អានអត្ថបទ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ១៧,១៣៦ ដង)
បិសុណាវាទ

|
បិសុណាវាទ
បិសុណាវាទនោះ បានខាងពាក្យសម្ដីដែលនិយាយស៊កសៀត គឺរើសយករឿងខាងម្ខាង ទៅប្រាប់ដល់ម្ខាងដោយចេតនាប្រាថ្នានឹងឲ្យគេស្អប់ខ្ពើមមនុស្ស ដែលខ្លួនមិនត្រូវចិត្តបើរឿងនោះជាពាក្យស៊កសៀតមែន តែជារឿងពិត ក៏គ្រាន់តែជាបិសុណាវាទម្យ៉ាងប៉ុណ្ណោះ បើរឿងនោះជារឿងមិនពិតផង ក៏ជាមុសាវាទថែមទៀត។ អំពើដែលនិយាយស៊កសៀត នេះជាដើមចមនាំឲ្យអ្នកស្ដាប់បែបចេញពីគ្នា ឈ្លោះវិវាទចងពៀរនឹងគ្នា។ មិនតែប៉ុណ្ណោះ ធ្វើទាំងអ្នកនិយាយនោះឲ្យក្ដៅក្រហាយដល់ខ្លួនឯងវិញ ក្នុងជាតិនេះក៏មាន និងសោយទុក្ខក្នុងជាតិខាងមុខក៏មាន ដូច សូករប្រេត ដែលរងទុក្ខយ៉ាងខ្លាំងនោះក៏ព្រោះតែទោសដែលញុះញង់ ឲ្យភិក្ខុពីររូបបែកបាក់គ្នា សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនេះ រឿង សូករប្រេត
ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សប មានភិក្ខុ ១ រូបនិយាយញុះញង់ព្រះថេរៈពីរអង្គ ដែលមានសីលាទិគុណល្អ ឲ្យបែកសាមគ្គីអំពីគ្នា។ ដោយកម្មនោះ ភិក្ខុនោះឯងក៏ធ្លាប់ទៅឆេះក្នុងអវីចិមហានរកអស់ ១ ពុទ្ធន្តរ។ មកដល់សាសនាព្រះពុទ្ធជាម្ចាស់យើងនេះ បានឡើងមកកើតជាប្រេតមានខ្លួនដូចមនុស្ស ក្បាលដូចជ្រូក នៅលើភ្នំគិជ្ឈកូដ សោយទុក្ខវេទនាមានដង្កូវធំៗ ប៉ុនៗ អណ្ដើក ចាក់រុករវើកក្នុងមាត់ ដោយវារដេរដាសពេញទាំងខ្លួន។ ឯសូករប្រេតដែលរងទុក្ខ ដូចសម្ដែងមកហើយនេះ ក៏ព្រោះតែទោសដែលនិយាយញុះញង់ព្រះថេរៈពីរអង្គឲ្យបែកសាមគ្គីអំពីគ្នានោះឯង។ ព្រោះហេតុដូច្នោះបានជា អំពើដែលពោលញុះញង់គេឲ្យបែកគ្នានោះ លោកឲ្យឈ្មោះថា បាប ជាអំពើអាក្រក់មិនគួរធ្វើឡើយ។ បណ្ឌិតទាំងឡាយលោកពិចារណាឃើញទោសនៃពាក្យស៊កសៀតយ៉ាងនេះហើយ បានជាលោកមិននិយាយស៊កសៀតនោះឯង ត្រឡប់និយាយលួងលោមប្រមូលអ្នកដទៃដែលបែកបាក់គ្នាឲ្យត្រឡប់ទៅជាសាមគ្គីព្រមគ្នាឡើងវិញ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |