អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩២៨ ដង)
សុខនិងទុក្ខនៅក្នុងចិត្ត (ត)

|
សុខនិងទុក្ខនៅក្នុងចិត្ត (ត)
បច្ច័យ ៤ សម្រាប់សេចក្ដីសុខនៃរូបកាយ ហើយក៏នាំឲ្យសប្បាយចិត្តទៅជាមួយផងដែរ ប៉ុន្តែបច្ច័យ ៤ មិនមែនសម្រាប់សេចក្ដីសុខនៃចិត្តដោយត្រង់ពិតនោះទេ។ ធ្វើក៏ដោយ ឲ្យតែមិនបានកម្ចាត់បង់នូវបាបធម៌ក្នុងចិត្ត ដោយគ្រាន់តែនាំមកនូវការរីករាយនៃចិត្តប៉ុណ្ណោះ អ្វីនោះៗ គឺជាគ្រឿងស្រវឹងរបស់ចិត្ត ជាគ្រឿងញៀនដោយពិត។ ចិត្តជាប់ជំពាក់នឹងអ្វីណា អ្វីនោះជាចំណងចងចិត្ត ចិត្តជាប់ចំណងរមែងទទួលនូវទារុណកម្ម គឺសេចក្ដីទុក្ខសោក។ មនុស្សយើង តែងស្វែងរកការសប្បាយអំពីរបស់ខាងក្រៅ ត្រូវចំណាយពេលវេលាយ៉ាងច្រើនដើម្បីបាននូវរបស់នោះ ត្រូវចំណាយពេលវេលាយ៉ាងច្រើនដើម្បីបាននូវរបស់នោះ ព្រមទាំងត្រូវចំណាយអ្វីៗផ្សេងទៀតយ៉ាងច្រើនផងដែរ។ ការសប្បាយក៏មិនទៀត របស់ដែលនាំឲ្យសប្បាយក៏មិនទៀត ម៉្លោះហើយត្រូវខាតបង់នូវពេលវេលានិងអ្វីៗច្រើនទៀត ដែលត្រូវបានចំណាយទៅនោះឯងឥតប្រយោជន៍។ តាមពិតបច្ច័យ ៤ គ្រាន់តែជាទីអាស្រ័យ រួចហើយមនុស្សយើងត្រូវស្វែងរកសុខពីចិត្តរបស់ខ្លួន ព្រោះថាមនុស្សយើងបានសុខ ព្រោះចិត្តមាននូវសេចក្ដីសុខ។ ការគ្រប់គ្រងថែរក្សាចិត្ត កម្ចាត់បង់រោគគឺកិលេសដែលបៀតបៀននូវចិត្តសន្ដាន សម្រេចបាននូវសេចក្ដីស្ងប់ ចិត្តរមែងជាសុខ។ មនុស្សយើងដែលព្រមសមាទានសីល កាន់សីលគឺជាការធ្វើឲ្យចិត្តរបស់ខ្លួនមានសីល។ ចិត្តមានសីលរមែងមានសុខភាពល្អ ជាចិត្តដែលស្មោះត្រង់ ល្អស្អាតមាននូវសេចក្ដីល្មមសមរម្យដោយខ្លួនឯង មិនត្រដាបត្រដួសដូចកាលពីមិនទាន់មានសីលឡើយ។ សីលជាសម្លៀកបំពាក់ ជាគ្រឿងអលង្ការរបស់ចិត្តជាផ្ទះ ជាជម្រករបស់ចិត្ត ជាអាហារនិងជាថ្នាំកែរោគរបស់ចិត្ត។ ដូច្នេះ មនុស្សយើងកាលដែលប្រាថ្នានូវសេចក្ដីសុខសម្រាប់ខ្លួន ត្រូវតែទូន្មានចិត្តរបស់ខ្លួន អប់រំចិត្តរបស់ខ្លួនឲ្យចេះកាន់សីល។ សមាធិ គឺជាការសម្រាកយកកម្លាំងរបស់ចិត្ត ដូចជាការសម្រាក ឬការទទួលទានដំណេកនៃរូបកាយដែរ។ កម្លាំងរបស់ចិត្តសម្រាប់ច្បាំងជាមួយសត្រូវក្នុងខ្លួនមាន ៥ គឺ ១- សទ្ធាពលៈ កម្លាំងគឺការជឿចំពោះសេចក្ដីពិត។ ២- វីរិយពលៈ កម្លាំង គឺការព្យាយាមកម្ចាត់បាបចម្រើនបុណ្យ។ ៣- សតិពលៈ កម្លាំង គឺស្មារតីភ្ញាក់រលឹកដឹងទាន់នឹងយល់អំពីការពិត។ ៤- សមាធិពលៈ កម្លាំង គឺចិត្តស្ងប់ដោយប្រពៃ។ ៥- បញ្ញាពលៈ កម្លាំង គឺការដឹងហេតុផលពិត។ បញ្ញា គឺជាគោលសំខាន់និងជាកំពូលនៃធម៌បដិបត្តិក្នុងព្រះពុទ្ធសាសនា។ បញ្ញាអាចដោះស្រាយបញ្ហាបានគ្រប់យ៉ាង ដែលជាបញ្ហានាំមកនូវទុក្ខកង្វល់ក្នុងចិត្ត។ បញ្ញានាំមកនូវសេចក្ដីសុខ សូម្បីក្នុងរឿងដែលគួរថាឲ្យកើតទុក្ខ។ ព្រោះហេតុគិតខុសថាខ្លួនមាន ក៏នាំឲ្យគិតពីខ្លួនឯង ខំប្រឹងចិញ្ចឹមបីបាច់ថែរក្សាខ្លួនឯងដោយលំបាកលំបិនហួងហែងការពារអ្វីៗ គ្រប់យ៉ាងឲ្យខ្លួនឯង។ សូម្បីសប្បាយចិត្តក៏ព្រោះមកពីគិតថាខ្លួនឯងបានផលសម្រេចដែរ ប៉ុន្តែបញ្ញាអាចធ្វើឲ្យមិនមានខ្លួនសម្រាប់កើតទុក្ខកង្វល់ ពោលគឺមិនមានខ្លួនសម្រាប់គិត សម្រាប់ហួងហែងការពារបញ្ញាធ្វើឲ្យនៅសល់តែរូបធម៌ និងនាមធម៌តែប៉ុណ្ណោះ។ អ្នកមានបញ្ញា ប្រើប្រាស់រូបកាយសាងប្រយោជន៍ទុកដាក់រូបកាយដូចជាឧទាហរណ៍សម្រាប់ប្រើប្រាស់ ទោះចាស់ ទោះឈឺ ឬនឹងត្រូវបែកធ្លាយ ក៏ចំពោះតែរូបកាយប៉ុណ្ណោះ អ្នកមានបញ្ញាមិនបានគ្រាំគ្រាផ្លូវចិត្តទេ ផ្ទុយពីមនុស្សល្ងង់ដែលរវល់តែបម្រើរូបកាយ ព្រោះសំគាល់ថាជាខ្លួន ហើយក៏មិនបានបំពេញនូវប្រយោជន៍ពិតឡើយ។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |