អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,៣៥៥ ដង)
បទពិសោធន៍ឪពុក

|
ពេលវេលាដែលកន្លងទៅ និង ជីវិតឪពុកដែលបានកន្លងមកនេះ ជារយៈពេលយូរដែរហើយ ជីវិតឪពុកបានឆ្លងកាត់រឿងរ៉ាវនៃជីវិត ឆ្លងកាត់លោកធម៌ផ្សេងៗ ទៀតដ៏ច្រើនសន្ធឹកសន្ធាប់ ។ កូនស្ងួតមាសឪពុកអើយ ជីវិតរបស់មនុស្សគ្រប់រូបគ្រប់នាម មិនថាមានក្រល្អអាក្រក់ឡើយ ជាទីបំផុតនៃជីវិតទាំងអស់ ត្រូវធ្លាក់ចុះចូលក្នុងការចាស់ ការឈឺ និងសេចក្តីស្លាប់ជាពិតប្រាកដ ។ ក្នុងរយៈពេលនៃជីវិតឪដែលបានកន្លងមកនេះ ឪបានជួបប្រសព្វ និងបានដឹងរឿងរ៉ាវច្រើនក្នុងលោក ឪមានពាក្យដែលត្រូវប្រាប់កូនឲ្យបានដឹង ចូរកូនប្រុងចាំស្តាប់៖
ជីវិតមនុស្សយើងនឹកមានសេចក្តីសុខទៅបានទាល់តែយកធម៌មកជាកល្យាណមិត្ត យកធម៌មកទំនុកបម្រុងឲ្យដល់ចិត្តតាំងទុកក្នុងចិត្តជានិច្ចអចិន្ត្រៃយ៍ ។ ធម៌ក្នុងទីនេះគឺការបំពេញនូវមុខនាទី និងភាពត្រឹមត្រូវ ។ ក្នុងពេលខ្លះ សេចក្តីទុក្ខក៏បានមកដល់ជីវិតដើម្បីសាកល្បងយើង បើយើងមានសេចក្តីអត់ធន់ ច្រើនប៉ុណ្ណាសេចក្តីសម្រចក៏នឹងមានច្រើនប៉ុណ្ណោះដែរ ។ សេចក្តីសម្រេច មានសម្រាប់អ្នកដែលមាននូវសេចក្តីអត់ធន់និងមាននូវសេចក្តីព្យាយាម ។
សូមឲ្យកូនប្រកាន់នូវគតិមួយថា ឧបសគ្គរមែងមកមុនសេចក្តីសម្រេច និងសូមកូននឹករឿយៗថា សេចក្តីសុខឬសេចក្តីទុក្ខ កើតឡើងពីការធ្វើរបស់យើងទាំងអស់ ។ ឪពុកសូមឲ្យកូនធ្វើតែអំពើល្អ ដល់ពេលជិតស្លាប់ចិត្តរបស់កូនមិនមានទុក្ខ មិនមានសៅហ្មងឡើយ ព្រោះការគិតរបស់មនុស្សជិតស្លាប់ កាលបើបានច្រើន ការគិតក៏នាំយកសេចក្តីក្រហាយមកដុតរោលចិត្ត តែបើធ្វើល្អច្រើន ការគិតក៏នាំយកសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតឃើញនូវអំពើដ៏បរិសុទ្ធរបស់ខ្លួន ។ អ្នកធ្វើល្អ រស់នៅក៏បានល្អ ស្លាប់ទៅក៏បានល្អ មិនមានអ្វីដែលត្រូវកង្វល់ឡើយ ។
ដើម្បីបានសុខក្នុងជីវិត ត្រូវតែមានមិត្តឲ្យបានល្អ និងមានគំនិតថ្លៃបវរ សន្សំធម៌សាងជម្រក។ ជីវិតមានទុក្ខជាធម្មតា ប្រៀបដូចជលសាមានរលក ប៉ុន្តែបញ្ញាស្រាវជ្រាវរក ចាប់យកសុខស្ងប់ត្រឡប់វិញ ។ ដឹងថាទុក្ខពិតតែចិត្តស្ងប់ នេះហើយជាទ្រព្យត្រូវបំពេញ ទុក្ខកាយតែចិត្តមិនម្នោមេ្នញ ជីវិតពោរពេញដោយស្មារតី។ វិញ្ញាណមានធម៌ជាអាហារ ទើបបានសុខាទាំងប្រុសស្រី សុចរិតធម៌ជាចំណី សិរីសួស្តីមានរាល់ឆ្នាំ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |