អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៨៥ ដង)
អានិសង្សរបស់មេត្តា

|
ពិចារណាអានិសង្សរបស់មេត្តា
ធម៌ដែលផ្ទុយគ្នាពីសេចក្ដីក្រោធ គឺមេត្តា។ សេចក្ដីក្រោធមានទោស បង្កផលអាក្រក់ដ៏ក្រៃលែង យ៉ាងណាមេត្តាក៏មានគុណ បង្កផលល្អច្រើនក្រៃលែងដូច្នោះដែរ។ កាលបើដូចនេះ ទើបគួររម្ងាប់សេចក្ដីក្រោធ ហើយតាំងចិត្តមេត្តាមកជំនួសវិញ ឲ្យមេត្តាហ្នឹងឯង ជួយកម្ចាត់កម្ចាយ និងការពាររាំរាំងសេចក្ដីក្រោធ រហូតដល់បានឈ្នះជាស្នាពរ។ អ្នកមានមេត្តាអាចយកឈ្នះចិត្តអ្នកដទៃបាន ជាជ័យជម្នះដ៏ប្រសើរ អ្នកដែលតាំងនៅក្នុងមេត្តា ឈ្មោះថាធ្វើនវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ខ្លួនឯង និង ប្រយោជន៍អ្នកដទៃ។ មេត្តាបានធ្វើចិត្តឲ្យស្រស់ថ្លា ស្អាតផូរផង់ មានសេចក្ដីសុខ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអានិសង្សរបស់មេត្តាមាន ១១ ប្រការ ១- ដេកលក់ជាសុខ បើយើងក្រោធជាមួយអ្នកដទៃយើងបីដូចជាត្រូវថ្នាំពិស មិនបានដេកនៅជាសុខឡើយដូច្នេះ ទើបត្រូវចម្រើននូវមេត្តា រស់នៅជាមួយនឹងមេត្តាធម៌ ព្រមទាំងគុណធម៌ផ្សេងៗទៀតផង។ ២- ភ្ញាក់ឡើងក៏ជាសុខ សុខសប្បាយក្នុងចិត្តដោយពីថ្ងៃមុនមិនបានធ្វើអាក្រក់ព្រោះក្រោធឡើង និងដោយនឹកឃើញដល់អំពើល្អដែលខ្លួនបានធ្វើហើយ។ ៣- មិនយល់សប្តិអាក្រក់ សូម្បីតែយល់សប្តិក៏ឃើញតែអារម្មណ៍ៗ ដូចជា ថ្វាយបង្គំព្រះពោធិព្រឹក្ស ហែកឋិន និងឃើញធ្វើបុណ្យផ្សេងៗទៀត ដោយមិនបានយល់សប្តិឃើញកាប់ចាក់ឈ្លោះប្រកែកគ្នាជាដើមឡើយ។ ៤- ជាទីស្រលាញ់នៃមនុស្សទាំងឡាយ បើយើងត្រូវការឲ្យមនុស្សទាំងឡាយស្រឡាញ់យើង គឺយើងត្រូវរៀនឲ្យចេះស្រឡាញ់អ្នកដទៃជាមុនសិន គឺរៀនឲ្យមានមេត្តា។ ៥- ជាទីស្រលាញ់នៃអមនុស្សទាំងឡាយ យើងត្រូវទុកអមនុស្សទាំងឡាយ ទេវតាទាំងឡាយជាមិត្តរួមកើត រួមចាស់ រួមឈឺ រួមស្លាប់ជាមួយនឹងយើង។ នៅពេលដែលយើងធ្វើកុសលអ្វីរួចហើយ យើងត្រូវឧទ្ទិសកុសលនោះឲ្យដល់អមនុស្សនិងទេវតាទាំងឡាយផង។ ៦- ទេវតាទាំងឡាយជួយថែរក្សា ទោះជាទេវតារក្សាក៏មិនអាចរក្សាចិត្តយើងបានដែរ គឺមានតែគុណធម៌ មានមេត្តាជាដើមប៉ុណ្ណោះទេ ដែលអាចរក្សាចិត្តយើងបាន។ ៧- មិនត្រូវសស្ត្រាវុធជាដើម ដែលជាអន្ដរាយខាងក្រៅឡើយ មេត្តាជាធម៌រម្ងាប់នូវពៀរ អ្នកចម្រើននូវមេត្តាជាអ្នកស្លូតបូត រហូតដល់បានសម្រេចអប្បនាសមាធិជាគុណជាតិដ៏ប្រសើរ ដែលអាចការពារអន្ដរាយបាន។ ៨- មានចិត្តតាំងមាំបានដោយឆាប់ មេត្តាធម៌ ជាធម៌មានឧបការៈដល់កុសលធម៌ដទៃទៀតខ្លាំងក្លាណាស់ ទោះជាទានក្ដី សីលក្ដី សមថភាវនាក្ដី វិបស្សនាភាវនាក្ដី។ ៩- សម្បុរមុខស្រស់ថ្លា ព្រោះដោយអំណាចនៃមេត្តាបានញ៉ាំងឲ្យរូបស្រស់បស់ ទឹកមុខគួរឲ្យរាប់អាន។ ទោះបីអ្នកស្អាតពីកំណើតមកក៏ដោយ ក៏ព្រោះមកអំពីមានបុណ្យដែលបានធ្វើនោះប្រកបដោយមេត្តាដែរ។ ១០- មិនវង្វេងនៅពេលជិតស្លាប់ មនុស្សដែលវង្វេងនៅពេលជិតស្លាប់ ព្រោះបាត់បង់ស្មារតី ឯធម៌មេត្តាជាគុណជាតិញ៉ាំងស្មារតីឲ្យចម្រើន មិនសន្សំការខឹងក្រោធដែលជាបាបនាំឲ្យវង្វេងនោះឡើយ។ ១១- កាលបើមិនទាន់ត្រាស់ដឹងនូវគុណធម៌ជាន់ខ្ពស់ គឺព្រះអរហត្តទេ រមែងចូលទៅកាន់ព្រហ្មលោកដោយអំណាចនៃមេត្តាចេតោវិមុត្ត។ បើជាអ្នកនៅច្រើនទៅដោយសេចក្ដីក្រោធ ឈ្មោះថា ជាអ្នកនៅឆ្ងាយអំពីការបានអានិសង្សទាំងនេះ ដូច្នេះទើបគួរព្យាយាមចម្រើនមេត្តា ឲ្យជាធម៌ប្រចាំចិត្ត ប្រចាំជីវិត ហ្វឹកហាត់អប់រំឲ្យមានមេត្តាជាប្រក្រតីរាល់ថ្ងៃព្រោះថា បើមេត្តាចិត្តនៅមិនទាន់បានមាំទាំទេ គឺមិនអាចយកឈ្នះសេចក្ដីក្រោធបានឡើយ។ ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ ដោយ៥០០០ឆ្នាំ |