អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ២៣,១៤១ ដង)
ប្រពៃណីពុទ្ធសាសនា

|
ប្រពៃណីពុទ្ធសាសនា
ហេតុអ្វីបានជាមានបវេណីពុទ្ធសាសនាផ្សេងៗគ្នា? ព្រះពុទ្ធសាសនាបានប្រសូតឡើងអស់រយៈពេលជាង ២៥០០ ឆ្នាំកន្លងមកហើយ ឆ្លងកាត់រយៈពេលដ៏យូរអង្វែងនេះ យើងឃើញមានប្រពៃណីធំៗបីផ្សេងគ្នាបានវិវឌ្ឍន៍កើតឡើង។ ការរីកចម្រើនទាំងនេះបានផ្លាស់ប្ដូរ ព្រោះថាព្រះពុទ្ធសាសនាបានធ្វើតាមល័ក្ខខ័ណ្ឌ និងវប្បធម៌នៃប្រទេសទាំងឡាយដែលសាសនានេះបានផ្សាយទៅដល់។ ទោះបីជាយ៉ាងណា ពុទ្ធវចនៈបានស្ថិតនៅរឹងមាំបំផុត ថ្វីដ្បិតលក្ខណៈខាងក្រៅអាចមានប្លែកគ្នាខ្លះ តែខ្លឹមសារនៃពុទ្ធដីកានៅដដែលដូចគ្នានឹងបវេណីមុនៗដែរ។ ឧទាហរណ៍ដូចជា ការព្រមព្រៀងគ្នានៃ វចនៈ ឬ ចំណុចរួមគ្នា រវាងបវេណីផ្សេងៗគ្នាត្រូវបានប្រជុំធ្វើឡើងដោយមហាសន្និបាតមន្ត្រីសង្ឃពិភពលោក នៅក្នុងប្រទេសស្រីលង្កាកាលពីឆ្នាំ ១៩៦៦។ ពុទ្ធបរិស័ទទទួលយកនូវភាពផ្សេងពីគ្នា និងពិចារណានូវបវេណីផ្សេងៗទៀត ប្រៀបបានដូចជាផ្លូវផ្សេងៗគ្នា ប៉ុន្តែឆ្ពោះទៅកាន់ទិសដៅដូចគ្នា។ តាមពិតបវេណីផ្សេងៗបានជំនួយ និងជំរុញការគាំទ្រដល់គ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន។ ដោយខ្លីតើអ្វីជាបវេណីពុទ្ធសាសនាផ្សេងៗទាំងអស់នេះ? បវេណីថេរវាទជាបវេណីដែលចំណាស់បំផុត និងអភិរក្សនិយមបំផុតផងដែរ។ បវេណីថេរវាទគឺនៅកៀកបំផុតទៅនឹងទម្រង់ដើមនៃព្រះពុទ្ធសាសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ធផ្ទាល់។ បវេណីនេះសាមញ្ញជាងបវេណីផ្សេងទៀតក្នុងដំណើរការប្រតិបត្តិ មានកម្មពិធីបុណ្យតិចតួច ដោយយកព្រះវិន័យជាធំ ជាមួយនឹងក្រមសីលធម៌ និងការប្រតិបត្តិនូវសមាធិ។ បវេណីមហាយានបានផ្ដើមប្រតិស្ឋាន នៅក្នុងប្រទេសឥណ្ឌារវាង ២០០ ឆ្នាំមុនគ្រិសសករាជ និង ១០០ ឆ្នាំនៃគ្រិសសករាជ។ មហាយានបានអនុវត្តតាមវប្បធម៌អាស៊ីផ្សេងៗ ដោយអនុវត្តធាតុផ្សំផ្សេងៗ នៃសាសនាហិណ្ឌូ និងសាសនាតៅ។ ព្រះពុទ្ធសាសនាមហាយានសង្កត់ធ្ងន់ទៅលើករុណាធម៌ និងជំនឿ ក្នុងគោលដៅជួយអ្នកដទៃឲ្យត្រាស់ដឹង។ និកាយហ្សិន (Zen), និឈិរេន (Nichiren) និងព្យូលែន (Pureland) គឺស្ថិតនៅក្នុងពុទ្ធសាសនាមហាយាន។ វាជ្រយាន (Vajrayana) ឬបវេណីទីបេតិ៍បានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ប្រហែលជា ៧០០ ឆ្នាំនៃគ្រិសសករាជ នៅពេលព្រះសង្ឃពុទ្ធសាសនាឥណ្ឌា បានពាំនាំមកនូវព្រះពុទ្ធសាសនាដល់ប្រទេសទីបេតិ៍ ជាមួយនិងការប្រតិបត្តិ។ ប្រពៃណីនេះបានបូករួមបញ្ចូលជាមួយធាតុនៃជំនឿក្នុងស្រុក ផ្ដល់ឲ្យនូវការប្រតិបត្តិយ៉ាងឯកដល់ប្រពៃណីពុទ្ធសាសនាវាជ្រយាន។ បវេណីពុទ្ធសាសនាវាជ្រយានបានផ្ដេកផ្ដួលទៅនឹងកម្មវិធីបុណ្យច្រើន មានដូចជា ការសូត្រមន្ត និងការអធិដ្ឋានក្នុងចិត្តជាដើម។ មេដឹកនាំនៃពុទ្ធសាសនាវាជ្រយានដ៏ល្បីបំផុតគឺ ព្រះតេជគុណដាឡៃឡាម៉ា។ នៅក្នុងព្រះពុទ្ធសាសនា បវេណីផ្សេងៗគ្នានេះត្រូវបានគេគិតថា ប្រៀបបានទៅនឹងរសជាតិនៃការរ៉េមកី វាមានទ្រង់ទ្រាយដូចគ្នាពិត ប៉ុន្តែមានរសជាតិខុសគ្នាទៅតាមអធ្យាស្រ័យរបស់មនុស្ស។ នៅក្នុងបវេណីព្រះពុទ្ធសាសនា តើហេតុអ្វីបានពាក្យដូចគ្នាហើយបែរជាប្រកបផ្សេងគ្នា? កាលពីព្រះសម្មាសម្ពុទ្ធទ្រង់ធរមាននៅ ភាសាដែលបានប្រើជាទូទៅគឺភាសាបាលី ដែលផ្ទុយពីភាសាសំស្ក្រឹត ព្រោះភាសាសំស្ក្រឹតភាគច្រើនប្រើដោយពួកព្រាហ្មណ៍ និងព្រះសង្ឃសាសនាហិណ្ឌូ។ ព្រះសម្មាសម្ពុទ្ធបានជ្រើសនិយាយ និងសម្ដែងព្រះធម៌ជាភាសាបាលី ព្រោះព្រះអង្គចង់ឲ្យមនុស្សច្រើនអាចសិក្សាឈ្វេងយល់ និងបានទទួលនូវផលប្រយោជន៍ពីពាក្យប្រៀនប្រដៅរបស់ព្រះអង្គ។ ជាទូទៅសាលាពុទ្ធសាសនាថេរវាទប្រើភាសាបាលី ចំណែកឯសាលាពុទ្ធសាសនាមហាយានច្រើនប្រើភាសាសំស្ក្រឹតជាធំ។ ឧទាហរណ៍ពាក្យភាសាបាលីមានដូចជា ធម្មៈ កម្មៈ និងនិព្វាន។ ហើយកូនសៀវភៅនេះប្រើការប្រកបជាភាសាបាលី ព្រោះជាភាសាដែលព្រះអង្គបានប្រើផ្ទាល់ក្នុងការសម្ដែងព្រះធម៌។ ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ៥០០០ឆ្នាំ |