អានអត្ថបទ
អានសរុប:
៦៥,២៧១,២១៩ ដង
ស្កែនយកតំណ
កូនត្រូវមានកតញ្ញូកតវេទិតាតបវិញ
ផ្សាយ : ២២ សីហា ឆ្នាំ២០២៦ (អាន: ១៩,០៦៩ ដង)
|
|
|
កាលមាតាបិតាបានចិញ្ចឹមកូន ត្រូវតាមគន្លងធម៌យ៉ាងនេះហើយ ខ្លួនយើងជាកូនត្រូវដឹងគុណគាត់វិញ ដោយជួយចិញ្ចឹមបីបាច់ថែរក្សាគាត់ ដូចគាត់ធ្វើមកលើយើង ទើបសមជាកូនដ៏ល្អរបស់មាតាបិតា។ សូម្បីព្រះសម្មាសម្ពុទ្ធក៏ទ្រង់ទុកមាតាបិតាដូចជាភ្លើង ដូចទ្រង់ត្រាស់ថា៖
ម្នាលព្រាហ្មណ៍ ភ្លើង ៣ ប្រការនេះគួរបុគ្គលគួរធ្វើសក្ការៈគោរពរាប់អាន បូជា រក្សា បម្រើឲ្យល្អដោយប្រពៃ។ ភ្លើង ៣ ប្រការតើដូចម្ដេចខ្លះ? ភ្លើងគឺអាហុនេយ្យបុគ្គល ១ ភ្លើង គឺបុគ្គលជាម្ចាស់ផ្ទះ១ ភ្លើង គឺ ទក្ខិណេយ្យបុគ្គល ១ ។ អាហុនេយ្យបុគ្គល បានដល់ មាតាបិតាជាបុគ្គលគួរបូជារបស់កូនប្រុសស្រី ព្រោះកាលកូនគោរពបូជារមែងបានបុណ្យកុសលដ៏ច្រើន ហើយតែងតែបានផលអាចឃើញទាន់ភ្នែកទៀតផង ដូចជាការសរសើរជាដើម។ គហបតគ្គិ ភ្លើងគឺ ម្ចាស់ផ្ទះ បានដល់ ប្រពន្ធ កូន ខ្ញុំបម្រើ អ្នកទាំងអស់នេះ ត្រូវតែប្រុងប្រយ័ត្នបីបាច់ថែរក្សាឲ្យបានល្អ មិនត្រូវធ្វេសប្រហែសទេ ។ ទក្ខិណេយ្យគ្គិ ភ្លើងគឺទក្ខិណេ្យបុគ្គល បានដល់ សមណព្រាហ្មណ៍ជាអ្ននមិនមានសេចក្ដីប្រមាទ ស្ថិតនៅក្នុងខន្តីនិងសោរច្ចៈ ទូន្មាននូវចិត្តមួយ រម្ងាប់នូវចិត្តមួយរលត់នូវចិត្តមួយ ត្រូវតែគោរពប្រតិបត្តិឲ្យបានល្អ ដោយការថ្វាយបង្គំ និងការឲ្យទានជាដើម។ ហេតុអ្វីបានទ្រង់ត្រាស់ថា ជាភ្លើង? ព្រោះភ្លើងនាំមកនូវសេចក្ដីចម្រើនដោយយើងក៏មាន សេចក្ដីវិនាសក៏មាន ដូចភ្លើងចង្ក្រានយើងឈ្លាសដាំបាយហូបបាន តែមិនឈ្លាសធ្វើឲ្យឆេះផ្ទះអស់ក៏បាន យ៉ាងណា ភ្លើងនេះ បើយើងប្រតិបត្តិគោរពតែងនាំមកនូវសេចក្ដីចម្រើន សុភមង្គល វិបុលសុខ បើយើងបៀតបៀនមើលងាយ មើលថោកតែងនាំមកនូវសេចក្ដីវិនាសទុក្ខព្រួយជានិច្ច។ នៅក្នុងអង្គុត្តរនិកាយ ព្រះអង្គទ្រង់ត្រាស់ថា៖ ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណាបានបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងអស់នោះឈ្មោះថាប្រកបដោយបុព្វាចារ្យ (អាចារ្យដើម) ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងនោះឈ្មោះថាប្រកបដោយអាហុនេយ្យ (អ្នកគួរទទួលរបស់ដែលកូនប្រុសស្រីបូជា)។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុះ ជាឈ្មោះមាតាបិតា ម្នាលភិក្ខុទាំងឡាយពាក្យថា បុព្វាចារ្យនុះឈ្មោះថាមាតាបិតាម្នាលភិក្ខុទាំងឡាយពាក្យថា អាហុនេយ្យនុះ ជាឈ្មោះមាតាបិតា ។ ដំណើរនោះព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះមាតាបិតាជាអ្នកមានឧបការៈច្រើន ជាអ្នកបីបាច់ រក្សាចិញ្ចឹមកូន ជាអ្នកឲ្យកូនបានឃើញក្នុងលោក។ ព្រហ្មាតិ មាតាបិតរោ បុព្វាចរិយាតិ វុច្ចរេ អាហុនេយ្យា ច បុត្តានំ បជាយ អនុកម្បកា។ តស្មាហិ នេ នមស្សេយ្យ សក្ករេយ្យាថ បណ្ឌិតោ អន្មេន អថ បានេន វត្ថេន សយនេន ច ឧច្ឆាទនេន ន្ហាបនេន បាទានំ ធោវនេន ច តាយ បរិចរិយាយ មាតាបិតូសុ បណ្ឌិតា ឥធេវ នំ បសំសន្តិ បេច្ច សគ្គេ បមោទតិ។ មាតាបិតាលោកហៅថាព្រហ្មផង ថាបុព្វាចារ្យាផងថា អាហុនេយ្យផង របស់កូនទាំងឡាយ ព្រោះជាអ្នកអនុគ្រោះនូវពពួកសត្វ។ ព្រោះហេតុនោះ បណ្ឌិតត្រូវតែមនស្ការធ្វើសក្ការៈមាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ ទីដេកគ្រឿងដុសខាត់ទឹកងូត នឹងទឹកលាងជើង បណ្ឌិតរមែងសរសើរកូននោះ ព្រោះការបម្រើមាតាបិតានោះក្នុងលោកនេះ (កូននោះ) លុះលះលោកនេះទៅកាន់បរលោករមែងរីករាយក្នុងស្ថានសួគ៌។ ក្នុងព្រះសូត្រនេះចង្អុលបង្ហាញឲ្យឃើញថា ព្រះសម្មាសម្ពុទ្ធទ្រង់ចង្អុលនូវគុណមាតាបិតាដ៏ធំធេង ចំពោះកូនប្រុសស្រីក្នុងលោកនេះ ហើយទ្រង់បានត្រាស់ថា មាតាបិតាជាអាហុនេយ្យបុគ្គល គឺបុគ្គលគួរទទួលយកនូវទេយ្យវត្ថុ ដែលកូនប្រុសស្រីបូជា នឹងបានបុណ្យកុសលរាប់ប្រមាណមិនបាន។ ព្រោះហេតុនោះ សូមកូនប្រុសស្រីត្រូវជ្រាបថា មាតាបិតាជាអ្នកឧបការគុណច្រើន មិនមានអ្វីក្នុងលោកនេះ ប្រៀបប្រដូចបានឡើយ ។ កាលយ៉ាងនោះ កូនប្រុសស្រីមិនត្រូវប្រមាថមើលងាយគាត់ដោយប្រការណានីមួយនោះឡើយ។ បើខុសភ្លាំងភ្លាត់ ព្រោះល្ងិតល្ងង់ ត្រូវសូមខមាទោសគាត់ កុំខានឡើយ!។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |
ស្កែនយកតំណ
អត្ថបទអ្នកអាចអានបន្ត


