អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣០៨ ដង)
គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ

|
គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ
ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្ដីពិត ត្រួតត្រាពិនិត្យនូវសេក្ដីនៃព្រះពុទ្ធភាសិត ជាអ្នកយល់ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ ១- ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃបច្ច័យ មិនចេះតែជឿងាយៗ ហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ។ ២- យល់ត្រូវថា ផលសម្រេចដែលខ្លួនត្រូវការទិសដៅដែលខ្លួនប្រាថ្នានឹងទៅឲ្យដល់ រមែងសម្រេចបានដោយការចុះដៃធ្វើខ្លួនឯង ត្រូវពឹងលើខ្លួនឯង ពឹងលើការព្យាយាមព្រមដោយប្រាជ្ញាស្មារតី បួងសួងសែនព្រេនចំពោះអ្វីៗជាបច្ច័យខាងក្រៅឡើយ។ ៣- មានការទទួលខុសត្រូវចំពោះខ្លួនឯង ដោយការវៀរចាកនូវអំពើអាក្រក់ រក្សាខ្លួនដោយការមិនធ្វើបាបមិនមែនធ្វើអាក្រក់ហើយ ស្វែងរកវត្ថុខាងក្រៅឲ្យជួយលាងជម្រះ ឬរកអ្នកដទៃមកទទួលទោសជំនួសនោះទេ។ ម្យ៉ាងទៀតមានការទទួលខុសត្រូវចំពោះអ្នកដទៃ ដោយការធ្វើនូវអំពើល្អដល់គេ ព្រោះថាសត្វលោកគ្រប់គ្នាធ្វើអ្វីៗគ្រប់យ៉ាងមកពីចង់បានសុខ ចង់បានប្រសើរ ដូច្នេះទើបត្រូវមានមេត្តាចំពោះសត្វលោកទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបណ្ដាលសត្វលោកទាំងនោះ មានអ្នកមានគុណដោយប្រការផ្សេងៗ រាប់មិនអស់ផងដែរ ទើបត្រូវមាននូវកតញ្ញុតាធម៌ ដែលជាផ្នែកទទួលខុសត្រូវចំពោះអ្នកដទៃយ៉ាងពិសេស។ ៤- យល់ត្រូវថា មនុស្សមានសិទ្ធិដោយធម្មជាតិដើម្បីនឹងធ្វើការផ្សេងៗក្នុងការកសាងខ្លួនឯងឲ្យបានល្អឡើងរហូតដល់ថ្នាក់ប្រសើរជាងទេវតាឥន្ទព្រហ្មទៅទៀត។ ៥- យល់ត្រូវថា គុណធម៌ក្ដី សមត្ថភាពក្ដី ការបដិបត្តិក្ដី ជាគ្រឿងវាស់នូវភាពប្រសើរ ឬភាពអន់ថយរបស់មនុស្ស មិនមែនបែងចែកទៅតាមការប្រកាន់វណ្ណៈនោះឡើយ។ ៦- មិនចេះតែសម្លឹងមើលទៅទោសអ្នកដទៃនោះទែ គឺមានការសិក្សាចំពោះជីវិត ឃើញច្បាស់នូវកម្មចាស់ដែលឲ្យផលក្នុងបច្ចុប្បន្ន កំណត់យកជាការរៀនសូត្រពោលគឺចេះពិចារណា យល់ខ្លួនឯងតាមហេតុផល។ ៧- មានការសម្លឹងមើលភូមិឋាន គឺចិត្តសន្ដានរបស់ខ្លួនដែលមាននៅក្នុងបច្ចុប្បន្ន ផ្នែកណាដែលមិនល្អ ក៏ហ្វឹកហាត់កែប្រែបន្តិចម្ដងៗ រៀបចំដាក់ផែនការកម្ចាត់បាបអកុសលឲ្យអស់ពីសន្ដាន បើផ្នែកណាដែលល្អ ក៏ចេះតែសន្សំចម្រើន កពូននូវគុណធម៌ យកគុណធម៌ជាខ្លឹមសារនៃជីវិត។ ៨- មានការដឹងច្បាស់ថា វាមិនមានអនាគតជាតិណា ក្រៅអំពីការបន្តទៅនៃចិត្តមួយខណៈៗនេះឡើយដូច្នេះហើយ អំពើល្អទាំងប៉ុន្មានដែលចិត្តបានសន្សំ គឺជាការកសាងនូវគុណភាពរបស់ចិត្ត ឬគុណភាពនៃជីវិត ធ្វើឲ្យជីវិតដែលបន្តរហូតទៅមុខដល់ជាតិក្រោយ ជាជីវិតដែលល្អក្រៃលែងឡើងៗ។ តាមពិតមិនមានការរីករាយណាក្នុងដំណើរជីវិតឲ្យដូចការរួមដំណើរជាមួយនឹងខ្លួនឯង ដែលជាមនុស្សល្អនោះទេ។ ៩- មានការថែរក្សានូវគុណធម៌ផ្សេងៗ ដូចជាគេរក្សានូវទ្រព្យដ៏មានតម្លៃ ពុំនោះសោត គឺដូចជាការរក្សា កូនចៅ អវយវៈនិងអាយុជីវិតរបស់ខ្លួនជាដើម។ តាមពិតកិលេសដែលនៅមិនទាន់បានលះ វាអាចឲ្យយើងទៅជាមនុស្សអាក្រក់បាន ប៉ុន្តែដោយសារយើងរក្សាធម៌ ទើបធម៌រក្សាមិនឲ្យយើងទៅជាមនុស្សអាក្រក់ហ្នឹងឯង។ ១០- ឧស្សាហ៍ព្យាយាម ទទួលយកនូវព្រះពុទ្ធវចនៈមកដាក់ខ្លួន ព្រោះបានដឹងថា មិនមានសម្បត្តិអ្វីដែលមានតម្លៃឲ្យដូចជា ការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធឡើយ។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |