ថ្ងៃ ច័ន្ទ ទី ២១ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/288/Un322rqtitled-1.jpg
ថ្ងៃនេះ
ផ្សាយ : ២១ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៩,២២៣ ដង)
ព្រះ​បរម​សាស្តា​កាល​ដែល​ទ្រង់​គង់​ប្រថាប់​ក្នុង​ព្រះ​គន្ធកុដិ នា​ដែន​ដី​នៃ​ព្រៃ​ហេមពាន្ត ព្រះ​អង្គ​ទ្រង់​ប្រារព្ធ​មារា​ធិរាជ​។ក្នុង​កាល​នោះ​មារ​បាន​មក​អារាធនា​សូម​ឲ្យ​ព្រះ​អង្គ​ត្រឡប់​ទៅ​គ្រប់​គ្រង​រាជ​សម្បត្តិ​វិញ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទៅ​កាន់​មារ​ថា ភ្នំ​មាស​២​ ក៏​មិន​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​គ្រប់​គ្រាន់​បាន​ដែរ​ បុគ្គល​ជ្រាប​ដូច្នេះ​ហើយ​ គប្បី​ប្រព្រឹត្ត​ធម៌​សន្តោស​ ដូច្នេះ​ជា​ដើម។ ជា​បន្ត​ព្រះ​អង្គ​ទ្រង់​ត្រាស់​នូវ​គាថា​ដូច្នេះ​ថា៖ អត្ថម្ហិ ជាតម្ហិ សុខា សហាយា តុដ្ឋី សុខា យា ឥតរីតរេន បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ សព្វស្ស ទុក្ខស្ស សុខំ បហានំ។ កាល​បើ​សេចក្តី​ត្រូវ​ការ​កើត​ឡើង​ហើយ​ សម្លាញ់​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ សេចក្តី​ត្រេក​អរ​ដោយ​បច្ច័យ​តាម​មាន​តាម​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ បុណ្យ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ក្នុង​កាល​អស់​ជិវិត​ ការ​លះ​បង់​ទុក្ខ​ទាំង​អស់​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតា សុខា សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតា សុខា សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា សុខោ បញ្ញាបដិលោភោ បាបានំ អករណំ សុខំ។ ការ​ប្រតិបត្តិល្អដល់មាតា នាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់បិតា នាំសេចក្តីសុខមកឲ្យ។ ការ​ប្រតិបត្តិ​ល្អ​ដល់​សមណៈ​​នាំ​សេចក្តីសុខ​មក​ឲ្យក្នុង​លោក​ ម៉្យាងទៀត ការ​ប្រតិបត្តិល្អ​ដល់​ព្រាហ្មណ៍(អ្នក​ដែល​មាន​បាប​បណ្តែត​ចោល​ហើយ​) នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សីល​នាំ​សេចក្តី​សុខ​មក​ឲ្យ​ដរាប​ដល់​ចាស់​ សទ្ធា​ដែល​បុគ្គល​តំកល់​ស៊ប់​ហើយ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​បាន​ចំពោះ​នូវ​បញ្ញា​ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​មិន​ធ្វើ​បាប​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​៕ ស្រង់ចេញពីសៀវភៅ "ព្រះពុទ្ធភាសិត"​ រៀប​រៀង​ដោយ​ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ដោយ ៥០០០ឆ្នាំ
images/articles/290/Unti7654tled-1.jpg
ថ្ងៃនេះ
ផ្សាយ : ២១ កញ្ញា ឆ្នាំ២០២៦ (អាន: ៥៣,៧៧៥ ដង)
បើ​ទុក​ជា​ព្រះ​ពុទ្ធ​មិន​ត្រាស់​ដឹង​ក្នុង​លោក ក៏​ព្រះ​ធម៌​នៅ​តែ​មាន​ក្នុង​លោក​ ព្រោះ​ព្រះ​ធម៌​គឺ​ជា​ច្បាប់​ធម្ម​ជាតិ ដែល​តាំង​នៅ​ជា​និច្ចលើ​លោក​សន្និវាស​នេះ ប៉ុន្តែបើគ្មាន​ព្រះ​ពុទ្ធ​ទេ ក៏មិន​អាច​មាន​ជន​ណា​ម្នាក់​អាច​រក​ឃើញ​​សច្ច​ធម៌​មក​សំ​ដែង​ដល់​សត្វ​លោក​បាន​ឡើយ។បើ​ព្រះ​ធម៌​ត្រូវ​បាន​សំ​ដែង​ហើយ​ ប៉ុន្តែ​សត្វ​លោក​មិន​យក​ចិត្ត​ទុក​ដាក់​សិក្សា បដិបត្តិ​ទេ ក៏​មិន​បានមគ្គ​ផល ឬ​ប្រយោ​ជន៍​តាម​ធម៌​ដែល​គួរ​បាន​នោះ​ដែរ។ ហេតុនេះ​ហើយ​ទើប​មាន​ពុទ្ធ​គាថា​ទ្រង់​រំលឹក​ដាស់​តឿន​ដូច​ត​ទៅ​នេះ៖​ ពហូនិ វត អត្ថាយ ឧប្បជ្ជន្តិ តថាគតា, ឥត្ថីនំ បរិសានញ្ច យេ តេ សាសនការកា ។ ព្រះ​តថាគត​ទាំង​ឡាយ​កើត​ឡើង​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​គ្នា​ គឺ​ស្ត្រី​ និង បុរស ដែល​ជា​អ្នក​ធ្វើ​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ​។ ខុ.ថេរ (ខុទ្ទកនិកាយ ថេរគាថា) យោ ច អប្បម្បិ សុត្វាន ធម្មំ កាយេន បស្សតិ, ស វេ ធម្មធរោ ហោតិ យោ​ ធម្មំ ន បមជ្ជតិ ។ អ្នកណា​ស្តាប់​នូវ​ធម៌​សូម្បី​បន្តិចបន្តួច​ តែ​ឃើញ​ធម៌​ដោយ​នាមកាយ ពុំ​នោះ​សោត​អ្នក​ណា​មិន​ប្រមាទ​ក្នុង​ធម៌ អ្នក​នោះ​ឯង​ទើប​ឈ្មោះ​ថា​ជា​អ្នក​ទ្រទ្រង់​ធម៌។ ខុ.ធ (ខុទ្ទកនិកាយ ធម្មបទ) យេ​ ច​ ខោ សម្មទក្ខា តេ ធម្មេ ធម្មានុវត្ថិនោ, តេ ជនា បារមេស្សន្តិ មច្ចុធេយ្យ សុទុត្តរំ។ ពួក​ជន​ណា​ប្រព្រឹត្ត​តាម​ធម៌​ដែល​ព្រះ​តថាគត​សំដែង​ល្អ​ហើយ​ ពួក​ជន​នោះ​នឹង​ឆ្លង​លំនៅ​នៃ​មច្ចុ ដែល​គេ​លំបាក​ឆ្លង​ក្រៃ​ពេក​ ហើយ​ដល់​នូវ​ត្រើយ​គឺ​ព្រះ​និព្វាន។ ខុ.ធ (ខុទ្ធកនិកាយ ធម្មបទ) ចម្លងពី គេហទំព័រព្រះពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/289/Un3423titled-1.jpg
ថ្ងៃនេះ
ផ្សាយ : ២១ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៧,៧៤៨ ដង)
​ពាក្យ​ពេចន៍​រំលេច​ផ្សេង តែ​ន័យ​ថ្លា​ថ្លែង​ក៏​មិន​សូវ​ជា​ខុស​ពី​ខ្លឹម​សារ​មុន​ប៉ុន្មាន​ដែរ។ រឿង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរមគ្រូ​នៃ​មនុស្ស​និង​ទេវតាព្រះ​ធម៌​ទាំង​៨៤០០០ ព្រះ​ធម្មក្ខន្ធ ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ផង សាវ័ក​របស់​ព្រះ​អង្គ​បាន​សំដែង​ផង សុទ្ធ​សឹង​តែ​ជា​អមតធម៌ ជា​ធម៌​នាំ​សត្វ​ទៅ​កាន់​ភាព​សុខ​សាន្ត ជា​បរម​សុខ​គឺ​ព្រះនិព្វាន។ កុំ​ថា​ឡើយ​ដល់​ទៅ​ព្រះ​ធម៌ ៨៤០០០ ព្រះ​ធម្ម​ក្ខន្ធ សូម្បី​តែ​ពុទ្ធ​ភាសិត​មួយ​គាថា​ដែល​បរិស័ទ​បាន​ស្តាប់​យល់​ហើយ ប្រតិបត្តិ​តាម គង់​នឹង​អាច​ទទួល​បាន​ផល​ដ៏​មហា​សាល​ឥត​កាត់​ថ្លៃ​បាន ផ្ទុយ​ទៅ​វិញ​បើ​ទុក​ជា​បរិស័ទ​ចេះ​ចាំ​ព្រះ​ធម៌​ទាំង​អស់​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​មក តែ​មិន​បាន​យក​ទៅ​ប្រតិបត្តិ​ឲ្យ​បាន​ជា​ប្រយោជន៍ ព្រះ​ធម៌​ទាំង​នោះ​ក៏​គ្មាន​ប្រយោជន៍​ដល់​ជន​ទាំង​ឡាយ​នោះ​ដែរ។ ហេតុ​នេះ​បាន​ជា​ព្រះ​សម្ពុទ្ធ​វិសុទ្ធ​លើស​លោក ទ្រង់​បាន​ត្រាស់​សំដែង​ចែង​ជា​បណ្តាំ​ឲ្យ​សព្វ​សត្វ​ចង​ចាំ​ទុក​ជា​មេរៀន​នៅ​ក្នុង​​ធម្មបទដ្ឋកថា ដូច្នេះថា៖ យថាបិ រុចិរំ បុបំ្ផ វណ្ណវនំ្ត សគន្ធកំ ឯវំ,សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ ។ បុប្ផ​ជាតិដែល​​មាន​ពណ៌​ស្រស់​ល្អ តែ​មិន​មាន​កិ្លន​ក្រអូប យ៉ាង​ណា​មិញ, វាចា​សុភាសិត ជា​វាចា​ដែល​មិន​មាន​ផល​ដល់​បុគ្គល​ដែល​មិន​ធ្វើ​តាម ក៏យ៉ាងនោះ​ដែរ, ចំ​ណែក​បុប្ផជាតិ ដែល​មាន​ពណ៌​ស្រស់​ល្អ​ព្រម​ទាំង​មាន​កិ្លន​ក្រអូប​សាយ ដល់​អ្នក​ប្រដាប់​យ៉ាង​ណា​មិញ, វាចា​ដែល​ជា​សុភា​សិត ជា​វាចា​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​បាន​ធ្វើ​តាម​ដោយ​ល្អ ក៏​យ៉ាង​នោះ​ដែរ​។ ពហុម្បិ ចេ សហតំ ភាសមានោ ន តក្ករោ ហោតិ នរោ បមត្តោ គោបោវ គាវោ គណយំ បរេសំ ន ភាគវា សាមញ្ញស្ស ហោតិ ។ អប្បម្បិ ចេ សហិតំ ភាសមានោ ធម្មស្ស ហោតិ អនុធម្មចារី រាគញ្ច ទោសញ្ច បហាយ មោហំ សម្មប្បជានោ សុវិមុត្តចិត្តោ អនុបាទិយានោ ឥធ វា ហុរំ វា ស ភាគវា សាមញ្ញស្ស ហោតិ ។ បើ​បុគ្គល និយាយ​ធម៌​ដែល​មាន​ប្រយោជន៍ ទោះ​បី​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ តែ​ជា​អ្នក​ប្រមាទ​មិន​ប្រព្រឹត្ត​ធ្វើ​តាម​ធម៌​នោះ ដូច​ជា​អ្នក​ចិញ្ចឹម​គោ រាប់​គោ​ឱ្យ​អ្នក​ដទៃ ជា​អ្នក​មិន​មាន​ចំណែក​នៃ​សាមញ្ញ​ផល​យ៉ាង​នោះ​ឯង​។ តែ​ផ្ទុយ​ទៅ​វិញ បើ​បុគ្គល​និយាយ​ធម៌​ដែល​មាន​ប្រយោជន៍ ទោះ​បី​ជា​តិច​តួច​ក៏​ដោយ​តែ​ជា​អ្នក​ប្រព្រឹត្ត​សម​គួរ​ដល់​ធម៌​នោះ លះ​បង់​ចោល​នូវ​រាគៈ ទោសៈ​និង​មោហៈ​ អស់ហើយ ជា​អ្នក​ចេះ​ដឹង​សព្វ​គ្រប់ មាន​ចិត្ត​រួច​ផុត​ស្រឡះ​ហើយ ជា​អ្នក​មិន​ប្រកាន់​មាំ​ក្នុង​លោក​នេះ​ឬ​លោក​ខាង​មុខ បុគ្គល​នោះ​ជា​អ្នក​មាន​ចំណែក​នៃ​សាមញ្ញ​ផល​ដោយ​ពិត​។​ ហេតុនេះ បរិយត្តិ និងបដិបត្តិ ត្រូវ​តែ​ដើរ​ទៅ​ជា​មួយ​គ្នា បរិយត្តិ គឺការ​សិក្សា​ពី​ទ្រឹស្តី នាំ​ឲ្យ​មាន​ការ​បដិបត្តិ​ត្រូវការ​បដិបត្តិ​ត្រូវ​នាំ​ឲ្យ​បាន​នូវ​បដិវេធ គឺ​ផល​បាន​ដល់​ការ​រួច​ចាក​ទុក្ខ​ទាំង​ពួង​។ ចម្លងពី គេហទំព័រព្រះពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/292/U34tntitled-1.jpg
ថ្ងៃនេះ
ផ្សាយ : ២១ កញ្ញា ឆ្នាំ២០២៦ (អាន: ៥១,៨២៩ ដង)
សម្បត្ដិនៃឧបាសក ៥យ៉ាង ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវធម៌​នៃ​ឧបាសក​ឲ្យ​បរិបូណ៌​ឲ្យ​បរិសុទ្ធ​ប្រពៃ​ឈ្មោះ​ថា​ “ សម្បត្តិ” សម្បត្តិ​នោះ​មាន ៥​យ៉ាងគឺ៖​ ១- សទ្ធោ ហោតិ ឧបាសក​មាន​សេចក្តី​ជឿ​ជាក់​ច្បាស់​ក្នុង​គុណ​ព្រះរតន​ត្រ័យ។ ២- សីលវា ហោតិ ឧបាសកមានសីល។ ៣- ន កោតុហលមង្គលិកោ ហោតិ ឧបាសក​មិន​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល។ ៤- កម្មំ បច្ចេតិ នោ មង្គលំ ឧបាសក​ប្រកាន់​ជឿ​ថា កម្មជា​កុសល​និង​អកុសល​ឲ្យ​ផល មិន​ប្រកាន់​ជឿ​មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល​ឡើយ។​ ៥- ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសក​មិន​សែ្វង​រក​ទក្ខិណេយ្យ​បុគ្គល គឺ​បដិគ្គាហកៈ អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា​ឡើយ ហើយ​ធ្វើ​ទាន​តែ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ក្នុង​ព្រះ​ពុទ្ធសាសនា​នេះ។​ ឧបាសក​ឯណា​ប្រកប​ដោយ​សម្បត្តិ ៥​យ៉ាង​នេះ​ហើយ ឧបាសក​នោះឈ្មោះ​ថា “ ឧបាសករតនៈ “ គឺ​ឧបាសក​ដូច​ជា​រតនវត្ថុ​មាន​កែវ​ជា​ដើម​ផង ឈ្មោះថា “ ឧបាសកបទុមៈ” គឺ​ជា​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ក្រហម​ផង​ ឈ្មោះ​ថា “ ឧបាសកបុណ្ឌរីក” គឺ​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ស​ផង​។​ វិបត្តិនៃឧបាសក ៥យ៉ាង ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវ​ធម៌​នៃ​ឧបាសក​ឲ្យ​វិនាស​ឈ្មោះ​ថា “ វិបត្តិ” វិបត្តិ​នោះ​ មាន​ ៥យ៉ាង​គឺ​៖ ១- អស្សទ្ធោ ហោតិ ឧបាសក​មិនជឿ​គុណ​ព្រះ​រតន​ត្រ័យ។ ២- ទុស្សីលោ ហោតិ ឧបាសក​ទ្រុស្ត​សីល​។ ៣- កោតុហលមង្គលិកោ ហោតិ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​។ ៤- មង្គលំ បច្ចេតិ នោ កម្មំ ឧបាសក​ប្រកាន់​ជឿ​ថា មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល មិន​ប្រកាន់​ជឿ​ថា​កម្ម​កុសល និង​អកុសល ឲ្យ​ផល​ឡើយ។​ ៥- ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសក​សែ្វង​រក​តែ​ទក្ខិណេយ្យ​បុគ្គល គឺបដិគ្គាហកៈ​អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា ហើយ​ធ្វើ​នូវ​ទាន​ដល់​ទក្ខិណេយ្យ​បុគ្គល​​ខាង​​ក្រៅ​​ព្រះ​​ពុទ្ធសាសនា​​នោះ។ ឧបាសក​ឯណា ប្រកប​ដោយ​វិបត្តិ ៥យ៉ាង​នេះ ត្រង់​វិបត្តិ​ឯណា​មួយ​ហើយ ឧបាសក​នោះ​ឈ្មោះថា “ ឧបាសក​ចណ្ឌាល” គឺ​ឧបាសក​ដូច​ជា​មនុស្ស​ចណ្ឌាល​ផង ឈ្មោះ​ថា “ ឧបាសក​មលៈ” គឺ​ឧបាសក​មាន​ធម៌​មន្ទិល​សៅ​ហ្មង​ផង ឈ្មោះ​ថា “ ឧបាសកបដិកិដ្ឋៈ” គឺ ឧបាសក​ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​លោក​តិះ​ដៀល​ផង។​ (ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​គិហិ​បដិបត្តិ​ពិស្តារ របស់ ម.ឧ កៅ-ឈឺន) ដោយ៥០០០ឆ្នាំ
images/articles/300/2020-07-20_14_09_53-buddha_meditation_-_Google_Search.jpg
ថ្ងៃនេះ
ផ្សាយ : ២១ កញ្ញា ឆ្នាំ២០២៦ (អាន: ៦២,៧៨៨ ដង)
មហា​សតិប្បដ្ឋាន​សូត្រ «ព្រះ​សូត្រ​សម្តែង​អំពី​ការ​ចម្រើន​សតិ​ប​ដ្ឋាន​ ៤​» សូត្រ​នេះ​ព្រះ​អង្គ​ទ្រង់​សំ​ដែង​យ៉ាង​ពិស្តារ​នៅ​ក្នុង​ សុត្តន្ត​បិដក ទីឃ​និកាយ​ ចតុត្ថភាគ​ មហាវគ្គ​ បិដក លេខ​១៧​ ចាប់​ពី​ទំព័រ​ទី​ ២៤៤ ដល់ ៣០៤ ។នៅ​ក្នុង​ប្រកាស​នេះ​ នឹងសូម​លើក​យក​តែ​សេចក្តី​សង្ខេប​មក​ចែក​ជូន​ដល់​សាធុ​ជន ដើម្បី​បាន​ជា​ប្រទីប​ក្នុង​ការ​សិក្សា​សតិបដ្ឋាន សម្រាប់​ជា​កិច្ច​បដិបត្តិ​។ បើ​សាធុជន​មាន​បំណង​ចង់​អាន​សេចក្តីពិស្តារ​ សូម​ទាញ​យក​តាម​តំណ​ភ្ជាប់​ខាង​លើ​ចុះ។ សេចក្តី​សង្ខេប​នៃសតិប្បដ្ឋាន​សូត្រ​មាន​ដូច​តទៅ៖ សម័យ​មួយ ខណៈ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​គង់​នៅ​ក្នុង​ កម្មាសទម្មនិគម របស់​អ្នក​ដែន​កុរុ ទ្រង់​សម្តែង​នូវ​ការ​ចម្រើន​សតិប​ដ្ឋាន ឲ្យ​ភិក្ខុ​ទាំងឡាយ​ស្តាប់ ដោយ​ទ្រង់​លើក​យក​មាតិកា​ធម៌ ឡើង​ជា​ឧទ្ទេស​ដូច្នេះ​ ៖ ភាគឧទេ្ទស សតិប្បដ្ឋាន ៤ ម្នាល​ភិក្ខុ​ទាំង​ឡាយ ផ្លូវ​នេះ​ជា​ផ្លូវ​មូល​តែ​មួយ ប្រព្រឹត្ត​ទៅ​ដើម្បី សេចក្តី​បរិសុទ្ធ​នៃ​សត្វ​ទាំង​ឡាយ ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​សោក និង សេចក្តី​ខ្សឹក​ខ្សួល ដើម្បី​រំលត់​ទុក្ខ និង ទោមនស្ស ដើម្បី​បាន​សម្រេច​នូវញេយ្យធម៌ (អរិយមគ្គ) ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន ផ្លូវនេះ​គឺ​សតិប​ដ្ឋាន ៤ ប្រការ​ ​។ សតិប្បដ្ឋាន​គឺ ការ​តាំង​សតិ សម្បជញ្ញៈ ព្យាយាម​ពិចារណា កាយ វេទនា ចិត្ត និង ធម៌ ដើម្បី​កំចាត់​បង់​អភិជ្ឈា និង ទោមនស្ស ក្នុងលោក ដោយ​បែង​ចែក​ការ​ពិចារណា​ជា​៤ ប្រការ​គឺៈ ១) កាយានុបស្សនា ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​ជា​ប្រ​ក្រតី មាន​សេចក្តី​ព្យាយាម មាន​សម្បជញ្ញៈ​ មាន​សតិ​កំចាត់​បង់​អភិជ្ឈា និង ទោមនស្ស​ក្នុង​លោក​បាន​។ ២) វេទនានុបស្សនា ពិចារណា​ឃើញ​វេទនា ក្នុង​វេទនា​ទាំង​ឡាយ​ជា​ប្រ​ក្រតី មាន​សេចក្តី​ព្យាយាម មាន​សម្បជញ្ញៈ មាន​សតិ​កំចាត់​បង់​អភិជ្ឈា និង ទោមនស្ស​ក្នុង​លោក​បាន ។ ៣) ចិត្តានុបស្សនា ពិចារណា​ឃើញ​ចិត្ត​ក្នុង​ចិត្ត​ជា​ប្រ​ក្រតី មាន​សេចក្តី​ព្យាយាម មាន​សម្បជញ្ញៈ មាន​សតិ​កំចាត់​បង់​អភិជ្ឈា និង ទោមនស្ស​ក្នុង​លោក​បាន ។ ៤) ធម្មានុបស្សនា ពិចារណា​ឃើញ​ធម៌ ក្នុង​ធម៌​ទាំង​ឡាយ​ជា​ប្រក្រតី​មាន​សេចក្តី​ព្យា​យាម មាន​សម្បជញ្ញៈ មាន​សតិ​កំចាត់​បង់​អភិជ្ឈា និង ទោមនស្ស​ក្នុង​លោក​បាន ។ ភាគនិទ្ទេស ១-កាយានុបស្សនា ការពិចារណាឃើញកាយ ក្នុងកាយចែកជា ៦ បព្វៈគឺៈ ១) អានាបាណបព្វៈ ការ​ពិចារណា​ខ្យល់​ដង្ហើម​ចេញ​ចូល (អានា​បាណ​ស្សតិ) គឺ​ភិក្ខុ​នៅ​ក្នុង​ព្រៃ​ក្តី នៅ​ទៀប​គល់​ឈើ​ក្តី នៅ​ក្នុង​ព្រៃ​ដ៏​ស្ងាត់​ក្តី អង្គុយ​ពែន​ភ្នែន​តាំង​កាយ​ឲ្យ​ត្រង់ តម្រង់​សតិ​ឆ្ពោះ​ទៅរក​កម្មដ្ឋាន មាន​សតិ​ពេលដក​ដង្ហើម​ចូល មាន​សតិ​ពេល​ដក​ដង្ហើម​ចូលវែង និង ដក​ដង្ហើម​ចេញ​វែង ក៏​ដឹង​ថា អាត្មា​អញ​ដក​ដង្ហើម​ចូល​វែង ដក​ដង្ហើម​ចេញ​វែង​។ កាល​ដក​ដង្ហើម​ចូល​ខ្លី និង ដក​ដង្ហើម ចេញ​ខ្លី ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​ដក​ដង្ហើម​ចូល​ខ្លី ដក​ដង្ហើម​ចេញ​ខ្លី ។ បុគ្គល​គប្បី​សិក្សា​ថា អា​ត្មា​អញ​កំណត់​ដឹង​នូវ​ខ្យល់​ទាំង​ពួង ហើយដក​ដង្ហើម​ចេញ និង ចូល ។ បុគ្គល​គប្បី​សិក្សា​ថា អាត្មា​អញ រម្ងាប់​កាយ​សង្ខារ ទើប​ដក​ដង្ហើម​ចេញ និង ចូល ។ ការ​កំណត់​ដឹង​ខ្យល់​ក្នុង​លក្ខណៈ​នេះ ប្រៀប​ដូច​ជាង​ក្រឡឹង ឬ កូន​សិស្ស​នៃ​ជាង​ក្រឡឹង​ដែល​មាន​ភាព​ជំនាញ​ក្នុង​ការ​ទាញ​ខ្សែ​ក្រឡឹង​វែង ឬ ខ្លី ក៏​ដឹង​ច្បាស់​ថា អញ​ទាញ​ខ្សែ​ក្រឡឹង​វែង ឬ ខ្លី។ ២) ឥរិយាបថបព្វៈ ការ​ពិចារណា​ឥរិយាបថ​ទាំង ៤ គឺ ពេល​ដើរ​ក៏​ដឹងច្បាស់​ថា​ដើរ ពេល​ឈរក៏​ដឹង​ច្បាស់​ថា​ឈរ ពេល​អង្គុយ​ក៏​ដឹង​ច្បាស់​ថា អង្គុយ ពេល​ដេក​ក៏​ដឹង​ច្បាស់​ថា ដេក។ ពេល​កាយ ស្ថិត​នៅ​ក្នុង​ឥរិយាបថ​ណា​ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​ស្ថិត​នៅ​ក្នុង​ឥរិយាបថ​នោះ ឬ​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​ឥរិយាបថ​ណាៗ ក៏​កំណត់​ដឹង​កាយ​ថា ស្ថិត​នៅ​ក្នុង​ឥរិយាបថ​នោះ​ៗ​។ ៣) សម្បជញ្ញបព្វៈ ការ​ពិចារណា​ដោយ​សតិ​សម្បជញ្ញៈ គឺ​សេចក្តី​ដឹង​ខ្លួន​ក្នុង​ការ​ឈាន​ទៅ​មុខ ការ​ថយ​ក្រោយ ការ​ក្រឡេក​មើល ការ​សម្លឹង​មើល ការ​បត់​ដៃ​ចូល និង លា​ចេញ ការ​គ្រង​សង្ឃា​ដី បាត្រ និង ចីវរ ការឆាន់ ការផឹក ការទំពារស៊ី ការលិទ្ធ ការ​បន្ទោរ​បង់ នូវ​ឧច្ចារៈ​ និង បស្សាវៈ ការ​ដើរ ការ​ឈរ ការ​អង្គុយ ការ​ដេក ការ​ភ្ញាក់ ការ​និយាយ ការ​នៅ​ស្ងៀម​។ ៤) មនសិការបព្វៈ គឺ​ការ​ពិចារណា​ឃើញ​នូវ​អាការៈ​ ៣២ ប្រការ ដែល​មាន​ក្នុង​កាយ​នេះ ចាប់​តាំង​ពី​បាត​ជើង រហូត​ដល់​ចុង​សក់ ពី​ចុង​សក់​ចុះ​មក​ដល់​បាត​ជើង មាន​ស្បែក ហ៊ុម​ព័ទ្ធ​ជុំ​វិញ​ពេញ​ទៅ​ដោយ​វត្ថុ​មិន​ស្អាត ដោយ​ប្រការ​ផ្សេង​ៗ គឺ​សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងនោម (ទាច) បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល និង ទឹកមូត្រ ។ ទ្រង់​ប្រៀប​ធៀប​ថា ធញ្ញ​ជាតិ​ផ្សេងៗ​គឺ​ស្រូវ​ខ្សាយ​ ស ស្រូវ​ខ្សាយ​ក្រហម សណ្តែក​ខៀវ សណ្តែក​រាជមាស គ្រាប់​ល្ង អង្ករ បុគ្គល​ដែល​មាន​ភ្នែក​ភ្លឺ ពេល​ស្រាយ​មាត់​ការុង ចេញ​ហើយ​ក៏​មើល​ឃើញ​ថា នេះ​ជា​ស្រូវ​ខ្សាយ ស នេះ​ជា​ស្រូវ​ខ្សាយ​ក្រហម នេះ​ជា​សណ្តែក​ខៀវ​ជា​ដើម​យ៉ាង​ណា បុគ្គល​ពិចារណា​អាការៈ​៣២ ក៏​យ៉ាង​នោះ​ដែរ​។ ៥) ធាតុមនសិការបព្វៈ គឺ​ពិចារណា​ឃើញ​កាយ​នេះ​តាម​ដែល​តាំង​នៅ តាម​ដែល​ស្ថិត​នៅ​ដោយ​ភាព​ជា​ធាតុ​ថា ក្នុង​កាយ​នេះ​មាន ធាតុដី ទឹក ភ្លើង ខ្យល់ ។ ទ្រង់​ប្រៀប​ធៀប​ថា ដូច​បុគ្គល​អ្នក​សម្លាប់​គោ ឬ​កូន​នៃ​អ្នក​សម្លាប់​គោ​មាន​ភាព​ជំនាញ ពេល​សម្លាប់​គោ​រួច​ហើយ បាន​បែង​អវយវៈ​គោ​នោះ​ចេញ​ជា​ផ្នែក​ៗ ហើយ​អង្គុយ​លក់​នៅ​ក្បែរ​ផ្លូវ​បែក​ជា​៤ យ៉ាង​ណា ព្រះ​យោគាវចរ​ ពិចារណា​នូវ​ធាតុ ក៏​យ៉ាង​នោះ​ដែរ។ ៦) នវសីវតិកាបព្វៈ គឺ​​ពិចារណា​​សាក​​សព​​ដែល​មាន​​លក្ខណៈ​​ផ្សេង​​ៗ​​គ្នា​៩​​យ៉ាង​​បាន​​ដល់ៈ​ ១- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្ម​សាន ដែល​ស្លាប់​ហើយ មួយ ពីរ បី ថ្ងៃ មាន​លក្ខណៈ​ហើម​ប៉ោង ហៀរ​ទឹក​រងៃ។ ២- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្មសាន មាន​សត្វ​ក្អែក សត្វ​ត្រដក់ សត្វ​ត្មាត សត្វ​ឆ្កែ​ជា​ដើម​ ខាំ​ស៊ី​។ ៣- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្ម​សាន​នៅ​សល់​តែ​គ្រោង​ឆ្អឹង​ប្រកប​ដោយ​សាច់ ​និង ឈាម មាន​សរសៃ​រួប​រិត។ ៤- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្មសាន នៅ​សល់​តែ​គ្រោង​ឆ្អឹង​ដែល​មិន​មាន​ស្បែក តែ​មាន​ឈាម​ប្រឡាក់​ប្រឡូស និង​មាន​សរ​សៃ​រួប​រិត​។ ៥- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្មសាន នៅ​សល់​តែ​គ្រោង​ឆ្អឹង​ដែល​មិន​មាន​សាច់ ​និង ឈាម​ តែ​នៅ​មាន​សរសៃ​រួបរិត​។ ៦- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្ម​សាន នៅ​សល់​តែ​គ្រោង​ឆ្អឹង ដែល​មិន​មាន​សរសៃ​រួប​រិត ហើយ​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​ទិស​ផ្សេង​ៗ។ ៧- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្ម​សាន នៅ​សល់​តែ​កំណាត់​ឆ្អឹង​ពណ៌​សដូច​ជា​ពណ៌​នៃ​ស័ង្ខ។ ៨- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្ម​សាន​នៅ​សល់​តែ​កំណាត់​ឆ្អឹង​ដែល​នៅ​ជា​គំនរ ដែល​កន្លង​ទៅ​ជាង ១​ឆ្នាំ​ហើយ​។ ៩- សាកសព​ដែល​គេ​ចោល​នៅ​ក្នុង​ព្រៃ​ស្មសាន​នៅសល់ តែ​ឆ្អឹង​ពុក​ផុយ ជា​កំទេច​តូច​តាច ។ ក្នុង​ខនីមួយ​ៗ ទ្រង់​ប្រៀប​ធៀប​ឲ្យ​ពិចារណាឃើញ​អាការៈ​របស់​សាក​សព​នីមួយ​ៗ​ថា មាន​អាការៈ​យ៉ាង​ណា ហើយ​ឲ្យ​បង្អោន​កាយ​របស់​ខ្លួន​ចូល​ទៅ​ប្រៀប​ធៀប​ថា សូម្បី​តែ​កាយ​យើង​នេះ​ក៏​មាន សភាព​យ៉ាង​នោះ មាន​លក្ខណៈ​យ៉ាង​នោះ មិន​រួច​ផុត​ពី​សភាព​នោះ​បាន​ឡើយ​។ ម៉្យាង​វិញ​ទៀត ក្នុង​កាយា​នុបស្សនា​នី​មួយ​ៗ​នៃ​បព្វៈ​ទាំង​នេះ ទ្រង់​ប្រៀប​ធៀប​ឲ្យ​ពិចារណា​តទៅ​ទៀត​ជា ៣ លំដាប់​គឺៈ ១/ ឲ្យ​ពិចារណា​កាយ​ខាង​ក្នុង កាយ​ខាង​ក្រៅ កាយ​ទាំង​ខាង​ក្នុង កាយ​ទាំង​ខាង​ក្រៅ ។ ២/ ឲ្យ​ពិចារណា ទាំង​ធម៌​ដែល​ជា​ហេតុ​កើត និង ធម៌​ដែល​ជា​ហេតុ​រលត់ ក្នុង​កាយ​របស់​ខ្លួន ។ ៣/ ឲ្យ​ពិចារណា​ចូល​ទៅ​តាំង​សតិ​ឆ្ពោះ​ទៅ​មុខ​ថា កាយ​មាន​នៅ ក៏​ត្រឹម​តែ​ដើម្បី​អាស្រ័យ​នូវ​ការ​ចម្រើន​ញាណ (សេចក្តី​ដឹង) ចម្រើន​សតិ (សេចក្តី​រព្ញក)ប៉ុណ្ណោះ មិន​អាស្រ័យ​តណ្ហា និង ទិដ្ឋិ មិន ប្រកាន់​មាំ​អ្វី​ៗ​ក្នុង​លោក​ឡើយ ។ ព្រះអង្គ​ទ្រង់​ត្រាស់​សរុប​ថា “ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​យ៉ាង​នេះ​ឯង”​។ ២-វេទនានុបស្សនា ការ​ពិចារណា​វេទនា​ក្នុង​វេទនា​ទាំង​ឡាយ គឺ​ការ​ពិចារណា​ការ​សោយ​នូវ​សេចក្តីសុខ ទុក្ខ មិន​សុខ មិន​ទុក្ខ​ក្នុង​ខ្លួន​ឯង ចែក​ចេញជា​៩ ប្រភេទ​គឺៈ ១- ពេល​សោយ​សុខ​វេទនា ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​សុខ​វេទនា​។ ២- ពេល​សោយ​ទុក្ខ​វេទនា ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​ទុក្ខ​វេទនា​។ ៣- ពេល​សោយ​អទុក្ខម​សុខ​វេទនា ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​អទុក្ខម​សុខ​វេទនា។ ៤- ពេល​សោយ​សុខ​វេទនា​ប្រកប​ដោយ​អាមិស ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ សោយ​សុខ​វេទនា ​ប្រក​ប​​ដោយ​អាមិស ។ ៥- ពេល​សោយ​សុខ​វេទនា​មិន​ប្រកប​ដោយ​អាមិស ក៏ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​សុខ​វេទនា មិន​ប្រកប​ដោយ​អាមិស​។ ៦- ពេល​សោយ​ទុក្ខ​វេទនា​ប្រកប​ដោយ​អាមិស ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ​សោយ​ទុក្ខ​វេទនា ប្រកប​ដោយ​អាមិស។ ៧- ពេល​សោយ​ទុក្ខ​វេទនា មិន​ប្រកប​ដោយ​អាមិស ក៏ដឹង​ច្បាស់​ថា អាត្មាអញ​សោយ​ទុក្ខវេទនា មិន​ប្រកប​ដោយ​អាមិស​។ ៨- ពេល​សោយ​អទុក្ខម​សុខ​វេទនា​ប្រកប​ដោយ​អាមិស ក៏ដឹង​ច្បាស់ថា​អាត្មា​អញ សោយ​អទុក្ខម​សុខ​វេទនា​ប្រកប​ដោយ​អាមិស​។ ៩- ពេល​សោយ​អទុក្ខម​សុខ​វេទនា​មិន​ប្រកប​ដោយ​អា​មិស​ក៏​ដឹង​ច្បាស់​ថា អាត្មា​អញ សោយ​អទុក្ខម​សុខ​វេទនា​មិន​ប្រកប​ដោយ​អាមិស​។ ក្នុង​វេទនា​ទាំង​ ៩​ប្រការ​នេះ ទ្រង់​បង្រៀន​ឲ្យ​ភិក្ខុ​ពិចារណា វេទនា ជា ៣ លំដាប់​គឺៈ ១/ ឲ្យ​ពិចារណា​វេទនា​ខាង​ក្នុង ឲ្យ​ពិចារណា​វេទនា​ខាង​ក្រៅ ឲ្យ​ពិចារណា​វេទនា​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​។ ២/ ឲ្យ​ពិចារណា​ទាំង​ធម៌​ជា​ហេតុ​កើត ទាំង​ធម៌​ជា​ហេតុ​រលត់ ក្នុង​វេទនា​ទាំង​ឡាយ​។ ៣/ ឲ្យ​តាំង​សតិ​ឆ្ពោះ​ទៅ​រក​កម្មដ្ឋាន​ថា វេទនា មាន​ជា​ប្រក្រតី​ក៏​ត្រឹម​តែ​សម្រាប់​ចម្រើន​ញាណ និង​ការ​ចម្រើន​សតិ​ប៉ុណ្ណោះ មិន​អាស្រ័យ​តណ្ហា និង ទិដ្ឋិ ឬ​ប្រកាន់​មាំ​អ្វី​ៗ​ក្នុង​លោក​ឡើយ​ ។ ព្រះអង្គ​ត្រាស់​សរុប​ថា “ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ពិចារណា​ឃើញ វេទនា​ក្នុង​វេទនា​ទាំង​ឡាយ ជា​ប្រក្រតី យ៉ាង​នេះ​ឯង” ។ ៣-ចិត្តានុបស្សនា ការ​​ពិចារណា​​ឃើញ​​ចិត្ត​​ក្នុង​​ចិត្ត គឺ​​ពិចារណា​​ចិត្ត​​របស់​​ខ្លួន ឲ្យ​​ឃើញ​​សភាវៈ ដែល​​ប្រាកដ​​ក្នុង​​ខណៈ​នោះ និង​​ដឹង​​ច្បាស់​​តាម​​សេចក្តី​​ពិត ដោយ​​ការ​​តាម​​ដាន​​ចិត្ត ៨​​គូ​គឺៈ ១- ចិត្ត​ប្រកប​ដោយ​រាគៈ ចិត្ត​ប្រាស​ចាក​រាគៈ ក៏​ដឹង​ច្បាស់​ថា​ ចិត្ត​ប្រកប​ដោយ​រាគៈ ចិត្ត​ប្រាស​ចាក​រាគៈ​។ ២- ចិត្ត​ប្រកប​ដោយ​ទោសៈ ចិត្ត​ប្រាស​ចាក​ទោសៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកប​ដោយ​ទោសៈ ចិត្ត​ប្រាស​ចាក​ទោសៈ ។ ៣- ចិត្ត​ប្រកប​ដោយ​មោហៈ ចិត្ត​ប្រាស​ចាក​មោហៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកប​ដោយ​មោហៈ ចិត្ត​ប្រាស​ចាក​មោហៈ ។ ៤- ចិត្ត​ប្រកប​ដោយ​ថីន​មិទ្ធៈ ចិត្ត​ប្រាស​ចាក​ថីន​មិទ្ធៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកប​ដោយ​ថីន​មិទ្ធៈ ចិត្ត​ប្រាស​ចាក​ថីន​មិទ្ធៈ ។ ៥- ចិត្ត​ជា​មហគ្គតៈ ចិត្ត​មិន​មែន​ជា​មហគ្គតៈ ក៏​ដឹង​ច្បាស់​ថា​ ចិត្ត​​ជា​មហគ្គតៈ ចិត្ត​មិន​មែន​ជា​មហគ្គតៈ។ ៦- ចិត្ត​មាន​ចិត្ត​ដទៃ​ក្រៃ​លែង​ជាង ចិត្ត​មិន​មាន​ចិត្ត​ដទៃ​ក្រៃ​លែង​ជាង ក៏​ដឹង​ច្បាស់​ថា ចិត្ត​មាន​ចិត្ត​ដទៃ​ក្រៃ​លែង​ជាង ចិត្ត​មិន មាន​ចិត្ត​ដទៃ​ក្រៃ​លែង​ជាង​។ ៧- ចិត្ត​ជាស​មាធិ ចិត្ត​មិន​មែន​ជា​សមាធិ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ជា​សមាធិ ចិត្ត​មិន​មែន​ជា​សមាធិ ។ ៨- ចិត្ត​ដែល​រួច​ផុត​ហើយ និង​ចិត្ត​ដែល​មិន​ទាន់​រួច​ផុត ក៏​ដឹង​ច្បាស់​ថា ចិត្ត​ដែល​រួច​ផុត​ហើយ និង​ចិត្ត​ដែល​មិន​ទាន់​រួច​ផុត ​។ នៅក្នុងចិត្តទាំង ៨ គូ នេះ ទ្រង់ឲ្យភិក្ខុពិចារណាចិត្តជា ៣ លំដាប់គឺៈ ១/ ឲ្យ​ពិចារណា​ចិត្ត​ខាង​ក្នុង ចិត្ត​ខាង​ក្រៅ ចិត្ត​ទាំង​ខាង​ក្នុង ចិត្ត​ទាំង​ខាង​ក្រៅ ។ ២/ ឲ្យ​ពិចារណា​ធម៌​ជា​ហេតុ​កើត និង ធម៌​ជា​ហេតុ​រលត់​ក្នុង​ចិត្ត​របស់​ខ្លួន ។ ៣/ ឲ្យ​តាំង​សតិ​ឆ្ពោះ​ទៅ​រក​កម្មដ្ឋាន​ថា ចិត្ត​មាន​ជា​ប្រក្រ​តី ក៏​ត្រឹម​តែ ដើម្បី​អាស្រ័យ​នូវ​ការ​ចម្រើន​ញាណ ចម្រើន​សតិ​ប៉ុណ្ណោះ មិន​អាស្រ័យ តណ្ហា និង ទិដ្ឋិ​ មិន​ប្រកាន់​ខ្ជាប់​អ្វី​ៗ​ក្នុង​លោក​ឡើយ។ ហើយ​ទ្រង់​ត្រាស់​សរុប​ថា “ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ពិចារណា​ឃើញ ចិត្ត​ក្នុង​ចិត្ត យ៉ាង​នេះ​ឯង​” ​។​ ៤-ធម្មានុបស្សនា ការ​ពិចារណា​ឃើញ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ​ជា​ប្រក្រតី គឺ ពិចារណា​ថា ក្នុង​ខណៈ​នេះ មាន​ធម៌​អ្វី​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ក៏​ដឹង​ច្បាស់​ធម៌​នោះ​ៗ ដោយ​ពិចារណា​ធម៌​ទាំង​ជា​កុសល អកុសល និង អព្យា-​​ក្រិត ដោយ​បែង​ចែក​ការ​ពិចារ​ណា​ជា​ ៥ ពួក​គឺៈ ពួកទី ១ នីវរណបព្វៈ នីវរណៈ គឺ​ពួក​ធម៌​ដែល​រារាំង​ចិត្ត មិន​ឲ្យ​សម្រេច​នូវ​កុស​លធម៌​ មាន ៥​ប្រការ​គឺៈ ១) កាមច្ឆន្ទៈ ការ​ត្រេកអរ​ក្នុង​កាម ។ ២) ព្យាបាទៈ ការ​ព្យាបាទ ។ ៣) ថីនមិទ្ធៈ ការ​រុញរា ងោក​ងុយ ងុយ​ដេក ។ ៤) ឧទ្ធច្ចកុក្កុច្ចៈ សេចក្តី​រាយ​មាយ​អណ្តែត​អណ្តូង ។ ៥) វិចិកិច្ឆា ការ​សង្ស័យ​មិន​ចេះ​ចប់ ។ ទ្រង់​បង្រៀន​ឲ្យ​ភិក្ខុ​កំណត់​ពិចារណា​នីវរណ​ធម៌ តាម​លំដាប់​ដូច្នេះ​គឺៈ ១/ ពេល​មាន​នីវរណ​ធម៌ ខ ណា​មួយ​នៅ​ក្នុង​ចិត្ត ក៏​ឲ្យ​ដឹងច្បាស់​នីវរណធម៌​នោះ ។ ២/ នីវរ​ណធម៌ ខ នីមួយ​ៗ​ដែល​មិន​កើត​ឡើង​ដោយ​ហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ ។ ៣/ នីវរណធម៌ ខ នីមួយ​ៗ​ដែល​កើត​ឡើង និង​លះ​បាន​ដោយ ហេតុ​ណា ក៏​ឲ្យ​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​។ ៤/ នីវរណធម៌ ខ នីមួយៗ​ដែល​លះ​បង់​បាន​ហើយ មិន​កើត​ឡើង​តទៅ​ទៀត​ដោយ​ហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ ។ ពួកទី ២ ខន្ធបព្វៈ បញ្ចក្ខន្ធ (ខន្ធ ៥) គឺ​ពួក​ធម៌​ដែល​ពោល​អំពី​ឧបាទាន​ក្ខន្ធ ឲ្យ​ពិចារណា កំណត់​ដឹង​ខន្ធ​៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ តាមស្ថាន ៣​ប្រការ​គឺ ១.ការ​មាន គឺមាន​យ៉ាង​ដូចម្តេច ២.ការ​កើត គឺ​កើត​ឡើង​បាន​យ៉ាង​ដូច​ម្តេច ៣.ការ​រលត់ គឺ​រលត់​ទៅ​បាន​យ៉ាងដូចម្តេច ? ពួកទី ៣ អាយតនបព្វៈ អាយតនៈ ១២ គឺ​ពួក​ធម៌ ដែល​ពោល​អំពី​អាយ​តនៈខាង​ក្នុង​ ៦ បាន​ដល់ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត និង អាយតនៈ ខាងក្រៅ៦ បាន​ដល់ រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ។ ទ្រង់​​សម្តែង​​កំណត់​​ជា​​វគ្គ ឲ្យ​​ពិចារណា​​អាយតនៈ​​ដូច្នេះ​​គឺៈ ១/ ឲ្យ​កំណត់​អាយតនៈ​ខាង​ក្នុង​ អាយតនៈ​ខាង​ក្រៅ គ្រប់​ចំណុច​នី​មួយ​ៗ ។ ២/ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា សំយោជនៈ​កើត​ឡើង ព្រោះ​អាស្រ័យ អាយតនៈ​នោះ​ៗ ។ ៣/​ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា សំយោជន​កិលេស​ដែល​មិន​ទាន់​កើត​ឡើង កើត​ឡើង​បាន​យ៉ាង​ដូច​ម្តេច ដែល​កើត​ឡើង​ហើយ លះ​បង់ បាន​យ៉ាង​ដូច​ម្តេច ដែល​លះបង់​បាន​ហើយ មិន​កើត​ឡើង​ទៀត បាន យ៉ាងដូចម្តេច ។ ពួកទី ៤ ពោជ្ឈង្គបព្វៈ ពោជ្ឈង្គៈ គឺ​អង្គ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​មាន ៧ ប្រការ​គឺៈ ១-សតិសម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ​សតិ សេច​ក្តី​រព្ញក​បាន ។ ២- ធម្មវិចយ​សម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ ការ​ពិចារណា​ធម៌​ឲ្យ​ល្អិត​ល្អន់ ។ ៣- វិរិយ​សម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ សេចក្តី​ព្យាយាម ។ ៤- បីតិសម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ សេចក្តី​ឆ្អែត​ស្កប់​ស្កល់​ក្នុង​ចិត្ត​។ ៥- បស្សទ្ធិ​សម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ សេចក្តី​ស្ងប់កាយ ស្ងប់ចិត្ត ។ ៦- សមាធិ​សម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ ការ​តាំង​ចិត្ត​មាំ ចិត្ត​ស្ងប់ ។ ៧- ឧបេក្ខា​សម្ពោជ្ឈង្គៈ ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​គឺ ការ​តាំង​ចិត្ត​ជា​កណ្តាល ។ វិធី​ពិចារណា គឺ​ពិចារណា​ឲ្យ​ដឹង​ច្បាស់​ក្នុង​ខណៈ​នោះ​ៗ ថា ពោជ្ឈង្គៈ ៧ ខ នីមួយៗ​ មាន​នៅ​ក្នុង​ខ្លួន​ឬ​ទេ ដែល​មិន​ទាន់​កើត កើត​ឡើង​បាន​យ៉ាង​ដូចម្តេច ដែល​កើត​ឡើង​ហើយ ចម្រើន​ឲ្យ​ពេញ​បរិបូរណ៍ បាន​យ៉ាង​ដូច​ម្តេច ។ ពួកទី ៥ សច្ចបព្វៈ សច្ចៈ ៤ ទ្រង់​បង្រៀន​ឲ្យ​ភិក្ខុ​ឃើញ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា នេះ​ជា​ទុក្ខ (ទុក្ខសច្ចៈ) នេះ​​ជា​​ហេតុ​​នៃ​​សេចក្តី​ទុក្ខ​(សមុទយសច្ចៈ) នេះ​​ជា​​ទី​​រំលត់​​ទុក្ខ(និរោធសច្ចៈ) នេះ​​ជា​​ផ្លូវ​បដិបត្តិ​​ដើម្បី​​ចេញ​​ចាក​​ទុក្ខ(មគ្គសច្ចៈ)​ ។ បន្ទាប់​​ពី​​នោះ​​មក​ទ្រង់​សម្តែង​អំពី​ទុក្ខអរិយ​សច្ច​និទ្ទេស​ថា ទុក្ខ​អរិយសច្ច បាន​ដល់ ជាតិ ជរា ព្យាធិ មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្សៈ ឧបាយាសៈ ការជួបប្រទះនូវរបស់ មិនជាទីស្រឡាញ់ ក៏​ជា​ទុក្ខ ការ​ប្រាស​ចាក​នូវ​របស់​ជាទី​ស្រឡាញ់​ក៏​ជា​ទុក្ខ ការ​មិន​បាន​វត្ថុ​ដែល​ជាទី​ស្រឡាញ់ ក៏​ជា​ទុក្ខ និង​ទ្រង់​សរុប​ថា ឧបាទានក្ខន្ធ ក៏​ជា​ទុក្ខ យ៉ាង​នេះ ។ ទ្រង់​សម្តែង​សមុទយ​អរិយសច្ចនិទ្ទេស​ថា ទុក្ខ​សមុទយ​អរិយ​សច្ចៈ ដូច​ម្តេច​?​ អ្វីជា ​បិយរូប​ សាតរូប (សភាវៈ​ដែល​គួរ​ឲ្យ​ស្រឡាញ់ ពេញ​ចិត្ត​នាំ​ឲ្យ​កើត​តណ្ហា) ក្នុង​លោក? ទ្រង់​អធិប្បាយ អាយ​តនៈ ខាង​ក្នុង មាន​ចក្ខុ​ជា​ដើម អាយ​តនៈខាង​ក្រៅ មាន​រូប​ជា​ដើម វិញ្ញាណ ៦ មាន​ចក្ខុវិញ្ញាណ​ជា​ដើម សម្ផស្ស ៦ មាន​ចក្ខុសម្ផស្ស ជាដើម វេទនា ៦ មានរូបវេទនា ជា​ដើម សញ្ញា ៦ មាន​រូប​សញ្ញា​ជា​ដើម សញ្ចេតនា ៦ មាន​រូប​សញ្ចេតនា​ជា​ដើម តណ្ហា ៦ មាន​រូប​តណ្ហា ជា​ដើម​ វិតក្កៈ ​៦ មាន​រូប​វិតក្កៈ ជា​ដើម វិចារៈ ៦ មាន​រូបវិចារៈជា​ដើម គ្រប់​ចំណុច​នីមួយ​ៗ ជា​បិយរូប សាត​រូប ក្នុង​លោក ។​តណ្ហា​​ពេល​កើត​ឡើង ក៏​កើត​ឡើង ក្នុង​ធម៌​ទាំង​នេះ ពេល​តាំង​នៅ ក៏​តាំង​នៅ​ក្នុង​ធម៌​ទាំង​នេះ ។ ទ្រង់​សម្តែង​និរោធ​អរិយ​សច្ច​និទ្ទេស​​ថា ទុក្ខ​និរោធអរិយសច្ចៈ ដូចម្តេច? អ្វី​ជា​បិយរូប សាត​រូប ក្នុង​លោក? សេចក្តី​អធិប្បាយ​នៃ ការ​រំលត់​តណ្ហា (និរោធសច្ចៈ) នេះ​មាន​ន័យ​ផ្ទុយ​គ្នា​ពី​សមុទយ​សច្ច និទ្ទេស ខាង​ដើម ។ ទ្រង់​សម្តែង​មគ្គ​សច្ច​និទ្ទេស​ថា តើ​ទុក្ខ​និរោធគា​មិ​នី​បដិបទា ដូចម្តេច? ទ្រង់​អធិប្បាយ​ថា បាន​ដល់ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ មាន​សម្មាទិដ្ឋិ ជា​ដើម ។ បន្ទាប់​ពី​នោះ ទ្រង់​អធិប្បាយ អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ប្រការ​គ្រប់​ចំណុច ដូច​ជា​សម្មាទិដ្ឋិ គឺ​ការ​យល់ ដឹង​ក្នុង​ទុក្ខ​ក្នុង​សមុទ័យ ក្នុង​ទុក្ខនិរោធ និង ក្នុង​ទុក្ខនិរោធគា​មិនី​បដិបទា ជាដើម ។ បន្ទាប់​​មក​​ទៀត ទ្រង់​​បង្រៀន​​ឲ្យ​​ភិក្ខុ​​ឃើញ​​ធម៌ ក្នុងធម៌​​ទាំង​​ឡាយ ក្នុង​លក្ខណៈ​ផ្សេង​ៗ ​៣លំដាប់​គឺៈ ១/ ឲ្យ​ពិចារណា​ធម៌​ខាង​ក្នុង ធម៌​ខាង​ក្រៅ ធម៌​ទាំង​ខាង​ក្នុង​ធម៌​ទាំង​ខាង​ក្រៅ ។ ២/ ឲ្យ​ពិចារ​ណា​ធម៌​ជា​ហេតុ​កើត​និង​ធម៌​ជា​ហេតុ​រលត់ ក្នុង​ធម៌​ទាំង​ឡាយ ។ ៣/ ឲ្យ​តាំង​សតិ ឆ្ពោះ​ទៅ​រក​កម្មដ្ឋាន​ថា ធម៌​មាន​នៅ​ជា​ប្រក្រតី ក៏​ត្រឹម​តែ​ដើម្បី​អាស្រ័យ​នូវ​ការ​ចម្រើន​ញាណ និង​ ការ​ចម្រើន​សតិ​ប៉ុណ្ណោះ មិន​អា​ស្រ័យ​តណ្ហា និង​ ទិដ្ឋិ មិន​ប្រកាន់​ខ្ជាប់​នូវ​អ្វីៗ​ក្នុង​លោក​ឡើយ ។ ហើយ​ទ្រង់​ត្រាស់​ថា “ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ពិចារណា ឃើញ​ធម៌ ក្នុង​ធម៌​ទាំង​ឡាយ ​ជា​ប្រ​ក្រតី យ៉ាង​នេះ​ឯង” ​។ ភាគនិគមន៍ អា​និសង្ស​នៃ ការ​ចម្រើន​សតិបដ្ឋាន​ ៤ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​សម្តែង​អានិសង្ស​នៃ​ការ​ចម្រើន​សតិប​ដ្ឋាន​ជា​និគមវចនៈ ថា បុគ្គល​ចម្រើន​សតិបដ្ឋាន​អស់​រយៈ​ពេល ៧ ឆ្នាំ ៦ ឆ្នាំ ៥ ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ ។ អស់​រយៈ​ពេល ៧​ខែ ៦​ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ អស់​រយៈ​ពេល កន្លះ​ខែ ឬអស់​រយៈ​ពេល ៧ ថ្ងៃ គង់​នឹង​បាន​សម្រេច​ផល​ណា​មួយ បណ្តា​ផល​ទាំង ២​យ៉ាង​គឺ អរហត្តផល​ក្នុង​បច្ចុប្បន្ន ឬ បើ​មាន​ឧបាទាន​សល់​នៅ ក៏​នឹង​បាន​ជា​ព្រះ​អនាគា​មី ។ ហើយ​ទ្រង់​ត្រាស់​សរុប​ថា “ផ្លូវ​នេះ​ជា​ផ្លូវ​មូល​តែ​មួយ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​បរិសុទ្ធ​នៃ​សត្វ​ទាំង​ឡាយ ដើម្បី​កំចាត់​បង់​នូវ​សេចក្តីសោក និង​សេចក្តី​ខ្សឹ​ក​ខ្សួល ដើម្បី​រំលត់​ទុក្ខ និង​ទោមនស្ស ដើម្បី​សម្រេច​នូវ​ញេយ្យ​ធម៌ (អរិយមគ្គ) ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ ព្រះ​និព្វាន ។ ផ្លូវ​នោះ គឺសតិប​ដ្ឋាន ៤ ប្រ​ការ តថា​គត​អាស្រ័យ​ផ្លូវ​នេះ​ឯង ទើប​ពណ៌នា​ដូច​ពោល​មក​នេះ។កាល​ព្រះ​សម្មា​សម្ពុទ្ធ​ត្រាស់​សម្តែង​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​ចិត្ត​ត្រេកអររីក​រាយ ចំពោះ​ពុទ្ធភាសិត​នេះ​ក្រៃ​ពេក ។ ចំណុចគួរសង្កេត សូម​សង្កេត​មើល​ថា ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​សតិប​ដ្ឋាន ទុក​ក្នុង​ទី​ផ្សេង​ៗ​ច្រើន​កន្លែង ដូច​មាន​ប្រាកដ​ក្នុង​ព្រះសុត្តន្តបិដក និង ព្រះអភិធម្មបិដក ប៉ុន្តែ​ដែល​ត្រាស់​សម្តែង​ទុក​ដោយ​ពិស្តារ ដែល​ហៅ ថា​ព្រះ​សូត្រធំ​នោះ មាន​ប្រាកដ​ពីរ​កន្លែង​ប៉ុណ្ណោះ គឺ​ក្នុង​ព្រះ​សូត្រ​នេះ និង​ក្នុង​មជ្ឈិម​កាយ មូល​បណ្ណាសកៈ ។ ចំណុច​ដែល​គួរ​សង្កេត​តទៅ​ទៀត​នោះ​គឺ អដ្ឋកថា របស់​ទីឃនិកាយ មហាវគ្គ និង អដ្ឋកថា របស់​មជ្ឈិម​និកាយ​មូលបណ្ណាសកៈ កត់​ត្រា​ទុក​ច្បាស់​ថា សតិបដ្ឋាន ក្នុង​មជ្ឈិម​និកាយ មូល​បណ្ណាសកៈ មាន​ឈ្មោះ​ថា សតិប​ដ្ឋានសូត្រ រី​ឯក្នុង​ទីឃ​និកាយ មហាវគ្គ​នេះ មាន​ឈ្មោះ​ថា មហា​សតិប្បដ្ឋាន​សូត្រ ។ អដ្ឋក​ថា​ទាំង​ពីរ​ក្បាល​នេះ កត់​ត្រា​ទុក​ច្បាស់​ថា ព្រះ​សូត្រ​ទាំង ២ ​នេះ ចាត់​ចូល​នៅ​ក្នុង​ព្រះ​សូត្រ ដែល​មាន​អត្ថ​ជ្រាល​ជ្រៅ ទាំង​៨ សូត្រ​គឺ នៅ​ក្នុង​ទីឃនិកាយ​ពីរ​សូត្រ​គឺ មហានិទានសូត្រ និង មហាសតិប​ដ្ឋានសូត្រ ក្នុង​មជ្ឈិម​និកាយ ៦ សូត្រ​គឺ សតិប​ដ្ឋាន សូ​ត្រ សារោបមសូត្រ រុក្ខោបមសូត្រ រដ្ឋបាលសូត្រ មាគ​ណ្ឌិយសូត្រ និង អានេញ្ជ​សប្បាយ​សូត្រ ។ ព្រះ​សូត្រ​ទាំង​នេះ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​សម្តែង​ដល់​ពុទ្ធបរិស័ទ​ដែនកុរុ ព្រោះ​ពួក​គេ មាន​ការ​ចាប់ អារម្មណ៍ ក្នុង​ការ​រៀន​ធម៌ និង បដិបត្តិធម៌​យ៉ាង​ខ្លាំង​ក្លា​ណាស់ លោក​ឧបមា​ទុក​ថា បុរស​ដែល​បាន​ប្រអប់​មាស​ហើយ យក​ផ្កា​មាន ប្រភេទ​ផ្សេងៗ​មក​ទុក​ក្នុង​ប្រអប់​នោះ យ៉ាង​ណា ឬ​បុរស​បាន​ហិប មាស​ហើយ យក​រតនៈ ៧​ប្រការ មក​ទុកក្នុង​ហិប​នោះ យ៉ាង​ណា ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​បាន​ពុទ្ធ​បរិស័ទ​អ្នក​ដែន​កុរុ ហើយ​ក៏​ទ្រង់​សម្តែង ព្រះ​ធម៌​ទេសនា ដែល​មាន​អត្ថ​ដ៏​ជ្រាល​ជ្រៅ ដល់​ពុទ្ធ​បរិស័ទ​នោះ យ៉ាង​នោះ ​ដូច​គ្នា ​។ ខ្លឹមសារដែលគួរសិក្សា សារសំខាន់ដែលគួរសិក្សាដោយលំអិតគឺៈ -១-វិភាគ​អត្ថន័យ និង​គោល​ការណ៍ របស់​សតិបដ្ឋាន ​៤ ។ -២-វិភាគ​សារៈ​សំខាន់​នៃ​ការ​ចម្រើន​សតិប​ដ្ឋាន ៤ ។ -៣-ហ្វឹកហាត់ចម្រើនសតិប​ដ្ឋាន តាមដែលទ្រង់អធិប្បាយ ។ -៤-វិភាគ​ផល​នៃ​ការ​ចម្រើន​សតិប​ដ្ឋាន ៤ ៕ “ចប់មហាសតិបដ្ឋានសូត្រដោយសង្ខេប” ចម្លងពី គេហទំព័រព្រះពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/301/te322xtpic.jpg
ថ្ងៃនេះ
ផ្សាយ : ២១ កញ្ញា ឆ្នាំ២០២៦ (អាន: ៧៦,០៦៨ ដង)
ព្រះ​សទ្ធម្ម​ចែក​ជា ៣ ប្រភេទ​គឺ ១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះ​ត្រៃ​បិដក​សំដែង​អំពី​គោល​ធម៌ របៀប​បែប​ផែន ដំបូន្មាន ច្បាប់​សម្រាប់​ប្រតិបត្តិ​ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​រៀន​ស្វាធ្យាយ ទ្រទ្រង់បង្ហាត់​បង្រៀន សំដែង​ប្រាប់​ដល់​អ្នក​ដទៃ, ២- បដិបត្តិធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​ បាន​ដល់​សីល សមាធិ បញ្ញា ឬ​សេចក្ដី​ប្រតិបត្តិ​តាម​ធ្វើ​តាមកា​ន់តាម នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ដែល​ខ្លួន​បាន​រៀន បាន​ស្ដាប់ បាន​ចេះ​ដឹង ដើម្បី​ឲ្យ​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​ដល់ ឲ្យ​សំរេច​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​សំរេច ដើម្បី​ឲ្យ​ជាក់​ច្បាស់ ។ ៣- បដិវេធ​ធម៌ ការ​ត្រាស់​ដឹង បាន​ដល់​កិរិយា​បាន​សំរេច បាន​ជាក់​ច្បាស់​ចាក់​ធ្លុះ​នូវ​បរមត្ថៈ ​គឺ​មគ្គ ផល និព្វាន ដែល​ជា​ផល​សំរេច​អំពី​ការ​រៀន​ស្ដាប់​ចេះ​ដឹង នឹង​ប្រតិបត្តិ​នោះ ។ វេនេយ្យ​សត្វ​ដូច​អ្នក​ដំណើរ, ព្រះ​សម្មាសម្ពុទ្ធ​ដូច​អ្នក​ស្គាល់​ផ្លូវ បង្ហាញ​ផ្លូវ​ត្រង់, បរិយត្តិធម៌​ដូច​ជា​ផ្លូវ​ត្រង់, បដិបត្តិធម៌​ដូច​ជា​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រង់​នៃ​អ្នក​ដំណើរ, បដិវេធ​ធម៌​ដូច​ជា​ដំណើរ​ទៅ​ដល់​កន្លែង​ដែល​ត្រូវ​ទៅ​ឲ្យ​ដល់​នៃ​អ្នក​ដំណើរ ។ ព្រះ​សទ្ធម្ម​ទាំង​ ៣ ប្រភេទ​នេះ បណ្ឌិត​គប្បី​លើក​យក​អរិយមគ្គ​មាន​អង្គ ៨ មក​ពិនិត្យ​ឲ្យ​យល់​ច្បាស់​ថាៈ ការ​រៀន​ចេះ​ចាំ​បង្រៀន​សំដែង​នូវ​មគ្គ នោះ​ជា​បរិយត្តិ,​ ការ​​ប្រឹង​ប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​អង្គ​មគ្គ នោះ​​ជា​បដិបត្តិ, ការ​បាន​សំរេច​នូវ​អង្គ​មគ្គ នោះ​ជា​បដិវេធៈ​ ។ អរិយមគ្គមានអង្គ ៨ ១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ, ២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ, ៣- សម្មាវាចា សំដីត្រូវ, ៤- សម្មាកម្មន្តៈ ការងារត្រូវ, ៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ, ៦- សម្មាវាយាមៈ ព្យាយាមត្រូវ, ៧- សម្មាសតិ ការរលឹកត្រូវ, ៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ ។ ១-សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤ ១- ទុក្ខៈ ធម្មជាត​ដែល​នាំ​ឲ្យ​លំបាក​ព្រួយ​មាន​ជាតិ​ ជរា​ មរណៈ​ជាដើម, ២- ទុក្ខសមុទយៈ ហេតុ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​បាន​ដល់​តណ្ហា, ៣- ទុក្ខនិរោធៈ ព្រះ​និព្វាន​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ, ៤- ទុក្ខនិ​រោធគាមិ​នី​បដិបទា មធ្យម​មាគ៌ា​នាំ​ឲ្យ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ ។ ២-សម្មាសំង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ ១- នេក្ខម្មសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​ចេញ​ចាក​កាម, ២- អព្យាទ​សង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​មិន​ព្យាបាទ, ៣- អវិហឹសាសង្កប្បៈ សេចក្ដី​ត្រិះរិះ​ក្នុង​ការ​មិន​បៀត​បៀន​។ ៣-សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ ១- មុសាវាទា វេរមណី ការ​វៀរចាក​កិរិយា​ពោល​កុហក, ២- បិសុណាយ វាចាយ វេរមណី ការ​វៀរ​ចាក​សំដី​ញុះ​ញង់, ៣- ផរុសាយ វាចាយ វេរមណី ការ​​វៀរ​​ចាក​​សំដី​​ទ្រ​គោះ ៤- សម្ផប្បលាបា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​ពោល​​រឿង​​ឥត​​ប្រយោជន៍ ។ ៤-សម្មាកម្មន្តៈ ការ​ងារ​​ត្រូវ​​បាន​​ដល់​​ការ​​វៀរ​ចាក​ កាយ​ទុច្ចរិត ៣ យ៉ាង​គឺ ១- បាណាតិបាតា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​បំបាត់​​ប្រាណ​​សត្វ, ២- អទិន្នាទានា វេរមណី ការ​​វៀរ​​ចាក​​ការ​​កាន់​​យក​​វត្ថុ​​ដែល​​គេ​​មិន​​ឲ្យ, ៣- កាមេសុមិច្ឆា​ចារា វេរមណី ការ​​វៀរ​​ចាក​​ការ​​ប្រព្រឹត្ត​​ខុស​​ក្នុង​​កាម​​ទាំងឡាយ ​។ ៥-សម្មាអាជីវៈ ការ​​ចិញ្ចឹម​​ជីវិត​​ត្រូវ, សម្រាប់​​គ្រហស្ថ បាន​​ដល់​​ការ​​វៀរ​​ចាក​​ជំនួញ​​ខុស កិរិយា​លះ​បង់​​ការ​​បំបាត់​​ដោយ​​ជញ្ជីង​​ជា​ដើម ការ​​ធ្វើ​​ជា​​សាក្សី​​កោង, ការ​​ល្មោភ​​សំណូក ហើយ​​ប្រកប​​អាជីវកម្ម ដោយ​​វណិជ្ជកម្ម​​ដែល​​នាំ​​ឲ្យ​​សេដ្ឋកិច្ច​​ជាតិ​​ចំរើន, ដោយ​​វិជ្ជា​​ជីវៈ ដ៏​​យុត្តិធម៌, ដោយ​​កសិកម្ម ជា​ឧត្តម​កម្ម នឹង​​គោរក្ខ​កម្ម, សម្រាប់​​បព្វជិត បាន​​ដល់​​ការ​​លះបង់​​មិច្ឆា​អាជីវៈ​​ដោយ​​អនេ​សនៈ​បាប​ធម៌ មាន​ទូត​កម្ម វេជ្ជកម្ម​​ជា​ដើម ការ​​ត្រាច់​​ទៅ​​កាន់​​អគោចរដ្ឋាន ហើយ​​ចិញ្ចឹម​​ជីវិត​​ដោយ​​ភិក្ខា​​ចរិយ​ធម៌​​ដ៏​​ស្មើ ឬ​​បច្ច័យ​​ដែល​​កើត​​ឡើង​​តាម​​ធម៌ ។ ៦-សម្មាវាយាមៈ ព្យា​យាម​​ត្រូវ បាន​​ដល់​​សម្មប្ប​ធាន គឺ​​ការ​​បង្កើត​​ឆន្ទៈ ព្យា​យាម​​ប្រារព្ធ វីរិយៈ តាំង​បធាន ផ្គង​​ចិត្តៈ -ដើម្បី​​មិន​​ឲ្យ​អកុសល​ធម៌​​លា​មក មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង​​បាន, -ដើម្បី​​លះ​បង់​​នូវ​​អកុសល​​ធម៌​​លាមក​​កើត​​ឡើង​​ហើយ, -ដើម្បី​​ឲ្យ​​កុសល​ធម៌​​មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង, -ដើម្បី​​ឲ្យ​​កុសលធម៌​​កើត​​ឡើង​ហើយ ឋិត​​នៅ មិន​​សាប​​សូន្យ ឲ្យ​​ចំរើន​​ច្រើន​​ឡើង ឲ្យ​​ចំរើន​​ទូលំ​ទូលាយ ឲ្យ​​បរិបូណ៌ ។ ៧-សម្មាសតិៈ ការ​រលឹក​ត្រូវ បាន​ដល់​ សតិប្បដ្ឋាន ៤ គឺ ១- កាយានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ​​ខ្ជាប់ខ្ជួន​​ពិចារណា​​រឿយ​ៗ ក្នុង​​កាយ, ២- វេទនានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយៗ ក្នុង​​វេទនា. ៣- ចិត្តានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ចិត្ត, ៤- ធម្មានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ធម៌ ។ ៨-សម្មាសមាធិៈ សមាធិ​​ត្រូវ បាន​​ដល់​​ឈាន ៤ ដែល​​ភិក្ខុ​​ស្ងប់ស្ងាត់​​ចាក​​កាម​​ទាំង​ឡាយ ចាក​អកុសលធម៌​​ទាំង​ឡាយ ហើយ​​បាន​​សម្រេច គឺ ១- មឋមជ្ឈាន ប្រកប​ដោយ ​វិតក្កៈ វិចារៈ មាន​បីតិ សុខៈ កើត​អំពី​វិវេគ, ២- ទុតិយជ្ឈាន រម្ងាប់​វិតក្កៈ វិចារៈ ថ្លា​ល្អ​​ខាង​​ក្នុង មាន​​ឯ​កោ​ទិភាព​​ចិត្ត មាន​បីតិ​សុខ​​កើត​​អំពី​​វិវេគ, ៣- តតិយជ្ឈាន ប្រាស​​ចាក​​បីតិ មាន​​សុខៈ នឹង​​ឧបេក្ខា, ៤- ចតុត្ថជ្ឈាន លះ​បង់​​សុខ​​នឹង​​ទុក្ខ មិន​​មាន​​សោមនស្ស​​ទោមនស្ស ជា​​អទុក្ខម​សុខៈ មាន​​សតិ​​ប្រកប​ដោយ​​ឧបេក្ខា​​ដ៏​​បរិសុទ្ធ ។ បណ្ដា​​មគ្គ​​ទាំង ៨ -សម្មាទិដ្ឋិ ញ៉ាំង​​លោក​​ឲ្យ​​ដឹង​​ច្បាស់​​នូវ អនិច្ចតា ទុក្ខតា អនត្តតា, នូវ​​សមុទ័យ​​នៃ​​លោក​ប្បញ្ហា គឺ​តណ្ហា, នូវ​​ឧបាយ​​ដោះ​​នឹង​​កិរិយា​​ដោះ, -សម្មាសង្កប្បៈ ឲ្យ​​ស្គាល់​​សមុដ្ឋាន​​អសន្តិភាព គឺ​​កាមៈ ព្យាបាទៈ វិហឹសា ហើយ​​ឲ្យ​​សាង​​សន្តិភាព​ដោយ​​កាម​​វិរតិ ព្រហ្មវិហារ​ធម៌ ៤ ជា​​ធម៌​​ស្ងួន​​លោក, -សម្មាវាចា ឲ្យ​​មាន​​សច្ចៈ មាន​​សន្តិភាព​​សាមគ្គី​​អរិយ​ធម៌​​ដោយ​​វាចា​​នឹង​​វាចា​​ប្រកប​​ដោយ​ប្រយោជន៍, -សម្មាកម្មន្តៈ ឲ្យ​​គោរព​​សិទ្ធិ សេរីភាព អធិប​តេយ្យ​​ដែល​​មាន​​សំរាប់​​កាយិក​​ចេតសិក​​សុខ​​ជីវិត សវិញ្ញាណ​​កាវិញ្ញាណ​ក​ទ្រព្យ គ្រាម​ធម៌, -សម្មាអាជីវៈ ឲ្យ​ប្រកប​អាជីវកម្ម​ដោយ​ធម៌, -សម្មាវាយាមៈ ឲ្យ​​លះបង់​​អាលស្យ​ភាព (កំជិល) ដែល​​ជា​​ប្រធាន​​អកុសល​ធម៌, -សម្មាសតិ ឲ្យ​​មាន​​សតិ​សម្បជញ្ញៈ​ជា​និច្ច​​ថា “ លោក​​មាន​​សមភាព​​ទៅ​​វិញ​​ទៅ​​មក​” ព្រោះ​​លោក​​ជា​ទឹក ដី ភ្លើង ខ្យល់ ឋិត​​នៅ​​ក្នុង​​អាណា អនិច្ចតា ទុក្ខតា អនត្តតា ដូច​គ្នា ជាប់​​ចោទ​​លោក​ប្បញ្ញា​​ដូច​គ្នា, -សម្មាសមាធិ ឲ្យ​​មាន​​ចិត្ត​​ស្អាត​​ផូរ​ផង់ តាំង​​នៅ​​មាំ​មួន​​ចំពោះ​​សត្វ​​នឹង​​សង្ខារ​ ។ មគ្គ​ទាំង ៨ នេះ​​ចាត់​​ចូល​​ក្នុង​​សិក្ខា​​ទាំង ៣ គឺ សម្មាទិដ្ឋិ សម្មា​សង្កប្បៈ ចូល​​ក្នុង ​​អធិប្ប​ញ្ញា សិក្ខា, សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ចូល​​ក្នុង​​ អធិសីល សិក្ខា, សម្មាវិ​យាមៈ សម្មា​សតិ សម្មាសមាធិ​ ចូល​​ក្នុង អធិ​​ចិត្ត សិក្ខា ​។ ព្រះ​​ពុទ្ធសាសនា មាន​​គោល​ធម៌​​ប៉ុណ្ណេះ​​ជា​ដើម ដែល​​ជា​​ពន្លឺ​​បំភ្លឺ​​លោក ឲ្យ​​ភ្លឺ​​ស្វាង​​ចាក​​មហន្ធការ​​គឺ​អវិជ្ជា ហើយ​​ឲ្យ​​ស្គាល់​​មធ្យោបាយ​​សាង​​សន្តិភាព​​សម្រាប់​​សាកល​លោក នឹង​​ឯកន្ត​​សន្តិភាព គឺ​សន្តិភាព​​សម្រាប់​​ខ្លួន​​នា​​បច្ចុប្បន្ន អនាគត នឹង​​សន្តិភាព រួច​​ចាក​​អណា​​លោក​រាជ​​នឹង​​លោក​ប្បញ្ញា​នា​អវសាន​​ជាតិ ។ រវាង​​សតវត្ស​​ទី ២៥ នៃ​​ពុទ្ធសករាជ, ពិ​ភពលោក​​ក្នុង​​កំឡុង​​កាំ​រស្មី​​អាទិត្យ ត្រូវ​​លោក​​សង្គ្រាម​​គំរាម​យ៉ាង​​ខ្លាំង ព្រោះ​​លោក​​ខ្វះ​​មនុស្ស​​ធម៌ ដល់​​គំរប់ ២៥០០ វស្សា​​នៃ​​ពុទ្ធសករាជ ក៏​​មាន​​ចិត្ត​​ស្នេហា​សន្តិភាព​​បាន​​នាំ​​គ្នា​​ធ្វើ​​បុណ្យ​​រំលឹក​​រយៈ​​កាល ២៥០០ វស្សា ដើម្បី​​សន្តិភាព ប៉ុន្តែ​​សន្តិភា​ព​​មិន​មែន​មាន​​ត្រង់​​អំនួត​​ថា “ ខ្ញុំ​​ធ្វើ​​ពិធី​​នេះ​​ដែរ” ទេ ព្រោះ​​ដំណើរ​​នោះ​​ជា​​អាកប្បកិរិយា​​ក្លែង​​បន្លំ​​ក៏​​សឹង​​មាន សន្តិភាព​​ឥត​​អាមិស​ ​មាន​​នៅ​​ត្រង់​​ការ​​ប្រតិបត្តិ​តាម​​គោល​​នៃ​​ព្រះ​​សទ្ធម្ម ៨ ដែល​​ពោល​​មក​​ហើយ​នោះ​​ពិត​ ៗ ។ បើ​​លោក​​ត្រូវ​​ការ​​សន្តិភាព ស្រឡាញ់​​សន្តិភាព សូម​​អញ្ជើញ​​ធ្វើ​​តាម​​គោល​​ព្រះ​​សទ្ធម្ម ៨ នោះ​​ចុះ ។​ (ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​) ចម្លងពីគេហទំព័រព្រះពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/1606/2026-09-21_07_46_26-Adobe_Photoshop_2020.jpg
ថ្ងៃនេះ
ផ្សាយ : ២១ កញ្ញា ឆ្នាំ២០២៦ (អាន: ២៥,០០១ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ _ សម្មតិសច្ចៈពិត​ខាង​ការ​សន្មតិ ពាក្យ​ថាសន្មតិ គឺ ការ​ប្ដេជ្ញា ការ​សន្យា អនុម័ត ការ​យល់​ព្រម​ជា​មួយ ការ​តាំង ដំណើរ​ព្រម​តាម ការ​កំណត់​ថា យើង គេ មនុស្ស សត្វ បុរស ស្ត្រីជាដើម។ ការ​កំណត់​យ៉ាង​នេះចាត់​ជា​ការ​ពិត​មួយ ដូច​ពាក្យ​ថា មនុស្ស​និង​សត្វ​ដែល​ធ្លាប់កំណត់​ចំណាំ​យូមកហើយ ការ​កំណត់​នោះ​នៅ​ទៀត​ទាត់​ឥត​ផ្លាស់​ប្ដូរ​នឹង​​ថា​មនុស្ស​ជា​សត្វៗ ជា​មនុស្ស ដូច្នេះ​វិញ​ពុំ​ដែល​មាន ព្រោះ​មនុស្ស​មាន​លក្ខណៈ​សណ្ឋាន​ទ្រង់​ទ្រាយ​ផ្សេង​ពី​សត្វ។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា សម្មតិសច្ចៈ។ _ ភាវសច្ចៈពិត​ខាង​សភាវៈ បាន​ដល់​សត្វ​និង​សង្ខារដែល​តែង​តែវិនាស ប្រែប្រួល​ទៅ​តាម​ធម្មតា​របស់​ខ្លួន និង​បំបែរ​ថា​សត្វ​នឹង​សង្ខារ​ទៀតទាត់​ស្ថិត​ស្ថេរ មិន​វិនាស មិន​ប្រែប្រួល​ដូច្នេះ​វិញ​ពុំ​បាន ព្រោះ​សត្វ​និង​សង្ខារ​នេះ​ជា​ពួក​ក្រុម​របស់អវិជ្ជា ទៀត​តែ​វិនាស​ប្រែប្រួល​ដោយ​ពិត​ប្រាកដ។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា ភាវសច្ចៈ ពិត​ខាង​សភាវៈ។ _ បរមត្ថសច្ចៈពិត​ខាង​ផ្លូវ​បរមត្ថ បាន​ដល់​ចិត្ត ចេតសិក រូប និព្វាន។ បរមត្ថធម៌​ទាំង​នេះ​ពិត​ប្រាកដ ទៀត​ទាត់​មិន​ចេះ​ច្រឡូក​ច្រឡំ​ផ្លាស់ប្ដូរ​គ្នា ចិត្ត​ជា​ចេតសិកៗ ជារូបៗ ជានិព្វាន​ឡើយ គឺ នៅ​ទៀត​ពិត​ប្រាកដ​ដដែល​ដូច​សភាវៈ​ដើម​បើ​ចិត្ត​នៅ​ជា​ចិត្ត ចេតសិក​នៅ​ជា​ចេតសិក រូប​នៅ​ជារូប និព្វាន​នៅ​ជា​និព្វាន សូម្បី​ព្រះពុទ្ធអង្គ​ណា​សម្ដែង​ឡើង​ក៏​នៅ​តែ​ចិត្ត ចេតសិក រូប និព្វាន ដូច​ដែល​ឥត​មាន​ល្អៀង។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា បរមត្ថសច្ចៈ ពិត​ខាង​ផ្លូវ​បរមត្ថ។ _ អរិយសច្ចៈពិត​របស់​ព្រះអរិយបុគ្គល បាន​ដល់​អរិយសច្ចធម៌ដែល​ព្រះអរិយបុគ្គល​ទាំង​ឡាយមាន​ព្រះពុទ្ធជាដើម យល់​ឃើញ​ច្បាស់​លាស់​ដោយ​ញាណ​ដ៏​ប្រសើរ។ អរិយសច្ចធម៌នោះ​មាន​ ៤ យ៉ាង​គឺ ១- ទុក្ខ សេចក្ដី​ព្រួយ​លំបាក។ ២- សមុទយ កំណើត​ទុក្ខ ឬហេតុ​ដែលនាំ​ឲ្យ​កើត​ទុក្ខ ៣- និរោធ សេចក្ដី​រលត់​ទុក្ខ ឬ​ធម៌សម្រាប់​រំលត់​ទុក្ខ ៤- មគ្គ ផ្លូវ ឬឧបាយ​នៃ​សេចក្ដី​រលត់ទុក្ខ។ ធម៌​ទាំង​ ៤ នេះ​ហៅ អរិយសច្ច ពិត​វិសេស​ឥត​មាន​ល្អៀង​នឹង​បំបែរ​ថា​ជា​មិន​ពិត​វិញ​ពុំ​បាន​ឡើយ។ ដកស្រង់ចេញពីសៀវភៅ ត្រៃកូដធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/3576/2026-09-20_07_33_41-Greenshot.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៧០ ដង)
ទុក្ខទាំង ១២ កង (ឬទុក្ខសច្ចៈ ១២ ប្រការ) ដែលព្រះសម្មាសម្ពុទ្ធបានទ្រង់សម្តែងក្នុងធម្មចក្កប្បវត្តនសូត្រ។ ទុក្ខអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​ទុក្ខ បាន​ដល់​ធម្មជាតិ​ដែល​សត្វ​ជីក​គាស់​រំលើង​បាន​ដោយ​ក្រ ធម្មជាតិទទេ ធម្មជាតិ​នាំ​ឲ្យ​លំបាក​ព្រួយ ពិបាក​អត់ទ្រាំ ធម្មជាតិ​ដែល​អរិយបុគ្គល​ខ្ពើម​ឆ្អើម​ធុញ​ទ្រាន់ នឿយ​ណាយ នោះ​គឺ​ ៖ ១) ជាតិទុក្ខ កិរិយា​កើត កើត​ព្រម កិរិយា​ចុះ​កាន់គភ៌​ កិរិយាកើត កិរិយា​កើតថ្មី កិរិយា​មាន​ប្រាកដ​នៃ​ខន្ធ កិរិយា​បាន​ចំពោះ​នូវ​អាយតនៈ​ក្នុង​សត្តនិកាយ​នោះ ៗ នៃ​ពួក​សត្វ​នោះ​ៗ, ២) ជរាទុក្ខ កិរិយា​ទ្រុឌ​ទ្រោម គ្រាំគ្រា ធ្មេញ​បាក់ សក់​ស្កូវ ស្បែក​ជ្រួញ​ជ្រីវ កិរិយា​សាប​សូន្យ​អាយុ កិរិយា​ចាស់​ជុំវិញ​នៃ​ឥន្ទ្រិយ, ៣) មរណទុក្ខ កិរិយា​ច្យុតិ ឃ្លាត​ចេញ បែក​ធ្លាយ អន្តរធាន សេចក្ដី​ស្លាប់​គឺ​មច្ចុ កាល​កិរិយា កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ កិរិយា​ដាក់​ចោល​នូវ​សាកសព កិរិយា​ផ្ដាច់​បង់​ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅ​កាន់​បរលោក), ៤) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះ​ស្រងោច​ខាង​ក្នុង សង្រេង​សង្រៃ​ខាង​ក្នុង នៃ​បុគ្គល​ប្រកប​ដោយ​សេចក្ដីវិនាស​អន្តរាយ​ណា​មួយ ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះពាល់, ៥) បរិទេវទុក្ខ កិរិយា​យំ​ទួញ​រក យំ​ទួញ​រៀប​រាប់ អាការ​យំ​ទួញ​រក អាការ​យំ​ទួញ​រៀប​រាប់ ខ្សឹក​ខ្សួល​អណ្ដឺត​អណ្ដក, ៦) ទុក្ខទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​កាយ កិរិយា​ទទួល​សោយ​នូវ​សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​កើត​អំពី​ការ​ប៉ះពាល់​ដោយ​កាយ, ៧) ទោមនស្សទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​ចិត្ត កិរិយា​ទទួល​សោយ​នូវ​សេចក្ដីទុក្ខ សេចក្ដីមិន​ស្រស់​ស្រាយ កើត​អំពី​ការ​ប៉ះ​ពាល់​ដោយ​ចិត្ត, ៨) ឧបាយាសទុក្ខ សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដីតានតឹង ភាព​ចង្អៀត​ចង្អល់ ភាព​តាន​តឹង នៃ​បុគ្គល​ប្រកប​ដោយ​វិនាស​អន្តរាយ​ណា​មួយ​ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះ​ពាល់, ៩) អប្បិយេហិ សម្បយោគទុក្ខ ការ​ប្រកប​ព្រម​ដោយ​សត្វ​នឹង​សង្ខារ​មិន​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​សង្គម សមាគម ប្រជុំ​ព្រម​លាយ​ឡំ​ដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិន​ជាទី​ប្រាថ្នា មិន​ជាទី​ត្រេក​អរ មិន​ជាទី​ពេញ​ចិត្ត ឬ​ដោយ​ពួក​បុគ្គល មិន​ប្រាថ្នា​ប្រយោជន៍ មិន​ប្រាថ្នា​សេចក្ដី​ចំរើន មិន​ប្រាថ្នា​ការ​នៅ​សប្បាយ មិន​ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគៈ, ១០) បយេហិ វិប្បយោគទុក្ខ ការ​ព្រាត់​ប្រាស​ចាក​សង្ខារ​នឹង​សត្វ​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​មិន​មូល​មិត្ត មិន​ជួប​ជុំ មិន​មូល​ត្រកូល មិន​នៅ​លាយ​ឡំ​គ្នា ដោយ​រូប សំឡេង​ ក្លិន​ រសផោដ្ឋព្វៈ ជា​ទី​ប្រាថ្នា ជា​ទី​ត្រេក​អរ ជា​ទី​ពេញ​ចិត្ត ឬ​ដោយ​មាតា​បិតា បង​ប្អូន​ប្រុស បង​ប្អូន​ស្រី អាមាត្យ ញាតិ​សា​លោ​ហិត ដែល​ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្ដី​ចំរើន ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគ, ១១) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការ​ដែល​ប្រាថ្នា​របស់​ណា​មិន​បាន​របស់​នោះ ជា​ទុក្ខ គឺ ពួក​សត្វ​មាន​កំណើត ការ​គ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដី​ស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹក​ខ្សួល ទុក្ខ​ទោមនស្ស សេចក្ដី​ចង្អៀត​ចង្អល់ជា​ធម្មតា មាន​សេចក្ដី​ប្រាថ្នា​ថា ” ឱ ! ហ្ន៎ ធ្វើ​ម្ដេច​យើង​ទាំង​ឡាយ​កុំ​គប្បី​មាន​កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់ ឱហ្ន៎ ធ្វើ​ដូច​ម្ដេច​បាន កំណើត ការ​គ្រាំ​គ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់​កុំ​មក​កាន់​យើង​ទាំង​ឡាយ​” (ប្រាថ្នា​នេះ​មិន​សំរេច), ១២) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយ​បំព្រួញ​ឧបាទាន​ក្ខន្ធ ៥ ជា​ទុក្ខ​ គឺ៖ រូបូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺរូប, វេទនូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វេទនា, សញ្ញូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សញ្ញា, សង្ខារូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សង្ខារ, វិញ្ញាណូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វិញ្ញាណ, ដោយ៥០០០ឆ្នាំ
images/articles/3574/2026-09-19_10_05_26-_____________________________________________________________________-________-__Protected_View_-_Word.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ១០៦ ដង)
១. តេមិយោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វ ព្រះនាម តេមិយៈ ញ៉ាំងព្រះទ័យ ឲ្យប្រព្រឹត្តទៅជាអារម្មណ៍ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ២. មហាជនកោ ពោធិសត្តោ នាម ភគវា ចិត្ត វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម មហាជនក ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជា អារម្មណ៍ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៣. សុវណ្ណសាមោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម សុវណ្ណសាម ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះបានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៤. នេមិរាជា ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម នេមិរាជ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ៥. មហោសថោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម មហោសថ ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៦. ភូរិទត្តោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ភូរិទត្ត ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយ​ទូន្មាន​ខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ៧. ចន្ទកុមារោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ចន្ទកុមារ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៨. ព្រហ្មនារទោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ព្រហ្មនារទៈ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៩. វិធូរោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម វិធូរៈ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ១០. វេស្សន្តរោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម វេស្សន្តរ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ១១. សិទ្ធត្ថោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម សិទ្ធត្ថ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ការបំពេញបារមី ១. ព្រះតេមិយៈ បំពេញនេក្ខម្មបារមី ២. ព្រះមហាជនក បំពេញវីរិយបារមី ៣. ព្រះសុវណ្ណសាម បំពេញមេត្តាបារមី ៤. ព្រះនេមិរាជ បំពេញអធិដ្ឋានបារមី ៥. ព្រះមហោសថ បំពេញបញ្ញាបារមី ៦. ព្រះភូរិទត្តបំពេញសីលបារមី ៧. ព្រះចន្ទកុមារបំពេញខន្តិបារមី ៨. ព្រះមហានារទកស្សបៈ បំពេញឧបេក្ខាបារមី ៩. ព្រះវិធុរៈបំពេញសច្ចបារមី ១០. ព្រះវេស្សន្តរ បំពេញទានបារមី ១១. ព្រះសិទ្ធត្ថបំពេញសេចក្ដីព្យាយាមក្នុងជាតិកំណើតចុងក្រោយ ។ (ចាកធម៌នមស្ការព្រះរតនត្រ័យ) ដោយស.ដ.វ.ថ. ។ ដោយ៥០០០ឆ្នាំ
images/articles/3575/2026-09-19_10_13_53-____________________________________________________________________________________________-__Protected_View_-_Word.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៩៥ ដង)
បុព្ពកម្មបិលោតិកពុទ្ធាបទាន (សម្ដែងអំពីបុព្វកម្ម និងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ) ព្រះលោកនាយក មានភិក្ខុសង្ឃច្រើនចោមរោម ទ្រង់គង់លើផ្ទៃនៃថ្ម ជាទីរីករាយ ជិត​ស្រះអនោតត្ត រុងរឿងដោយរតនៈផ្សេង ៗ ក្នុងចន្លោះនៃព្រៃ មានក្លិនផ្កាផ្សេង ៗ ទ្រង់ ព្យាករនូវបុព្វកម្មរបស់ព្រះអង្គ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ចូរ ស្តាប់នូវអំពើរបស់តថាគតដែលបានធ្វើទុកមកហើយ ដូចតទៅនេះ ៖ ១. តថាគតបានឃើញនូវភិក្ខុមួយរូបនៅក្នុងព្រៃ ហើយបានប្រគេនកំណាត់ សំពត់ ។ ក្នុងកាលនោះ តថាគតបានប្រាថ្នាជាព្រះសម្ពុទ្ធជាដំបូង ដើម្បីការត្រាស់ដឹង ឯសេចក្តីប្រាថ្នានោះ ក៏ឲ្យផលក្នុងការបានត្រាស់ជាព្រះពុទ្ធ ដោយអំណាចនៃ បិលោតិកម្ម ។ ២. ក្នុងកាលមុន តថាគតកើតជា នាយកគោបាល កៀងមេគោទៅកាន់ទីគោចរ បានឃើញមេគោកំពុងផឹកទឹកល្អក់ ហើយដេញចេញ ។ ដោយវិបាកនៃកម្មនោះក្នុង បច្ឆិមភពនេះ តថាគតស្រេចទឹក ហើយមិនបានដូចសេចក្តីប្រាថ្នា ។ ៣. កាលភពមុន ក្នុងជាតិដទៃ តថាគតជាអ្នកលេង ឈ្មោះបុនាលិ បានពោល បង្គាច់នូវព្រះបច្ចេកពុទ្ធព្រះនាមសុរភី ជាបុគ្គលមិនប្រទូស្តឡើយ ។ ដោយវិបាកនៃកម្ម នោះ តថាគតអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ រងទុក្ខវេទានអស់ពាន់នៃឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មនោះ ក្នុងបច្ឆិិមភពនេះ តថាគតបាននូវការពោលចង្កាច់ ព្រោះ ហេតុនៃនាងសុន្ទរិកា ។ ៤. មួយទៀត តថាគតពោលបង្កាច់សាវ័កឈ្មោះនន្ទរបស់ព្រះពុទ្ធទ្រង់គ្រប សង្កត់នូវសត្វលោកទាំងពួង តថាគតបានអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ ព្រោះ ការពោលបង្កាច់នូវសាវ័កនោះ ចំនួនមួយហ្មឺនឆ្នាំ លុះតថាគតបានមកជាមនុស្ស ក៏បាននូវការពោលបង្កាច់ជាច្រើន ។ ដោយសំណល់នៃកម្មនោះ នាងចិញ្ចមានវិកា មកពោលបង្កាច់តថាគតក្នុងប្រជុំជនដោយពាក្យមិនពិត ។ ៥. តថាគតកើតជាព្រាហ្មណ៍ តែងជាអ្នកចេះមន្ត មានគេធ្វើសក្ការបូជា បង្ហាញ មន្តដល់មាណព ៥០០ នាក់ក្នុងព្រៃធំ ។ ឥសិភិមៈបានអភិញ្ញា ៥ មានឫទ្ធិច្រើន មកក្នុង ទីនោះ តថាគតបានឃើញឥសីនោះ លោកជាអ្នកមិនប្រទូស្តនិមន្តមក ក៏បានពោល បង្កាច់ ។ លំដាប់នោះ តថាគតនិយាយនឹងពួកសិស្សថា ឥសីនេះជាអ្នកបរិភោគកាម កាលតថាគតនិយាយប្រាប់ ឯពួកមាណពក៏បានរីករាយតាម ។ លំដាប់នោះ មាណពទាំងអស់ត្រាច់ទៅសូមក្នុងត្រកូលតូចធំនិយាយប្រាប់មហាជនថា ឥសីនេះ ជាអ្នកបរិភោគកាម ។ ដោយវិបាកនៃកម្មនោះ ភិក្ខុទាំងអស់ចំនួន ៥០០ នេះ ក៏បាននូវការពោលបង្កាច់ ព្រោះហេតុនៃនាងសុន្ទរិកា ។ ៦. កាលភពមុន តថាគតសម្លាប់បងប្រុសម្នាក់ មានមាតាផ្សេងគ្នា ព្រោះហេតុនៃ ទ្រព្យហើយបោះចោលទៅក្នុងជ្រោះភ្នំឲ្យប៉ះនឹងថ្ម ។ ដោយវិបាននៃកម្មនោះ ទេវទត្តបាន ប្រមៀលថ្ម ដុំថ្មក៏រមៀលមកប៉ះអង្គុដ្ឋបាទ (មេជើង) នៃតថាគត ។ ៧. កាលពីជាតិមុន តថាគតជាទារក កំពុងលេងក្នុងផ្លូវធំ បានឃើញ ព្រះបច្ចេកពុទ្ធ ក៏ដុតព្រៃទាំងមូលក្បែរផ្លូវ ។ ដោយវិបាកកម្មនោះ ក្នុងបច្ឆិមភពនេះ ទេវទត្តក៏ប្រើខ្មាន់ធ្នូ ឲ្យសម្លាប់តថាគត ។ ៨. កាលពីជាតិមុន តថាគតកើតជាហ្មដំរី បានបរដំរីបំព្រេចព្រះបច្ចេកមុនីដ៏ឧត្តម ព្រះអង្គកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត ។ ដោយវិបាកនៃកម្មនោះ ដំរីនាឡាគិរីប្រេងកាច ចូលមកព្រេចតថាគតក្នុងគិរិព្វជបុរីដ៏ប្រសើរ (រាជគហៈ) ។ ៩. តថាគតកើតជាសេ្តច ឈ្មោះបត្តិកៈ បានយកលំពែងសម្លាប់ បុរសទាំងឡាយ ដោយវិបាកនៃកម្មនោះ តថាគតឆេះក្នុងភ្លើងនរកក្លាខ្លាំង ។ ដោយសំណល់នៃកម្មនោះ ក្នុងកាលឥឡូវនេះ កម្មវិបាកនោះ ក៏ធ្វើឲ្យរបកស្បែកជើង ទាំងអស់របស់តថាគតព្រោះ ថាកម្មនៅតែមិនទាន់វិនាស ។ ១០. តថាគតកើតទារកនៃព្រានត្រីក្នុងកេវដ្តគ្រាម បានឃើញពួកជនអ្នកសម្លាប់ ត្រីក៏កើតសោមនស្ស ។ ដោយវិបាកនៃកម្នមនោះ សេ្តចវិដដុភៈសម្លាប់ពួកសក្យៈ ក្នុកាលណា ទុក្ខក្នុងក្បាលក៏មានដល់តថាគត (ក្នុងកាលនោះ) ព្រោះពួកសក្យៈ ត្រូវគេសម្លាប់ ។ ១១. តថាគតបានពោលផ្តន្ទានូវពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈ ថា ចូរពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈថា ចូរលោកទាំងឡាយទំពាស៊ី បរិភោគនូវបាយដំណើបចុះ កុំរិភោគនូវបាយស្រូវសាលីឡើយ ។ ដោយវិបាកនៃកម្ម នោះ ក្នុងកាលនោះ តថាគតនៅក្នុងស្រុកវេរញ្ជា ព្រាហ្មណ៍និមន្តឲ្យឆាន់តែបាយ ដំណើបអស់ ៣ ខែ ។ ១២. តថាគតបានហាមឃាត់ កូនអ្នកចំបាប់ ក្នុងកាលដែលគ្មានព្រះពុទ្ធត្រាស់ ដោយវិបាកនៃកម្មនោះ ជំងឺខ្នងក៏កើតដល់តថាគត ។ ១៣. តថាគតកើតជាពេទ្យបានដាក់ថ្នាំបញ្ចុះសេដ្ឋិបុត្ត ដោយវិបាកនៃកម្មនោះ ជំងឺចុះឈាម ក៏កើតឡើងដល់តថាគត ។ ១៤. ក្នុងភពមួយនោះ តថាគតកើតជាជោតិបាល បានផ្ទាញ់ផ្ទាល ព្រះសុគត ព្រះនាមកស្សបថា ព្រោះអ្វីក៏ថាត្រាស់ដឹងពោធិញ្ញាណ ជាទីផូរផង់ គេរកបានដោយ កម្រក្រែលែង ។ ដោយវិបាកនៃកម្មនោះ តថាគតប្រព្រឹត្តទុក្ករកិរិយាជាច្រើន ក្នុងឧរុវេល ប្រទេស អស់ ៦ វស្សាទើបបានត្រាស់ដឹងឡើង ។ តថាគតមិនបាននូវ ពោធិញ្ញាណដ៏ឧត្តមដោយផ្លូវន៎្នះទេ តថាគតហេតុតែបុព្វកម្មនោះដាស់តឿន ក៏ស្វែងរក តាមផ្លូវខុស ។ តថាគតមានបុណ្យនិងបាបអស់រលីងហើយ បានវៀរបង់នូវកម្ដៅទាំងពួង មិនមានសេចក្តីសោក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានអាសវៈ នឹងបរិនិព្វាន ។ ព្រះជិនស្រីទ្រង់ដល់នូវអភិញ្ញា និងពលៈទាំងពួង បានព្យាករដោយសេចក្តីពិស្តារ ដល់ភិក្ខុសង្ឃ ជិតមហាស្រះឈ្មោះអនោតត្ត ដូចរៀបរាប់មកនេះឯង ។ បានឮថា ព្រះមានព្រះភាគបានសំដែងនូវពុទ្ធាបទាន ឈ្មោះបុព្វកម្មបិលោតិ ជាធម្មបរិយាយ ដែលជាបុព្វចរិត របស់ព្រះអង្គ ដោយប្រការដូច្នេះ ។ ចប់ បុព្វកម្មបិលោតិកពុទ្ធាបទាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន អម្ពដផលវគ្គ បុព្វកម្មបិលោតិកពុទ្ធអបទាន បិដកលេខ ៧៤ ទំព័រ ១២៤-១២៩) ។ ដោយ សដវថ ។ ដោយ៥០០០ឆ្នាំ
images/articles/1104/2026-09-20_08_05_00-Greenshot.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣,៥៦៨ ដង)
ពោធិបក្ខិយធម៌ មាន​វចនត្ថថាចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ ប្រែថា ធម្មជាតិ​ត្រាស់​ដឹង​នូវ​អរិយ​សច្ច​៤ ដូច្នោះ​ធម្មជាតិ​នោះ​ឈ្មោះ​ថា ពោធិ ។ពោធិបក្ខិយធម៌ ៣៧​នោះ​គឺ សតិប្បដ្ឋាន​៤ សម្មប្បធាន ៤ ឥទ្ធិបាទ​៤ ឥន្ទិយ​៥ ពលៈ៥ ពោជ្ឈង្គ​៧ និង មគ្គមានអង្គ​៨ ។ - សតិប្បដ្ឋាន​៤ សតិបដ្ឋាន មានវចនត្ថថា សម្បយុត្ត​ធម្មេសុ បមុខា បធានាហុត្ថា កាយាទីសុ អារម្មណេសុ តិត្ថតីតិ = បដ្ឋានំ ប្រែ​ថា​ធម៌ណា ជា​ប្រធាន គឺ​ជា​ប្រធាន​ក្នុង​សម្បយុត្តធម៌ទាំង​ឡាយ​ហើយ​តាំង​នៅ​ក្នុង​អារម្មណ៏​ទាំង​ឡាយ មាន​កាយ​ជា​ដើម ដច្នោះ​ធម៌​នោះ​ទើប​ឈ្មោះ​ថា បដ្ឋានំ ។ វចនត្ថ ម្យ៉ាង​ទៀត​ថា​សតិ ឯង បដ្ឋានន្តិ = ន្តិសតិ​បដ្ឋានំ សតិ​នោះ​ឯង ជា​ប្រធាន​ក្នុង​សម្បយុត្ត​ធម៌ ហើយ​តាំង​មាំ​ក្នុង​អារម្មណ៍មាន​កាយ​ជា​ដើម​ដូច្នោះ​ទើប​ឈ្មោះ​ថា សតិ​ប្បដ្ឋាន ។ ១. កាយានុបស្សនាសតិប្បដ្ឋាន សតិ​តាំង​ដមាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ក្នុង​កាយ អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បនាជវន ២៦ (រូបាវចរជវន ១០ អរូបាវចរជវន ៨ លោកកុត្តរ​ជវន​៨) ២.វេទនានុបស្សនាសតិប្បដ្ឋាន សតិតាំង​មាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ នូវ​វេទនា​ក្នុង​វេទនា​អង្គ​ធម៌​បាន​ដល់​សតិ​ចេត​សិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បានាជវន ២៦ ៣. ចិត្តា​នុបស្សនាសតិប្បដ្ឋាន សតិតាំង​មាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ​នូវ​ចិត្ត​ក្នុង​ចិត្ត​អង្គ​ធម៌​បាន​ដល់ សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ។ ៤. ធម្មានុបស្សនាសតិប្បដ្ឋានសតិ​តាំង​មាំ​ក្នុង​ការ​រលឹកពិចារណា​ឃើញ​រឿយ​ៗ នូវ​ធម៌​ក្នុង​ធម៌ អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បនាជវន ២៦ ។ - សម្មប្បធាន៤ សម្មប្បធាន មាន​វចនត្ថថាសមា បទ​ហន្តិ ឯតេនាតិ = សម្មប្បធានំ ប្រែ​ថាសម្បយុត្តធម៌​ទាំង​ឡាយ មាន​សេចក្តី​ព្យាយាមដោយ​ប្រពៃ​ដោយ​ការ​អាស្រ័យ​ធម្មជាតិ​នោះ​ ដូច្នោះ​ធម្មជាតិ​ដែល​ ជា​ហេតុនៃ​សេចក្តី​ព្យាយាម​នោះ​ ទើប​ឈ្មោះ​ថា សម្មប្បធាន (បាន​ដល់​វិរិយ​ចេតសិក) ។ ១. ឧប្បន្នានំ បាបកានំ បហានាយ វាយាមោ ព្យាយាម​ដើម្បី​លះអកុសល​ដែល​កើត​ឡើង​ហើយ​មិន​ឲ្យ​កើត​ឡើង​ទៀត អង្គ​ធម៌ បាន​ដល់ វំវិយចេតសិក ក្នុង​កុសលចិត្ត​២១ (មហាកុសល ៨ រូបាវចរកុសល​៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ២. អនុប្បន្នានំ បាបកានំ អនុបាទាយ វាយាមោ អកុសលធម៌​ដែល​មិន​ទាន់​កើត ព្យាយាម​ទប់​ស្កាត់​មិន​ឲ្យ​កើត​ឡើង​អង្គ​ធម៌បាន​ដល់​វិរយ​ចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល​៨ រូបាវចរ​កុសល​៥ អរូបាវចរកុសល ៤ លោក​កុត្តរមគ្គ ៤) ៣. ឧប្បន្នានំ កុសលានំ ឧបាទាយ វាយាមោ កុសលធម៌ដែល​មិន​ទាន់​កើត​ឡើង ព្យាយាម​ចម្រើន​ឲ្យ​កើត​ឡើង អង្គធម៌បាន​ដល់​ដល់​វិរយចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល៨ រូបាវចរកុសល​៥អរូបាវចកុសល ៤ លោក​កុត្តរមគ្គ៤) ៤. ឧប្បន្នានំ កុសលានំ ភិយ្យោកាវាយ វាយាមោ កុសលធម៌​ដែល​កើត​ឡើង​ហើយ​ព្យាយាម​ចម្រើន​ឲ្យ​កើត​ឡើង​ជា​ភិយ្យោភាព​អង្គ​ធម៌​បាន​ដល់​វំវិយចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល៨ រូបាវចរកុសល​៥ អរូបាវចរកុសល​៤ លោកុត្តរមគ្គ៤) - ឥទ្ធិបាទ ៤ ឥទ្ធិបាទ មានវចនត្ថថាឥជ្ឈនំ = ឥទ្ធិ ប្រែ​ថា សេចក្តី​សម្រេច​ដោយ​បរិបូណ៌ឈ្មោះ​ថា ឥទ្ធិ (បាន​ដល់​ឈាន អភិញ្ញា មគ្គ ផល)វចនត្ថ ម្យ៉ាង​ទៀត​ថាឥទ្ធិយា បាទោ = ឥទ្ធិបាទោ ប្រែ​ថា ធម៌​ដែល​ជា​ហេតុ​សម្រេច ឈាន មគ្គ ផល​ឈ្មោះ​ថា ឥទ្ធិ​បាទ ។ ១. ឆន្ទិបាទ សេចក្តី​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រនៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​ឆន្ទចេត​សិកក្នុង​កុសលចិត្ត​២១ (មហាកុសល​៨ រូបាវចរកុសល ៥​អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ២. វំរិយិទ្ធិបាទ សេចក្តី​ព្យាយាម​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​វំរិយចេត​សិក​ ក្នុង​កុសល​ចិត្ត​២១ (មហាកុសល​៨ រូបាវចរកុសល ៥ អរូបាវចរកុសល​៥លោក​កុត្តរមគ្គ ៤) ៣. ចិត្តិទ្ធិបាទ សេចក្តី​តាំង​ចិត្តយ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​កុសល​ចិត្ត​២១ (មហាកុសល ៨ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរ មគ្គ ៤) ៤. វិមំសិទ្ធិបាទ បញ្ញា ពិចារណា​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​បញ្ញា ចេត​សិក ក្នុង​កុសលញាណ​សម្បយុត្ត ១៧ (មហាកុសល​ញាណ​សម្បយុត្ត ៤ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) - ឥន្ទ្រិយ ៥ ឥន្ទ្រិ មាន​វចនត្ថថាឥន្ទន្តិ បរមឥស្សវិយំ ករោន្តីតិ = ឥន្ទ្រិយានិ ប្រែ​ថា​ធម៌ណា ជា​អ្នក​គ្រប់​គ្រង​គឺ​រមែង​ធ្វើ​ខ្លួន​ជា​ឥស្សរក្រៃ​លែង​ ដូច្នោះ ធម៌​នោះ ទើប​ឈ្មោះ​ថា ឥន្ទ្រិយ ។ ១. សទ្ធិន្ទ្រិយ សទ្ធា​មាន​សភាព​ជា​ធំ​នៃ​ការ​ជ្រះ​ថ្លា ក្នុង​វត្ថុ​ដែល​សម​គួរ​ដល់​ការ​ជ្រះ​ថ្លា មាន​ព្រះ​ពុទ្ធ​ជា​ដើម) អង្គ​ធម៌​បាន​ដល់សទ្ធា​ចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ ២. វិវិយិន្ទ្រិយ វិរិយមាន​សភាព​ជា​ធំ​នៃ​សេចក្តី​ព្យាយម​ក្នុង​វត្ថុ​ដែល​សម​គួរ​ដល់​ការ​ព្យាយាម អង្គ​ធម៌​បាន​ដល់ វិរិយចេត​សិក​ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៣. សតិន្ទ្រិយ សតិ​មាន​ភាព​ជា​ធម ក្នុង​ការ​រលឹក អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ ៤. សមាធិន្ទ្រិយ សមាធិមាន​សភាព​ជា​ធំ​ក្នុង​ការ​ឃុំ​គ្រង​ចិត្ត ឲ្យ​តាំង​នៅ​ក្នុង​អារម្មណ៍​តែ​មួយ អង្គ​ធម៌​បាន​ដល់ ឯក​គ្គតាចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា​៨ អប្បនាជវន ២៦ ៥. បញ្ញិន្ទ្រិយ បញ្ញា មាន​សភាព​ជា​ធំ​ក្នុង​ការ​ដឹង​ច្បាស់​នូវ​សភាវ​ធម៌​ពិត អង្គ​បាន​ដល់ បញ្ញា ចេតសិក ក្នុង​មហាកុសល ញាណ​សម្បយុត្ត​៤ មហាកិរិយាញាណ សម្បយុត្ត​៤ អប្បនាជវន២៦ - ពលៈ ៥ ពលៈ​ មានវចនត្ថថាពលីយន្តិ ឧប្បន្នេ បដិបក្ខធម្មេ សហន្តិ មទ្ធន្តីតិ = ពលានិ ប្រែ​ថា ធម៌​ណា​រមែង​មាន​កម្លាំង​សង្កត់​នូវ​បដិបក្ខធម៌​ដែល​កើត​ឡើង​ហើយ និង​មាន​សេចក្តី​អត់​ធន់​ត​ស៊ូ​ទម្លាយ​នូវ​ធម៌​ជា​បដិបក្ខ​ទាំង​នោះ​ដូច្នោះ​ធម៌​នោះ​ទើប​ឈ្មោះ​ថា ពលៈ​ ។ម្យ៉ាង​ទៀត ដែល​ឈ្មោះ​ថា ពលៈ ដោយ​អត្ថថា មិន​ញាប់​ញ័រ ។ ១. សទ្ធាពល កម្លាំង​គឺ​សទ្ធា​ជា​គ្រឿង​ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដែល​គួរ​ជ្រះ​ថ្លា​អង្គ​ធម៌​បាន​ដល់ សទ្ធា​ចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ២. វិវិយពល កម្លាំង​គឺ​សេចក្តី​ព្យាយាម​ជា​គ្រឿង​ព្យាយាម​ក្នុង​វត្ថុ​ដែល​គួរ​ព្យាយាម អង្គ​ធម៌​បាន​ដល់ វិរិយ​ចេត​សិក ក្នុង​មហា​កុសល ៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ ៣. សតិពល កម្លាំង​គឺ​សតិ​ជា​គ្រឿង​រលឹក​នូវ​សតិ​ជា​គ្រឿង​រលឹក​នូវ​សភាវ​ធម៌​ទាំង​ឡាយ អង្គ​បាន​ដល់ សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិវិយា ៨ អប្បនាជវន ២៦ ៤. សមាធិពល កម្លាំង​គឺ​សមាធិជា​គ្រឿង​តម្កល់ ចិត្ត​ឲ្យ​តាំង​នៅ​ក្នុង​អារម្មណ៍ តែ​មួយ អង្គ​ធម៌​បាន​ដល់ ឯកគ្គ​តាចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៥. បញ្ញា​ពល កម្លាំង​គឺ​បញ្ញា ជា​គ្រឿង​ដឹង​នូវ​សភាវ​ធម៌​ពិត អង្គ​ធម៌​បាន​ដល់ បញ្ញាចេតសិក ក្នុង​មហាកុសល​ញាណ​សម្បយុត្ត ៤ មហាកិរិយាសម្បយុត្ត ៤​ អប្បនាជវន ២៦ - ពោជ្ឈង្គ៧ ពោជ្ឈង្គ មាន​វចនត្ថថា ពោធិយា អង្គោ= ពោជ្ឈង្គោ ប្រែ​ថា ធម៌​ដែល​ជា​គ្រឿង​ប្រកប​​ ជា​ហេតុ​ត្រាស់​ដឹង​ នូវ​អរិយ​សច្ចៈ ៤ ឈ្មោះ​ថា ពោជ្ឈង្គ ។ ១. សតិសម្ពោជ្ឈង្គ សេចក្តី​រលឹក ជាអង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ បាន​ដល់​សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ២. ធម្មវិចយសម្ពោជ្ឈង្គ ការ​ពិនិត្យ​ពិចារណា​ក្នុង​ធម៌​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ អរិយ​សច្ចធម៌​៤ អង្គ​ធម៌​បាន​ដល់ បញ្ញា ចេតសិក ក្នុង​មហាកុសល​ញាណ សម្បយុត្ត ៤ មហាកិរិយា​ញាណ​សម្យយុត្ត ៤ អប្បនាជវន ២៦ ៣. វិរិយ​សម្ពោជ្ឈង្គ​ សេចក្តី​ព្យាយាម ជាអង្គ​នៃ​ការ​ត្រាស់ ដឹង​នូវ​អរិយ​សច្ច​ធម៌​៤ អង្គ​ធម៌​បាន​ដល់ វិរិយ​ចេត​សិក ក្នុង​មហា​កុសល ៨ មហាកិរិយា អប្បនាជវន ២៦ ៤. បីតិសម្ពោជ្ឈង្គ សភាព​ឆ្អែត​ចិត្ត ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ អង្គ​ធម៌​បាន​ដល់​បីតិចេតសិក ក្នុង​មហាកុសល សោមនស្ស ៤ មហាកិរិយា សោមនស្ស​៤ សប្បីតិកអប្បនាជវន ៣០ ឬ​រូបាវចរកុសល ៣ រូបាវចរកិរិយា​៣ លោកុត្តរចិត្ត ៨ ៥. បស្សទ្ធិសម្ពោជ្ឈង្គ សេចក្តី​ស្ងប់​កាយ​ស្ងប់​ចិត្ត​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌​៤ អង្គ​ធម៌​បាន​ដល់ កាយ​បស្សទ្ធិចេតសិក ចិត្ត​បស្សទ្ធិចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៦. សមាធិសម្ពោជ្ឈង្គ សភាព​តាំង​មាំ​ក្នុង​អារម្មណ៍​តែ​មួយ​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ អង្គ​ធម៌​បាន​ដល់ ឯកគ្គតាចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៧. ឧបេក្ខា សម្ពោជ្ឈង្គ ឧបេក្ខាជា​គ្រឿង ធ្វើ​ឲ្យ​សម្បយុត្តធម៌​មាន​សភាព​ស្មើ​ក្នុង​តួនាទី​​របស់​ខ្លួន ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ អង្គ​ធម៌​បាន​ដល់ តត្រមជ្ឈត្តតាចេតសិក ក្នុង​មហាកុសល​៨ អប្បនាជវន ២៦ - មគ្គមាន​អង្គ​៨ មគ្គង្គ​ មាន​វចនត្ថថាកិលេសេ មារេន្តា និព្វានម គច្ចន្តិ ឯ​តេនាតិ =មគ្គោប្រែ​ថា ព្រះ​យោគី​បុគ្គល​ទាំង​ឡាយ រមែង​សម្លាប់​កិលេស​និង រមែង​ចូល​ដល់​ព្រះ​និព្វាន ដោយ ធម៌​នោះ​ដូច្នោះ​ធម៌​ដែល​ជា​ហេតុ​នៃ​ការ​សម្លាប់​កិលេស​និង ចូល​ដល់​ព្រះ​និព្វាន របស់​ព្រះ​យោ​គឺ បុគ្គល​ពួក​នោះ ឈ្មោះ​ថា​មគ្គ ។ ១. សម្មាទិដ្ឋិ​សេចក្តី​យល់​ឃើញ​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​បញ្ញាចេតសិក ក្នុង​មហាកុសល​ញាណ​សម្បយុត្ត​៤ មហាកិរិយា​ញាណ​សម្បយុត្ត ៤ អប្បនាជវន ២៦ ២. សម្មាសង្កប្ប សេចក្ត​ត្រិះរិះ​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ វិតក្កចេត​សិក ក្នុង​មហាកុសល ៨​មហាកិរិយា ៨ បឋម​ជ្ឈានជវន ១០ ឬ​រូបាវចរកុសល ១ រូបាវចរកិរិយា​១ លោកកុត្តរ ៨ ៣. សម្មាវាចា ការ​ពោល​ពាក្យ​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​សម្មាវាចាចេត​សិក​ក្នុង​មហាកុសល ៨​លោកកុត្តរ​៨ ៤. សម្មាកម្មន្ត ការងារ​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ សម្មាកម្មន្តចេតសិក ក្នុង​មហាកុសល ៨ លោកកុត្តរ ៨ ៥. សម្មាជាជីវ ការ​ចិញ្ចឹម​ជីវិត​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​សម្មាអាជីវចេត​សិក​ក្នុង​មហាកុសល​៨ លោកុត្តរ ៨ ៦. សម្មាវាយាម សេចក្តី​ព្យាយាម​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ វិរិយចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៧. សម្មាសតិ សេចក្តីរលឹកត្រូវ ជាផ្លូវឲ្យដល់មគ្គផលព្រះនិព្វាន អង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៨. សម្មាសមាធិ ការ​តម្កល់​ចិត្ត​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់ មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​ឯកគ្គតាចេត​ដិក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្តរៀប​រៀង​ដោយធម្មាចារ្យកែវ វិមុត្ត ។វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ។ ដោយ​៥០០០​ឆ្នាំ​
images/articles/299/2026-09-20_07_25_08-Greenshot.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៦,៥៤១ ដង)
យូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង រួច​ហើយ​យក​ពន្លឺ​ដ៏​រុងរឿង​បំភ្លឺ​ឲ្យ​លោក​ស្គាល់​ឧបាយ​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ហើយ​ឲ្យ​រួច​ផុត​អំពី​អាណា​លោក​រាជ​ទៅ​កាន់​សន្តិភាព ។ ទុល្លភ​បុគ្គល​នោះ គឺ​ព្រះពុទ្ធ​អ្នក​ត្រាស់​ដឹង​សច្ចៈ ៤ ហើយ​ឲ្យ​គេ​ត្រាស់​ដឹង​តាម​ផង, អ្នក​ភ្ញាក់​ចេញ​ពី​ស្រោម​ គឺ អវិជ្ជា​មុន​គេ​,អ្នក​រីក​ផុត​ពី​ភក់​គឺ​កិលេស​ដូច​ផ្កា​ឈូក ។​ កាល​ត្រាស់​ដឹង​ហើយ​ទ្រង់​សំដែង​ព្រះធម្ម​ចក្កប្បវត្តន​សូត្រ​ប្រោស​បញ្ច​វគ្គិយ​​ភិក្ខុ​ជា​មុន​ដំបូង​បង្អស់ ។ក្នុង​ធម្មចក្ក​នោះ ព្រះ​អង្គ​ទ្រង់​បដិសេធ​នូវ​បដិបទា​អម​ពីរគឺ​៖ ១- ការ​ប្រកប​ខ្លួន​ឲ្យ​ជាប់​ដោយ​កាម​ សុខ​ក្នុង​កាម​ទាំង​ឡាយ​ជា​ហីន​ធម៌ គ្រាម​ធម៌ បុថុជ្ជនធម៌ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។ ២- ការ​ប្រកប​ខ្លួន​ឲ្យ​លំបាក​ទទេ ៗ នាំ​មក​នូវ​ទុក្ខ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។ ទ្រង់​ឲ្យ​ដើរ​តាម​មជ្ឈិមា​បដិបទា ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ហើយ ធ្វើ​ឲ្យ​មាន​ចក្ខុ មាន​ញាណ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់ កិរិយា​ដឹង​ច្បាស់ កិរិយា​ត្រាស់​ដឹង​ដោយ​ប្រពៃ ដើម្បី​កិរិយា​រលត់​ទុក្ខ ។ ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ចៈ ៤ គឺ​៖ ១- ទុក្ខអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​ទុក្ខ បាន​ដល់​ធម្មជាត​ដែល​សត្វ​ជីក​គាស់​រំលើង​បាន​ដោយ​ក្រ ធម្មជាត​ទទេ ធម្មជាត​នាំ​ឲ្យ​លំបាក​ព្រួយ ពិបាក​អត់ទ្រាំ ធម្មជាត​ដែល​អរិយបុគ្គល​ខ្ពើម​ឆ្អើម​ធុញ​ទ្រាន់ នឿយ​ណាយ នោះ​គឺ​ ទុក្ខ ១២ កង គឺ៖ ក) ជាតិទុក្ខ កិរិយា​កើត កើត​ព្រម កិរិយា​ចុះ​កាន់គភ៌​ កិរិយាកើត កិរិយា​កើតថ្មី កិរិយា​មាន​ប្រាកដ​នៃ​ខន្ធ កិរិយា​បាន​ចំពោះ​នូវ​អាយតនៈ​ក្នុង​សត្តនិកាយ​នោះ ៗ នៃ​ពួក​សត្វ​នោះ​ៗ, ខ) ជរាទុក្ខ កិរិយា​ទ្រុឌ​ទ្រោម គ្រាំគ្រា ធ្មេញ​បាក់ សក់​ស្កូវ ស្បែក​ជ្រួញ​ជ្រីវ កិរិយា​សាប​សូន្យ​អាយុ កិរិយា​ចាស់​ជុំវិញ​នៃ​ឥន្ទ្រិយ, គ) មរណទុក្ខ កិរិយា​ច្យុតិ ឃ្លាត​ចេញ បែក​ធ្លាយ អន្តរធាន សេចក្ដី​ស្លាប់​គឺ​មច្ចុ កាល​កិរិយា កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ កិរិយា​ដាក់​ចោល​នូវ​សាកសព កិរិយា​ផ្ដាច់​បង់​ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅ​កាន់​បរលោក), ឃ) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះ​ស្រងោច​ខាង​ក្នុង សង្រេង​សង្រៃ​ខាង​ក្នុង នៃ​បុគ្គល​ប្រកប​ដោយ​សេចក្ដីវិនាស​អន្តរាយ​ណា​មួយ ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះពាល់, ង) បរិទេវទុក្ខ កិរិយា​យំ​ទួញ​រក យំ​ទួញ​រៀប​រាប់ អាការ​យំ​ទួញ​រក អាការ​យំ​ទួញ​រៀប​រាប់ ខ្សឹក​ខ្សួល​អណ្ដឺត​អណ្ដក, ច) ទុក្ខទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​កាយ កិរិយា​ទទួល​សោយ​នូវ​សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​កើត​អំពី​ការ​ប៉ះពាល់​ដោយ​កាយ, ឆ) ទោមនស្សទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​ចិត្ត កិរិយា​ទទួល​សោយ​នូវ​សេចក្ដីទុក្ខ សេចក្ដីមិន​ស្រស់​ស្រាយ កើត​អំពី​ការ​ប៉ះ​ពាល់​ដោយ​ចិត្ត, ជ) ឧបាយាសទុក្ខ សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដីតានតឹង ភាព​ចង្អៀត​ចង្អល់ ភាព​តាន​តឹង នៃ​បុគ្គល​ប្រកប​ដោយ​វិនាស​អន្តរាយ​ណា​មួយ​ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះ​ពាល់, ឈ) អប្បិយេហិ សម្បយោគទុក្ខ ការ​ប្រកប​ព្រម​ដោយ​សត្វ​នឹង​សង្ខារ​មិន​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​សង្គម សមាគម ប្រជុំ​ព្រម​លាយ​ឡំ​ដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិន​ជាទី​ប្រាថ្នា មិន​ជាទី​ត្រេក​អរ មិន​ជាទី​ពេញ​ចិត្ត ឬ​ដោយ​ពួក​បុគ្គល មិន​ប្រាថ្នា​ប្រយោជន៍ មិន​ប្រាថ្នា​សេចក្ដី​ចំរើន មិន​ប្រាថ្នា​ការ​នៅ​សប្បាយ មិន​ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគៈ, ញ) បយេហិ វិប្បយោគទុក្ខ ការ​ព្រាត់​ប្រាស​ចាក​សង្ខារ​នឹង​សត្វ​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​មិន​មូល​មិត្ត មិន​ជួប​ជុំ មិន​មូល​ត្រកូល មិន​នៅ​លាយ​ឡំ​គ្នា ដោយ​រូប សំឡេងក្លិន រសផោដ្ឋព្វៈ ជា​ទី​ប្រាថ្នា ជា​ទី​ត្រេក​អរ ជា​ទី​ពេញ​ចិត្ត ឬ​ដោយ​មាតា​បិតា បង​ប្អូន​ប្រុស បង​ប្អូន​ស្រី អាមាត្យ ញាតិ​សា​លោ​ហិត ដែល​ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្ដី​ចំរើន ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគ, ជ) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការ​ដែល​ប្រាថ្នា​របស់​ណា​មិន​បាន​របស់​នោះ ជា​ទុក្ខ គឺ ពួក​សត្វ​មាន​កំណើត ការ​គ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដី​ស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹក​ខ្សួល ទុក្ខ​ទោមនស្ស សេចក្ដី​ចង្អៀត​ចង្អល់ជា​ធម្មតា មាន​សេចក្ដី​ប្រាថ្នា​ថា ” ឱ ! ហ្ន៎ ធ្វើ​ម្ដេច​យើង​ទាំង​ឡាយ​កុំ​គប្បី​មាន​កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់ ឱហ្ន៎ ធ្វើ​ដូច​ម្ដេច​បាន កំណើត ការ​គ្រាំ​គ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់​កុំ​មក​កាន់​យើង​ទាំង​ឡាយ​” (ប្រាថ្នា​នេះ​មិន​សំរេច), ឋ) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយ​បំព្រួញ​ឧបាទាន​ក្ខន្ធ ៥ ជា​ទុក្ខ​ គឺ៖ រូបូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺរូប, វេទនូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វេទនា, សញ្ញូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សញ្ញា, សង្ខារូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សង្ខារ, វិញ្ញាណូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វិញ្ញាណ, ២- ទុក្ខសមុទយអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​ហេតុ​ដែល​កើត​ព្រម​នៃ​ទុក្ខ បាន​ដល់​តណ្ហា​ប្រកប​ដោយ​នន្ទិរាគ​ត្រេកអរ​ក្នុង​ភព​នោះ​ៗ រឿយ​ៗ មិន​ដាច់ ញ៉ាំង​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មី តណ្ហា​មាន​៣ គឺ៖ កាមតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតមានកាម, ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងព្រហ្មមានរូប, វិភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតព្រហ្មឥតរូប, តណ្ហា​នោះ​កើត​ឡើង​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេក​អរ​ក្នុងលោក នៅ​អាស្រ័យ​ក្នុង​ធម្មជាតិ​នោះ​គឺ អាយតនៈ​ខាងក្រៅ ៦ អាយតនៈខាង​ក្នុង ៦, វិញ្ញាណ ៦, សម្ផស្ស ៦, វេទនា ៦, សញ្ញា ៦, សញ្ចេតនា ៦, តណ្ហា ៦, វិតក្កៈ ៦, វិចារៈ ៦ ។ ៣- ទុក្ខនិរោធអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​កិរិយា​រំ​លត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​កិរិយា​រំលត់​តណ្ហា​នោះឥត​មាន​សេស​សល់​កិរិយា​រលាស់​ចោល បោះ​បង់​ចោល កិរិយា​រួច​ផុត​តណ្ហា​នោះ មិន​មាន​អាល័យ ។ កិរិយា​លះ​បង់ កិរិយា​រំលត់​តណ្ហា ដែល​កើត​ឡើង​អាស្រ័យ​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេកអរ​មាន​អាយតនៈ​ជា​ដើម​នោះ ​។ ៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​បដិបទា​នាំ​ទៅ​កាន់​ទី​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​អរិយមគ្គ​មាន​អង្គ ៨ ។​ (អរិយសច្ច៤នេះ អាចហៅដោយខ្លីទៀតថា ១-ទុក្ខសច្ច, ២-សមុទយសច្ច, ៣-និរោធសច្ច, ៤-មគ្គសច្ច)ព្រះធម្មចក្កនេះ​ជា​ព្រះសទ្ធម្ម​ដែលព្​រះអង្គ​ទ្រង់​សំដែង​បំភ្លឺ​បង្ហាញ​ផ្លូវ​ត្រង់​ឆ្ពោះ​ទៅ​កាន់​សន្តដ្ឋាន ដើម្បី​ឲ្យ​ស្រាយ​បញ្ហា​ប្រចាំ​លោក​ជា​ដំបូង​បង្អស់ ។ (ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត) ចម្លងពីគេហទំព័រព្រះពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/1507/2026-09-20_08_20_07-_New_Text_Document_____________xt_-_Notepad.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ២៨,៥២០ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធមេពពែមួយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ខមនីយំ យាបនីយំ ដូច្នេះជាដើម ។ សម័យថ្ងៃមួយ ព្រះមហាមោគ្គល្លានត្ថេរគង់នៅសេនាសនៈញកភ្នំ ត្រង់ទ្វារមួយ ដែលភ្នំព័ទ្ធជុំវិញ ។ ទីចង្ក្រមរបស់លោកនៅជិតទ្វារនោះ ។ គ្រានោះ អ្នកគង្វាលពពែគិតថា ពពែទាំងឡាយចូរត្រាច់ទៅក្នុងទីនោះ ដូច្នេះទើបចូលទៅកាន់ញកភ្នំ លេង និងស្នាក់នៅ ។ ល្ងាចថ្ងៃមួយ កាលអ្នកគង្វាលពពែមកចាប់ពពែ មានមេពពែមួយដើរត្រាច់ទៅឆ្ងាយមិនឃើញ​ពពែ​ដែលចេញមក ក៏លះបង់ហ្វូង ។ មានខ្លាដំបងមួយឃើញមេពពែដែលចេញមកក្រោយគេ គិត​ថា យើងស៊ីមេពពែនេះ ដូច្នេះទើបមកឋិតនៅទ្វារញកភ្នំ ។ ចំណែកមេពពែ កាលមើលផ្លូវនេះផ្លូវ​នោះ ក៏បានឃើញខ្លាដំបង ហើយគិតថា ខ្លាដំបងនោះនឹងសម្លាប់យើង វាមកឋិតនៅត្រង់នេះដោយប្រាថ្នានឹងស៊ីយើង, បើយើងវិលត្រឡប់រត់ទៅ ជីវិតរបស់យើងនឹងមិនមាន, ថ្ងៃនេះ យើងគួរធ្វើអាការជាបុរស (ធ្វើភាពក្លាហាន) គិតរួចហើយ ក៏លើកស្នែង បោលស្ទុះទៅដោយរហ័ស ចូលទៅចំពីមុខខ្លាដំបង ។ ខ្លាដំបងគិតថា យើងនឹងចាប់មេពពែអំពីខាងនេះ យើងនឹងចាប់មេពពែអំពីខាងនេះ ។ តែចាប់មិនទាន់ ធ្វើឲ្យមេពពែរត់ទៅដោយរហ័ស ចូលក្នុងហ្វូងពពែបាត់ទៅ ។ ពេលនោះ ព្រះថេរៈឃើញកិរិយារបស់សត្វនោះ ថ្ងៃស្អែកលោកនិមន្តទៅ ហើយទូលព្រះតថាគតថា បពិត្រព្រះអង្គ មេពពែធ្វើសេចក្ដីព្យាយាមដោយឧបាយដ៏ឈ្លាសរបស់ខ្លួន បានរួចផុតពីខ្លាដំបង ។ ព្រះសាស្ដាត្រាស់ថា ម្នាលមោគ្គល្លាន ឥឡូវនេះ ខ្លាដំបងមិនអាចចាប់មេពពែ តែក្នុងកាលមុន ខ្លាដំបងសម្លាប់មេពពែដែលស្រែកអង្វរ ហើយស៊ី ដូច្នេះហើយ កាលព្រះថេរៈអារាធនា ព្រះសាស្ដានាំយកអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះពោធិសត្វកើតក្នុងត្រកូលអ្នកមានភោគៈច្រើន ក្នុងស្រុកមួយ ក្នុងដែលមគធៈ កាល​លោកចម្រើនវ័យធំហើយ លះបង់កាម បួសជាឥសី ធ្វើឈាននិងអភិញ្ញា ឲ្យកើតឡើង រស់​នៅ​ក្នុងព្រៃហិមពាន្តអស់កាលដ៏យូរ (បន្ទាប់មក) លោកមកកាន់ក្រុងរាជគ្រឹះ ដើម្បីសេពរស​ជាតិប្រៃ​និងជូរ កសាងបណ្ណសាលាត្រង់ញកភ្នំមួយកន្លែង ហើយរស់នៅទីនោះ ។ គ្រានោះ អ្នកគង្វាលពពែលែងពពែឲ្យត្រាច់ទៅតាមនិយាមនោះឯង ។ ថ្ងៃមួយ មានខ្លាដំបងមួយឃើញមេពពែមួយដែលដើរចេញមកក្រោយគេ គិតថា “យើងនឹងស៊ីមេពពែនេះ” ដូច្នេះទើបមកឋិតនៅត្រង់ទ្វារ ។ ចំណែកមេពពែឃើញខ្លាដំបងនោះហើយ គិតថា “ថ្ងៃ នេះ ជីវិតរបស់អាត្មា​អញ​រមែងមិនមាន អញនឹងធ្វើបដិសណ្ឋារៈដោយវាចាដ៏ពីរោះជាមួយនឹងខ្លាដំបងនេះ ដោយឧបាយឯណានីមួយ ធ្វើខ្លាដំបងនេះឲ្យមានចិត្តទន់ ហើយនឹងរក្សាជីវិត” គិតដូច្នេះហើយ កាលនឹងធ្វើ​បដិសណ្ឋារៈខ្លាដំបងអំពីចម្ងាយ ក៏ដើរមកហើយពោលគាថាទី ១ ថា ខមនីយំ យាបនីយំ, កច្ចិ មាតុល តេ សុខំ; សុខំ តេ អម្មា អវច, សុខកាមាវ តេ មយំ។ បពិត្រឪពុកធំ លោកល្មមអត់ធន់បាន ល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានដែរឬ លោកបានសេចក្តីសុខទេឬ ម្តាយខ្ញុំបាននិយាយសួរសេចក្តីសុខរបស់លោក ព្រោះថាយើងទាំងឡាយ ជាអ្នកប្រាថា្នសេចក្តីសុខដល់លោក ។ ខ្លាដំបងស្ដាប់ពាក្យនោះហើយ គិតថា “មេបោកបញ្ឆោតនេះ វាប្រាថ្នាបោកបញ្ឆោតយើង ដោយហៅយើងថា លោកឪពុកធំ, វាមិនស្គាល់ភាពរឹងរូសកាចសាហាវរបស់យើង” គិតដូច្នេះហើយ ទើបពោលគាថាទី ២ ថា នង្គុដ្ឋំ មេ អវក្កម្ម, ហេឋយិត្វាន ឯឡិកេ; សាជ្ជ មាតុលវាទេន, មុញ្ចិតព្ពា នុ មញ្ញសិ។ ម្នាលមេពពែ នាងឯងបានដើរជាន់កន្ទុយរបស់អញ ធ្វើឲ្យអញលំបាក ថ្ងៃនេះ នាងឯងស្មានថា អាត្មាអញនឹងរួចទោស ដោយសារការហៅអញថា ឪពុកធំ ដូច្នេះឬ ។ គាថានោះមានសេចក្ដីថា នាងដើរជាន់មណ្ឌលកន្ទុយរបស់យើង ធ្វើយើងឲ្យលំបាក ហើយមក នាងសម្គាល់ថា “ថ្ងៃនេះ អញនឹងបានរួចខ្លួនដោយវាទៈហៅយើងថា ឪពុកធំឬ”។ មេពពែស្ដាប់ពាក្យនោះហើយ ពោលថា បពិត្រឪពុកធំ សូមកុំពោលយ៉ាងនេះឡើយ ថារួចក៏ពោលគាថាទី ៣ ថា បុរត្ថាមុខោ និសិន្នោសិ, អហំ តេ មុខមាគតា; បច្ឆតោ តុយ្ហំ នង្គុដ្ឋំ, កថំ ខ្វាហំ អវក្កមិំ។ អ្នកអង្គុយបែរមុខទៅទិសខាងកើត ចំណែកខ្ញុំ ក៏បានដើរមកចំមុខរបស់អ្នក កន្ទុយរបស់អ្នកនៅពីខាងក្រោយទេ ចុះខ្ញុំជាន់កន្ទុយរបស់អ្នក ដោយប្រការដូចម្តេចបាន ។ ពេលនោះ ខ្លាដំបងពោលនឹងមេពពែថា នែមេពពែ នាងនិយាយអ្វី ទីដែលផុតចាកកន្ទុយរបស់យើង រមែងមិនមាន ថារួចក៏ពោលគាថាទី ៤ ថា យាវតា ចតុរោ ទីបា, សសមុទ្ទា សបព្ពតា; តាវតា មយ្ហំ នង្គុដ្ឋំ, កថំ ខោ តំ វិវជ្ជយិ។ ទ្វីប ៤ ព្រមទាំងសមុទ្រ និងភ្នំ មាននៅត្រឹមណា កន្ទុយរបស់អញ ក៏មាននៅត្រឹមនោះដែរ ហងឯងនឹងវៀរឲ្យផុត (ពីកន្ទុយរបស់អញ) ដូចម្តេចបាន ។ មេពពែស្ដាប់ពាក្យនោះហើយ ពោលថា ខ្លាដំបងនេះអាក្រក់ មិនជាប់នឹងពាក្យដ៏ពីរោះ ត្រឡប់ជាសត្រូវ ពោលចាក់ដោតយើង ដូច្នេះទើបពោលគាថាទី ៥ ថា បុព្ពេវ មេតមក្ខិំសុ, មាតា បិតា ច ភាតរោ; ទីឃំ ទុដ្ឋស្ស នង្គុដ្ឋំ, សាម្ហិ វេហាយសាគតា។ អំពីដើមមក មាតាបិតា និងបងឈ្មោលរបស់ខ្ញុំ ក៏បានប្រាប់ហេតុនុ៎ះហើយថា កន្ទុយសត្វសាហាវវែងណាស់ (ព្រោះហេតុនោះ បានជា) ខ្ញុំហោះមកតាមអាកាស ។ លំដាប់នោះ ខ្លាដំបងពោលនឹងមេពពែថា យើងដឹងថា នាងមកតាមអាកាស តែកាលនាងមក បានធ្វើអាហាររបស់យើងឲ្យវិនាស ថារួចក៏ពោលគាថាទី ៦ ថា តញ្ច ទិស្វាន អាយន្តិំ, អន្តលិក្ខស្មិ ឯឡិកេ; មិគសង្ឃោ បលាយិត្ថ, ភក្ខោ មេ នាសិតោ តយា។ នែមេពពែ ហ្វូងម្រឹគរត់បាត់អស់ទៅ ព្រោះឃើញហងឯង ហោះមកក្នុងអាកាស ហងឯងបំផ្លាញចំណីរបស់អញអស់ ។ មេពពែស្ដាប់ពាក្យនោះហើយ ភ័យខ្លាចស្លាប់ មិនអាចនឹងនាំហេតុដទៃ ក៏ត្អូញត្អែររវើរវាយថា បពិត្រលោកឪពុកធំ អ្នកកុំធ្វើកម្មកាសាវបែបនេះឡើយ សូមឲ្យជីវិតដល់ខ្ញុំផង ។ខ្លាដំបងក៏ចាប់​ខាំ​កមេពពែដែលកំពុងត្អូញត្អែរនោះ សម្លាប់ហើយស៊ី ។ ឥច្ចេវំ វិលបន្តិយា, ឯឡកិយា រុហគ្ឃសោ; គលកំ អន្វាវមទ្ទិ, នត្ថិ ទុដ្ឋេ សុភាសិតំ។ កាលដែលមេពពែ កំពុងតែនិយាយរៀបរាប់យ៉ាងនេះ ខ្លាដំបងដែលជាសត្វស៊ីឈាម ក៏ស្ទុះទៅចាប់កាច់កនៃពពែសម្លាប់ទៅ ឱសំដីល្អមិនមាន ក្នុងបុគ្គលអាក្រក់ឡើយ ។ នេវ ទុដ្ឋេ នយោ អត្ថិ, ន ធម្មោ ន សុភាសិតំ; និក្កមំ ទុដ្ឋេ យុញ្ជេថ, សោ ច សព្ភិំ ន រញ្ជតិ។ ការដឹកនាំ ១ ធម៌ ១ និងសំដីល្អ ១ មិនមានក្នុងបុគ្គលអាក្រក់ទេ បុគ្គលគួរគេចវាងពួកបុគ្គលអាក្រក់ ហើយប្រឹងប្រកបព្យាយាម ព្រោះពួកបុគ្គលអាក្រក់នោះ មិនត្រេកអរ នឹងពួកសប្បុរសឡើយ ។ ពីរគាថានេះ ជាអភិសម្ពុទ្ធគាថា ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាត​ក​ ថាតទា ឯឡិកាវ ឯតរហិ ឯឡិកា អហោសិ មេពពែក្នុងកាលនោះ បានមកជាមេពពែឥឡូវនេះ​ ទីបិកោបិ ឯតរហិ ទីបិកោវ សូម្បីខ្លាដំបងនោះ ក៏បានមកជាខ្លាដំបងនេះតាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺតថាគតនេះឯង ។ ទីបិជាតក ចប់ ៕ (ជាតកដ្ឋកថា ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៣) ថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ព.ស. ២៥៦២ គ.ស.២០១៩ ។ ដោយស.ដ.វ.ថ. ។ ដោយ​៥០០០​ឆ្នាំ​
images/articles/2750/xgcrdxzfsfdv.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៧២,៤៩៩ ដង)
ពាក្យ​ថា​អរិយសច្ច មានអត្ថ ៤ យ៉ាង ១- ព្រោះ​ព្រះអរិយបុគ្គល មាន​ព្រះសម្មាសម្ពុទ្ធជាដើម បាន​ចាក់​ធ្លុះ​នូវ​សច្ចៈ​ទាំង​នោះ ទើប​ហៅ​ថា អរិយសច្ច ដូច​ជា​ព្រះពុទ្ធដីកា​ក្នុង​បិដកលេខ ៣៩ ទំព័រ ២៦៦ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​គ្រប់​អង្គ​ក្នុង​អតីតកាល បាន​ត្រាស់​ដឹង​ហើយ... ក្នុង​អនាគតកាល​នឹង​បាន​ត្រាស់​ដឹង... ក្នុង​បច្ចុប្បន្ន​កាល រមែង​ត្រាស់​ដឹង​តាម​សេចក្ដី​ពិត ព្រះអរហន្ត​សម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ​នោះ រមែង​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ តាម​សេចក្ដី​ពិត។ ២- ព្រោះ​ដោយ​អត្ថថា ជា​សច្ចៈ​របស់​ព្រះអរិយៈ ដូច​ក្នុង​បិដក​លេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធ​អង្គទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ជា​អរិយបុគ្គល​ក្នុង​លោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុង​ពពួក​សត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ព្រោះ​ហេតុ​នោះ (សច្ចៈ ៤ ដែល​តថាគត​សម្ដែង​ហើយ) ហៅ​ថា អរិយសច្ច។ អដ្ឋកថា តថាគតោ អរិយោ តស្មា អរិយសច្ចានីតិ វុច្ចន្តិ ដោយ​សេចក្ដីថា អរិយសច្ច​ទាំង​ឡាយ​នោះ ឈ្មោះ​ថា ជា​របស់​ព្រះអរិយៈ ព្រោះ​ព្រះតថាគត ជា​ព្រះអរិយៈ​ទ្រង់​ត្រាស់​ដឹង និង​ត្រាស់​សម្ដែង​ហើយ ព្រោះ​ហេតុ​ណា ហេតុ​នោះ ទើប​ឈ្មោះ​ថា អរិយសច្ច គឺ​ជា​សេចក្ដីពិត​របស់​ព្រះអរិយៈ។ ៣- ព្រោះ​សម្រេចជា​ព្រះអរិយ​បុគ្គល ដោយ​ការ​បាន​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង ៤ ដូច​ក្នុង​ព្រះពុទ្ធដីកា បិដកលេខ ៣៩ ទំព័រ ២៦៥ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ដែល​មាន​ឈ្មោះ​ថា អរហន្ត​សម្មាសម្ពុទ្ធ ព្រោះ​តថាគត បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ នេះ តាម​សេចក្ដីពិត។ ៤- ឈ្មោះ​ថា អរិយសច្ច ព្រោះ​ដោយ​អត្ថថា ជា​សច្ចៈ​ដ៏​ប្រសើរ ក្នុង​បិដក​លេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសច្ច ៤ នេះ ជា​របស់​ពិត មិន​ប្រែប្រួល មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ​ឡើយ ព្រោះ​ហេតុ​នោះ បាន​ជា​តថាគត ហៅ​ថា​អរិយសច្ច ។ តថានិ ជា​របស់​ពិត អវិតថានិ មិន​ប្រែប្រួល អនញ្ញថានិ មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/3564/2026-09-17_16_08_16-_New_Text_Document_____________t_-_Notepad.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ១៤៣ ដង)
អ្នកដទៃមើលងាយ មើលថោកយើងបាន ព្រោះចិត្តគេ មាត់គេក្រសែភ្នែកគេ ប៉ុន្តែបន្ថោកយើង ឬបញ្ចុះគុណតម្លៃយើងមិនបានឡើយ ។ សេចក្តីល្អរបស់យើង មិនមែននៅលើក្រសែភ្នែកនៃ អ្នកដទៃទេយើងកុំយកក្រសែភ្នែកអ្នកដទៃមកវាស់សេចក្តីល្អរបស់យើង ព្រោះសេចក្តីល្អនៅត្រង់អំពើល្អរបស់យើង កុំតែយើងមើល ថោកខ្លួនឯងទៅបានហើយ ។ ស្រង់ចាកសៀវភៅជំនួយសតិ ភាគ២២ ដោយ៥០០០ឆ្នាំ
images/articles/3569/2026-09-18_08_05_19-_div_style_margin-left_40px__-_Notepad.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ៦៨ ដង)
យោងតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា កំហឹងប្រៀបដូចជាភ្លើងដែលឆេះបំផ្លាញទាំងអ្នកដទៃ និងខ្លួនឯង។ ដើម្បីរំងាប់កំហឹង ព្រះ​ពុទ្ធសាសនាបង្រៀននូវបច្ចេកទេសផ្លាស់ប្តូរចិត្តគំនិតដូចខាងក្រោម៖ ​ ១. មើលតែចំណុចល្អ៖ បុគ្គលខ្លះមានវោហារស័ព្ទល្អ ប៉ុន្តែមានអាកប្បកិរិយាមិនសមរម្យ ចូរមើលតែចំណុចល្អរបស់គេទៅ បានហើយ។ ​២. រើសយកកន្លែងស្អាត៖ បើគេនិយាយមិនពិរោះ តែចរិតគេល្អ (ឬផ្ទុយមកវិញ) ចូរផ្ដោតលើតែអ្វីដែលល្អក្នុងខ្លួនគេ។ ​៣. កុំរំពឹងខ្ពស់៖ បើគេមិនសូវល្អទាំងសម្តី និងទង្វើ តែគេនៅមានចិត្តធម៌ខ្លះៗ ចូរឱ្យតម្លៃចិត្តធម៌បន្តិចបន្តួចនោះ។ ​៤. អាណិតអ្នកដែលអាក្រក់សោះ៖ បើរកចំណុចល្អគេមិនឃើញទាល់តែសោះ ចូរអាណិតគេវិញ ព្រោះមនុស្សបែបនោះនឹងមានទុក្ខច្រើន។ ​៥. រៀនតាមអ្នកល្អ៖ បើជួបមនុស្សល្អពិតប្រាកដ ចូរយកគេជាគំរូ ដើម្បីឱ្យចិត្តយើងត្រជាក់ និងសប្បាយចិត្តតាម។ ​ សរុបមក៖ កុំសម្លឹងរកកំហុសអ្នកដទៃ តែត្រូវសម្លឹងរកអ្វីដែលធ្វើឱ្យចិត្តយើងស្ងប់។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 5.75
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿