អានអត្ថបទ
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១១,៥២៣ ដង)
ឈ្នះនិងសុខ (សុភមង្គល)

|
នៅក្នុងសង្គមគ្រួសារនីមួយៗ តែងមានសុខមានទុក្ខលាយឡំគ្នា ទាំងដែលគ្រប់គ្នាក្នុងក្រុមគ្រួសារមិនប្រាថ្នាទុក្ខ ប្រាថ្នាតែសេចក្ដីសុខហ្នឹងឯង។ ចាប់តាំងអំពីមានគំនិតគ្រប់គ្រងផ្ទះមក រហូតដល់រៀបការមានគ្រួសារប្ដីប្រពន្ធកូនចៅ ម្នាក់ៗខំធ្វើការសន្សំទ្រព្យ ដោយបោះបង់ចិត្តខ្លួនឯងចោល ខ្វះការអប់រំទូន្មានធ្វើឲ្យចិត្តមានតែការស្រេកឃ្លាន រហេមរហាម សៅហ្មង ស្មោកគ្រោក មានរោគរួបរឹត រីងរៃរ៉ាំរ៉ៃ កំព្រីកំព្រា រងាតែលតោល។ ដូចពោលមកនវ ឈ្មោះថា បោះបង់ខ្លួនឯងចោលដោយពិត ហើយមិនបានចេះគិតអាណិតខ្លួនឡើយ ព្រោះមានសេចក្ដីដឹងខ្លួនថា ខ្លួនបានប្រឹងប្រែងជួយខ្លួនឯងទៅហើយ ដោយការខំស្វែងរកទ្រព្យសម្បត្តិតែម្យ៉ាង។
ការរស់នៅជាមួយអ្នកដទៃ សូម្បីក្នុងក្រុមគ្រួសារ តើយើងត្រូវការយកឈ្នះគ្នា ឬក៏ត្រូវការសេចក្ដីសុខ។ តាមពិត សេចក្ដីសុខជាទិសដៅប្រាថ្នានៃមនុស្សយើងគ្រប់គ្នា ពាក្យថា សុភមង្គល ក៏ជាឈ្មោះនៃសេចក្ដីសុខនេះដែរ ឯសេចក្ដីសុខដ៏សំខាន់នៃជីវិត គឺសុខចិត្ត។ សេចក្ដីសុខមានហេតុច្រើនប្រការ ត្រូវចាំថាមិនមែនមានទ្រព្យជាមហាសេដ្ឋីហើយ បានសុខគ្រប់យ៉ាងនោះទេ ហើយក៏មិនមែនទាល់តែជាអ្នកមានទ្រព្យសម្បត្តិច្រើន ទើបអាចរកសេចក្ដីសុខឲ្យខ្លួនឯងនិងអ្នកដទៃបាននោះដែរ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា សម្លាប់សេចក្ដីក្រោធបានរមែងដេកនៅជាសុខ នេះជាការពិតដែលយើងគ្រប់គ្នាត្រូវចាំកុំភ្លេច ហើយត្រូវបដិបត្តិកម្ចាត់ការខឹងក្រោធបន្តិចម្ដងៗ យើងត្រូវតែយល់ដឹងដូចតទៅនេះគឺៈ
យើងស្អប់គេ គឺស្អប់ខ្លួនឯង ព្រោះសាងភាពសៅហ្មងឲ្យប្រឡាក់ចិត្តខ្លួនឯងតែប៉ុណ្ណោះ ដោយមិនបានឲ្យភាពសៅហ្មង គឺការស្អប់នោះចូលទៅក្នុងខ្លួនអ្នកដទៃឡើយ។ ដូច្នេះ បើយើងពិតជាស្រឡាញ់ខ្លួនឯងមែន ត្រូវព្យាយាមរក្សាចិត្តរបស់ខ្លួនកុំឲ្យសៅហ្មងឡើយ។
អ្នកដទៃធ្វើល្អមិនបាន ព្រោះមកអំពីមហាកុសលមិនបានកើតឡើងក្នុងចិត្តរបស់គេ មិនមែនមកពីគេមិនធ្វើល្អឲ្យយើងទេ។ អ្វីៗមានហេតុជាបច្ច័យទើបកើតឡើង។ដូច្នេះ យើងត្រូវយល់ថា អ្នកដទៃធ្វើល្អឲ្យខ្លួនគេមិនបានផង មានរឿងអ្វីដែលគេមកធ្វើល្អឲ្យយើងបាន? អ្នកណាៗ ដែលធ្វើអំពើមិនល្អ និយាយអាក្រក់គិតអាក្រក់ក្នុងលោកនេះនោះ តាមពិត ដោយធម្មជាតិគឺមិនមែនអ្នកនោះធ្វើ និយាយ និងជាអ្នកគិតនោះទេ នេះព្រោះអាស្រ័យហេតុ ៣ ដែលស្ថិតនៅក្នុងសន្ដានតែប៉ុណ្ណោះ។ ហេតុ ៣ គឺ លោភហេតុ ទោសហេតុ និង មោហហេតុ។ បើហេតុ ៣ នេះត្រូវបានលះអស់ពីចិត្តសន្ដានហើយ គឺមិនមានអ្នកណាធ្វើអាក្រក់សោះឡើយ។ ហេតុទាំង ៣ នេះឯង ដូចជាខ្មោចបិសាចដែលស្ថិតនៅក្នុងខ្លួនមនុស្សយើងអ៊ីចឹង។ ដូច្នេះ យើងមិនត្រូវក្រោធខឹងជាមួយមនុស្សណាម្នាក់ឡើយ។ បើយើងមិនក្រោធខឹងហើយ គឺយើងហ្នឹងឯងមាននូវសេចក្ដីសុខ។ សេចក្ដីសុខក្នុងការមិនក្រោធខឹងនេះ ព្រោះបានយល់ដឹងពីធម្មជាតិ ព្រោះមានអំណត់អត់ធន់ និងព្រោះមានមេត្តាជាដើម គឺជាបុណ្យបារមីដ៏ប្រសើរខ្ពង់ខ្ពស់។ បើសម្លាប់សេចក្ដីក្រោធហើយ ក្នុងលោកនេះមិនមានអ្នកណាសម្រាប់ឲ្យយើងសម្លាប់ ឬសូម្បីតែគ្រាន់តែស្អប់នោះឡើយ។ អ្វីៗជុំវិញជីវិតរស់នៅមានតែភាពមនោរម្យ ហាក់ដូចជាវិមានក្នុងព្រហ្មលោក។ រឿងក្នុងគ្រួសារសារសុបិន មានឆៅមានឆ្អិនគួរជិនណាយ មានទុក្ខកង្វល់ពុំរសាយ លុះដល់ឃ្លាតឆ្ងាយបែរអាល័យ។ ចិត្តជាប់ជំពាក់ក្នុងកាមគុណ មានទុក្ខទារុណធ្ងន់ពេកក្រៃ ប្រយោជន៍បាត់បង់តាមយប់ថ្ងៃ កាមគុណឧបមេយ្យបីដូចចោរ។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |