អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៤៦ ដង)
ធម្មបទគាថា ជរាវគ្គទី ១១

|
ធម្មបទគាថា ជរាវគ្គទី ១១
បិដកលេខ ៥២ ទំព័រ ៥២ កោ នុ ហាសោ កិមានន្ទោ និច្ចំ បជ្ជលិតេ សតិ អន្ធការេន ឳនទ្ធា បទីបំ ន គវេសថ ។ កាលបើលោកសន្និវាស ត្រូវភ្លើងមានរាគៈ ជាដើមឆេះទ្រលោមជានិច្ច ម្តេចក៏សើច ម្តេចក៏ត្រេកត្រអាល អ្នកទាំងឡាយត្រូវងងឹត គឺអវិជ្ជារូបរឹតហើយ (ម្តេចឡើយ) ក៏មិនស្វែងរកប្រទីបគឺប្រាជ្ញា (ដើម្បីកម្ចាត់នូវសេចក្តីងងឹតនោះចេញ) ។ បស្ស ចិត្តកតំ ពិម្ពំ អរុកាយំ សមុស្សិតំ អាតុរំ ពហុសង្កប្បំ យស្ស នត្ថិ ធុវំ ឋិតិ ។ អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរមើលអត្តភាព (នោះ) ដែលកុសលាកុសលកម្ម ធ្វើវិចិត្រហើយ ជាកាយពាសពេញដោយដំបៅ ដែលឆ្អឹងបីរយកំណាត់ ផ្តុំគ្នាហើយ ជាអត្តភាព ក្តៅក្រហាយជានិច្ច ជាទីរំពឹងត្រិះរិះយ៉ាងខ្លាំងនៃជនទាំងឡាយ ។ បរិជិណ្ណមិទម រូបំ រោគនិទ្ធំ បភង្គុណំ ភិជ្ជតិ បូតិ សន្ទេហោ មរណន្តំ ហិ ជីវិតំ ។ រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ កាយរបស់ខ្លួនជារបស់ស្អុយ នឹងបែកធ្លាយទៅវិញ ព្រោះថាជីវិតមានសេចក្តីស្លាប់ជាទីបំផុត ។ យានិមានិ អបត្តានិ អលាពូនេវ សារទេ កាបោតកានិ តានិ ទិស្វាន កា រតិ ។ ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយ ដូចផ្លែឃ្លោកក្នុងសរទកាល សេចក្តីត្រេកអរអ្វីហ្ន (របស់អ្នកទាំងឡាយ) ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ ។ អដ្ឋីនំ នគរំ កតំ មំសលោហិតលេបនំ យត្ថ ជរា ច មច្ចុ ច មានោ មក្ខោ ច ឱហិតោ ។ សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីប្រកាន់ខ្លួននិងសេចក្តីលុបគុណ ប្រជុំចុះក្នុងសរីរៈណា (សរីរៈនោះ) ដែលកុសលាកុសលកម្មធ្វើហើយ ឲ្យជានគររបស់ឆ្អឹងទាំងឡាយ បិទបូកលាបដោយសាច់និងឈាម ។ ជីរន្តិ វេ រាជរថា សុចិត្តា អថោ សរីរម្បិ ជរំ ឧបេតិ សតញ្ច ធម្មោ ន ជរំ ឧបេតិ សន្តោ ហវេ សព្តិ បវេទយន្តិ ។ រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែអគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្តីគ្រាំគ្រាដូចគ្នា រីឯធម៌របស់សប្បុរស មិនចូលដល់ការចាស់ជរាឡើយ សប្បុរសទាំងឡាយតែងប្រឹក្សាជាមួយពួកសប្បុរសផង គ្នា ។ អប្បុស្សុតាយំ បុរិសោ ពលិពទ្ទោវ ជីរតិ មំសានិ តស្ស វ្ឍន្តិ បញ្ញា តស្ស ន វឌ្ឍតិ ។ បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ (ឥតអំពើ) ដូចគោបម្រើ សាច់របស់វាតែងចម្រើនឡើង តែប្រាជ្ញារបស់វាមិនចម្រើនឡើយ ។ អនេកជាតិសំសារំ សន្ធាវិស្សំ អនិព្វិសំ គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ ។ គហការកេ ទិដ្ឋោសិ បុន គេហម ន កាហសិ សព្វា តេ ផាសុកា តគ្គា គហកកូជំ វិសង្ខតំ វិសង្ខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។ កាលតថាគតកំពុងតែស្វះស្វែងរកជាងធ្វើផ្ទះ គឺតណ្ហា អ្នកធ្វើផ្ទះគឺអត្តភាព មិនទាន់បានជួបប្រទះនៅឡើយ (តថាគត) ក៏អន្ទោលទៅកាន់សង្សារវដ្ត មានជាតិដ៏ច្រើន សេចក្តីកើតជាទុក្ខរឿយៗ ។ នែជាងផ្ទះ អ្នកធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយអ្នកនឹងធ្វើផ្ទះ (របស់តថាគត) ទៀតមិនបានឡើយ ឆ្អឹងជំនីរគឹកិលេសរបស់អ្នកទាំងអស់តថាគតកាច់បំបាក់អស់ហើយ ដំបូលផ្ទះគឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្តរបស់តថាគត ដល់ព្រះនិព្វាន ដែលប្រាសចាកសង្ខារហើយ តថាគត បានដល់ធម៌ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ ។ អចរិត្វា ព្រហ្មចរិយំ អលទ្ធា យោព្វនេ ធនំ ជិណ្ណកោញ្ចាវ ឈាយន្តិ ខីណមច្ឆេវ បល្លលេ ។ អចរិត្វា ព្រហ្មចរិយំ អលទ្ធា យោព្វនេ ធនំ សេន្តិ ចាបាតិខីណាវ បុរាណានិ អនុត្ថុនំ ។ ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅជាកំលោះក្រមុំ រមែងសញ្ជប់សញ្ជឹង ដូចសត្វក្រៀលចាស់សំកុកនៅក្នុងភក់ដែលអស់ត្រីហើយ ដូច្នោះឯង ។ ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅជាកំលោះក្រមុំ រមែងដេកថ្ងូរ សោកស្តាយទ្រព្យចាស់ទាំងឡាយដូចព្រួញដែលផុតចាកខ្សែបន្លោះដូច្នោះ ។ (ព្រួញដែលផុតហើយពីខ្សែបន្លោះ ទៅតាមកម្លាំង រួចហើយក៏ធ្លាក់ចុះ កាលដែលមិនមានអ្នកណាចាប់វា លើកឡើងទេវាក៏ត្រូវជាចំណីនៃសត្វកណ្តៀរក្នុងទីនោះឯង យ៉ាងណា បុគ្គលពាលល្ងង់ខ្លៅទាំងនោះ ក៏យ៉ាងនោះដែរ កាលដែលវ័យទាំង ៣ កន្លងទៅហើយ ក៏ចូលដល់មរណៈ ព្រោះការដែលមិនអាចលើកខ្លួនឯងឡើងបាន ក្នុងកាលឥឡូវនេះ ។ មុនពេលស្លាប់ បុគ្គលពាលមានតែតែការសោកសៅ នឹកដល់ការដែលខ្លួនធ្លាប់ស៊ី ធ្លាប់ផឹកធ្លាប់រាំ ធ្លាប់ច្រៀង ធ្លាប់ប្រគំជាដើម ក្នុងកាលមុនប៉ុណ្ណោះ) ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |