អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៤៦៥ ដង)
កំណើតបុណ្យពូនភ្នំខ្សាច់

|
កំណើតបុណ្យពូនភ្នំខ្សាច់
បើតាមក្នុងគម្ពីរមហាសំការសូត្របានបញ្ជាក់ថាពេលសង្ក្រាន្តថ្មីជិតមកដល់ព្រះបាទបសេនតិកោសលបានទូលសួរព្រះអង្គថាក្រោយពេលព្រះអង្គបរិនិព្វានទៅ កាលបើដល់សង្ក្រាន្តចូលឆ្នាំម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញកុសលអ្វីខ្លះ? ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹងទន្លេហើយនាំយកគ្រឿងសក្ការៈ ទៀន ធូប គ្រឿងក្រអូប ផ្កាជាដើមមកបូជាចុះ ព្រះអង្គបានវិសេសណាស់ ដូចគ្នានឹងស្រង់ទឹកព្រះសង្ឃដែរ។ ដោយមានសេចក្ដីអនុញ្ញាតយ៉ាងនេះហើយទើបបុណ្យពូនភ្នំខ្សាច់នេះបានបុណ្យកុសលច្រើនអនេក ដោយអាចសង្ឃឹម នឹងញញឹមទុកទៀតថា បុញ្ញកម្មដែលខ្លួនបានបំពេញនោះអាចសម្រាលបានកម្មរបស់ខ្លួនម្នាក់ៗបាននេះចំពោះកាលដែលព្រះពុទ្ធអង្គគង់ធរមានទើបមានបុណ្យកុសលដែលជននោះបានធ្វើ គឺអាចទទួលបានផលភ្លាមៗដូចមានរឿងមួយបញ្ជាក់ថា បន្ទាប់ពីមាណពបានប្រគេនបាយមួយដុំដល់ព្រះបច្ចេកពុទ្ធមាណពនោះបានទៅកាន់ឋានសួគ៌៧ថ្ងៃ គឺដោយសារតែព្រះបច្ចេកពុទ្ធនោះ ទើបចាកចេញពីនិរោធសមាបត្តិថ្មីៗផងដូច្នេះទើបបុណ្យកុសលនោះ អាចផ្ដល់ឲ្យភ្លាមៗយ៉ាងនេះ។ ផ្ទុយទៅវិញនៅពេលបច្ចុប្បន្ននេះយើងមិនអាចប្រៀបធៀបទៅនឹងសម័យព្រះពុទ្ធគង់នៅបានឡើយ ព្រោះយើងបានទាន់ត្រឹមតែសាសនាព្រះអង្គប៉ុណ្ណោះ។ ដូច្នេះនិទានទាក់ទងនឹងការពូកភ្នំខ្សាច់នេះមានដូចតទៅ រឿងអន្នំលោកំទេវបុត្រ
កាលដែលកន្លងទៅហើយមានមាណពម្នាក់មិនចេះធ្វើបុណ្យ ដាក់ទានដល់សមណព្រាហ្មណ៍ណាមួយឡើយ ព្រោះមិនជឿទៅលើបុណ្យកុសលអ្នកធ្វើល្អបានល្អអ្នកធ្វើអាក្រក់បានផលអាក្រក់នោះទេហើយមាណពនោះជាមនុស្សចូលចិត្តធ្វើអំពើកាប់សម្លាប់សត្វផ្សេងៗដើម្បីចិញ្ចឹមជីវិតរបស់ខ្លួនជារៀងរាល់ថ្ងៃតាំងពីព្រឹកទល់ព្រលប់។ សម័យថ្ងៃមួយមាណពនោះបានក្រោកពីព្រលឹមរៀបចំខ្លួនប្រាណកាន់ស្នា និងបណ្ដើរឆ្កែសំដៅទៅក្នុងព្រៃជ្រៅដើម្បីបរបាញ់សត្វនៅថ្ងៃនោះ។ មាណពនោះ បាញ់សត្វមិនបានសោះមូលហេតុមកពីមានព្រះពុទ្ធមួយព្រះអង្គ ដែលទើបតែចេញពីនិរោធសមាបត្តិថ្មីៗ បាននិមន្តកាត់ជិតមាណព ធ្វើឲ្យសត្វទាំងអស់ភិតភ័យហើររត់បាត់ទៅហើយព្រះបច្ចេកពុទ្ធនោះចេះតែនិមន្តតាមមាណពនោះ។ រហូតទល់វេលាបាយថ្ងៃត្រង់ អស់កម្លាំងហេវហត់ មាណពក៏ចាប់ផ្ដើមរៀបបាយកញ្ចប់បម្រុង នឹងបរិភោគ ស្រាប់តែព្រះបច្ចេកពុទ្ធនោះ មកដល់ខាងមុខមិនព្រមនិមន្តទៅណាសោះ ខណៈនោះមាណពនោះកាន់តែខឹងទៅៗតែគិតក្នុងចិត្តថាបើអាត្មាអញឲ្យបាយទៅសមណៈ នេះបន្តិចប្រហែលជាគាត់មិននៅរំខាន់អញបរបាញ់ទៀតទេ។ ក្សិណនោះក៏បានយកបាយមួយដុំមកដាក់បាត្រ ប្រគេនដល់ព្រះបច្ចេកពុទ្ធនោះ ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាសព្វសត្វទាំងឡាយ ឲ្យតែកើតមកហើយលើលោកិយនេះតែងតែដល់នូវសេចក្ដីស្លាប់ជាទីបំផុតដូចៗគ្នា គ្រាន់តែមុន ឬក្រោយយូរឆាប់តែប៉ុណ្ណោះ។ តែការស្លាប់នេះគឺមានគ្រប់សត្វទាំងឡាយត្រូវតែវិលកើតវិលស្លាប់ក្នុងវដ្ដសង្សារមិនមានពេលស្រាកឡើយ។ កាលបើបុគ្គលនោះបានប្រព្រឹត្តតែអំពើល្អគ្រប់យ៉ាងសន្សំបុណ្យកុសលច្រើនពេលស្លាប់អាចជួយបុគ្គលនោះឯងទៅកើតឋានសួគ៌ទេវលោក សោយសម្បត្តិទិព្វ មានស្រីទេពអប្សរមកចោមរោបជាបរិវារប្រកបសុខសប្បាយគ្រប់ពេលវេលា។ តែផ្ទុយទៅវិញ បើបុគ្គលនោះបានធ្វើអាក្រក់ច្រើន នឹងទទួលរងទុក្ខវេទនាដោយមានទីកន្លែងមួយសម្រាប់រង់ចាំគឺឋាន នរក ប្រេត សត្វតិរច្ឆាន និង អសុរកាយ។ ដូច្នេះជីវិតរបស់មាណពនោះ ក៏ដូចគ្នាដែរទីបំផុត ត្រូវមច្ចុរាជមកផ្ដាច់អាយុរបស់មាណពនោះទៅដោយអកុសលដែលខ្លួនឯងបានកាប់សម្លាប់សត្វតូចធំរាប់មិនអស់ត្រូវធ្លាក់ទៅឋាន នរក សោយទុក្ខវេទនា ព្រោះកម្មរបស់ខ្លួនបានសាងកាលពីនៅរស់។ តែដោយបុណ្យកុសលអានិសង្ឃ ដែលបានប្រគេនបាយមួយដុំដល់ព្រះបច្ចេកពុទ្ធនោះអានិសង្សនោះគឺមិនបាត់ទៅណាឡើយ។ ហេតុដូច្នេះ គាត់បានទៅសោយសុខក្នុងឋានសួគ៌ចំនួន៧ថ្ងៃ ដែលជាឋានមានលម្អដោយរតនសម្បត្តិផ្សេងៗ មានស្រីទេពអប្សរ កំដរចោមរោមជាបរិវារយ៉ាងច្រើន ដោយអំណាចអានិសង្សបុណ្យដែលមាណពនោះបានបំពេញធ្វើពេលនោះទើបមាណពនោះមានឈ្មោះថា អន្នំលោកំទេវបុត្រ ពោលគឺបានប្រគេនបាយមួយដុំដល់ព្រះបច្ចេកពុទ្ធនោះឯង។ ផលបុណ្យទាំងឡាយអាចឲ្យផលនាបច្ចុប្បន្នកាលក៏មាន ឲ្យផលនាបរលោកក៏មានដោយទិដ្ឋធម្មិកត្ថប្រយោជន៍និងសម្បរាយិកត្ថប្រយោជន៍ឲ្យផលភ្លាមៗ ក្រោយពីបុគ្គលណាម្នាក់បានបំពេញធ្វើបុណ្យឲ្យទានរក្សាសីលចម្រើនមេត្តា ភាវនាជាដើម។ ព្រោះហេតុនេះហើយ ទើបមាណពនោះបានទៅសោយសម្បត្តិទិព្វចំនួនប្រាំពីរថ្ងៃតែប៉ុណ្ណោះ។ មាណពបានជាស្វាមីនៃនាង សុវណ្ណឱរ៉ៃ ជាទេពធីតាដែលមានប្រាជ្ញាឆ្លាតលើសស្រីនានាក្នុងឋានសួគ៌នោះ។ នៅពេលដែល អន្មំលោកំទេវបុត្រ បានជាស្វាមីនាងនោះ ហើយការសន្យាការពិភាក្សារវាងគ្នានឹងគ្នា រហូតដល់ធីតាបានដឹងហេតុ ដែលស្វាមីនាងបានមកកើតក្នុងឋានសួគ៌នេះដោយហេតុថាស្រលាញ់ស្វាមីមិនចង់ឲ្យបែកពីនាងក៏រកវិធីជួយស្វាមីគឺធ្វើពិធីពូនភ្នំខ្សាច់រួចអធិដ្ឋានជា វេលុកចេតិយ ដល់ថ្ងៃកំណត់ពួកយមរាជយមបាលនាំគ្នាមកដើម្បីនាមាណពទៅវិញ ពេលនោះ នាងដែលជាភរិយាបានប្រាប់ថា បើអ្នកចង់យកប្ដីខ្ញុំចូរអ្នករាប់គ្រាប់ខ្សាច់នេះឲ្យអស់បើរាប់មិនអស់ទេកុំយកប្ដីខ្ញុំអីបើរាប់អស់ចាំយកទៅចុះ! បន្ទាប់មកពួកយមរាជយមបាលទាំងអស់បាននាំគ្នារាប់គ្រាប់ខ្សាច់ដែលនាងបានអធិដ្ឋានរួចនោះទោះបីអ្នកទាំងអស់នោះព្យាយាមយ៉ាងណាក៏រាប់មិនអស់ចេះតែកើនឡើងៗ។ ទីបំផុតអ្នកទាំងនោះក៏ព្រមចុះចាញ់រួចនាំគ្នាត្រឡប់ទៅវិញអស់ទៅ។ រឿងនេះចង់បញ្ជាក់អំពី ពិធីបុណ្យពូនភ្នំខ្សាច់ គឺមានចាប់តាំងពីពេលនោះមក ទើបអ្នកកាន់ព្រះពុទ្ធសាសនា ខិតខំរក្សារហូតមកទល់បច្ចុប្បន្ននេះ។ ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |