ថ្ងៃ អង្គារ ទី ០២ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៧,៧០១
Today
ថ្ងៃម្សិលមិញ ១៨២,២១១
ខែនេះ ៣៤៩,៩១២
សរុប ៤០៦,៨៥៥,២២៧
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/1202/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៤២,០២៥ ដង)
រឿង​ជាង​កែវ​មណី និង​កណ្តុរ​ (ចាក អ. ព.) (ទោស​នៃ​ការ​ជាប់​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ) កាល​កន្លង​ទៅ​ហើយ មាន​សេដ្ឋី​ម្នាក់​ មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ នៅ​ក្នុង​ស្រុក​មួយ​ក្នុង​ក្រុង​ពារាណសី ដែន​កាសី ។ គាត់​កប់​ប្រាក់​ ៤០ កោដិ​ក្នុង​ផែន​ដី ។ ភរិយា​សេដ្ឋី​ធ្វើ​មរណកាល​ទៅ​កើត​ជា​កណ្តុរ​នៅ​ថែររក្សា​ប្រាក់​នោះ ។ ត្រកូល​ទាំង​អស់​ ក៏​វិនាស​ទៅ​តាម​លំដាប់ ។ ស្រុក​នោះ​កាល​ម្ចាស់​លះ​បង់​ចោល​ហើយ​ រក​តែ​ចំណាំ​ផង​មិន​បាន ។ កាល​នោះ​ មាន​ជាង​កែវ​មណី​ម្នាក់ គាស់​ដុំ​ថ្ម​រើរក​កែវមណី​ហើយ​គាស់​ថ្ម​ក្នុង​ស្រុក​ចាស់​នោះ​យក​ដំ ។ មេ​កណ្តុរ​ត្រាច់​ចុះ​ទ្បើង​ទៅ​រក​ចំណី បាន​ប្រទះ​នឹង​ជាង​នោះ មាន​សេចក្តី​ស្រទ្បាញ់​កើត​ទ្បើង​ដោយ​គំនិត​ថា ទ្រព្យ​របស់​អញ​ច្រើន គង់​តែ​វិនាស​ដោយ​មិន​សម​ហេតុ​ផល អាត្មា​អញ​ចូល​ដៃ​ជា​មួយ​ជាង​នេះ នឹង​ចាយ​វាយ​ទ្រព្យ​បាន​ស្រួល ហើយ​ពាំ​មួយ​កហាបណៈ​ទៅ​កាន់​សំណាក់​ជាង​នោះ ។ ជាង​ឃើញ​ក៏​និយាយ​លួង​លោម​ថា ម្នាល​នាង​ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ពាំ​កហាបណៈ​មក​ក្នុង​ទី​នេះ ? ម្នាល​អ្នក​ ចូរ​អ្នក​យក​កហាបណៈ​នេះ​ទៅ​ចាយ​វាយ ហើយ​នាំ​យក​សាច់​មក​ឲ្យ​ខ្ញុំ​ផង ។ ជាង​យក​កហាបណៈ​នោះ​ទៅ​ផ្ទះ ហើយ​ទិញ​សាច់​យក​មក​ឲ្យ​មេកណ្តុរ​នោះ ៗ ទទួល​សាច់​យក​ទៅ​ស៊ី​ឯ​លំនៅ​ខ្លួន ។ មេកណ្តុរ​តែង​ឲ្យ​ទ្រព្យ​រាល់ៗ ថ្ងៃ​ដល់​ជាង​នោះ​ហើយ​ទទូល​យក​ សាច់​មក​បរិភោគ ។ ថ្ងៃ​ក្រោយ​បាន​ប្រគល់​ទ្រព្យ​ទាំង​អស់​ឲ្យ​ជាង​កែវ​មណី ៗ​ក៏​ទិញ​សាច់​យក​មក​ឲ្យ​កណ្តុរ​ជា​រាល់​ថ្ងៃ​ដែរ ។ (​មហា សំ .សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1214/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៤៦,៩៤៥ ដង)
រឿង​តាបស​ដាច់​ឈាន (ចាក មុ. ឯ.) ក្នុង​អតីតកាល ព្រះ​បាទ​​ព្រហ្មទត្ត សោយ​រាជ្យ​ក្នុង​នគរ​ពារាណសី កាល​នោះ​ព្រះ​ពោធិសត្វ សោយ​ព្រះ​ជាតិ​នា​ត្រកូល​ព្រាហ្មណ៍​មហាសាល​ក្នុង​ដែន​កាសី​ កាល​ចំរើន​វ័យ​ហើយ​ បាន​សិក្សា​ដល់​ទី​បំផុត​នៃ​វិជ្ជា​ក្រោយ​មក​លះ​កាម​គុណ​ចេញ​បួស​ជា​តាបស បាន​សម្រេច​ឈាន​នឹង​អភិញ្ញាណ​ស្ថិត​នៅ​ក្នុង​ព្រៃ​ហេមពាន្ត ។
images/articles/1217/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៤៤,៥០១ ដង)
រឿង​ប្រើស និង​ព្រាន​ព្រៃ (ចាក ក. ទុ.) (អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ) កាល​កន្លង​ទៅ​ហើយ​មាន​សត្វ​ប្រើស​ ១ អណ្តើក ១ រងាវ​កក ១ ជា​សម្លាញ់​នឹង​គ្នា នៅ​អាស្រ័យ​ក្នុង​ព្រៃ​ហេមពាន្ត. អណ្តើក​នៅ​ក្នុង​ស្រះ រងារ​កក​នៅ​លើ​ចុង​ឈើ​ក្បែរ​ស្រះ​នោះ​ដែរ ។​ សម័យ​មួយ​មាន​ព្រាន​ម្នាក់​ ដើរ​ស្វែង​រក​បាញ់​សត្វ​ក្នុង​ព្រៃ បាន​ប្រទះ​ឃើញ​ស្នាម​ជើង​ប្រើស​ចុះ​ផឹក​ទឹក​ស្រះ​នោះ​ថ្មី​ៗ ក៏​យក​អន្ទាក់​ព្រ័ត្រ
images/articles/672/Untitled-1.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ១៩,៩១៤ ដង)
រឿង​នាង​កា​ញ្ចនទេវី (​ ចាក ម. វា. ) (​ គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា ) កាល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​ បរិនិព្វានហើយ ពួក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​ក្នុង​ទេវ​បុត្តនគរ​នាំ​គ្នា​យក​បាត្រ ព្រះ​សម្ពុទ្ធ​ទៅ​បញ្ចុះ​ក្នុង​ចេតិយ​កែវ​ មុន​បញ្ចុះ​ក្នុង​ចេតិយ​នោះព្រះ​រាជា​បាន​ចាត់​ចែង​ធ្វើ​ក្បួន​ហែ​យ៉ាង​អស្ចារ្យ​ គឺ​ឪ្យ​រាជ​បុរស​ហៅជាង​ទង​ជា​ច្រើន​អ្នក​មក​ ឪ្យ​យកដើម​ឫ​ស្សី​ ១ ដើម​យ៉ាង​ធំមក​រចនា​ស្រោប​មាស​រំ​លេច​ដោយ​កែវ​ ៧ ប្រការ យក​បាត្រ​ដាក់​ភ្ជាប់​លើ​ចុង​ឫស្សី​ ហើយ​លើក​ឡើង​ដម្កល់​លើរាជ​រថមាស​ ហែ​ប្រ​ទក្សិណ​ទី​ក្រុង​បីជុំ ទើប​នាំ​ចូល​ទៅ​បញ្ចុះក្នុងចេតិយ​កែវ​ ប្រជុំ​គ្នាធ្វើ​បុណ្យ​សម្ពោធ​ឆ្លង​អស់​រយៈ​៧ ថ្ងៃ​ មាន​ធម្ម​កថិក​សំដែង​ធម៌​ទេសនា​រាល់​រាត្រី​ ។​ ពួក​មនុស្ស​និង​ទេវ​តា នាគ​ គ្រុឌ ជា​ច្រើន​បាន​នាំគ្នា​មក​ស្តាប់​ធម្មទេសនា ។កាល​នោះ​មាន​នាគ​រាជ​មួយ​មាន​ឫទ្ធិ​អ​ស្ចារ្យ​បាន​មក​ស្តាប់ធម្មទេស​នា បាន​ឃើញ​នា​រី​ម្នាក់​មាន​រូប​ល្អ​ស្រស់​ប្រិម​ប្រិយ​ ជា​ស្រ្តី​មាន​សទ្ធា​មាំក្នុង​ព្រះ​ពុទ្ធ​សាស​នា​ ។ នាគរាជ​មាន​​សេចក្តី​ស្នេហា និ​មិ្មត​ជា​មាពណ​ទៅ​និយាយ​លួង​លោម​នាង យក​នាង​ជាភរិយា​ នាង​មិន​ព្រម ក៏​មាន​សេចក្តី​ក្រោធ​ខឹង​និម្មិត​ខ្លួន​ជា​ពស់​នាគយ៉ាង​ធំ​ រុំ​ព័ទ្ធនាង​នោះ​ជិត​តាំងពី​បាត​ជើង​ឡើងទៅ​ ហើយ​បើក​ពពារ​គ្រប​បិទ​ពី​លើ បំ​ណង​ឪ្យ​នាង​ស្លាប់ ប៉ុន្តែ​នាង​តាំង​ចិត្ត​មាំក្នុង​ការ​គោរព​ព្រះ​ចេតិយ និង​ព្រះធម៌​ទេសនា​តែ​ម្យ៉ាង​ ឥត​រំភើប​ញាប់​ញ័រ​អ្វី​ឡើយ មិន​យូរ​ប៉ុ​ន្មាន នាគរាជ​ក្តៅ​ក្រ​ហាយ​រលា​ភ្នែន​ស្ទុះ​ចេញ​ឆ្ងាយ​ពី​នាង​ នឹក​ស្ងើច​អស្ចារ្យ​ កើត​សេចក្តី​ជ្រះ​ថ្លា​ចំ​ពោះ​នាង​ ទើប​និ​មិ្មត​ខ្លូន​មាន​ពពា​ ១រយ​ឪ្យ​នាង​អង្គុយ​ពី​លើក្នុង​ទី​កណ្តាល​ពុទ្ធ​បរិស័ទ ហើយ​បូជា​ដោយ​កហាបណៈ​ជា​ច្រើន​ពាន់ ។​ ចំ​ណែក​ពុទ្ធ​បរិស័ទ ទាំងឡាយ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះហើយ កើត​សេចក្តី​ជ្រះ​ថ្លា​នាំ​គ្នា​យក​កហាប​ណៈ ទៅ​បូ​ជា​នាង​រួម​ទាំង​អស់​​ ១៨​កោដិ ។​​ នាង​បាន​សម្បត្តិ​ច្រើន​ ដូច្នេះ​ហើយ​ខំ​ធ្វើ​ទាន​សីល​ដ​រាប​ដល់​អស់​អាយុ​ ក៏​ទៅ​ចាប់​កំ​ណើត​កើត​ក្នុង​ផ្ទៃ​អគ្គមហេសី​នៃ​ព្រះ​មហា​ក្សត្រ​ ក្នុង​ទេវ​បុត្តនគរ ដល់​ពេល​ដែល​ប្រ​សូត​មាន​ហេតុ​អស្ចារ្យ ភ្លៀង​កែវ​ ៧ ប្រការ​ធ្លាក់​ចុះ​មក​ពេញ​ទេវ​បុត្តនគរ ទាំង​មូលទើប​ព្រះ​បរម​រាជវង្សានុ​វង្ស ថ្វាយ​ព្រះ​នាម​ថា​ ក​ញ្ចន​ទេវី ។ ឯ​នាង​កញ្ចនទេវី​នេះ​ មាន​រូប​ល្អ​ស្រស់​ដូច​រូប​ទេព​អប្សរ មាន​ពន្លឺ​ផ្សាយ​ចេញ​ពី​កាយ​ប្រ​វែង​មួយ​ហត្ថ ជានិច្ចដោយ​អានិសង្ឃ​ដែល​នាង​បាន​បូ​ជា​បាត្រ​ព្រះ​សម្ពុទ្ធ និង​អានិសង្ឃ​ស្តាប់​ធម៌​ទេសនា ។​ ស្តេច​ក្នុង​ជម្ពូទ្វីប​ទាំង​មូល​នាំគ្នា​បញ្ជូន​គ្រឿង​បណ្ណាការ​មក​ថ្វាយ​ព្រះ​រាជ​បិតា ដើម្បី​ដណ្តឹង​នាង​ នាង​មិន​ព្រម​យក​ ព្រោះជាស្ត្រី​មាន​និស្ស័យ​ខ្ពស់ នាង​សូម​អង្វរ​ព្រះ​រាជបិតា សូម​ចេញ​ចាក​ព្រះ​រាជ​និ​វេសន៏ ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​នី​ ព្រះ​រាជ​បិតា​ក៏​ទ្រង់​ព្រះ​រាជា​អនុ​ញ្ញាត​​តាម​សូម ទើប​ដង្ហែ​នាង​ចេញ​ពី​ព្រះ​រាជ​និវេសន៏​យ៉ាង​ មហោ​ឡា​រឹក​ទៅ​បួស​ជា​ភិក្ខុនី មិន​យូរ​ប៉ុន្មាន នាង​បាន​សម្រេច​អរហត្តផល ព្រម​ទាំង​បដិ​សម្ភិទា មាន​នាម​ប្រាកដ​​ថា​ កញ្ចនថេរី ដល់​អស់​អា​យុ​ក៏​និព្វាន​ទៅ ។ អត្តបទ​នេះវាយ​បញ្ចូល​ដោយ​ កញ្ញា ហេង​ សំ​ដា​ណែត ។​ អត្តបទ​នេះដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រជុំ​និទាន​ជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/509/image.jpeg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ២៤,៩២៦ ដង)
អំពីមលធម៌៨យ៉ាង ដែលមានពុទ្ធភាសិតក្នុងគម្ពីរធម្មបទ ខុទ្ទកនិកាយ ត្រង់មលវគ្គ ដូច​មាន​មាតិការៀបរៀងក្នុងទីនេះគឺ៖ ១. អសជ្ឈាយមលា មន្តា មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមិន្ទិល។
images/articles/529/11xtpic.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ២២,៧៦៨ ដង)
រឿងគុត្តិលមាណព (ចាក វិ. ខុ) (ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក) ក្នុងកាលកន្លងទៅ​ហើយ​ មាន​ព្រះ​មហាក្សត្រិយ៍​មួយ​ព្រះអង្គ​ ព្រះនាម​ព្រហ្មទត្ត​សោយ​រាជ​សម្បត្តិ​ក្នុង ក្រុង​ពារាណសី ។
images/articles/535/tona-1.png
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ១៧,២១០ ដង)
រឿងនាងថូនទាសី (ចាក វិ. ខុ.) (ទឹកមួយក្អមរបស់ស្ត្រីមានសទ្ធា ដូរយកសិរីក្នុងស្ថានសួគ៌បាន) ក្នុងពុទ្ធកាល, ថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូស្តេចយាងទៅ ដែនកោសល​ជាមួយ​និង​ភិក្ខុ​សង្ឃ៥០០អង្គ ទ្រង់យាង​ចូលទៅសម្រាក​ព្រះកាយក្នុងថូនគ្រាម
images/articles/551/Unti6986tled-1.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ២១,៦៥០ ដង)
ធម៌ជាលោកបាល ឬធម៌រក្សាលោក ឬហៅថាទេវធម៌ មាន២យ៉ាង លោកបាលធម៌ ២ យ៉ាងគឺ៖ ១- ហិរិ សេចក្តីខ្មាស់បាប ២- ឱត្តប្ប សេចក្តីខ្លាចបាប អធិប្បាយ សេចក្តីខ្មាស់បាប ដែលកើតចេញពីការប្រពឹត្តអាក្រក់ ស្អប់ខ្ពើមការធ្វើអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត ទាំងនូវទីចំពោះមុខ និងទីកំបាំងមុខ នេះហៅថា ហិរិ ។ ឧបមាដូចជា ដុំដែកត្រជាក់តែប្រឡាក់ដោយលាមក ខ្ពើមមិនហ៊ានប៉ះ ។ ការមិនហ៊ានធ្វើនូវអំពើបាប ខ្លាចក្រែងផលរបស់បាប ខ្លាចបាប នេះហៅថា ឱត្តប្បៈ ។ ឧបមាដូចជា ដុំដែកក្តៅ ខ្លាចមិនហ៊ានប៉ះ ។ ហេតុនាំឱ្យកើតហិរិ មាន ៤ គឺ 1- ជាតឹ បច្ចវេក្ខិត្វា ពិចារណាដល់ជាតិ 2- វយ បច្ចវេក្ខិត្វា ពិចារណាដល់វ័យ 3- សូរភាវំ បច្ចវេក្ខិត្វា ពិចារណាដល់សេចក្តីក្លៀវក្លា 4- ពហុស្សច្ចំ បច្ចវេក្ខិត្វា ពិចារណាដល់ភាពជាពហុស្សូត ។ ហិរិទាំង ៤ នេះជា អជ្ឈត្តិក សមុដ្ឋាន មានដែលកើតអំពីខ្លួនឯង, ជាអត្តាធិបតេយ្យ ប្រារព្ធយកខ្លួនជាធំ, ជិគច្ឆនលក្ខណា មានសេចក្តីខ្មាស់បាបជាលក្ខណៈ ។ ហេតុនាំឱ្យកើតឱត្តប្បៈ មាន ៤ គឺ 1- បរានុវាទភយៈ ភ័យអំពីពាក្យតិះដៀលបុគ្គលដទៃ 2- អត្តានុវាទភយៈ ភ័យអំពីការតិះដៀលខ្លួនឯងបាន 3- ទុគ្គតិភយៈ ភ័យខ្លាចធ្លាក់ទៅទុគ្គតិ 4- ទណ្ឌភយៈ ភ័យអំពីអាជ្ញារបស់ស្តេច ។ ឱត្តប្បៈ ទាំង ៤ នេះជា ពហិទ្ធាសមុដ្ឋាន មានដែនកើតអំពីខាងក្រៅ, ជាលោកាធិបតេយ្យ ប្រារព្ធយកលោជាធំ, ឧត្តាសលក្ខណំ មានសេចក្តីតក់ស្លុតបាបជាលក្ខណៈ ។ ដោយ៥០០០ឆ្នាំ
images/articles/2898/cew45tpic.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៧,៥៦២ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែលចិញ្ចឹមមាតា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា តស្ស នាគស្ស វិប្បវាសេន ដូច្នេះជាដើម ។ បច្ចុប្បន្នវត្ថុ ប្រាកដដូចសាមជាតកវត្ថុនោះឯង ។ ចំណែកព្រះសាស្ដាត្រាស់ហៅឲ្យភិក្ខុទាំងឡាយមកហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំលើកទោសភិក្ខុនេះឡើយ បោរាណបណ្ឌិតទាំងឡាយសូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន កាលព្រាត់ប្រាស់ចាកមាតា ក៏ស្គាំងស្គម ព្រោះអត់អាហារអស់ ៧ ថ្ងៃ សូម្បីបានភោជនដែលសមគួរដល់ព្រះរាជា ហើយគិតថា យើងវៀរចាកមាតាហើយ នឹងមិនបរិភោគ ទាល់តែបានឃើញមាតា ទើបកាន់យកនូវអាហារ ដូច្នេះហើយ កាលដែលភិក្ខុទាំងឡាយទូលអង្វរអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី គ្រានោះ ព្រះពោធិសត្វកើតក្នុងកំណើតដំរី ក្នុងហិមវន្តប្រទេស មានពណ៌សសុទ្ធ មានរូបស្អាត គួរពេចពិលរមិលមើល គួរជាទីជ្រះថ្លា ដល់ព្រមដោយលក្ខណៈ មានដំរី ៨០០០០ ជាបរិវារ ។ ព្រះពោធិសត្វនោះ ចិញ្ចឹមមាតាដែលចាស់ជរា មាតារបស់ព្រះពោធិសត្វជាដំរីខ្វាក់ភ្នែក ។ ព្រះពោធិសត្វបានឲ្យផលាផល ដែលមានរសផ្អែមទាំងឡាយដល់ដំរី ហើយបញ្ជូនទៅកាន់សម្នាក់មាតា ។ ដំរីទាំងឡាយមិនបានឲ្យដល់មេដំរីនោះឡើយ នាំគ្នាបរិភោគដោយខ្លួន ។ ព្រះពោធិសត្វកំណត់ដឹងរឿងនោះហើយ គិតថា យើងលះបង់នូវហ្វូងហើយនឹងទៅចិញ្ចឹមមាតា ពេលដល់ចំណែកនៃរាត្រីហើយ កាលដំរីទាំងឡាយដទៃមិនដឹង ទើបនាំមាតា ទៅកាន់ជើងភ្នំ ឈ្មោះ ចណ្ឌោរណៈ ទុកមាតាក្នុងគុហាភ្នំ ដែលឋិតនៅជាប់តំបន់មួយ ហើយក៏ចិញ្ចឹម ។ លំដាប់នោះ ព្រានព្រៃដែលរស់នៅនគរពារាណសីមួយរូប វង្វេងផ្លូវ មិនអាចនឹងកំណត់នូវទិស បានស្រែកយំដោយសំឡេងដ៏ខ្លាំង ។ ព្រះពោធិសត្វស្ដាប់នូវសំឡេងរបស់ព្រាននោះហើយ គិតថា បុរសនេះជាមនុស្សអនាថា បើគេវិនាសក្នុងទីដែលយើងឋិតនៅនោះ មិនសមគួរឡើយ ដូចនេះហើយ ទើបទៅរកគេ ឃើញគេកំពុងគេចទៅដោយសេចក្ដីភ័យខ្លាច ក៏សួរថា អម្ភោ នែបុរសដ៏ចម្រើន លោកកុំមានភ័យព្រោះអាស្រ័យយើងឡើយ លោកកុំគេចទៅអី ព្រោះហេតុអ្វី លោកទើបស្រែកយំត្រាច់ទៅដូច្នេះ កាលគេពោលថា បពិត្រលោកម្ចាស់ ខ្ញុំវង្វេងផ្លូវ ថ្ងៃនេះជាថ្ងៃទី ៧ ហើយសម្រាប់ខ្ញុំ ។ ព្រះមហាសត្វពោលថា នែបុរសដ៏ចម្រើន លោកកុំភ័យឡើយ យើងដាក់លោកទុកក្នុងផ្លូវមនុស្ស ដូចនេះហើយ ឲ្យគេឡើងជិះលើខ្នងរបស់ខ្លួន នាំចេញអំពីព្រៃហើយទើបត្រឡប់មកវិញ ។ ចំណែកព្រាននោះជាមនុស្សអាក្រក់ គិតថា យើងទៅកាន់នគរហើយនឹងទូលដល់ព្រះរាជា ដូច្នេះហើយ ទើបធ្វើដើមឈើជាគ្រឿងចំណាំ ធ្វើភ្នំជាគ្រឿងចំណាំ បានចេញទៅកាន់នគរពារាណសី ។ ក្នុងពេលនោះ ដំរីមង្គលរបស់ព្រះរាជាបានធ្វើកាលកិរិយា ។ ព្រះរាជាត្រាស់បញ្ជាឲ្យវាយស្គរប្រកាសថា បើអ្នកណា ឃើញដំរីដែលមានរូបដ៏សមគួរ ដើម្បីនឹងធ្វើជាព្រះទីនាំងក្នុងទីណា អ្នកចូរប្រាប់ ។ បុរសនោះចូលគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គបានឃើញស្ដេចដំរីដែលមានសីល ពណ៌សសុទ្ធ ជាដំរីប្រកបដោយរូប ដើម្បីនឹងជាព្រះ​ទីនាំងរបស់ព្រះអង្គបាន ខ្ញុំនឹងប្រាប់ផ្លូវ សូមទ្រង់បញ្ជូននាយហត្ថាចារ្យនឹងទូលព្រះបង្គំទៅចាប់ដំរីនោះចុះ ។ ព្រះរាជាទទួលពាក្យនោះ ហើយត្រាស់ថា ពួកលោកចូរធ្វើបុរសនេះឲ្យជាអ្នកនាំផ្លូវ ទៅកាន់ព្រៃ ហើយនាំនូវស្ដេចដំរីដូចដែលបុរសនេះពោល មក ដូច្នេះហើយ ទ្រង់ក៏បញ្ជូននាយហត្ថាចារ្យនឹងបុរសនោះ មួយអន្លើដោយបរិវារដ៏ច្រើន ។ នាយហត្ថាចារ្យទៅជាមួយបុរសនោះ បានឃើញព្រះពោធិសត្វ ដែលកំពុងចូលទៅកាន់ស្រះឈូក ស្វែងរកអាហារ ។ ចំណែកព្រះពោធិសត្វឃើញនាយហត្ថាចារ្យ ហើយអធិដ្ឋានថា ភ័យនេះមិនកើតឡើងអំពីអ្នកដទៃ នឹងកើតឡើងអំពីសម្នាក់បុរសនោះ យើងនេះជាអ្នកមានកម្លាំងខ្លាំង អាចដើម្បីនឹងកម្ចាត់នូវដំរីសូម្បីទាំងពាន់ បើយើងក្រោធហើយ អាចនឹងញ៉ាំងនូវពាហនៈរបស់សេនា ព្រមទាំងដែនឲ្យវិនាស ប្រសិនបើយើងនឹងក្រោធ សីលរបស់យើងនឹងបែកធ្លាយ ព្រោះហេតុនោះ ក្នុងថ្ងៃនេះ សូម្បីគេចាក់យើងដោយលំពែង យើងនឹងមិនក្រោធឡើយ ដូច្នេះហើយ បង្អោនក្បាលចុះ ឈរនៅមិនកម្រើក ។ នាយហត្ថាចារ្យចុះកាន់ស្រះបទុម មើលនូវលក្ខណសម្បត្តិរបស់ដំរីនោះហើយពោលថា ម្នាលបុត្រ ចូរមក ដូចនេះហើយ ចាប់កាន់ប្រម៉ោយដែលប្រាកដដូចខ្សែប្រាក់ (រួចធ្វើដំណើរទៅ) ក្នុងថ្ងៃទី ៧ ទើបដល់នគរពារាណសី ។ ចំណែកមាតាព្រះពោធិសត្វ កាលកូនមិនមក ក៏បរិទេវនាការថា កូនរបស់យើង នឹងត្រូវព្រះរាជា និងរាជមហាមាត្យនាំទៅ ឥឡូវនេះ ព្រៃនេះ នឹងចម្រើនដោយការព្រាត់ប្រាស់ចាកដំរីនោះ ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ២ ថា តស្ស នាគស្ស វិប្បវាសេន, វិរូឡ្ហោ សល្លកី ច កុដជា ច; កុរុវិន្ទករវីរា ភិសសាមា ច, និវាតេ បុប្ផិតា ច កណិការា។ ដើមពោនស្វាផង ដើមខ្លែងគង់ផង ដើមទទឹម និងស្មៅធំ ឈ្មោះករវីរៈផង ក្រអៅឈូក និងស្រងែផង ដុះទ្រុបទ្រុលហើយ ទាំងដើមកណិការជិតជើងភ្នំ ក៏ចេញផ្កាដែរ ព្រោះតែដំរីនោះមិននៅ ។ កោចិទេវ សុវណ្ណកាយុរា, នាគរាជំ ភរន្តិ បិណ្ឌេន; យត្ថ រាជា រាជកុមារោ វា, កវចមភិហេស្សតិ អឆម្ភិតោ។ ក្នុងស្រុក ឬក្នុងក្រុងណាមួយ ព្រះរាជា ឬព្រះរាជកុមារណាមួយ មានគ្រឿងអាភារណៈ ជាវិការនៃមាស រមែងចិញ្ចឹមសេ្តចដំរី ដោយដុំនៃភោជន ដ្បិតដំរីដែលព្រះរាជា ឬព្រះរាជកុមារ (គង់ហើយ) មិនតក់ស្លុត (ក្នុងសង្គ្រាម) អាចនឹងទម្លុះទម្លាយនូវក្រោះ (នៃពួកបច្ចាមិត្របាន) ។ ចំណែកនាយហត្ថាចារ្យ កាលធ្វើដំណើរទៅក្នុងរវាងផ្លូវ បានបញ្ជូនសារទៅដល់ព្រះរាជា ។ ព្រះរាជាបានបញ្ជាឲ្យគេតាក់តែងព្រះនគរ ។ នាយហត្ថាចារ្យនាំព្រះពោធិសត្វដែលប្រោះព្រំដោយរបស់ក្រអូប និងប្រដាប់តាក់តែង ចូលកាន់រោងដំរី ឲ្យគេឡោមព័ទ្ធដោយវាំងននដ៏វិចិត្រ និងឲ្យគេទៅទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់នាំនូវភោជនដែលរស់ដ៏លើសផ្សេងៗ យាងទៅ ញ៉ាំងឲ្យអ្នកបម្រើឲ្យដល់ព្រះពោធិសត្វ ។ ព្រះពោធិសត្វគិតថា យើងកាលវៀរចាកមាតាហើយ នឹងមិនទទួលយកនូវអាហារ ដូច្នេះហើយ ទើបមិនកាន់យកនូវដុំបាយ ។ លំដាប់នោះ ព្រះរាជាកាលនឹងអង្វរព្រះពោធិសត្វទើបត្រាស់ព្រះគថាទី ៣ ថា គណ្ហាហិ នាគ កពឡំ, មា នាគ កិសកោ ភវ; ពហូនិ រាជកិច្ចានិ, តានិ នាគ ករិស្សសិ។ ម្នាលដំរី អ្នកចូរទទួលពំនូតភោជនចុះ ម្នាលដំរី អ្នកកុំស្គមឡើយ ម្នាលដំរី រាជកិច្ចទាំងឡាយ មានច្រើន អ្នកនឹងធ្វើនូវរាជកិច្ចទាំងនោះ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៤ ថា សា នូនសា កបណិកា, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ មេដំរីនោះ ជាសត្វកំព្រា ខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ ហើយបែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅ ។ លំដាប់នោះ ព្រះរាជាកាលនឹងសួរ ទើបត្រាស់គាថាទី ៥ ថា កា នុ តេ សា មហានាគ, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ មា្នលដំរីប្រសើរ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ តើត្រូវជាអ្វីនឹងអ្នកឯង ។ ព្រះពោធិសត្វ ទើបពោលគាថាទី ៦ មាតា មេ សា មហារាជ, អន្ធា អបរិណាយិកា; ខាណុំ បាទេន ឃដ្ដេតិ, គិរិំ ចណ្ឌោរណំ បតិ។ បពិត្រមហារាជ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងជង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ ត្រូវជាមាតារបស់ទូលព្រះបង្គំជាខ្ញុំ ។ ព្រះរាជាបានស្ដាប់នូវអត្ថនៃគាថាទី ៦ នោះហើយ កាលញ៉ាំងគេឲ្យដោះលែងព្រះពោធិសត្វ ទើបត្រាស់គាថាទី ៧ ថា មុញ្ចថេតំ មហានាគំ, យោយំ ភរតិ មាតរំ; សមេតុ មាតរា នាគោ, សហ សព្ពេហិ ញាតិភិ។ អ្នកទាំងឡាយចូរលែង នូវដំរីប្រសើរនុ៎ះ ជាសត្វចិញ្ចឹមនូវមាតា ចូរឲ្យដំរីបានជួបជុំនឹងមាតា ព្រមទាំងញាតិទាំងពួងចុះ ។ អភិសម្ពុទ្ធគាថាទី ៨ និងទី ៩ ថា មុត្តោ ច ពន្ធនា នាគោ, មុត្តមាទាយ កុញ្ជរោ; មុហុត្តំ អស្សាសយិត្វា, អគមា យេន បព្ពតោ។ ដំរីគ្រាន់តែរួចចាកចំណង ដែលព្រះរាជាកាសី បានបញ្ចូនទៅ សម្រាកខ្លួនតែមួយរំពេច ក៏ដើរសំដៅទៅរកភ្នំ ។ តោ សោ នឡិនិំ គន្ត្វា, សីតំ កុញ្ជរសេវិតំ; សោណ្ឌាយូទកមាហត្វា, មាតរំ អភិសិញ្ចថ។ ដំរីនោះ ចេញទៅអំពីភ្នំនោះ ដើរទៅកាន់ព្រៃ ជាទីពួនសម្ងំដ៏ត្រជាក់ ដែលដំរីធ្លាប់សេព (នៅ) ហើយដងទឹក ដោយប្រមោយ យកមកស្រោចស្រពមាតា ។ បានឮថា ដំរីនោះបានរួចផុតចាកចំណងហើយ សម្រាកបន្តិច ក៏សម្ដែងធម៌ដោយ ទសរាជធម្មគាថា ដល់ព្រះរាជា និងឲ្យឱវាទថា បពិត្រមហារាជ សូមទ្រង់ចូរជាអ្នកកុំប្រមាទឡើយ ដូច្នេះហើយ កាលមហាជនបូជាដោយគ្រឿងក្រអូបនិងផ្កាកម្រងជាដើម ទើបចេញចាកព្រះនគរ ហើយទៅដល់ស្រះបទុមនោះ ។ ក្នុងខណៈនោះឯង ព្រះពោធិសត្វគិតថា យើងនឹងញ៉ាំងមាតារបស់យើង ឲ្យកាន់យកនូវអាហារហើយ ទើបនឹងកាន់យកដោយខ្លួន ដូច្នេះហើយ ទើបកាន់យកក្រអៅឈូកដ៏ច្រើន និងកាន់យកទឹកឲ្យពេញដោយប្រមោយ ហើយចេញចាកគុហាដែលជាទីពួន ទៅកាន់សម្នាក់មាតាដែលអង្គុយទៀបទ្វារគុហា ទើបស្រោចនូវទឹក ដើម្បីត្រឡប់បាននូវសម្ផស្ស លើសរីរៈរបស់មាតាដែលអត់អាហារអស់ ៧ ថ្ងៃ ។ ព្រះសាស្ដាកាលធ្វើឲ្យជាក់ច្បាស់នូវសេចក្ដីនោះ ទើបត្រាស់ព្រះគាថាទាំងឡាយ ២ នេះ ។ សូម្បីមាតារបស់ព្រះពោធិសត្វ កាលនឹងជេរនូវទឹកដែលធ្លាក់មកនោះ ដោយសម្គាល់ថា ភ្លៀវធ្លាក់ ដូច្នេះហើយ ទើបពោលគាថាទី ១០ ថា កោយំ អនរិយោ ទេវោ, អកាលេនបិ វស្សតិ; គតោ មេ អត្រជោ បុត្តោ, យោ មយ្ហំ បរិចារកោ។ ភ្លៀងអ្វីហ្នឹងផ្តេសផ្តាស បង្អុរចុះ ពុំជួកាលសោះ កូនបង្កើតរបស់អញ ដែលជាអ្នកបម្រើអញ ទៅបាត់ហើយតើ ។ លំដាប់នោះ ព្រះពោធិសត្វកាលនឹងលួងលោមមាតា ទើបពោលគាថាទី ១១ ថា ឧដ្ឋេហិ អម្ម កិំ សេសិ, អាគតោ ត្យាហមត្រជោ; មុត្តោម្ហិ កាសិរាជេន, វេទេហេន យសស្សិន។ បពិត្រអ្នកមេ សូមអ្នកក្រោកឡើង សម្រាន្តអ្វី ខ្ញុំជាកូនបង្កើតរបស់លោក ដែលព្រះរាជាកាសី ទ្រង់ប្រកបដោយប្រាជ្ញា មានយស បានលែងមកវិញហើយ ។ មាតាព្រះពោធិសត្វនោះ មានចិត្តត្រេកអរ កាលនឹងធ្វើនូវការអនុមោទនាដល់ព្រះរាជា ទើបពោលគាថាចុងក្រោយថា ចិរំ ជីវតុ សោ រាជា, កាសីនំ រដ្ឋវឌ្ឍនោ; យោ មេ បុត្តំ បមោចេសិ, សទា វុទ្ធាបចាយិកំ។ ព្រះរាជាណា បានលែងកូនរបស់ខ្ញុំ ជាអ្នកកោតក្រែង ចំពោះបុគ្គលចាស់សព្វ ៗ កាល សូមព្រះរាជានោះ ញ៉ាំងដែនរបស់ពួកអ្នកកាសីឲ្យចម្រើន គង់ព្រះជន្មនៅអស់កាលយូរអង្វែងចុះ ។ គ្រានោះ ព្រះរាជាកាលនឹងសរសើនូវគុណរបស់ព្រះពោធិសត្វ ទើបឲ្យគេកសាងនូវស្រុក ក្នុងទីមិនឆ្ងាយអំពីនឡិនិ (កន្លែងព្រះពោធិសត្វ) ហើយបានញ៉ាំងវត្តបដិបត្តិដែលជាប់ជានិច្ចឲ្យតម្កល់ ដល់ព្រះពោធិសត្វនិងមាតានោះ ។ ក្នុងកាលជាចំណែកខាងក្រោយ ព្រះពោធិសត្វកាលមាតាធ្វើកាលកិរិយាហើយ ទើបធ្វើនូវការរក្សាសរីរៈរបស់មាតានោះ ហើយបានទៅកាន់អាស្រមបទឈ្មោះ ការណ្ឌកៈ ។ ក្នុងទីនោះ ឥសីចំនួន ៥០០ ចុះចាកអំពីភ្នំហិមពាន្តមកនៅ ។ ព្រះពោធិសត្វបានថ្វាយវត្តបដិបត្តិនោះដល់ឥសីទាំងនោះ ។ ព្រះរាជា បានញ៉ាំងគេឲ្យកសាងនូវរូបបដិមាថ្ម ដែលដូចរូបរបស់ព្រះពោធិសត្វ និងបានញ៉ាំងនូវមហាសក្ការៈឲ្យប្រព្រឹត្តទៅ ។ អ្នករស់នៅក្នុងជម្ពូទ្វីបទាំងអស់ បានប្រជុំគ្នាជាប្រចាំឆ្នាំ ធ្វើនូវមហោស្រពឈ្មោះ ហត្ថិមហៈ (បុណ្យដំរី) ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និង ប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ មាតុបោសកភិក្ខុ បានតាំងនៅក្នុងសោតាបត្តិផល ។តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាអានន្ទ ។បាបបុរិសោ ទេវទត្តោ បុរសបាប បានមកជាទេវទត្ត ។ ហត្ថាចរិយោ សារិបុត្តោ ហត្ថាចារ្យបានមកជាសារីបុត្រ ។មាតា ហត្ថិនី មហាមាយា ដំរីជាមាតាបានមកជាព្រះនាងមហាមាយា ។ មាតុបោសកនាគោ បន អហមេវ អហោសិំ ចំណែកមាតុបោសកនាគ (ដំរីចិញ្ចឹមមាតា) គឺ តថាគត នេះឯង ។ ចប់ មាតុបោសកជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកទសកនិបាត បិដក ៥៩ ទំព័រ ២១០) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2893/tetryrepic.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៥,៩៦១ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវភិក្ខុដែលប្រដៅក្រមួយរូប បានត្រាស់ព្រះធម្មទេសនាមានពាក្យថា ន មេ រុចិ្ច ដូច្នេះជាដើម ។ គ្រានោះ ព្រះសាស្ដាត្រាស់ហៅភិក្ខុនោះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រ ពិតមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះអង្គទើបត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងពេលនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សប្រដៅក្រដែរ ព្រោះអាស្រ័យភាពជាមនុស្សប្រដៅក្រ មិនស្ដាប់ពាក្យរបស់បណ្ឌិតទាំងឡាយ អ្នកបានដល់សេចក្ដីវិនាស ក្នុងមាត់ខ្យល់វេរម្ភៈ ហើយទ្រង់នាំយកអតីតនិទាន មកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត មានឈ្មោះថា អបនន្ទៈ ។ ត្មាតពោធិសត្វនោះ មានហ្វូងត្មាតជាបរិវារ នៅលើភ្នំគិជ្ឈកូដ ។ ចំណែកកូនរបស់ព្រះពោធិសត្វមានឈ្មោះថា មិគាលោបៈ ជាអ្នកដល់ព្រមដោយថាមពល ត្មាតនោះហើរខ្ពស់ឡើង កន្លងនូវដែនរបស់ត្មាតដទៃទៀត ។ ត្មាតទាំងឡាយប្រាប់ស្ដេចត្មាតថា បុត្ររបស់ព្រះអង្គហើរឆ្ងាយណាស់ ។ ព្រះពោធិសត្វនោះប្រកាស់ហៅនូវបុត្រនោះថា ម្នាលកូន បានឮថា អ្នកហើរខ្ពស់ណាស់ កាលបើអ្នកហើរខ្ពស់ អ្នកនឹងដល់នូវការអស់ជីវិត ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ៣ ថា ន មេ រុច្ចិ មិគាលោប, យស្ស តេ តាទិសី គតី; អតុច្ចំ តាត បតសិ, អភូមិំ តាត សេវសិ។ ម្នាលមិគាលោបៈ ដំណើររបស់អ្នកប្រាកដដូច្នោះ មិនពេញចិត្តអញទេ ម្នាលកូន ដ្បិតអ្នកហើរទៅខ្ពស់ពេក ម្នាលកូន អ្នកសេពគប់នូវទីមិនមែនផែនដី ។ ចតុក្កណ្ណំវ កេទារំ, យទា តេ បថវី សិយា; តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។ ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នកត្រឡប់អំពីទីនោះមកវិញ កុំទៅហួសអំពីទីនេះឡើយ ។ សន្តិ អញ្ញេបិ សកុណា, បត្តយានា វិហង្គមា; អក្ខិត្តា វាតវេគេន, នដ្ឋា តេ សស្សតីសម។ ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់អាកាស ពួកសត្វទាំងនោះ សម្គាល់ខ្លួនថា ស្មើដោយវត្ថុដ៏ទៀងទាត់ ត្រូវកម្លាំងខ្យល់បក់បោកវិនាស ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះ ត្មាតបិតាហៅកូនដោយឈ្មោះថា មិគាលោបៈ ។ បទថា អតុច្ចំ តាត បតសិ សេចក្ដីថា ម្នាលកូន អ្នកកុំហើរខ្ពស់ពេក កន្លងដែនរបស់ត្មាតដទៃឡើយ ។ ត្មាតបិតាប្រាប់ដែនដល់កូន ដោយពាក្យនេះថា ចតុក្កណ្ណំវ កេទារំ គឺដូចស្រែ មាន ៤ ជ្រុង អធិប្បាយថា កូនអើយ កាលផែនដីដ៏ធំនេះហាក់ដូចជាស្រែ ៤ ជ្រុង ដល់អ្នកហើយ គឺប្រាកដដូចជាតូចយ៉ាងនោះ កាលនោះអ្នកគួរត្រឡប់ អំពីឋានៈដែលមានសភាពដូចនោះ អ្នកកុំទៅទៀតឡើយ ។ បទថា សន្តិ អញ្ញេបិ សេចក្ដីថា មិនមែនតែអ្នកប៉ុណ្ណោះសូម្បីត្មាតទាំងឡាយដទៃ ក៏ធ្វើយ៉ាងនោះ ។ បទថា អក្ខិត្តា សេចក្ដីថា សូម្បីត្មាតទាំងនោះ កន្លងនូវដែនរបស់យើង ទៅហើយ ត្រូវកម្លាំងខ្យល់កន្ត្រាក់ហើយ ក៏វិនាស ។ បទថា សស្សតីសមា សេចក្ដីថា ពួកវាសម្គាល់ខ្លួនថា ជាអ្នកស្មើដោយផែនដី និងភ្នំទាំងឡាយដែលជាវត្ថុទៀងទាត់ សូម្បីតែមិនអាចបំពេញនូវអាយុដែលមានបរិមាណ ១០០០ ឆ្នាំរបស់ខ្លួន, បានវិនាសហើយ នៅរវាងនោះ ។ មិគាលោបៈមិនធ្វើនូវពាក្យរបស់បិតាព្រោះភាពជាអ្នកមិនស្ដាប់ឱវាទ កាលហើរទៅ បានឃើញនូវដែនតាមដែលបិតាប្រាប់ហើយ នៅតែហើរកន្លងដែននោះទៅ ក៏ដល់ខ្យល់ កាលវាត (ខ្យល់រដូវកាល) ហើយទន្លុះខ្យល់សូម្បីនោះ ហើរស្ទុះទៅកាន់មុខខ្យល់វេរម្ភៈ លំដាប់នោះ ខ្យល់វេរម្ភៈក៏ប្រហារនូវមិគាលោបៈនោះ ។ មិគាលោបៈគ្រាន់តែត្រូវខ្យល់ វេរម្ភៈនោះប្រហារហើយ ក៏ដាច់ជាបំណែកតូចធំ វិនាសទៅក្នុងអាកាសនោះឯង ។ ដោយហេតុនោះ ព្រះសម្មាសម្ពុទ្ធទើបសម្ដែងថា អកត្វា អបនន្ទស្ស, បិតុ វុទ្ធស្ស សាសនំ; កាលវាតេ អតិក្កម្ម, វេរម្ភានំ វសំ អគា។ មិគលោបៈ មិនធ្វើតាមពាក្យប្រដៅរបស់បិតាចាស់ ឈ្មោះអបនន្ទៈ ហើរកន្លងនូវខ្យល់ រដូវកាល បានទៅដល់អំណាចនៃខ្យល់ព្យុះ ។ តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ; សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។ កូនក្តី ប្រពន្ធក្តី ឬសត្វឯទៀត ជាអ្នកចិញ្ចឹមជីវិត តាមមិគាលោបៈនោះ ពួកសត្វស្លាបទំាងអស់ ក៏ដល់នូវសេចក្តីវិនាស ព្រោះទិជជាតិ (សត្វដែលកើតក្នុវារៈពីរដងបានដល់សត្វជាអណ្ឌជកំណើតមានសត្វស្លាបជាដើម) មិនធ្វើតាមឱវាទ ។ ឯវម្បិ ឥធ វុទ្ធានំ, យោ វាក្យំ នាវពុជ្ឈតិ; អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ; សព្ពេ ព្យសនំ បប្បោន្តិ, អកត្វា វុទ្ធសាសនំ។ បុគ្គលណា មិនយល់នូវពាក្យ របស់បុគ្គលចាស់ទុំ ក្នុងលោកនេះ បុគ្គលនោះ (ដល់នូវសេចក្តីវិនាស) ដូចជាត្មាតកន្លងពាក្យប្រៀនប្រដៅ ជាសត្វភ្លើតភ្លើនត្រាច់ទៅ កាន់ទីហួសដែន ជនទាំងអស់ដល់នូវសេចក្តីវិនាស ព្រោះមិនធ្វើតាមពាក្យប្រដៅរបស់ព្រះពុទ្ធ ។ គាថាទាំងឡាយ ៣ នេះ ជាអភិសម្ពុទ្ធគាថា ។ បណ្ដាបទទាំងនោះ បទថា អនុជីវិនោ បានដល់ ត្មាតដែលអាស្រ័យត្មាតមិគាលោបៈនោះ ។ បទថា អនោវាទករេ ទិជេ សេចក្ដីថា កាលត្មាតមិគាលោបៈនោះ មិនធ្វើតាមឱវាទ ត្មាតទាំងនោះហើរទៅជាមួយត្មាតមិគាលោបៈនោះកន្លងនូវដែន ដល់នូវសេចក្ដីវិនាស ។ បទថា ឯវម្បិ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ត្មាតនោះដល់សេចក្ដីវិនាសហើយយ៉ាងណា សូម្បីអ្នកដទៃណា ជាគ្រហស្ថក្ដី ជាបព្វជិតក្ដី ក៏យ៉ាងនោះដូចគ្នា មិនកាន់នូវពាក្យរបស់បណ្ឌិតទាំងឡាយ ដែលជាអ្នកអនុគ្រោះដល់សេចក្ដីចម្រើន សូម្បីអ្នកនោះនឹងវិនាសដូចត្មាតនេះ ដែលត្រាច់ទៅកន្លងនូវដែន ជាអ្នករឹងរូសនោះឯង ។ ព្រះសាស្ដា កាលនាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ ហើយប្រជុំជាតកថា តទា មិគាលោបោ ទុព្ពចភិក្ខុ អហោសិ ត្មាតមិគាលោបៈក្នុងកាលនោះ បានមកជា ភិក្ខុប្រដៅក្រនេះ ។ អបនន្ទោ បន អហមេវ អហោសិំ ចំណែកស្ដេចត្មាតឈ្មោះអបនន្ទៈ គឺ តថាគត នេះឯង ។ ចប់ មិគាលោបជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៣ ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2892/texttpic.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៦,១១២ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធដល់ការសង្កត់សង្កិនកិលេស បានត្រាស់ព្រះធម្មទេនានេះ មានពាក្យថា មិត្តោ មិត្តស្ស ដូច្នេះ ជាដើម ។ សម័យមួយ គ្រហស្ថដែលជាមិត្តសម្លាញ់នឹងគ្នា ដែលរស់នៅក្នុងនគរសាវត្ថី មានប្រមាណ ៥០០ នាក់ បានស្ដាប់ព្រះធម្មទេសនារបស់ព្រះតថាគតហើយបានបួសជាឧបសម្បន្ន នៅក្នុងកោដិសន្ថារ ពេលដល់វេលាពាក់កណ្ដាលអធ្រាត្រ ក៏ត្រិះរិះដល់កាមវិតក្កៈ ។ រឿងទាំងអស់ បណ្ឌិតគប្បីឲ្យពិស្ដារ ដោយន័យដែលពោលហើយក្នុងទីខាងក្រោមនោះឯង ។ ពេលព្រះអានន្ទឲ្យភិក្ខុសង្ឃប្រជុំគ្នា ដោយការបង្គាប់របស់ព្រះភគវា ។ ព្រះសាស្ដាប្រថាប់គង់លើអាសនៈដែលគេចាត់ចែងថ្វាយ ទ្រង់មិនបានធ្វើការចុះចំពោះ មិនត្រាស់ថា ពួកអ្នកនាំគ្នាត្រិះរិះកាមវិតក្កៈ ទ្រង់ត្រាស់ដោយអំណាចនៃការសង្គ្រោះដល់ភិក្ខុទាំងពួងថា ម្នាលភិក្ខុទាំង​ឡាយ ឈ្មោះថាកិលេស មិនមែនជារបស់តិចតួចឡើយ ធម្មតាភិក្ខុត្រូវសង្កត់សង្កិនកិលេសដែលកើត​ឡើងហើយ សូម្បីបណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធនៅមិនទាន់កើតឡើង ក៏សង្កត់សង្កិនកិលេសទាំងឡាយ ហើយបានដល់នូវបច្ចេកពោធិញាណ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានសម្លាញ់ ២ នាក់ ក្នុងស្រុកមួយក្នុងដែលកាសី កាន់យកនូវក្អមទឹកផឹកទៅកាន់ចម្ការ ដាក់ទុកក្នុងកន្លែងមួយហើយកាប់ចម្ការ ក្នុងវេលាស្រេកទឹកក៏នាំគ្នាមកផឹកទឹក ។ ក្នុងមនុស្សទាំង ២ នាក់នោះ មនុស្សម្នាក់កាលមកក៏រក្សាទឹក​ផឹក​របស់ខ្លួនទុក ផឹកទឹកអំពីក្អមរបស់មនុស្សមា្នក់ទៀត ដល់វេលាស្ងាចទើបចេញអំពីព្រៃ ឈរមុជទឹក​ពិចារណាថា ថ្ងៃនេះយើងបានធ្វើបាបអ្វីខ្លះ ដោយកាយទ្វារជាដើម តើមានឬទេ ក៏ឃើញថា បាន​លួចទឹករបស់មិត្តផឹក ហើយក៏ដល់នូវសេចក្ដីសង្វេគថា តណ្ហានេះ កាលចម្រើនឡើង គង់នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយជាយ៉ាងពិតប្រាកដ យើងនឹងសង្កត់សង្កិនកិលេសនេះឲ្យបាន ដូច្នេះហើយ ធ្វើការលួចទឹកផឹករបស់មិត្តនោះមកជាអារម្មណ៍ ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ឈរពិចារណាដល់គុណដែលខ្លួនបាន ។ លំដាប់នោះ មនុស្សម្នាក់ទៀតមុជទឹករួចហើយក៏ឡើងមក ពោលនឹងគេថា នែសម្លាញ់ ចូរមក យើងនាំគ្នាទៅផ្ទះ ។ គាត់ប្រាប់ថា អ្នកទៅចុះ កិច្ចដោយផ្ទះមិនមានដល់ យើងឈ្មោះថាជាព្រះបច្ចេកពុទ្ធហើយ ។ ម្នាក់ទៀតពោលថា ព្រះបច្ចេកពុទ្ធទាំងឡាយមិនមែនដូចអ្នកទេ ។ លំដាប់នោះ លោកទើបសួរម្នាក់ទៀតថា ព្រះបច្ចេកពុទ្ធនឹងជាយ៉ាងណា ? ម្នាក់ទៀតឆ្លើយថា ព្រះបច្ចេកពុទ្ធទាំងឡាយ មានសក់ត្រឹម ២ អង្គុលី (២ធ្នាប់) គ្រងសំពត់កាសាយៈ នាំគ្នានៅក្នុងញកភ្នំនន្ទមូលក៍ ក្នុងព្រៃហិមពាន្តនៅទិសខាងជើង ។ លោកទើបស្ទាបសីសៈ ក្នុងពេលនោះឯង ភេទគ្រហស្ថរបស់លោកក៏អន្តរធានទៅ ត្រឡប់ក្លាយជាគ្រងសំពត់កាសាវៈ ២ ជាន់ដែលជ្រលក់ហើយ ក្រវ៉ាត់វត្ថពន្ធចង្កេះដូចផ្លេកបន្ទោរ ធ្វើនូវចីវរឆៀងស្មាម្ខាង ដែលមានពណ៌ដូចអាចម៍ល័ក្តក្រហមភ្លាវ មានសំពត់បង្សុកូល ចីវរពណ៌មេឃ ស្ពាយលើស្មាខាងស្តាំង មានបាត្រដីពណ៌ដូចកន្លង់ពាក់នៅស្មាខាងឆ្វេង ។ លោកស្ថិតនៅលើអាកាស សម្ដែងធម៌ហើយ ហោះទៅចុះត្រង់ញកភ្នំនន្ទមូលក៍ ក្នុងពេលនោះឯង ។ មានកុដុម្ពិកៈម្នាក់ក្នុងកាសិគ្រាមនោះឯង អង្គុយនៅលើរានផ្សារ ឃើញបុរសម្នាក់នាំភរិយារបស់ខ្លួនដើរទៅ គាត់ទម្លាយនូវឥន្ទ្រិយ សម្លឹងមើលស្ត្រីដែលល្អស្រស់នោះ ហើយ​ត្រឡប់គិត​​វិញថា លោភៈនេះ កាលចម្រើនឡើង នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយ មានចិត្តតក់ស្លុត ចម្រើនវិបស្សនា ញ៉ាំង​បច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតលើអាកាសសម្ដែងធម៌ ហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ មានបិតា និងបុត្រមួយគូ ជាអ្នកនៅក្នុងកាសិគ្រាមនោះឯង ដើរផ្លូវទៅជាមួយគ្នា ។ ពួកចោរព្រៃនាំគ្នាពួនស្ទាកនៅមាត់ព្រៃ ។ ពួកចោរទាំងនោះចាប់បិតានិងបុត្រនោះបាន ហើយចាប់បុត្រទុក ដោះលែងបិតា ដោយបង្គាប់ថា លោកចូរទៅយកទ្រព្យមកលោះបុត្ររបស់លោក បើចាប់បងប្អូនប្រុស ២ នាក់បាន ចាប់ប្អូនទុក ដោះលែងបង ។ បើចាប់អាចារ្យ (គ្រូ) និង អន្តេវាសិក (សិស្ស) បាន ចាប់អាចារ្យទុក ដោះលែងអន្តេវាសិក អន្តេវាសិកត្រូវទៅនាំទ្រព្យមកលោះអាចារ្យ ដោយសេចក្ដីលោភក្នុងសិល្បៈ ។ លំដាប់នោះ បិតានិងបុត្រនោះដឹងថា ពួកចោរស្ទាក់ផ្លូវត្រង់កន្លែងនោះ ទើបធ្វើកតិកាគ្នាថា កូនកុំហៅយើងថាឪពុក សូម្បីយើងក៏មិនហៅអ្នកថាកូនដែរ ក្នុងវេលាត្រូវពួកចោរចាប់បាន ត្រូវចោរសួរថា អ្នកជាអ្វីនឹងគ្នា បិតានិងកូននោះក៏ធ្វើនូវសម្បជានមុសាវាទ (និយាយកុហកទាំងដែលដឹងខ្លួន) ថា យើងមិនជាអ្វីនឹងគ្នាឡើយ ។ កាលបិតានិងបុត្ររួចផុតចាកព្រៃហើយ បានទៅមុជទឹកក្នុងវេលាល្ងាច បុត្រកាលជម្រះសីលរបស់ខ្លួន ឃើញមុសាវាទនោះ គិតថា បាបនេះកាលចម្រើនឡើងហើយនឹងបោះយើងចូលទៅ ក្នុងអបាយទាំងឡាយ យើងនឹងសង្កត់សង្កិនកិលេសនេះ ឲ្យបាន ដូច្នេះហើយ ទើបចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់បិតា រួចហោះទៅកាន់ញកភ្នំនន្ទមូលក៍នោះឯង ។ នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងកាសិគ្រាមនោះឯង បង្គាប់ឲ្យគេសម្លាប់សត្វ ។ ក្នុងវេលាធ្វើពលីកម្ម មហាជនប្រជុំគ្នាពោលនឹងគាត់ថា បពិត្រលោកម្ចាស់ ពួកយើងត្រូវការសម្លាប់ម្រឹគ និងជ្រូកជាដើម ដើម្បីធ្វើពលីកម្មដល់ពួកយក្ស ពេលនេះជាកាលនៃពលីកម្ម ។ គាត់ក៏ពោលថា ពួកលោកចូរធ្វើតាមដែលធ្លាប់ធ្វើក្នុងកាលមុនចុះ ។ ពួកមនុស្សបានធ្វើបាណាតិបាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ គាត់ឃើញត្រី និងសាច់ជាច្រើន ធ្វើនូវសេចក្ដីក្ដៅក្រហាយថា មនុស្សទាំងនេះ សម្លាប់សត្វមានប្រមាណប៉ុណ្ណេះដោយសម្លាប់តាមពាក្យរបស់យើងតែម្នាក់ប៉ុណ្ណោះ ដូច្នេះហើយ ទើបឈរដោយអាស្រ័យវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់មាហជន ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ នៅមានមួយនាក់ទៀត ជាមេស្រុកក្នុងដែនកាសីនោះឯង បានហាមការលក់ដូរទឹកស្រវឹង ត្រូវមហាជននាំគ្នាសួរថា លោកម្ចាស់ កាលមុនពេលនេះជាពេលលេងមហោស្រព ហៅថា សុរាឆ័ណ (សុរាដែលផឹកក្នុងថ្ងៃមហោស្រព) ពួកខ្ញុំនឹងធ្វើយ៉ាងណា ។ មេស្រុកទើបពោលថា ពួកលោកចូរធ្វើតាមទម្លាប់ដូចកាលពីមុនចុះ ។ ពួកមនុស្សនាំគ្នាលេងមហោស្រព ផឹកសុរាហើយ កាលធ្វើនូវជម្លោះ ទើបបាក់ដៃជើង បែកក្បាល ដាច់ត្រចៀក និងចងដោយរបស់ពិន័យជាច្រើន ។ មេស្រុកឃើញពួកមនុស្សទាំងនោះហើយ គិតថា កាលយើងមិនអនុញ្ញាត មនុស្សទាំងនេះក៏មិនត្រូវទទួលទុក្ខ ។ គាត់ធ្វើនូវសេចក្ដីក្ដៅក្រហាយចិត្តដោយ​ហេតុ​ត្រឹមប៉ុណ្ណេះ ថិតនៅដោយអាស្រ័យនឹងវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា បានញ៉ាំងបច្ចេក​ពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងថា អប្បមត្តាហោថ ​ពួកលោកចូរជាអ្នកមិនប្រមាទ ហើយហោះទៅកាន់ញកភ្នំនន្ទមូលក៍ដូចគ្នា ។ ក្នុងកាលជាចំណែកខាងក្រោយមក ព្រះបច្ចេកពុទ្ធទាំង ៥ ព្រះអង្គ ហោះមកចុះត្រង់ទ្វារក្រុងពារាណសី ​ដើម្បីភិក្ខាចារ ស្លៀកដណ្ដប់សំពត់យ៉ាងរៀបរយ ត្រាច់ប្រោសសត្វ ដោយឥរិយាបថមានការឈាន​ទៅមុខជាដើម ដែលគួរជ្រះថ្លា រហូតដល់ទ្វារព្រះរាជវាំង ។ ព្រះរាជាទតឃើញព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់មានចិត្តជ្រះថ្លា និមន្តឲ្យចូលទៅកាន់ព្រះរាជនិវេសន៍ លាងព្រះបាទ និងលាបដោយប្រេងក្រអូប ហើយអង្គាសដោយខាទនីយៈនិងភោជនីយៈដ៏ប្រណីត ប្រថាប់ក្នុងទីដ៏សមគួរមួយ ត្រាស់សួរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ ការបព្វជ្ជាក្នុងបឋមវ័យរបស់លោកម្ចាស់ទាំងឡាយ គួរឲ្យជ្រះថ្លាពិត ការបព្វជ្ជាក្នុងវ័យនេះ លោកម្ចាស់ទាំងឡាយ ឃើញទោសក្នុងកាមទាំងឡាយដូចម្ដេច អ្វីជាអារម្មណ៍របស់លោកម្ចាស់ ? ព្រះបច្ចេកពុទ្ធទាំងនោះ កាលនឹងទូលដល់ព្រះរាជានោះ ទើបសម្ដែងជាគាថា (ម្ដងមួយអង្គ ៗ ) ថា (ព្រះបច្ចេកពុទ្ធ ទី ១ បានសំដែងថា) មិត្តោ មិត្តស្ស បានីយំ, អទិន្នំ បរិភុញ្ជិសំ; តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ អាត្មាភាពជាមិត្រ (នៃមិត្រម្នាក់) បានប្រើប្រាស់ទឹក ដែលមិត្រនោះ មិនឲ្យហើយ ហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ២ បានសំដែងថា) បរទារញ្ច ទិស្វាន, ឆន្ទោ មេ ឧទបជ្ជថ; តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ សេចក្តីបា្រថា្ន (ក្នុងកាម) កើតឡើងដល់អាត្មាភាព ព្រោះឃើញនូវប្រពន្ធរបស់បុគ្គលដទៃ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាព លែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៣ បានសំដែងថា) បិតរំ មេ មហារាជ, ចោរា អគណ្ហុ កាននេ; តេសាហំ បុច្ឆិតោ ជានំ, អញ្ញថា នំ វិយាករិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ បពិត្រមហារាជ ពួកចោរបានចាប់បិតារបស់អាត្មាភាពក្នុងព្រៃ អាត្មាភាពដែលពួកចោរនោះសួរហើយ ទុកជាដឹង ក៏បា្រប់ហេតុនោះ ដោយចំណែកដទៃវិញ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៤ បានសំដែងថា) បាណាតិបាតមករុំ, សោមយាគេ ឧបដ្ឋិតេ; តេសាហំ សមនុញ្ញាសិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ ការសែនព្រេន ឈ្មោះសោមយាគ តាំងឡើងហើយ ពួកមនុស្សបានធ្វើបាណាតិបាត អាត្មាភាពក៏អនុញ្ញាតឲ្យពួកមនុស្សនោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ (ព្រះបច្ចេកពុទ្ធ ទី ៥ បានសំដែងថា) សុរាមេរយមាធុកា, យេ ជនា បឋមាសុ នោ; ពហូនំ តេ អនត្ថាយ, មជ្ជបានមកប្បយុំ; តេសាហំ សមនុញ្ញាសិំ។ តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា; មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។ ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសម្គាល់សុរា និងមេរ័យ ថាដូចទឹកឃ្មុំ ជាជន (មានសភាពយ៉ាងនេះ) ជាដំបូង ពួកជននោះ បានចាត់ចែងទឹកស្រវឹង ដើម្បីសេចក្តីវិនាសដល់ពួកជនច្រើន អាតា្មភាពបានអនុញ្ញាត ឲ្យពួកជននោះ ។ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។ ព្រះបច្ចេកពុទ្ធទាំងឡាយបានសម្ដែងទាំង ៥ គាថានេះ ដោយលំដាប់ ។ ចំណែកព្រះរាជាស្ដាប់ពាក្យរបស់ព្រះបច្ចេកពុទ្ធមួយអង្គៗហើយ ទ្រង់សរសើរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ បព្វជ្ជានេះសមគួរដល់លោកម្ចាស់ទាំងឡាយហើយ។ បណ្ដាបទទាំងនោះ បទថា មិត្តោ មិត្តស្ស សេចក្ដីថា បពិត្រមហារាជ អាត្មាភាពជាមិត្ត របស់មិត្ត បាន​ផឹកទឹករបស់មិត្តនោះ ដោយនិយាមនេះ ។ បទថា តស្មា សេចក្ដីថា ឈ្មោះថា បុថុជ្ជនទាំងឡាយតែងធ្វើ​នូវបាបកម្ម ព្រោះហេតុណា អាត្មាភាពមិនធ្វើបាបកម្មនោះទៀត ព្រោះហេតុនោះ ។ បទថា បាបំ សេចក្ដី​ថា អាត្មាភាពបានធ្វើបាបនោះ ឲ្យជាអារម្មណ៍ហើយបួស ។ បទថាឆន្ទោ សេចក្ដីថា បពិត្រមហារាជ ព្រោះឃើញភរិយារបស់អ្នកដទៃ ដោយទំនងនេះ សេចក្ដីពេញចិត្តទើបកើតឡើងដល់អាត្មាភាព ។ បទ​ថា អគណ្ហុ ប្រែថា បានរួមគ្នាចាប់ ។ បទថា ជានំ សេចក្ដីថា អាត្មាភាពត្រូវពួកចោរនោះសួរថា អ្នកនេះជាអ្វីនឹងលោក ទាំងដែលដឹងហើយ ក៏ឆ្លើយជាយ៉ាងដទៃថា មិនជាអ្វីនឹងខ្ញុំទេ ។ បទថាសោម​យាគេ សេចក្ដីថា កាលមហោស្រពប្រាកដឡើង ពួកមនុស្សនាំគ្នាធ្វើពលីកម្មដល់ យក្ស ឈ្មោះថា ពិធី​សោម​យាគៈ ពេលពិធីនោះប្រាកដហើយ អាត្មាភាពក៏អនុញ្ញាត ។ បទថា សុរាមេរយមាធុកា សេច​ក្ដី​ថា ពួកជនដែលសម្គាល់សុរាមានសុរាដែលលាយដោយម្សៅជាដើមនិងមេរ័យមានទឹកត្រាំដោយផ្កា​ឈើ​ជាដើមថា ដូចជាទឹកឃ្មុំ ។ បទថា យេ ជនាបឋមាសុ នោ សេចក្ដីថា ពួកជននោះមានហើយ គឺមានមកយូរហើយក្នុងស្រុករបស់ពួកយើង ។ បទថា ពហូនំ តេ សេចក្ដីថា ពួកជនទាំងនោះ កាលលេងមហោស្រពហើយ មានការផឹកសុរា សេចក្ដីវិនាសមានដល់ជនដ៏ច្រើនក្នុងមួយថ្ងៃ ។ ព្រះរាជាស្ដាប់ព្រះធម្មទេសនារបស់ព្រះបច្ចេកពុទ្ធទាំងនោះហើយ មានចិត្តជ្រះថ្លា ទ្រង់ថ្វាយសំពត់ចីវរនិងភេសជ្ជៈ ហើយទ្រង់បញ្ជូនព្រះបច្ចេកពុទ្ធទាំងនោះទៅ ។ សូម្បីព្រះបច្ចេកពុទ្ធទាំងនោះ ក៏ធ្វើអនុមោទនាដល់ព្រះរាជាហើយនាំគ្នាទៅក្នុងពេលនោះឯង ។ តាំងតែពីពេលនោះមក ព្រះរាជាទ្រង់នឿយនាយ ជាអ្នកមិនមានការសម្លឹងក្នុងវត្ថុកាមទាំងឡាយ ទ្រង់សោយព្រះក្រយាហារដែលមានរសដ៏លើសផ្សេងៗ ទ្រង់មិនហៅ មិនទតមើលពួកស្ត្រី មានចិត្តនឿយនាយ ស្ដេចយាងចូលបន្ទប់ដ៏មានសិរី ប្រថាប់អង្គុយធ្វើកសិណបរិកម្មត្រង់ជញ្ជាំងដែលមានពណ៌ស ទ្រង់បានធ្វើឈានឲ្យកើតឡើងហើយ ។ ព្រះអង្គបានដល់នូវឈានហើយ កាលនឹងតិះដៀលកាមទាំងឡាយ ទើបត្រាស់ព្រះគាថាថា ធិរត្ថុ សុពហូ កាមេ, ទុគ្គន្ធេ ពហុកណ្ដកេ; យេ អហំ បដិសេវន្តោ, នាលភិំ តាទិសំ សុខំ។ គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមានក្លិនអាក្រក់ មានសត្រូវច្រើន ព្រោះថា អាត្មាអញបានសេពហើយ ក៏មិនបានសេចក្តីសុខ (ក្នុងឈាន) បា្រកដដូច្នោះ ។ បណ្ដាបទទាំងនោះ បទថា ពហុកណ្ដកេ សេចក្ដីថា ពួកបច្ចាមិត្រច្រើន ។ បាលីថា យេ អហំ គឺ យោ អហំ បាលីនេះឯង ។ បទថា តាទិសំ បានដល់ សេចក្ដីសុខក្នុងឈាន គឺវៀចាកកិលេស ។ លំដាប់នោះ ព្រះអគ្គមហេសីរបស់ព្រះរាជាត្រិះរិះថា ព្រះរាជាអង្គនេះទ្រង់ស្ដាប់ធម្មកថារបស់ព្រះបច្ចេកពុទ្ធទាំងឡាយហើយ ទ្រង់មានឥរិយាបថនឿយនាយ មិនត្រាស់នឹងយើង ស្ដេចចូលព្រះដំណាក់ដ៏ទ្រង់សិរី យើងនឹងរង់ចាំចាប់ព្រះអង្គ ដូចនេះហើយ ព្រះនាងទើបយាងទៅទ្វារព្រះដំណាក់ ឈរទ្រង់ទ្វារហើយស្ដាប់ព្រះឧទាន របស់ព្រះរាជាដែលកំពុងតិះដៀលកាមទាំងឡាយ ទើបត្រាស់ថា បពិត្រមហារាជ ព្រះអង្គតិះដៀលកាម តែឈ្មោះថាសេចក្ដីសុខដែលស្មើដោយកាម មិនមាន កាលនឹងទ្រង់ពណ៌នាដល់សេចក្ដីសុខក្នុងកាម ទើបត្រាស់ព្រះគាថាថា មហស្សាទា សុខា កាមា, នត្ថិ កាមា បរំ សុខំ; យេ កាមេ បដិសេវន្តិ, សគ្គំ តេ ឧបបជ្ជរេ។ កាមទាំងឡាយ មានសេចក្តីរីករាយច្រើន ជាសុខ សេចក្តីសុខក្រៅអំពីកាម មិនមានទេ ពួកជនណាបានសេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងឋានសួគ៌ ។ បណ្ដាបទទាំងនោះ បទថា មហស្សាទា សេចក្ដីថា បពិត្រមហារាជ ធម្មតាថា កាមទាំងនេះមានសេចក្ដីរីករាយច្រើន សេចក្ដីសុខដទៃដែលក្រៃលែងជាងនេះ មិនមាន ព្រោះអ្នកសេពកាមជាប្រក្រតី នឹងមិនចូលដល់អបាយទាំងឡាយ នឹងនាំគ្នាទៅកើតក្នុងឋានសួគ៌ ។ ព្រះពោធិសត្វស្ដាប់ព្រះសវនីយ៍នោះហើយ កាលនឹងទ្រង់តិះដៀលថា នែវសលិ នាងនិយាយអ្វី ឈ្មោះថា សេចក្ដីសុខក្នុងកាមនឹងមានមកពីណា កាមទាំងនេះជាវិបរិណាមទុក្ខ ទើបទ្រង់ត្រាស់ព្រះគាថាដ៏សេសថា អប្បស្សាទា ទុខា កាមា, នត្ថិ កាមា បរំ ទុខំ; យេ កាមេ បដិសេវន្តិ, និរយំ តេ ឧបបជ្ជរេ។ កាមទាំងឡាយ មានសេចក្តីរីករាយតិច ជាទុក្ខ សេចក្តីទុក្ខក្រៅអំពីកាម មិនមានទេ ពួកជនណា សេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងនរក ។ អសី យថា សុនិសិតោ, នេត្តិំសោវ សុបាយិកោ; សត្តីវ ឧរសិ ខិត្តា, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងដាវ ដែលសំលៀងហើយ ជាងព្រះខាន់ដែលលាបដោយថ្នាំពិស ទាំងជាងលំពែងដែលពួយត្រង់ទ្រូង ។ អង្គារានំវ ជលិតំ, កាសុំ សាធិកបោរិសំ; ផាលំវ ទិវសំតត្តំ, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងរងើកភ្លើង ដ៏ច្រាលឆ្អៅ ជាងរណ្តៅរងើកភ្លើង មានជម្រៅមួយទ្រទូង ឬអណ្តាតភ្លើង ដែលក្តៅពេញមួយថ្ងៃ ។ វិសំ យថា ហលាហលំ, តេលំ បក្កុថិតំ យថា; តម្ពលោហវិលីនំវ, កាមា ទុក្ខតរា តតោ។ កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងថ្នាំពុលដ៏ក្លៀវក្លា ឬប្រេងកំពុងពុះ ឬក៏ទង់ដែងរលាយ ។ បណ្ដាបទទាំងនោះ បទថា នេត្តិំសោ សេចក្ដីថា ស្មើគ្នានឹង នេត្តិសោ ។ ពាក្យថានេត្តិំសោ ​សូម្បីនេះជាឈ្មោះនៃព្រះខាន់ប្រភេទនោះ ។ បទថា ទុក្ខតរា សេចក្ដីថា សេចក្ដីទុក្ខពួកណា ដែលនឹងកើតដល់បុគ្គល ព្រោះអាស្រ័យរណ្ដៅធ្យូងភ្លើងដែលឆេះឡើង ឬអន្ទាក់សំណាញ់ដែកដែលត្រូវអាំងរហូតថ្ងៃយ៉ាងនេះ កាមទាំងឡាយនេះឯង នៅជាទុក្ខក្រៃលែងជាងសេចក្ដីទុក្ខនេះទៀត ។ ក្នុងគាថាតទៅ មានសេចក្ដីថា ថ្នាំពិសជាដើមពួកនោះ ឈ្មោះថា ជាទុក្ខ ព្រោះនាំសេចក្ដីទុក្ខមកឲ្យយ៉ាង​ណា សូម្បីកាមទាំងឡាយក៏ជាទុក្ខយ៉ាងនោះដែរ តែសេចក្ដីទុក្ខនោះជាសេចក្ដីទុក្ខដែលក្រៃលែងជាងសេចក្ដីទុក្ខទាំងពួង ។ ព្រះមហាសត្វសម្ដែងធម៌ ដល់ព្រះទេវី យ៉ាងនេះហើយ ទ្រង់ឲ្យពួកអាមាត្យប្រជុំគ្នា ហើយត្រាស់ថា ម្នាលអាមាត្យទាំងឡាយ ពួកអ្នកចូរទទួលរាជសម្បត្តិចុះ យើងនឹងបួស ក្នុងពេលដែលមហាជនកំពុងកន្ទក់កន្ទេញនោះឯង ស្ដេចក្រោកឡើង ទៅប្រថាប់លើអាកាស ប្រទានព្រះឱវាទ ហើយស្ដេចទៅកាន់ព្រៃហិមពាន្តនៅទិសខាងជើង តាមផ្លូវអាកាសនោះឯង ទ្រង់សាងអាស្រមក្នុងទីដែលគួររីករាយ បួសជាឥសី ក្នុងទីបំផុតនៃព្រះជន្ម ជាអ្នកមានព្រហ្ម-លោកប្រព្រឹត្តទៅក្នុងទីខាងមុខ ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថាកិលេសដែលជារបស់តិចតួច មិនមានឡើយ សូម្បីមានប្រមាណតិច ក៏បណ្ឌិតទាំងឡាយ នាំគ្នាសង្កត់សង្កិនដែរ ដូច្នេះហើយ ទើបទ្រង់ប្រកាសសច្ចៈទាំងឡាយ កាលចប់សច្ចៈ ភិក្ខុទាំង ៥០០ រូបនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត រួចហើយប្រជុំជាតកថា តទា បច្ចេកពុទ្ធា បរិនិព្ពាយិំសុ ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងកាលនោះបរិនិព្វានហើយ ។ ទេវី រាហុលមាតា អហោសិ ព្រះទេវីបានមកជារាហុលមាតា ។ រាជា បន អហមេវ អហោសិំ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។ ចប់ បានីយជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2890/______overed.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៧,៤៩៨ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវការចូលទៅកាន់ផែនដីរបស់ភិក្ខុទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យសោករោ បុញ្ញករោហមស្មិ ដូច្នេះ (ជាដើម) ។ មែនពិត ក្នុងពេល​នោះ ពួកភិក្ខុសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអាវុសោទាំងឡាយ ទេវទត្តខឹងសម្បានឹងព្រះ​តថាគត ហើយត្រូវផែនដីស្រូប ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំង​ឡាយ​ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលទេវទត្តឲ្យការប្រហារក្នុងជិនចក្ររបស់តថាគត​ហើយ​​ត្រូវផែនដីស្រូបនោះ សូម្បីក្នុងកាលមុន លោកក៏ធ្លាប់ឲ្យការប្រហារក្នុង ធម្មចក្រ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិមហានរកជាទីខាងមុខ ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាទេវបុត្តមានព្រះនាមថា ធម្មៈ ក្នុងកាមាវចរទេវលោក ។ ចំណែកព្រះទេវទត្តជាទេវបុត្ត ឈ្មោះថា អធម្មៈ ។ ​បណ្ដាទេវបុត្តទាំង ២ អង្គនោះ ធម្មទេវបុត្រប្រដាប់ដោយគ្រឿងអលង្ការជាទិព្វ ទ្រង់រថជាទិព្វដ៏ប្រសើរ ជាអ្នកមានពួកទេពតាចោមរោមហើយ ស្ថិតនៅលើអាកាសក្នុងស្រុក និគម ជនបទ និងរាជធានីទាំង​ឡាយ ក្នុងថ្ងៃពេញបូណ៌មីដែលជាថ្ងៃឧបោសថ ដែលមនុស្សទាំយឡាយបរិភោគអាហារពេលល្ងាចរួចហើយ​​ ប្រជុំគ្នាដោយកថាជាសុខត្រង់ទ្វារផ្ទះរបស់ខ្លួនៗ ញ៉ាំងពួកមនុស្សឲ្យសមាទាននូវកុសលកម្ម​បថ ​១០ ប្រការថា អ្នកទាំងឡាយចូរវៀរចាកអកុសលកម្មបថ ១០ ប្រការ មានបាណាតិបាតជា​ដើម​ នាំ​គ្នាបំពេញធម៌ គឺការទំនុកបម្រុងបម្រើមាតាផង ការទំនុកបម្រុងបម្រើបិតាផង និងប្រព្រឹត្តសុចរិតធម៌ ៣ ​ប្រការចុះ កាលធ្វើយ៉ាងនេះ នឹងមានសួគ៌ជាទីទៅខាងមុខ និងបានសោយយសដ៏ធំ ដូច្នេះហើយ ទើបធ្វើប្រទក្សិណជម្ពូទ្វីប (ជាទក្ខិណាវដ្ដ) ។ ចំណែកអធម្មទេវបុត្ត ញ៉ាំងឲ្យមនុស្សទាំងឡាយកាន់យកនូវអកុសលកម្មបទ ១០ ប្រការ ដោយន័យជាដើមថា ពួកអ្នកចូរសម្លាប់សត្វ ដូច្នេះហើយ ទើបធ្វើនូវជម្ពូទ្វីបជា ឧត្តរាវដ្ដ (វិលជុំវិញទៅខាងឆ្វេង) ។ លំដាប់នោះ រថរបស់ទេវបុត្តទាំងពីរនោះ បានជួបគ្នាលើអាកាស ។ បន្ទាប់មកបរិស័ទរបស់ទេវបុត្តទាំងនោះ សួរគ្នាថា ពួកលោកជារបស់ទេវបុត្រណា ពួកលោកជារបស់ទេវបុត្រណា ? នាំគ្នាឆ្លើយថា ពួកយើងជាចំណែកខាងធម្មទេវបុត្ត ពួកយើងជាចំណែកខាងអធម្ម-ទេវបុត្ត ទើបនាំគ្នាញែកផ្លូវចេញជា ២ ចំណែក ។ ចំណែកធម្មទេវបុត្តហៅអធម្មទេវបុត្តមកពោលថា នែសម្លាញ់ លោកជាចំណែកអធម៌ ខ្ញុំជាចំណែកខាងធម៌ ផ្លូវនេះសមគួរដល់ខ្ញុំ លោកចូរបររថរបស់លោកចេញ ចូរឲ្យផ្លូវដល់ខ្ញុំ ហើយពោលគាថាទី ១ ថា យសោករោ បុញ្ញករោហមស្មិ, សទាត្ថុតោ សមណព្រាហ្មណានំ; មគ្គារហោ ទេវមនុស្សបូជិតោ, ធម្មោ អហំ ទេហិ អធម្ម មគ្គំ។ ម្នាលអធម្មទេវបុត្រ ខ្ញុំឈ្មោះធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំដែលពួកសមណ-ព្រាហ្មណ៍ សរសើរជានិច្ច ដែលទេវតា និងមនុស្សបូជាហើយ គួរបានផ្លូវ អ្នកចូរឲ្យផ្លូវ ។ បណ្ដាបទទាំងនោះ បទថា យសោករោ បានដល់ ខ្ញុំជាសាងយសឲ្យដល់ទេវតានិងមនុស្សទាំងឡាយ ។ សូម្បីក្នុងបទទី ២ ក៏មានន័យដូចគ្នា ។ បទថា សទាត្ថុតោ គឺ បានទទួលការសរសើរជានិច្ច ក្នុងកាលទាំងពួង ។ លំដាប់នោះ អធម្មទេវបុត្រពោលថា អធម្មយានំ ទឡ្ហមារុហិត្វា, អសន្តសន្តោ ពលវាហមស្មិ; ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ, មគ្គំ អហំ ធម្ម អទិន្នបុព្ពំ។ ម្នាលធម្មៈ ខ្ញុំជិះរថ ឈ្មោះអធម្មយានដ៏មាំ ជាអ្នកមិនតក់ស្លុត មានកម្លាំង ខ្ញុំនោះនឹងឲ្យផ្លូវដល់អ្នក ដែលមិនធ្លាប់ឲ្យហើយ ក្នុងថ្ងៃនេះ ព្រោះហេតុអ្វី ។ ធម្មទេវបុត្រពោលថា ធម្មោ ហវេ បាតុរហោសិ បុព្ពេ, បច្ឆា អធម្មោ ឧទបាទិ លោកេ; ជេដ្ឋោ ច សេដ្ឋោ ច សនន្តនោ ច, ឧយ្យាហិ ជេដ្ឋស្ស កនិដ្ឋ មគ្គា។ ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ខ្ញុំជាច្បងផង ប្រសើរជាងផង មានតាំងពីព្រេងនាយផង ម្នាលប្អូន អ្នកចូរចៀសចេញ អំពីផ្លូវរបស់បង ។ អធម្មទេវបុត្រពោលថា ន យាចនាយ នបិ បាតិរូបា, ន អរហតា តេហំ ទទេយ្យំ មគ្គំ; យុទ្ធញ្ច នោ ហោតុ ឧភិន្នមជ្ជ, យុទ្ធម្ហិ យោ ជេស្សតិ តស្ស មគ្គោ។ ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នក ដោយសេចក្តីអង្វរ មិនត្រូវឲ្យ ដោយពាក្យសមគួរ មិនត្រូវឲ្យ ព្រោះខ្ញុំគួរបានផ្លូវ យើងទាំងពីរនាក់ ចូរច្បាំងគ្នា ក្នុងថ្ងៃនេះ អ្នកណាឈ្នះក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ ។ ធម្មទេវបុត្រពោលថា សព្ពា ទិសា អនុវិសដោហមស្មិ, មហព្ពលោ អមិតយសោ អតុល្យោ; គុណេហិ សព្ពេហិ ឧបេតរូបោ, ធម្មោ អធម្ម ត្វំ កថំ វិជេស្សសិ។ មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បីល្បាញសព្វទិស មានកម្លាំងច្រើន មានយសរាប់មិនអស់ មិនមានអ្នកណាផ្ទឹមបាន មានសភាពជាអ្នកប្រកបដោយគុណគ្រប់យ៉ាង អ្នកនឹងឈ្នះ (ខ្ញុំ) ដូចម្តេចបាន ។ អធម្មទេវបុត្រពោលថា លោហេន វេ ហញ្ញតិ ជាតរូបំ, ន ជាតរូបេន ហនន្តិ លោហំ; សចេ អធម្មោ ហញ្ឆតិ ធម្មមជ្ជ, អយោ សុវណ្ណំ វិយ ទស្សនេយ្យំ។ គេតែងដំមាស ដោយដែក គេមិនដែលដំដែកដោយមាសទេ បើអធម្មៈ ដំធម្មៈក្នុងថ្ងៃនេះ ដូចជាដែកដំមាស បុគ្គលគួរមើលដែរ ។ ធម្មទេវបុត្រពោលថា សចេ តុវំ យុទ្ធពលោ អធម្ម, ន តុយ្ហ វុឌ្ឍា ច គរូ ច អត្ថិ; មគ្គញ្ច តេ ទម្មិ បិយាប្បិយេន, វាចាទុរុត្តានិបិ តេ ខមាមិ។ ម្នាលអធម្មៈ បើអ្នកមានកម្លាំងនឹងច្បាំងបុគ្គលចាស់ និងបុគ្គលជាគ្រូ មិនមានដល់អ្នក ខ្ញុំនឹងឲ្យនូវផ្លូវដល់អ្នក ដោយពាក្យជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ផង ខ្ញុំនឹងអត់ទ្រាំនូវពាក្យទ្រគោះបោះបោក របស់អ្នកផង ។ គាថាទាំង ៦ នេះ លោកពោលដោយអំណាចជាពាក្យឆ្លើយឆ្លងរបស់ទេវបុត្រទាំង ២ នោះឯង ។ បណ្តាបទទាំងនោះ បទថា ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ សេចក្ដីថា ខ្ញុំនេះឈ្មោះថា អធម្មៈ ឡើងលើអធម្មយានហើយ មិនខ្លាចអ្នកណាឡើយ ជាអ្នកមានកម្លាំង នែធម្មៈ ហេតុអ្វីក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យផ្លូវ ដែលមិនធ្លាប់ឲ្យ ដល់លោក ។ បទថា បុព្ពេ សេចក្ដីថា ធម៌គឺកុសលកម្មបថ ១០ ប្រការប្រាកដហើយក្នុងលោកនេះ ក្នុងកាលជាបឋមកប្ប អធម៌ កើតឡើងខាងក្រោយ ។ បទថា ជេដ្ឋោ ច នេះ ធម្មៈពោលថា ព្រោះសេចក្ដីដែលធម៌កើតឡើងមុន ខ្ញុំទើបចម្រើនជាង ប្រសើរជាង ចាស់ជាង ចំណែកលោកជាប្អូន ហេតុនោះ លោកចូរគេចចេញទៅ ។ បទថា នបិ បាតិរូបា សេចក្ដីថា ខ្ញុំនឹងមិនឲ្យផ្លូវដល់លោក ដោយពាក្យសូម ក្ដី ដោយពាក្យគួរសមក្ដី ព្រោះខ្ញុំជាអ្នកសមគួរនឹងបានផ្លូវ ។ បទថា អនុវិសដោ សេចក្ដីថា ខ្ញុំជាអ្នកប្រាកដដោយគុណរបស់ខ្លួនដែលផ្សាយទៅសព្វទិស គឺ ទិសធំ ៤ និងទិសតូច ៤ និងជាអ្នកប្រាកដដោយបញ្ញា ។ បទថា លោហេន បានដល់ ដោយដុំដែក ។ បទថាហញ្ឆតិ ប្រែថា នឹងសម្លាប់ ។ បទថា តុវំ យុទ្ធពលោ អធម្ម សេចក្ដីថា នែអធម្មៈ បើលោកជាមានកម្លាំងក្នុងចម្បាំង ។ បទថា វុឌ្ឍា ច គរូ ច សេចក្ដីថា បើយ៉ាងនេះ បុគ្គលចាស់ និងបុគ្គលជាគ្រូ របស់អ្នកមិនមាន ។ បទថា បិយាប្បិយេន សេចក្ដីថា ខ្ញុំកាលឲ្យដោយសេចក្ដីពេញចិត្ត និង មិនពេញចិត្ត រមែងឲ្យផ្លូវដល់លោកដូចឲ្យដោយសេចក្ដីពេញចិត្ត ។ ក្នុងខណៈដែលព្រះពោធសត្វ ពោលគាថានេះចប់ហើយភ្លាម អធម្មៈកាលមិនអាចនឹងតាំងនៅលើរថ ជាអ្នកមានក្បាលសំយុងចុះ ធ្លាក់មកលើផែនដី បានទៅកាន់ចន្លោះនៃផែនដី ហើយកើតក្នុងអវីចិមហានរក ។ កាលព្រះភគវាបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយ ទ្រង់ក៏សម្ដែងព្រះគាថាដ៏សេសថា ៖ ឥទញ្ច សុត្វា វចនំ អធម្មោ, អវំសិរោ បតិតោ ឧទ្ធបាទោ; យុទ្ធត្ថិកោ ចេ ន លភាមិ យុទ្ធំ, ឯត្តាវតា ហោតិ ហតោ អធម្មោ។ អធម្មទេវបុត្រ ឮពាក្យនេះហើយ មានក្បាលសំយុងចុះ មានជើងឡើងលើ ក៏ធ្លាក់ចុះ ពោលពាក្យថា អញត្រូវការដោយចម្បាំង តែមិនបាននូវការច្បាំងឡើយ អធម្មទេវបុត្រ ក៏ស្លាប់ដោយហេតុត្រឹមប៉ុណ្ណេះឯង ។ ខន្តីពលោ យុទ្ធពលំ វិជេត្វា, ហន្ត្វា អធម្មំ និហនិត្វ ភូម្យា; បាយាសិ វិត្តោ អភិរុយ្ហ សន្ទនំ, មគ្គេនេវ អតិពលោ សច្ចនិក្កមោ។ ធម្មទេវបុត្រ មានខន្តិធម៌ ជាកម្លាំង មានចិត្ត មានកម្លាំងក្រៃពេក មានព្យាយាមដ៏ទៀងទាត់ បានផ្ចាញ់ បានសម្លាប់នូវអធម្មទេវបុត្រ ដែលមានចម្បាំងជាកម្លាំង ទម្លាក់ទៅលើផែនដី ហើយឡើងកាន់រថ (របស់ខ្លួន) បរទៅតាមផ្លូវដដែល ។ មាតា បិតា សមណព្រាហ្មណា ច, អសម្មានិតា យស្ស សកេ អគារេ; ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា និរយំ វជន្តិ តេ; យថា អធម្មោ បតិតោ អវំសិរោ។ បុគ្គលណា មិនបានធ្វើសក្ការៈដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយ ក្នុងលោកនេះ រមែងទៅកាន់នរក ដូចជាអធម្មទេវបុត្រ ដែលសំយុងក្បាលធ្លាក់ចុះ ។ មាតា បិតា សមណព្រាហ្មណា ច, សុសម្មានិតា យស្ស សកេ អគារេ; ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា សុគតិំ វជន្តិ តេ; យថាបិ ធម្មោ អភិរុយ្ហ សន្ទនំ។ បុគ្គលណា បានធ្វើសក្ការៈ ដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយ ក្នុងលោកនេះ រមែងទៅកាន់សុគតិ ដូចជាធម្មទេវបុត្រ ឡើងកាន់រថរបស់ខ្លួន ដូច្នោះ ។ បណ្តាបទទាំងនោះ បទថា យុទ្ធត្ថិកោ ចេ បានដល់ ការពិលាបរបស់អធម្មទេវបុត្រនោះ បានឮថា គេកំពុងពិលាបនោះឯង ធ្លាក់ចុះ ចូលទៅហើយកាន់ផែនដី ។ បទថាឯត្តាវតា សេចក្ដីថា ម្នាលភិក្ខុទាំង​ឡាយ អធម្មៈចូលទៅកាន់ផែនដីហើយ អស់កាលត្រឹមណា អធម្មៈឈ្មោះថាត្រូវសម្លាប់ហើយ ត្រឹម​នោះ​ ។ បទថា ខន្តីពលោ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ អធម្មទេវបុត្រចូលទៅកាន់ផែនដីហើយយ៉ាង​នេះ ធម្មទេវបុត្រជាអ្នកមានកម្លាំង គឺអធិវាសខន្តី ឈ្នះហើយនូវយុទ្ធពលនោះ សម្លាប់ហើយ កប់ក្នុងផែនដី ញ៉ាំងអធម្មៈឲ្យធ្លាក់ចុះហើយ ជាអ្នកមានចិត្តជឿជាក់ ព្រោះកើតភាពពិតប្រាកដ ឡើងកាន់​រថរបស់ខ្លួន មានសេចក្ដីព្យាយាមដ៏មាំ បានទៅតាមផ្លូវនោះឯង ។ បទថា អសម្មានិតា ប្រែថា ដែលគេមិនសក្ការៈ ។ បទថា សរីរទេហំ សេចក្ដីថា បានលះបង់កាយពោលគឺសរីរៈក្នុងលោកនេះ។ បទថា និរយំ វជន្តិ សេចក្ដីថា អ្នកសមគួរដល់សក្ការៈដែលមនុស្សអាក្រក់ណាមិនធ្វើក្នុងផ្ទះ មនុស្សអាក្រក់ដែលមានសភាពយ៉ាងនោះ រមែងមានក្បាលសំយុងចុះ ធ្លាក់ទៅកាន់នរក ដូចអធម្មទេវបុត្រមានក្បាលសំយុងចុះធ្លាក់ទៅ ដូច្នោះដែរ ។ បទថា សុគតិំ វជន្តិ សេចក្ដីថា បណ្ឌិតដែលមានសភាពដូច្នោះ ដែលអ្នកណាបានសក្ការៈហើយ អ្នកនោះរមែងទៅកាន់សុគតិ ដូចធម្មទេវបុត្រឡើងកាន់រថបរទៅកាន់ទេវលោក ដូច្នោះដែរ ។ ព្រះសាស្ដា គ្រានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានក្រោធខឹងនឹងតថាគត ហើយចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់ប្រជុំជាតកថា តទា អធម្មោ ទេវបុត្តោ ទេវទត្តោ អហោសិ អធម្មទេវបុត្រក្នុងកាលនោះ បានមកជាទេវទត្ត ។បរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទអធម្មទេវបុត្រនោះ បានមកជាបរិស័ទរបស់ទេវទត្ត ។ ធម្មោ បន អហមេវ ចំណែកធម្មទេវបុត្រ គឺជា តថាគត នេះឯង ។បរិសា ពុទ្ធបរិសាយេវ បរិស័ទរបស់ធម្មទេវបុត្រ បានមកជា ពុទ្ធបរិស័ទនេះឯង ។ ធម្មទេវបុត្តជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៦) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2887/_________red.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៩,២៥២ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវមហាភិនេស្ក្រមណ៍ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា មិត្តាមច្ចបរិព្យូឡ្ហំ ដូច្នេះ (ជាដើម) ។ (សេចក្ដីពិស្ដារថា) ថ្ងៃមួយ ភិក្ខុទាំងឡាយប្រជុំគ្នាក្នុងសាលាធម្មសភាពោលពាក្យសរសើរព្រះគុណរបស់ព្រះសាស្ដាថា ម្នាលអ្នកមានអាយុទាំងឡាយ ប្រសិនបើព្រះទសពលស្ដេចនឹងនៅគ្រប់គ្រងផ្ទះសោត ព្រះអង្គនឹងជាស្ដេចចក្រពត្តិ ក្នុងផ្ទៃនៃសកលចក្រវាឡ ប្រកបដោយរតនៈ ៧ ប្រការ ទ្រង់សម្រេចដោយឫទ្ធិទាំង ៤ មានព្រះឱរស ១០០០ ជាបរិវារ តែព្រះអង្គបានលះរាជសម្បត្តិ ដែលមានសភាពបែបនេះ ទ្រង់ឃើញទោសក្នុងកាមទាំងឡាយ ឡើងកាន់សេះកណ្ដកៈ មាននាយឆន្នអាមាត្យជាមិត្រ ចេញចាកព្រះនគរក្នុងវេលាពាក់កណ្ដាលអធ្រាត្រ ទ្រង់ព្រះផ្នួសត្រង់ច្រាំងស្ទឹងអនោមា ធ្វើនូវទុក្ករការិកអស់ ៦ វស្សា បានដល់នូវសម្មាសម្ពោធិញ្ញាណ ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយ ទើបព្រះអង្គត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលតថាគតចេញ​សាង​មហា​ភិនេស្ក្រមណ៍ សូម្បីក្នុងកាលមុន ក៏ធ្លាប់លះបង់រាជសម្បត្តិក្នុងនគរពារាណសី ដែលមានប្រមាណ ១២ យោជន៍ ចេញបួសដូចគ្នាដែរ ដូច្នេះហើយ ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថាៈ ក្នុង​អតីត​កាល មានព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមថា សព្វទត្ត ក្នុងរម្មនគរ ។ ពិតមែនហើយ នគរពារាណសីនេះ ក្នុងឧទយជាតក មានឈ្មោះថា សុរុន្ធននគរ, ក្នុងចូឡសុតសោមជាតក មានឈ្មោះថា សុទស្សនៈ, ក្នុងសោណនន្ទជាតក មានឈ្មោះថា ព្រហ្មវឌ្ឍនៈ, ក្នុងខណ្ឌហាលជាតក មានឈ្មោះថា បុប្ផវតី ក្នុងសង្ខព្រាហ្មណជាតក មានឈ្មោះថាមោឡិនី តែក្នុងយុធញ្ជយជាតកនេះ មានឈ្មោះថា រម្មនគរ ។ ឈ្មោះរបស់នគរនេះ បានផ្លាស់ប្ដូរក្នុងសម័យខ្លះ ដោយប្រការដូច្នេះ ។ ព្រះបាទសព្វទត្តមានព្រះឱរសមួយពាន់អង្គ ទ្រង់ព្រះរាជទានស្ថាបនាព្រះឱរសច្បង ដែលមានព្រះនាមថា យុធញ្ជ័យ ជាឧបរាជ ។ ឧបរាជនោះបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅរាល់ៗថ្ងៃ ។ កាលកន្លងទៅហើយយ៉ាងនេះ ក្នុងថ្ងៃមួយ ព្រះពោធិសត្វបានឡើងជិះលើរថដ៏ប្រសើរអំពីព្រឹក ស្ដេចយាងទៅកាន់ឧទ្យានកីឡា ដោយសិរីសម្បត្តិដ៏ធំ ទតព្រះនេត្រឃើញដំណក់ទឹកសន្សើម ដែលជាប់នៅនឹងអន្ទាក់សំណាញ់ ដែលធ្វើដោយសរសៃអំបោះ ក្នុងទីផ្សេងៗ មានចុងស្លឹកឈើ ចុងស្មៅ ចុងមែកឈើ និងសរសៃពីងពាងជាដើម ទើបត្រាស់សួរថា នែសារថីសម្លាញ់ នេះជាអ្វី ទ្រង់បានស្ដាប់ថា បពិត្រទេវៈ នេះជាដំណក់ទឹកសន្សើមក្នុងហិមសម័យ ។ ព្រះពោធិសត្វបានលេងក្នុងព្រះរាជឧទ្យានរហូតអស់ចំណែកនៃថ្ងៃ ទើបស្ដេចយាងត្រឡប់ក្នុងវេលាល្ងាច ទ្រង់មិនបានឃើញដំណក់ទឹកសន្សើមទាំងនោះឡើយ ក៏ត្រាស់សួរថា ម្នាលសារថីសម្លាញ់ ដំណក់ទឹកសន្សើមទាំងនេះ បាត់ទៅណា ឥឡូវនេះយើងមិនឃើញឡើយ ទ្រង់បានស្ដាប់ថា បពិត្រព្រះអង្គ ដំណក់ទឹកសន្សើមនោះ កាលដួងព្រះអាទិត្យរះឡើង ក៏រលាយធ្លាក់ចុះលើផែនដីអស់ហើយ ដូច្នេះហើយ ទ្រង់ដល់ហើយនូវសេចក្ដីសង្វេគត្រិះរិះថា សូម្បីជីវិតនិងសង្ខាររបស់សត្វទាំងនេះ ក៏ដូចនឹងដំណក់ទឹកសន្សើមលើចុងស្មៅនេះដែរ យើងកាលមិនទាន់ត្រូវជរា ព្យាធិ មរណៈបៀតបៀន គួរនឹងលាព្រះមាតាព្រះបិតាទៅបួស ដូច្នេះហើយ ទ្រង់ទើបធ្វើដំណក់ទឹកសន្សើមនោះឯងឲ្យជាអារម្មណ៍ បានឃើញភ័យក្នុងភពទាំង ៣ ដូចត្រូវភ្លើងឆេះ ។ ស្ដេចមកដល់ព្រះដំណាក់របស់ព្រះអង្គហើយ ទ្រង់យាងទៅសម្នាក់របស់ព្រះរាជបិតា ដែលប្រថាប់នៅក្នុងសាលាវិនិច្ឆ័យ ដែលតាក់តែងល្អហើយ ថ្វាយបង្គំព្រះបិតា ហើយប្រថាប់គង់ក្នុងទីដ៏សមគួរមួយ កាលនឹងទូលសូមអនុញ្ញាតបព្វជ្ជាទើបត្រាស់ព្រះគាថាទី ១ ថាៈ មិត្តាមច្ចបរិព្យូឡ្ហំ, អហំ វន្ទេ រថេសភំ; បព្ពជិស្សាមហំ រាជ, តំ ទេវោ អនុមញ្ញតុ។ បពិត្រព្រះរាជា ជាធំលើរថ ខ្ញុំព្រះអង្គសូមថា្វយបង្គំ (ព្រះអង្គ) ដែលមិត្រ និងអាមាត្រចោមរោមហើយ ខ្ញុំព្រះអង្គនឹងបួស សូមព្រះសម្មតិទេពអនុញ្ញាតផ្នួសនោះ(ដល់ខ្ញុំព្រះអង្គ)។ បណ្ដាបទទាំងនោះ បទថា បរិព្យូឡ្ហំ ប្រែថា ឡោមព័ទ្ធហើយ ។ បទថា តំ ទេវោ សេចក្ដីថា សូមព្រះទេវៈមេត្តាអនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គ ។ លំដាប់នោះ ព្រះរាជាកាលនឹងហាមឃាត់ ទើបត្រាស់ព្រះគាថាទី ២ ថា សចេ តេ ឩនំ កាមេហិ, អហំ បរិបូរយាមិ តេ; យោ តំ ហិំ សតិ វារេមិ, មា បព្ពជ យុធញ្ចយ។ បើបុត្រឯងខ្វះកាមទាំងឡាយ បិតានឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នក បុគ្គលណាបៀតបៀនអ្នក បិតានឹងឃាត់ (បុគ្គលនោះ) ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ព្រះរាជកុមារស្ដាប់ព្រះរាជតម្រាស់នោះហើយ ទើបត្រាស់ព្រះគាថាទី ៣ ថា ន មត្ថិ ឩនំ កាមេហិ, ហិំសិតា មេ ន វិជ្ជតិ; ទីបញ្ច កាតុមិច្ឆាមិ, យំ ជរា នាភិកីរតិ។ ខ្ញុំព្រះអង្គមិនមានសេចក្តីខ្វះកាមទាំងឡាយទេ បុគ្គលនីមួយបៀតបៀននូវខ្ញុំព្រះអង្គ ក៏មិនមានដែរ តែថាខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើនូវទីពឹង(ដល់ខ្លួន)ដែលជរាកម្ចាត់បង់មិនបាន ។ បណ្ដាបទទាំងនោះ បទថា ទីបញ្ច សេចក្ដីថា បពិត្រព្រះអង្គ សេចក្ដីខ្វះដោយកាមទាំងឡាយរបស់ខ្ញុំព្រះអង្គមិនមានឡើយ អ្នកណាៗដែលនឹងបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ តែខ្ញុំព្រះអង្គប្រាថ្នានឹងសាងទីពឹងរបស់ខ្លួនដើម្បីដំណើរទៅកាន់បរលោក ។ បទថា យំ ជរា នាភិកីរតិ សេចក្ដីថា ខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើកោះដែលជរាគ្របសង្កត់មិនបាន កម្ចាត់មិនបាន គឺនឹងស្វែងរកអមតមហានិព្វាន ខ្ញុំមិនត្រូវការដោយកាមទាំងឡាយ បពិត្រមហារាជ សូមទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គបួសចុះ ។ ព្រះរាជកុមារទូលសូមរឿយៗ ដោយប្រការដូច្នេះ ព្រះរាជាត្រាស់ហាមថា កុំបួសឡើយបុត្រ ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់កន្លះថា បុត្តោ វា បិតរំ យាចេ, បិតា វា បុត្តមោរសំ បុត្រអង្វរនូវបិតា បិតាក៏អង្វរនូវបុត្តឱរសដែរ ។ វាអក្សរក្នុងគាថានោះ ជាសម្បិណ្ឌត្ថៈ (មានការប្រមូលមកជាអត្ថ) ។ ចំណុចនេះមាន ពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះឱរសអង្វរព្រះរាជបិតា និងព្រះរាជបិតាក៏អង្វរព្រះរាជឱរស ។ ព្រះរាជាត្រាស់កន្លះគាថាដ៏សេសថា នេគមោ តំ យាចេ តាត, មា បព្ពជ យុធញ្ចយ។ ម្នាលកូន ជនអ្នកនៅក្នុងនិគមអង្វរអ្នក ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។ ពាក្យនៃគាថាមានអធិប្បាយថា ម្នាលបុត្រ មហាជនដែលរស់នៅក្នុងនិគមនេះ នាំគ្នាអង្វរអ្នក សូម្បីអ្នកនគរក៏នាំគ្នាអង្វរអ្នកថា ព្រះអង្គកុំបួសឡើយ ។ ព្រះកុមារត្រាស់ព្រះគាថាទី ៤ ថា មា មំ ទេវ និវារេហិ, បព្ពជន្តំ រថេសភ; មាហំ កាមេហិ សម្មត្តោ, ជរាយ វសមន្វគូ។ បពិត្រព្រះបិតាជាធំក្នុងរថ សូមព្រះអង្គកុំឃាត់ផ្នួសខ្ញុំព្រះអង្គនោះ កុំឲ្យខ្ញុំព្រះអង្គពោរពេញដោយកាមទាំងឡាយ ឲ្យលុះក្នុងអំណាចជរាឡើយ ។ បណ្ដាបទទាំងនោះ បទថា វសមន្វគូ សេចក្ដីថា ខ្ញុំព្រះអង្គកុំជាមនុស្សពោរពេញដោយកាមទាំងឡាយ បានឈ្មោះថា ដើរទៅកាន់អំណាចរបស់ជរាឡើយ អធិប្បាយថា សូមព្រះអង្គមេត្តាទតទូលព្រះបង្គំដោយឋានៈដែលជាអ្នកញ៉ាំងវដ្ដទុក្ខឲ្យអស់ទៅ ត្រាស់ដឹងនូវព្រះសព្វញ្ញុតញ្ញាណចុះ ។ កាលព្រះពោធសិត្វក្រាបទូលយ៉ាងនេះហើយ ព្រះរាជាក៏ជាអ្នកអស់យោបល់ ។ ចំណែកព្រះរាជមាតារបស់ព្រះពោធិសត្វ បានស្ដាប់ថា បពិត្រព្រះទេវី ព្រះឱរសរបស់ព្រះនាង កំពុងទូលសូមឲ្យព្រះបិតាអនុញ្ញាតការបព្វជ្ជា ព្រះនាងក៏ត្រាស់ថា ពួកអ្នកនិយាយអ្វី ទាំងដែលព្រះភក្ត្រមិនមានសេចក្ដីត្រេកអរ ទ្រង់ប្រថាប់លើសុវណ្ណសិវិកា (គ្រែស្នែងមាស) ប្រញាប់យាងទៅទីវិនិច្ឆ័យ កាលនឹងអង្វរទើបត្រាស់ព្រះគាថាទី ៦ ថា អហំ តំ តាត យាចាមិ, អហំ បុត្ត និវារយេ; ចិរំ តំ ទដ្ឋុមិច្ឆាមិ, មា បព្ពជ យុធញ្ចយ។ ម្នាលកូន យើងសូមអង្វរអ្នក ម្នាលកូន យើងសូមឃាត់អ្នក យើងចង់ឃើញអ្នកអស់កាលយូរ ម្នាលយុធព្ជា័យ ចូរអ្នកកុំបួសឡើយ ។ ព្រះរាជកុមារបានស្ដាប់ព្រះរាជសវនីយ៍នោះហើយ ទើបត្រាស់ព្រះគាថាទី ៧ ថា ឧស្សាវោវ តិណគ្គម្ហិ, សូរិយុគ្គមនំ បតិ; ឯវមាយុ មនុស្សានំ, មា មំ អម្ម និវារយ។ ទឹកសន្សើមលើចុងស្មៅ តែងធ្លាក់ចុះ (លើផែនដី) ក្នុងកាលព្រះអាទិត្យរះឡើង យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ បពិត្រព្រះមាតា សូមព្រះមាតា កុំឃាត់ខ្ញុំឡើយ ។ ពាក្យនៃគាថានោះមានអធិប្បាយថា បពិត្រព្រះមាតា ដំណក់ទឹកសន្សើមលើចុងស្មៅ កាលព្រះអាទិត្យរះឡើងក៏រលាយបាត់ទៅ មិនអាចនឹងតាំងនៅ គឺធ្លាក់ចុះទៅលើផែនដីទាំងអស់ យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះ ជារបស់តិចតួច មិនអាចនឹងតាំងយូរបានឡើយ ក្នុងលោកសន្និវាសដែលមានសភាពបែបនេះ ព្រះមាតានឹងឃើញខ្ញុំព្រះអង្គយូរបានប៉ុណ្ណា សូមព្រះម៉ែម្ចាស់កុំឃាត់ខ្ញុំព្រះអង្គឡើយ ។ សូម្បីកាលព្រះពោធិសត្វក្រាបទូលយ៉ាងនេះហើយ ព្រះនាងក៏នៅតែអង្វរដដែលៗ ជារឿយៗ ។ លំដាប់នោះ ព្រះមហាសត្វ បានក្រាបទូលហៅព្រះរាជបិតា ទើបត្រាស់ព្រះគាថាទី ៨ ថា តរមានោ ឥមំ យានំ, អារោបេតុ រថេសភ; មា មេ មាតា តរន្តស្ស, អន្តរាយករា អហូ’’តិ។ បពិត្រព្រះបិតា ជាធំក្នុងរថ សូមឲ្យ (បុរស) ចម្លងព្រះមាតា (របស់ខ្ញុំព្រះអង្គ) ឲ្យឡើងកាន់ព្រះរាជយាននេះ កុំឲ្យមាតាធ្វើនូវសេចក្តីអន្តរាយ ដល់ខ្ញុំព្រះអង្គ ដែលកំពុងឆ្លង ។ ពាក្យនៃគាថានោះ មានអធិប្បាយថា បពិត្រព្រះបិតាអ្នកជាធំលើរថ សូមទ្រង់បញ្ជាឲ្យមនុស្សយាងព្រះមាតារបស់ខ្ញុំព្រះអង្គនេះ ឲ្យស្ដេចឡើងកាន់ព្រះរាជយាន គឺព្រះសុវណ្ណសិវិកា កុំឲ្យព្រះមាតាធ្វើសេចក្ដីអន្តរាយដល់ខ្ញុំព្រះអង្គ ដែលកំពុងឈានកន្លងដែនកន្តារគឺ ជាតិ ជរា ព្យាធិ និងមរណៈឡើយ ។ ព្រះរាជាស្ដាប់ព្រះតម្រាស់របស់ព្រះឱរសហើយ ត្រាស់ថា ម្នាលនាងដ៏ចម្រើន សូមអូនយាងទៅចុះ ចូរប្រថាប់លើសុវណ្ណសិវិការបស់អូន ហើយឡើងកាន់ប្រាសាទញ៉ាំងសេចក្ដីត្រេកអរឲ្យចម្រើនចុះ ។ ព្រះនាងស្ដាប់ព្រះរាជតម្រាស់របស់ព្រះរាជានោះហើយ កាលមិនអាចនឹងប្រថាប់នៅបាន ទ្រង់ឡោមព័ទ្ធដោយពួកនារី ស្ដេចយាងទៅកាន់ប្រាសាទ ទ្រង់ប្រថាប់ឈរទតមើលសាលាវិនិច្ឆ័យដោយទឹកព្រះទ័យ​ថា បុត្រជាទីស្រឡាញ់របស់យើង នឹងទៅជាយ៉ាងណាហ្ន៎ ។ ចំណែកព្រះពោធិសត្វ កាលព្រះមាតាស្ដេចទៅហើយ ទ្រង់ក៏អង្វរព្រះរាជបិតាម្ដងទៀត ។ ព្រះរាជាកាលមិនអាចនឹងហាមបាន ទ្រង់ក៏អនុញ្ញាតថា ម្នាលបុត្រ បើយ៉ាងនោះ ចូរធ្វើចិត្តរបស់អ្នកឲ្យដល់ទីបំផុត បុត្រចូរបួសចុះ ។ ក្នុងវេលាដែលព្រះរាជាអនុញ្ញាតហើយ ព្រះកនិដ្ឋារបស់ព្រះពោធិសត្វព្រះនាម យុធិដ្ឋិលកុមារ ថ្វាយបង្គំព្រះរាជបិតា ក្រាបទូលសូមអនុញ្ញាតថា បពិត្រព្រះបិតា សូមទ្រង់អនុញ្ញាតការបព្វជ្ជាដល់ខ្ញុំព្រះអង្គផង ។ ព្រះរាជកុមារទាំងពីរថ្វាយបង្គំព្រះរាជបិតាហើយ លះបង់នូវកាមទាំងឡាយ មានមហាជនឡោមព័ទ្ធស្ដេចយាងចេញចាកទីវិនិច្ឆ័យ ។ ចំណែកព្រះទេវីទតព្រះនេត្រមើលព្រះមហាសត្វ ទ្រង់ព្រះកន្សែងបរិទេវនាការថា កាលបុត្ររបស់យើងបួសហើយ រម្មនគរនឹងសោះសូន្យ ទើបត្រាស់ព្រះគាថាទាំង ២ ថា អភិធាវថ ភទ្ទន្តេ, សុញ្ញំ ហេស្សតិ រម្មកំ; យុធញ្ចយោ អនុញ្ញាតោ, សព្ពទត្តេន រាជិនា។ នាងទាំងឡាយចូរស្ទុះទៅ សេចក្តីចម្រើន (នឹងមាន) ដល់នាង នគររម្មកៈ មុខជានឹងសូន្យ (ព្រោះថា) យុធព្ជា័យកុមារ ព្រះរាជាសព្វទត្ត អនុញ្ញាត (ឲ្យបួសហើយ) ។ យោហុ សេដ្ឋោ សហស្សស្ស, យុវា កញ្ចនសន្និភោ; សោយំ កុមារោ បព្ពជិតោ, កាសាយវសនោ ពលិ។ ព្រះរាជកុមារណា នៅក្មេង មានសម្បុរផ្ទឹមនឹងមាស ប្រសើរបំផុតជាងព្រះរាជបុត្រ ១០០០ ព្រះរាជកុមារនោះ ជាអ្នកមានកម្លាំង ស្លៀកសំពត់កាសាយៈ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា អភិធាវថ សេចក្ដីថា ព្រះនាងត្រាស់បញ្ជាពួកនារី ដែលឈរឡោមព័ទ្ធព្រះនាងថា នែនាងដ៏ចម្រើនទាំងឡាយ នាងទាំងឡាយចូរស្ទុះទៅចុះ ។ ដោយបទថា ភទ្ទន្តេ ព្រះនាងត្រាស់ថា សេចក្ដីចម្រើនព្រោះការទៅនោះ ចូរមានដល់នាង ។ បទថា រម្មកំ ព្រះនាងត្រាស់សំដៅដល់រម្មនគរ ។ បទថា យោហុ សេដ្ឋោ សេចក្ដីថា ព្រះឱរសរបស់ព្រះរាជាដ៏ប្រសើរជាងឱរសទាំងពាន់នោះ ទ្រង់បួសហើយ ទាំងនេះ ព្រះនាងត្រាស់សំដៅដល់ព្រះមហាសត្វដែលកំពុងយាងទៅដើម្បីបួស ដោយប្រការដូច្នេះ ។ ចំណែកព្រះពោធិសត្វទ្រង់មិនទាន់បួសភ្លាមទេ ព្រះអង្គថ្វាយបង្គំព្រះរាជមាតា ព្រះរាជបិតាហើយ ទ្រង់ដឹកនាំព្រះកនិដ្ឋាយុធិដ្ឋិលកុមារ ស្ដេចចេញចាកព្រះនគរ ឲ្យមហាជននាំគ្នាត្រឡប់ហើយ ព្រះកុមារទាំងពីរអង្គក៏ចូលទៅកាន់ព្រៃហិមពាន្ត ទ្រង់សាងអាស្រមក្នុងស្ថានទីដែលគួររីករាយ ទ្រង់បួសជាឥសី ធ្វើឈាននិងអភិញ្ញាឲ្យកើតឡើង រស់នៅដោយផ្លែឈើ មើមឈើ ក្នុងព្រៃជាដើម រហូតអស់ព្រះជន្មាយុ ជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ។ ព្រះសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ ទើបត្រាស់ព្រះគាថាចុងក្រោយថា ឧភោ កុមារា បព្ពជិតា, យុធញ្ចយោ យុធិដ្ឋិលោ; បហាយ មាតាបិតរោ, សង្គំ ឆេត្វាន មច្ចុនោ។ កុមារទាំងពីរអង្គ គឺយុធព្ជា័យ ១ យុធិដ្ឋិលៈ ១ លះបង់នូវព្រះមាតា និងព្រះបិតា ផ្តាច់ចោលនូវគ្រឿងជាប់ចំពាក់របស់មច្ចុ បួសហើយ ។ បណ្ដាបទទាំងនោះ បទថា មច្ចុនោ ប្រែថា នៃមារ មានពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះកុមារទាំងពីរអង្គនោះ គឺយុធញ្ជ័យ និង យុធិដ្ឋិលៈ ទ្រង់លះបង់ព្រះរាជមាតា ព្រះរាជបិតា កាត់ផ្ដាច់គ្រឿងចងគឺរាគៈ ទោសៈ និងមោហៈក្នុងសម្នាក់របស់មារ ហើយនាំគ្នាបួស ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន តថាគតក៏ធ្លាប់លះបង់រាជសម្បត្តិហើយបួសដូចគ្នា រួចទើបទ្រង់ប្រជុំជាតកថាតទា មាតាបិតរោ មហារាជកុលានិ អហេសុំ ព្រះរាជមាតាបិតាក្នុងកាលនោះ បានមកជាមហារាជត្រកូល ។ យុធិដ្ឋិលកុមារោ អានន្ទោ យុធិដ្ឋិលកុមារ បានមកជាអានន្ទ ។ យុធញ្ចយោ បន អហមេវ អហោសិំ ចំណែក យុធញ្ជ័យ គឺ តថាគត នេះឯង ។ ចប់ យុធព្ជាយជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៧)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2881/____________xtpic.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៦,៤៩១ ដង)
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បស្ស សទ្ធាយ សីលស្ស ដូច្នេះជាដើម ។ បានឮថា ឧបាសកនោះ ជាអរិយសាវក ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយ គាត់ដើរទៅកាន់វត្តជេតពន ដល់ឆ្នេរស្ទឹងអចិរវតី ក្នុងពេលរសៀល កាលមិនឃើញទូកត្រង់ច្រាំងស្ទឹង ព្រោះម្ចាស់ទូកទៅស្តាប់ធម៌ ទើបចម្រើនបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ហើយចុះកាន់ស្ទឹង ជើងរបស់គាត់មិនលិចទឹកទេ ដូចដើរលើ ផែនដី ពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលក បីតិដែលមានព្រះពុទ្ធជា អារម្មណ៍របស់គាត់ក៏ខ្សោយទៅ ជើងរបស់គាត់ផ្តើមលិចចុះ គាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ដើរលើខ្នងទឹកទៅដល់វត្តជេតពន ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា ម្នាលឧបាសក អ្នកធ្វើ ដំណើរតាមផ្លូវមកដល់ទីនេះ ប្រហែលជាហត់នឿយបន្តិចហើយមើលទៅ ។ឧបាសកនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ ទើបបានទីពឹងលើខ្នងទឹក ដូចជាន់ផែនដីដើរមក ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែល រឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះ សូម្បីក្នុងកាលមុន ឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ ។ កាល ឧបាសកនោះក្រាបបង្គំអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា ៖ ក្នុងអតីតកាល ក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សប ព្រះអរិយសាវកថ្នាក់សោតា បន្នមួយរូប ឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់ ។ ភរិយារបស់ ជាងកោរកាត់នោះ ប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថា បពិត្រអ្នកអើយ សុខទុក្ខ ស្វាមីរបស់ខ្ញុំ សូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ ។ លុះដល់ថ្ងៃទី ៧ ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ ។ ជនទាំង ពីរនាក់នោះ បានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ ។ ជាងកោរកាត់ នោះ បានសម្លាប់បក្សីអាំងស៊ី ហើយឲ្យឧបាសកនោះ ។ ឧបាសកមិនព្រមបរិភោគដោយ ពោលថា កុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ ។ ឧបាសកនោះគិតថា ក្រៅពីព្រះរតនត្រៃហើយ មិនមានទីអ្វីដទៃសម្រាប់អញទេ ទើបគាត់រឭកគុណព្រះរតនត្រៃ ។ គ្រានោះ កាលគាត់ កំពុងរឭកគុណព្រះរតនត្រៃ ស្តេចនាគដែលកើតក្នុងកោះនោះ ក៏និម្មិតរាងកាយរបស់ ខ្លួនជាទូកធំ មានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក ។ ទូកនោះពេញទៅដោយ រតនៈ ៧ ប្រការ សសរក្តោងទាំង ៣ សម្រេចអំពីកែវមណីពណ៌ឥន្ទនិល ទូកសម្រេច អំពីមាស ខ្សែសម្រេចអំពីប្រាក់ ច្រវាសម្រេចអំពីមាស ។ ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថា អត្ថិ ជម្ពុទីបំ គមិកា មានអ្នកចង់ទៅជម្ពូទ្វីបទេ ? ឧបាសកឆ្លើយថា មយំ គមិស្សាម ពួកយើងចង់ទៅ ។ ទេវតាពោលថា បើដូច្នោះ ចូរឡើងទូកមក ។ឧបាសកឡើងទូក ហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ ។ ទេវតាប្រចាំសមុទ្ទពោលថា បានតែអ្នកម្នាក់ប៉ុណ្ណោះ អ្នកនោះមិនបានទេ ។ ឧបាសកសួរថា ព្រោះហេតុអ្វី ? ទេវតាប្រចាំសមុទ្ទឆ្លើយថា ព្រោះបុរសនោះមិនមានគុណ គឺសីលនិងអាចារៈ ព្រោះហេតុនោះ ទើបខ្ញុំនាំទូកមកដើម្បីអ្នក មិនមែនដើម្បីបុរសម្នាក់នោះទេ ។ (កាល ទេវតាពោលដូច្នេះហើយ ឧបាសកក៏ពោលថា) ណ្ហើយចុះ ខ្ញុំនឹងឲ្យចំណែកបុណ្យដល់ បុរសនេះ ដោយទានដែលខ្ញុំបានឲ្យហើយ ដោយសីលដែលខ្ញុំបានរក្សាហើយ ដោយ ភាវនាដែលខ្ញុំបានអប់រំហើយ ។ ជាងកោរកាត់ឆ្លើយថា អនុមោទាមិ សាមិ បពិត្រលោកម្ចាស់ ខ្ញុំសូម អនុមោទនា ។ ទេវតារក្សាសមុទ្ទពោលថា ខ្ញុំនឹងនាំទៅឥឡូវនេះ ហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ (ដាក់ក្នុងទូក) ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹង ហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះ របស់អ្នកទាំងពីរ ដោយអានុភាពរបស់ខ្លួន ។ (សមុទ្ទទេវតានោះ) បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថា ឈ្មោះ​ថា​សេចក្តី ស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយ គឺគេគួរធ្វើមែនពិត ប្រសិនបើជាងកោរកាត់នេះ មិនបាន​សេព​គប់នឹងឧបាសកនេះទេ ត្រូវវិនាសកណ្តាលសមុទ្ទនេះឯង ទើបពោល គាថាទាំងនោះថា បស្ស សទ្ធាយ សីលស្ស, ចាគស្ស ច អយំ ផលំ; នាគោ នាវាយ វណ្ណេន, សទ្ធំ វហតុបាសកំ។ អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំ ឧបាសកមានសទ្ធា ។ សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ; សតញ្ហិ សន្និវាសេន, សោត្ថិំ គច្ឆតិ ន្ហាបិតោ។ បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួក សប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។ បណ្តាបទទាំងនោះ បទថា បស្ស បានដល់ (ទេវតា) ហៅថាចូរមើលចុះ មិនកំណត់បុគ្គលណាមួយ ។ បទថា សទ្ធាយ គឺដោយលោកិយសទ្ធា និងលោកុត្តរសទ្ធា ។សូម្បីសីលក៏មានន័យដូច្នេះដែរ ។ បទថា ចាគស្ស បានដល់ ទេយ្យធម្មបរិចា្ចគ និង កិលេសបរិច្ចាគ ។ បទថា អយំ ផលំ បានដល់ នេះជាផល គឺជាគុណ ជាអានិសង្ស ។ ម្យ៉ាងទៀត គប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថា ចូរមើលផលនៃការបរិច្ចាគចុះ ស្តេចនាគនេះក្លែងភេទជាទូក ។ បទថា នាវាយ វណ្ណេន គឺដោយសណ្ឋានជាទូក ។ បទាថា សទ្ធំ គឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ ។ បទថា សព្ភិរេវ គឺពួកបណ្ឌិតនោះឯង ។ បទថា សមាសេថ បានដល់ ចូរមកនៅ គឺមកនៅជាមួយគ្នា រស់នៅជាមួយគ្នា ។ បទថា កុព្វេថ បានដល់ គប្បីធ្វើ ។ បទថា សន្ថវំ បានដល់ សិទ្ធស្នាលក្នុងឋានៈជាមិត្ត ប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ ។ បទថា ន្ហាបិតោ បានដល់ ក្ដុម្ពីជាជាងកោរកាត់ ។ បាលីខ្លះថា នហាបិតោ ក៏មាន ។ ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយ ទើបនាំ ស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ ។ ព្រះបរមសាស្តា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ឧបាសកនោះបានសម្រេចសកទាគាមិផល ហើយទ្រង់ប្រជុំជាតកថា ឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ (លុះចម្រើនមគ្គខ្ពស់ៗ ឡើងទៅ) ក៏បានបរិនិព្វានហើយ សេ្តចនាគបានមកជាព្រះសារីបុត្រ ចំណែកទេវតា ប្រចាំសមុទ្ទ គឺ តថាគត នេះឯង ៕ ចប់ សីលានិសំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត អសទិសវគ្គ បិដកលេខ ៥៨ ទំព័រ ៩៣) ដោយ៥០០០ឆ្នាំ
images/articles/2871/____________pic.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ៦,៩៦០ ដង)
រឿងស្ដេចត្រីពោធិសត្វប្រកាសសច្ចវាចាហៅភ្លៀងឲ្យធ្លាក់ចុះ ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភ្លៀងដែលទ្រង់ បណ្តាលឲ្យធ្លាក់​មក បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អភិត្ថនយ បជ្ជុន្ន ដូច្នេះជាដើម ។ ​បានឮថា សម័យមួយ ក្នុងដែនកោសលមិនមានភ្លៀងសោះ សន្ទូងទាំងឡាយ ហួត​ហែង ​អណ្តូងទឹក ស្រះបោក្ខរណី និងស្រះក្នុងទីនោះៗ ក៏រីងស្ងួត សូម្បីស្រះ បោក្ខរណីជេតពនដែលនៅជិតខ្លោងទ្វារវត្តជេតពនក៏ដាច់ទឹកដែរ ។ ហ្វូងក្អែកនិងហ្វូង បក្សីជាដើម នាំគ្នាចោមរោមយកចំពុះចឹកត្រីនិងអណ្តើកដែលកប់ចូលទៅក្នុងភក់ ចេញ មកស៊ីទាំងដែលកំពុងរើបម្រះ ។ ព្រះបរមសាស្តា ទ្រង់ទតឃើញសេចក្តីវិនាសរបស់ត្រី និងអណ្តើក ត្រូវព្រះមហាករុណាដាស់​តឿន​ព្រះទ័យឲ្យទ្រង់មានឧស្សាហៈទើបទ្រង់ព្រះ តម្រិះថា ថ្ងៃនេះតថាគតគួរបណ្តាល​​ភ្លៀងឲ្យធ្លាក់ចុះមក ។ លុះរាត្រីកន្លងទៅ (ភ្លឺ) ទ្រង់បដិបត្តិសរីរៈស្រេចហើយ ទ្រង់​កំណត់​វេលាភិក្ខាចារ មានភិក្ខុសង្ឃមួយពួកធំ ហែហម ស្តេចចូលទៅបិណ្ឌបាតក្នុងនគរសាវត្ថីដោយព្រះពុទ្ធលីលា ក្រោយភត្តទ្រង់ ត្រឡប់មកអំពីបិណ្ឌបាតហើយ កាលទ្រង់​ត្រឡប់មកអំពី​នគរសាវត្ថី​ចូលកាន់ព្រះវិហារ ទ្រង់ប្រថាប់ឈរក្បែរជណ្តើរស្រះបោក្ខរណី​ជេតពន ត្រាស់ហៅព្រះអានន្ទថា ម្នាល អានន្ទ អ្នកចូរយកសំពត់ងូតទឹកមក តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ព្រះអានន្ទកា្របទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះបោក្ខរណីជេតពន រីងស្ងួតអស់​ហើយ នៅសល់ត្រឹមតែសើមដីប៉ុណ្ណោះមិនមែនឬ ព្រះអង្គ ?ព្រះសាស្តាត្រាស់ថា ម្នាល​អានន្ទ ធម្មតាកម្លាំងរបស់ព្រះពុទ្ធខ្លាំង អ្នកចូរទៅយក សំពត់ងូតទឹកមកចុះ ។ ព្រះអានន្ទក៏ទៅយកមកថ្វាយ ព្រះបរមសាស្តាទ្រង់ស្លៀកសំពត់ ឧទកសាដកដោយជាងម្ខាង ជាយម្ខាងទៀតទ្រង់ដណ្តប់ព្រះសរីរៈ ទ្រង់ប្រថាប់ឈរនៅ ក្បែរជណ្តើរ ទ្រង់តាំងព្រះ​ទ័យ​ថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ភ្លាមនោះឯង បណ្ឌុកម្ពលសិលាសនៈរបស់សក្កទេវរាជ ក៏សម្តែងអាការៈក្តៅ សក្ក ទេវរាជទ្រង់ពិចារណាថា តើមានហេតុអ្វីហ្ន៎ ? ទ្រង់ជ្រាបហេតុនោះ ទើបមានទេវបញ្ជា ហៅវលា​ហក​ទេវរាជ ម្ចាស់ភ្លៀងមកគាល់ហើយត្រាស់ថា នែទេវបុត្រ ព្រះបរមសាស្តា ទ្រង់តាំងព្រះ​ទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ទ្រង់ប្រថាប់ឈរ នៅក្បែរ​ជណ្តើរ​​ស្រះ អ្នកចូរធ្វើដែនកោសលទាំងមូលឲ្យមានភ្លៀងធ្លាក់ជោកជាំ បណ្តាល ឲ្យភ្លៀងធ្លាក់​​ចុះ​មកឆាប់ៗចុះ ។ វលាហកទេវរាជទទួលទេវបញ្ជាហើយ ស្លៀកដុំពពក មួយដុំ ដណ្តប់​មួយដុំ ច្រៀងបទ​ចម្រៀង​ដែលមានឈ្មោះថា មេឃសង្គីត បែរមុខទៅរក លោកធាតុខាងកើត ហោះទៅកាន់ទិសខាងកើត ក៏ប្រាកដដុំពពកមួយដុំប៉ុនលានបញ្ជាន់ ស្រូវ ត្រួតលើគ្នាជាជាន់ៗទាំង​រយ​ជាន់ ពាន់ជាន់ ផ្គរលាន់ទ្រហឹងអឺងកង ផ្លេកបន្ទោរដាល ច្រវាត់ ភ្លៀងក៏ធ្លាក់ចុះមកដូចគេ​ផ្កាប់​ឆ្នាំង ដែនកោសលទាំងមូលជន់លិចដូចជំនន់ ទឹកហូរមក ភ្លៀងបង្អុរចុះមកមិនដាច់​ខ្សែ មួយភ្លែតប៉ុណ្ណោះ ក៏ពេញស្រះបោក្ខរណី ជេតពន ទឹកលិចរហូតដល់មាត់ជណ្តើរ ។ ព្រះបរមសាស្តា ទ្រង់ស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនហើយ ទ្រង់គ្រងសំពត់ ពីរជាន់​ពណ៌​ក្រហម ក្រវាត់វត្ថពន្ធចង្កេះ ទ្រង់គ្រងព្រះសុគតចីវរឆៀងស្មាម្ខាង ហែហម ដោយភិក្ខុសង្ឃ​ ស្តេច​យាងទៅ ទ្រង់គង់លើបវរពុទ្ធាសនៈ ដែលក្រាលទុកហើយក្នុង បរិវេណព្រះគន្ធកុដិ ​កាល​ភិក្ខុសង្ឃសម្តែងវត្តបដិបត្តិហើយ ស្តេចឧដ្ឋាការទ្រង់ប្រថាប់ ឈរលើផ្ទៃជណ្តើរ​កែវ​មណី ប្រទានឱវាទដល់ភិក្ខុសង្ឃ ហើយទ្រង់បញ្ជូនភិក្ខុសង្ឃឲ្យ ត្រឡប់ទៅវិញ ស្តេចយាងចូលកាន់ព្រះគន្ធកុដិដែលមានក្លិនជាប់ចិត្ត ទ្រង់ផ្ទំ​សីហ​សេយ្យាដោយបែរទៅខាងស្តាំ ។ លុះដល់ពេលរសៀល ពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងធម្មសភាលើករឿងឡើងសន្ទនាគ្នាថា អ្នកមាន​អាយុ​ទាំងឡាយ អ្នកទាំងឡាយចូរមើល ព្រះគុណសម្បត្តិ គឺ ខន្តី មេត្តា និងព្រះករុណា​របស់ព្រះទសពល កាលសន្ទូងទាំងឡាយ កំពុងតែស្វិតស្រពោន ជលាល័យគ្រប់កន្លែង​ក៏រីងស្ងួត ហ្វូងត្រីនិងអណ្តើកជួបប្រសព្វ ទុក្ខធំ ទ្រង់អាស្រ័យព្រះករុណា ទ្រង់ស្លៀកសំពត់ឧទកសាដក ដោយព្រះពុទ្ធបំណង នឹងឲ្យមហាជនផុតចាកទុក្ខ ទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរនៃស្រះបោក្ខរណីជេតវន ទ្រង់បណ្តាលឲ្យភ្លៀងបង្អុរចុះមក ដូចជំនន់ទឹកធំហូរមក ជន់លិចកោសលរដ្ឋគ្រប់កន្លែង ដោយវេលាត្រឹមតែមួយភ្លែត ទ្រង់ដោះមហាជនឲ្យរួចផុតអំពីទុក្ខតាមផ្លូវកាយ ទុក្ខតាម ផ្លូវចិត្តហើយ ស្ដេចយាងចូលកាន់វិហារ ។ ព្រះបរមសាស្ដា ស្ដេចយាងចេញអំពីព្រះគន្ធ កុដិមកកាន់ធម្មសភាទ្រង់ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នក ទាំងឡាយអង្គុយប្រជុំសនន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ ដែលតថាគតធ្វើឲ្យភ្លៀងបង្អុរចុះមក ក្នុង​កាលមហាជនកំពុងតែជួបការ លំបាកដោយទឹកភ្លៀងនោះ សូម្បីក្នុងកាលមុន គឺ តថា​គត​កើតក្នុងកំណើតសត្វតិរច្ឆាន ក្នុងកាលជាស្ដេចនៃហ្វូងត្រី ក៏បានធ្វើភ្លៀងឲ្យបង្អុរចុះមកដែរ ​ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាល មានត្រពាំង​មួយព័ទ្ធជុំវិញដោយព្រៃកា្រស់នៃវល្លិត្រង់ស្រះ បោក្ខរណីជេតពន នាក្រុងសាវត្ថី​ដែន​​កោសលនេះឯង ។ គ្រានោះ ព្រះបរមពោធិសត្វ បដិសន្ធិក្នុងកំណើតត្រី មានហ្វូងត្រីជា​បរិវារនៅក្នុងត្រពាំងនោះ​ សូម្បីក្នុងកាលនោះ ដែននោះក៏គ្មានភ្លៀងធ្លាក់ចុះមកដូចពេលនេះដែរ សន្ទូងរបស់ពួក​អ្នកស្រុកក្រៀមស្វិត ខូចខាតអស់ ក្នុងបឹងជាដើមគ្មានទឹក ហ្វូងត្រីនិងអណ្តើកនាំគ្នាត្បុរ​ចូលភក់ ។ សូម្បីអូរ នោះ ហ្វូងត្រីក៏នាំគ្នាត្បុរចូលភក់ជ្រកក្នុងទីនោះៗ ហ្វូងក្អែកជា​ដើម​​ក៏​នាំគ្នាចឹកចេញមកស៊ី ដោយចំពុះ ។ ព្រះពោធិសត្វឃើញការវិនាសនៃពួកញាតិក៏ត្រិះ​រិះ​ថា អ្នកដទៃវៀរអាត្មា អញចេញហើយ មិនមានអ្នកណាអាចជួយដោះទុក្ខពួកត្រីទាំង​នេះ​បានឡើយ អញនឹង ធ្វើសច្ចកិរិយាឲ្យភ្លៀងបង្អុរចុះមក ដោះពួកញាតិអំពីទុក្ខគឺ​សេច​ក្តីស្លាប់ឲ្យទាល់តែបាន ហើយញែកភក់ពណ៌ខ្មៅចេញមក ស្តេចត្រីធំមានពណ៌ដូចត្របកផ្កាអញ្ជ័ន បើកភ្នែក ទាំងគូដែលប្រៀបបាននឹងកែវមណី មានពណ៌ក្រហមសម្លឹងមើលអាកាស បន្លឺសំឡេង ពោលទៅកាន់ទេវរាជឈ្មោះបជ្ជុន្នថា បពិត្រព្រះបជ្ជុន្នដ៏ចម្រើន ខ្ញុំអាស្រ័យពួកញាតិ បានក្តៅក្រហាយហើយ កាលខ្ញុំជាអ្នកទ្រទ្រង់សីល ដល់នូវសេចក្តីលំបាកយ៉ាងនេះ ហេតុដូចម្តេចលោកមិនជួយឲ្យភ្លៀងធ្លាក់ចុះមក ខ្ញុំកើតក្នុងឋានៈដែលអាចខាំសត្វដទៃស៊ី ប៉ុន្តែខ្ញុំមិនធ្លាប់មានឈ្មោះថាស៊ីមច្ឆជាតិ តាំងពីត្រីតូចប៉ុនគ្រាប់អង្ករ សូម្បីសត្វដទៃៗ ខ្ញុំក៏ មិនធ្លាប់ផ្តាច់ជីវិតដែរ ដោយសច្ចវាចានេះ សូមលោកញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកដោះពួក ញាតិរបស់ខ្ញុំឲ្យរួចផុតចាកទុក្ខចុះ កាលនឹងហៅទេវរាជឈ្មោះបជ្ជុន្ន ដូចប្រើបម្រើ ក៏ពោលគាថានេះថា អភិត្ថនយ បជ្ជុន្ន និធឹ កាកស្ស នាសយ កាកំ សោកាយ រន្ធេហិ មញ្ច សោកា បមោចយ ។ បពិត្រមេឃ សូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យ វិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញ៉ាំងខ្ញុំ ( និងពួកញាតិខ្ញុំ ) ឲ្យរួចចាកសេចក្តី សោក ។ បណ្តាបទទាំងនោះ បទថា អភិត្ថនយ បជ្ជុន្ន សេចក្តីថា មេឃ ហៅថា ស្តេច បជ្ជុន្ន ក៏ស្តេចត្រីនេះហៅវលាហកទេវរាជថាជាម្ចាស់ភ្លៀង អ្នកមានឈ្មោះដោយ អំណាចនៃមេឃ ។​ បាន​ឮថា ស្តេចត្រីនោះមានបំណងដូច្នេះថា ធម្មតាភ្លៀងមិនគ្រហឹម មិនឲ្យមានផ្លេក​បន្ទោរ​ សូម្បីបង្អុរចុះមកក៏មិនល្អ ព្រោះដូច្នោះ អ្នកចូរគ្រហឹម ចូរឲ្យមាន ផ្លេកបន្ទោរ ហើយញ៉ាំង​ភ្លៀងឲ្យបង្អុរមកចុះ ។ បទថា និធឹ កាកស្ស នាសយ សេចក្តីថា ហ្វូងក្អែកនាំគ្នាចឹកហ្វូងត្រីដែលត្បុរ ចូលភក់ដើម្បីជ្រក ចេញមកដោយចំពុះស៊ីជាអាហារ ព្រោះហេតុនោះ ទើបហ្វូងត្រីដែល ត្បុរចូលភក់នោះ​ ហៅថាកំណប់ទ្រព្យរបស់ក្អែកជាដើមនោះ កាលលោកបណ្តាលឲ្យ ភ្លៀងបង្អុរចុះមកជាប្រក្រតីហើយ ក៏ជាការទម្លាយកំណប់ទ្រព្យរបស់ហ្វូងក្អែកនោះ ។ បទថា កាកំ សោកាយ រន្ធេហិ សេចក្តីថា ហ្វូងក្អែក កាលត្រពាំងមានទឹក ពេញហើយ មិនបានហ្វូងត្រីជាអាហារក៏ត្រូវសោកសៅ កាលអ្នកធ្វើឲ្យត្រពាំងនេះពេញ ប្រៀបដោយទឹក ក៏ជាការទម្លាយហ្វូងក្អែកនោះ ដោយសេចក្តីសោក អ្នកចូរញ៉ាំងភ្លៀងឲ្យ បង្អុរចុះមក ដើម្បីរម្ងាប់សេចក្តីសោក គឺដើម្បីការស្រឡះចិត្តរបស់ត្រីទាំងឡាយ ។ អធិប្បាយថា ហ្វូងក្អែកនឹងដល់នូវសេចក្តីសោកសៅ ដែលមានលក្ខណៈខ្លោចផ្សាខាង ក្នុងបានដោយវិធីណា អ្នកចូរធ្វើវិធីនោះចុះ ។ ច អក្សរក្នុងបទគាថា មញ្ច សោកោ បមោចយ នេះ មានការប្រមូលមកជា អត្ថ មាន​ន័យ​ថា ​អ្នកមេត្តាឲ្យខ្ញុំនិងពួកញាតិទាំងអស់រួចផុតអំពីសោក ដែលកើតអំពី សេចក្តីស្លាប់នេះចុះ ។ព្រះ​ពោធិសត្វហៅស្តេចបជ្ជុន្នដូចប្រើបម្រើយ៉ាងនេះ ឲ្យបណ្តាលភ្លៀងមួយមេធំ ធ្លាក់​ចុះមក ទូទៅពេញដែនកោសល ធ្វើឲ្យមហាជនរួចផុតអំពីមរណទុក្ខ ក្នុងបរិយោ​សាន​នៃ​ជីវិតក៏បានទៅតាមយថាកម្ម ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតបណ្តាល ឲ្យភ្លៀងបង្អុរចុះមកនោះ មិនមែនមានតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុន កាល​ដែល​តថាគតកើតក្នុងកំណើតត្រីក៏បណ្តាលភ្លៀងបង្អុរចុះមកដែរ ។ លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា មច្ឆគណា ពុទ្ធបរិសា អហេសុំ ហ្វូងត្រីក្នុងកាលនោះ បានមកជា ពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ បជ្ជុន្នទេវរាជា អានន្ទោ បជ្ជុន្នទេវរាជបានមកជាអានន្ទ មច្ឆរាជា បន អហមេវ អហោសិំ ចំណែកស្តេចត្រី គឺ តថាគត នេះឯង ៕ ចប់ មច្ឆជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត វរុណវគ្គ បិដកលេខ ៥៨ ទំព័រ ៣២) ដោយ៥០០០ឆ្នាំ
images/articles/2865/cxdscdsds.jpg
ថ្ងៃនេះ
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២៤ (អាន: ១១,១០៨ ដង)
(ក្អែកជាសត្វមិនមានខ្លាញ់រាវ) ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺ ការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិ​ក្នុងកំណើតក្អែក ។ ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរ ផាត់ម្សៅ តែងកាយ ប្រដាប់​កម្រងផ្កា ស្លៀកសំពត់សមនឹងយសសក្តិ កំពុងធ្វើដំណើរចូលនគរ ។ នៅលើចុងសសរបន្ទាយជិត​​នគរ​មានក្អែកពីរទំនៅទីនោះ បណ្តាក្អែកទាំងពីរនោះ ក្អែកមួយនិយាយនឹងក្អែកមួយទៀតថា នែសម្លាញ់ ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ។ ក្អែកមួយទៀតជំទាស់ថា អ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយ ព្រាហ្មណ៍នេះជា អ្នកធំ ធម្មតាការបង្ក​ពៀរ​វេរានឹងឥស្សរជន អ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែង ណាស់ ព្រោះថាកាលបើព្រាហ្មណ៍នោះ​ក្រោធហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ។ក្អែកមួយនោះពោលថា ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន ។ ក្អែកមួយទៀតពោលថា បើយ៉ាងនោះ អ្នកនឹងបានដឹងខ្លួនឯង ហើយក៏ហើរចៀសចេញទៅ ។ ក្អែកមួយនោះ ពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ធ្វើជាបន្ទន់ខ្លួនចុះ ហើយជុះអាចម៍ដាក់​ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ក្រោធ ចងពៀរ នឹងហ្វូងក្អែក ។ គ្រានោះ ទាសីបម្រើខាងបុកអង្ករម្នាក់ យកស្រូវហាលនៅក្បែរផ្ទះ អង្គុយយាម រួចក៏ដេកលក់ទៅ ពពែ​រោម​វែង​មួយដឹងថា ទាសីនោះធ្វេសប្រហែស ក៏មកស៊ីស្រូវ ទាសីនោះ ភ្ញាក់ឡើងឃើញពពែក៏ដេញទៅ ពពែលួចមកស៊ីស្រូវ ពេលដែលទាសីនោះដេកលក់ យ៉ាងនោះឯង អស់វារៈពីរបីដង ទាសីនោះក៏​ដេញ​ពពែនោះទៅទាំងបីដង ហើយគិតថា កាលពពែស៊ីរឿយ ៗ នឹងស៊ីស្រូវអស់ពាក់កណ្តាល អញនឹងខាតប្រយោជន៍ជាច្រើន ពេលនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត ។ នាងក៏កាន់ចន្លុះ (គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។ ) អង្គុយធ្វើដូចជាដេកលក់ កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះ ពពែក៏ត្រូវភ្លើងឆេះ កាលរាងកាយត្រូវភ្លើងឆេះ ពពែគិតឲ្យភ្លើង រលត់ ទើបរត់ទៅយ៉ាងលឿន យកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរី ខ្ទមនោះក៏ឆេះសន្ធោះសន្ធៅ អណ្តាតភ្លើងដែលកើតអំពីខ្ទមនោះ រាលទៅ​ឆេះ​រោង​ដំរី កាលរោងដំរីឆេះ ខ្នងដំរីក៏ឆេះដែរ ដំរីនីមួយ ៗ មានខ្លួនរបួសយ៉ាងដំណំ ។ ពួកហ្មដំរីមិនអាចនឹងព្យាបាល​ឲ្យជាបាន ក៏ក្រាបទូលព្រះរាជា ។ ព្រះរាជាក៏ត្រាស់នឹងបុរោហិតថា លោកអាចារ្យ ហ្មដំរីអស់ថ្វី​ដៃ ​ដែលនឹងរក្សាហ្វូងដំរីហើយ លោកល្មមនឹងស្គាល់ថ្នាំអ្វី ៗ ខ្លះឬ ? បុរោហិតទទួលព្រះរាជតម្រាស់​ថា​ ព្រះករុណាថ្លៃវិសេស ។ ព្រះរាជាត្រាស់សួរថា បានអ្វីទើបគួរ ? បុរោហិតក្រាបទូលថា បពិត្រ​មហារាជ ទាល់​តែ​បានខ្លាញ់ក្អែក ទើបអាចព្យាបាល បាន ។ ព្រះរាជាត្រាស់ថា បើដូច្នោះអ្នកទាំងឡាយ ចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយក ខ្លាញ់មកចុះ ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែក មិនបានខ្ញាញ់ក៏បោះចោលជាគំនរ ៗ ក្នុងទីនោះ ៗ ។ មហាភ័យបានកើតឡើងដល់ហ្វូងក្អែក ។ គ្រានោះ ព្រះមហាបុរសមានហ្វូងក្អែក ៨ ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច ។ មានក្អែកមួយមកប្រាប់ព្រះពោធិ​សត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក ។ ព្រះមហាសត្វត្រិះរិះថា វៀរអាត្មាអញចេញហើយ អ្នកដទៃដែលអាចបំបាត់ភ័យ ដែលកំពុងកើតឡើង ដល់ពួកញាតិរបស់អញមិនមានឡើយ អញត្រូវកម្ចាត់​ភ័យ​នោះ ហើយរំពឹងនឹកដល់បារមី ១០ ប្រការ ធ្វើមេត្តាបារមីឲ្យជាបុរេចារិក (ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ, ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ) ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះ ចូលទៅតាមប្រហោងបង្អួចដែលគេបើកទុក ចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ ។ ពេលនោះ អាមាត្យម្នាក់ ធ្វើអាកប្បកិរិយា នឹងចាប់ស្តេចក្អែកពោធិសត្វ ព្រះរាជាត្រាស់ហាមឃាត់ថា ក្អែក​ចូលមករកទីពឹង កុំចាប់ក្អែកនោះឡើយ ។ ស្តេចក្អែកសម្រាកនៅទីនោះបន្តិច ហើយរំពឹងនឹកដល់ព្រះ​​បារមី ចេញអំពីអាសនៈ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាច​អគតិ មានឆន្ទាគតិជាដើម ទើបប្រពៃ កម្មណា ៗ ដែលនឹងត្រូវធ្វើ កម្មនោះ ៗ ត្រូវពិចារណា ឲ្យល្អិត​​ល្អន់ហើយសឹមធ្វើ ទើបប្រពៃ ម៉្យាងទៀត កម្មណាដែលនឹងធ្វើត្រូវបានផល កម្មនោះប៉ុណ្ណោះទើបគួរធ្វើ កម្មក្រៅអំពីនេះមិនគួរធ្វើ ប្រសិនបើព្រះរាជាទាំងឡាយ ទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះ មហាភ័យ មានមរណភ័យជាទីបំផុត រមែងកើតឡើងដល់មហាជន ត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរ បានក្រាបទូលកុហក ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ មានព្រះទ័យជ្រះថ្លា ឲ្យព្រះបរមពោធិសត្វទំនៅលើតាំង ឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ ១ សែនដង ឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារ ឲ្យផឹកទឹក លុះស្តេចក្អែកសប្បាយចិត្ត បាត់ការហត់នឿយហើយ ទើបត្រាស់ពាក្យនេះថា នែបណ្ឌិត អ្នកពោលថា ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមាន ព្រោះហេតុដូចម្តេច ទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ ? ព្រះមហាសត្វកាលនឹងក្រាបទូល ក៏ពន្យល់ថា បពិត្រមហារាជ ដោយហេតុឈ្មោះនេះ ដោយហេតុឈ្មោះនេះ ធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយ សម្តែងធម៌ពោលគាថានេះថា និច្ចំ ឧព្ពិគ្គហទយា, សព្ពលោកវិហេសកា; តស្មា នេសំ វសា នត្ថិ, កាកានម្ហាក ញាតិនំ។ ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះ បពិត្រមហារាជ ធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើល គឺធ្លាប់តែតក់​ស្លុតជានិច្ច ។ បទថា សព្វលោកវិហេសកា សេចក្តីថា ក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀន គម្រាម​កំហែងមនុស្សដែលជាធំ មានក្សត្រជាដើមខ្លះ ស្ត្រីបុរសទូទៅខ្លះ ក្មេងប្រុសក្មេងស្រីជាដើមខ្លះ ហេតុ​នោះ គឺដោយហេតុពីរប្រការនេះ ខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះ ទើបមិនមាន សូម្បីក្នុងអតីតក៏មិនធ្លាប់មាន សូម្បីក្នុងអនាគតក៏នឹងមិនមាន ។ ស្តេច​ក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះ ដោយប្រការដូច្នេះហើយ ទូលដាស់តឿនព្រះរាជាថា បពិត្រ​មហា​​រាជ ធម្មតាព្រះរាជាមិនបានពិចារណាហើយ មិនគប្បីបដិបត្តិព្រះរាជកិច្ច ។ ព្រះរាជាទ្រង់ពេញព្រះ​ទ័យ​បូជា​ព្រះបរមពោធិសត្វដោយរាជសម្បត្តិ ។ ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញ ឲ្យព្រះ​រាជា​តាំងនៅក្នុងបញ្ចសីល ទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង ។ ព្រះរាជាទ្រង់ព្រះសណ្តាប់​នូវព្រះធម្មទេសនាហើយ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួង ទ្រង់តម្កល់និពទ្ធទាន គឺទានដែល​ឲ្យជាប្រចាំដល់ហ្វូងក្អែក ហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង (ប្រដាប់ធ្វើដោយឈើសម្រាប់​ដង, សម្រាប់រែកទឹក ) លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេង ៗ ព្រះរាជទានដល់ហ្វូងក្អែករាល់ ៗ ថ្ងៃ ចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ពារាណសិរាជា អានន្ទោ អហោសិ ព្រះរាជានគរពារាណសីក្នុងកាលនោះ បានមកជាអានន្ទ ។កាករាជា បន អហមេវ អហោសិំ ចំណែកស្តេចក្អែក គឺ តថាគតនេះឯង ៕ កាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១) ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.94