អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២២,០៥៨ ដង)
អានិសង្សនៃការរម្ងាប់សេចក្តីក្រោធ

|
អានិសង្សនៃការរម្ងាប់សេចក្តីក្រោធ
ព្រះសាស្តា កាលដែលព្រះអង្គគង់ប្រថាប់នៅអគ្គាឡវចេតិយ ទ្រង់ប្រារព្ធទេវតាមួយអង្គដែលមានបញ្ហាជាមួយភិក្ខុមួយរូប ព្រះអង្គទ្រង់ត្រាស់នូវព្រះធម៌ទេសនានេះថា " យោ វេ ឧប្បតិតំ កោធំ" ជាដើម ។
ភិក្ខុកាប់ដើមឈើដែលទេវតាអាស្រ័យនៅ សេចក្តីពិស្តាថា កាលព្រះសាស្តាទ្រង់អនុញ្ញាតនូវសេនាសនៈដល់ភិក្ខុសង្ឃហើយ និងកាលសេនាសនៈទាំងឡាយ ដែលគ្រហស្ថទាំងឡាយ មានសេដ្ឋីក្នុងក្រុងរាជគ្រឹះជាដើម កំពុងចាត់ចែងឲ្យគេធ្វើ ក្នុងកាលនោះមានភិក្ខុអ្នកស្រុកអាឡវីមួយអង្គ បានសាងនូវសេនាសនៈរបស់ខ្លួន ។ ភិក្ខុមួយអង្គនោះ បានឃើញដើមឈើមួយដើមដែលធ្វើឲ្យលោកពេញចិត្ត នៅពេលដែលលោករៀបចំនឹងកាប់ដើមឈើនោះ ស្រាប់តែទេវតាមានកូនតូចមួយអង្គ ដែលអាស្រ័យនៅនឹងដើមឈើនោះឯង ជាកន្លែង ដែលទេវរាជក្នុងឋានចាតុម្មហារាជិកា អនុញ្ញាតឲ្យនៅបានពកូននឹងចង្កះមកឈរអង្វរភិក្ខុអង្គនោះថា " បពិត្រ ព្រះគុណម្ចាស់សូមព្រះគុណម្ចាស់កុំកាប់វិមានរបស់ខ្ញុំ ម្ចាស់ឡើយព្រោះខ្ញុំម្ចាស់មិនអាចពកូនដើររសាត់អណ្តែតដោយមិនមានទីកន្លែងនៅនោះទេ " ។ ភិក្ខុគិតថា " យើងមិនអាចនឹងរកនូវដើមឈើផ្សេងឲ្យបានល្អដូចដើមឈើនេះឡើយ " ទើបលោកមិនអើពើនឹងពាក្យអង្វររបស់ទេវតា ។ ទេវតាគិតថា " ភិក្ខុនេះឃើញទារកហើយ នឹងឈប់កាប់ជាពិតប្រាកដ " ទើបយកកូនទៅដាក់នឹងមែកឈើត្រង់កន្លែងដែលភិក្ខុត្រូវកាប់ ទាំងដែលលោកកំពុងតែយារពូថៅដើម្បីនឹងកាប់ទៅហើយនោះ ។ ចំណែកភិក្ខុកាលដែលលោកបានយារពូថៅ ដើម្បីនឹងកាប់ទៅហើយ លោកមិនអាចបញ្ឈប់នូវពូថៅនោះបានឡើយ ក៏ធ្វើឲ្យដាច់ដៃកូនទេវតា នោះទៅ ។ទេវតាកើតសេចក្តីក្រោធយ៉ាងខ្លាំង បានលើកដៃទាំងពីរឡើងដោយចេតនាថា " អញនឹងទះភិក្ខុនេះឲ្យស្លាប់" តែភ្លាមនោះក៏បានគិតយ៉ាងនេះថា " ភិក្ខុនេះជាអ្នកមានសីល បើយើងសម្លាប់លោកទៅ យើងត្រូវធ្លាក់នរក ឯទេវតាដទៃទៀត កាលបានជួបភិក្ខុទាំងឡាយណាកាប់ដើមឈើរបស់ខ្លួនហើយ នឹងយកយើងជាគំរូ រួចហើយនឹងសម្លាប់ភិក្ខុទាំងឡាយនោះ " ។ បានស្តាប់មកថានៅព្រៃហេមពាន្ត មានការប្រជុំទេវតារាល់ៗ ថ្ងៃបក្ស ។ ក្នុងព្រៃហិមពាន្តនោះ ពួកទេវតារមែងសួរនូវរុក្ខធម៌ថា អ្នកតាំងនៅ ឬ មិនតាំងនៅក្នុងរុក្ខធម៌ ។ ឈ្មោះថា" រុក្ខធម៌ " បានដល់ ការដែលរុក្ខទេវតាមិនប្រទូសរ៉ាយតាមផ្លូវចិត្ត នៅពេលដែលដើមឈើជាលំនៅរបស់ខ្លួនត្រូវកាប់ ។ បណ្តាទេវតាទាំងនោះទេវតាអង្គណាមិនតាំងនៅក្នុងរុក្ខធម៌ទេ ទេវតាអង្គនោះត្រូវគេបណ្តេញមិនឲ្យចូលរួមក្នុងអង្គប្រជុំឡើយ ។ ទេវតាអង្គនេះឯង បានពិចារណាឃើញទោស ក្នុងការមិនតាំងនៅក្នុងរុក្ខធម៌ ហើយបានរលឹកដល់បុព្វចរិយា ក្នុងកាលដែលព្រះតថាគតសោយព្រះជាតិជាដំរីឆទ្ទន្តជាដើម ដោយក្រសែនៃព្រះធម៌ទេសនា តាមដេលខ្លួនធ្លាប់បានស្តាប់មកអំពីព្រះភ័ក្ត្រនៃព្រះដ៏មានព្រះភាគ ។ ទេវតាអង្គនេះបានគិតជាបន្តទៀតថា " ភិក្ខុនេះមានបិតា យើងនឹងក្រាបទូលនូវរឿងនេះដល់បិតារបស់លោក " បានដាក់ដៃចុះហើយរួចស្រែកយំទៅកាន់សំណាក់ព្រះសាស្តា ថ្វាយបង្គំព្រះសាស្តាហើយ បានឈរនៅក្នុងទីមួយដ៏សមគួរ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងទេវតាអង្គនេះថា " តើយ៉ាងដូចម្តេចហ្នឹង ទេវតា ? " ទេវតាក៏បានក្រាបទូលថា " បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុអង្គនោះបានធ្វើកម្មដូចនេះ ខ្ញុំព្រះអង្គម្ចាស់ប្រាថ្នា នឹងសម្លាប់លោក ប៉ុន្តែខ្ញុំព្រះអង្គម្ចាស់បានគិតនូវសេចក្តីដូចនេះ ទើបមិនសម្លាប់លោកទៅវិញ ហើយក៏ប្រញាប់មកកាន់ទីនេះ " ទេវតាបានក្រាបទូលរឿងនោះទាំងអស់ដោយពិស្តារចំពោះព្រះដ៏មានព្រះភាគ ។ ព្រះសាស្តាទ្រង់ព្រះសណ្តាប់រឿងនោះហើយព្រះអង្គត្រាស់ថា " សាធុ ! សាធុ ! ប្រពៃហើយទេវតាត្រង់ដែលអ្នកគ្របសង្កត់នូវសេចក្តីក្រោធ ដែលកើតឡើងយ៉ាងនោះបាន ប្រៀបដូចជាគេបញ្ឈប់បាននូវរថ ដែលកំពុងតែលឿនទៅមុខដូច្នោះឯង " ។ ព្រះអង្គបានត្រាស់ដូច្នេះហើយ ទើបទ្រង់សម្តែងនូវព្រះគាថាបន្តៈ យោវេ ឧប្បតិតំ កោធំ រថំ តន្តំវ ធារយេ តមហំ សារថី ព្រូមិ រស្មីគ្គាហោ ឥតរោ ជនោ ។ នររជនណា ហាមនូវសេចក្តីក្រោធ ដែលកើតឡើងហើយបាន ដូចជានាយសារថីបញ្ឈប់រថដែលកំពុងតែឆ្ពោះទៅមុខបានយ៉ាងនោះឯង តថគតហៅនរជននោះថាជា សារថី ជនក្រៅពីនេះគ្រាន់តែជាអ្នកកាន់នូវខ្សែបង្ហៀរប៉ុណ្ណោះឯង ។ កាលចប់ធម៌ទេសនា ទេវតាក៏បានតាំងនៅក្នុងសោតាបត្តិផល ។ ព្រះធម៌ទេសនាបាននូវប្រយោជន៍ដល់បរិស័ទដែលប្រជុំគ្នាហើយដូច្នេះឯង ។ ចំណែកទេវតា បានក្រាបទូលព្រះដ៏មានព្រះភាគអំពីការដែលខ្លួនមិនមានកន្លែងនៅ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រួតមើលនូវស្ថានទីរបស់ទេវតាអង្គនេះ ។ ព្រះអង្គទ្រង់បានទតឃើញស្ថានទីដ៏សមគួរមួយ ទើបព្រះអង្គត្រាស់ទៅកាន់ទេវតាថាៈ " នែ ! ទេវតាដ៏ចម្រើន មានដើមឈើមួយដើមនៅជិតព្រះគន្ធកុដិនាវត្តជេតពន ដែលទេវតាជាម្ចាស់បានចុតិទៅហើយកាលពីថ្ងៃមុន ដូច្នេះដើមឈើនោះនៅទំនេរអ្នកចូរទៅស្ថិតនៅនឹងដើមឈើនោះចុះ " ។ ចាប់តាំងពីពេលនោះមក ដោយទេវតាអង្គនោះបាននូវការគ្រប់គ្រងអំពីព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ក៏បានជាឧបដ្ឋាយិកាដ៏ល្អរបស់ព្រះសម្មាសម្ពុទ្ធ ។ ក្នុងពេលដែលមានទេវសមាគម ទេវតាដែលមានស័ក្តិធំទាំងឡាយយាងមក ទេវតាដទៃដែលមានស័ក្តិតូចរមែងថយទៅរហូតដល់មហាសមុទ្រ និងភ្នំចក្រវាឡ ។ ចំណែកទេវតាអង្គនេះអង្គុយស្តាប់ធម៌ក្នុងលំនៅរបស់ខ្លួនហ្នឹងឯង ។ ទេវតាអង្គនេះអង្គុយស្តាប់បញ្ហាទាំងអស់ក្នុងវិមានរបស់ខ្លួន ទោះបីជាពួកភិក្ខុសួរក្នុងបឋមមយាមនៃរាត្រីក្តី ទោះបីជាពួកទេវតាសួរក្នុងវេលាមជ្ឈិមយាមនៃរាត្រីក្តី ។ សូម្បីសេ្តចមហារាជទាំង៤ ក្នុងឋានចាតុកម្មហារាជិការ យាងមកកាន់ទីទំនុកបម្រុងព្រះដ៏មានព្រះភាគកាលដែលត្រូវយាងត្រឡប់វិញ ក៏បានសំណេះសំណាលគួរសមជាមួយនឹងទេវតាអង្គនេះដែរ ហើយទើបស្តេចយាងទៅ ។ ទោះជាទេវតាដែលមានស័ក្តិធំដទៃៗទៀត កាលដែលបានជ្រាបថា " វិមានរបស់នេះគឺព្រះដ៏មានព្រះភាគជាអង្គម្ចាស់ទ្រង់ប្រទាន " ដូច្នេះក៏រមែងតែងតែគួរសមជាមួយនឹងទេវតាអង្គនេះជានិច្ច ។
ព្រះសាស្តាទ្រង់ធ្វើរឿងនេះ ឲ្យជាហេតុកើតឡើងហើយ ទ្រង់ក៏បញ្ញត្តនូវភូតគាមសិក្ខាបទដល់ភិក្ខុទាំងឡាយដូច្នេះថា ភិក្ខុធ្វើភូតគាមឲ្យវិនាស ត្រូវអាបបត្តិបាចិត្តិយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ វិធីរម្ងាប់សេចក្តីក្រោធ រៀបរៀងដោយៈ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |