អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥,៧០១ ដង)
មានជីវិត គឺពិតជាមានសេចក្តីទុក្ខ

|
មានជីវិត គឺពិតជាមានសេចក្តីទុក្ខ
ជីវិតសត្វលោក ដែលកើតមកក្នងលោកសន្និវាសនេះ សុទ្ធសឹងតែជួបនូវសេចក្តីទុក្ខគ្រប់ ៗ គ្នា គ្មានជីវិតសត្វណាដែលថាមិនដែលជួបនូវសេចក្តីទុក្ខ គឺមិនមានឡើយ គ្រាន់តែសេចក្តីទុក្ខនោះវាកើតឡើងខុស ៗ ប្លឺកពីគ្នាប៉ុណ្ណោះ ។ សេចក្តីទុក្ខនោះវាមានច្រើនណាស់ ដូចជាៈ - ទុក្ខព្រោះការកើតនៅក្នុងសង្សារវដ្ដ - ទុក្ខព្រោះការប្រកបរបរចិញ្ចឹមជីវិត - ទុក្ខព្រោះការចាស់ជរានៃជីវិត - ទុក្ខព្រោះជីវិតមានរោគាព្យាធា - ទុក្ខព្រោះការស្លាប់បាត់បង់ព្រាត់ប្រាស់ទៅនៃជីវិត - ទុក្ខព្រោះជីវិតខកបំណង ឬក៏ជីវិតបរាជ័យ និងមានសេចក្តីទុក្ខជាច្រើនទៀត ដែលមិនអាចរៀបរាប់បានអស់ សឹងតែនឹងនិយាយបានថា ក្នុងមួយជាតិមួយកំណើតនៃជីវិតនេះ គឺពោរពេញទៅដោយសេចក្តីទុក្ខគ្រប់ដង្ហើមចេញចូលទាំងអស់ ទោះបីជាអ្នកជាស្តេចគ្រប់គ្រងផែនដីជាមន្ត្រីសេដ្ឋីរាស្រ្តប្រុសស្រី ឬក៏ជាអ្នកមានក្រក៏ដោយ ក៏ជីវិតអ្នកទាំងអស់នោះនូវតែមានសេចក្តីទុក្ខដូចគ្នា ព្រោះការកើត ចាស់ ឈឺ ស្លាប់ គឺជាមរករបស់ជីវិត ដែលមនុស្សយើងត្រូវតែទទួលយកគ្រប់ ៗ រូប ដូចព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្តែងថាៈ - ពួកជនណា ៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងនោះតែងមានសេចក្តីស្លាប់នៅពីខាងមុខគ្រប់ ៗ គ្នា ។ - ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះ មានកិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិត្តរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ។ ជីវិត យើងដឹងគ្រប់គ្នាហើយថា វាជារបស់មិនទៀង មានការប្រែប្រួល ផ្លាស់ប្តូរទៅជានិច្ចគ្រប់មនុស្សសត្វទាំងអស់ កុំថាឡើយមនុស្សសត្វ ដែលមានការផ្លាស់ប្តូរ ពីក្មេងទៅចាស់ ពីចាស់ទៅជរា ពីជរាទៅឈឺ ពីឈឺទៅស្លាប់នោះ សូម្បីតែវត្ថុសម្ភារៈ មានផ្ទះសម្បេង កង់ម៉ូតូឡាន ដែលជារបស់គ្មានវិញ្ញាណ ក៏មានការប្រែប្រួលពីថ្មីទៅចាស់ ពីចាស់ទៅខូចខាតបាត់បង់បាក់បែកដូចគ្នា ។ ដូច្នេះយើងត្រូវចងចាំថា " របស់ណាដែលមិនទៀងទាត់ របស់នោះជាទុក្ខ របស់ណាដែលជាទុក្ខរបស់នោះគឺជារបស់មិនមែនខ្លួន " ព្រោះអាការៈទាំងអស់របស់ជីវិត វាសុទ្ធសឹងតែមិននៅក្រោមការបង្គាប់បញ្ជា របស់នរណាម្នាក់ឡើយ ដូច្នេះហើយ ទើបនិយាយបានថា វាជារបស់មិនមែនខ្លួន បើសិនជាយើងប្រកាន់រឹងត្អឹងថាជារបស់ខ្លួនយើងនោះ យើងប្រាកដជាមានសេចក្តីទុក្ខកាន់តែខ្លាំងឡើង ៗ មិនខាន ។ កាលបើយើងដឹងថា ជីវិតវាជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ហើយនោះ តើយើងគួរធ្វើយ៉ាងណា ដើម្បីឲ្យជីវិតរបស់យើងប្រព្រឹត្តទៅប្រកបដោយសារៈខ្លឹមសា គឺត្រូវព្យាយាមប្រឹងប្រែង ប្រមែប្រមូលរាល់អំពើល្អទាំងឡាយយកមកប្រតិស្ថានទុកក្នុងជីវិតរបស់យើងឲ្យហើយទៅ ព្រោះជីវិតនេះវាមិននៅយិនយូរប៉ុន្មានឡើយ បន្តិចទៀតគង់តែចាស់ គង់ឈឺ គង់តែស្លាប់គ្រប់ ៗ តែគ្នា គ្មាននរណាម្នាក់បានរស់រហូតនៅលើផែនដីនេះឡើយ ។ ដកស្រង់ចេញពីសៀវភៅៈ តម្រង់ជ្លូវជីវិត រៀបរៀងដោយៈ សាមណេ ឆិម ប៊ុនឆា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |