អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៤,៦៩៤ ដង)
ដួលហើយត្រូវក្រោក

|
កូនជាទីស្រឡាញ់! ផ្លូវនៃដំណើរជីវិតនោះ មិនមែនសុទ្ធតែរាបស្មើទៅទាំងអស់នោះទេ ។ ជីវិតមានឡើងមានចុះ មានសុខមានទុក្ខជាគូគ្នាទៅរហូតដោយចំពោះក្នុងកិច្ចការងារបើរឹតតែការងារធំរឹតតែមានឧបសគ្គ ។ ប្រសិនបើកូនធ្វើការងារអ្វីមួយ ដែលកូនគិតសព្វគ្រប់ហើយថា ជាការងារល្អត្រឹមត្រូវ ជាការងារដែលអាចនាំឲ្យចម្រើនទៅមុខបាន ប៉ុន្តែកាលបើធ្វើទៅៗ ការងារនោះបែរជាត្រូវរាំងស្ទះ មិនប្រព្រឹត្តទៅតាមដូចដែលបានគិតទុកទេ ពោលគឺមានឧសគ្គ កូនត្រូវពុះពារនូវឧបសគ្គ នោះ ទៅឲ្យបានដោយសតិបញ្ញា ដោយការអត់ធន់ និងព្យាយាម កុំស្លន់ស្លោ ត្រូវចាត់ចែងដោះស្រាយឲ្យស្រួលបួល កុំរួញថយដោយអស់កម្លាំងចិត្តជាមុននោះ ។
សភាវៈដែលសំខាន់ជាទីបំផុត នៅពេលដែលកូនជួបនូវបញ្ហាជាឧបសគ្គក្នុងជីវិតគឺកម្លាំងចិត្ត ចូរកូនកុំឲ្យកម្លាំងចិត្តធ្លាក់ចុះឲ្យសោះ ។ បើការងារ ឬប្រាក់កម្រៃត្រូវធ្លាក់ចុះយ៉ាងណាក៏ដោយ កុំតែកម្លាំងចិត្តធ្លាក់ចុះតាម វាមិនជាអ្វីឡើយ ។ កូនត្រូវថែរក្សាចិត្ត ផ្គងចិត្តឲ្យល្អ ត្រូវប្រយ័ត្នកុំឲ្យបាក់ទឹកចិត្តជាដាច់ខាត ដូចពាក្យថា (ដួលហើយត្រូវក្រោក) បានសេចក្តីថា កាលភ្លាត់ជើងរអិលដួលទៅគឺត្រូវក្រោកឡើងហើយដើរតទៅទៀតប៉ុណ្ណោះ ដែលអាចទៅដល់គោលដៅបាន យ៉ាងណាមិញ កាលបើកូនមានការខកចិត្ត ព្រោះជួបនូវវិបត្តិអ្វីមួយ កូនត្រូវតាំងចិត្តឲ្យមាំផ្គងចិត្តឲ្យរឹងប៉ឹង ទាញខ្លួនឯងចេញពីការខកចិត្តនោះឲ្យបាន ហើយព្យាយាមតស៊ូជាបន្ត ដើម្បីបានដល់នូវសេចក្តីសម្រេចសមតាមប្រាថ្នា ក៏យ៉ាងនោះដែរ ។ កូនសម្លាញ់ត្រូវដឹងថា ការខកចិត្តកើតមកពីការមានសង្ឃឹមជាហេតុ ដូច្នេះក្នុងជីវិតរាល់ថ្ងៃកូនត្រូវចេះប្រយ័ត្នចំពោះសេចក្តីសង្ឃឹម ដែលមានក្នុងចិត្តកូនផង ។ ពិតមែនហើយថា ការសង្ឃឹមវានាំឲ្យមានកម្លាមងចិត្ត ប៉ុន្តែវាក៏នាំឲ្យខកចិត្តផងដែរ ព្រោះតែមិនបានសម្រេចដូចប្រាថ្នា ដូច្នេះកូនត្រូវហ្វឹកហាត់អប់រំឲ្យកើតឡើងកុសលឆន្ទៈ គឺការពេញចិត្តក្នុងអំពើប្រាសចាកទោស ។ កុសលឆន្ទះនាំឲ្យកូនបានសុខចិត្តក្នុងការងារដែលកំពុងធ្វើ ព្រោះកូនគិតថា ធ្វើការឲ្យអ្នកដទៃបានសុខ ម្ល៉ោះហើយកូនរីករាយនឹងធ្វើការ ដោយមិនចាំបាច់សង្ឃឹមផលអ្វីទៀតឡើយ ។ បើផលបានសម្រេចក៏សម្រេចដោយប្រាសចាកទោស តែបើមិនសម្រចទេ ក៏មិនខកចិត្តដែរ គឺកូនសប្បាយចិត្តនឹងធ្វើបន្តទៀត និងសប្បាយចិត្តក្នុងការងារដែលប្រាសចាកទោសនោះៗ ។ ដូចពោលមកនេះកូនពិតជាមិនចេះអស់ទឹកចិត្តក្នុងការងារផង មានកម្លាំងចិត្តធ្វើបន្តផង បានទទួលនូវសេចក្តីសុខចិត្តទាន់ពេលដែលកំពុងធ្វើការងារនោះផង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |