អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៨៩ ដង)
កិច្ចបដិបត្តិចំពោះអ្នកដទៃ

|
នាទីដែលកូនត្រូវបដិបត្តិចំពោះអ្នកដទៃជាទូទៅដោយការឲ្យនូវទឹកចិត្តល្អស្មោះរបស់កូនៈ
១. កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នា ដែលបានជួបដោយក្រសែភ្នែកជាមិត្ត ។ ២. កូនត្រូវចេះញញឹម ឬមានទឹកមុខស្រស់ស្រាយជាមួយមនុស្សទាំងឡាយ ។ ៣. កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្ស កូនត្រូវយល់ថា អ្នកដែលបានកើតមកជាមនុស្ស សុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អ កូនមិនត្រូវមាក់ងាយអ្នកណាឡើយ ។ ៤. កូនត្រូវចេះគួរសមដោយរបៀបល្អគ្រប់យ៉ាង ដូចជាញញឹមរក សំពះ ឱនក្បាលបន្ទន់ខ្លួន ...តាមឋានៈរបស់ខ្លួន និងតាមឋានៈរបស់អ្នកដទៃ ។ ៥. កូនត្រូវចេះស្តាប់អ្នកដទៃនិយាយ កុំនិយាយកាត់ដោយឥតរបៀប បើនិយាយ ត្រូវឲ្យមានប្រយោជន៍ ។ ៦. កូនត្រូវចេះប្រើពាក្យទាំងពីរយ៉ាងនេះ ឲ្យជាប្រចាំ គឺពាក្យសូមអរគុណ និង ពាក្យសូមអត់ទោស ។ ៧. កូនត្រូវនិយាយដោយពាក្យសុភាព ពិរោះទាំងចំពោះមុខទាំងកំបាំងមុខ ។ ៨. កូនត្រូវចេះឲ្យកម្លាំងចិត្ត ដោយពាក្យសរសើរជាដើមដល់មនុស្សល្អ ។ ៩. កូនត្រូវចេះនិយាយសរសើរ ក្នុងផ្នែកល្អរបស់មនុស្សណា ដែលជាទីស្រឡាញ់ពេញចិត្តរបស់អ្នកដែលកូនកំពុងតែនិយាយជាមួយជាការសរសើរពិត ៗ ។ ១០. កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឲ្យការចេះដឹងមកកូនបាន ។ ១១. កូនត្រូវចេះបដិសេធនូវអ្វីដែលកូនមិនយល់ស្របតាមដោយមិនឲ្យគេខូចចិត្ត ។ ១២. កូនត្រូវយករឿងល្អៗ ឬរឿងអ្នកធ្វើល្អមកនិយាយក្នុងពេលសន្ទនា ។ ១៣. កូនត្រូងអាស្រ័យបញ្ញា ពិចារណាចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនកូន ដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ ។ ១៤. កូនគួរតែរកពេលវៀរចាកការនិយាយមិនល្អ ឬវៀរចាកការខឹងក្រោធយ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ចាកការខឹងក្រោធ យ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ទោះជាថ្ងៃណាក៏បានដែរ ។ ១៥. កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃ ក្នុងការងារអ្វីដែលកូនអាចធ្វើបាន ដោយមិនសម្លឹងផងតបស្នងពីគេវិញត្រូវសន្សមសន្តានករុណាឲ្យកាន់តែមាំទាំ មុននឹងលាចាកលោកនេះទៅ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |