Reading Article
Public date : 02, Sep 2022 (2,607 Read)
កាមវិលាបជាតក

|
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការប្រលោមលួងលោមរបស់បុរាណទុតិយិកា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឧច្ចេ សកុណ ឌេមានដូច្នេះជាដើម ។
រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុងបុប្ផរត្តជាតក (ឯកកនិបាត), រឿងរ៉ាវក្នុងអតីតនឹងមានជាក់ច្បាស់ក្នុងឥន្ទ្រិយជាតក (អដ្ឋកនិបាត) ។ ចំណែកក្នុងជាតកនេះ កាលបុរសនោះនៅមានជីវិត គាត់ក្ដៅក្រហាយភ័យតក់ស្លុតលើឈើអណ្ដោត បានឃើញក្អែកមួយដែលកំពុងហើរតាមអាកាស គាត់មិនគិតពីទុក្ខវេទនាសូម្បីដែលមានការឈឺចាប់ខ្លាំង ហៅក្អែកដើម្បីបញ្ជូនដំណឹងទៅប្រាប់ភរិយា ក៏ពោលគាថាទាំងនេះថា ឧច្ចេ សកុណ ឌេមាន, បត្តយាន វិហង្គម; វជ្ជាសិ ខោ ត្វំ វាមូរុំ, ចិរំ ខោ សា ករិស្សតិ។ ម្នាលសត្វស្លាប អ្នកនៅក្នុងទីខ្ពស់ ទៅដោយស្លាបបាន ទៅតាមអាកាសបាន សូមអ្នកប្រាប់ (ប្រពន្ធខ្ញុំ) ដែលមានភៅស្រលួតដូចដើមចេក ប្រពន្ធរបស់ខ្ញុំនោះ នឹងរលឹកខ្ញុំអស់កាលយូរ ។ ឥទំ ខោ សា ន ជានាតិ, អសិំ សត្តិញ្ច ឱឌ្ឌិតំ; សា ចណ្ឌី កាហតិ កោធំ, តំ មេ តបតិ នោ ឥទំ។ ប្រពន្ធខ្ញុំនោះ មិនដឹងនូវដាវនិងលំពែងនេះទេ ដែលគេដោតចុះហើយ នាងជាស្រីឆ្នាស តែងធ្វើនូវសេចក្ដីក្រោធ ការក្រោធរបស់នាងនោះ រមែងក្ដៅក្រហាយដល់ខ្ញុំ (ឯដាវនិងកំពែងដែលគេដោត) ក្នុងទីនេះ មិនមែនក្ដៅក្រហាយដល់ខ្ញុំទេ ។ ឯស ឧប្បលសន្នាហោ, និក្ខញ្ចុស្សីសកោហិតំ; កាសិកញ្ច មុទុំ វត្ថំ, តប្បេតុ ធនិកា បិយា។ ច្បូកដូចជាផ្កាឧប្បល និងក្រោះនោះ ចិញ្ចៀនមាស សំពត់មានសាច់ដ៏ទន់ ដែលជននាំមកអំពីដែនកាសី ខ្ញុំដាក់លើក្បាលដំណេក (ប្រពន្ធខ្ញុំ) ជាស្រីត្រូវការនឹងទ្រព្យ ចូរយកចិញ្ចឹមជីវិតឲ្យស្កប់ស្កល់ចុះ ។ បុរសនោះកាលបរិទេវនាការយំរៀបរាប់នោះឯង ក៏ធ្វើកាលកិរិយា ហើយកើតក្នុងនរក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក កាលចប់សច្ចធម៌ ភិក្ខុដែលអផ្សុកចង់សឹកបានតាំងនៅក្នុងសោតាបត្តិផល ។ ភរិយាក្នុងកាលនោះ បានមកជាភរិយាក្នុងពេលនេះ ហេតុការណ៍នោះគឺទេវបុត្រណាបានឃើញ ទេវបុត្រនោះគឺតថាគតនេះឯង ។ កាមវិលាបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ កាមវិលាបជាតក បិដកលេខ ៥៨ ទំព័រ ១៨០) ដោយ៥០០០ឆ្នាំ |