អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,៣៦៤ ដង)
ម៉ែយំព្រោះកូនស្ងួនមិនស្ដាប់ម៉ែ

|
ម៉ែយំព្រោះកូនស្ងួនមិនស្ដាប់ម៉ែ
ម៉ែពិតជាឈឺចាប់ខ្លាំងណាស់ ពេលដែលកូនក្លាយទៅជាមនុស្សបែបនេះ ព្រោះម៉ែខំប្រឹងចិញ្ចឹមកូនទូន្មានប្រៀបប្រដៅកូន គឺម៉ែចង់ឲ្យកូនរបស់ម៉ែក្លាយទៅជាមនុស្សល្អ តែផ្ទុយខុសស្រឡះពីការរំពឹងទុករបស់ម៉ែ ពាក្យទូន្មានរបស់ម៉ែហាក់បីដូចជាគ្មានន័យអ្វីទាល់តែសោះ សម្រាប់កូន ព្រោះពេលណាដែលម៉ែប្រដៅ ណែនាំប្រាប់កូនកូនតែងខឹងនឹងម៉ែ កូនមិនដែលស្ដាប់ម៉ែឡើយ។ មួយឆាកជីវិតរបស់ម៉ែ គឺម៉ែចំនាយពេលវេលាច្រើនណាស់ ក្នុងការនៅជាមួយនឹងកូន ធ្វើសព្វគ្រប់បែបយ៉ាងដើម្បីកូន ទាំងការចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្មម ការពារ ទាំងការអប់រំទូន្មានប្រៀនប្រដៅ ការងារទាំងអស់នេះ គឺម៉ែធ្វើដឹងតែមួយជីវិតរបស់ម៉ែទៅហើយ តែម៉ែមិនដែលខ្ជិលច្រអូសឡើយ ម៉ែធ្វើដោយចិត្តស្មោះត្រង់ចំពោះកូនជានិច្ច។ ការចំនាយពេលវេលា និងការលះបង់ទាំងកម្លាំងកាយចិត្តរបស់ម៉ែ គឺម៉ែសង្ឃឹមថា កូននឹងក្លាយជាកូនល្អចេះស្ដាប់តាមពាក្យទូន្មានរបស់ម៉ែ មិនប្រឆាំង មិនរឹងរូសជាមួយនឹងម៉ែ តែការចំនាយ និងការលះបង់របស់ម៉ែលទ្ធផលគឺបានត្រឹមតែទឹកភ្នែកខកបំណងប៉ុណ្ណោះ ព្រោះពាក្យទូន្មានរបស់ម៉ែ ហាក់បីដូចជាគ្មានន័យអ្វីទាល់តែសោះសម្រាប់កូន។ តាមការពិតពាក្យទូន្មានរបស់ម៉ែ កូនគួរតែស្ដាប់ដោយយកចិត្តទុកដាក់ជាទីបំផុត ជាពាក្យពិត ពាក្យព្រហ្ម ពាក្យព្រះ ដែលបង្កប់ទៅដោយអត្ថន័យខ្លឹមសារ ការអប់រំដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន ព្រោះមិនដែលមានឪពុកម្ដាយណា ណែនាំឲ្យកូនដើរផ្លូវខុសនោះទេ ហើយក៏មិនដែលមានឪពុកម្ដាយណា ណែនាំឲ្យកូនក្លាយទៅជាមនុស្សអាក្រក់ដែរ ការទូន្មានរបស់គាត់តែងប្រាថ្នាចង់ឲ្យកូនក្លាយទៅជាមនុស្សល្អ តែឪពុកម្ដាយស្រក់ទឹកភ្នែក ពេលដែលឃើញកូនក្រអឺតក្រទោម មិនព្រមយកចិត្តទុកដាក់ស្ដាប់នូវការអប់រំរបស់គាត់ សូមកូនទាំងឡាយកុំដើរចេញពេលម៉ែឪទូន្មានប្រៀនប្រដៅឲ្យសោះ ព្រោះម៉ែឪខូចចិត្តខ្លាំងបំផុត គឺពេលដែលប្រាប់កូនទៅ តែកូនមិនស្ដាប់ ថែមទាំងដើរចេញពីគាត់ ដោយគ្មានក្រែងចិត្តគាត់បន្តិចឡើយ កូនមួយចំនួនខ្លះ ដោយគ្មានក្រែងចិត្តគាត់បន្តិចឡើយ កូនមួយចំនួនខ្លះទៀត ពេលម៉ែឪទូន្មានប្រៀនប្រដៅ តែងវាយបកទៅគាត់វិញ ម៉ែឯងកុំចេះ ជារឿងរបស់ខ្ញុំទេ ម៉ែឯងនៅតែឲ្យស្ងៀមទៅ ហើយក៏មិនបាច់មកប្រដៅខ្ញុំដែរ ខ្ញុំចេះគិតដោយខ្លួនឯងហើយ ម៉ែឪទូន្មានកូន ព្រោះចង់ឲ្យកូនល្អ មិនចង់ឲ្យអ្នកដទៃ ថាកូនរបស់ម៉ែឪអាក្រក់នោះទេ ម្ដេចក៏កូនមិនគិតត្រង់ចំណុចនេះផង ហេតុអ្វីក៏កូនថាម៉ែចេះដឹងរឿងកូន តើកូនមានទុកម៉ែក្នុងក្រសែភ្នែករបស់កូនដែរទេ? កូនដែលមានឲ្យតម្លៃដល់ពាក្យទូន្មានរបស់ម៉ែដែរទេ? បើសិនជាកូនស្ដាប់ពាក្យម៉ែតែបន្តិច កូនមិនមានគ្រោះថ្នាក់ឡើយ ហើយតែងបានទទួលជោគជ័យ រាល់ភារកិច្ចទាំងឡាយ យ៉ាងពិតប្រាកដណាកូន។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |