Reading Article
Public date : 11, Oct 2022 (22,038 Read)
តុល្យការនៃ បញ្ញា និងករុណាធម៌

|
បញ្ញាត្រូវថ្លឹងឲ្យស្មើនឹង ករុណាធម៌ជានិច្ច ។ ឯករុណាធម៌ ត្រូវថ្លឹងឲ្យស្មើនឹង បញ្ញាដែរ ។ យើងមិនអាចមានសន្តិភាព ប្រសិនបើយើងមិនបានថ្លឹងថ្លែងធម៌ទាំងពីរនេះឲ្យមានតុល្យភាពគ្នា ខ្ញុំនឹងលើករឿងនិទានបីមកឆ្លុះបញ្ចាំងជូន៖
ថ្ងៃមួយមានសេ្តចនាគកំណាចមួយ បានជួបព្រះពោធិសត្វ តាមដងផ្លូវ ។ ព្រះពោធិសត្វបានទូន្មាន ស្តេចនាគនោះថា " ម្នាលកូនប្រុស ! ចូរអ្នកកុំសម្លាប់សត្វ អ្នកត្រូវរក្សាសីលប្រាំ អស់មួយជីវិត អ្នកនឹងបានជួបសេចក្តីសុខ " ។ កាលបើបានស្តាប់ដំបូន្មានខ្លះៗ ពីព្រះពោធិសត្វហើយ ស្តេចនាគកំណាចនោះក៏ប្រែទៅជាសត្វស្លូតបូត ។ ពួកក្មេងគង្វាលគោតាមជើងភ្នំហិមាលាយ៉ា តែងតែមានការភ័យខ្លាចសត្វនាគនេះជានិច្ច ប៉ុន្តែនៅពេលពួកគេដឹងថា ស្តេចនាគនេះបានប្រែទៅជាសត្វស្លូតបូត គេលែងភ័យខ្លាចអ្វីទៀតហើយ ។ រំពេចនោះពួកក្មេងគង្វាលគោខ្លះនាំគ្នាឡើងជិះស្តេចនាគលេង ខ្លះទៀតទាញកន្ទុយហើយ ក្មេងខ្លះទៀតយកដុំថ្ម ដីខ្សាច់ អាចម៍គោ ញាត់ក្នុងមាត់នាគជាល្បែងលេង និងហ៊ោកញ្ជៀវសើចសប្បាយ ។ នាគមិនអាចស៊ីចំណីកើត ក៍ធ្លាក់ខ្លួនទៅជាឈឺ ។ ថ្ងៃក្រោយមកស្តេចនាគ បានជួបព្រះពោធិសត្វម្តងទៀត ក៏ស្រែកសួរថា " នែលោកដ៏ចម្រើន ! ថ្ងៃមុនលោកបានប្រាប់ខ្ញុំឲ្យខំរក្សាសីល ហើយចម្រើនករុណាធម៌ផង នឹងបានជួបសេចក្តីសុខ ។ ប៉ុន្តែឥឡូវនេះ មានឃើញសេចក្តីសុខឯណា ? ឃើញតែសេចក្តីទុក្ខទៅវិញ ! " ព្រះពោធិសត្វតបថា ៖ " ម្នាលកូនប្រុស ! ប្រសិនបើឯងមានករុណា មានសីល មានមេត្តា ឯងត្រូវតែមានបញ្ញា និងការឈ្លាសវៃផងដែរ ។ នេះជាមធ្យោបាយការពារខ្លួន ។ ថ្ងៃក្រោយបើពួកក្មេងទាំងនោះ វាមកធ្វើទុក្ខបុកម្នេញឯងទៀត ចូរឯងព្រួសភ្លើងតាមមាត់ឲ្យវាឃើញទៅ ពិតជាវាខ្លាច លែងហ៊ានមកធ្វើទុក្ខបុកម្នេញឯងទៀតហើយ " ។ នរណានឹងបានដឹងនូវអំពើឃោរឃៅរដូចម្តេចខ្លះ ប្រសិនបើស្តេចនាគប្រើតែបញ្ញាមួយមុខប៉ុណ្ណោះ ? ស្តេចនាគ ឬពួកក្មេងគង្វាលគោ ដែលត្រូវទទួលរងគ្រោះនូវសេចក្តីទុក្ខទោសគ្រោះថ្នាក់ ? ជញ្ជីងសម្រាប់ថ្លឹង បញ្ញា និង ករុណា ហៅថា មជ្ឈឹមបដិបទា " ផ្លូវកណ្តាល " ។ មាននិទានមួយទៀតថា ៖ គ្រាមួយនោះមានកសិករចំណាស់ម្នាក់ បានប្រទះឃើញសត្វពស់មួយ មានរាងកាយស្គាំងស្គមជិតនឹងស្លាប់ ព្រោះអត់អាហារ កំពុងដេកក្នុងស្រែរបស់គាត់ ។ គាត់អាណិតណាស់ បានរើសយកពស់សំគមនោះទៅផ្ទះ ហើយក៏យកទឹកដោះមានរសជាតិឆ្ងាញ់ពិសាដែលទើបចម្អិន ហើយថ្មីៗ ឲ្យជាចំណី ។ គាតយកភួយដែលមានសម្ផស្សដ៏ទន់រុំដណ្តប់ឲ្យវា រួចយកវាទៅដាក់ឲ្យដេក កន្លែងល្អមួយ ជិតគ្រែរបស់គាត់ ។ រាត្រីនោះ កសិករចំណាស់ ក៏សម្រាន្តលង់លក់ ។ ស្រាប់តែ ព្រឹកស្អែកឡើង គេឃើញកសិករនោះ ស្លាប់ដោយ ពស់ចឹក ។ ប្រសិនបើអ្នករើសយកពស់នោះមកវានឹង ចឹកអ្នកស្លាប់តែអ្នកអាចស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីជួយពស់សំគមនោះ ដោយកុំយកវាមកជាមួយខ្លួន ។ អ្នកត្រូវថ្លឹងថ្លែង ករុណា និង បញ្ញា ឲ្យបានស្មើគ្នាអ្នកក៏បានសេចក្តីសុខ ឯសត្វពស់ក៏បានសេចក្តីសុខដូចគ្នាដែរ ។ ហើយនេះជារឿងទីបីនិទានថា ៖ មានកសិករម្នាក់បានចូលទៅក្នុងព្រៃដើម្បីស្វែងរកកាប់អុស ជាមួយសម្លាញ់របស់គាត់ ។ ពេលកសិករនោះ កំពុងយារដឹងកាប់ស្រាប់តែប៉ះលើ សំបុកឃ្មុំមួយយ៉ាងធំសម្បើម ។ ហ្វូងឃ្មុំកំណាច ហើយចេញព្រុល ហើយដេញទិចគាត់ ។ ឯសម្លាញ់កសិករនោះ ជាមនុស្សមានករុណាធម៌ ពេលនោះគាត់បានកញ្ជក់យកដឹងពីដៃមិត្តគាត់ ហើយដេញសម្លាប់ឃ្មុំយ៉ាងរហ័ស ធ្វើឲ្យឃ្មុំស្លាប់គ្មានសល់ ។ ជាអកុសលគាត់សម្លាប់ទាំងកសិករជាមិត្តផងដែរ ។ ករុណាធម៌គ្មានបញ្ញាអាចបណ្តាលឲ្យកើតសេចក្តីទុក្ខដ៏ធំសម្បើម ។ យើងតែងនិយាយថា " សត្រូវមានបញ្ញា ប្រសើរជាងមិត្តល្ងង់ " ។ បញ្ញា និង ករុណា ត្រូវដើរទន្ទឹមគ្នា ។ មានតែមួយ ហើយខ្វះមួយ ប្រៀបដូចជាការដើរតែជើងម្ខាង ដើរមិនបានឆ្ងាយទេ ហើយ ក៏មិនបានយូរដែរ អ្នកនឹងដួលមិនខានឡើយ ។ ដើម្បីថ្លឹងឲ្យស្មើបញ្ញា និងករុណា អ្នកគួរសន្សឹមៗ ឲ្យបានស្មើៗ ... ម្តងមួយជំហ៊ាន! ម្តងមួយជំហ៊ាន !.. ដកស្រង់ពីសៀវភៅ មួយជំហានម្តង រៀបរៀងដោយ សម្តេច ព្រះមហាឃោសនន្ទ ដោយ៥០០០ឆ្នាំ |