30
ថ្ងៃ អាទិត្យ ទី ១៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦១,៧៨៥
Today
ថ្ងៃម្សិលមិញ ១៥៥,៤២៩
ខែនេះ ២,៦៣៦,៧៣៨
សរុប ៣៨៨,៧១៩,២២២
ធម៌ជំនួយស្មារតី
images/articles/1403/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៤៧ ដង)
ការ​សិក្សា​ដែល​ល្អ​ពិត គឺ​ការ​ប្រព្រឹត្ត​ល្អ​តាម​ដែល​បាន​សិក្សា​ចេះ​ដឹង​មក​នោះ​ឯង ព្រម​ទាំង​ការ​នាំ​យក​នូវ​ចំណេះ​ដឹង​នោះ មក​ប្រើ​ឲ្យ​កើត​ជា​ប្រយោជន៍​ដល់​សង្គម ។ម្យ៉ាង​ទៀត បុគ្គល​ដែល​មាន​ការ​សិក្សា​ដោយ​ល្អ​នោះ គឺ​ត្រូវ​សម្បូណ៌​ទៅ​ដោយ​គុណ​សម្បត្តិ​ទាំង​ផ្លូវ​លោក​ទាំង​ផ្លូវ​ធម៌ ពោល​គឺ​មាន​ចំណេះ​ដឹង​ក្នុង​ការងារ​អាជីព​ដើម្បី​រស់​នៅ​ឲ្យ​បាន​ល្អ​ក្នុង​លោកនិង​ជា​អ្នក​មាន​សីល​ធម៌​ដើម្បី​រស់​នៅ​ជា​សុខ​ដោយ​ការ​មិន​ក្ដៅ​ក្រហាយ​ចិត្ត ព្រមទាំង​ជា​គំរូ​ដ៏​ល្អ​នៃ​បរិវារជន និង​អនុជន​ទៀត​ផង។ ការងារ​សុចរិត​ជា​ការងារ​មាន​កិត្តិយស​ ប្រាសចាក​ភ័យនិង​ពៀរ​វេរា។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ
images/articles/1401/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២៨០ ដង)
បុគ្គល​ដែល​ជា​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​ បុគ្គល​ដែល​ជា​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​ មាន​លក្ខណៈ ៤ យ៉ាង​គឺ ១-សុរាមេរយមជ្ជប្បមាទដ្ឋានានុយោគេ សាហាយោហោតិ ជា​សម្លាញ់​ក្នុង​កិរិយា​ប្រកប​រឿយ​ៗ នូវ​ការ​ផឹក​ទឹក​ស្រវឹង​គឺ​សុរាមេរ័យ​ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ ពិត​ជា​លំបាក​លះ​មែន​ហើយ ចំពោះ​អ្វី​ដែល​ធ្លាប់​ជាប់​ចិត្ត ធ្លាប់​ញៀន ធ្លាប់​ញ៉ាម ប៉ុន្តែ​ក្នុង​លោក​នេះ​បើ​មាន​ការ​លះ​បង់​នូវ​អ្វី​ៗ​បាន​ដោយ​ធូរៗ​
images/articles/1399/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,០៣៧ ដង)
យើង​តែង​តែ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ក្នុង​រឿង​ផ្សេង​ៗ​នេះ​មក​ពី​យើង​ទម្លាប់​ស្វែង​រក​សេចក្ដី​សុខ​ពីរ​របស់​ខាង​ក្រៅ ​ចំពោះ​របស់​ដែល​យើង​ពេញ​ចិត្ត ព្រោះ​ហេតុ​ដូច្នេះ ទើប​យើងគេ​មិន​រួច​ពី​ការ​ទាស់​ចិត្ត ជា​ទុក្ខទោមនស្ស​ហ្នឹង​ឯង ។តាម​ពិត បើ​យើង​រៀន​អប់រំ​មិន​ឲ្យ​ចិត្ត​កើត​ទុក្ខ​ហើយ គឺ​ជា​សេចក្ដី​សុខ​ស្រេច​ទៅ​ហើយ ដែល​ជា​សេចក្ដី​សុខដោយ​មិន​ចាំ​បាច់​ស្វែង​រក​ពី​របស់​ដែល​ពេញ​ចិត្ត​ជា​ខាង​ក្រៅ​បាន​នោះ​ឡើយ។ ការ​មិន​កើត​ទុក្ខ ជា​សុខ​ក្រៃ​លែង ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ
images/articles/1397/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤០,០២៦ ដង)
ការ​ស្វែង​រក​សេចក្ដី​សុខ​ ដែល​គួរ​តិះ​ដៀលក៏​មាន​ ដែល​គួរ​សសើរ​ក៏​មាន ។ការ​ស្វែង​រក​សេចក្ដី​សុខ​ដើម្បី​ខ្លួន​ឯង ដោយ​ការ​បង្ក​ទុក្ខ​ភ័យ​ឲ្យ​ដល់​អ្នក​ដទៃ ជា​ការ​ដែល​គួរ​ឲ្យ​តិះ​ដៀល ។ ការ​ស្វែង​រក​សេចក្ដី​សុខ​ដើម្បី​ខ្លួន​ឯង ដោយ​មិន​បង្ក​ទុក្ខ​ភ័យ​ឲ្យ​អ្នក​ដទៃ​ ជា​កិច្ចដែល​គួរ​ឲ្យ​សរសើរ ។ ចំណែក​ការ​ស្វែង​រក​សេចក្ដី​សុខ​ដើម្បី​ខ្លួន​ឯង​ដោយ​ការ​ឲ្យ​សុខ​ដល់​អ្នក​ដទៃ គឺ​គួរ​ឲ្យ​សរសើរ​ផងត្រេក​អរ​ផង និង​គួរ​ឲ្យ​គោរពផង ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ
images/articles/1398/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៨២៨ ដង)
ការ​ឲ្យ​អភ័យ ជា​សេចក្ដី​ល្អ​មួយ​ដ៏​ចាំ​បាច់​ណាស់ ក្នុង​ការ​សមាគម​ជា​មួយ​នឹង​មនុស្ស ព្រោះ​មនុស្ស​ចំនួន​ច្រើន​ដែល​តែង​តែ​មាន​ការ​ខ្វះ​ខាត​នូវ​ចំណុច​នេះ ចំណុច​នោះ ពោល​គឺ​នៅ​មាន​កំហុស ដោយ​ចំពោះ​មនុស្ស​ដែល​រស់​នៅ​ក្នុង​កាម​តណ្ហា គឺ​ពិត​ជា​មិន​ខ្វះ​នូវ​ឱកាស​នៃ​ការ​ភ្លាំងភ្លាត់​ឡើយ។ បើ​យើង​តាំង​ចិត្ត​សេពគប់​សមាគម​ជា​មួយ​នឹង​អ្នក​ណាៗហើយ​នោះ យើង​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​នឹង​ឲ្យ​អភ័យ បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​សេពគប់​ជា​មួយ​អ្នក​ណា​បាន​ឡើយ។ មនុស្ស​ខ្លះ​មាន​កំហុស​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ បើ​យើង​កាន់​យក​ជា​រឿង​ធំ យើង​នឹង​បែក​មិត្ត សឹង​ជា​មិត្ត​ល្អ​ទៀត​ផង។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ
images/articles/1396/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៣៧៨ ដង)
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត មាន​លក្ខណៈ​៤​យ៉ាង​ដូច​នោះ​គឺៈ ១- បាបកម្មំបិស្ស អនុជានាតិ យល់​ព្រម​ឲ្យ​មិត្ត​ធ្វើ​បាប​មនុស្ស​ណា​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​នូវ​បាប មាន​ការ​សម្លាប់​សត្វ​ជា​ដើម ដើម្បី​ផ្គាប់​ចិត្ត​យើង ក៏​ដូច​ជា​អនុញ្ញាត​ឲ្យ​យើង​ទៅ​កើត​ក្នុង​ឋាន​រក ប្រេត​អ៊ីចឹង​ដែរ។ពាក្យ​សរសើរ​នៅ​ក្នុង​លោក​មាន​ច្រើន​ណាស់ ហើយ​វា​ជា​គ្រឿង​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​វង្វេង​ដ៏​ក្រៃ​លែង​ទៀត​ផង មាន​មនុស្ស​ច្រើន​ណាស់​ដែល​ស៊ី​ជោរ ទី​បំផុត​ត្រូវ​បរាជ័យ​ក្នុង​ការងារ​របស់​ខ្លួន​ព្រោះ​ខ្លួន​ឯង​មាន​ចំណុច​ខ្សោយ។ តាម​ពិត​មនុស្ស​យើង​មិន​មែន​ល្អ​បរិសុទ្ធ​ដោយ​សារ​ពាក្យ​សរសើរ​​ ឬ​ពាក្យ​បញ្ជោរ​ទេ ពិត​មែន​តែ​មាន​ពេល​ខ្លះ បាន​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ខ្លាំង​ក្លា​ក្នុង​ការងារ​ដោយ​សារ​ពាក្យ​សរសើរ​ក៏​ដោយ ប៉ុន្តែ​ដែល​យើង​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ពិត​នោះ គឺ​ព្រោះ​យើង​មាន​ការងារ​ប្រាស​ចាកទោស​ឯណេះ​ទេ​តើ មិន​មែន​ដោយ​សារ​គេ​ថា​យើង​ល្អ យើង​ក៏​ល្អ​តាម​គេ​ថា​នោះ​ទេ បើ​មនុស្ស​អាក្រក់​ឬ​ល្អ​តាម​តែ​ពាក្យ​របស់​អ្នក​ដទៃ សូម្បី​ព្រះសម្មាសម្ពុទ្ធ​ក៏​មិន​ផុត​ពី​ការ​សៅហ្មង​ដែរ តែ​នេះ​ពុំ​មែន​ដូច្នោះ​ឡើយ មាន​តែ​ការងារ​ប៉ុណ្ណោះ​ដែល​រៀប​ចំ​មនុស្ស​ឲ្យ​ជា​បុគ្គល​សៅហ្មង ឬ​បុគ្គុល​បរិសុទ្ធ។ ២- កល្យាណកម្មំបិស្ស អនុជានាតិ យល់​ព្រម​ឲ្យ​មិត្ត​ធ្វើ​នូវ​អំពើ​ល្អ ការ​យល់​ព្រម​នេះ​មិនមែន​ជា​ចិត្ត​សប្បុរស ក្នុង​នាម​ជា​មិត្ត​ចិត្ត​ល្អ​នោះ​ទេ បើ​ជា​មិត្ត​ពិត​ជា​អនុគ្រោះ​យើង​មែន​មិន​មែន​ពេល​ខ្លះ​ព្រម​ឲ្យ​យើង​ធ្វើ​បាប ដោយ​មិន​បាន​ហាម​ឃាត​នោះ​ឡើយ។ យើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់ ចំពោះ​មនុស្ស​ដែល​និយាយ​ចាក់​បណ្ដោយ គេ​មិន​មាន​គំនិត​ឲ្យ​យើង​ចំរើន​នោះ​ទេ គេ​មាន​តែ​ត្រេក​អរ​នៅ​ពេល​ណា​ដែល​យើង​ធ្លាក់​ដុនដាប ចំពោះ​មិត្ត​ប្លម​គេ​មាន​ចិត្ត​គិត​ប្រឡង​ប្រណាំង​ជា​មួយ​យើង​ជានិច្ច នៅ​ពេល​ដែល​យើង​មាន​លំនឹង ឬ​កំពុង​រីក​ចម្រើន​គេ​មិន​ចោល​យើង​ទេ គេ​ពឹង​យើង​លិទ្ធ​ដៃ​លិទ្ធ​ជើង នៅ​ពេល​ណា​ដែល​យើង​ចុះ​ខ្សោយ​ឬ​មាន​សេចក្ដី​ប្រមាទ​ភ្លាំង​ភ្លាត់​បន្តិច​បន្តួច​នៅ​ក្នុង​ការងារ គេ​ជួយ​ច្រាន​យើង​ដោយ​ពាក្យសរសើរ ក្នុង​គោល​បំណង​កុំ​ឲ្យ​យើង​មើល​ឃើញ​នូវ​ការ​ប្រហែស​ធ្វេស​របស់​យើង លុះ​ដល់​កំហុស​យើង​កាន់​តែ​ច្រើន ដើម្បី​ជ័យ​ជំនះ​របស់​គេ​មក​លើ​យើង គឺ​គេ​ដើរ​ខ្សឹប​ប្រាប់​អ្នកដទៃ នូវ​អ្វី​ៗ​ដែល​ជា​សេចក្ដី​ប្រមាទ​ធ្វេស​ប្រហែស​របស់​យើង​ថែម​ទៀត​ប្រឌិត​រឿង​អាស្រូវ​មិន​ពិត​ផ្សំ​បញ្ចូល​ទៀត​ផង គឺ​ដល់ពេល​ដែល​គេ​ធាក់​យើង​ឲ្យ​ខ្ទាត ដើម្បី​គេ​បាន​កន្លែង​នោះ ព្រោះ​គេ​ឃ្លាន​យូ​ហើយ។ មាន​បុគ្គុល​ខ្លះ​មិន​ហ៊ាន​ហាម​ឃាត់​យើង​ដែល​ធ្វើ​នូវ​អំពើ​ឆ្គាំឆ្គង ប៉ុន្តែ​មិន​ប្រាកដ​ជា​យល់​ព្រម​ឲ្យ​យើង​ប្រព្រឹត្ត​នោះ​ឡើយ មក​អំពី​គេ​ខ្លាច​យើង​ខឹង ខ្លាច​យើង​ស្អប់ បាន​ជា​គេ​មិន​ហ៊ាន​ឃាត់ គេ​អាច​ធ្វើ​ជា​មិត្ត​ល្អ​បាន បើ​គេ​ព្យាយាម​ដឹក​នាំ​ឲ្យ​យើង​ស្ដាប់​ធម៌​រៀន​ធម៌ គេ​សរសើរ​យើង​ក្នុង​ផ្លូវ​ល្អ ក្នុង​គោល​បំណង​ឲ្យ​យើង​មាន​នូវ​ស្មារតី​វៀរចាក​អំពើ​សៅហ្មង​ដោយ​ខ្លួន​ឯង។ មនុស្ស​មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ការ​ជ្រើសរើស​មិត្ត​មិន​មែន​ជា​ការ​ផ្សង​ព្រេង​ដូច​ចាក់​ឆ្នោត​ទេ គឺ​ត្រូវ​តែ​សិក្សា​អំពីលក្ខណៈ​មនុស្ស​ឲ្យ​បាន​ច្បាស់ តាម​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង តាម​ពិត​ព្រះសម្មាសម្ពុទ្ធ​ជា​កល្យាណមិត្ត​មួយ​ព្រះអង្គ​ដ៏​កំពូល​ក្រៃលែង ជា​មួយ​នឹង​ពុទ្ធបរិស័ទ​យើង ការប្រព្រឹត្ត​ព្រហ្មចរិយធម៌​បាន​សម្រេច​​ទាំង​មូល ដោយ​អាស្រ័យ​ព្រះអង្គ​ជា​កល្យាណមិត្ត ប៉ុន្តែ​សេចក្ដី​នេះ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ត្រាស់​សម្ដែង​ឲ្យ​យើង​មាន​នូវ​កល្យាណ​មិត្ត តាម​ដាន​ពិនិត្យ​ការ​ប្រព្រឹត្ត​របស់​យើង​រាល់​ថ្ងៃ ខុស​ឬ​ត្រូវ​យ៉ាង​ណាៗ​ឲ្យ​ហ៊ាន​ជួយ​ប្រាប់ ព្រមទាំង​នៅ​រួម​សុខ​ទុក្ខ​ទៀត​ផង។ មនុស្ស​ល្អ​កម្រ​រក​បាន​ណាស់ មនុស្ស​ល្អ​ធ្វើ​អាក្រក់​បាន​ដោយ​លំបាក​ក៏​ពិត​មែន ប៉ុន្តែ​មនុស្ស​អាក្រក់​ធ្វើ​អាក្រក់បាន​ដោយ​ងាយ ថែម​ទាំង​មិន​ចេះ​ឆ្អែត​ក្នុង​ការ​ធ្វើ​នូវ​អំពើ​អាក្រក់នោះ​ទៀត​ផង ដូច​ជា​មិត្ត​ប្លម​ផ្នែក​ខាង​និយាយ​ចាក់​បណ្ដោយ​ក្នុង​លក្ខណៈ​ប្រការ​ទី​៣ បាន​ដល់ៈ ៣- សម្មុខស្ស វណ្ណំ ភាសតិ និយាយ​សរសើរ​មិត្ត​តែ​ក្នុង​ទី​ចំពោះ​មុខ មនុស្ស​យើង​បាន​ដឹង​អំពី​ចំណុច​ទន់ខ្សោយ​របស់​មនុស្ស​ផង​គ្នា ទើប​និយម​យក​ពាក្យ​សរសើរ​មក​ធ្វើ​ជា​ឧបករណ៍​ប្រើ​ប្រាស់ សម្រាប់​ទាក់​យក​ផល​កម្រៃ ឬ​សម្រាប់​ផ្ដួល​រំលំ​គ្នា​ទៀត​ផង ដូច​ជា​ពាក្យ​សរសើរ​នៃ​មនុស្ស​ដែល​ជា​មិត្ត​ប្លម ពាក្យ​សរសើរនោះ​វា​ជា​គ្រឿង​ស្រវឹង ឬ​វា​ជា​គ្រឿង​បំពុល​របស់​គេ មនុស្ស​យើង​ដែល​មិន​បាន​យក​ចិត្ត​​ទុក​ដាក់​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ ក៏​រមែង​បរិភោគ​នូវ​គ្រឿង​ស្រវឹង ឬ​គ្រឿង​បំពុល​នោះ​ ដោយ​ពុំ​ដឹង​ខ្លួន ពោល​គឺ​វង្វេង​ភ្លេច​សតិ។ មនុស្ស​យើង​ខំ​ប្រឹង​ធ្វើ​ល្អ ដោយ​ការ​ចំណាយ​ធនធាន​ឲ្យ​ទៅ​ជា​ទាន ឬ​ក៏​ការ​ខ្នះខ្នែង​ផ្សេងៗ​ជា​ដើម លុះ​ដល់​មាន​អ្នក​ដទៃរំលឹក​ឈ្មោះ​សរសើរ ក៏​ភ្លេច​នឹក​ជ្រះ​ថ្លា​ចំពោះ​បុណ្យ​កុសលធម៌ ដែល​ជា​កល្យាណ​មិត្រ ជា​គុណ​ដ៏​ប្រសើរ​ពិតៗ ដោយ​មក​អំពី​រវល់​តែ​ត្រេក​អរ​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ដែល​គេ​សរសើរ ចំពោះ​មុខ​មហាជន មាន​ពេល​ខ្លះ​ទៀត គេ​សរសើរ​ប៉ុណ្ណឹង​មិន​គ្រប់​ល្មម​ទេ ចង់​ឲ្យ​គេ​នឹក​សរសើរ​បន្ថែម​ទៀត ក៏​បាន​ពោល​ថា <<កុំ​ចាំ​បាច់​សរសើរ​ខ្ញុំ​អី>> គឺ​ចង់​ឲ្យ​គេ​ស្ងើច​ថា ខ្លួន​ឯង​មិន​ចេះ​ស៊ី​ជោរ​ឡើយ។ ការ​លិច​លង់​ផុង​ខ្លួន​ក្នុង​ពាក្យ​សរសើរ ត្រូវ​បាន​បាត់​បង់​នូវ​គំនរ​បុណ្យ​កុសល​អស់​ច្រើន​ណាស់ គឺ​កុសល​គ្រប់​កាល​ទៀត​បី​ (មុនធ្វើ កំពុងធ្វើ ធ្វើរួច​ហើយ) ទាំង​ការ​តាំង​ចិត្ត​ក៏​មិន​បាន​ស្លុះ​ចុះ​ស៊ប់​ឲ្យ​ណែន​នៅ​ក្នុង​បុណ្យ​កុសល​ពិត​ប្រាកដ​ទៀត​ផង វា​មិន​ត្រឹម​តែ​ជា​មេរោគ​បំផ្លាញ​សុខភាព​ផ្លូវ​ចិត្ត បញ្ចុះ​កម្លាំង​របស់​បុណ្យកុសល​ប៉ុណ្ណឹង​ទេ ការ​វង្វេង​នឹង​ពាក្យ​សរសើរ នាំ​ឲ្យ​មនុស្ស​លោក​ជួយ​ខ្លួន​ឯង​មិន​រួច​អំពី​រណ្ដៅ​លាមក​គឺ​អំពើ​ទុច្ចរិត​ទៀត​ផង។ ភិក្ខុ​ត្រូវ​ទោស​បារាជិក​ហើយ នៅ​ហ៊ាន​បន្លំ​ខ្លួន​ជា​សង្ឃ​ ព្រោះ​ខ្លាច​បាត់​បង់​នូវ​ពាក្យ​សរសើរ​និង​កិត្តិយស​ជា​ដើម មិត្ត​ក្បត់​មិត្ត សិស្ស​ក្បត់​គ្រូ ប្តី​ប្រពន្ធ​ក្បត់​គ្នា ។ល។ ព្រម​ដោយ​បាបកម្ម​ផ្សេងៗ​ទៀត​មាន​បាណាតិបាត (សម្លាប់​សត្វ​មាន​ជីវិត) ជា​ដើម គឺ​មួយ​ចំណែក​ធំ​ព្រោះ​ចង់​បាន​មុខ​មាត់ មាន​កិត្តិ​យស កេរ្តិ៍ឈ្មោះ និង​ពាក្យ​សរសើរ មាន​ខ្លះ​រហូត​ដល់​ទៅ​បោក​ប្រាស់​គេ ដើម្បី​យក​មក​កសាង​វត្ត​នៅ​ស្រុក​របស់​ខ្លួន​ឯង​ក៏​មាន​ដែរ។ ពាក្យ​សរសើរ​គឺ​ជា​មាត់​ជ្រោះ​ក៏​រអិល​មួយ​កន្លែង វា​ងាយ​នឹង​ឲ្យ​ធ្លាក់​បាក់ក​ស្លាប់​ណាស់ ចំពោះ​បុគ្គល​ដែល​គ្រាន់​តែ​ប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​ជា​មិត្ត​ប្លម គេ​សរសើរ​យើង​រឿយៗ​នៅ​ចំពោះ​មុខ​តែ​ប៉ុណ្ណោះ។ ៤- បរម្មុខស្ស អវណ្ណំ ភាសតិ ពោល​ទោស​មិត្ត​ក្នុង​ទី​កំបាំង​មុខ គេ​មិន​មាន​ចិត្ត​អាណិត​មេត្តា​យើង​ឡើយ គេ​បាន​ផ្សែផ្សំ​រឿង​នេះ​បន្តិច​រឿង​នោះ​បន្តិច ស្មាន​ខ្លះ​ប្រហែល​ខ្លះ ពិត​ខ្លះ​ មិនពិត​ខ្លះ ក្នុង​ការ​និយាយ​អំពី​យើង​ជា​មួយ​នឹង​អ្នក​ដទៃ។ គួរ​នឹក​រលឹក​ដល់​ទឹកចិត្ត​ឪពុក​ម្ដាយ គាត់​ពោល​ស្ដី​ថា​ឲ្យ​កូន​ចៅ ទូន្មាន​ប្រៀន​ប្រដៅ​រឿយៗ​ជានិច្ច ប៉ុន្តែ​ទោះ​គាត់​ដឹង​នូវ​កំហុស​ខុស​ឆ្គាំឆ្គង​របស់​យើង​ជា​កូន​យ៉ាង​ណាៗ ការ​នេះ​គាត់​មិន​ដើរ​និយាយ​ប្រាប់​គេ​ប្រាប់​ឯង អំពី​អ្វី​ដែល​ជា​រឿង​មិន​ល្អ​របស់​កូន​គាត់​ទេ គាត់​ពិត​ជា​បិទ​បាំង​ណាស់ បើ​សិន​ជា​រឿង​ហ្នឹង​វា​ធ្ងន់ធ្ងរ​ពេកអ្នកដទៃ​ក៏​បាន​ដឹង​ខ្លះ​ដែរ​នោះ គាត់​ក៏​និយាយ​ដែរ ប៉ុន្តែ​បន្តិច​បន្តួច​ប៉ណ្ណោះ នៅ​ពេល​ដែល​មាន​គេ​សាក​សួរ​បញ្ជាក់​រឿង​នោះៗ​ថែម​ទាំង​សម្ដែង​ទឹក​ចិត្ត​កង្វល់ ភ័យ​ព្រួយ​ចំពោះ​កូន​របស់​គាត់​ទៀត​ផង មិន​មែន​និយាយ​ដោយ​សប្បាយ​រីករាយ​នូវ​ទោស​កំហុស​របស់​យើង​ដែល​ជាង​កូន​របៀប​ដូច​មិត្ត​ប្លម​នោះ​ទេ ដូច្នេះ​មាតា​បិតា​គែ​ជា​មិត្ត​ជិត​ដិត​ ស្និត​ស្នាល ប្រកប​ដោយ​ការ​តស៊ូ​និង​ការ​លះបង់​ដ៏​ធំធេង ចំពោះ​បុត្តធីតា។ ការ​និយាយ​អំពី​ទោស​កំហុស​របស់​អ្នក​ដទៃ​ មិន​មែន​សុទ្ធ​តែ​មិន​ល្អ​ទាំង​អស់​នោះ​ទេ បើ​យើង​និយាយ​ដោយ​ស្មារតី មិន​បៀត​បៀន​អ្នកដទៃ មិន​ដើម្បី​លើក​ដម្កើង​ខ្លួន​ឯង គឺ​និយាយ​ដោយកុសល​ចិត្ត​ពិតៗ ក្នុង​ន័យ​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​កុំ​ធ្វើ​តម្រាប់​តាម​ ការ​និយាយ​ដោយ​ចិត្ត​គំនិត​បែប​នេះ​ជា​ការ​ប្រពៃ សេចក្ដី​នេះ សូម្បី​យើង​និយាយ​អំពី​គុណ​អ្នក​ដទៃ​ពិតៗ​ក៏​មិន​ប្រាកដ​សុទ្ធ​តែ​ល្អ​នោះ​ទេ ព្រោះវា​អាច​ជា​ពិស​ពុល ដោយ​អំណាច​ចិត្ត​អកុសល​នាំ​ឲ្យ​និយាយ ដូច្នេះ​រឿង​នេះ​យើង​គ្រាន់​តែ​ចាំទុក​ថា << បុគ្គល​ពាល​មាន​ការ​សំឡឹង​ទោស​អ្នក​ដទៃ​ជា​កម្លាំង បណ្ឌិត​មាន​ការ​មិន​សំឡឹង​ទោស​អ្នក​ដទៃ​ជា​កម្លាំង អ្នក​រៀន​ច្រើន​មាន​ការ​ពិចារណា​ជាកម្លាំង​ អ្នក​ស្ងប់​រម្ងាប់​មាន​សេចក្ដី​អត់​ធន់​ជា​កម្លាំង >>។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ
images/articles/1393/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៩៩៤ ដង)
មនុស្ស​យើង​ដោយ​ប្រក្រតី គឺ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​ប្រដៅ​ឡើយ រឹត​តែ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​មក​ប្រាប់​ថា​ខ្លួន​ធ្វើ​អ្វី​ខុស​នោះ​ទៅ​ទៀត។ ព្រោះ​ហេតុ​ដូច្នោះ​ វិធី​ដែល​ល្អ​ក្នុង​ការ​ប្រដៅ​មនុស្ស គឺ​ការ​ប្រដៅ​ដោយ​មិន​ឲ្យ​គេដឹង​ខ្លួន​ថា​យើង​ទូន្មាន​ប្រៀន​ប្រដៅ​គេ ម្យ៉ាង​ទៀត​វិធី​អប់រំ​ទូន្មាន​ដែល​ល្អ​ជាទី​បំផុត គឺការ​ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​ឲ្យ​គេមើល។ បណ្ឌិត​គួរ​តម្កល់​ខ្លួន​ឯងឲ្យ​តាំង​នៅ​ក្នុង​គុណ​ដ៏​សមគួរ​ជា​មុន​សិន​ចាំ​ប្រដៅ​អ្នក​ដទៃ​ជា​ខាង​ក្រោយ ទើប​មិន​លំបាក។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1391/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៣៨១ ដង)
មេត្តា​ជា​គុណ​ធម៌​ក្នុង​ដួង​ចិត្ត​ដែល​ល្អិត​ល្អន់ និង​ស្រស់​ស្អាត ប្រាស​ចាក​សេចក្ដី​ក្ដៅ​ក្រហាយ ប៉ុន្តែ​ចំពោះ​សេចក្ដី​ស្រលាញ់​វិញ មិន​ថា​ត្រជាក់​ល្អូក​ទៅ​ប៉ុនណា​នោះ​ឡើយ វារមែង​បង្កប់​នូវ​សេចក្ដី​ក្ដៅ​ក្រហាយ ញាប់ញ័រ​​ និង ការ​ភ័យ​ខ្លាច​ដោយ​ប្រការ​ផ្សេងៗ។មនុស្ស​ដែល​យើង​ស្រលាញ់ យើង​រមែង​ជួយ​គេ​ទាំង​ក្នុង​ពេល​ដែល​គេ​បាន​សុខ និង​ទាំង​ក្នុង​ពេល​ដែល​គេ​បាន​ទុក្ខតែចំពោះ​មនុស្ស​ដែល​យើង​មាន​មេត្តា​ទៅ​រក​វិញ​យើង​និង​ជួយ​គេ​ក្នុង​ករណី​ដែល​គេ​មាន​ទុក្ខ​តែ​ប៉ុណ្ណោះ។ យើង​មិន​អាច​នឹង​ដាច់​ចិត្ត​ឧបេក្ខា​បាន​ឡើយ នៅពេល​ដែល​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង មាន​ទុក្ខ​ភ័យ​វិបត្តិ​អ្វី​មួយនោះ តែ​យើង​អាច​ដាក់​ចិត្ត​ឧបេក្ខា​បាន​ក្នុង​រឿង​ហួស​វិស័យ​ ទៅ​ជា​មួយ​នឹង​មនុស្ស​ដែល​យើង​មាន​ត្រឹម​តែ​មេត្តា មិន​ច្រឡូក​ច្រឡំ​ដោយ​រាគៈ​នោះ។ សេចក្ដី​ស្រលាញ់​ មាន​សភាព​រីករាយ​ភ្លើតភ្លើន​នៅពេល​ដែល​សម​តាម​បំណង សម្រេច​បាន​តាម​រាគៈ រួច​ហើយ​រមែង​ទុក្ខ​សោក​បោក​ខ្លួន​បោក​ប្រាណ នៅ​ពេល​ខក​ចិត្ត ឬ​ព្រាត់​ប្រាស តែ​មេត្តា​គឺ​ជា​សភាព​ស្រស់​ស្រាយ​ទន់​ភ្លន់​នៃ​ដួង​ចិត្ត​ ដែល​ពេញ​ទៅ​ដោយ​ការ​ប្រាថ្នា​ល្អ​ចំពោះ​អ្នកដទៃ និង​ជា​ចុង​ក្រោយ​ក្នុង​រឿង​ហួសវិស័យ មេត្តា​ក៏​ជា​បច្ច័យ​នៃ​ឧបេក្ខា ព្រោះ​ថា​សត្វ​លោក​រមែង​ប្រព្រឹត្ត​ទៅ​តាម​កម្ម​របស់​ខ្លួន​ឯង។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1392/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៥៩២ ដង)
ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា << កិរិយា​សង្រួម គឺ​ការ​មិន​បៀត​បៀន​ដល់​សត្វ​ទាំង​ឡាយ នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​លោក >>។ សូម្បី​យើង​កំពុង​ឈឺ​ដោយ​រោគ​ផ្លូវ​កាយ​អ្វី​មួយ​ ក៏យើង​អាច​សម្រេច​បាន​នូវ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​ដែរ ព្រោះ​យើង​ឈឺ​តែ​ម្នាក់​យើង ដោយ​ការ​ឈឺ​នេះ​ មិន​មែន​ជា​អំពើ​បៀត​បៀន​ដល់​អ្នក​ណាៗ​ឡើយ។ ទោះ​បី​យើង​ក្រលំបាក​តោងយ៉ាង ឬ​ទទួល​អកុសល​វិបាក​ផ្សេងៗ​យ៉ាង​ណា​ក៏​ដោយ សម្រាប់​យើង​ម្នាក់​មិន​ជា​អ្វី​ឡើយ កុំ​ឲ្យ​តែ​មនុស្ស​ដទៃមាន​សេចក្ដី​ទុក្ខ​ដោយ​សារ​យើង។ យើង​កើត​មក​ក្នុង​លោក​នេះ បាន​ត្រឹម​តែ​មិន​បៀតបៀន​ដល់​មនុស្ស​សត្វ​ដទៃ វា​ប្រពៃ​ណាស់​ហើយ បើ​បាន​បន្ថែម​ទឹក​ចិត្ត​មេត្តា ប្រាថ្នា​ឲ្យ​សព្វ​សត្វ​បាន​សេចក្ដី​សុខ​ទៀត​នោះ គឺ​រឹត​តែ​ប្រពៃ​ក្រៃ​លែង​ ជីវិត​រមែង​រស់​នៅ​ជា​សុខ មាន​ចិត្ត​ស្ងប់។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1384/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១៧៤ ដង)
តួនាទី​ភរិយា ៥​សិក្ខាបទ សិក្ខាបទ​ទី​១ : ភរិយា​គប្បី​សិក្ខា​ថា​អាត្មាអញ​ត្រូវ​ចាត់​ចែង​ការងារ​ឲ្យ​បាន​ល្អ។ ភរិយា​ត្រូវ​តម្កល់​ខ្លួន​ឲ្យ​ប្រពៃ ចាត់​ចែង​ការងារ​ឲ្យ​ដល់​ស្វាមី​ដោយ​សេចក្ដី​មិន​ខ្ជីខ្ជា ទុក​ស្មើ​ដូច​ម្ដាយ ឬ ប្អូន​ស្រី ពុំនោះ​សោត​ទេ ត្រូវ​ទុក​ស្មើ​ជា​មិត្រ​សម្លាញ់​ជា​មួយ​នឹង​ស្វាមី​របស់​ខ្លួន ហើយ​បើ​ទុក​ដាក់​ខ្លួន​ដល់​ទៅ​ថ្នាក់​ស្មើ​ដូច​ទាសី​បំរើម្ចាស់
images/articles/1379/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២៣៥ ដង)
ព្យាបាទ គឺ​ ជំនិត​គិត​ប៉ង​ឲ្យ​គេ​វិនាស​នូវ​ប្រយោជន៍​ និង​សេចក្ដី​សុខ វា​ធ្វើ​ឲ្យ​ចិត្ត​ក្ដៅ​ងំ ដូច​យក​ភ្លើង​មក​បង្កាត់​ត្រង់​ដើម​ទ្រូង​របស់​ខ្លួន​ឯង ទម្លាយ​សុខភាព​ផ្លូវ​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​ខ្ទេចខ្ទាំ​គ្រាំគ្រា។ ពេល​ខ្លះ​អ្នក​ដែល​យើង​គិត​ដោយ​គំនិត​ព្យាបាទ​នោះ គេ​មិន​ទាំង​បាន​ដឹង​រឿង​អ្វី​ផង គឺ​យើង​ក្ដៅ​ក្រហាយ​ដោយ​គំនុំ ឬ​ដោយ​ការ​ច្រណែន​ទៅ​តែ​ម្នាក់​ឯង។ បើ​យើង​ចាប់​ភ្លើង​គប់​ក្រវែង​ទៅ​រក​អ្នក​ដទៃ ភ្លើង​រមែង​ឆេះ​ដៃ​យើង​មុន ហើយ​បើ​ក្រវែង​ទៅ​គេ​មិន​ត្រូវ​ទេ​ភ្លើង​នោះ​ឯង និង​បាន​ឆេះ​ចំពោះ​យើង​តែ​ម្ខាង​ប៉ុណ្ណោះ។ព្រះធម៌​ បាន​ទូន្មាន​យើង​ឲ្យ​លះ​ព្យាបាទ​ដោយ​មេត្តា​ពោល​គឺ​ឲ្យ​មាន​បំណង​ល្អ ប្រាថ្នា​ល្អ​ចំពោះ​អ្នក​ដទៃ និង​ឲ្យ​មាន​ខ្លួន​ឯង​ជា​ឧបមា។ សូម្បី​យើង​មិន​ឲ្យ​ទុក្ខ​ដល់​គេ​ទេ​តែ​គ្រប់​គ្នា ក៏​មាន​ទុក្ខ​ស្រេច​តាម​សភាព​របស់​ខ្លួន​ម្នាក់​ៗ​ជា​ធម្មតា​ទៅ​ហើយ ដូច​ជា​ខ្លួន​យើង​អ៊ីងចឹង​ដែរ ដែល​ចេះ​តែមាន​ទុក្ខ រឿង​នេះ រឿង​នោះ ទាំង​ដែល​មិន​ដែល​មិន​មាន​អ្នក​ណា​មក​ធ្វើ​ទុក្ខ​នោះ​ៗ​ឲ្យ​យើង​ផង។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1377/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៤២ ដង)
ភ្លើង​កំហឹង ការ​ខឹង​ក្រោធ​ធ្វើ​ឲ្យ​ចិត្ត​សៅហ្មង កករ​ល្អក់ ក្ដៅ​ក្រហាយ​ក្រវល់ក្រវាយ នឹង​ដេក​ក៏​មិន​សុខ នឹង​កើត​ក៏​មិន​សុខ នោះ​គឺ​ជា​ភ្លើង​ខាង​ក្នុង ដែល​កើត​ឡើង​ដុត​បុគ្គល​នោះ​ឯង។ បើ​មិន​ចេះ​ពន្លត់​វា​ទេ វា​នឹង​ដុត​ឲ្យ​ក្ដៅ​រោលរាល​ជា​រឿយ​ៗ​តទៅ តែ​បើ​ពន្លត់​បាន​ក៏​ត្រជាក់​សុខ​សប្បាយ​ដោយ​ខ្លួន​ឯង។ អ្នក​ណា​គេ​ស្អប់​យើង​ហើយ​ក៏​ដោយ​ចុះ តាម​ពិត​ ការ​ស្អប់​បាន​ទម្លាយ​នូវ​សុខភាព​ផ្លូវ​កាយ
images/articles/1378/wefwewewewe3.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩២២ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សំដី មាន​លក្ខណៈ​ ៤ យ៉ាង​ដែរ​គឺ​៖ ១- អតីតេន​ បដិសន្ថរតិ មិត្តទទួល​រាក់​ទាក់​ដោយ​របស់​អស់​ទៅ​ហើយ មនុស្ស​ប្រភេទ​ល្អ​តែ​មាត់ តែ​ចិត្ត​មិន​ប្រាកដ​ឃ្លាង​ឃ្លោត​ពុត​ត្បុត និយាយ​បោក​ប្រាស់​បញ្ឆោត មនុស្ស​ពួក​នេះ​ចេះ​សង្គ្រោះ​យើង​ចំពោះ​តែ​របស់​ដែល​យើង​អស់​ទៅ​ហើយ​តែ​ប៉ណ្ណោះ​យ៉ាង​នេះ​ថា << ទាល់​តែ​ថ្ងៃ​ហ្នឹង​បានសម្លាញ់ឯង​មក ម្សិល​ម្ង៉ៃ​ម៉េច​ក៏​មិន​មក ខ្ញុំ​ខំ​តែ​រៀប​ចំ​ទុក​ដាក់​ស្រូវ​អង្ករ​ ផ្លែដូង​ផ្លែ​ខ្នុរ រើស​សុទ្ធ​តែ​សម្រាំង​ៗ​ល្អៗ ទុក​ឲ្យ​សម្លាញ់​ឯង​ហ្នឹង​ណា៎ ហើយ​ម៉េច​ក៏​មិនឆាប់​មក ចំ​ជា​ស៊យ​មែន​សម្លាញ់​ឯង​នេះ ព្រោះ​ចៃដន្យ​អី ទើប​តែ​ម្សិលមិញ​ហ្នឹង គេ​ចេះ​តែ​មក​អង្វរ​សួរ​រក​ទិញ​ពេក គ្នា​ក៏​លក់​អស់​ទៅ >>។ ២- អនាគតេន បដិសន្ថរតិ មិត្ត​ទទួល​រាក់​ទាក់​ដោយ​របស់​ដែល​មិន​ទាន់​មាន​មក មនុស្ស​របៀប​នេះ តែង​តែ​សន្យា​ថា​នឹង​ឲ្យ ប៉ុន្តែ​គេ​ចេះ​មាន​ល្បិច​លេប​ពាក្យ​លេប​សម្ដី គេ​មិន​បាន​ឲ្យ​តម្លៃ​ជីវិត​របស់​គេ​នៅ​លើ​ការងារ​រក្សា​ពាក្យ​សម្ដី​ឡើយ មិន​មែន​បាន​សេចក្ដី​ថា គេ​មិន​ស្រលាញ់​ខ្លួន​របស់​គេ​នោះ​ទេ ប៉ុន្តែ​នេះ​គឺ​មក​ពី​អំពើ​ខ្វះ​ការ​ចេះ​ដឹង​របស់​គេ​ហ្នឹង​ឯង មនុស្ស​នេះ​យក​ជា​ការ​ពុំ​បាន​ឡើយ ខ្មោច​កណ្ដុល​ប្រសើរ​ជាង​មនុស្ស​និយាយ​កុហក​បោកប្រាស់ បើ​យើង​យក​វា​ទៅ​កប់​ក្នុង​ដី​ចំការ។ ៣- និរត្ថតេន សង្គណ្ហាតិ សង្គ្រោះ​ដោយ​អំពើ​មិន​ជា​ប្រយោជន៍ មនុស្ស​ល្អ​តែ​សម្ដី និយាយ​អ្វីៗ​យក​គាប់​យក​គួរ ប៉ុន្តែ​ខ្លឹម​សារ​ចាញ់​ក្អាត់​យំ​តាម​វាល​ស្រែ​សន្ទូង ស្រូវ​បែក​គុម្ព វា​ឭ​រងំ​ពី​រោះ​ជាង ព្រោះ​ថា​មនុស្ស​របៀប​នេះ បើ​គេ​នៅ​លើ​ផ្ទះ រួច​ហើយ​យើង​ក៏​ទៅដល់ គេ​ហៅ​យើង​ពាក្យ​រាក់ទាក់​ដូច្នេះ​ថា << យីអើ! សម្លាញ់​ទេតើ ចូរឡើង​មក​សម្លាញ់ ចូរ​អង្គុយ​ទី​នេះ​ចុះម៉េច​ទៅ​សម្លាញ់​ភ្ជួរ​បាន​ប៉ុន្មាន​ស្រែ​ហើយ? គ្នា​ឥឡូវ​ធូរ​កម្លាំង​ច្រើន​ណាស់ ដោយ​សារ​បាន​អាត្រាក់ទ័រ​មួយ​ហ្នឹង​មក សម្លាញ់​អើយ សម្លាញ់​ឯង​ហ្នឹង បើ​បាន​តែ​មួយ​គ្រឿង​សម្រាប់​ភ្ជួរ​ចំណាប់​តែម្ដង នែ​សម្លាញ់! បើ​គ្នា​មាន​ពីរ​គ្រឿង គ្នា​ឲ្យ​ទៅ​សម្លាញ់​ឯង​មួយ​គ្រឿង មែន​ណា៎ ឲ្យ​វា​ណា​ណី​ម្ដង >> ទីបំផុត​យើង​អស់​ដដែល​យើង​កាន់​តែ​ដឹង​ថា អ្នក​ដែល​អាច​ជួយ​យើង​បាន​ពិត​ប្រាកដ គឺ​ខ្លួន​យើង​ហ្នឹង​ឯង ដូច្នេះ​មាន​តែ​យើង​កុំ​ខ្ជិល ប្រឹង​ប្រែង​ធ្វើការងារ​គាំ​ទ្រ​នូវ​ការងារ​របស់​ខ្លួន មាន​តែ​ការងារ​របស់​ខ្លួន​យើង​ទេ​ដែល​សង្គ្រោះ​យើង​បាន​ពិតប្រាកដ ត្រូវ​ចេះ​មាន​អំណត់​កុំ​មើល​ងាយ​ការងារ​របស់​ខ្លួន​ឯង​ថា​អន់ ហើយ​ទៅ​សសើរ​តែ​ការងារ​របស់​អ្នក​ដទៃ​នោះ តាម​ពិត​ជីវិត​យើង​រស់​សព្វ​ថ្ងៃ ដោយ​សារ​តែ​ការងារ​របស់​យើង​ប៉ុណ្ណោះ សេចក្ដីមិន​ខុស​អំពី​ម៉ែ​យើង​ចិញ្ចឹម​យើង ចំណែក​ម៉ែ​អ្នក​ដទៃ​ចិញ្ចឹម​អ្នក​ដទៃ ទោះ​ជា​ម៉ែ​អ្នក​ដទៃនោះ​មាន​ទ្រព្យ​សម្បត្តិ​ទ្រព្យ​ច្រើន​រាប់​កោដិ​យ៉ាង​ណា​ក៏​ដោយ តែ​យើង​មិន​ត្រូវ​តិះដៀល ម៉ែ​យើង​ដែល​ក្រីក្រ​នោះ​ទេ ព្រោះ​ថា​យើង​បាន​រស់​ដោយ​សារ​ម៉ែ​កំសត់​របស់​យើង​ជា​អ្នក​ចិញ្ចឹម។ ៤- បច្ចុប្បន្នេសុ កិច្ចេសុ ព្យសនំ ទស្សេតិ កាល​កិច្ចទាំង​ឡាយ​កើង​ឡើង​ភ្លាមៗ ក៏​សម្ដែង​អាង​របស់​ខូច​ខាត។មនុស្ស​នេះ​យើង​ពឹង​ពាក់​អ្វី​យក​ជា​ការ​ពុំ​បាន​ឡើយ ប៉ុន្តែ​គេ​បាន​សម្ដី​ណាស់ ដោយ​សារ​យើង​ធ្លាប់​ជួយ​គេ​ច្រើន គេ​និយាយ​សូមទោស​យើង​ គេ​ថា << សូមទោស​ចុះ​សម្លាញ់​អើយ រទេះ​គ្នា​នោះ​វា​បរលែង​កើត​ទៅ​ហើយ ស្ដាយ​មែន​ទែន បើ​នៅ​ប្រើ​កើត​នោះ គ្នា​មាន​ទៅ​កំណាញ់​អី គ្នា​គិត​ថា​ធ្វើ​វា​ដែរណា៎ ប៉ុន្តែ​មួយ​ថ្ងៃ​ជា​មួយ​ថ្ងៃ​វា​ចេះ​តែ​រវល់ >> នោះ​បើ​យើង​មាន​ការ​ប្រញ៉ាប់​ចង់​ខ្ចី​រទេះ​របស់​មិត្ត​ប្លម​នោះ។ អំពី​មិត្ត​ល្អ​តែ​សំដី​នេះ វា​មាន​លក្ខណៈ​យ៉ាង​ណា​មួយ​ក្នុង​លក្ខណៈ ៤ យ៉ាង​ ដូច​បាន​រៀបរាប់​ហើយ ពោល​គឺ​ចិត្ត​មិន​ស្មោះមិន​ត្រង់​តាម​ពាក្យ​សម្ដី តាម​ពិត​មាន​មនុស្ស​ច្រើន​ណាស់ ដែល​មាន​ចិត្តស្រកេក​ស្រកាយ​ទៅ​ដោយ​ល្បិច មាន​បំណង​បំភ្លេច​គុណ​គឺ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ប៉ុន្តែ​គេ​មាន​ពាក្យ​សម្ដី​ជា​រនាំង​បិទបាំង​ខ្លួន​របស់​គេ ដោយ​គេ​ចូល​ចិត្ត​និយាយ​លើក​ជើង​លើក​ដៃ សសើរ​បញ្ជោរ​ចំពោះ​មិត្តភក្តិ យើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់​ចំពោះ​មនុស្ស​ដែល​មិន​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​យើង គេ​អាច​បោក​យើង​ប្រើ​ឲ្យ​ធ្វើ​ការងារ​ប្រកប​ដោយ​ទោស​បាន បើ​យើង​មិន​បាន​ពិនិត្យ​ឲ្យ​ដិត​ដល់​ យើង​អាច​រងគ្រោះ​បាន​គ្រប់​ពេល​វេលា បើ​យើង​មិន​បាន​ប្រយ័ត្ន​ ជួន​កាល​ពាក្យ​សម្ដី​ដែល​យើង​បាន​និយាយ វា​អាច​ជា​ចំណុច​ខ្សោយ​របស់​យើង ត្រូវ​ប្រយ័ត្ន​កុំ​អាង​ទុក​ចិត្ត​អ្នក​នេះ​អ្នក​នោះ ហើយ​ចេះ​តែ​ពី​និយាយ​មិន​គិត ម្យ៉ាង​ទៀត​បើ​គេ​បបួល​យើង​ឲ្យ​ធ្វើ​ការងារ​អ្វីៗ បើ​មាន​មន្ទិល​សង្ស័យ​ក្នុង​ការងារ​នោះ​ត្រូវ​រក​អ្នក​ដទៃ​ទៀត​ដែល​យើង​ទុក​ចិត្ត​ជាង​គេ ពិគ្រោះ​ពិភាក្សា​ឲ្យ​បាន​ច្រើន​អ្នក ជា​ពិសេស​គឺមាតា​បិតា​យើង កុំ​ធ្វើ​អ្វី​ស្រេច​តែ​និង​ចិត្តឲ្យ​សោះ ព្រោះ​មនុស្ស​ចាស់ៗ​គាត់​មានការ​ពិសោធន៍​ច្រើន​ជាង​យើង​ដែល​នៅ​វ័យ​ក្មេង យើង​ត្រូវ​បន្ទាប​ខ្លួន​ទទួល​យក​ពាក្យ​ប្រៀន​ប្រដៅ​អំពី​មនុស្ស​ចាស់ កុំ​អាង​ខ្លួន​ឯង​បាន​រៀន​សាលា​ច្រើន​ជាង​គាត់ ហើយ​មើល​ងាយ​ចំណេះ​ដឹង​របស់​គាត់ តាម​ពិត​កូន​ប្រុស​ស្រី​ត្រូវ​សូម​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ អំពី​មាតាបិតា​ជីដូនជីតា​ឲ្យ​បាន​ច្រើន​បំផុត នៅ​ពេល​​ដែលល​យើង​ចូល​ទៅ​បំរើ​គាត់ មាន​ពេលច្របាច់​ដៃ​ច្របាច់​ជើង​ជូន​គាត់​ជា​ដើម​នោះ ព្រោះ​គាត់​ស្រលាញ់​យើង​ដោយ​ស្មោះ ហ៊ាន​ប្ដូរ​ជីវិត​ចំពោះ​យើង​ទៀត​ផង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1376/53432rtgttt.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩៩៦ ដង)
រូប​កាយ​រឹត​តែ​ស្អាត​ល្អ ស្រស់​សង្ហា​ទៅ​ប៉ុនណា គឺរឹត​តែ​ជា​ទី​ត្រិះរិះ​រំពឹង​នៃ​មហាជន​ច្រើន​ទៅ​ប៉ុណ្ណោះ​ដែរ វា​បង្ក​ឲ្យ​កើត​កិលេស​គឺ​កាមរាគៈ​ដល់​អ្នក​ដែល​បាន​មើល បាន​ឃើញ ជ្រួលច្របល់​គគ្រឹក​គ្រេង វង្វេង​បាត់​បង់​សតិ។រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ គឺ​ជា​អន្ទាក់​ចាប់​សត្វ​លោក​ទុក​ក្នុង​សេចក្ដី​ទុក្ខ​សោក ការ​ភ័យ​ខ្លាច ជម្លោះ​និង​ការ​ហត់​នឿយ​លំបាក​លំបិន។ មនុស្ស​ដែល​កើត​មកមាន​រូប​រាង​ស្អាត​លើស​គេ​នឹង​ថា​បាន​ល្អ នាំ​មក​នូវ​ភ័ព្វ​សំណាង​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ​ក៏​បាន ប៉ុន្តែ​វា​អាច​នាំ​មក​នូវ​គ្រោះ​កាច គួរ​ឲ្យ​ខ្លាច​ផង​ដែរ។ មនុស្ស​ដែល​កើត​មក​សប្បាយ​ មាន​សេចក្ដី​សុខ​ក្នុង​ជីវិត គឺ​មនុស្ស​ដែល​មិន​ស្អាត​ពេក មិន​អាក្រក់មើល​ពេក ហើយ​បាន​បន្ថែម​នូវ​ភាព​ដែល​គួរ​ឲ្យ​ស្រលាញ់​គឺ​សំខាន់​ត្រង់​សេចក្ដី​ល្អ​ដោយ​គុណធម៌ និង ជា​អ្នក​មាន​បុណ្យ​បាន​ធ្វើ​ទុកហើយ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1375/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៥២៥ ដង)
បញ្ញា​បាន​ចូល​ទៅ​ដឹង​ការ​ពិត​នៃ​ជីវិត ការ​ពិត​នៃ​ធម្មជាតិ មិន​នាំ​ឲ្យ​ជីវិត​ជួប​ប្រទះ​ក្នុង​រឿង​កើត​ទុក មិន​សុខ​ចិត្ត ដូច​ជា​តណ្ហា​ឡើយ។ ធម្មជាតិ​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា បញ្ញា​ដឹង​ទាន់​យ៉ាង​នោះ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្ងប់​ចិត្ត។ បញ្ញា​ដឹង​ហេតុ​នៃ​សេចក្ដី​វិនាស ដឹង​ហេតុ​នៃ​សេចក្ដី​ចម្រើន ហើយ​បាន​តម្កល់​ជីវិត​ឲ្យ​ឋិត​នៅ​ក្នុង​ហេតុ​នៃ​សេចក្ដី​សុខ​ចម្រើន​ហើយ​បាន​តម្កល់​ជីវិត​ឲ្យ​ឋិន​នៅ​ក្នុង​ហេតុ​នៃ​សេចក្ដី​ចម្រើន​គ្រប់​យ៉ាង។ ការ​ឈ្នះ​ចិត្ត​អាក្រក់​របស់​ខ្លួន​ឯង​បាន ឈ្មះ​អំណាចនៃ​ធម៌​ថោក​ទាប ឈ្នះ​កិលេស ហាម​ចិត្ត​មិន​ឲ្យ​សេពគប់​នឹង​បាប​ធម៌ អប់​រំ​ចិត្ត​ឲ្យ​មាន​សីល មាន​កល្យាណធម៌ មាន​សតិ មាន​បញ្ញា មាន​ភាព​ភ្លឺ​ស្វាង នោះ​ឯង​គឺ​ជា​ជ័យ​ជម្នះ​ដ៏​ប្រសើរ គឺ​ប្រសើរ​ជាង​ឈ្មះ​មនុស្ស​រាប់​លាន​នាក់​ក្នុង​សមរភូមិ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1374/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៤៥ ដង)
ការ​តាម​ចិត្ត​ចង់​របស់​ខ្លួន ទៅ​តាម​ដែល​ចិត្ត​មិន​បាន​សិក្សា មិន​បាន​អប់រំ គឺ​ជា​មូល​ហេតុ​ដ៏​ចម្បង​នៃ​ការ​ចាញ់​ខ្លួន​ឯង ។ រីឯ​ការ​ប្រឆាំង​ជំទាស់​នឹង​ចិត្ត​ចង់​របស់​ខ្លួន​ឲ្យ​ដំណើរ​ជីវិត​ឋិត​នៅ​ក្នុង​ផ្លូវ​ដែល​ព្រះធម៌​បាន​កំណត់ឲ្យ​តែ​ប៉ុណ្ណោះ មាន​គោល​ធម៌​សម្រាប់​កសាង​ខ្លួន​ច្បាស់​លាស់​និង​មាន​ទិស​ដៅ នេះ​គឺ​ជា​មូល​ហេតុ​ដ៏​សំខាន់​នៃ​ការ​ឈ្នះ​ខ្លួន​ឯង ។ ធម្មជាតិ​ប្រព្រឹត្ត​ទៅ​​តាម​ច្បាប់​របស់​ធម្មជាតិ មិន​ប្រព្រឹត្ត​ទៅ​តាម​តណ្ហា​ឡើយ បុគ្គល​លុះ​តាម​អំណា​ច​តណ្ហា​រមែង​ជា​ទុក្ខ ជួប​នឹង​ការ​ខក​ចិត្ត។ សភាព​នៃ​តណ្ហា គឺ​មិន​ព្រម​តាម​ការ​ពិត ចេះ​តែ​ចង់​បាន​យ៉ាង​នេះ ចង់​បាន​យ៉ាង​នោះ មាន​សភាព​មិន​ស្ងប់​ជា​មួយ​នឹង​ធម្មជាតិ ។ ម្យ៉ាង​ទៀត សភាព​នៃ​តណ្ហា គឺ​មិន​មែន​ជា​តួ​ខ្លួន​យើង​ឡើយ។ ស្រឡាញ់​ក្ដី ចង់​បាន​ក្ដី មិន​មាន​អ្វី​ដែល​ចាំ​បាច់​ត្រូវ​ផ្គាប់​ផ្គុន​ទេ ។កើត​មក​ជា​មនុស្ស​បាន​ទាន់​ព្រះពុទ្ធសាសនា ត្រូវ​ខំ​រក​ការ​ចម្រើន​ផ្លូវ​ចិត្ត មិន​ត្រូវ​គិត​រក​តែ​ការ​សប្បាយ ហើយ​បណ្ដោយ​ឲ្យ​ខ្លួន​នៅ​តែ​ល្ងង់​ខ្លៅ​នោះ​ឡើយ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿