Reading Article
Public date : 18, Jan 2022 (15,563 Read)
បុណ្យមានឫទ្ធិដ៏ធំក្រៃលែង

|
ពុទ្ធភាសិតសរសើរអំពីបុញ្ញឫទិ្ធ (និធិកណ្ឌសូត្រ)
បុរសរមែងកប់កំណប់ទ្រព្យទុក ក្នុងទីដ៏ជ្រៅមានទឹកជាទីបំផុត ដោយគិតថា កាលកិច្ចគឺសេចក្តីត្រូវការកើតឡើងហើយទ្រព្យនេះ នឹងជាប្រយោជន៍ដល់អាត្មាអញ ដើម្បីដោះខ្លួនអំពីរាជភ័យខ្លះ ដើម្បីដោះខ្លួនឲ្យរួចអំពីចោរភ័យខ្លះ ដើម្បីដោះបំណុលខ្លះក្នុងពេលទុរភិក្ខភ័យខ្លះ ក្នុងកាលមានអន្តរាយទាំងឡាយខ្លះ ធម្មតាកំណប់ ដែលគេកប់ទុកក្នុងលោក ដើម្បីប្រយោជន៍យ៉ាងនេះឯង ។ កំណប់ទ្រព្យទាំងអស់នោះ មិនមែនសម្រេចដល់បុគ្គលនោះសព្វកាលទេ ព្រោះថា កំណប់ទ្រព្យរមែងឃ្លាតទៅចាកទីខ្លះ សេចក្តីចំណាំរបស់បុគ្គលនោះ រមែងវង្វេងទៅខ្លះ នាគទាំងឡាយរមែងនាំជញ្ជូនទៅខ្លះ ពុំនោះសោត ពួកយក្សនាំយកទ្រព្យនោះទៅខ្លះ អ្នកទទួលមរតកដែលមិនជាស្រឡាញ់នាំយកនូវទ្រព្យនោះ ក្នុងកាលខ្លួនមិនបានឃើញខ្លះ ខ្លួនអស់បុណ្យទៅក្នុងវេលាណា កំណប់ទ្រព្យទាំងអស់នោះ រមែងវិនាសបាត់បង់ទៅក្នុងវេលានោះ ។ កំណប់ទ្រព្យដែលស្រ្តីឬបុរសណា បានកប់ទុកល្អហើយ ដោយទាន សីល ដោយការសង្រួម និងដោយការទូន្មានខ្លួន ក្នុងចេតិយ ឬក្នុងសង្ឃ ឬក្នុងបុគ្គល ឬក្នុងពួកភ្ញៀវ ឬក្នុងមាតា ឬក្នុងបិតា ឬថាក្នុងបងប្រុស-ស្រី ជាច្បង កំណប់ទ្រព្យនោះ ចាត់ជាកំណប់ទ្រព្យ ដែលកប់ទុកប្រពៃហើយ នរណា មិនគប្បីបំផ្លាញបាន ជាកំណប់ទ្រព្យដែលជាប់តាមខ្លួនទៅ កាលភោគៈទាំងឡាយ ដែលខ្លួនត្រូវលះបង់ហើយទៅ ខ្លួនរមែងកាន់យកនូវកំណប់ទ្រព្យ គឺបុណ្យនោះទៅ ។ កំណប់ទ្រព្យ គឺបុណ្យ មិនទូទៅដល់ពួកជនដទៃ ជារបស់ដែលចោរលួចទៅមិនបាន ។ កំណប់គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញគួរសន្សំនូវកំណប់ទ្រព្យ គឺបុណ្យនោះ ។ កំណប់ទ្រព្យ គឺបុណ្យនោះ ឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាង ដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតានិងមនុស្សទាំងឡាយប្រាថ្នានូវផលណាៗ ផលទាំងពួងនោះ រមែងសម្រេចដោយកំណប់ទ្រព្យ គឺបុណ្យនោះ ។ ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតិ មានយសបរិវារ ផលទាំងអស់រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនោះ ។ សម្បត្តិជារបស់មនុស្សណាផង សេចក្តីត្រេកអរក្នុងទេវលោកណាផង សម្បត្តិគឺព្រះនិព្វានណាផង សម្បត្តិទាំងអស់នេះ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនោះ ។ ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាមដោយឧបាយដែលត្រូវ ជាអ្នកស្ទាត់ក្នុងវិជ្ជានិងវិមុត្ត ឥដ្ឋផលទាំងអស់នេះ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនោះ ។ បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកសម្ពោធិញាណ និងពុទ្ធភូមិណាៗ ឥដ្ឋផលទាំងអស់នេះ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនោះ ។ បុញ្ញសម្បទានេះ ឲ្យសម្រេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ ។ ចប់និធិកណ្ឌសូត្រ ។ កំណប់ទ្រព្យរបស់បុរសស្រ្តីមាន ៤ យ៉ាង (តាមការស្រង់ចេញពីអដ្ឋកថានៃព្រះសូត្រនេះ) ១. ថាវរៈនិធិ កំណប់ទ្រព្យមាំមួនកម្រើកមិនបានដោយខ្លួនឯង ដូច មាស ប្រាក់ ស្រែ ចំការ ទីដីសង់ផ្ទះ ជាដើម ។ ២. ជង្គមនិធិ គឺកំណប់ទ្រព្យដែលកម្រើកខ្លួនឯងបាន ដូច ទាសា ទាសី គោ ក្របី ដំរី សេះ ជ្រូក មាន់ ទា ជាដើម ។ ៣. អង្គសមនិធិ គឺកំណប់ទ្រព្យស្មើដោយអាវយវៈ តូចធំ បានដល់ភាពជាពហុសូត្រ ជាអ្នកចេះដឹងច្រើន ទាំងចំណេះផ្លូវលោកផ្លូវធម៌ និងជាអ្នកជំនាញក្នុងកិច្ចការនោះៗ ។ ៤. អនុគាមិកៈនិធិ កំណប់ទ្រព្យដែលជាប់តាមខ្លួនជានិច្ច បានដល់បុណ្យដែលសម្រេចដោយទាន សីល ភាវនា ស្តាប់ធម៌ សម្តែងធម៌ ជាដើម ។ បណ្តាកំណប់ទ្រព្យទាំង ៤ នេះ ព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សរសើរនូវអនុគាមិកៈនិធិ ថាជាកំណប់ទ្រព្យមានឫទ្ធិដ៏ធំក្រៃលែង ។ ស្រង់ចាកសៀវភៅ " សង្ឃទានមានផលច្រើន " រៀបរៀងដោយ មេត្តាបាលោ ទឹម-សឿត ដោយ៥០០០ឆ្នាំ |