អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៤៣,១៤៨ ដង)
ផលប៉ះពាល់នៃគ្រឿងញៀនចំពោះផ្នែកផ្លូវចិត្ត និងផ្លូវកាយ

|
ផលប៉ះពាល់នៃគ្រឿងញៀនចំពោះផ្នែកផ្លូវចិត្ត និងផ្លូវកាយ
តើគ្រឿងញៀនជាអ្វី? គ្រឿងញៀនគឺជាសារធាតុគីមី ឬរុក្ខជាតិ នៅពេលដែលយើងប្រើទៅ វាមានឥទ្ធិពលរំញោចយ៉ាងខ្លាងលើផ្លូវចិត្ត និងផ្លូវកាយ ដូចជាធ្វើឲ្យយើងមានអារម្មណ៍រវើរវាយ អណ្ដែតអណ្ដូង ឬក្លាហានខុសពីលក្ខណៈធម្មតា ដែលមនុស្សគ្រប់រូបមាន អាចធ្វើអោយស្ពឹកស្រពន់ បំបាត់ភាពចុកចាប់និងភាពអស់កម្លាំង ឬបង្កជារោគសញ្ញាផ្សេងៗទៀតជាច្រើន។ អ្នកប្រើប្រាស់មានអាកប្បកិរិយាចំណុះគ្រឿងញៀនទាំងនោះ។ នៅពេលដែលគេបានប្រើវាម្ដងហើយ វាធ្វើឲ្យគេមានអារម្មណចង់ប្រើប្រាស់បន្តដោយអត់ទ្រាំពុំបាន។ នៅប្រទេសកម្ពុជាយើង គេអាចប្រទះឃើញគ្រឿងញៀនធម្មជាតិមួយចំនួនដូចជា កញ្ឆា អាភៀន និងគ្រឿងញៀនសំយោគដែលមានរូបរាងបន្លំ ដូចជាឱសថដែលប្រើប្រាស់ក្នុងវេជ្ជសាស្ត្រមានឈ្មោះដូចជា អំហ្វេតាមីន អ៊ិចស្ដាស៊ី អិលអេសឌី កាតាមីន មេតំហ្វេតាមីន ។ល។ ក្រៅពីនេះ គេឃើញមានគ្រឿងញៀនធម្មជាតិពាក់កណ្ដាលសំយោគ ដែលមានឈ្មោះថា ហេរ៉ូអ៊ីន ជាម្សៅ ឬគ្រាប់ រួមនឹងម្សៅកូកាអ៊ីន និងគ្រឿងញៀនផ្សេងៗមួយចំនួនទៀត។ បុព្វហេតុដែលនាំឲ្យយុវវ័យប្រឡូកក្នុងគ្រឿងញៀន នៅចុងទសវត្សរ៍ទី៩០ បាតុភូតគួរឲ្យព្រួយបារម្ភពីការកើតឡើងៈ -ទីមួយគឺ ការប្រើប្រាស់សារធាតុមេតំហ្វេតាមីន និងថ្នាំញៀនប្រភេទលើកកម្លាំង អេធីស៊ី បានកើតឡើងយ៉ាងខ្លាំងក្នុងជួរយុវជនជាសិស្សសាលា អ្នករស៊ីផ្លូវភេទ និង កម្មករ។
-ទីពីរគឺ ការប្រើប្រាស់សារធាតុហិត (កាវ) និងថ្នាំលើកកម្លាំងដែលជាថ្នាំញៀនប្រភេទយ៉ាម៉ា ឬយ៉ាងបា ដោយកុមារអនាថា និងកុមារប្រើកម្លាំងកាយដើម្បីស្វែងរកកម្រៃចិញ្ចឹមជីវិត មានចំនួនកាន់តែច្រើនឡើងក្នុងចំណោមជនក្រីក្រ។ មានក្មេងអនាថាកាន់តែច្រើនឡើងកំពុងប្រើប្រាស់ម្ជុលចាក់ល្បាយអាភៀន ដែលលជាសារធាតុញៀនទៅក្នុងសរសៃឈាម។ មានហេតុផលច្រើនទៀតដែលជំរុញឲ្យយុវជននិងកុមារចាប់ផ្ដើមប្រើប្រាស់គ្រឿងញៀនដូចជា ការបង្ខំពីមិត្តភក្តិ ការប្រើតាមគ្នា ការចង់ដឹង ( ដោយសាកល្បងម្ដងហើយក៏ចាប់ផ្ដើមញៀន ) មានគេលួចដាក់ឲ្យប្រើដោយមិនដឹងខ្លួន ហើយក៏ចាប់ផ្ដើមមានអារម្មណ៍ញៀន។ ខ្លះទៀតប្រើគ្រឿងញៀនដើម្បីភាពសប្បាយ រំភើបត្រេកត្រអាល ដើម្បីរំសាយទុក្ខ ដើម្បីធ្វើពលកម្មធ្ងន់ៗបានយូរ បំបាត់ការស្រេកឃ្លានបង្កើនភាពងោកងុយ ឬបង្ការកុំឲ្យដេកលក់ ជំរុញចិត្តឲ្យមានភាពក្លាហាន ឬដើម្បីបង្កើនអារម្មណ៍រួមភេទ ។ល។ ប៉ុន្តែមធ្យោបាយទាំងនេះ អាចបំផ្លាញសុខភាពក្នុងកម្រិតធ្ងន់ធ្ងរ។ ផលប៉ះពាល់នៃគ្រឿងញៀនចំពោះផ្លូវចិត្ត ការប្រើប្រាស់សារធាតុញៀន ធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះផ្លូវចិត្តរបស់អ្នកប្រើប្រាប់ដូចជា វង្វេងវង្វាន់ស្មារតី ការចង់ចាំថយចុះ ភ្លេចភ្លាំងច្រើន មានអារម្មណ៍រវើរវាយ អណ្ដែតអណ្ដូង សប្បាយ ឆេវឆាវ ឬស្ងាត់ស្ងៀម ពុំនិយាយស្ដីខុសពីធម្មតា ថប់បារម្ភក្នុងចិត្ត ស្រើបស្រាលនឹងបញ្ហាផ្លូវភេទ ងោកងុយ ឬពុំដេកសោះតែម្ដង និយាយប៉ប៉ាច់ប៉ប៉ោចពុំប្រាកដប្រជា ។ល។ និយាយជារួមនៅពេលដែលមនុស្សម្នាក់ស្រវឹងគ្រឿងញៀន ភាពវាងវៃ ការគិត វិញ្ញាណ ការសម្រេចចិត្ត ភាពរំជើបរំជួលចិត្តនិងអាកប្បកិរិយារបស់មនុស្សម្នាក់នោះផ្ទាល់ផ្លាស់ប្ដូរខុសពីធម្មតា តិច ឬ ច្រើន អាស្រ័យលើបរិមាណគ្រឿងញៀនដែលមនុស្សនោះបានប្រើប្រាស់។ចំពោះអ្នកដែលប្រើប្រាស់គ្រឿងញៀននៅក្នុងបរិមាណខ្ពស់ និងយូរអ្វែង អាចមានជម្ងឺវិកលចរិត។ ផលប៉ះពាល់នៃគ្រឿងញៀនចំពោះផ្លូវកាយ ការប្រើប្រាស់សារធាតុញៀន ក៏ធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រូបកាយទាំងមូលផងដែរដូចជា អស់កម្លាំងល្ហិតល្ហៃរាងកាយ ស្គាំងស្គម និងសរីរាង្គនានាដូចជា ភ្នែក ច្រមុះ ត្រចៀក បេះដូង ថ្លើម ខួរក្បាល សាច់ដុំ... ទ្រុឌទ្រោមចុះខ្សោយ និងងាយទទួលជម្ងឺផ្សេងៗដូចជា ក្អករ៉ាំរ៉ៃ រលាកទងសួត រលាកខួរក្បាល មហារីកសួត ខូចមុខងារបន្តពូជជាដើម។ ការប្រើម្ជុលរួមគ្នាដើម្បីចាក់បញ្ចូលគ្រឿងញៀនទៅក្នុងសរសៃឈាម និងអារម្មណ៍ស្រើបស្រាលផ្នែកផ្លូវភេទខុសពីធម្មតា បណ្ដាលឲ្យអ្នកសេពគ្រឿងញៀនខ្វះការប្រយ័ត្នក្នុងការរួមភេទដែលជាកត្តានាំឲ្យឆ្លងជម្ងឺកាមរោគ និងមេរោគអេដស៍។ ផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀតរបស់គ្រឿងញៀន ក្រៅពីផលប៉ះពាល់ចំពោះផ្លូវចិត្ត និងផ្លូវកាយ គ្រឿងញៀនបានធ្វើឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរផងដែរចំពោះសន្តិសុខផ្ទាល់ខ្លួន ពីព្រោះអ្នកសេពគ្រឿងញៀនអាចហ៊ានប្រព្រឹត្តអំពើហឹង្សា ឧក្រិដ្ឋកម្មអំពើមនុស្សឃាត ឬបំពាន់ផ្លូវច្បាប់ដែលអាចជាប់ពន្ធនាគារ ឬមានគ្រោះថ្នាក់ផ្សេងៗដល់ជីវិត ដូចជាគ្រោះថ្នាក់ចរាចរជាដើម។ អ្នកសេពគ្រឿងញៀនក៏បង្កើតឲ្យមានផលវិបាកចំពោះគ្រួសាររបស់ខ្លួនផងដែរដូចជា បាត់បង់សមត្ថភាពក្នុងការរៀនសូត្រ សមត្ថភាពក្នុងការបំពេញការងារ បាត់បង់អាជីព ចំណូលគ្រួសារថយចុះ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ កិត្តិយសគ្រួសារអាប់ឱន ។ល។ ក្រៅពីផលប៉ះពាល់ចំពោះសន្តិសុខផ្ទាល់ខ្លួន និងគ្រួសារ គ្រឿងញៀនបានបង្កឲ្យមានផលវិបាកផ្សេងៗទៀតដល់សហគមន៍ និងសង្គមជាតិដូចជាបង្កើនជម្ងឺ និងការចំណាយក្នុងសហគមន៍លើបញ្ហាសុខភាព បន្ថយសមត្ថភាពក្នុងការបំពេញការងារ បង្កឲ្យមានឧក្រិដ្ឋកម្ម ឃាតកម្ម ចោរកម្ម អសន្តិសុខ ធនធានមនុស្សនៃសង្គមជាតិថយចុះ ការអភិវឌ្ឍន៍សង្គមមានការយឺតយ៉ាវ សីលធម៌សង្គមធ្លាក់ចុះទាប ប្រពៃណី វប្បធម៌ជាតិរេចរិល ប្រទេសជាតិទន់ខ្សោយ។ យុវជនគួរជៀសវាងពីថ្នាំញៀន ដើម្បីជៀសវាងនូវផលវិបាកទាំងឡាយដែលកើតឡើងដោយសារគ្រឿងញៀន យុវជនត្រូវស្វែងយល់ឲ្យបានច្បាស់អំពីផលប៉ះពាល់អវិជ្ជមានទាំងឡាយដែលកើតឡើងដោយសារគ្រឿងញៀន។ វិធានការតែមួយគត់ ដ៏មានប្រសិទ្ធភាពបំផុតដើម្បីបង្កាបញ្ហានេះគឺ យុវជនត្រូវជៀសវវាង និងនៅឲ្យឆ្ងាយពីគ្រឿងញៀន។ ត្រូវប្រុងប្រយ័ត្នខ្លួនកុំឲ្យលង់ក្នុងការបោកបញ្ឆោត ឬការបង្ខិតបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ឬប្រើគ្រឿងញៀនក្នុងការដោះស្រាយបញ្ហាតានតឹងចិត្ត។ និយាយរួម ត្រូវកំណត់ឲ្យបានច្បាស់ថាការប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធនឹងគ្រឿងញៀន គឺជាឧក្រិដ្ឋកម្ម និងជាការបាត់បង់អ្វីៗចៀសមិនផុត។ ដកស្រង់ចេញពីសៀវភៅ យុវជននិងការថែទាំសុខភាពផ្លូវចិត្ត ដោយ៥០០០ឆ្នាំ |