images/articles/3237/____________________________________.jpg
កច្ឆបជាតក
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការរួចផុតពីអហិវាតករោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) មួយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ជនិត្តំ មេ ភវិត្តំ មេ ដូច្នេះជាដើម ។
បានឮមកថា ក្នុងក្រុងសាវត្ថី មានអហិវាតករោគកើតឡើងក្នុងត្រកូលមួយ ។ មាតាបិតាពោលនឹងបុត្រថា នែកូន អ្នកកុំនៅក្នុងផ្ទះនេះអី ចូរទម្លាយជញ្ជាំង ហើយរត់ទៅកាន់ទីណាមួយ រក្សាជីវិត ក្នុងកាលជាខាងក្រោយ សឹមមកចុះ កំណប់ដ៏ធំមានក្នុងទីនេះឯង ចូរគាស់កំណប់នោះ រក្សាទុកដាក់ទ្រព្យ រស់នៅដោយសេចក្ដីសុខចុះ ។ បុត្រទទួលពាក្យរបស់មាតាបិតាហើយ ក៏ទម្លាយជញ្ជាំង រត់ទៅ កាលរោគស្ងប់ហើយ ទើបមកវិញ គាស់កំណប់ធំ ទុកដាក់រក្សាទ្រព្យ រស់នៅគ្រប់គ្រងផ្ទះ ។
ថ្ងៃមួយ បុរសនោះឲ្យគេកាន់សប្បិ ប្រេងជាដើម និងសំពត់ជាដើម ទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ហើយអង្គុយ ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈ ហើយត្រាស់សួរថា បានឮថា អហិវាតករោគកើតឡើងក្នុងផ្ទះរបស់អ្នកឬ អ្នកធ្វើដូចម្ដេច ទើបរួចផុត ? បុរសនោះក៏ប្រាប់រឿងនោះ ។ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសក សូម្បីកាលមុន ពេលភ័យកើតឡើង សត្វដែលធ្វើសេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅកាន់ទីដទៃ ក៏បានដល់ការអស់ជីវិត សត្វដែលមិនធ្វើសេចក្ដីអាល័យ បានទៅកាន់ទីដទៃ ក៏បានជីវិត ដូច្នេះហើយ កាលបុរសនោះទូលអារាធនា ទើបព្រះអង្គនាំអតីតនិទានមកថា ៖
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលស្មូនឆ្នាំង ក្នុងស្រុកកាសី ធ្វើឆ្នាំងចិញ្ចឹមកូននិងប្រពន្ធ ។ គ្រានោះមានស្រះដ៏ធំមួយជាស្រះកើតឯង ជាប់នឹងមហាទន្លេ ក្នុងក្រុងពារាណសី ។ ក្នុងកាលដែលមានទឹកច្រើន ស្រះនោះជាផ្លូវទឹកតែមួយជាមួយនឹងទន្លេ ដល់ពេលមានទឹកតិច ក៏ដាច់ផ្សេងពីគ្នា ។ ពួកត្រីនិងអណ្ដើកដឹងថា ក្នុងឆ្នាំនេះ នឹងមានភ្លៀងបរិបូណ៌ ក្នុងឆ្នាំនេះនឹងមានភ្លៀងដាច់ ។ ពេលនោះ ពួកត្រីនិងអណ្ដើកដែលកើតក្នុងស្រះនោះដឹងថា ក្នុងឆ្នាំនេះនឹងមានភ្លៀងមិនបរិបូណ៌ ហើយក៏ចេញអំពីស្រះនោះទៅកាន់ទន្លេ ក្នុងពេលដែលទឹកនៅជាប់គ្នា ។ មានអណ្ដើកមួយមិនបានទៅទន្លេនឹងគេទេ ព្រោះគិតថា ទីនេះជាភូមិកំណើតរបស់យើង ជាទីចម្រុងចម្រើនរបស់យើង ជាទីដែលមេបាយើងធ្លាប់នៅ យើងមិនអាចលះបង់ទីនេះទេ ។
លំដាប់នោះ ក្នុងនិទាឃសម័យ (រដូវក្ដៅ) ទឹកស្រះនោះក៏រីងស្ងួត ។ អណ្ដើកនោះវារចូលទៅក្រាំងក្នុងដី ត្រង់ទីដែលពោធិសត្វជីកយកដីស្អិត ។ ពោធិសត្វគិតថា យើងនឹងយកដីស្អិត ហើយក៏ទៅកាន់ទីនោះ រួចជីកដីដោយចបធំ ទម្លាយស្នូកអណ្ដើក គាស់អណ្ដើកនោះដោយចប ហាក់ដូចជាគាស់ដុំដីស្អិត ហើយដាក់លើគោក ។ អណ្ដើកនោះរងទុក្ខវេទនា ពោលថា កាលយើងមិនលះសេចក្ដីអាល័យក្នុងទីនៅ បានជាដល់សេចក្ដីវិនាសយ៉ាងនេះ ថាហើយ កាលខ្សឹកខ្សួលបរិទេវនាការ ទើបពោលគាថាទាំងនេះថា
ជនិត្តំ មេ ភវិត្តំ មេ, ឥតិ បង្កេ អវស្សយិំ;
តំ មំ បង្កោ អជ្ឈភវិ, យថា ទុព្ពលកំ តថា;
តំ តំ វទាមិ ភគ្គវ, សុណោហិ វចនំ មម។
ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើនហើយ (ក្នុងទីនេះ) ភក់បានកប់សង្កត់ខ្ញុំនោះធ្វើឲ្យទុព្វលភាព បពិត្រភគ្គវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ ។
គាមេ វា យទិ វារញ្ញេ, សុខំ យត្រាធិគច្ឆតិ;
តំ ជនិត្តំ ភវិត្តញ្ច, បុរិសស្ស បជានតោ;
យម្ហិ ជីវេ តម្ហិ គច្ឆេ, ន និកេតហតោ សិយា។
បុគ្គលបានសេក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចម្រើន របស់បុរសជាអ្នកដឹង (នូវប្រយោជន៍និងមិនមែនប្រយោជន៍) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ សម្លាប់ខ្លួនបានឡើយ ។
អណ្ដើកកាលនិយាយជាមួយព្រះពោធិសត្វយ៉ាងនេះហើយ ក៏ស្លាប់ទៅ ។ ព្រះពោធិសត្វកាន់យកអណ្ដើកនោះ ហើយឲ្យអ្នកស្រុកទាំងអស់ប្រជុំគ្នា ពោលទូន្មានមនុស្សទាំងនោះយ៉ាងនេះថា អ្នកទាំងឡាយចូរមើលអណ្ដើកនេះ អណ្ដើកនេះ កាលពួកត្រីនិងអណ្ដើកដទៃទៅកាន់មហាទន្លេ មិនអាចកាត់សេចក្ដីអាល័យក្នុងទីនៅរបស់ខ្លួន មិនទៅជាមួយនឹងគេ បានវារចូលទៅដេកក្នុងទីដែលខ្ញុំយកដីស្អិត លំដាប់នោះ ខ្ញុំកាលយកដីស្អិត បានទម្លាយស្នូកវាដោយចបធំ ដាក់វានៅលើគោក ហាក់ដូចជាទម្លាក់ដុំដីស្អិត អណ្ដើកនេះរលឹកអំពើដែលខ្លួនធ្វើ រួចខ្សឹកខ្សួលដោយគាថា ២ ហើយស្លាប់ទៅ អណ្ដើកនេះធ្វើសេចក្ដីអាល័យក្នុងទីនៅ របស់ខ្លួន ក៏បានដល់សេចក្ដីស្លាប់ សូម្បីអ្នកទាំងឡាយសោត ក៏កុំដូចអណ្ដើកនេះ ចាប់តាំងអំពីពេលនេះទៅ អ្នកទាំងឡាយកុំប្រកាន់ដោយអំណាចតណ្ហា និងដោយអំណាចគ្រឿងឧបភោគថា រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផោដ្ឋព្វៈរបស់អញ បុត្ររបស់អញ ធីតារបស់អញ ពួកទាសាទាសីរបស់អញ មាសប្រាក់របស់អញ សត្វតែមួយៗ ប៉ុណ្ណោះ វិលវល់ក្នុងភពបី ។
ព្រះពោធិសត្វឲ្យឱវាទដល់មហាជនដោយទំនងដូចជាពុទ្ធលីលាយ៉ាងនេះហើយ ឱវាទនោះសាយភាយទៅក្នុងសកលជម្ពូទ្វីប តាំងនៅអស់កាល ៦០០០០ ឆ្នាំ ។ មហាជនតាំងនៅក្នុងឱវាទរបស់ព្រះពោធិសត្វ ធ្វើបុណ្យមានទានជាដើម កាលអស់អាយុ ក៏បានបំពេញក្នុងសគ្គបុរី ។ ចំណែកព្រះពោធិសត្វធ្វើបុណ្យដូចគ្នាហើយ ក៏បានបំពេញក្នុងសគ្គបុរីដែរ ។
ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលចប់សច្ចធម៌ កុលបុត្រនោះបានតាំងនៅក្នុងសោតាបត្តិផល ។ តទា កច្ឆបោ អានន្ទោ អហោសិ អណ្ដើកក្នុងកាលនោះ បានមកជាអានន្ទកុម្ភការោ បន អហមេវ អហោសិំ អ្នកធ្វើឆ្នាំង គឺតថាគតនេះឯង ។ ចប់ កច្ឆបជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត កល្យាណវគ្គ បិដកលេខ ៥៨ ទំព័រ ៨៥)
ថ្ងៃសៅរ៍ ១១ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ២០ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ.
ដោយ៥០០០ឆ្នាំ
images/articles/3239/45trteryrtyew4343.jpg
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន តចប់
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤
អានខាងដើមអត្ថបទ
លំដាប់នោះ សក្កទេវរាជបានត្រាស់នឹងព្រះរាជាថា បពិត្រព្រះបាទសិវិ ព្រះអង្គប្រាថ្នាសេចក្ដីស្លាប់ ទើបពេញចិត្តសេចក្ដីស្លាប់ ឬប្រាថ្នាសេចក្ដីស្លាប់ព្រោះភាពជាមនុស្សខ្វាក់ ? ព្រះបាទសិវិរាជទូលតបថា បពិត្រទេវៈ ខ្ញុំប្រាថ្នាសេចក្ដីស្លាប់ព្រោះភាពជាមនុស្សខ្វាក់ ។ សក្កទេវរាជត្រាស់តបថា បពិត្រមហារាជ ឈ្មោះថាទាន មិនមែនឲ្យផលតែក្នុងសម្បរាយភពប៉ុណ្ណោះទាំងអស់ទេ រមែងជាបច្ច័យសូម្បីក្នុងប្រយោជន៍បច្ចុប្បន្ន ព្រះអង្គដែលយាចកទូលសូមព្រះនេត្រម្ខាង បានព្រះរាជទានទាំងពីរខាង ហេតុនោះ ព្រះអង្គមេត្តាធ្វើសច្ចកិរិយាចុះ ហើយត្រាស់ថា
យានិ សច្ចានិ ទ្វិបទិន្ទ តានិ ភាសស្សុ ខត្តិយ
សច្ចំ តេ ភណមានស្ស បុន ចក្ខុ ភវិស្សតិ។
បពិត្រក្សត្រិយ៍ជាធំជាងជនមានជើងពីរ សូមព្រះអង្គពោលនូវពាក្យទាំងឡាយដែលជាសច្ចៈចុះ កាលបើព្រះអង្គពោលនូវពាក្យសច្ចៈ ព្រះនេត្រនឹងមានឡើងវិញ ។
ព្រះមហាសត្វស្ដាប់ពាក្យនោះហើយត្រាស់ថា បពិត្រសក្កទេវរាជ ប្រសិន បើព្រះអង្គប្រាថ្នាប្រទានចក្ខុដល់ខ្ញុំ សូមកុំធ្វើឧបាយដទៃឡើយ ចក្ខុចូរកើតឡើងដល់ខ្ញុំ ដោយផលនៃទានរបស់ខ្ញុំប៉ុណ្ណោះ កាលសក្កទេវរាជត្រាស់ថា បពិត្រមហារាជ យើងជាសក្កៈ សូម្បីជាស្ដេចនៃទេវតា ក៏មិនអាចដើម្បីនឹងឲ្យនូវចក្ខុដល់អ្នកដទៃឡើយ ចក្ខុនឹងកើតឡើងដល់ព្រះអង្គដោយផលនៃទាន ដែលព្រះអង្គបានឲ្យហើយប៉ុណ្ណោះ ព្រះបាទសិវិត្រាស់ថា ពិតមែនហើយ ទានគឺយើងបានហើយឲ្យដោយល្អ កាលធ្វើសច្ចកិរិយា ទើបពោលគាថាថា
យេ មំ យាចិតុមាយន្តិ នានាគោត្តា វនិព្ពកា
យោបិ មំ យាចតេ តត្ថ សោបិ មេ មនសោ បិយោ
ឯតេន សច្ចវជ្ជេន ចក្ខុ មេ ឧបបជ្ជថ។
ពួកស្មូមណាមានគោត្រផ្សេងៗគ្នា មកដើម្បីសូមចំពោះយើង បណ្តាស្មូមទាំងនោះ ស្មូមណាសូមយើង ស្មូមនោះជាទីស្រឡាញ់ នៃចិត្តរបស់យើង សូមឲ្យភ្នែកកើតមានដល់យើង ដោយការពោលនូវពាក្យសច្ចៈនេះ ។
បណ្ដាបទទាំងនោះ បទថា យេ មំ សេចក្ដីថា ស្មូមទាំងឡាយណាមកសូមនឹងយើង កាលស្មូមទាំងនោះមកសូមនឹងយើង សូម្បីស្មូមនោះរមែងជាទីស្រឡាញ់ពេញចិត្តរបស់យើង ។ បទថា ឯតេន សេចក្ដីថា ប្រសិនបើ យាចកសូម្បីទាំងអស់ជាទីស្រឡាញ់របស់យើង នេះជាសច្ចវាចាដែលយើងបានពោលហើយ ដោយការពោលសច្ចវាចានេះ សូមចក្ខុម្ខាងរបស់យើងចូរកើតឡើងចុះ។
លំដាប់នោះ ចក្ខុទី ១ ក៏កើតឡើងក្នុងរវាងនៃព្រះតម្រាស់របស់ព្រះរាជានោះឯង ។ តអំពីនោះ ព្រះរាជាក៏ត្រាស់ព្រះគាថាទាំងឡាយ ២ ដើម្បីប្រយោជន៍ដល់ការកើតនៃចក្ខុទី ២ ថា
យំ មំ សោ យាចិតុំ អាគា ទេហិ ចក្ខុន្តិ ព្រាហ្មណោ
តស្ស ចក្ខូនិ បាទាសិំ ព្រាហ្មណស្ស វនិព្ពតោ។
ព្រាហ្មណ៍នោះមក ដើម្បីសូមនូវភ្នែកណានឹងយើងថា សូមព្រះអង្គ ប្រទាននូវភ្នែក យើងក៏បានឲ្យនូវភ្នែកទាំងឡាយនោះ ដល់ព្រាហ្មណ៍ដែលសូមនោះហើយ ។
ភិយ្យោ មំ អាវិសី បីតិ សោមនស្សញ្ចនប្បកំ
ឯតេន សច្ចវជ្ជេន ទុតិយំ មេ ឧបបជ្ជថ។
បីតិនិងសោមនស្សដ៏ច្រើនក៏កើតឡើងដល់យើង ដោយក្រៃលែង សូមឲ្យភ្នែកជាគម្រប់ពីរកើតមានដល់យើង ដោយពោលពាក្យសច្ចៈនេះ ។
បណ្ដាបទទាំងនោះ បទថា យំ មំ សេចក្ដីថា ព្រាហ្មណ៍មកសូមនឹង យើង ។ បទថា សោ សេចក្ដីថា ព្រាហ្មណ៍នោះអ្នកមានចក្ខុពិការមកដើម្បីសូមយើងថា សូមព្រះអង្គមេត្តាប្រទានចក្ខុដល់ខ្ញុំ ។ បទថា វនិព្វតោ សេចក្ដីថាដល់ព្រាហ្មណ៍អ្នកមកសូម ។ បទថា ភិយ្យោ មំ អាវិសិ សេចក្ដីថា គ្រាឲ្យចក្ខុ ទាំងពីរដល់ព្រាហ្មណ៍ហើយ រាប់តាំងតែអំពីកាលនោះមកក៏ជាមនុស្សខ្វាក់ មិនអើពើនូវទុក្ខវេទនាដែលមានសភាពដូចនោះ ក្នុងកាលងងឹតនោះឡើយ បីតីដ៏ខ្លាំងក្លាផ្សាយទៅ គឺចូលទៅកាន់ហឫទ័យរបស់យើង អ្នកពិចារណាថា ឱ !ទាន គឺយើងបានឲ្យដោយល្អ ទាំងសេចក្ដីសោមនស្សដ៏អបរិមាណជាអនន្តក៏កើតដល់យើង ។ បទថា ឯតេន សេចក្ដីថា ប្រសិនបើបីតិសោមនស្សមិនមែនតិចកើតឡើងដល់យើង ក្នុងកាលនោះសោត នេះជាសច្ចវាចាដែលយើងបានពោលហើយ ដោយការពោលសច្ចវាចានេះ ចក្ខុសូម្បីទី ២ ចូរកើតឡើងដល់ យើងចុះ ។
ក្នុងខណៈនោះឯង ព្រះនេត្រដួងទី ២ ក៏កើតឡើង ។ តែព្រះនេត្ររបស់ ព្រះបាទសិវិនោះ មិនមែនជាព្រះនេត្រធម្មតា ហើយក៏មិនមែនជាព្រះនេត្រទិព្វ ។ ព្រោះព្រះនេត្ររបស់ព្រះអង្គទ្រង់ប្រទា នដល់សក្កព្រាហ្មណ៍ហើយ ទាំងសក្កព្រាហ្មណ៍ក៏មិនអាចធ្វើព្រះនេត្រ ឲ្យជាប្រក្រតីដូចដើមឡើយ ម្យ៉ាងទៀត ឈ្មោះថា ចក្ខុជាទិព្វរមែងមិនកើតដល់វត្ថុដែលវិនាសហើយឡើយ ព្រោះហេតុនោះ ព្រះនេត្រទាំងនោះ របស់ព្រះបាទសិវិនោះ ត្រូវហៅថា សច្ចបារមិតាចក្ខុ គឺចក្ខុដែលកើតឡើងដោយអានុភាពនៃសច្ចបារមី ។ ក្នុងកាលព្រះនេត្រទាំងនោះកើតឡើង ព្រមគ្នានោះឯង រាជបរិវារទាំងពួងបានមកប្រជុំគ្នាហើយ ដោយអានុភាពរបស់ សក្កទេវរាជ ។ លំដាប់នោះ កាលសក្កទេវរាជធ្វើនូវការសរសើរព្រះបាទសិវិក្នុង កណ្ដាលមហាជននោះឯង ទើបត្រាស់ព្រះគាថាទាំងឡាយ ២ ថា
ធម្មេន ភាសិតា គាថា សិវីនំ រដ្ឋវឌ្ឍន
ឯតានិ តវ នេត្តានិ ទិព្ពានិ បដិទិស្សរេ។
បពិត្រក្សត្រិយ៍ អ្នកញ៉ាំងដែនរបស់អ្នកដែនសីវិឲ្យចម្រើន គាថាដែលព្រះអង្គពោលតាមធម៌ សូមឲ្យព្រះនេត្រទាំងពីរ របស់ព្រះអង្គនេះប្រាកដដូចជា ទិព្វ ។
តិរោកុដ្ដំ តិរោសេលំ សមតិគ្គយ្ហ បព្ពតំ
សមន្តា យោជនសតំ ទស្សនំ អនុភោន្តុ តេ។
ព្រះនេត្រទាំងពីររបស់ព្រះអង្គនោះ សូមឲ្យបាននូវការឃើញធ្លុះធ្លាយ ទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ ដោយជុំវិញ ។
បណ្ដាបទទាំងនោះ បទថា ធម្មេន ភាសិតា សេចក្ដីថា បពិត្រមហារាជ គាថាទាំងឡាយនេះ ព្រះអង្គពោលហើយតាមធម៌ គឺតាមសភាវៈ ។ បទថា ទិព្វានិ សេចក្ដីថា ប្រកបដោយអានុភាពដែលជាទិព្វ ។ បទថា បដិទិស្សរេ ប្រែថា នឹងប្រាកដ ។ បទថា តិរោកុដ្ដំ សេចក្ដីថា បពិត្រមហារាជ ព្រះនេត្រទាំងនោះរបស់ព្រះអង្គ មើលឃើញចាក់ធ្លុះ កន្លងផុតខាងក្រៅជញ្ជាង គំនរនៃភ្នំ សូម្បីភ្នំយ៉ាងណានីមួយ ហាក់បីដូចជាភ្នែកនៃទេវតាទាំងឡាយ រមែងសោយ គឺសម្រេចនូវការឃើញរូប អស់ទីចំនួន ១០០ យោជន៍ អំពីទិសទាំងឡាយ ១០ ដោយជុំវិញ ។
សក្កទេវរាជ ប្រថាប់ឈរលើអាកាស ត្រាស់ព្រះគាថាទាំងនេះ ក្នុងកណ្ដាលមហាជនហើយ ទ្រង់ប្រទានឱវាទព្រះមហាសត្វថា សូមព្រះអង្គកុំប្រមាទ ហើយស្ដេចទៅកាន់ទេវលោក ។ ចំណែកមហាសត្វ ទ្រង់ឡោមព័ទ្ធដោយមហាជនស្ដេចចូលកាន់ព្រះនគរ ដោយសក្ការៈធំ ហើយស្ដេចឡើងកាន់សុចន្ទកប្រាសាទ ។ ភាពដែលព្រះបាទសិវិបាននូវចក្ខុទាំងគូដូចដើមវិញ បានប្រាកដក្នុងដែនសិវិទាំងមូល ។ លំដាប់នោះ អ្នកដែនសិវិទាំងអស់ កាន់គ្រឿងបណ្ណាការជាច្រើន មកហើយដើម្បីចូលគាល់ព្រះបាទសិវិ ។
ព្រះមហាសត្វទ្រង់ត្រិះរិះថា យើងពណ៌នានូវទានរបស់ក្នុងមហាសន្និបាតនេះ ទើបត្រាស់ឲ្យសាងមហាមណ្ឌប ត្រង់ទ្វារព្រះរាជនិវេសន៍ ទ្រង់ប្រថាប់លើរាជបល្ល័ង្ក ខាងក្រោមសមុស្សិតស្វេតច្ឆត្រ ត្រាស់ឲ្យវាយស្គរប្រកាសក្នុងព្រះនគរ ឲ្យសេនាទាំងពួងប្រជុំគ្នាហើយត្រាស់ថា ម្នាលអ្នកដែនសិវិដ៏ចម្រើនទាំងឡាយ អ្នកទាំងឡាយបានឃើញព្រះនេត្រដែលដូចជាទិព្វរបស់យើងនេះ ចាប់អំពីនេះតទៅ បើមិនទាន់បានឲ្យទានជាមុន អ្នកទាំងឡាយកុំបរិភោគឡើយ កាលទ្រង់សម្ដែងធម្មទេសនា បានត្រាស់ព្រះគាថា ទាំងឡាយ ៤ ថា
កោ នីធ វិត្តំ ន ទទេយ្យ យាចិតោ អបិ វិសិដ្ឋំ សុបិយម្បិ អត្តនោ
តទិង្ឃ សព្ពេ សិវយោ សមាគតា ទិព្ពានិ នេត្តានិ មមជ្ជ បស្សថ។
អ្នកណាមួយក្នុងលោកនេះ ដែលគេសូម ហើយមិនឲ្យនូវទ្រព្យដ៏ពេញចិត្ត ឬទ្រព្យដ៏ថ្លៃថ្លា ជាទីស្រឡាញ់ ដ៏ក្រៃលែងរបស់ខ្លួន នែអ្នកដែនសីវិទាំងអស់ដែលមកប្រជុំគ្នា ចូរអ្នកទាំងឡាយមើល នូវភ្នែកទាំងពីររបស់អញ ដែលដូចជាទិព្វ ក្នុងថ្ងៃនេះចុះ ។
តិរោកុដ្ដំ តិរោសេលំ សមតិគ្គយ្ហ បព្ពតំ
សមន្តា យោជនសតំ ទស្សនំ អនុភោន្តិ មេ។
ចក្ខុទាំងពីររបស់យើង រមែងបាននូវការឃើញធ្លុះធ្លាយ ទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ ។
ន ចាគមត្តា បរមត្ថិ កិញ្ចិ មច្ចានំ ឥធ ជីវិតេ
ទត្វាន មានុសំ ចក្ខុំ លទ្ធំ មេ ចក្ខុំ អមានុសំ។
(វត្ថុណាមួយ) ក្នុងជីវិត របស់សត្វទាំងឡាយនេះ រមែងមិនប្រសើរជាង ចាគៈទេ (ខ្លួនយើង) បានឲ្យនូវចក្ខុជារបស់មនុស្សហើយបាននូវចក្ខុទិព្វ ដែលមិនមែនជារបស់មនុស្ស ។
ឯតម្បិ ទិស្វា សិវយោ ទេថ ទានានិ ភុញ្ជថ
ទត្វា ច ភុត្វា ច យថានុភាវំ អនិន្ទិតា សគ្គមុបេថ ឋាន។
ម្នាលអ្នកដែនសីវិទាំងឡាយ អ្នកទាំងឡាយបានឃើញហេតុនេះហើយ ចូរឲ្យទាន ចូរបរិភោគ លុះឲ្យហើយបរិភោគហើយ តាមសមគួរដល់អនុភាព សូមឲ្យជាអ្នកមិនមានអ្នកណាតិះដៀលបាន ហើយចូរទៅកាន់ឋានសួគ៌ចុះ ។
បណ្ដាបទទាំងនោះ បទថា កោ នីធ កាត់បទថា កោ នុ ឥធ ប្រែថា អ្នកណាក្នុងលោកនេះ ។ បទថា អបិ វិសិដ្ឋំ សេចក្ដីថា សូម្បីជារបស់វិសិដ្ឋ ។ បទថា ចាគមត្តា សេចក្ដីថា ឈ្មោះថារបស់ដទៃដែលនឹងប្រសើរជាងប្រមាណនៃទានរបស់យើងមិនមាន ។ បទថា ឥធ ជីវិតេ សេចក្ដីថា ក្នុងជីវលោកនេះ ។ បទថា អមានុសំ សេចក្ដីថា ចក្ខុដូចជាទិព្វដែលយើងបានហើយដោយហេតុនេះទើបគួរជ្រាបសេចក្ដីនេះថា ឈ្មោះថាវត្ថុដែលប្រសើរជាការបរិច្ចាគមិនមាន ។ បទថា ឯតម្បិ ទិស្វា សេចក្ដីថា អ្នកទាំងឡាយសូម្បីឃើញនូវចក្ខុដែលដូចជាទិព្វដែលយើងបានហើយ (ចូរឲ្យទានមុនទើបបរិភោគជាក្រោយ) ។
ព្រះបាទសិវិទ្រង់សម្ដែងធម៌ដោយគាថាទាំង ៤ នេះដោយប្រការដូច្នេះហើយ ចាប់ផ្ដើមអំពីនោះមក ក្នុងថ្ងៃបន្នរសុបោសថ (ឧបោសថថ្ងៃទី១៥) រាល់កន្លះខែទ្រង់ឲ្យមហាជនប្រជុំគ្នា ទ្រង់សម្ដែងធម៌ដោយគាថាទាំងនេះជាប្រចាំ ។ មហាជនស្ដាប់ព្រះធម៌នោះហើយ នាំគ្នាធ្វើបុណ្យទាំងឡាយ មានឲ្យទានជាដើម កាលធ្វើឲ្យពេញនូវទេវលោក បានទៅកាន់ហើយទេវលោក ។
ព្រះសាស្ដាគ្រាទ្រង់នាំព្រះធម្មទេសនានេះហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បោរាណកបណ្ឌិតទាំងឡាយ មិនត្រេកអរដោយពាហិរទាន បានឆ្កៀលនូវភ្នែកទាំងពីររបស់ខ្លួនឲ្យជាទាន ដល់យាចកអ្នកមកដល់ចំពោះមុខ ដោយអាការៈយ៉ាងនេះ ហើយទ្រង់ប្រកាសចតុរារិយសច្ច ប្រជុំជាតកថា
តទា សីវិកវេជ្ជោ អានន្ទោ អហោសិ សីវិកពេទ្យក្នុងកាលនោះបានមកជាអានន្ទ ។
សក្កោ អនុរុទ្ធោ អហោសិ សក្កទេវរាជបានមកជាអនុរុទ្ធ ។
សេសបរិសា ពុទ្ធបរិសា រាជបរិសទ្យដ៏សេសបានមកជាពុទ្ធបរិស័ទ ។
សិវិរាជា បន អហមេវ អហោសិំ ចំណែកព្រះបាទសិវិរាជ បានមកជាតថាគត ដូច្នេះឯង ។
ចប់ សិវិជាតក ។
ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយជាតក វីសតិនិបាត បិដកលេខ ៦០ ទំព័រ ៧៤
ដោយ៥០០០ឆ្នាំ
images/articles/339/tyfjfty3333rhh.jpg
អង្គនៃឧបោសថសីល ឬ សីល៨
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
ការរក្សាឧបោសថសីល ឬសីល៨ មានភាពខុសប្លែកគ្នា ពីការរក្សានិច្ចសីល ឬ សីល៥ ព្រោះការរក្សាឧបោសថសីល ធ្វើឡើងតែ៤ថ្ងៃ(ឬ៤សីល)ក្នុងមួយខែ គឺថ្ងៃ ៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយឧបោសថសីលក្នុងថ្ងៃនីមួយៗ រក្សាតែមួយយប់មួយថ្ងៃប៉ុណ្ណោះ។ មានថ្ងៃដទៃទៀតដែលរាប់បញ្ចូលក្នុងថ្ងៃឧបោសថដែរ ប៉ុន្តែសព្វថ្ងៃនេះ ជាទូទៅគឺកំណត់យកតែបួនថ្ងៃ ឬបួនសីលដូចបានរៀបរាប់ខាងលើ ។
ចំណែកឯសីល៥វិញ មិនបានកំណត់កាលឬកំណត់ថ្ងៃដូច្នេះទេ ព្រោះសីល៥ គឺជាសីលដែលត្រូវរក្សាជារៀងរាល់ថ្ងៃ ជានិច្ចនិរន្តរ៍ ដូច្នេះហើយទើបមានវេវចនស័ព្ទមួយទៀតហៅថា និច្ចសីល ។
កិច្ចនៃឧបោសថសីល មានការពន្យល់ក្បោះក្បាយនៅក្នុងសៀវភៅ “គិហិបដិបត្តិ” នៅក្នុងទីនេះសូមលើកយកតែគោល និងអង្គនៃសិក្ខាបទមកចែកជូនតែប៉ុណ្ណោះ។ គោលនិងអង្គនៃសិក្ខាបទមួយចំនួនដូចគ្នានឹងសីល៥ដែរ សូមពិនិត្យនឹងសង្កេតតាមសិក្ខាបទនានាដូចខាងក្រោមនេះ ៖
១-បាណាតិបាត វេរមណី វៀរចាកការសម្លាប់សត្វ ។
◊ បាណាតិបាត មានអង្គ៥ គឺ៖
១-បាណោ សត្វមានជីវិត
២-បាណសញ្ញិតា សេចក្ដីដឹងថា សត្វមានជីវិត
៣-វធកចិត្ដំ ចិត្ដគិតនឹងសម្លាប់
៤-ឧបក្កមោ ព្យាយាមនឹងសម្លាប់
៥-តេនមរណំ សត្វស្លាប់ដោយការព្យាយាមនោះ
២-អទិន្នាទានា វេរមណី វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យដោយកាយ ឬ ដោយវាចា (វៀរចាកលួចទ្រព្យគេ)។
◊ អទិន្នាទាន មានអង្គ៥ គឺ៖
១-បរបរិគ្គហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា។
២-បរបរិគ្គហិតសញ្ញិតា សេចក្ដីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
៣-ថេយ្យចិត្ដំ ចិត្ដគិតនឹងលួច។
៤-ឧបក្កមោ ព្យាយាមនឹងលួច។
៥-តេនហរណំ លួចបានមកដោយការព្យាយាមនោះ។
៣- អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។
◊ អព្រហ្មចរិយា មានអង្គ ៤
១ – ភេទនវត្ថុ វត្ថុជាទីទម្លាយនូវសីល គឺទ្វារទាំង ៣០ ចំពោះត្រង់ទ្វារណាមួយ។
២ – សេវនចិត្តំ គិតនឹងសេព។
៣ – តជ្ជោ វាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ។
៤ – មគ្គេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា។
៤-មុសាវាទា វេរមណី វៀរចាកការពោលពាក្យមិនពិត គឺពាក្យកុហក។
◊ មុសាវាទ មានអង្គ៤ គឺ៖
១-អតថំវត្ថុ វត្ថុមិនពិត។
២-វិសំវាទនចិត្ដំ ចិត្ដគិតនឹងពោលឲ្យខុស។
៣-តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។
៤-បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្ដីនោះ។
៥-សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការសេពនូវទឹកស្រវឹងគឺសុរា និងមេរ័យ។
◊ សុរាមេរយៈ មានអង្គ៤ គឺ៖
១-មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្ដីស្រវឹង គឺសុរា និងមេរ័យ។
២-បាតុកម្យតាចិត្ដំ ចិត្ដគិតបម្រុងនឹងផឹក។
៣-តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។
៤-តស្សបានំ បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ។
៦-វិកាលភោជនា វេរមណី វៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
◊ វិកាលភោជន មានអង្គ ៣
១ – វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេទៅហើយដរាបទល់អរុណរះ។
២ -យាវកាលិកំ របស់ដែលគួរបរិភោគបានក្នុងកាល គឺតាំងពីអរុណរះឡើងដរាបដល់ថៃ្ងត្រង់។
៣ -អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក។
៧-និច្ចគីតវាទិតវិសូកទស្សនមាលាគន្ធ វិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី វៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលល្បែងដែលជាសត្រូវដល់កុសលធម៌ និងករិយាទ្រទ្រង់និងប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
◊ នច្ចគីតព្រមទាំង មាលារួមជាសិក្ខាបទមួយ មានអង្គ ៦
១-នច្ចគីតាទិ ការលែ្បងមានរាំ និងច្រៀងជាដើម។
២ -កត្តុកម្យតាចិត្តំ គិតបម្រុងនឹងធ្វើ ។
៣ -សុតទស្សនត្ថាយគមនំ ទៅដើម្បីស្តាប់ ឬមើល ហើយបានស្តាប់ឬមើល។
៤ – មាលាទិ វត្ថុសម្រាប់ប្រដាប់កាយមានកម្រងផ្កាជាដើម ។
៥ -ធារណច្ឆន្ទតា សេចក្តីប្រាថ្នា នឹងប្រដាប់តាក់តែង។
៦-តស្ស ធារណំ បានប្រដាប់តាក់តែងនូវវត្ថុសម្រាប់ប្រដាប់កាយមានផ្កាកម្រងជាដើមនោះ។
៨-ឧច្ចាសយនមហាសយនា វេរមណី វៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ។
◊ ឧច្ចាសយន មានអង្គ ៣
១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។
២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។
៣-បរិភោគករណំ បានដេក ឬ អង្គុយ។
កាលបើឧបាសកឧបាសិកា ប្រព្រឹត្តឲ្យកន្លងនូវសិក្ខាបទណាៗ លុះតែព្រមដោយអង្គក្នុងសិក្ខាបទ នោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយអង្គនោះ ក៏មិនបានឈ្មោះថាកន្លងនូវសិក្ខាបទនោះទេ។
ប្រភព
ដោយ ៥០០០ឆ្នាំ
images/articles/306/text_________pic.jpg
អង្គរបស់សីល៥
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
បុគ្គលនឹងឈ្មោះថាប្រព្រឹត្តកន្លង(ដាច់)សីល៥ណាមួយ លុះត្រាតែប្រព្រឹត្តកន្លងគ្រប់អង្គនៃសិក្ខាបទនោះៗទើបឈ្មោះថាដាច់សីល។ អង្គនៃសិក្ខាបទប្រាំនោះមានដូចខាងក្រោមនេះ៖
១-បាណាតិបាត វេរមណី វៀរចាកការសម្លាប់សត្វ ។
បាណាតិបាត មានអង្គ៥ គឺ៖
១-បាណោ សត្វមានជីវិត
២-បាណសញ្ញិតា សេចក្ដីដឹងថា សត្វមានជីវិត
៣-វធកចិត្ដំ ចិត្ដគិតនឹងសម្លាប់
៤-ឧបក្កមោ ព្យាយាមនឹងសម្លាប់
៥-តេនមរណំ សត្វស្លាប់ដោយការព្យាយាមនោះ
២-អទិន្នាទានា វេរមណី វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យដោយកាយ ឬ ដោយវាចា (វៀរចាកលួចទ្រព្យគេ) ។
អទិន្នាទាន មានអង្គ៥ គឺ៖
១-បរបរិគ្គហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា។
២-បរបរិគ្គហិតសញ្ញិតា សេចក្ដីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
៣-ថេយ្យចិត្ដំ ចិត្ដគិតនឹងលួច។
៤-ឧបក្កមោ ព្យាយាមនឹងលួច។
៥-តេនហរណំ លួចបានមកដោយការព្យាយាមនោះ។
៣-កាមេសុមិច្ឆាចារា វេរមណី វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
កាមេសុមិច្ឆារៈ មានអង្គ៤ គឺ៖
១-អគមនីយដ្ឋានំ ស្រ្ដីដែលមិនគួរនឹងគប់រក គឺស្រ្ដីដែលមានគេហួងហែងរក្សា។
២-តស្មឹសេវនចិត្ដំ គិតនឹងសេពមេថុនធម្មនឹងស្រ្ដីនោះ។
៣-ឧបក្កមោ ព្យាយាមនឹងសេពមេថុនធម្ម។
៤-មគ្គេនមគ្គបដិបាទនំ ញុំាងមគ្គ និងមគ្គឲ្យដល់គ្នា។
៤-មុសាវាទា វេរមណី វៀរចាកការពោលពាក្យមិនពិត គឺពាក្យកុហក។
មុសាវាទ មានអង្គ៤ គឺ៖
១-អតថំវត្ថុ វត្ថុមិនពិត។
២-វិសំវាទនចិត្ដំ ចិត្ដគិតនឹងពោលឲ្យខុស។
៣-តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។
៤-បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្ដីនោះ។
៥-សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការសេពនូវទឹកស្រវឹងគឺសុរា និងមេរ័យ។
សុរាមេរយៈ មានអង្គ៤ គឺ៖
១-មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្ដីស្រវឹង គឺសុរា និងមេរ័យ។
២-បាតុកម្យតាចិត្ដំ ចិត្ដគិតបម្រុងនឹងផឹក។
៣-តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។
៤-តស្សបានំ បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ។
បើមនុស្សក្នុងទីណា សង្គមណា ប្រទេសណា សម្បូរណ៍ទៅដោយអ្នកមានសីល៥ ទីនោះ សង្គមនោះ ប្រទេសនោះ នឹងពោរពេញទៅដោយសន្តិសុខ និង សន្តិភាព។
ដោយ៥០០០ឆ្នាំ
images/articles/523/Untitled-1.jpg
អនិសង្សសីល ៥
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
បញ្ចសីលសមាទានិយត្ថេរាបទាន ក្នុងបិដកលេខ ៧២ ទំព័រ១៧៣។
គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែនឹងការងាររបស់ជនដទៃ មិនបាននូវបព្វជា្ជ។
ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយរមែងឆេះដោយភ្លើង ៣ យ៉ាង អញគប្បីគេចចេញដោយឧបាយណាហ្ន៍។ អញជាមនុស្សកំព្រា ធ្វើនូវការឈ្នួល ទាំងទេយ្យធម៌ក៏មិនមាន បើដូច្នោះគួរតែអញរក្សាសីល ៥ ឲ្យពេញលេញ។
មានព្រះថេរៈមួយ អង្គឈ្មោះ និសភៈ ជាសាវ័ករបស់ព្រះមុនី ព្រះនាម អនោមទស្សី ខ្ញុំក៏ចូលទៅរក ព្រះថេរៈអង្គនោះ ហើយទទួលនូវសិក្ខាបទទាំង ៥ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំរក្សាសីល ៥ ឲ្យបរិបូណ៍ អស់កាលប៉ុណ្ណោះដែរ។
លុះមរណកាលមកដល់ព្រមហើយ ទេវតាទាំងឡាយលួងលោមខ្ញុំថា នែ អ្នកនិទុ៍ក្ខ រថដែលទឹមដោយសេះ ១ ពាន់នេះ មកប្រាកដដល់អ្នកហើយ។ កាលបើចិត្តជាខាងក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំបានរំលឹកនូវសីលរបស់ខ្ញុំ ខ្ញុំបានទៅកាន់ឋានតាវត្តឹង្ស ដោយសារអំពើដែលខ្ញុំធ្វើល្អហើយនោះ។
ខ្ញុំបានជាធំជាងទេវតាសោយរាជ្យ មានពួកស្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វអស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បានសោយរាជ្យប្រទេសដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។
ខ្ញុំចុត្យចាកទេវលោក ត្រូវកុសលមួយដាស់តឿន ក៏មកកើតក្នុងត្រកូលមហាសាលដ៏ស្តុកស្តម្ភ ក្នុងក្រុងសាវត្ថី ។ កាលសាសនារបស់ព្រះជិនស្រី កំពុងរុងរឿង មាតានិងបិតារបស់ខ្ញុំបាន ទទួលនូវសិក្ខាបទទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួលសីលជាមួយ (និងមាតា) ហើយបានដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់នូវអរហត្ត ព្រះពុទ្ធមានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។
ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើត អសុរកាយអស់កប្ប នឹងប្រមាណមិនបានអំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវយស ព្រោះហេតុនៃសីលទាំងនោះ ខ្ញុំកាលសម្តែងនូវកោដិនៃកប្ប គប្បីសម្តែងជាឯកទេស (មួយចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំជាអ្នកមាន អាយុវែង ១ មានទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១ ។
មួយទៀត ខ្ញុំសម្តែងនូវភាពជាខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោលទៅក្នុងភពតូច និងភពធំ ហើយតែងបាននូវឋានៈទាំងនុះ។ សាវ័កទាំងឡាយ របស់ព្រះជិនស្រីកាលប្រព្រឹត្ត ក្នុងសីលនឹងប្រមាណមិនបាន បើលោកនៅត្រេកអរ ក្នុងភព តើនឹងបានផលដូចម្តេចទៅ។
សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មានព្យាយាមប្រព្រឹត្តល្អហើយ ខ្ញុំបានរួចចាកចំណងទាំងពួង ក្នុងថ្ងៃនេះដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីល ៥ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ដកស្រង់ចេញពីសៀវភៅ “ឃរាវាសធម៌”រៀបរៀងដោយ មុនីកោសល្យ នៅ-ហៃឡុន ៕
ដោយ៥០០០ឆ្នាំ
images/articles/877/Untitled-1.jpg
ពិចារណាសីលបារមី
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
ការពិចារណាឃើញទោសនិងអានិសង្ឃ តាមលំដាប់នៃការមិនបរិច្ចាគ និងការបរិច្ចាគជាដើម ជាបច្ច័យនៃបារមីទាំងឡាយ មានទានបារមីជាដើម ។ គប្បីជ្រាបវិធីពិចារណាដូចតទៅនេះ៖
ពិចារណាសីលបារមីៈ
- សីល ជាទឹកលាងនូវមន្ទិលគឺទោសៈ ដែលមិនអាចជម្រះបាន ដោយទឹកគង្គាជាដើម ។
- សីល កម្ចាត់នូវអន្តរាយមានរាគៈជាដើម ដែលអាចកម្ចាត់បានដោយចន្ទន៍លឿងជាដើម ។
- សីល ជាគ្រឿងប្រដាប់យ៉ាងវិសេសរបស់មនុស្សល្អទាំងឡាយ ។
- សីល មានក្លិនក្រអូបផ្សាយទៅគ្រប់ទិស និងសមគួរគ្រប់កាល ។
- សីល មានអំណាចដ៏ក្រៃលែង ព្រោះនាំមកនូវគុណ ដែលក្សត្រមហាសាលជាដើម និងទេវតាទាំងឡាយគួរក្រាបសំពះ ។
- សីល ជាជណ្តើរឡើងទៅកាន់ទេវលោក មានស្ថានសួគ៌ជាន់ចាតុម្មមហារាជិកាជាដើម ។
- សីល ជាឧបាយនាំឲ្យបានសម្រេចនូវឈាន និងអភិញ្ញា ។
- សីល ជាផ្លូវឲ្យទៅដល់មហានគរគឺព្រះនិព្វាន ។
- សីល ជាភូមិប្រតិស្ថាននូវសាវកពោធិ បច្ចេកពោធិ និងសម្មាសម្ពោធិញ្ញាណ ។
- សីល ដូចជាកែវទិព្វ ឬដើមកប្បព្រឹក្ស ព្រោះជាឧបាយឲ្យសម្រេចនូវអ្វីៗ តាមដែលប្រាថ្នា ។
- សីល ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថាៈ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុមានសេចក្តីប្រាថ្នាថា អាត្មាអញគប្បីជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីលើកតម្កើង របស់សព្រហ្មចារីទាំងឡាយ ភិក្ខុគប្បីជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីលទាំងឡាយចុះ ។
ម្នាលអានន្ទ កុសលសីល មានការមិនក្តៅក្រហាយជាប្រយោជន៍ ។
ម្នាលគហបតីទាំងឡាយ នេះជាអនិសង្ឃ ៥ យ៉ាងជាអ្នកមានសីល ។ ៥ យ៉ាងគឺ
១. ដល់ព្រមដោយភោគសម្បត្តិ
២. មានកិត្តិគុណ កិត្តិសព្ទល្បីខ្ចរខ្ចាយទៅ
៣. មានសេចក្តីក្លៀវក្លាក្នុងកណ្តាលបរិស័ទ
៤. នឹងមិនវង្វេងនៅពេលជិតស្លាប់
៥. ស្លាប់ហើយនឹងទៅកើតនៅសុគតិសួគ៌ទេវលោក ។
- សីល ជានិមិត្តនៃបីតិ និងសោមនស្ស ដោយការមិនតិះដៀលខ្លួនឯងផង អ្នកដទៃមិនតិះដៀលផង វិញ្ញូជនសរសើរផង មិនមានអាជ្ញាភ័យផង និងមិនមានទុគ្គតិភ័យផង ។
- សីល ជាទីតាំងនៃសេរីសួស្តី ព្រោះតាំងចិត្តទុកក្នុងសេចក្តីមិនប្រមាទ និងព្រោះញ៉ាំងប្រយោជន៍ធំឲ្យសម្រេចដោយមានការគ្រប់គ្រងរក្សាអំពីសីល ដែលសីលនេះជាមង្គលដ៏ឧត្តម ។
- សីល ជាកុលសម្បត្តិ ព្រោះថាសូម្បីបុគ្គលមានជាតិត្រកូលទាបក៏ដោយ លុះដល់បានបួសជាភិក្ខុអ្នកមានសីល ក៏ជាបូជនីយបុគ្គលរបស់ក្សត្រមហាសាលជាដើមដោយពិត ។
- សីល ជាសម្បត្តិដ៏ប្រសើរ ក្រៃលែងជាងសម្បត្តិខាងក្រៅ ព្រោះមិនទូទៅដល់ចោរ ដល់ទឹកភ្លើងជាដើម ព្រោះអនុគ្រោះដល់លោកខាងមុខ ព្រោះមានផលច្រើននិងព្រោះជាអធិដ្ឋានគុណ គឺជាទីតាំងនៃសមថៈ និងវិបស្សនាជាដើម ។
- សីល ជាធំមានភាពជាឥស្សរៈដ៏ក្រៃលែង ជាងមហាក្សត្រទៅទៀត ព្រោះជាឥស្សរៈមាំមួនផ្លូវចិត្ត មិនជាទាសៈក្នុងការប្រព្រឹត្តបញ្ចវេរាជាដើម ។
- សីល ប្រសើរជាងជីវិត និងធ្វើឲ្យជីវិតរស់នៅសូម្បីតែមួយថ្ងៃ ប្រសើរជាងជីវិតអត់សីលហើយរស់នៅអស់រយនៃឆ្នាំ ។
- សីល ប្រសើរជាងរូបសម្បត្តិ ព្រោះសីលនាំមកនូវការពេញចិត្ត សូម្បីតែគេនោះជាសត្រូវ ឬចោរ និងព្រោះជរា រោគ ព្រមទាំងវិបត្តិផ្សេងៗ គ្របសង្កត់មិនបាន ។ រូប កាយ ចាស់ជរា ឈឺ និងលំបាកថែរក្សារាល់ថ្ងៃ ហើយត្រូវបញ្ចប់ត្រឹមស្លាប់ទៅត្រូវដុត ឬកប់ប៉ុណ្ណោះឯង ។
- សីល វិសេសលើសលំនៅឋាន មានវិមានប្រាសាទជាដើមទៅទៀត ព្រោះជាការតាំងចិត្តដ៏វិសេស ជាសុខរបស់ចិត្ត សុខត្រជាក់ ដោយចិត្តមានសីលហ្នឹងឯង ។
- សីល ជាញាតិដ៏ក្រៃលែង ព្រោះថាសូម្បីមាតាបិតា ក៏មិនអាចធ្វើឲ្យសម្រេចបានដែរ នូវអ្វីដែលជាប្រយោជន៍របស់សីល តែសីលអាចធ្វើឲ្យសម្រេចបាននូវសម្បត្តិទាំងពួងនោះៗ ទាំងអនុគ្រោះដល់បរលោក ទាំងសម្បត្តិនិព្វាន ។
- សីល ប្រសើរជាងចតុរង្គសេនា របស់ព្រះរាជព្រោះសីលច្បាំងឈ្នះកិលេសខ្លួនឯង ។
- សីល ប្រសើរជាងមន្ត និងថ្នាំទិព្វ ព្រោះសីលជាគ្រឿងរក្សាខ្លួន ដែលគេរក្សាបានដោយកម្រ ។
- សីល នាំឲ្យមានខ្លួនឯងជាទីពឹង និងនាំឲ្យអ្នកមានសីល មានអធ្យាស្រ័យប្រណីតឡើងៗ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា " ធម្មា ហរេ រក្ខតិ ធម្មចារី ធម៌រមែងរក្សានូវអ្នកប្រព្រឹត្តធម៌ " ។
កាលព្រះមហាបុរស ពិចារណាឃើញថា សីលប្រកបដោយគុណដ៏ច្រើនក្រៃលែងយ៉ាងនេះហើយ សីលសម្បទាដែលនៅមិនទាន់បរិបូណ៌ ក៏ដល់នូវភាពបរិបូណ៌ ដែលមិនទាន់បរិសុទ្ធ ក៏ដល់នូវភាពបរិសុទ្ធ ដោយប្រការដូច្នេះឯង ។
ប្រសិនបើធម៌ទាំងឡាយមានទោសៈជាដើម ជាបដិបក្ខដល់សីល គប្បីកើតឡើងដល់មហាបុរសនោះក្នុងពេលខ្លះដោយសន្សំសន្តានយកយូរហើយ បុគ្គលដែលជាព្រះពោធិសត្វនោះ រមែងពិចារណាយ៉ាងនេះថា '' អ្នកតាំងចិត្តពិតប្រាកដ ដើម្បីត្រាស់ដឹង ប៉ុន្តែសូម្បីសម្បត្តិជាលោកិយ អ្នកក៏នៅមិនអាចឲ្យដល់ទៅបានផង ដោយភាពមិនប្រក្រតីនៃសីល ព្រោះទោសៈនេះឯង ដូច្នេះមិនចាំបាច់និយាយដល់សម្បត្តិជាលោកុត្តរឡើយ ។
សីលជាអធិដ្ឋានដើម្បីសម្មាសម្ពោធិញ្ញាណ ដ៏លើសលប់ជាងសម្បត្តិទាំងពួង គួរឲ្យបានដល់ដោយឧក្រិដ្ឋក្រៃលែង ។ ម៉្យាងទៀត ភាពជាអ្នកធ្វើនូវឧបការៈដល់សត្វទាំងឡាយ និងការបំពេញបារមី មានបញ្ញាបារមីជាដើមរបស់យើង ព្រមទាំងការប្រកបនូវគុណវិសេសមានឈានជាដើមនោះ វៀរចាកសេចក្តីបរិសុទ្ធនៃសីលហើយ រមែងសម្រេចមិនបានឡើយ ព្រោះហេតុនោះ អ្នកទើបគួរញ៉ាំងសីលឲ្យបរិសុទ្ធដោយប្រពៃ " ។
នេះជាសេចក្តីដែលព្រះបរមពោធិសត្វពិចារណានូវគុណរបស់សីល ដើម្បីគ្របសង្កត់នូវធម៌បដិបក្ខរបស់សីល ។
ស្រង់ចាកពី សៀវភៅ " បារមី ភាគ១ " រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/898/Untitled-1.jpg
រឿងសីលវរាជកុមារ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
រឿងសីលវរាជកុមារ
( ចាក ម. ឯ. )
( ការមិនប្រទុស្តតប តែងមានជ័យជំនះជាផល )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិក្នុងនគរពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជារាជ្យបុត្រ ព្រះនាមសីលវកុមារ កាលទ្រង់មានព្រះជន្មវស្សា ១៦ ឆ្នាំ ទ្រង់បានទៅដល់ទីបំផុតនៃការសិក្សាវិជ្ជាទាំងពួង លុះអំណេះអំពីព្រះរាជបិតាទីវង្គតទៅ
images/articles/1122/w456bs4et4eysnryse.gif
សម្ដេចព្រះសុគន្ធាធិបតី គណៈធម្មយុត្តិកនិកាយ បញ្ញាសីលោ ប៉ាន
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
ប្រវត្តិរូបសង្ខេប
នៃ
សម្ដេចព្រះសុគន្ធាធិបតី បញ្ញាសីលោ ប៉ាន
គណៈធម្មយុត្តិកនិកាយ
ព.ស ២៤០១ ~ ២៤៣៦
គ.ស ១៨៥៧ ~ ១៨៩៣
សម្ដេចព្រះសុគន្ធាធិបតី ប៉ាន សម្ដេចសម្ភព នៅថ្ងៃព្រហស្បតិ៍ ១រោច ខែកត្ដិក ឆ្នាំ ចរ អដ្ឋស័ក ព.ស ២៣៧០ គ.ស ១៨២៦ ច.ស ១១៨៨ នៅភូមិព្រែក ព្រះស្ដេច ខេត្តបាត់ដំបង។
images/articles/1292/Untitled-1-Recovered.jpg
ឪពុកម្ដាយគួរតែបណ្ដុះគុណធម៌ ៥ ទៀតជាគូនឹងសីល ៥ ដល់កូន
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
ឪពុកម្ដាយគួរតែបណ្ដុះគុណធម៌ ៥ ទៀតជាគូនឹងសីល ៥ ដល់កូន
ពេលយើងនាំកូនឲ្យទៅជួបបណ្ឌិតសប្បុសញយៗ អាចជាបច្ច័យឲ្យកូនដើរតាមគន្លងល្អបាន។ យើងត្រូវដឹងថា កូនខ្លះឪពុកម្ដាយមិនស្ដាប់ទេ អ្នកដទៃទើបស្ដាប់តាមព្រោះឪពុកម្ដាយជាមនុស្សមានពៀរជាមួយកូននោះ ធ្វើឲ្យកូននោះមិនយកចិត្តទុកដាក់ដើម្បីស្ដាប់។ មនុស្សនៅក្នុងលោកយើងនេះ មិនមែនចេះតែមានពៀរជាមួយមនុស្សគ្រប់គ្នានោះទេ។
images/articles/1454/Untitled-1-Recovered.jpg
សីលធម៌ឬសីល៥
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
សីលធម៌ឬសីល៥
ពាក្យថា សីលធម៌ មកពី សីល+ធម៌ បានទៅជាសីលធម៌។ សីល គឺជាចេតនាដែល វៀរចាកអំពើអាក្រក់ ការកាន់ឬប្រព្រឹត្តល្អដោយកាយ វាចា ការកាន់ចរិយាល្អ ការសង្រួមអង្គនៃ ចរិយា មាយាទល្អ សេចក្ដីល្អ អំពើល្អ ។ល។
ឯពាក្យថា ធម៌ ក្នុងទីនេះ គឺសំដៅយកតែធម៌ល្អដែលជាលទ្ធផលនៃការប្រព្រឹត្តល្អគឺ សីល នោះឯង រួមពាក្យទាំងពីរបញ្ចូលគ្នាបានជា សីលធម៌ បានសេចក្ដីថា
images/articles/1642/Untitled-1-Recovered.jpg
អ្នកឆ្លាតបើចង់បានសេចក្ដីសុខបីយ៉ាងត្រូវតែរក្សាសីល
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
ពាក្យថា សីល មានន័យថា ការកាន់ចរិយា,ល្អ,សង្រួម,ចរិយា,នេះគឺជាពាក្យថា សីល។ពាក្យថា សុខ បើជាគុណនាមគឺមានន័យថា ដែលសប្បាយ ងាយ ស្រួល ស្រណុក សម្រាន្ត តែបើជានាមវិញមានន័យថា សេចក្ដីសប្បាយ ដំណើរងាយ ដំណើរស្រួល ដំណើរស្រណុក ជាដដើម។
មនុស្សដែលរស់នៅលើភពផែនដីនេះគឺសុទ្ធតែជាអ្នកមានសេចក្ដីប្រាថ្នាចង់បានសុខគ្រប់ៗគ្នា ទាំងគ្រហស្ថទាំងបព្វជិត ទាំងអ្នកមាន ទាំងអ្នកក្រជាដើមគឺប្រាថ្នានូវសេចក្ដីសុខដូចៗគ្នា។សូម្បីតែចោរ ដែលខំលួចកេងប្រវ័ញ្ច(បញ្ឆោត) គេទាំងយប់ទាំងថ្ងៃគឺដើម្បីតែសេចក្ដីសុខនោះឯង។
មនុស្សល្ងង់ ចិត្តដែលចង់បាននូវសេចក្ដីសុខគឺច្រើនតែធ្វើអ្វីដែលខុសពីច្បាប់នៃការពិត ឬ ខុសពីច្បាប់នៃធ្មជាតិ។មនុស្សឆ្លាត ស្វែងរកនូវសេចក្ដីសុខ គឺ ស្វែងរកដោយឧត្ដមបញ្ញា មិនដើរផ្លូវកាត់ព្រោះហេតុតែចង់បាននូវសេចក្ដីសុខនោះឡើយ។អ្នកប្រាជ្ញ មិនដែលចម្រើននូវសេចក្ដីសុខហើយធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃណាម្នាក់ឡើយ។
សេចក្ដីសុខដែលកើតឡើង ព្រោះតែការបៀតបៀនមនុស្សសត្វទាំងឡាយ សេចក្ដីសុខនោះគឺជាសេចក្ដីសុខក្លែងក្លាយ សេចក្ដីសុខមិនពិតប្រាកដសូម្បីតែសេចក្ដីសុខមួយចំណិតបញ្ជាក់ថា ត្រឹមត្រូវនោះគឺគ្មានសោះឡើយ។
វិថីដួងចិត្តនៃអ្នកប្រាជ្ញ បានមើលឃើញយ៉ាងច្បាស់ពិតប្រាកដថា សេចក្ដីសុខដែលកើតឡើងព្រោះតែការវៀរចាកនូវបាបធម៌ទាំងឡាយ អសីលធម៌ជាដើម។អ្វីទៅជាអសីលធម៌នោះ គឺ ចិត្តដែលមិនមាននូវសីលនោះឯង។សេចក្ដីសុខ៣ប្រការ ដែលត្រូវបានសម្រាប់ជនដែលឆ្លាតឈ្លាសគឺមកពីការរក្សាសីលនោះឯង។
សេចក្ដីសុខ ៣ យ៉ាងនោះគឺ
១- សុខព្រោះការសរសើរ
២- សុខព្រោះមានភោគៈ
៣- សុខព្រោះបាននូវសម្បត្តិសុគតិ
នេះគឺជាសេចក្ដីសុខ ៣ យ៉ាង ដែលកើតឡើងព្រោះតែការរក្សាសីល ហើយមិនមែនមានតែ៣នឹងនោះទេ នៅមានច្រើនទៀតដែលមិនអាចនឹងយកមកពណ៌នាឲ្យអស់បាន។
ដូច្នេះពុទ្ធបរិស័ទទាំងឡាយ បើសិនជាចង់បាននូវសេចក្ដីសុខពិតមែននោះ គឺ ត្រូវតែនាំគ្នារក្សាសីលឲ្យបានល្អ កុំឲ្យសីលមានសេចក្ដីសៅហ្មង មានមន្ទិល និង កុំឲ្យសីលប្រឡាក់ប្រឡូកដោយភាពមិនបរិសុទ្ធឲ្យសោះ ធ្វើបែបនេះបានមែន នោះយើងនឹងបាននូវសេចក្ដីសុខពិតប្រាកដមិនខានឡើយ។
ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ៥០០០ឆ្នាំ
images/articles/2270/Untitled-1-Recovered.jpg
វិនិច្ឆ័យក្នុងសីលបាណាតិបាត
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
សិក្ខាបទទី១ថា បាណាតិបាតា វេរមណី គឺចេតនាវៀរចាក ការសម្លាប់ជីវិតសត្វ។សត្វមានជីវិតសំដៅយកពួកសត្វទាំងអស់ ទោះតូចល្អិតក្ដី ធំក្ដី មានវិញ្ញាណ ឬមិនមានវិញ្ញាណ កាលបើមានចេតនាក្លែងសម្លាប់ឲ្យស្លាប់ហើយ ក៏ឈ្មោះថា បែកធ្លាយឬដាច់សីលបាណាតិបាត។
ពួករុក្ខជាតិ តិណជាតិ ដូចជាដើមឈើ ស្មៅជាដើម ដែលវានៅស្រស់មិនទាន់ងាប់ ដែលយើងតែងហៅថា"ដើមឈើរស់នៅមានជីវិត" វត្ថុទាំងនេះមិនរាប់ចូលថាជាសត្វមានជីវិតដែលជាវត្ថុនៃបាណាតិបាតទេ ព្រោះជីវិតក្នុងទីនេះសំដៅយកជីវិតរបស់សព្វសត្វដែលកើតអំពីកម្មជាបច្ច័យតែម្យ៉ាង ដូច្នេះអ្នករក្សាសីលក៏អាចកាប់ដក ស្មៅឬដើមឈើបាន លើកលែងតែភិក្ខុជាបព្វជិតចេញ ដែលលោកមានសិក្ខាបទ គឺព្រះពុទ្ធជាម្ចាស់ទ្រង់ហាម។
- ការទម្លាយមេកំណើតបដិសន្ធិរបស់បុរស
ការដែលគ្រូពេទ្យទម្លាយមេកំណើត បដិសន្ធិរបស់បុរសដើម្បីមិនឲ្យកើតបដិសន្ធិឡើង មិនឈ្មោះថា បាណាតិបាតទេ ព្រោះមេពូជកំណើតបដិសន្ធិរបស់បុរសដែលហៅថា ស្ពែម៉ាតូសូអេ នេះ សូម្បីផ្លូវពេទ្យពោលថាកម្រើកបានក៏ពិតមែន តែពូជនោះមិនមានវិញ្ញាណបដិសន្ធិ។ នៅក្នុងកាមភូមិតនេះ សត្វដែលកើតឡើងប្រាសចាកវិញ្ញាណរមែងមិនមាន ដូច្នេះក្នុងផ្លូវព្រះពុទ្ធសាសនាទើបមិនរាប់ថាជាសត្វ។ ពូជបដិសន្ធិបុរសឬស្ត្រី ត្រឹមតែជាឧតុជ្ជរូបកលាបៈ (សំណុំនៃ រូបកើតអំពីឧតុ) ដែលកើតអំពីលោភរបស់ បុរស ឬស្ត្រី ប៉ុណ្ណោះ ក្នុងការដែលញ័របាននោះ ក៏ព្រោះរូបកលាបៈនោះមានវាយោធាតុដែលមានលក្ខណៈកម្រើកញ័រទើបធ្វើឲ្យញ័របាន ដូចជាកន្ទុយជីងចក់ដែលដាច់ចេញអំពីខ្លួន ហើយអាចនៅកម្រើកបានដូច្នោះ។បើការទម្លាយនោះ ជាការទម្លាយក្នុងកាលដែលពូជបដិសន្ធិរបស់បុរសនិងស្ត្រីដែលបានផ្សំគ្នា ហើយមានសត្វមកចាប់កំណើត ហើយការធ្វើនោះ ចាត់ជាបាណាតិបាត។ (ដកស្រង់ពីមតិរបស់អាចារ្យសទ្ធម្មជោតិកៈ)
- អំពីការចាក់ថ្នាំបំបាត់រោគ
លោកគ្រូពេទ្យចាក់ថ្នាំសម្លាប់មេរោគផ្សេងៗនោះ មិនចាត់ជាបាណាតិបាតទេ ព្រោះមេរោគទាំងនោះមិនមានវិញ្ញាណនិងជីវិតដែលកើតពីកម្ម គ្រាន់តែជាឧតុជ្ជរូបកលាបៈជាប់ទាក់ទងជាមួយអកុសលកម្មខ្លះ កើតអំពីឧតុខាងក្នុងខ្លះ ខាងក្រៅខ្លះ និងកើតអំពីអាហារខ្លះ ក្នុងការដែលមេរោគនោះអាចកម្រើកបានដូចសត្វខាងក្រៅដែរ ក៏ព្រោះអំណាចនៃវាយោធាតុដែលមាននៅរូបកលាបៈនោះៗធ្វើឲ្យរូបកលាបៈនោះកើតជាប់គ្នាមានចំនួនច្រើនឡើង ប្រៀបដូចដើមឈើដែលបានទទួលធាតុត្រជាក់ និងក្ដៅអំពីដីជាដើម រមែងចម្រើនលូតលាស់បែកមែកសាខាចេញទៅបានដូច្នោះ ម្យ៉ាងទៀត ត្រង់ដែលមេរោគទាំងនោះមិនចេះស្លាប់ដោយខ្លួនឯង ក៏សម្ដែងឲ្យឃើញថា មេរោគនោះមិនមែនសត្វ ព្រោះបើជាសត្វហើយត្រូវតែស្លាប់តាមកំណត់វេលាដូច្នេះមេរោគទាំងនោះ មានសភាពដូចច្រែះដែកស្នឹមដែក ឬស្លែទឹកតោងខឿនជញ្ជាំងដូច្នោះ។
- ការបរិភោគពងមាន់ឬពងទាដែលមិនមានពូជឈ្មោលផ្សំ
អ្នកដែលបរិភោគនូវពងមាន់ឬពងទា ដែលមិនមានពូជឈ្មោលផ្សំនោះ រមែងឈ្មោះថា ជាអ្នកបរិភោគនូវសត្វមានជីវិតគឺជា បាណាតិបាតកម្ម ព្រោះថា សូម្បីពងនោះមិនមានពូជឈ្មោះផ្សំក៏ដោយ តែមានសត្វបដិសន្ធិឡើងហើយ ទើបកើតជាពងឡើងបាន ព្រោះហេតុដែលនាំឲ្យតាំងគគ៌មាន ៨ យ៉ាង គឺ
១- ដោយការសេពមេថុនធម្ម
២- ដោយការយកទឹកអសុចិរបស់បុរសមកដាក់ត្រង់ទ្វារមគ្គ។
៣- ដោយបុរសចាប់ពាល់រាងកាយ
៤- ដោយបុរសស្ទាបផ្ចិត
៥- ដោយស៊ីទឹកអសុចិរបស់បុរស
៦- ដោយឃើញរូបរាងរបស់បុរស
៧- ដោយឮសម្លេងរបស់បុរស
៨- ដោយធំក្លិនបុរស
(ដកស្រង់អំពីសមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ)
សេចក្ដីនេះសម្ដែងឲ្យឃើញថា ការកើតឡើងនៃសត្វក្នុងគគ៌ សូម្បីមិនបានផ្សំដោយពូជបុរស ក៏អាចមានហេតុដទៃៗធ្វើឲ្យសត្វកើតឡើងបានដែរ ឧទាហរណ៍ដូចជាសត្វកុក ជាធម្មតាមិនដែលមានសត្វកុកឈ្មោល តែកាលមេកុកដល់រដូវកាលហើយ គ្រាន់តែឮសម្លេងផ្គរលាន់ មេសត្វកុកក៏តាំងគគ៌ឡើង ឧទាហរណ៍មួយទៀត អំពីមនុស្ស ដូចមាតារបស់សុវណ្ណសាមពោធិសត្វ គ្រាន់តែតាបសជាស្វាមីយកដៃស្ទាបអង្អែលផ្ចិតប៉ុណ្ណោះ ក៏តាំងគគ៌ គឺសុវណ្ណសាមឡើង។តែបញ្ហានេះ តាមមតិវិទ្យាសាស្ត្របច្ចុប្បន្នដោយច្រើនគេយល់ថា មិនមានសត្វ តែសូមលោកអ្នករក្សាសីលទាំងឡាយ គួរពិចារណាឲ្យបានល្អិតល្អន់តទៅទៀតចុះ។
ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត
ដោយ៥០០០ឆ្នាំ
images/articles/2388/45g4ft4e6th4wgtf4ef5ythegszsfrztf.jpg
តម្កល់ជីវិតឲ្យស្ថិតនៅក្នុងសីល ៥
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
មនុស្សយើងគ្រប់គ្នា តែងចង់ឲ្យខ្លួនឯងមានជីវិតរស់នៅយូរអង្វែង ចង់មានទ្រព្យសម្បត្តិស្តុកស្តម្ភ មិនចង់ឲ្យមានរោគផ្សេង ៗ ចង់រស់នៅជួបជុំភរិយាស្វាមី កូនចៅប្រុសស្រី ចង់ឲ្យគេមានភក្តីស្មោះត្រង់នឹងខ្លួនឯង មិនចង់ឲ្យគេនិយាយភូតភរកុហក បោកប្រាស់ ចង់ឲ្យនិយាយតែពាក្យសច្ចៈ ពិតទៀងត្រង់ ចង់ឲ្យខ្លួនឯងបរិបូរទៅដោយបញ្ញា មិនចង់ឲ្យខ្លួនឯងក្លាយខ្លួនទៅជាមនុស្សឆ្គួត វិកល់ចរិក មានសតិវិប្បលាស បាត់បង់បញ្ញាស្មារតី ចង់ឲ្យខ្លួនឯងពោរពេញទៅដោយសេចក្តីសុខគ្រប់យ៉ាង . . . ។ បេ ។
យើងដែលនិយាយថាចង់បាន ៗ ៗ គ្រប់គ្នានេះ ចុះហេតុអ្វីបានជាយើងមិនព្រមនាំគ្នាធ្វើនូវប្រយោជន៍ ដែលនាំឲ្យបាននូវរបស់ទាំងអស់នោះ ចេះតែស្រែងក្តែង ៗ ថា ចង់បាននេះ ចង់បាននោះ ចង់ឲ្យខ្លួនឯងមានសេចក្តីសុខណាស់ តែមិនព្រមនាំគ្នាធ្វើនូវហេតុដែលនាំឲ្យមាននូវសេចក្តីសុខ តើនឹងមានសេចក្តីសុខពីណាមក ?
ដោយហេតុតែចង់ឲ្យជីវិតរបស់ខ្លួនរស់នៅយើនយូរ តែបែរជាទៅបៀតបៀនជីវិតអ្នកដទៃ តើនេះឈ្មោះថា យើងកំពុងតែសាងនូវភាពជាអ្នកមានអាយុវែងឬ ? ចង់មានទ្រព្យសម្បត្តិតែបែរជាទៅលួចទ្រព្យអ្នកដទៃ ដើម្បីឲ្យខ្លួនឯងមាន ចង់មានសេចក្តីសុខ តែបែរទៅប្រព្រឹត្តិបំពានលើសេចក្តីសុខរបស់អ្នកដទៃ សួរថាតើអំពើទាំងអស់នេះវាសមគួរដែរឬ ?
ព្រះបរមសាស្តាចារ្យព្រះអង្គទ្រង់ត្រាស់សម្តែងថា បើយើងចង់បានអាយុវែង ចង់បានទ្រព្យស្តុកស្តម្ភ ចង់ឲ្យឯងមានសេចក្តីសុខនៅក្នុងក្រុមគ្រួសារ ចង់ឲ្យគេមានភាពស្មោះត្រង់នឹងខ្លួនឯង និងចង់មានបញ្ញា គឺត្រូវវៀកចាកបញ្ចវេរាទាំង ៥ គឺសីល ៥ នឹងឯង ពីព្រោះអ្នកមានសីល ៥ រមែងបានទទួលនូវគុណធម៌ដូច្នេះគឺ
-សីលទី ១ មិនបៀតបៀនជីវិតអ្នកដទៃគឺមិនសម្លាប់សត្វនាំឲ្យមានធម៌ មេត្តា ។
-សីលទី ២ មិនលួចទ្រព្យគេ នាំឲ្យមានធម៌ សម្មាអាជីវៈ ។
-សីលទី ៣ មិនប្រព្រឹត្តខុសក្នុងកាម នាំឲ្យយើងមាននូវធម៌ សទារន្តោសៈ ។
-សីលទី ៤ មិននិយាយកុហក នាំឲ្យមានធម៌ សច្ចៈ ។
-សីលទី ៥ មិនផឹកនូវទឹកស្រវឹង នាំឲ្យមានធម៌ សតិសម្បជញ្ជៈ ។
សីលទាំង ៥ នេះដែលមនុស្សគួរតែខំប្រឹងប្រែងរក្សាឲ្យដូចជាយើងរក្សានូវជីវិតរបស់ដូច្នោះដែរ ដើម្បីបានជាមាគ៌ាសម្រាប់ជីវិតរបស់យើង ដែលធ្វើដំណើរទៅលោកខាងមុខនឹងបានជាគ្រឿងប្រដាប់ សម្រាប់តម្រែ តម្រង់ និងកែតម្រូវផ្លូវនៃជីវិតរបស់ខ្លួនឲ្យប្រកាន់តែប្រសើរ ។
ដកស្រង់ចេញពីសៀវភៅៈ សមាធិសម្រាប់កុមារា កុមារី យុវជន យុវតី
រៀបរៀងដោយៈ ព្រះបាឡាក់ សម្បត្តិចន្ទសុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ )
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2881/____________xtpic.jpg
សីលានិសំសជាតក
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បស្ស សទ្ធាយ សីលស្ស ដូច្នេះជាដើម ។
បានឮថា ឧបាសកនោះ ជាអរិយសាវក ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយ គាត់ដើរទៅកាន់វត្តជេតពន ដល់ឆ្នេរស្ទឹងអចិរវតី ក្នុងពេលរសៀល កាលមិនឃើញទូកត្រង់ច្រាំងស្ទឹង ព្រោះម្ចាស់ទូកទៅស្តាប់ធម៌ ទើបចម្រើនបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ហើយចុះកាន់ស្ទឹង ជើងរបស់គាត់មិនលិចទឹកទេ ដូចដើរលើ ផែនដី ពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលក បីតិដែលមានព្រះពុទ្ធជា អារម្មណ៍របស់គាត់ក៏ខ្សោយទៅ ជើងរបស់គាត់ផ្តើមលិចចុះ គាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ដើរលើខ្នងទឹកទៅដល់វត្តជេតពន ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។
ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា ម្នាលឧបាសក អ្នកធ្វើ ដំណើរតាមផ្លូវមកដល់ទីនេះ ប្រហែលជាហត់នឿយបន្តិចហើយមើលទៅ ។ឧបាសកនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ ទើបបានទីពឹងលើខ្នងទឹក ដូចជាន់ផែនដីដើរមក ។
ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែល រឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះ សូម្បីក្នុងកាលមុន ឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ ។ កាល ឧបាសកនោះក្រាបបង្គំអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា ៖
ក្នុងអតីតកាល ក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សប ព្រះអរិយសាវកថ្នាក់សោតា បន្នមួយរូប ឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់ ។ ភរិយារបស់ ជាងកោរកាត់នោះ ប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថា បពិត្រអ្នកអើយ សុខទុក្ខ ស្វាមីរបស់ខ្ញុំ សូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ ។
លុះដល់ថ្ងៃទី ៧ ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ ។ ជនទាំង ពីរនាក់នោះ បានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ ។ ជាងកោរកាត់ នោះ បានសម្លាប់បក្សីអាំងស៊ី ហើយឲ្យឧបាសកនោះ ។ ឧបាសកមិនព្រមបរិភោគដោយ ពោលថា កុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ ។
ឧបាសកនោះគិតថា ក្រៅពីព្រះរតនត្រៃហើយ មិនមានទីអ្វីដទៃសម្រាប់អញទេ ទើបគាត់រឭកគុណព្រះរតនត្រៃ ។ គ្រានោះ កាលគាត់ កំពុងរឭកគុណព្រះរតនត្រៃ ស្តេចនាគដែលកើតក្នុងកោះនោះ ក៏និម្មិតរាងកាយរបស់ ខ្លួនជាទូកធំ មានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក ។ ទូកនោះពេញទៅដោយ រតនៈ ៧ ប្រការ សសរក្តោងទាំង ៣ សម្រេចអំពីកែវមណីពណ៌ឥន្ទនិល ទូកសម្រេច អំពីមាស ខ្សែសម្រេចអំពីប្រាក់ ច្រវាសម្រេចអំពីមាស ។ ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថា អត្ថិ ជម្ពុទីបំ គមិកា មានអ្នកចង់ទៅជម្ពូទ្វីបទេ ? ឧបាសកឆ្លើយថា មយំ គមិស្សាម ពួកយើងចង់ទៅ ។
ទេវតាពោលថា បើដូច្នោះ ចូរឡើងទូកមក ។ឧបាសកឡើងទូក ហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ ។ ទេវតាប្រចាំសមុទ្ទពោលថា បានតែអ្នកម្នាក់ប៉ុណ្ណោះ អ្នកនោះមិនបានទេ ។ ឧបាសកសួរថា ព្រោះហេតុអ្វី ? ទេវតាប្រចាំសមុទ្ទឆ្លើយថា ព្រោះបុរសនោះមិនមានគុណ គឺសីលនិងអាចារៈ ព្រោះហេតុនោះ ទើបខ្ញុំនាំទូកមកដើម្បីអ្នក មិនមែនដើម្បីបុរសម្នាក់នោះទេ ។ (កាល ទេវតាពោលដូច្នេះហើយ ឧបាសកក៏ពោលថា) ណ្ហើយចុះ ខ្ញុំនឹងឲ្យចំណែកបុណ្យដល់ បុរសនេះ ដោយទានដែលខ្ញុំបានឲ្យហើយ ដោយសីលដែលខ្ញុំបានរក្សាហើយ ដោយ ភាវនាដែលខ្ញុំបានអប់រំហើយ ។
ជាងកោរកាត់ឆ្លើយថា អនុមោទាមិ សាមិ បពិត្រលោកម្ចាស់ ខ្ញុំសូម អនុមោទនា ។ ទេវតារក្សាសមុទ្ទពោលថា ខ្ញុំនឹងនាំទៅឥឡូវនេះ ហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ (ដាក់ក្នុងទូក) ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹង ហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះ របស់អ្នកទាំងពីរ ដោយអានុភាពរបស់ខ្លួន ។ (សមុទ្ទទេវតានោះ) បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថា ឈ្មោះថាសេចក្តី ស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយ គឺគេគួរធ្វើមែនពិត ប្រសិនបើជាងកោរកាត់នេះ មិនបានសេពគប់នឹងឧបាសកនេះទេ ត្រូវវិនាសកណ្តាលសមុទ្ទនេះឯង ទើបពោល គាថាទាំងនោះថា
បស្ស សទ្ធាយ សីលស្ស, ចាគស្ស ច អយំ ផលំ;
នាគោ នាវាយ វណ្ណេន, សទ្ធំ វហតុបាសកំ។
អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំ
ឧបាសកមានសទ្ធា ។
សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ;
សតញ្ហិ សន្និវាសេន, សោត្ថិំ គច្ឆតិ ន្ហាបិតោ។
បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួក សប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។
បណ្តាបទទាំងនោះ
បទថា បស្ស បានដល់ (ទេវតា) ហៅថាចូរមើលចុះ មិនកំណត់បុគ្គលណាមួយ ។
បទថា សទ្ធាយ គឺដោយលោកិយសទ្ធា និងលោកុត្តរសទ្ធា ។សូម្បីសីលក៏មានន័យដូច្នេះដែរ ។
បទថា ចាគស្ស បានដល់ ទេយ្យធម្មបរិចា្ចគ និង កិលេសបរិច្ចាគ ។
បទថា អយំ ផលំ បានដល់ នេះជាផល គឺជាគុណ ជាអានិសង្ស ។ ម្យ៉ាងទៀត គប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថា ចូរមើលផលនៃការបរិច្ចាគចុះ ស្តេចនាគនេះក្លែងភេទជាទូក ។
បទថា នាវាយ វណ្ណេន គឺដោយសណ្ឋានជាទូក ។
បទាថា សទ្ធំ គឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ ។
បទថា សព្ភិរេវ គឺពួកបណ្ឌិតនោះឯង ។
បទថា សមាសេថ បានដល់ ចូរមកនៅ គឺមកនៅជាមួយគ្នា រស់នៅជាមួយគ្នា ។
បទថា កុព្វេថ បានដល់ គប្បីធ្វើ ។
បទថា សន្ថវំ បានដល់ សិទ្ធស្នាលក្នុងឋានៈជាមិត្ត ប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ ។
បទថា ន្ហាបិតោ បានដល់ ក្ដុម្ពីជាជាងកោរកាត់ ។ បាលីខ្លះថា នហាបិតោ ក៏មាន ។
ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយ ទើបនាំ ស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ ។
ព្រះបរមសាស្តា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ឧបាសកនោះបានសម្រេចសកទាគាមិផល ហើយទ្រង់ប្រជុំជាតកថា ឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ (លុះចម្រើនមគ្គខ្ពស់ៗ ឡើងទៅ) ក៏បានបរិនិព្វានហើយ សេ្តចនាគបានមកជាព្រះសារីបុត្រ ចំណែកទេវតា ប្រចាំសមុទ្ទ គឺ តថាគត នេះឯង ៕
ចប់ សីលានិសំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត អសទិសវគ្គ បិដកលេខ ៥៨ ទំព័រ ៩៣)
ដោយ៥០០០ឆ្នាំ
images/articles/3058/ima_______________ge.jpg
ឧបោសថសីល ៣យ៉ាង
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
ឧបោសថសីល មាន៣យ៉ាងគឺៈ
១. បកតិឧបោសថ ឧបោសថតាមធម្មតា។ កាលនៃបកតិឧបោសថនេះ មាន៨ថ្ងៃក្នុងមួយខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃនៃបកតិឧបោសថនេះ ក្នុងសម័យពុទ្ធកាល មានតែ៦ថ្ងៃ។ ថ្ងៃ៥កើត និង៥រោច ជាកាលនៃការស្តាប់ធម៌ទេសនាក្នុងពេលនោះ ក្រោយមកព្រះសង្គាហកត្ថេរទាំងឡាយ លោកលើកឡើងរាប់បញ្ចូលជាថ្ងៃឧបោសថ ទើបបកតិឧបោសថមាន ៨ថ្ងៃក្នុងមួយខែ។
២. បដិជាគរុបោសថ ឧបោសថរបស់បុគ្គលអ្នកភ្ញាក់រលឹក ជនទាំងឡាយកាលរក្សានូវឧបោសថនេះ រមែងរក្សាដោយអំណាចនៃកិរិយាក្រោកឡើងទទួល និងជូនតាមនៃថ្ងៃឧបោសថនីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុងកន្លះខែ។
កាលនៃបដិជាគរុបោសថ មានចំនួន ១១ថ្ងៃក្នុងមួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃគឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែពេញ មាន ៦ថ្ងៃ គឺបាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែមិនពេញ មាន៦ថ្ងៃគឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។
រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។
៣.បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែប្រកបដោយរដូវភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជាកាលនៃបាដិហារិយបក្ខ។
ក្នុងរាជសុត្តវណ្ណនា មានសេចក្តីថា និពទ្ធុបោសថ គឺឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់អស់កាល ៣ខែ ក្នុងខាងក្នុងវស្សាក្តី ឧបោសថដែលបុគ្គលរក្សាជាប់ជានិច្ច មិនដាច់អស់កាល ១ខែ ត្រង់ចន្លោះបវារណាទាំងពីរក្តី ឧបោសថដែលគេរក្សាជាប់ជានិច្ច មិនដាច់ត្រឹមកន្លះខែ ចាប់ពីថ្ងៃបវារណាទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។
ក្នុងតដ្តិកា បានបញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខនោះ ព្រោះជាឧបោសថ គឺបុគ្គលគប្បីរក្សា គឺថាប្រព្រឹត្តជាប់រៀងរាល់ឆ្នាំ។
បាដិហារិយបក្ខ មានន័យថា បក្សនៃបាដិហារិយុបោសថ បានដល់បក្សទាំងពីរយ៉ាងគឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។
ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ ជុណ្ហកបក្ស មាន៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។
បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។
អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។
អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀងរាល់បក្ស ដោយអំណាចនៃថ្ងៃខាងដើម និងខាងចុងនៃថ្ងៃបក្ខុបោសថ ជាបាដិហារិយបក្ខ។ ពាក្យណាគាប់ចិត្ត បុគ្គលអ្នកមានសេចក្តីប្រាថ្នានូវបុណ្យ គប្បីកាន់យកពាក្យនោះតាមសេចក្តីគាប់ចិត្តចុះ។
សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពីឧបោសថ ដែលមានក្នុងសម័យពុទ្ធកាលថា កាលនៃបកតិឧបោសថ ក្នុងមួយខែមាន ៨ថ្ងៃ។ កាលនៃបដិជាគរុបោសថ ក្នុងមួយខែមាន ១១ថ្ងៃ។ ខែប្រកបដោយរដូវភ្លៀងទាំងអស់ ជាកាលនៃបាដិហារិយុបោសថ។
ថ្ងៃដែលត្រូវរក្សាឧបោសថសីល ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានកំណត់ហើយនោះ ពិតជាមានប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ដើម្បីកុំឲ្យធម៌វិន័យនៃព្រះពុទ្ធបរមគ្រូជាម្ចាស់សាបសូន្យ គួរតែគោរពប្រតិបត្តិតាមកាលកំណត់នៃថ្ងៃឧបោសថ ដែលព្រះអង្គទ្រង់ត្រាស់សំដែងហើយ។
បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវបាដិហារិយុបោសថ ត្រូវរក្សាឧបោសថសីលគ្រប់ថ្ងៃនៃឧបោសថទាំងអស់ តាមបាដិហារបក្ស មិនបានលះបង់នូវថ្ងៃឧបោសថ សូម្បីតែមួយថ្ងៃឡើយ ហើយត្រូវប្រកបដោយខែជារដូវភ្លៀង ៤ខែផង។
ដោយ៥០០០ឆ្នាំ
(ប្រភពដកស្រង់)
images/articles/3059/2book.jpg
អត្ថន័យសីល និងអានិសង្ស
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤
សីលមានន័យថា ទំលាប់ ឬប្រក្រតី ដោយសេចក្តីពីរយ៉ាងគឺ
សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺភាពមិនរាត់រាយនៃកាយកម្ម វចីកម្ម មនោកម្ម ដោយអំណាចនៃខ្លួនជាអ្នកមានសីលល្អបរិសុទ្ធ។
ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាពទ្រទ្រង់ដោយអំណាចនៃការដម្កល់នៃធម៌ជាកុសលទាំងឡាយ កុសលទាំងនោះ ទុកជារូបាវចរកុសលក្តី អរូបាវចរកុសលក្តី ដែលតាំងនៅស្ថិតស្ថេរបាន អាស្រ័យមានសីលជាឫសគល់ បើគ្មានសីលជាឫសគល់ទេ កុសលទាំងនោះ ក៏រលត់រលាយបាត់ទៅ ព្រោះហេតុនោះ សាធុជន អ្នកចង់បានសេចក្តីសុខ ដែលត្រូវញុំាងកុសលជារូបាវចរ ឬលោកុត្តរ ឲ្យកើតឡើងក្នុងសន្តាននៃខ្លួន ក៏គប្បីជម្រះសីលដែលខ្លួនបានសមាទានហើយ ឲ្យស្អាតបរិសុទ្ធផូរផង់ កុំគប្បីឲ្យមានសេចក្តីសៅហ្មងឡើយ។
ន័យម្យ៉ាងទៀត សីលមានន័យ ៤ផ្សេងទៀតគឺសិរដ្ឋោ មានអត្ថថា កំពូល។ សីលជាគុណជាតិមួយ ជាគ្រឿងប្រក់រក្សាទុកនូវកុសលដទៃ មានកុសលថ្នាក់សមាធិ ឬកុសលថ្នាក់វិបស្សនាជាដើម ព្រោះហេតុថា កុសលទាំងអស់នោះ កាលបើគ្មានសេចក្តីសង្រួម គឺសីលជាខាងដើមទេ នោះក៏មិនកើតឡើងបាន។ ប្រសិនណាបើកុសលទាំងអស់នោះបានកើតឡើងហើយ ដោយមានសីលជាហេតុខាងដើម តែដល់ពេលក្រោយ សីលនោះរលត់បាត់ទៅ កុសលទាំងអស់នោះ ក៏ត្រូវសាបសូន្យទៅវិញដែរ។
សីសដ្ឋោ មានអត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាលទេ ក៏ត្រូវស្លាប់អស់ជីវិតទៅ មានឧបមាយ៉ាងណា កុសលទាំងឡាយ មានកុសលថ្នាក់សមាធិ បញ្ញា និងលោកុត្តរ ដែលកើតឡើង និងមានការប្រព្រឹត្តរីកចំរើនទៅបាន ក៏ព្រោះតែសីល កាលបើគ្មានសីលហើយ កុសលទាំងនោះក៏ត្រូវរលត់សាបសូន្យទៅ ក៏មានសេចក្តីឧបមេយ្យយ៉ាងនោះដែរ។
សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីលជាគុណជាតិមួយ បដិបក្ខនឹងទោសៈ កាលបើសីលកើតឡើងក្នុងសន្តានចិត្តហើយ ទោសៈ (ធម្មជាតិប្រទូស្តក្នុងអារម្មណ៍) ក៏រលត់ទៅ កិលេស គឺទោសៈនេះហើយ ដែលជាតួភ្លើងមួយ តែងដុតកំដៅនូវចិត្តសត្វឲ្យក្តៅក្រហល់ក្រហាយឆេះឡើងបណ្តាលឲ្យសត្វទាំងឡាយ សាងនូវអំពើបាបប្រកបដោយកាយ វាចា ចិត្ត មានការសម្លាប់សត្វ ជេរប្រទេចជាដើម ដែលឲ្យផលជាទុក្ខក្នុងសំសារវដ្ត។ សត្វទាំងអស់ កាលបើបានធ្វើនូវសេចក្តីសង្រួមកាយ វាចា ចិត្តឲ្យផុតចាកបាបកម្ម ជាង្នកមិនមានទោសៈ មានចិត្តស្ងប់ស្រួល កាយកម្មក៏ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្មក៏ស្ងប់ ម្ល៉ោះហើយសត្វទាំងនោះ ក៏ដល់នូវការត្រជាក់សុខស្រួល ផុតចាកពៀរវេរាគ្រប់យ៉ាងដែលកើតអំពីបាបកម្ម រស់នៅជាសុខក្នុងបច្ចុប្បន្នជាតិនេះ នឹងបានសុខតទៅក្នុងលោកខាងមុខថែមទៀត។
សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មានព្រះពុទ្ធដីកាថា សីលេន និព្វុតឹ យន្តិ សត្វទាំងឡាយទៅដល់ព្រះនិព្វានជាទីរលត់បង់នូវសេចក្តីទុក្ខគ្រប់យ៉ាង ក៏ព្រោះសីល។ ព្រះនិព្វាន ជាទីសុខក្សេមក្សាន្ត ចាកសេចក្តីទុក្ខគ្រប់យ៉ាង ព្រះយោគាវចរ ដែលបានដល់ទីនោះ មិនមែនបានដោយហេតុដទៃឡើយ គឺដល់ព្រះនិព្វានដោយអាស្រ័យសេចក្តីប្រតិបត្តិក្នុងសមថវិបស្សនាកម្មដ្ឋាន ដែលមានការរក្សាសីលជាហេតុ។ ម្យ៉ាងទៀត សូម្បីសត្វទាំងឡាយ ដែលនៅអន្ទោលទៅមកក្នុងភពបី ដែលបានទទួលសោយនូវសេចក្តី សុខដ៏ច្រើន ក៏ព្រោះការរក្សាសីលជាហេតុ ដូចពុទ្ធដីកាថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់សុគតិ ក៏ព្រោះសីល ការបរិបូណ៌ដោយភោគសម្បត្តិ ក៏ព្រោះសីល។
សត្វទាំងឡាយ ដែលមិនបានសេចក្តីសុខ តែងជួបនូវសេចក្តីទុក្ខលំបាក និងមហន្តរាយ មានការកើតក្នុងមហានរក ប្រេត អសុរកាយ តិរច្ឆាន ព្រោះតែគ្មានសីល។ សត្វទាំងឡាយដែលកើតក្នុងភពបី បានសោយនូវទោស ៥យ៉ាង គឺ អាយុខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើនដោយការជាប់ចោទអំពីសំណាក់នៃជនដទៃ ១ ការពោលបង្កាច់បង្ខូចចំពោះពាក្យដែលខ្លួនពោលពិតហើយ ១ ការឆ្កួតលីលាវង្វេង ១ ព្រោះទោស គឺការមិនរក្សាសីលហ្នឹងឯង។
សីល មានធម៌ពីរយ៉ាង ជាហេតុពិត។
ហិរិ សេចក្តីខ្មាសបាប។ មានឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់ចាប់ពាល់ដោយដៃយ៉ាងណា បាបធម៌ បុគ្គលគួរខ្ពើម មិនប្រព្រឹត្តអំពើបាបនោះ ក៏យ៉ាងនោះដែរ។
ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជាបុគ្គលមិនចាប់ពាល់នូវភ្លើងដែលកំពុងឆេះ ព្រោះខ្លាចរលាកយ៉ាងណា បុគ្គលមិនគួរប្រព្រឹត្តអំពើបាប ព្រោះខ្លាចទោសនៃអំពើបាបនោះឲ្យផល ក៏យ៉ាងនោះដែរ។
សេចក្តីពិតថា កាលដែលហិរិ និងឱត្តប្បមាន សីលរមែងកើតឡើងផង ស្ថិតនៅផង តែបើហិរិ និងឱត្តប្បមិនមានទេនោះ សីលកើតឡើង តែមិនស្ថិតនៅ។
អានិសង្សរបស់សីលក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យកើតឡើងអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ)។ អវិប្បដិសារៈកើតឡើង ជាបច្ច័យឲ្យកើតបាមោជ្ជៈ (សេចក្តីរីករាយទន់)។ បាមោជ្ជៈកើតឡើង ជាបច្ច័យឲ្យកើតបីតិ (សេចក្តីឆ្អែតចិត្ត)។ បីតិកើតឡើងហើយ ជាបច្ច័យឲ្យកើតបស្សទ្ធិ (សេចក្តីស្ងប់កាយស្ងប់ចិត្ត)។ បស្សទ្ធិកើតឡើងហើយ ជាបច្ច័យឲ្យកើតសុខ (សេចក្តីស្រួលកាយ ស្រួលចិត្ត)។ សុខកើតឡើងហើយ ជាបច្ច័យឲ្យកើតសមាធិ (ការតម្កល់ចិត្តនឹង)។ សមាធិកើតឡើងហើយ ជាបច្ច័យឲ្យកើតយថាភូតញ្ញាណទស្សន (ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់នូវធម៌តាមពិត)។ យថាភូតញ្ញាណទស្សនកើតឡើងហើយ ជាបច្ច័យឲ្យកើតនិព្វិទា (សេចក្តីនឿយណា)។ និព្វិទាកើតឡើងហើយ ជាបច្ច័យឲ្យកើតវិរាគ (ការប្រាសចាកតម្រេក)។ វិរាគកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិ (ការរួចផុតស្រឡះចាកកិលេស)។ វិមុត្តិកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិញ្ញាណទស្សន (ប្រាជ្ញាដឹងច្បាស់ ឃើញច្បាស់ថា រួចផុតស្រឡះចាកកិលេស)។
អានិសង្សសីល ៥ទៀតគឺ
១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងបាននូវគំនរភោគសម្បត្តិដ៏ច្រើន ដែលមានសេចក្តីមិនប្រមាទជាហេតុ។
២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីលពេញលេញ រមែងផុសផុលឡើយ។
៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ជាអ្នកក្លៀវក្លា មិនអៀនអន់ចូលទៅរក។
៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នកមិនវង្វេង ធ្វើកាលកិរិយា (ស្លាប់)។
៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់អំពីបែកធ្លាយកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក។ (បិ. ៥៧, ឃ.២៤២)
សិក្ខាបទ ៥
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
សិក្ខាបទ ១០
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាស និងប្រាក់នោះ។
សិក្ខាបទ ៨
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌ និងទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ដោយ៥០០០ឆ្នាំ