អានអត្ថបទ
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៨,០២៨ ដង)
ត្រូវគិតថា កូនជាមនុស្សសំខាន់សម្រាប់យើង

|
ត្រូវគិតថា កូនជាមនុស្សសំខាន់សម្រាប់យើង
យើងកុំគិតឃើញថា កូនជាផលដែលបានមកពីរាគៈរបស់យើងតែម្យ៉ាងឲ្យសោះ កាលយើងគិតយ៉ាងនេះ យើងមិនជាអ្នកយកចិត្តទុកដាក់ចំពោះកូនឡើយ មិនព្យាយាមចិញ្ចឹមកូនឲ្យល្អ យ៉ាងណាក៏ដោយកូនវាជាឈាមជ័ររបស់យើងទាំងពីរនាក់ផងដែរ។ កាលដែលយើងមានកូនទៅបានអាស្រ័យការប្រជុំព្រមនៃបច្ច័យ ៣ គឺ៖ ១- មាតាបិតានៅរួមគ្នា ២- មាតាមានរដូវ ៣- សត្វអ្នកកើតក្នុងគភ៌ ការប្រជុំរួមបីនេះ ទើបតាំងគភ៍ឡើងបាន ម្យ៉ាងទៀតអ្នកដែលលកើតឡើងជា មនុស្សត្រូវអាស្រ័យបុណ្យកុសលដែលគេធ្វើទុកមកហើយផង មិនមែនយើងទៅធ្វើឲ្យកូនកើតស្រេចតែចិត្តនោះទេ។ បើយើងអាចបង្កើតកូនបានហេតុអ្វីយើងមិនបង្កើតចិត្តគំនិតរបស់កូនឲ្យដូចយើងផង ពោលដោយសន្មត យើងជាអ្នកបង្កើតកូន តែដោយពិតវាអាស្រ័យទៅលើខ្លួនយើងផង អាស្រ័យបុណ្យរបស់កូនផងក៏ដោយ តែយើងឈ្មោះថា ជាឪពុកម្ដាយ ជាអ្នកមានភារកិច្ចចិញ្ចឹមកូនដែលបានកើតមកហើយឲ្យទៅជាកូនដ៏ល្អម្នាក់។ តាមក្នុងព្រះពុទ្ធសាសនាកូនមានពីរប្រភេទគឺ កូនបុណ្យ១ កូនបាប១។ កូនបុណ្យ ជាកូននាំមកនូវសេចក្ដីចម្រើនក្នុងគ្រួសារដូចមកបដិសន្ធិក្នុងផ្ទៃម្ដាយធ្វើឲ្យកើតមានសេចក្ដីសុខ ទាំងផ្លូវកាយផ្លូវចិត្ត ដូចជាឪពុកម្ដាយមានជម្ងឺក៏វិនាសចាកជម្ងឺ ត្រូវមានឧបទ្រព្យចង្រៃកើតឡើង ត្រូវវិនាសបាត់ ហើយមានតែសេចក្ដីសុខសុភមង្គលតែម្យ៉ាង មិនមានទុក្ខច្រឡូកច្រឡំ ដូច "ព្រះមហោសថ" ពេលប្រសូតមក ធ្វើឲ្យឪពុកវិនាសចាករោគឈឺក្បាលជាដើម។ កាលយើងបានកូនបុណ្យកើតមកជាមួយនោះ វាសុទ្ធតែជាបុណ្យរបស់យើងសាងមក មិនមែនព្រះជាម្ចាស់ឯណា ជាអ្នកប្រទានឲ្យឡើយ សុទ្ធតែបានមកដោយកុសលកម្មដែលយើងបានធ្វើមកហើយ ព្រោះហេតុនោះ បុរសស្ត្រីដែលប្រាថ្នាចង់បានកូនល្អមកកើតជាមួយ ត្រូវខំធ្វើបុណ្យកុសលឲ្យបានច្រើន ដូចជាត្រូវឲ្យទានដល់សមណព្រាហ្មណ៍ក្នុងព្រះពុទ្ធសាសនា ឬ ពួកយាចក។ យើងអាចធ្វើឲ្យខ្ពស់ជាងនោះទៀត គឺ ការរក្សាសីល ៥ ឲ្យបានជាប់ជានិច្ចកាលកុំគិតថា ក្រែងរក្សាសីលទៅរកស៊ីយ៉ាងម៉េចកើត ! គំនិតនេះជាជំនិតមនុស្សល្ងង់ខ្លៅ មិនមានបញ្ញា មិនឃើញថាការមានសីលមានអានិសង្សយ៉ាងណាក្នុងបច្ចុប្បន្ន នាំមកនូវសេចក្ដីសុខយ៉ាងណាដល់គ្រួសារយើង។ កាលបើយើងមានកូនបុណ្យមកកើតជាមួយនឹងយើង ហើយខ្លួនយើងមិនត្រូវលះបង់បុណ្យមកកើតជាមួយនឹងយើង ហើយខ្លួនយើងមិនត្រូវលះបង់បុណ្យកុសលចោលឡើយ ព្រោះថា បុណ្យកាលណាឲ្យផលហើយក៏អាចអស់ទៅដែរ ព្រោះហេតុនោះ ត្រូវសន្សំបុណ្យឲ្យបានច្រើន ដើម្បីឲ្យមានកូនបុណ្យមកកើតនឹងយើងទៀត រហូតគ្រប់ៗជាតិ។ កាលបានកូនបុណ្យធ្វើឲ្យយើងមានចិត្តរីករាយសប្បាយមិនមានមន្ទិលសៅហ្មងទាំងថ្ងៃ ទាំងយប់ មិនមានកង្វល់ក្រែងកូនខិលខូច អាចទៅធ្វើអំពើអាវ៉ាសែ។ កូនបាប ជាកូននាំមកនូវវិបត្តិផ្សេងៗ ក្នុងគ្រួសារគ្រាន់តែមកបដិសន្ធិក្នុងផ្ទៃពោះម្ដាយក៏ធ្វើឲ្យម្ដាយមានជម្ងឺ ដូចក្ដៅពោះជានិច្ចឬ ត្រូវមានជម្ងឺឈឺរ៉ាំរ៉ៃ ធ្វើឲ្យឪពុកម្ដាយមានរឿងឈ្លោះទាស់ទែងគ្នា រហូតដល់កើតមកក៏នាំរឿងលំបាកច្រើនមកឲ្យឪពុកម្ដាយជាអ្នកដោះស្រាយ។ សូមឪពុកម្ដាយដែលមានកូនបាបមកកើតជាមួយ យើងត្រូវដឹងថា នេះសុទ្ធតែជាបាបរបស់យើង ដែលបានធ្វើមកហើយ ព្រោះយើងមិនបានធ្វើបុណ្យទុក ទើបយើងជួបប្រទះកូនបាប។ កូនបាបគឺកូនមានពៀរជាមួយយើងពីអតីតជាតិ ធ្លាប់ចងពៀរនឹងគ្នាមក កាលបើយ៉ាងនោះ យើងមិនត្រូវចងពៀរជាមួយកូនបាបឲ្យថែមខ្លាំងទៀតទេ កុំយកបាបទប់ទល់ជាមួយបាប គឺកុំយកអំពើអាក្រក់ ទៅទប់ទាល់ជាមួយកូនបាបឲ្យសោះ ត្រូវយកអំពើល្អផ្អែមល្ហែមទៅទប់ទល់វិញ ត្រូវមានខន្តិធម៌ឲ្យបានស្មើចំពោះកូនបាបយើងត្រូវដឹងថា ព្រះសម្មាសម្ពុទ្ធជាសាស្ដាក្នុងលោកត្រាស់ដឹងថា៖ ន ហិ វេរេន វេរានិ សម្មន្ដីធ កុទាចនំ អវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ។ ពិតមែនតាំងពីកាលណាមកក្នុងលោកនេះ ពៀរ ទាំងឡាយមិនរម្ងាប់ដោយការមិនមានពៀរ នេះជាបវេណីធម៌។ យើងជាពុទ្ធសាសនិកក៏បានដឹងហើយថា ពៀរមិនស្ងប់ដោយពៀរ កាលបើយ៉ាងនោះ យើងមានកូនបាបមិនត្រូវយកបាបទៅតបតទេ ដូចភ្លើងជិតរលត់ទៅហើយ យើងក៏យកសាំងចាក់ថែមឲ្យឆេះខ្លាំងទៀត ឬភ្លើងកំពុងឆេះខ្លាំងយកសាំងទៅចាក់ទៀត ភ្លើងនោះកាន់តែឆេះខ្លាំងឡើងជាទ្វេ ដូចកូនបាប យើងធ្វើអំពើបាបតបទៅវិញ វានាំឲ្យបាបកាន់តែរីកចម្រើនខ្លាំងជាងមុនទៀត។ យើងត្រូវពិចារណាពាក្យថា កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ។ អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញនឹងធ្វើនូវកម្មណា ទោះល្អក្ដី អាក្រក់ក្ដី នឹងជាអ្នកទទួលនូវផលនៃកម្មនោះ។ ដូច្នេះ កូនបាបជាផលនៃបាបកម្ម ដែលយើងបានធ្វើមកហើយ យើងត្រូវទទួលដោយញញឹមនូវផលនេះចុះ មិនត្រូវគ្រាំគ្រា ទុក្ខទោម្នេញឡើយ ធ្វើដូចម្ដេចដែលយើងអាចជៀសផុតពីបាបកម្ម ដែលយើងធ្វើមកបាន សូម្បីតែព្រះសម្ពុទ្ធទ្រង់ជាកំពូលក្នុងលោក ព្រះអង្គទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណនៅតែព្រះអង្គគេចពីបាបកម្មមិនបាន ដូចត្រូវភិក្ខុទេវទត្តប្រមៀលថ្មទម្លាក់កិន ចេញព្រះលោហិតពីព្រះបាទជាដើម ឬ ព្រះអរហន្តមានព្រះមោគ្គល្លានជាដើម ត្រូវចោរ ៥០០ នាក់ វាយរហូតបរិនិព្វាន នេះ សុទ្ធតែជាផលនៃបាបកម្មចុះទំរាំយើងជាបុគ្គលធម្មតាមិនមានឫទ្ធិអភិញ្ញា ដូចព្រះសម្ពុទ្ធឬព្រះ អរហន្តនោះ តើយើងអាចគេជផុតពីបាបកម្មដូចម្ដេចកើត។ ព្រះហេតុនោះ យើងត្រូវយល់ព្រមល្មមជាមួយផលនៃបាបដែលយើងបានធ្វើ ហើយទទួលផលនៃបាបកម្មនោះចុះដោយមិនចង់កែសេចក្ដីពិត។ កាលយើងយល់ព្រមថា នេះជាបាបរបស់យើងឲ្យផល ធ្វើឲ្យចិត្តយើងមិនសោកសៅទុក្ខទោម្នេញក្នុងរឿងដែលមានកូនបាបនោះឡើយ។ កាលមានកូនបាបត្រូវណែនាំទៅតាមផ្លូវព្រះធម៌ ផ្លូវសុចរិត ឬ អាចឲ្យកូនបួសរៀនព្រះធម៌ព្រះវិន័យ ដើម្បីយល់ពីអំពើល្អ ដែលខ្លួនត្រូវសាងសន្សំ។ កាលកូនបួសរៀនក្រែងមានឧបនិស្ស័យក្នុងព្រះពុទ្ធសាសនា ហើយអាចទៅជាមនុស្សល្អម្នាក់នៅក្នុងសង្គមនឹងគេ។ តែបើកូនមិនចង់បួសរៀនទេ កុំចេះតែបង្ខំឲ្យបួសក្រែងខូចព្រះពុទ្ធសាសនា នាំឲ្យមានមន្ទិលក្នុងធម៌វិន័យ ព្រោះថា បួសទៅអាចទៅជាអ្នកខិលខូច រហូតប្រព្រឹត្តខុសធម៌វិន័យនៃព្រះពុទ្ធសាសនា។ កាលបើកូនចង់បួស ត្រូវឲ្យកូនទៅបួសក្នុងសម្នាក់គ្រូអាចារ្យឧបជ្ឈាយ៍ត្រឹមត្រូវ ជាអ្នកចេះដឹងព្រះត្រៃបិដក អដ្ឋកថា ដីកាខ្មាសបាប ខ្លាចបាប ប្រាថ្នាសិក្សាមានការប្រព្រឹត្តិព្រហ្មចរិយធម៌ដើម្បីព្រះពុទ្ធសាសនាតែម្យ៉ាង មិនជាភិក្ខុសម្លឹងលាភជាធំគិតតែពីតិរច្ឆានកថា និយាយពាក្យគ្រោតគ្រាត មិនសមជាសមណៈសក្យបុត្តិយ៍ ប្រព្រឹត្តឡេះឡោះមិនសង្រួមឥន្ទ្រិយមានតែការលេងសើច មើលទូរស្សន៍ ស្ដាប់ចម្រៀង ប្រឡែងគ្នាមិនគិតពីសីល សិក្ខា ដែលខ្លួនជាអ្នកបួស មានអាការៈមិនខុសពីកូនអ្នកស្រុក។ ម្យ៉ាងទៀត គ្រូអាចារ្យខ្លះគិតតែពីមន្តអាគម ខ្សែយ័ន្តកថា ដើម្បីឲ្យពុទ្ធបរិស័ទចូលចិត្ត អ្នកបួសទាំងនេះមិនត្រូវឲ្យកូនបួសជាមួយឡើយ វាអាចឲ្យកូនយើងក្លាយជាមនុស្សពាលកាន់តែខ្លាំង ព្រោះកាលទៅបួសនោះ មិនបានហ្វឹកហាត់អប់រំខ្លួនឲ្យកាន់តែខូចថែម។ អ្នកបួសក្នុងសាសនានេះ មិនមែនចេះតែល្អទាំងអស់ទេ អ្នកខ្លះបួសដើម្បីលាភសក្ការៈ បួសដើម្បីឲ្យគេសសើរបួសដើម្បីបានទ្រព្យ បួសខ្លះដើម្បីរៀនមុខវិជ្ជាអង់គ្លេស ថៃ ចិន ជប៉ុន កុំព្យូទ័រ បាលី ដើម្បីគ្រាន់តែចិញ្ចឹមជីវិត។ អ្នកដែលបួសប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនាដោយសិក្សាព្រះធម៌ព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធហើយ មានការបដិបត្តិយ៉ាងហ្មត់ចត់ត្រឹមត្រូវ សូម្បីសិក្ខាបទមួយ ក៏មិនហ៊ានប្រព្រឹត្តកន្លងសោះ អ្នកបួសទាំងនេះត្រូវឲ្យកូនយើងទៅបួសរៀនក្នុងសម្នាក់លោកដើម្បីបានជាកូនល្អក្នុងព្រះពុទ្ធសាសនា ទោះជាមិនចង់បួសតទៅទៀត សឹកមកក៏នៅរក្សាធម៌បានល្អ ដូចជារក្សាសីល ៥ ជាដើម ទាំងនេះក៏ដោយសារយើងឲ្យកូនបួសក្នុងសម្នាក់អ្នកបួសត្រឹមត្រូវ ធ្វើឲ្យកូនយើងបានសេពគប់ជាមួយបណ្ឌិតសប្បុរស រហូតក្លាយទៅជាសប្បុរសផងដែរ។ ខ្លួនខ្ញុំអ្នកសរសេរសៀវភៅនេះផ្ទាល់ធ្លាប់បានឪពុកម្ដាយនាំឲ្យទៅបួសក្នុងសម្នាក់ភិក្ខុសាមណេរមិនល្អ ខ្ញុំក៏ទៅជាអ្នកបួសមិនល្អមិនសិក្សារៀនសូត្រ រហូត ៣_៤ ឆ្នាំទើប ភ្ញាក់ខ្លួនទៅសិក្សាក្នុងសម្នាក់អ្នកបួសត្រឹមត្រូវ ប្រឹងរៀនសូត្រទើបក្លាយទៅជាអ្នកចេះដឹងធម៌អាថ៌ក្នុងបិដក អដ្ឋកថា ខ្លះៗ។ ដូច្នេះបានខ្ញុំពោលថា កាលឲ្យកូនបួសត្រូវឲ្យបួសក្នុងសម្នាក់អ្នកចេះធម៌វិន័យពិតៗ ទើបកូនយើងអាចទៅជាអ្នកចេះដឹងទាំងផ្លូវធម៌ ផ្លូវលោកយ៉ាងល្អទៅបាន។ យើងត្រូវជឿថា "ធម៌សេពគប់នេះជាគុណធម៌ល្អវិសេសបំផុត"។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |