេះ អ្នកគប្បីចាប់យកក្មេងនោះ, ព្រោះហេតុនោះ យក្សនោះ ទើបបានមកឈរនៅទីនោះ ។ កាលព្រះសាស្តាស្តេចយាង ទៅកាន់មណ្ឌបនោះ ពួកទេវតាអ្នកដែលមានសក្តិធំប្រជុំគ្នា ពួកទេវតាដែលមានសក្តិតូច ក៏ថយចេញទៅ មិនបានឱកាសនឹងនៅ ហើយចៀសចេញទៅរហូត ១២ យោជន៍ ។ សូម្បី អវរុទ្ធកយក្ស ក៏បានចៀសចេញទៅឈរនៅទីឆ្ងាយ ដូចគ្នា ។ ក្មេងផុតអន្តរាយត្រឡប់មានអាយុវែង សូម្បីព្រះសាស្តា ក៏ទ្រង់ធ្វើព្រះបរិត្ត រហូតអស់មួយរាត្រី ។ ពេលវេលាបាន កន្លងទៅ ៧ ថ្ងៃ, អវរុទ្ធកយក្សមិនមានឱកាសចាប់ក្មេងនោះ ។ លុះអរុណថ្ងៃទី ៨ រះឡើងភ្លាម ពីរនាក់ស្វាមីភរិយា ក៏នាំក្មេងនោះមកថ្វាយបង្គំព្រះសាស្តា ។ ព្រះសាស្តាត្រាស់ថា ទីឃាយុកោ ហោហិ “សូមអ្នកចូរជាអ្នកមានអាយុវែងចុះ“ ។ ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតមដ៏ចម្រើន តើក្មេងនេះនឹងរស់នៅបានយូរ ប៉ុន្មានឆ្នាំ ? ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ក្មេងនេះនឹងរស់នៅបាន ១២០ ឆ្នាំ ។ គ្រានោះ ពីរនាក់ស្វាមីភរិយា បានដាក់នាមក្មេងនោះថា អាយុវឌ្ឍនកុមារ ។ អាយុវឌ្ឍនកុមារនោះ ធំពេញវ័យហើយ មានឧបាសក ៥០០ នាក់ ជាបរិវារ ។ ការក្រាបថ្វាយបង្គំលោកអ្នកដែលមានគុណធ្វើឲ្យមានអាយុវែង ថ្ងៃមួយ ភិក្ខុទាំងឡាយសន្ទនាគ្នា ក្នុងសាលធម្មសភាថា “ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយចូរមើលចុះ បានឮថា អាយុវឌ្ឍនកុមារត្រូវស្លាប់ក្នុងថ្ងៃទី ៧ ប៉ុន្តែ ឥឡូវនេះ អាយុវឌ្ឍនកុមារនោះនឹងរស់នៅបានរហូត ១២០ ឆ្នាំ ទាំងមានឧបាសក ៥០០ នាក់ជាបរិវារ ហេតុជាគ្រឿងចម្រើនអាយុរបស់សត្វទាំងនេះប្រហែលជាមានហើយមែនទេ ។ ព្រះសាស្តា ស្តេចយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងនោះក្រាបទូលថា អំពីរឿងនេះ, ព្រះសាស្ដាទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនអាយុតែម្យ៉ាងប៉ុណ្ណោះទេ ដែលត្រូវចម្រើនឡើងនោះ សត្វទាំងឡាយណាថ្វាយបង្គំលោកអ្នកមានគុណ រមែងចម្រើនដោយហេតុ ៤ ប្រការ និង រួចផុតចាកអន្តរាយ ហើយនឹងតាំងនៅរហូតអស់អាយុ ជាយ៉ាងពិតប្រាកដ លុះត្រាស់ ដូច្នេះហើយ កាលនឹងទ្រង់បន្តអនុសន្ធិ (ការតភ្ជាប់សេចក្ដី) ដើម្បីសម្តែងធម៌ ទើបត្រាស់ ព្រះគាថានេះថា ៖ អភិវាទនសីលិស្ស និច្ចំ វុឌ្ឍាបចាយិនោ ចត្តារោ ធម្មា វឌ្ឍន្តិ អាយុ វណ្ណោ សុខំ ពលំ។ ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នក ដែលមាន សេចក្តីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្តីកោតក្រែងដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។ (ប្រែតាមបែបព្រះសង្ឃសូធ្យឲ្យពរ ដូច្នេះថា ធម៌ គឺពរទាំងឡាយ ៤ ប្រការ គឺអាយុ ១ ពណ៌សម្បុរកាយ ១ សេចក្តីសុខ ១ កម្លាំង ១ រមែងចម្រើនអស់កាលជានិច្ច ដល់អ្នកដែលមានសេចក្តីឱនកាយ ថ្វាយ​បង្គំដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកដែលមានសេចក្តីគោរពកោតក្រែងដល់បុគ្គល ដែលជាអ្នកមាន​សេចក្តីចម្រើនដោយគុណ មានសីលគុណជាដើម ឬដែលចម្រើនដោយវ័យ គឺចាស់ព្រឹទ្ធាចារ្យ ។) អធិប្បាយគាថា បណ្តាបទទាំងនោះ បទថា អភិវាទនសីលិស្ស គឺអ្នកថ្វាយបង្គំជាប្រក្រតី បានដល់ អ្នកខ្វល់ខ្វាយក្នុងកិច្ចគឺការថ្វាយបង្គំជារឿយៗ ។ បទថា វុឌ្ឍាបចាយិនោ សេចក្តីថា ដល់គ្រហស្ថអ្នកឱនលំទោន ឬអ្នកបូជាជានិច្ច ដោយការថ្វាយបង្គំ សូម្បីដល់ភិក្ខុកំលោះ ឬសាមណេរដែលបួសក្នុងថ្ងៃនោះ ម្យ៉ាងទៀតដល់បព្វជិតអ្នកឱនលំទោន ឬអ្នកបូជាជានិច្ច ដោយការថ្វាយបង្គំចំពោះលោកអ្នកដែល ចាស់ជាងដោយបព្វជ្ជា ឬឧបសម្បទា (មានវស្សាច្រើនជាអ្នកបួសមុនខ្លួបន) ឬចំពោះលោក អ្នកដែលចម្រើនដោយគុណ ។ ពីរបទថា ចត្តារោ ធម្មា សេចក្តីថា កាលអាយុចម្រើន អាយុនោះរមែង ចម្រើន អស់កាលប៉ុណ្ណា, ធម៌ទាំងឡាយក្រៅនេះ ក៏ចម្រើនអស់កាលប៉ុណ្ណោះដែរ ព្រោះថា បុគ្គល ណាធ្វើបានបុណ្យដែលញុំាងអាយុ ៥០ ឆ្នាំឲ្យប្រព្រឹត្តទៅ អន្តរាយនៃជីវិតរបស់បុគ្គលនោះ អាចកើតឡើងក្នុងកាលដែលមានអាយុ ២៥ ឆ្នាំ អន្តរាយនោះរមែងស្ងប់ទៅបាន ដោយភាពជាអ្នកថ្វាយបង្គំជាប្រក្រតី ។ បុគ្គលនោះ រមែងរស់នៅបាន រហូតអស់អាយុ ។ សូម្បីវណ្ណៈជាដើមរបស់អ្នកនោះ រមែងចម្រើនព្រមជាមួយនឹងអាយុដែរ ។ ន័យដ៏ក្រៃលែងជាងនេះ ក៏យ៉ាងនេះឯង ។ ដែលឈ្មោះថា ការចម្រើននៃអាយុ ដែលប្រព្រឹត្តទៅដោយមិនមានអន្តរាយ រមែង មិនមានឡើយ ។ អានិសង្សនៃការស្ដាប់ធម៌ លុះវេលាចប់ទេសនា អាយុវឌ្ឍនកុមារតាំងនៅក្នុងសោតាបត្តិផល មួយអន្លើដោយ ឧបាសក ៥០០ រូប ។ សូម្បីជនដទៃជាច្រើនទៀត ក៏សម្រេចអរិយផលទាំងឡាយមាន សោតាបត្តិផលជាដើមដែរ ៕ ៚ អាយុវឌ្ឍនកុមារវត្ថុ ចប់ (ធម្មបទដ្ឋកថា អដ្ឋកថា ខុទ្ទកនិកាយ ធម្មបទ សហស្សវគ្គទី ៨ អាយុវឌ្ឍនកុមារវត្ថុទី ៨) ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕