Reading Article
Public date : 18, Jan 2020 (45,111 Read)
រឿងតាបសដាច់ឈាន

|
រឿងតាបសដាច់ឈាន
(ចាក មុ. ឯ.) ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងនគរពារាណសី កាលនោះព្រះពោធិសត្វ សោយព្រះជាតិនាត្រកូលព្រាហ្មណ៍មហាសាលក្នុងដែនកាសី កាលចំរើនវ័យហើយ បានសិក្សាដល់ទីបំផុតនៃវិជ្ជាក្រោយមកលះកាមគុណចេញបួសជាតាបស បានសម្រេចឈាននឹងអភិញ្ញាណស្ថិតនៅក្នុងព្រៃហេមពាន្ត ។ សម័យមួយ ជារដូវមានទឹកសន្សើមជោគជាំ តាបសចង់សេពអាហារជូរប្រៃ ទើបចេញអំពីព្រៃទៅនគរពារណសី ចូលទៅអាស្រ័យក្នុងព្រះរាជឧទ្យាន នៃព្រះបាទព្រហ្មទត្តក៏ទ្បើងស្លៀកសំពត់សំបកឈើ ដណ្តប់ស្បែកខ្លាឆៀងស្មាម្ខាង កាន់ភាជន៍ចូលទៅបិណ្ឌបាតក្នុងនគរពារណសី រហូតដល់ទ្វារព្រះរាជវាំង ។ ព្រះមហាក្សត្រទតឃើញតាបសនោះទ្រង់មានសេចក្តីជ្រះថ្លា ទើបត្រាស់ឲ្យព្រះរាជបុត្រទៅនិមន្ត ហើយអារាធនាឲ្យគង់លើរាជាសនៈ ទ្រង់ថ្វាយខាទនិយភោជនាហារ ។តាបសឆាន់បរិបូណ៏ហើយ ទ្រង់អារាធនាឲ្យទៅគង់ក្នុងឧទ្យាន បវារណាឲ្យមកឆាន់ក្នុងព្រះរាជវាំងអស់១៦ វស្សា ។ ថ្ងៃមួយ ព្រះរាជាស្តេចយាងទៅបង្រ្កាបបច្ចន្តប្បទេស ដែលកើតចលាចល ទ្រង់មានព្រះតម្រាសផ្តាំនឹងព្រះនាងមុទុលក្ខណទេវី ជាព្រះអគ្គមហេសី ឲ្យបំរើតាបសដូចកាលព្រះអង្គគង់នៅ ។ ឯព្រះពោធិសត្វ តាំងអំពីព្រះរាជាស្តេចយាងបាត់ទៅ ក៏ទៅកាន់ព្រះរាជវាំងដូចធម្មតា ។ មានថ្ងៃមួយ ព្រះនាងមុទុលក្ខណទេវី តាក់តែងចង្ហាន់ហើយ ទៅស្រង់ព្រះសុគន្ធវារី ហើយប្រដាប់ព្រះកាយដោយគ្រឿងអលង្ការ ផ្ទំលើព្រះបន្ទំតូច ១ ទតព្រះនេត្ររង់ចាំមើលផ្លូវតាបស ។ មួយស្របក់តាបសចុះចាកអាកាសចូលទៅក្នុងព្រះរាជវាំង ឯនាងមុទុលក្ខណទេវី ទ្រង់ឮសូរសំពត់សំបកឈើក៏ភ្ញាក់ស្ទុះប្រញាប់ប្រញាល់ទ្បើងរបូតព្រះភូសាអស់. តាបសឃើញវិសភាគារម្មណ៏ដូច្នោះ កិលេសក៏ដាលទ្បើងសាបសូន្យចាកឈាន មិនអាចហោះហើរបានទ្បើយលោកឈទទួលអាហារ ចុះចាកប្រាសាទ និមន្តដើរទៅកាន់ព្រះរាជឧទ្យានចូលទៅក្នុងបណ្ណសាលា ទុកភាជន៍អាហារក្រោមគ្រែសំណឹង ទើបសឹងសន្ធឹងសន្ធៃ ក្តៅអន្ទះអន្ទែងអស់ ៧ ថ្ងៃមានសរីរកាយស្គាំងស្គម ចង្ហាន់ក្នុងភាជន៍ ក៏ផ្អូមជូរអស់ ។ ក្នុងថ្ងៃគម្រប់ ៧ នោះព្រះបាទពារាណសី ទ្រង់បង្ក្រាបបច្ចន្តគ្រាមហើយ ស្តេចនាំយោធាត្រត្រទ្បប់មកវិញទ្រង់តាំងព្រះទ័យថា នឹងទៅថ្វាយបង្គំតាបសជាមុន ទើបស្តេចយាងទៅកាន់ព្រះរាជឧទ្យាន ទតព្រះនេត្រឃើញតាបសសឹងស្តឹកក្នុងបណ្ណសាលា ក៏ទ្រង់ព្រះរាជតម្រិះថាតាបសប្រហែលជាអាពាធ ទើបស្តេចយាងចូលទៅច្របាច់ព្រះបាទត្រាស់សួរថា ព្រះករុណាម្ចាស់មិនសប្បាយឬ ? បពិត្រមហារាជ អាត្មាមិនសប្បាយខាងក្នុង ព្រោះត្រូវសរគឺ កាមខ្ទេចខ្ទីឈានសមាបត្តិអស់រលីងទៅហើយសូមអភ័យទោសសរគឺ កាមដូចម្តេច ? បពិត្រមហារាជ ! សរគឺកាមនោះបានដល់ចិត្តរបស់អាត្មាភាព ដែលជាប់ស្រទ្បាញ់ព្រះនាងមុទុលក្ខណទេវី ។ ព្រោះកាលមហារាជស្តេចយាងទៅបច្ចន្តគ្រាម អាត្មាកើតវិសភាគារម្មណ៏ដោយហេតុយ៉ាងនេះៗ ....។ ព្រះរាជាត្រាស់ថា ស្រួលហើយ ខ្ញុំព្រះករុណានឹងថ្វាយនាងមុទុលក្ខណទេវីដល់ព្រះគុណម្ចាស់ សូមកុំព្រួយទ្បើយ ។ ទ្រង់ត្រាស់ដូច្នោះហើយ ទើបឲ្យព្រះតាបសក្រោកទ្បើង បរិភោគអាហារហើយ នាំទៅកាន់មហាប្រាសាទត្រាស់បញ្ជាឲ្យព្រះនាងទេវី គាត់តាក់តែងកាយហើយ ព្រះរាជទានដល់តាបស មុននឹងព្រះរាជទាន ទ្រង់ត្រាស់ឲ្យមានទ្បើងវិញ ដោយបញ្ញារបស់ខ្លួន ។ ឯតាបស ក៏នាំព្រះរាជទេវីចេញចាកមហាប្រាសាទទៅដល់ទ្វារវាំង ទើបព្រះរាជទេវីត្រាស់ថា បពិត្រព្រះគុណម្ចាស់ យើងគួរមានប្រសាទ ១ សំរាប់នៅចូរលោកទៅសូមព្រះរាជា ។ តាបសក៏ត្រទ្បប់ទៅទូលសូមតាមបង្គាប់នាង ព្រះរាជាទ្រង់ព្រះរាជទានផ្ទះទំនេរ ១ ខ្នងដែលមនុស្សទាំងទ្បាយធ្វើជាបង្គន់ តាបស់ក៏នាំព្រះរាជទេវីទៅក្នុងទីនោះ តែព្រះរាជទេវីមិនព្រមយាងចូលទៅ. តាបសសួរថាហេតុអ្វីក៏មិនចូលមក ខ្ញុំមិនចូលទេ ព្រោះអីមិនស្អាត. ព្រះនាងទេវីមានព្រះសវនីយ៍ដូច្នោះហើយ ប្រើតាបសឲ្យទៅសូមគ្រឿងសំរាប់បោសច្រាសអំពីព្រះរាជាទៀត តាបសក៏ទៅសូមគ្រឿងប្រដាប់ទាំងនោះមក បោសច្រាសលាងសំអាតស្អាតហើយ. ព្រះនាងងទេវីប្រើទៀតថាចូរលោកទៅយកគ្រែ និងខ្នើយកន្ទេលមក លុះតាបសយករបស់ទាំងនោះហើយ ប្រើឲ្យទៅយកពាងក្អមជាដើមមកទៀត តាបសចេះតែធ្វើតាមដោយសព្វគ្រប់រួចហើយ ក៏ទ្បើងទៅអង្គុយក្នុងទីនោះ កាលតាបសអង្គុយហើយ ព្រះនាងទេវីយាងទៅគង់ជិត ចាបត្រចៀកព្រះតាបសទាញមកជិតព្រះឱស្ថ ហើយរំលឹកឲ្យមានស្មារតីថា តរ សមណតាវំ វាព្រាហ្មណតាវំវា ន ជានាសិ លោកមិនដឹងថា ខ្លួនលោកជាសមណៈ ឬព្រាហ្មណ៏ទេឬ ? ។ក្នុងកាលនោះតាបសភ្ញាក់សតិទ្បើងវិញភ្លាម ។ កាលត្រទ្បប់បានសតិទ្បើងវិញហើយ តាបសគិតថាតណ្ហានេះចំរើនទ្បើងដរាបណា មិនឲ្យសត្វងើបរួចពីអបាយដរាបនោះ.គិតដូច្នោះហើយ ទើបនាំព្រះនាងទេវីថ្វាយព្រះរាជាវិញ ហើយក្រាបទូលព្រះរាជាថា កាលមុនដែលអាត្មានៅមិនទាន់បានទទួល ព្រះនាងមុទុលក្ខណទេវីពីព្រះអង្គសេចក្តីចំណង់តែម៉្យាងកើតហើយដល់អាត្មា លុះបានទទួលព្រះនាងទេវី ដែលមានដួងព្រះនេត្រដ៏ទូលាយក្នុងកាលនាសេចក្តីប្រាថ្នាតូចធំ ឲ្យរឹងរឹតតែចំរើនទ្បើងក្នុងកាលនោះ ។ ខណៈនោះតាបស ក៏ញ៉ាំងឈានឲ្យកើតឡើងវិញហើយស្ថិតនៅនាអាកាស សំដែងធម៌ថ្វាយព្រះរាជាហើយហោះទៅកាន់ព្រៃហេមពាន្តវិញ គង់នៅជាសុខក្នុងឈានដរាបដល់អស់ព្រះជន្ម ក៏បានទៅកើតក្នុងព្រហ្មលោក ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |