អានអត្ថបទ
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥៨,៣៥៧ ដង)
គុណភាពជីវិតរបស់គ្រួសារដែលមានសេចក្ដីសុខ

|
គុណភាពជីវិតរបស់គ្រួសារដែលមានសេចក្ដីសុខ
-សួរៈ ប្រការដូចបានពោលមកនេះ ជាក់ច្បាស់ណាស់ ក្នុងឋានៈជាពុទ្ធបរិស័ទ គុណភាពជីវិតនៃគ្រួសារដែលមានសេចក្ដីសុខគួរមានលក្ខណៈយ៉ាងណា? -ឆ្លើយៈ មាន៣ លំដាប់ ផ្ដើមដោយលំដាប់ទី១ ដែលចែកជាច្រើនផ្នែក។ ផ្ដើមដោយផ្នែកដំបូងគឺ ផ្នែកសុខភាពរាងកាយមិនមានរោគភ័យ បៀតបៀន មាំទាំ ស្អាតបាត អាយុវែង។ ផ្នែកទី២ មានអាជីពសុចរិត មានសម្ភារៈ មាសប្រាក់ ទ្រព្យសម្បត្តិ មិនក្ដៅក្រហាយ មានស៊ីមានចាយ យ៉ាងតិចក៏ត្រឹមមានសេដ្ឋកិច្ចអាចទីពឹងខ្លួនឯងបាន។ ផ្នែកទី៣ ក្នុងផ្លូវសង្គម ល្មមសមគួរដល់ការរាប់អាន មានយស មានតំណែង បរិវារ មានអ្នកលើកសរសើរ និងបើមានកិត្តិគុណ ដែលជាទីនិយមរាប់អាន ក៏រឹតតែល្អក្រៃលែង។ ផ្នែកទី៤ មានគ្រួសារកក់ក្ដៅ ក្នុងគ្រួសារមានសម្ពន្ធភាពជាសុខបងប្អូនស្រឡាញ់គ្នា យកចិត្តទុកដាក់រក្សាវង្សត្រកូល ដែលគួរជាទីរាប់អាន។ -ទាំងបួននេះរួមគ្នាបានជាលំដាប់ទី១ ដែលហៅថា ទិដ្ឋធម្មិកត្ថ ឬថា ជាប្រយោជន៍បច្ចុប្បន្ន ដែលអាចឃើញបានជាមូលដ្ឋានដំបូង។ - គុណភាពជីវិតដំបូង ដែលជាផ្នែកសម្ភារៈ ឬរូបធម៌នេះ ដូចដែលធ្លាប់បកស្រាយរួចមកហើយថា លោករាប់ថាសមខាន់ក្នុងឋានៈជាបច្ច័យ ទំនុកបម្រុងឲ្យយើងអាស្រ័យ វាជាឈ្នាន់ជាប់ឈានឡើងទៅកាន់ការអភិវឌ្ឍ និង សេចក្ដីល្អ ឬថា កសាងឲ្យខ្ពស់ឡើងទៅ ដូចនោះទើបលោកឲ្យយកចិត្តទុកដាក់ ដោយច្រើនផងដែរ តែត្រូវតែប្រយ័ត្ន មិនឲ្យយកជាទីដៅដែលត្រូវជាប់ជំពាក់វង្វេងវិលវល់ត្រឹមតែប៉ុណ្ណោះនោះទេ។ បើបដិបត្តិបានត្រឹមត្រូវ វាជាការត្រៀមមូលដ្ឋានជីវិតឲ្យដល់ព្រម។ -ព្រោះហេតុនោះ ទើបរឿងគុណភាពជីវិត មានគោលសំខាន់ដែល ត្រូវពិចារណា បែងចែកល្អិតល្អន់ជាងនេះទៅទៀតដូចជាគោលសប្បាយ ៧ប្រការ។ -សប្បាយ ដែលយើងសន្មតគ្នានោះ មានន័យថា មិនមានអ្វីរាំងស្ទះ មិនមានអ្វីមករំខាន មកបៀតបៀន ឬថា ដេកស្រួលសម្រាកបានយ៉ាងនេះ។ -តែសប្បាយក្នុងទីនេះ សំដៅដល់ការពេញចិត្តក្នុងការធ្វើឬការពេញចិត្តចំពោះការដែលនឹងឲ្យសម្រេចតាមគោលបំណងដូចជាការទៅបំពេញសមាធិ លោកក៏ឲ្យមានសប្បាយ ទើបសម្រេចផលល្អ។ -សប្បាយ គឺសភាពពេញចិត្ត ហៅដោយងាយៗថា ជាគុណភាពនៃគុណភាពនៃជីវិតថ្នាក់ដំបូង ដែលមាន៧យ៉ាងគឺ ១)- ឧតុសប្បាយៈ គឺបរិយាកាសជុំវិញ ដី ទឹក អាកាស គឺ ធម្មជាតិជុំវិញដែលជាទីមនោរម្យល្អ និង ជាទីពេញចិត្ត។ ២)- អាហារសប្បាយៈ មានអាហារគ្រប់គ្រាន់ ជាអាហារមានគុណភាពដល់រាងកាយ ទ្រទ្រង់នូវសុភាព មានរស់ជាតិសមគួរ។ ៣)- សេនាសនសប្បាយៈ គឺទីអាស្រ័យ ទីដេក ទីអង្គុយ មិនមានភ័យ អាចធ្វើកិច្ចការតាមបំណងបានល្អ។ ៤)- បុគ្គលសប្បាយៈ មានបុគ្គលដែលត្រូវតាមអធ្យាស្រ័យ មិននាំមកនូវសេចក្ដីក្ដៅក្រហាយក្រវល់ក្រវាយ។ រឹតតែល្អនោះ គឺមានគុណធម៌ មានបញ្ញា មានការចេះដឹង មានមេត្រី ដែលជួយដល់ការ អភិវឌ្ឍដល់បញ្ញា និង ជីវិតឲ្យក្រៃលែងឡើង។ ៥)- ឥរិយាបថសប្បាយៈ ឥរិយាបថ គឺការកម្រើកនៃរាងកាយ គឺការដេក ដើរ ឈរ អង្គុយ ឲ្យមានតុល្យភាព ឬឲ្យស្មើគ្នាទើបឈាមរត់ល្អ មិនស្ទះខ្យល់។ ៦)- គោចរសប្បាយៈ គឺមានកន្លែងអាហារ ឬកន្លែងនៃបច្ច័យ៤ ដែលជារបស់ចាំបាច់ប្រើប្រាស់ក្នុងការរស់នៅ រកបានដោយមិនលំបាក ដូចជា មានភូមិស្រុក ផ្សារ ឬ ទីប្រជុំជន មិនជិត មិនឆ្ងាយពេក។ ៧)- សវនសប្បាយៈ ( ធម្មសវនៈ ) គឺមានឱកាសបានស្ដាប់បានឮពាក្យពេចន៍សេចក្ដី និង រឿងរ៉ាវដែលនាំឲ្យកើតបញ្ញាយល់ដឹងក្នុងសេចក្ដីពិត សេចក្ដីជាធម៌ ជាចំណេះដឹង ផ្ចុងផ្ដើមដល់ការអភិវឌ្ឍគុណភាពមនុស្ស។ - តអំពីនោះចូលមកដល់លំដាប់ទី២ ដែលហៅថា សម្បរាយិកត្ថ ឬប្រយោជន៍ទៅថ្ងៃមុខ (អនាគត) សំដៅដល់មិនអាចមើលឃើញនឹងភ្នែក ឬជាប្រយោជន៍ដែលចូលជ្រៅទៅក្នុងរឿងដែលមិនអាចមើលឃើញបានដោយភ្នែកធម្មតា។ ៤ប្រការដែលដែលពោលមកហើយ ដោយច្រើនគឺអាចឃើញបាន និង សប្បាយ ៧ ប្រការ កន្លែងខ្លះក៏បានបញ្ចូលមកក្នុងលំដាប់ទី២នេះដែរ តែពេលនេះនឹងបញ្ជាក់ផ្នែកនាមធម៌ឲ្យបានច្បាស់ឡើង។ - ក្នុងពេលនេះឃើញថាឪពុកម្ដាយជាអ្នកដឹកនាំក្នុងគ្រួសារជាមេគំនិតឲ្យសេចក្ដីកក់ក្ដៅដ៏ជ្រាលជ្រៅ សេចក្ដីសុខក្នុងការរស់នៅយ៉ាងមានមោទនភាព និង ទំនុកចិត្ត ដែលធ្វើឲ្យជីវិតដំណើរការទៅបានដោយសុចរិត មិនប្រព្រឹត្តខុសច្បាប់ ដែលជាគុណភាពម្យ៉ាង ដែលធ្វើឲ្យចិត្តស្ងប់ មានការភ្ញាក់រលឹកមាំទាំ។ - ក្រៃលែងជាងនោះទៅទៀត ជាអ្នកលះបង់ដើម្បីបំពេញប្រយោជន៍ គឺជួយដល់មនុស្សទូទៅ។ លក្ខណៈយ៉ាងនេះធ្វើឲ្យគុណភាពជីវិតកាន់តែល្អក្រៃលែងឡើង។ ព្រោះការរលឹកដឹងថា ជីវិតមានគុណតម្លៃ មានន័យធ្វើឲ្យកើតបីតិសោមនស្ស និង សេចក្ដីសុខដ៏ជ្រាលជ្រៅហើយយឺនយូរ។ ប្រការនេះទាក់ទងនឹងប្រការដំបូងដូចជាធ្វើឲ្យជាទីនិយមរាប់អាន និង មានគំនិតគិតថា ឪពុកម្ដាយយើងបានធ្វើខ្លួនជាប្រយោជន៍ជួយសង្គ្រោះដល់មនុស្ស ធ្វើសេចក្ដីល្អកសាងសង្គមជាដើម។ - រួមទាំងមានសទ្ធា ជឿមាំក្នុងការប្រព្រឹត្តល្អ ជឿមាំក្នុងព្រះរតនត្រៃ មានគោលការណ៍ច្បាស់លាស់ មិនរហេវរហាវចិត្តជាគុណភាពជីវិតក្នុងលំដាប់នៃចិត្ត។ មានបញ្ញាដោះស្រាយបញ្ញាជីវិតបានល្អ មានចំណេះ មានការយល់ដឹង ដឹងទាន់សភាពការណ៍ ហេតុការណ៍ដែលប្រព្រឹត្តទៅក្នុងលោក ដឹងច្បាស់ពីមូលហេតុ។ នេះជាគុណភាពជីវិតក្នុងលំដាប់នៃបញ្ញា ដែលជាប្រការសំខាន់។ -លំដាប់ទី៣ ដែលហៅថា បរមត្ថ ប្រែថាប្រយោជន៍ ដ៏ក្រៃលែង ជាទិសដៅដ៏ខ្ពង់ខ្ពស់។ ក្នុងលំដាប់នេះ បុគ្គលមានចិត្តជាឥស្សរៈ មានន័យថា ក្នុង២ប្រការដំបូង ជាគុណភាពជីវិតសម្រាប់ការរស់នៅក្នុងសង្គម ក្នុងឋានៈជាបុគ្គលក្នុងសង្គម។ ក្រៅអំពីនេះ យើងត្រូវបង្អោនទៅរកផ្នែក ជីវិតដែល ជាធម្មជាតិ មានន័យថា គ្រប់ជីវិតសុទ្ធសឹងតែស្ថិតនៅក្រោមអំណាចច្បាប់នៃធម្មជាតិ។ ច្បាប់ធម្មជាតិនោះ គឺធម្មតាមិនមានការលំអៀង មិនថាអ្នកល្អ ឬអាក្រក់ ក៏ត្រូវតែស្ថិតនៅក្រោមអំណាចច្បាប់ធម្មជាតិ គឺមានការកើតឡើង តាំងនៅ និង រលត់ទៅ ហើយព្រាត់ប្រាសប្រែប្រួលផ្លាស់ប្ដូរទៅតាមហេតុបច្ច័យជាច្រើន ដែលទាក់ទងជាមួយរបស់នោះៗ។ - ពេលនេះ មិនថាអ្នកល្អឬអាក្រក់ បើមិនមានចិត្តជាឥស្សរៈ ពេលជួបជួបនឹងការផ្លាស់ប្ដូរប្រែប្រួលដែលជាលោកធម៌ បាន លាភ អត់លាភ បានយស អត់យស និន្ទា សរសើរ សុខ និង ទុក្ខ និង ការប្រែប្រួល របស់ធម្មជាតិ ជុំវិញសង្គម ហេតុការណ៍ស្រុកទេស ជីវិតខ្លួនឯង.... ពេលនោះគេក៏ជាទុក្ខ ហើយសោកសៅ។ - ពេលនេះឯង មនុស្សត្រូវចូលឲ្យដល់ធម្មជាតិ បើដឹងច្បាស់នូវសភាពពិត សច្ចធម៌ប្រាកដដល់បញ្ញាហើយ ចិត្តក៏ជាឥស្សរៈ មិនញាប់ញ័រ មាំទាំ ដែលជាគុណភាពជីវិតដ៏ខ្ពង់ខ្ពស់ ដែលមាននៅក្នុងមង្គល៣៨ប្រការ តាមពុទ្ធវចនៈថា " ... ចិត្តំ ... អសោកំ វិរជំ ខេមំ ..." ចិត្តបុគ្គលណា ដែលលោកធម៌ពាល់ត្រូវហើយមិនញាប់ញ័រ រឹងប៉ឹង មិនសោកសៅ មិនសៅហ្មង ជាចិត្តដែលស្អាតស្រស់ថ្លា ក្សេម រីករាយ យ៉ាងនេះ ចាត់ជាមង្គលដ៏ខ្ពស់ខ្ពស់ ជាគុណភាពជីវិតថ្នាក់កំពូល។ ឪពុកម្ដាយដល់លំដាប់នេះ នឹងជាទីពឹងក្នុងគ្រួសារ និង មនុស្សទូទៅបានយ៉ាងល្អ។ គុណភាពនៃជីវិតអាចមើលឃើញ បានច្រើនលំដាប់យ៉ាងនេះ។ ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម ដោយ៥០០០ឆ្នាំ |