អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦៩៩ ដង)
ជាអ្នកចេះស្គាល់កាលៈទេសៈ

|
ជាអ្នកចេះស្គាល់កាលៈទេសៈ
មនុស្សយើងដែលនៅមានកិលេស រមែងល្អខ្លះ អាក្រក់ខ្លះ តាមអំណាចនៃគុណធម៌និងកិលេសដែលកើតឡើង ។ អ្នកដែលបានទទួលការលើកតម្កើងថាជាមនុស្សល្អ ក៏ធ្លាប់ធ្វើអាក្រក់ផងដែរ ឬ យ៉ាងហោចណាស់ក៏គង់មាននៅក្នុងចិត្តដែរ ។ អ្នកដែលគេគ្រប់គ្នាឃើញថាជាមនុស្សអាក្រក់ ក៏គង់ធ្លាប់បានធ្វើល្អខ្លះជាប្រាកដ ហើយតទៅខាងមុខក៏អាចជាមនុស្សល្អខ្លាំងមែនទែនបានទៀតផង ។ អ្នកមានបញ្ញាទើបមិនគួរប្រញាប់វិនិច្ឆ័យមនុស្ស ដោយគ្រាន់តែឃើញការធ្វើរបស់គេម្តងឬពីដងឡើយ ហើយក៏ពុំទាន់សម្រេចថា គេនឹងជាមនុស្ស ដូច្នោះរហូតតទៅក្នុងជីវិតរបស់គេនោះ ។ បណ្ឌិតរមែងស្គាល់កាលៈទេសៈ ។ មនុស្សអាក្រក់កាលដែលគេដឹងខ្លួនហើយ មិនមែនថាគេនឹងត្រឡប់មកជាមនុស្សល្អវិញមិនបាននោះទេ ដូច្នេះយើងគួរឲ្យឳកាសដល់គេដើម្បីគេបានត្រឡប់ខ្លួនមកជាមនុស្សល្អវិញ ។ យើងត្រូវគិតជានិច្ចថា ពេលនោះនិងពេលនេះអាចមិនដូចគ្នា ព្រោះមនុស្សយើងដូរផ្លាស់ជានិច្ច តាមសភាពជុំវិញនិងគុណធម៌ក្នុងចិត្ត ។ យើងមិនគប្បីប្រញាប់បែកចាកមិត្ត ហើយមិនគប្បីចងពៀរជាមួយនឹងអ្នកណាម្នាក់ឡើយ ។ ក្នុងអតីតកាល ទីឃាវុកុមារ ព្រះរាជឳរសរបស់ព្រះបាទទីឃីតិកោសល ខឹងក្រោធនឹងព្រះបាទព្រហ្មទត្តដែលបានលើកទ័ពទៅដណ្តើមយក រាជសម្បត្តិរបស់ព្រះបាទកោសល ។ ព្រះបាទកោសលព្រមដោយព្រះមហេសី ស្តេចរត់ទៅប្រថាប់ក្នុងកន្លែងដទៃ តែដល់ទីបំផុតក៏ត្រូវចាប់បាន ។ ព្រះបាទព្រហ្មទត្តបញ្ជាឲ្យប្រហារជីវិតព្រះបាទកោសល និងព្រះមហេសីដែលត្រូវជាព្រះមាតាបិតារបស់ទីឃាវុកុមារហ្នឹងឯង ។ ពេលនោះទីឃាវុកុមារនៅក្មេង ហើយទើបតែត្រឡប់មកពីសិក្សាឯនគរតក្កសិលា ។ មកឃើញហេតុការណ៍ដែលព្រះមាតានិងព្រះបិតាត្រូវគេចាប់ប្រុងនឹងប្រហារជីវិតខ្លួនឯងមិនដឹងថាត្រូវជួយយ៉ាងណា ព្រោះតែម្នាក់ឯង បើនឹងសម្តែងខ្លួនឲ្យគេដឹងថាអ្នកណា ក៏មុខតែត្រូវចាប់ប្រហារផងដែរពុំខាន ។ នៅក្នុងពេលនោះ ព្រះបាទទីឃីតិកោសលបានក្រឡេកមកឃើញទីឃាវុកុមារព្រះរាជឳរស របស់ព្រះអង្គទ្រង់គិតក្រែងថាព្រះរាជឳរសនឹងធ្វើអ្វីមិនសមរម្យ ទើបទ្រង់ដាស់តឿនដោយព្រះឳវាទថាៈ " កូនអើយ ! កុំឃើញដល់កាលវែង កុំឃើញដល់កាលខ្លី ពៀររមែងមិនរម្ងាប់ដោយការចងពៀរ" ។ ព្រះបាទកោសលត្រាស់នូវព្រះឳវាទនេះ ដល់ទៅ៣ដង ពួកពេជ្ឈឃាត និងប្រជាជន នាំគ្នាយល់ថា ព្រះអង្គទ្រង់រវើរវាយ ព្រោះតក់ស្លុតនឹងការប្រហារជីវិត ។ ទីឃាវុត្រូវការសងសឹក ទើបរកឧបាយបានចូលទៅក្នុងវាំងរបស់ព្រះបាទព្រហ្មទត្ត ។ បម្រើយ៉ាងជិតនិងរកឳកាសជានិច្ច ដើម្បីប្រហារព្រះជន្មរបស់ព្រះរាជា ។ ថ្ងៃមួយស្តេចយាងទៅប្រពាតព្រៃ ឲ្យទីឃាវុបររាជរថព្រះទីនាំង ។ ទីឃាវុបររាជរថទៅយ៉ាងលឿន រហូតក្បូនស្តេចតាមមិនទាន់ហើយក៏ចូលទៅព្រៃជ្រៅ មានតែព្រះរាជានឹងខ្លួនឯងតែប៉ុណ្ណោះ ។ ព្រះរាជាជរាដែរហើយ ទ្រង់នឿយហត់ពេក ក៏ផ្ទំកើយភ្លៅរបស់ទីឃាវុនៅក្រោមដើមឈើនោះទៅ ទាំងដែលដាក់ទុកនូវព្រះខាន់ក្បែរព្រះអង្គនោះឯង ។ ទីឃាវុរកឳកាសដូច្នេះយូរមកហើយ ក៏បានគិតថាឥឡូវនេះឳកាសមកដល់ហើយ ទើបទាញព្រះខាន់ឡើងដើម្បីប្រហារ តែថាខណៈនោះឯង សំឡេងដាស់តឿនហាក់ប្រាកដជាថ្មី " កូនអើយ ! កុំឃើញដល់កាលវែង កុំឃើញដល់កាលខ្លី ពៀររមែងមិនរម្ងាប់ដោយការចងពៀរ " ។ ទីឃាវុទាញព្រះខាន់ពីរលើក ប៉ុន្តែរុញទុកទៅវិញដោយឳវាទព្រះបិតា ។ ដល់លើកទី៣ ព្រះបាទព្រហ្មទត្តទ្រង់តើនឡើង ព្រោះអាស្រ័យសុបិននិមិត្តថា ទ្រង់នៅក្នុងកណ្តាប់ដៃសត្រូវ ។ នៅពេលបើកព្រះនេត្រឡើង ឃើញទីឃាវុចាប់ព្រះខាន់ប្រុងនឹងប្រហារជីវិតព្រះអង្គ ទ្រង់ក៏តក់ស្លុតយ៉ាងខ្លាំង ។ ទ្រង់ក្រោកឡើងត្រាស់សួររឿងរ៉ាវផ្សេងៗរួចហើយក៏បានជ្រាបដោយសព្វគ្រប់ ។ ទ្រង់សូមអភ័យក្នុងកំហុសរបស់ព្រះអង្គ ។ ទីឃាវុបានថ្វាយអភ័យដល់ព្រះរាជាព្រមដោយពាក្យថាៈ " មិនមែនព្រោះទ្រព្យលានកោដិទេណាដែល មិនប្រហារ ព្រោះឳវាទឪ ព្រមដោយកាយកម្ម សុចរិតត្រឹមត្រូវ សូមស្តេចយល់ទៅនៅក្នុងរឿងនេះ " ។ ព្រះបាទព្រហ្មទត្ត ទ្រង់បានប្រគល់នូវរាជសម្បត្តិក្នុងដែនកោសល ឲ្យដល់ទីឃាវុគ្រប់គ្រង ព្រមទាំងអភិសេកទីឃាវុជាមួយនឹងព្រះរាជធីតារបស់ព្រះអង្គទៀតផង ។ នៅពេលព្រះបាទព្រហ្មទត្តអស់ព្រះជន្មហើយ ទីឃាវុក៏បានគ្រងរាជសម្បត្តិទាំងពីរដែន គឺដែនកោសល និងកាសីនេះដោយអំណាចគុណនៃការដឹងកាលៈទេសៈ និងការព្រមតាមឳវាទរបស់ព្រះរាជបិតាហ្នឹងឯង ។ កុំ ឃើញ កាលវែង គឺ កុំចងពៀរ
បើ ចង ជាប់ គ្នា វេរា យូរ ក្រៃ កុំឆាប់ បែក មិត្ត ពិតកុំ ឃើញ ខ្លី ស្គាល់កាលមានន័យសេចក្តីឯវំ ។ ន ហិ វេរេន វេរានិ សម្មន្តីធ កុនាចនំ ក្នុង កាល ណា ៗ ធម្មតា ពៀរខ្លាំង ចងពៀរប្រឆាំងលោកនេះមិនស្ងប់ ។ អវេរេន ច សម្មន្តិ ស្តាប់ គិត សុ. ចិ. វេរា រម្ងាប់ ដោយការ មិនចង ពៀរទើប បញ្ចប់ វេរា រម្ងាប់ ព្រោះស្ងប់ គំនុំ ។ ឯស ធម្មោ សនន្តនោ រម្ងាប់ មោហោ ទោសោ រលំ មិន ចង វេរា នាំ គ្នា មក ជុំ ទីឃាវុ ស្គាល់ វេលា ពួន អង្គ រស់យ៉ាងផ្ចិតផ្ចង់ ដោយក្តីក្លាហាន តស៊ូ ធ្វើការ លំបាក ប៉ុន្មាន ទ្រំាចេះតែបាន លាក់ប្រាណរហូត ។ ស្មារតី មំាមួន ពិនិត្យ ការងារ គ្រប់គ្រាមិនធ្វេសឆ្លាតឈ្លាតស្លូតបូត រាប់អានមនុស្សម្នាដល់គ្រាទើបស្រូត រូតចូល វាំងស្តេច សម្រេច ការធំ ។ បណ្ឌិត មានសីល មិន ខ្ជិល ឳន អង្គ វាចា ស្មោះ ត្រង់ ឬកពា រម្យទម សម្តី ពីរោះ ប្រាជ្ញា អប់រំ គុណធម៌ មូល ផ្តុំ គុណភាព ជីវិត ។ បុគ្គល ព្យាយាម មិនខ្ជិល ច្រអូស ប្រាជ្ញា ចាក់ធ្លុះ យល់ ហេតុផលពិត ឧបសគ្គ ទាំងឡាយ ក្នុងទី ឆ្ងាយជិត គុណភាព ជីវិត ចិត្ត មិន ញាប់ញ័រ ។ បុគ្គល ចងមិត្ត មាន ចិត្តសង្គ្រោះ ចេះ ពោល ពីរោះ ដឹក នាំតាម ធម៌ ប្រាសចាកកំណាញ់ ស្រឡាញ់ ពុទ្ធពរ នាំ អ្នក ត្រាច់ ចរ រក គុណ ជីវិត។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ សុខចិត្ត និងគុណភាពនៃជីវិត រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិត ប៊ុត-សាវង្ស ។ វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |