Reading Article
Public date : 28, Jul 2019 (6,718 Read)
មិនត្រូវធ្វើគម្រូអាក្រក់ដល់កូន

|
មានមនុស្សជាច្រើនក្នុងលោកនេះ បានបន្សល់ទុកនូវគម្រូអាក្រក់ឲ្យដល់កូន ធ្វើឲ្យកូនចងចាំក្នុងចិត្តជាប់ជានិច្ច រហូតក្លាយទៅជារឿងបន្ដគម្រូអាក្រក់មកកូនទៀត។ គម្រូអាក្រក់នោះគឺខ្លួនជាស្វាមីនិងជាឪពុករបស់គេ មានខាងស្រីក្រៅផ្ទះ ឬហៅប្រពន្ធចុង ហើយប្រើអំពើហិង្សាក្នុងគ្រួសារដូចជាវាយទាត់ធាក់ប្រពន្ធកូនដូចសត្វតិរច្ឆាន មិនមានភក្ដីស្រលាញ់ស្រណោះអាឡោះអាល័យចំពោះប្រពន្ធកូន មិនថាថ្ងៃណាជាថ្ងៃណាទេ ឃើញតែរឿងរ៉ាវ ឡូឡា គម្រាម កំហែង ប្រពន្ធកូន ឲ្យដល់នូវភាពភ័យរន្ធត់តក់ស្លុតភ្លេចភ្លាំង មិនមានបញ្ញាស្មារតីក្នុងខ្លួន។
ឪពុកកាលធ្វើអំពើឃោរឃៅក្នុងគ្រួសារមានការវាយប្រពន្ធដែលមិនដឹងអ្វីជាដើម នេះសុទ្ធតែជាគម្រូអាក្រក់ដែលយើងធ្វើចំពោះកូន។ ចំណែកម្ដាយខ្លះក្នុងលោកនេះមិនមែនមានចិត្តស្មោះចំពោះស្វាមីរបស់ខ្លួន ត្រឡប់ទៅជាត្រេកអរចំពោះបុរសដទៃ (ផិតប្ដី) ធ្វើឲ្យកូនអាប់ឱនក្នុងភូមិស្រុក ឮតែពាក្យគេថា កូនមេស្រីផិតប្ដី រាល់ពេលដែលកូនទៅកាន់ទីណា មានមនុស្សពេបជ្រាយមើលងាយមើលថោកថា កូនមេស្រីផិតប្ដី។ កូនទទួលការឈឺចាប់ក្នុងចិត្តគ្មានពេលស្រាកស្រាន នេះសុទ្ធតែជាគម្រូអាក្រក់របស់ម្ដាយផងដែរ។ កាលយើងទាំងពីរអ្នកប្ដីប្រពន្ធ មិនមានសេចក្ដីស្នេហ៍ស្មោះចំពោះគ្នានឹងគ្នា រហូតឲ្យខុសជ្រុលជ្រួសក្នុងផ្លូវលោកនិងផ្លូវធម៌ដែលជារឿងមិនល្អទាល់តែសោះ។ កូនយើងត្រូវគ្រាំគ្រាក្នុងចិត្តរាល់ថ្ងៃ ពេលកូនបើកភ្នែកពេលណា ឮតែរឿងឈ្មោះទាស់ទែងគ្នា វាយតប់គ្នារាល់ៗ ថ្ងៃ។ កូននោះទៅជាអ្នកមានសតិមិនប្រក្រតី ឈឺចុកចាប់ក្នុងចិត្តរហូតតូចចិត្តចំពោះវាសនាខ្លួនថា មិនគួរណាមកកើតជួបឪពុកម្ដាយ មិនមានធម៌ក្នុងខ្លួន។ កូននោះទៅជាអ្នកអាប់ប្រាជ្ញា រៀនសូត្រមិនចេះ ល្ងង់ខ្លៅរហូតកូននោះធំឡើង ក្លាយជាអ្នកខិលខូច ជើងកាង បងតូចបងធំ។ រឿងទាំងអស់នេះ ដោយសារតែឪពុកម្ដាយ ធ្វើគម្រូអាក្រក់បន្សល់ទុកឲ្យកូន។ គ្រួសារខ្លះឈ្មោះទាល់ទែងគ្នារហូតលែងលះគ្នាចែកកូនគ្នា ធ្វើឲ្យប្អូនៗបែកបង រហូតលែងមានសេចក្ដីស្រលាញ់ ចំពោះបងប្អូនទៀត នេះដោយសារការដោះស្រាយមិនមានសន្តិវិធី មិនមានមេត្តាចំពោះគ្នានឹងគ្នា។ តែខ្លួនយើងមិនគួរធ្វើអំពើបែបខាងលើនេះទេ ត្រូវមានធម៌អប់រំគ្នាទៅវិញទៅមករវាងប្ដីប្រពន្ធ ត្រូវដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី មិនប្រើអំពើហិង្សាក្នុងគ្រួសារ ហើយមិនក្បត់ប្រពន្ធរបស់ខ្លួន ត្រូវជាមនុស្សមានសតិសម្បជញ្ញៈហ៊ានទទួលខុសត្រូវថា ខ្លួនជាប្ដីគេឪពុកគេ ត្រូវធ្វើខ្លួនឲ្យសមជាប្ដីនិងជាឪពុកដ៏ល្អ។ កាលបើយើងល្អចំពោះគ្នានឹងគ្នា នឹងផ្ដល់ជម្រកដ៏ត្រជាក់ល្ហឹមឲ្យដល់កូន អាចធ្វើឲ្យកូនយើងបានទទួលភាពកក់ក្ដៅពីឪពុកម្ដាយ ហើយកូនយើងនិងឈ្លាសឆ្លាតអង់អាចគ្រប់កិច្ចការទាំងពួង មិនថា ផ្លូវលោកឬផ្លូវធម៌ឡើយ។ ព្រោះកូនយើងសប្បាយចិត្ត រីករាយ ស្រស់ថ្លាគ្រប់ពេលវេលា ដោយខ្លួនតែងតែគិត វាជាវាសនាល្អណាស់សម្រាប់ខ្លួនដែលបានជួបឪពុកម្ដាយជាអ្នកមានធម៌សប្បុរស។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |