អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៩៣ ដង)
មិនគួរប្រឹងប្រែងក្នុងអំពើលាមកទាំងពួងទេ

|
មិនគួរប្រឹងប្រែងក្នុងអំពើលាមកទាំងពួងទេ
កិច្ចការងារជាកុសល គឺ មានច្រើនណាស់ដែលយើងត្រូវធ្វើ មិនមែនក្រៅពីការងារដាំបាយស្លនិងការងារចិញ្ចឹមជីវិត ផុតរដូវកាលធ្វើហើយក៏ត្រូវចប់ដែរនោះគឺមិនមែនទេ នៅមានការងារដែលត្រូវធ្វើឬដែលត្រូវបង្កើតឡើងតាមដួងចិត្ត ហើយការងារតាមផ្លូវចិត្តនេះ គឺមិនប្រាកដថាវាជាការងារកុសលទាំងស្រុងនោះ ព្រោះចិត្តនៅមានកិលេស នៅមានលោភៈ ទោសៈ មោហៈ ដែលវាបានដេកត្រាំនៅក្នុងចិត្តរបស់អ្នក។ ការងារ គឺគ្មាននរណាអាចធ្វើចប់បានឡើយ ជាពិសេសការងារផ្លូវចិត្តនេះឯង ដែលយើងត្រូវធ្វើរាល់ថ្ងៃដោយគ្មានពេលសម្រាក។ ការងារដ៏លាមក ដែលអ្នកធ្វើហើយតែអ្នកមិនបានគិតថា វាជាការងារដែលសន្សំនូវបាបនោះឡើយ ឧទាហរណ៍ ការងារនិយាយដើមគេ មានមនុស្សជាច្រើន ពេលទំនេរគឺត្រូវបានទៅអង្គុយនិយាយពីនេះពីនោះ អ្នកនេះមិនយ៉ាងនេះ អ្នកនោះមិនល្អយ៉ាងនោះជាដើម ការងារនេះគឺជាការងារដ៏អាក្រក់មួយផងដែរតែអ្នកមិនបានគិតថាបាបទេ ព្រោះអ្នកគិតថាមិនបានទៅសម្លាប់គេផង ហេតុអ្វីត្រូវមានបាប។ បានដែលត្រូវកើតឡើង មិនមែនទាល់តែអ្នកទៅសម្លាប់ជីវិតគេ ហើយទើបមានបាបនោះទេ មិនបានទៅសម្លាប់គេក៏បានបាបដូចគ្នា គឺ ដូចជាយើងនិយាយដើមគេនោះឯង នេះជាបាបមួយដែលយើងមិនបានសម្លាប់ក៏បាបកើតឡើងបានដែរ។ ខ្ញុំពោលដោយខ្លី នរណាដែលនៅមាន លោភៈ ទោសៈ មោហៈ បាបនឹងមាននឹងកើតឡឡើងនៅលើបុគ្គលនោះមិនខានឡើយ។ ការងារ ដែលប្រកបដោយទោសគឺមិនមែនជាការងារដែលនាំឲ្យកើតនូវមង្គលទេ ការងារដែលមិនសមប្រកប គឺ បានដល់ការងារដែលច្រឡូកច្រឡំគ្នាការងារនោះនឹងកើតឡើងនូវអពមង្គលទៅវិញ។ បុគ្គល ដែលប្រកបនូវការងារមិនប្រសើរបុគ្គលនោះនឹងទទួលបាននូវវិប្បដិសារីមិនខាន ព្រោះធ្វើការងារខុស ឬ ការងារមិនប្រសើរ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់មិនសរសើរការងារណា ដែលជាការងារមានទោសនោះឡើយ។ ដូច្នេះ ពុទ្ធបរិស័ទគ្រប់រូប ត្រូវកុំប្រមាទ កុំប្រហេសឲ្យសោះ បើធ្លាប់ប្រមាទត្រូវតែកែមកជាអ្នកមិនប្រមាទវិញ បើមិនធ្លាប់ប្រមាទទេ ត្រូវតែកុំប្រមាទតទៅទៀត។ កុំប្រព្រឹត្តនូវការងារមិនល្អ ការងារលាមកទាំងឡាយទាំងពួងឯណា សូមព្យាយាមលះកម្មលាមកចេញសូម្បីតែតិចក៏ដោយក៏កុំធ្វើកម្មនោះឡើយ។ ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ៥០០០ឆ្នាំ |