អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៦៦ ដង)
ម៉ែស្រក់ទឹកភ្នែកពេលឃើញកូនថ្វាយបង្គំ

|
ម៉ែស្រក់ទឹកភ្នែកពេលឃើញកូនថ្វាយបង្គំ
សព្វដងម៉ែស្រក់ទឹកភ្នែក ព្រោះម៉ែឈឺចុកចាប់ដែលកូនធ្វើបាបចិត្តម៉ែ កូនមិនស្ដាប់ម៉ែ តែពេលនេះម៉ែស្រក់ទឹកភ្នែក ព្រោះម៉ែរំភើបចិត្ត ដែលឃើញកូនទាំងឡាយថ្វាយបង្គំម៉ែ ម៉ែញ័រអស់ដៃជើង ដោយការត្រេកអរ រហូតទឹកភ្នែកម៉ែហូរទប់មិនឈ្នះ ម៉ែអរខ្លាំងពេកបណ្ដាលឲ្យម៉ែទៅជាយំ ដោយហាមឃាត់ចិត្តមិនបាន។ កាលពីមុន កូនមិនសូវរវល់ជាមួយនឹងម៉ែទេ ទាំងចិត្តគំនិត ទាំងកាយវិកាហាក់ដូចព្រងើយកន្តើយ និងមិនសូវមានការគោរពឱនលំទោនម៉ែ ហើយក្នុងចិត្តរបស់ម៉ែក៏ធម្មតាៗ មិនមានការរំភើបសប្បាយរីករាយអីឲ្យណាស់ណាទេ តែពេលនេះចិត្តរបស់ម៉ែត្រេកអរ សប្បាយរីករាយលាយឡំដោយការរំភើបប្លែក ព្រោះកូននាំគ្នាមកថ្វាយបង្គំ និងសូមខមាទោស ឲ្យម៉ែលើកលែងទោសកំហុសទាំងឡាយដែលកូនធ្វើខុសចំពោះម៉ែកន្លងមក។ កូនសម្លាញ់ចិត្តម៉ែ តាំងពីដើមរហូតមកដល់ពេលនេះ ម៉ែមិនដែលយកទោសអូសដំណើរកូនឡើយ ទោះបីជាកូនធ្វើខុសចំពោះម៉ែ ដោយកំហុសច្រើនរាប់មិនអស់ ហើយកូនមិនទទួលមិនមកសូមខមាទោសម៉ែ យ៉ាងណាក៏ដោយ ក៏ម៉ែនៅតែអភ័យទៅឲ្យកូនជានិច្ច ហើយក្នុងពេលនេះ ម៉ែមិនត្រឹមតែមិនខឹងនឹងកូនទេ ថែមទាំងស្រឡាញ់កូនទ្វេដង ព្រោះកូនមកថ្វាយបង្គំសូមសមាទោសម៉ែ....។ ពពករសាត់ផាយផាត់ទៅឆ្ងាយ យ៉ាងណាចិត្តម្ដាយហាក់ស្រាយកង្វល់ ទុក្ខសោករសាត់បាត់ទៅតាមខ្យល់ សេចក្ដីខ្វាយខ្វល់អម្ពល់គ្មានឡើយ។ ព្រោះពេលនេះណាកូនដឹងកំហុស ម៉ែលែងរងគ្រោះព្រោះកូនទៀតហើយ ម៉ែត្រេកអរណាស់ម្ចាស់ថ្លៃត្រាណត្រើយ ដឹងទេកូនអើយម៉ែអររហូតយំ។ ម៉ែស្រក់ទឹកភ្នែកជ្រែកភ័ក្ត្រផ្ទួនៗ ពេលម៉ែឃើញកូនស្ងួនថ្វាយបង្គំ ម៉ែអរខ្លាំងណាស់រហូតម៉ែយំ ទ្រូងម៉ែអួលងំរំភើបចិន្ដា។ ខ្លួនប្រាណម៉ែញ័រសព្វអស់សរសៃ ម៉ែសែនអរភ័យក្នុងថ្ងៃនេះណា ម៉ែប្រឹងបញ្ឈប់ទប់ទឹកនេត្រា តែទោះយ៉ាងណាវានៅតែហូរ។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |